« ការប្រែក្លាយកាន់តែដូចព្រះគ្រីស្ទ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ការប្រែក្លាយកាន់តែដូច ព្រះគ្រីស្ទ
ផ្នែកមួយនៃកម្មវិធីកុមារ និងយុវវ័យ គឺការខិតខំប្រែក្លាយដូចជាព្រះគ្រីស្ទ តាមរយៈការរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ ជឿ ឬមិនជឿ ការខិតខំបំពេញតាមគោលដៅមិនចាំបាច់ពិបាកដូចអ្នកគិតនោះទេ ។ សូមមកមើលពីរបៀបដែលយុវវ័យនៅជុំវិញពិភពលោកកំពុងរីកចម្រើនដើម្បីឲ្យកាន់តែដូចព្រះគ្រីស្ទ !
ខាងវិញ្ញាណ
ឈ្មោះ ៖ ខាតាលីណា
ទីកន្លែង ៖ ប្រទេសឈីលី
គោលដៅ ៖ អានព្រះគម្ពីរ និងអធិស្ឋានរៀងរាល់ថ្ងៃ
« ខ្ញុំព្យាយាមនៅជិតព្រះវិញ្ញាណ តាមរយៈការអធិស្ឋាន ។ ខ្ញុំអធិស្ឋានរាល់យប់មុនចូលដំណេក និងបន្ទាប់មកអានព្រះគម្ពីរ ។ ខ្ញុំកំពុងខិតខំដើម្បីយល់ពីព្រះគម្ពីរឲ្យកាន់តែច្បាស់ ។ នៅពេលខ្ញុំអាន និងអធិស្ឋានរៀងរាល់ថ្ងៃ ខ្ញុំមានអារម្មណ៏សុខសាន្ត និងខិតកាន់តែជិតព្រះ » ។
ខាងសង្គម
ឈ្មោះ ៖ រ៉ៃសា
ទីកន្លែង ៖ សាម័រ
គោលដៅ ៖ ស្គាល់យុវនារីនៅក្នុងថ្នាក់របស់នាងឲ្យកាន់តែច្បាស់
« ខ្ញុំប្រហែលជាស្គាល់ឈ្មោះយុវនារីគ្រប់រូបនៅក្នុងវួដរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាពួកគេជានរណា ឬពួកគេចូលចិត្តអ្វីនោះទេ ។ ដូច្នេះខ្ញុំបានចាប់ផ្តើមម្តងមួយៗជាមួយយុវនារីម្នាក់ៗ ហើយសម្រាប់មនុស្សអៀនខ្មាស់ខ្លាំងដូចជាខ្ញុំ ខ្ញុំរីករាយនឹងរបៀបដែលខ្ញុំរកឃើញរឿងជាច្រើនដែលយើងមានដូចគ្នា ។ នៅពេលខ្ញុំចំណាយពេលកាន់តែច្រើនដើម្បីស្គាល់ពួកគេ ខ្ញុំកាន់តែឃើញយុវនារីដ៏ស្រស់ស្អាតទាំងនោះតាមរបៀបដែលព្រះវរបិតាសួគ៌ទតឃើញពួកគេ » ។
ខាងរាងកាយ
ឈ្មោះ ៖ យូជិន
ទីកន្លែង ៖ ប្រទេសកេនយ៉ា
គោលដៅ ៖ ធ្វើឲ្យប្រសើរឡើងខាងកីឡាបាល់ទាត់
« ខ្ញុំបានចាប់ផ្តើមហាត់ជាមួយមិត្តភក្តិមួយក្រុមកាលពីខែមុន ។ បទពិសោធន៏នោះបានជួយខ្ញុំឲ្យដឹងថា ព្រះមិនចង់ឲ្យយើងធ្វើការងារនេះតែឯងនោះទេ ។ យើងអាចមានមិត្តភក្តិរបស់យើងចូលរួមនឹងយើងនៅក្នុងគោលដៅរបស់យើង ដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។ ទ្រង់ដឹងថាយើងត្រូវការគ្នាទៅវិញទៅមក ដើម្បីទទួលបានជោគជ័យ ។ បើយើងអធិស្ឋាន ទ្រង់នឹងរៀបចំមនុស្សនៅក្នុងជីវិតរបស់យើង ដើម្បីជួយខ្លួនយើងឲ្យក្លាយជាមនុស្សល្អបំផុត ។
ខាងបញ្ញា
ឈ្មោះ ៖ ចាកសិន
ទីកន្លែង ៖ រដ្ឋខារ៉ូឡាញណា ខាងត្បូង ស.រ.អា.
គោលដៅ ៖ រយៈពេលវែង ៖ ថ្ងៃណាមួយចង់ធ្វើជាម្ចាស់ឡានលក់អាហារមួយ រយៈពេលខ្លី ៖ រៀនធ្វើម្ហូប
« ខ្ញុំបានប្រាប់ថ្នាក់ដឹកនាំយុវជនម្នាក់របស់ខ្ញុំអំពីគោលដៅមួយរបស់ខ្ញុំ ដើម្បីមានឡានលក់អាហារមួយ ។ គាត់បាននិយាយថា ‹ ជារៀងរាល់ឆ្នាំខ្ញុំធ្វើពិធីជប់លៀងត្រឡប់ទៅសាលាវិញ ។ តើឯងមកចម្អិនអាហាឲ្យយើងម៉េចដែរ ? › ខ្ញុំក៏បានធ្វើដូច្នេះ ។ ខ្ញុំបានចម្អិនហតដក និងប៊ឺហ្គឺប្រហែលជា ៥០ នៅក្នុងរយៈពេល ៤៥ នាទី ។ ខ្ញុំចូលចិត្តនៅជាមួយប្រុសៗនៅក្នុងកូរ៉ុមរបស់ខ្ញុំ ហើយខ្ញុំទទួលបានមតិកែលម្អដ៏អស្ចារ្យពីបទពិសោធន៍ និងការសរសើរមួយចំនួនផងដែរ ។ ហើយខ្ញុំបានរៀនជាច្រើន » ។