« ការសន្យារបស់យើងដើម្បីធ្វើជាពន្លឺ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
ការសន្យារបស់យើង ដើម្បីធ្វើជាពន្លឺ
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ។ ចូរយើងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីចែកចាយពន្លឺរបស់ទ្រង់ ។
ហ្វូងមនុស្សមកពីគ្រប់ទីកន្លែង ដើម្បីមើលបុរសនៅទីរហោស្ថាន ដែលស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ហើយពិសាកណ្តូប និងទឹកឃ្មុំជាអាហារ ។ ពួកគេមានចំណាប់អារម្មណ៏ស្តាប់ការបង្រៀនរបស់លោកអំពីព្រះអង្គសង្គ្រោះ ការប្រែចិត្ត និងអំពីពិធីបុណ្យជ្រមុជទឹក ។ ក្រោយពីបានឮលោកបង្រៀន មនុស្សជាច្រើនចង់ទទួលពិធីបុណ្យជ្រមុជទឹក ។ លោកបានជ្រមុជទឹកដល់អ្នកទាំងឡាយដែលបានប្រែចិត្ត ។ បុរសម្នាក់នោះមានឈ្មោះថា យ៉ូហាន បាទីស្ទ ។
ថ្ងៃមួយ ពេលយ៉ូហាន បានជ្រមុជទឹកឲ្យហ្វូងមនុស្សនៅក្នុងទន្លេយ័រដាន់ នោះព្រះយេស៊ូវគ្រីស្ទបានយាងមក ហើយបានសុំលោកឲ្យជ្រមុជទឹកដល់ទ្រង់ ។ យ៉ូហានបានមានការភ្ញាក់ផ្អើល ។ លោកបានដឹងថាព្រះយេស៊ូវតែងតែប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ ហើយមិនចាំបាច់ប្រែចិត្តនោះទេ ។ តាមពិត លោកគិតថាព្រះយេស៊ូវ គួរតែជ្រមុជទឹកឲ្យលោកវិញ ( សូមមើល ម៉ាថាយ ៣:១៤ ) ! ព្រះយេស៊ូវបានពន្យល់ថា ព្រះបានដាក់បញ្ញាត្តិដល់មនុស្សទាំងអស់ឲ្យទទួលពិធីបុណ្យជ្រមុជទឹក ហេតុដូច្នោះ ទ្រង់ចាំបាច់ត្រូវតែទទួលពិធីបុណ្យជ្រមុជទឹកផងដែរដើម្បីធ្វើជាគំរូ ។ យ៉ូហានបានយល់ព្រមជ្រមុជទឹកឲ្យព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ ។
ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវបង្រៀនយើងថា យើងត្រូវតែទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ។ នៅពេលប្អូនទទួលពិធីបុណ្យជ្រមុជទឹក ប្អូនបានចុះសេចក្តីសញ្ញា និងបានបង្ហាញពីឆន្ទៈរបស់ប្អូន ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ មិនត្រឹមតែនៅឯពិធីបុណ្យជ្រមុជទឹកប៉ុណ្ណោះទេ ប៉ុន្តែ ជារៀងរហូត ។
ការសន្យា និងឱកាសនានា
នៅពិធីបុណ្យជ្រមុជទឹក ប្អូនចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ហើយសន្យាថានឹងយកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនរបស់ប្អូន ( សូមមើល ម៉ូសាយ ៥:៨–១០ ) ។ ប្អូនក៏សន្យាថារក្សាបទបញ្ញាត្តិរបស់ទ្រង់ ឈរជាសាក្សីដល់ព្រះ « នៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) និងបម្រើដល់ទ្រង់ ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ) ។
រៀងរាល់សប្តាហ៏នៅព្រះវិហារ ប្អូនបន្តសេចក្តីសញ្ញានេះ ពេលប្អូនទទួលសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។ បន្ទាប់មកប្អូន « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ( នីហ្វៃទី២ ៣១:២០ ) ។
នៅតាមផ្លូវ ប្អូននឹងមានឱកាសជាច្រើនដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ប្អូនចំពោះទ្រង់ និងចំពោះអ្នកដែលនៅជុំវិញប្អូន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៏ថា ៖ « យើងមានអ្នកជិតខាងដើម្បីផ្ដល់ពរឲ្យ មានកូនដើម្បីការពារ អ្នកក្រដើម្បីជួយ ហើយសេចក្តីពិតដើម្បីការពារ ។ យើងមានកំហុសដែលត្រូវកែឲ្យត្រូវ មានសេចក្តីពិតដើម្បីចែកចាយ និងអំពើល្អដែលត្រូវធ្វើ ។ និយាយឲ្យខ្លី យើងមានជីវិតជាសិស្សដ៏ស្មោះស្ម័គ្រដើម្បីលះបង់ » ។១
ជាពន្លឺទៅដល់អ្នកទាំងឡាយណាដែលត្រូវការ
គំរូដ៏ល្អឥតខ្ចោះរបស់យើង គឺព្រះអង្គសង្គ្រោះ ទ្រង់តែងតែស្រឡាញ់ និងបម្រើអ្នកដទៃ ហើយ « បានយាងចុះឡើងធ្វើការល្អ » ( កិច្ចការ ១០:៣៨ ) ។
នៅក្នុងពេលដ៏ពិបាក ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺដែល « ភ្លឺមកក្នុងសេចក្តីងងឹត » ( យ៉ូហាន ១:៥ ) ។ ទ្រង់ក៏បានបង្រៀន យើង ឲ្យធ្វើជាពន្លឺផងដែរ ។ ទ្រង់មានបន្ទូលថា « មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង—គឺនូវអ្វីដែលអ្នករាល់គ្នាបានឃើញយើងធ្វើ » ( នីហ្វៃទី៣ ១៨:២៤) ។
ដោយជាផ្នែកនៃសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ប្អូន ប្អូនសន្យាថានឹង « ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » និង « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។
នៅពេលប្អូនជួបនរណាម្នាក់ដែលមានអារម្មណ៍សោកសៅ ឬបាក់ទឹកចិត្ត នោះប្អូន អាច នឹងដឹងច្បាស់ពីរបៀបដើម្បីជួយ ។ ប៉ុន្តែមានពេលខ្លះទៀត ប្អូនមិនដឹងពីអ្វីដែលត្រូវនិយាយ ឬធ្វើនោះទេ ។ នៅគ្រាអស់ទាំងនោះ ប្អូននៅតែអាចបើកចិត្តឲ្យទូលាយបាន ។ ប្អូនអាចស្ដាប់ពួកគេ ហើយគាំទ្រពួកគេ ។
នៅពេលប្អូនស្រឡាញ់ និងបម្រើដល់អ្នកដទៃ ពន្លឺរបស់ព្រះអង្គសង្គ្រោះកាន់តែភ្លឺឡើងនៅក្នុងប្អូន ហើយនឹងបំភ្លឺផ្លូវឲ្យប្អូន ។ ពន្លឺនោះក៏នឹងទាក់ទាញអ្នកដទៃដែលកំពុងស្វែងរកពន្លឺរបស់ព្រះអង្គសង្គ្រោះផងដែរ ។ តាមរយៈការបន្តឆ្ពោះទៅមុខ និងរក្សាការសន្យាដែលប្អូនបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក នោះប្អូននឹងរកឃើញវិធីជាច្រើនដែលប្អូនអាចធ្វើឲ្យពិភពលោកនេះកាន់តែប្រសើរ និងភ្លឺជាងមុនបាន ។