ឆ្នាំ​២០២៣
ការឆ្ពោះ​ទៅកាន់​ថ្ងៃ​ដ៏​ភ្លឺថ្លា
ខែ មករា ឆ្នាំ ២០២៣


« ការឆ្ពោះ​ទៅកាន់​ថ្ងៃ​ដ៏​ភ្លឺថ្លា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៣ ។

ជំនួយ ជីវិត

ការឆ្ពោះ​ទៅកាន់​ថ្ងៃ​ដ៏​ភ្លឺថ្លា

សេចក្តីសង្ឃឹម ជំនួយ និង​ការព្យាបាល​មាន​សម្រាប់​អស់អ្នក​ដែល​បាន​រួចផុត​ពី​ការរំលោភបំពាន ។

ស្ត្រី​ម្នាក់​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ

ពេលមួយ​ខ្ញុំ​បាន​ជិះ​យន្ដហោះ​ចេញ​ពី​តំបន់​ដែល​ពោរពេញ​ដោយ​ផ្សែង​ដែល​កើតពី​ការឆេះ​ព្រៃ​ក្បែរ​នោះ ។ ពេលដែល​យន្តហោះ​ចាប់ផ្តើម​ចេញដំណើរ យើង​បាន​ហោះ​ទម្លុះ​ផ្ទៃមេឃ​ដ៏​អ័ព្ទអួរ សំដៅ​ទៅកាន់​មេឃ​ដែល​ស្រឡះ ហើយ​មាន​ពន្លឺថ្ងៃ ។ ខ្ញុំ​បាន​ដឹង​ថា​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់​បរិសុទ្ធ​បាន​មាន​នៅ​ទីនោះ​រហូត​ហ្នឹង ប៉ុន្តែ​ខ្ញុំ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​រីករាយ​ជាមួយ​ពួកវា​ទេ ដោយ​សារតែត្រូវ​បាន​រារាំង​ដោយ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​អាច​គ្រប់គ្រង​បាន ។ វា​មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ដែល​ភ្លើង​ឆេះ​ព្រៃ​​នោះ ប៉ុន្តែ​វា​នៅតែ​ប៉ះពាល់​ដល់​ជីវិត​របស់ខ្ញុំ ។

ការរំលោភ​បំពាន​ក៏ដូចគ្នា​នេះដែរ ។ អស់អ្នក​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​មិន​ត្រូវ​បន្ទោស​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ប្រឈម​មុខ​ជាមួយនឹង​បញ្ហា​នោះ​ក្រោយមក​ទៀត ។ ការ​បំពាន​អាច​ធ្វើ​ឲ្យ​យើង​មិន​ឃើញ​ពី​តម្លៃ​ខ្លួន​ឯង ហើយ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ទទួល​បាន​អារម្មណ៏​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ វា​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​សម្រាប់​អ្នក​ដែល​​រស់​រាន​មាន​ជីវិត​ទាំងនោះ ដើម្បី​យកឈ្នះ​លើ​ការ​កុហក​របស់​សាតាំង ដើម្បី​ភ្ជាប់​សារឡើងវិញ​ជាមួយ​នឹង​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច ។ ប៉ុន្តែ​សេចក្តីសង្ឃឹម ជំនួយ និង​ការព្យាបាល​គឺមាន​គ្រប់ជំហាន​ទាំងអស់ !

ដំណើររឿង​មួយ

ឪពុក​របស់​ស្តេស៊ី គឺជា​អ្នក​រំលោភ​បំពាន ។ គាត់​បាន​ប្រាប់​នាង​ថា នាង​នឹង​មិន​ចេះ​អ្វី​ទាំងអស់​ពេល​នាង​ធំឡើង ។ គាត់​បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៏​ថា​គ្មាន​តម្លៃ ។

នៅពេល​ដែល​ស្តេស៊ី​បាន​ចេញ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ នាង​អាច​គិត​ឃើញ​កាន់​តែច្បាស់​ជាង​មុន ។ នាង​បាន​ចាប់ផ្តើម​ទៅ​ព្រះវិហារ​ម្តងទៀត ហើយ​ទទួល​បាន​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ចំពោះ​រូប​នាង និង​គ្រួសារ​របស់​នាង ។ អស់រយៈពេល​ជាយូរ នាង​បាន​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ដំណឹងល្អ និង​ទំនាក់ទំនង​របស់​នាង​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ។

តាមការប៉ាន់ស្មាន​កុមារ​ប្រមាណ​មួយ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នឹង​ជួប​ប្រទះ​ការរំលោភ​បំពាន​មួយ​ចំនួន​នៅ​ឆ្នាំនេះ ។ ប្រហែលជា​អ្នក ឬ​អ្នកផ្សេងទៀត​ដែល​អ្នក​ស្គាល់​កំពុង​ឆ្លងកាត់​បទពិសោធន៍​ដូចជា​ស្តេស៊ី​ដែរ ។ ធនធាន​ទាំងឡាយ​ខាងក្រោម​នេះ​អាច​ជួយ​បាន ។

ប្រសិនបើ​អ្នកកំពុង​រង​ការរំលោភ​បំពាន

ប្រសិនបើ​អ្នក​កំពុង​រងការ​ឈឺចាប់ សូម​ប្រាប់​នរណាម្នាក់​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ចំពោះ​អ្នក ។ សូម​ដឹង​ថា ព្រះ​ស្រឡាញ់​អ្នក ! ហើយ​សមាជិក​គ្រួសារ​ដ៏​សុចរិត មិត្តភក្តិ និង​សមាជិក​សាសនាចក្រ​ក្នុង​ជីវិត​របស់​អ្នក​ក៏​ស្រឡាញ់​អ្នក​ដែរ ។ ពួកគេ​នឹង​ឈរនៅ​ក្បែរ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​រួចផុត​ពីការណ៏​នេះ ។

ហើយ​សូម​ចាំថា « ការរំលោភ​បំពាន​គឺ​មិន​បាន​ជា ហើយមិនមែន​ជា​ជា​កំហុស​របស់​អ្នក​ឡើយ ។ … អ្នក​មិនមែន​ជា​អ្នក​ដែល​ត្រូវ​ប្រែចិត្ត​ទេ អ្នក​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ទេ » ។

វេជ្ជបណ្ឌិត សែលដុន ម៉ាទិន ជា​គ្រូពេទ្យ​មួយរូប​ក្នុង​សេវាគ្រួសារ​របស់​សាសនាចក្រ មាន​ប្រសាសន៏ថា វា​អាច​ជួយ​សម្រាប់​អ្នករស់រាន​មាន​ជីវិត ក្នុង​ការ​ផ្តោតទៅលើ​ការពិត​ដ៏​អស់កល្ប​នៃ​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​របស់​ពួកគេ ។

  • អតីតកាល ៖ វេជ្ជបណ្ឌិត ម៉ាទិន មាន​ប្រសាសន៏ថា « មាន​មនុស្ស​ច្រើន​ជាង​អ្នកបាន​ដឹង កំពុង​ខ្វល់ខ្វាយ​ពី​អ្នក » ដែល​ចង្អុល​បង្ហាញថា អ្នក​គឺជា​កូន​ដំបូង និង​សំខាន់​បំផុត​របស់​ព្រះមាតាបិតា​សួគ៌ ។ គ្រួសារ​ដ៏អស់កល្ប​របស់​អ្នក​លាតសន្ធឹង​ហួសពី​ទំនាក់ទំនង​នៅលើ​ផែនដី​របស់​អ្នក​ទៅទៀត ។ ហើយ​បន្ថែម​ពីលើ​កម្លាំង និង​ការលួងលោម​ដែល​មកពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​មាន​បុព្វការីជន​ជាទីស្រឡាញ់​នៅ​ឯ​ម្ខាងទៀត​នៃ​វាំងនន ដែល​យក​ចិត្ត​ទុកដាក់​ចំពោះអ្នក ហើយ​អាច​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ផងដែរ ។

  • បច្ចុប្បន្នកាល ៖ វេជ្ជបណ្ឌិត ម៉ាទិន​មាន​ប្រសាសន៏​ថា « វា​មិន​អីទេ​ក្នុងការ​ស្រឡាញ់​ខ្លួនឯង​ពេលនេះ » មិនថា​អ្នក​នៅ​ចំណុច​ណា​នៅក្នុង​ដំណើរការ​ព្យាបាល​នេះ​ទេ ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ខឹង ខូចចិត្ត ឬ​ច្របូកច្របល់ ។ ចូរ​មាន​ចិត្ត​អំណត់​ជាមួយ​ខ្លួនឯង ។

  • អនាគត ៖ វេជ្ជបណ្ឌិត ម៉ាទិន​មាន​ប្រសាសន៏​ថា « អ្វីៗ​នឹង​ប្រសើរឡើង » ។ « ខ្ញុំ​ដឹង​រឿង​នេះ ដោយសារ​ខ្ញុំ​ស្គាល់​ព្រះអង្គសង្រ្គោះ ។ ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ពី​អ្នក » ។ ចូរ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បាន​នៅ​ក្បែរ​ទ្រង់ ។ នៅពេល​អ្នកធ្វើ​ដូច្នោះ អ្នកនឹង​ក្លាយជា​អ្នក​ដែល​អាច​ដកខ្លួន​ឯង​ចេញពី​ទំនាក់ទំនង​មិនល្អ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៏​សុខសាន្ត និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​កាន់តែ​ច្រើនឡើង ។

ប្រសិនបើ​អ្នក​គិតថា មិត្តម្នាក់​កំពុង​រង​ការរំលោភ​បំពាន

  • សូម​សួរ​ទៅ​ពួកគេ​ត្រង់ៗថា « តើ​មាន​នរណា​ម្នាក់​កំពុង​ធ្វើ​បាប​ឯង​ឬ ? »

  • សូម​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​ពួកគេ​និយាយ ។ សូម​បង្ហាញ​ចិត្ត​សប្បុរស និង​មេត្តា​ដល់​ពួកគេ ។

  • សូម​ប្រាប់​នរណា​ម្នាក់​ដែល​អាច​ជួយ​បាន ដូចជា គ្រូបង្រៀន ឪពុក ឬ​ម្តាយ ទីប្រឹក្សា​សាលា ឬ​អ្នកដឹកនាំ​សាសនាចក្រ ។

  • សូម​បន្ត​ធ្វើ​ជា​មិត្តភក្ដិ​នឹង​ពួកគេ ។ សូម​រាប់អាន​ពួកគេ​ធម្មតា ។ សូម​ជួយ​ពួកគេ​បង្កើត​មិត្តភាព​ដែល​ល្អ​ផ្សេងៗទៀត ។

បន្ត​ឆ្ពោះ​ទៅ​មុខ

ថ្ងៃនេះ ស្តេស៊ី គឺជា​អ្នកមាន​ជំនាញ​ដ៏​ជោគជ័យ​ម្នាក់ ដែល​មាន​គ្រួសារ​ជាទី​ស្រលាញ់​ផ្ទាល់​របស់​នាង ។ ថ្ងៃខ្លះ​នៅតែ​ពិបាក ប៉ុន្តែ​នាង​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង និង​ការ​អភ័យទោស​ដល់​អ្នក​ដទៃ ។

ស្តេស៊ី​និយាយថា « ខ្ញុំ​ដឹងថា ព្រះ​យេស៊ូវ គ្រីស្ទ​អាច​ព្យាបាល​របួស​ទាំងអស់​របស់​យើង​បាន » ។ ប្រសិនបើ​មាន​រឿង​មួយ​ដែល​នាង​ចង់​ចែកចាយ​ជាមួយនឹង​អ្នកនៅ​រស់រាន​មានជីវិត​ផ្សេងទៀត​នោះគឺ បន្តមាន​ក្ដីសង្ឃឹម ។

នាង​និយាយថា « តែងតែ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​ជានិច្ច ទោះបីជា​នៅ​កណ្តាល​នៃ​ការសាកល្បង​ដែល​ហាក់​ដូចជា​វា​មិនចេះចប់​ក៏ដោយ » ។

មិនថា​អ្នក​កំពុង​ឆ្លងកាត់​ឧបសគ្គ​អ្វីក៏ដោយ សូម​បន្ត​ឆ្ពោះ​ទៅមុខ ។ សូម​បំពេញ​ជីវិត​របស់​អ្នក​ជាមួយនឹង​សេចក្តីល្អ និង​សេចក្តីជំនឿ​ទៅតាម​វិធី​ណា​ដែល​អ្នក​អាចធ្វើ​បាន ។ ថ្ងៃ​ដ៏​ភ្លឺថ្លា​កំពុង​រងចាំ​អ្នក !

កំណត់​ចំណាំ

  1. ឈ្មោះ​ត្រូវបាន​ប្តូរ ។

  2. សូម​មើល​ឯកសារ​ដែល​ពាក់ព័ន្ធ​នៅ « Violence against Children » អង្គការ​សុខភាព​ពិភព​លោក https://www.who.int/health-topics/violence-against-children ។

  3. ផាទ្រីក ខៀរ៉ុន សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៣៨ ) ។