ឆ្នាំ​២០២៣
សេចក្តីជំនឿ​នៅក្នុង​ភាពងងឹត
ខែ មករា ឆ្នាំ ២០២៣


« សេចក្ដីជំនឿ​នៅក្នុង​ភាពងងឹត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ធ្នូ ឆ្នាំ ២០២២ ។

សេចក្តីជំនឿ នៅក្នុង​ភាពងងឹត

ទាំងនេះ​គឺជា​យោបល់​មួយ​ចំនួន​ដែល​បាន​ជួយ​ខ្ញុំ នៅពេល​មាន​ចម្ងល់ និង​ការសង្ស័យ ។

រូងភ្នំ

រូបថត​មកពី Getty Images

កាល​ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់ គ្រួសារ​របស់​ខ្ញុំ​ជានិច្ចជាកាល​ទៅលេង​បាសាំង​ដ៏ធំមួយ​របស់​ឧទ្យានជាតិ​នៅក្នុង​រដ្ឋ​ណេវ៉ាដា ស.រ.អា. ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នៅ​ក្នុង​ឧទ្យាន​នោះ​គឺ រូងភ្នំ លីមិន ។

មគ្គុទេសក៏​ម្នាក់​នាំ​យើង​ចូល​ទៅក្នុង​រូង​ជ្រៅ ទៅដល់​កន្លែង​មួយ បិទ​ភ្លើង​ទាំងអស់ ។ យើង​នៅក្នុង​ភាពងងឹត​ស្លុប ។ វា​ជា​អារម្មណ៍​មួយ​ដ៏​ពិបាក ហើយ​គំនិត​នៃការ​ស្វែងរក​ផ្លូវ​ចេញ​ពី​រូងភ្នំ​ដោយ​គ្មាន​ពន្លឺ​គឺ​ស្មុគស្មាញ​យ៉ាងខ្លាំង ។ សំណាងល្អ មគ្គុទ្ទេសក៍​នោះ​តែងតែ​បើក​ភ្លើង​វិញ​ជានិច្ច ហើយ​នាំ​យើង​ចេញ​ដោយ​សុវត្ថិភាព ។

ពេលខ្លះ​យើង​ប្រឈមមុខ​ជាមួយនឹង​សំណួរ ព្រមទាំង​ការសង្ស័យ​នានា​អំពី​សាសនាចក្រ និង​ទីបន្ទាល់​របស់​យើង​ផងដែរ ។ វា​អាច​មានអារម្មណ៏​ពិបាក និង​មិនជាក់លាក់ ដូច​នៅក្នុង​រូងភ្នំ​ដ៏​ងងឹត​នោះដែរ ។

វា​មិន​ថ្វី​ទេ​ក្នុង​ការមាន​ចម្ងល់ និង​កង្វល់​នានា​នោះ ។ ការណ៏​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ខ្លាំង​បំផុត​នោះ​គឺ​របៀប​ដែល​ប្អូន​ធ្វើ​វា ។

ទាំងនេះ​ជា​យោបល់​មួយ​ចំនួន​ដែល​បាន​ជួយ​ខ្ញុំ ។

អនុវត្ត​សេចក្តី​ជំនឿ

ខ្ញុំ​បាន​ដឹងថា ប្រសិនបើ​ខ្ញុំ​ដោះស្រាយ​ចម្ងល់ និង​កង្វល់​ចេញពី​សេចក្តីជំនឿ នោះ​ខ្ញុំ​តែងតែ​អាច​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ​ជានិច្ច ។ « សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំង​ឡាយ​នោះ​ទេ » ( អាលម៉ា ៣២:២១ ) ។ « បើ​សិន​ជា​អ្នករាល់គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក » ( អាលម៉ា ៣២:២៧ ) ។

លោកិយ​នឹង​ប្រាប់​ប្អូន​ថា បើ​ប្អូន​មិន​អាច​បញ្ជាក់​អ្វី​មួយ​តាម​ស្តង់ដា​វិទ្យាសាស្ត្រ​ទេ វា​មិន​អាច​ជា​ការពិត​នោះទេ ។ នេះ​មិនមែន​ជាវិធី​របស់​ព្រះអម្ចាស់​ទេ ។ ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ថូម៉ាស ជា​អ្នក​ដែល​មិនជឿ​លុះត្រាតែ​គាត់​បាន​ស្ទាប​ស្នាម​របួស​របស់​ព្រះអង្គសង្រ្គោះ​ដែល​មាន​ព្រះជន្មរស់ឡើងវិញសិន ថា « កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ » ( យ៉ូហាន ២០:២៧ ) ។

ចូរ​សូម ចូរ​រក ចូរ​គោះ

ឃ្លា « ចូរ​សូម ចូរ​រក ចូរ​គោះ » ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​នៅក្នង​ព្រះគម្ពីរ ( សូមមើល ម៉ាថាយ ៧:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣ ) ។ វិធី​របស់​ព្រះអម្ចាស់​ក្នុង​ការជួយ​យើង​ជាមួយនឹង​ចម្ងល់​ទាំងឡាយ គឺ​ឲ្យ​យើង​ទូល​សួរសំណួរ​ដល់​ទ្រង់ ។

« បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ »​( យ៉ាកុប ១:៥ ) ។ សូម​ទៅ​ឲ្យចំ​ប្រភព​នៃ​រាល់​សេចក្ដីពិត ។ ទ្រង់​ស្រឡាញ់​ប្អូន ហើយ​នឹង​ជួយ​ដល់​ប្អូន ។

ធ្វើ​ជា​អ្នកស្វែងរក​សេចក្តីពិត

ខ្ញុំ​បាន​ឃើញថា អស់អ្នក​ដែល​ស្វែង​រក​សេចក្ដី​ពិត​ដោយ​ស្មោះត្រង់ និង​ដោយ​បន្ទាប​ខ្លួន ជា​ញឹក​ញាប់​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ ម៉្យាង​វិញទៀត អស់អ្នក​ដែល​គិតតែ​រក​កំហុស នឹង​ចេះតែ​ដើរទៅ​មុខ កាន់តែ​ឆ្ងាយ​ទៅៗ​ពី​សេចក្ដីពិត ។

ធ្វើ​ជា​អ្នកស្វែងរក​សេចក្តីពិត សេចក្តីពិត​មាន​ពិតមែន ហើយ​ប្អូនៗ​អាច​រក​វា​ឃើញ ។

បង្កើត​ប្រអប់ « នឹង​ឆ្លើយ​នៅ​ពេលក្រោយ » មួយ

ដូច្នេះ​តើ​ប្អូន​ធ្វើ​យ៉ាង​ណា ប្រសិន​បើ​ប្អូន​បាន​ស្វែងរក​ចម្លើយ​ដោយ​ចិត្ត​រាបទាប និង​ដោយ​ស្មោះ ហើយ​វា​ហាក់​ដូច​ជា​គ្មាន​ចម្លើយ​នោះ ?

ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា ខ្ញុំ​ជ្រើសរើស​ដោះស្រាយ​វា​ដោយ​សេចក្ដីជំនឿ ។ ខ្ញុំ​បាន​បង្កើត​ប្រអប់​តូច​មួយ​ដាក់លើ​ធ្នើរមួយ​នៅក្នុង​គំនិត​របស់​ខ្ញុំ—ដូចជា​ហិប​កំណប់​ដ៏ស្រស់ស្អាត​មួយ ។ ហើយ​បាន​សរសេរ​ពាក្យ​នៅលើ​នោះ​ថា « នឹង​ឆ្លើយ​នៅពេលក្រោយ » ។

នៅពេលណា​ខ្ញុំ​មាន​ចម្ងល់ ឬ​កង្វល់​ដែល​ខ្ញុំ​មិន​អាច​ដោះស្រាយ​បាន ខ្ញុំ​សរសេរ​វា​នៅលើ​ក្រដាស​ស្រមើស្រមៃ​មួយ បត់វា​យ៉ាង​ស្អាត ហើយ​ដាក់វា​ក្នុង​ប្រអប់​នោះ ។ បន្ទាប់​មក​ខ្ញុំ​ដាក់វា​នៅលើ​ធ្នើរ​វិញ ។

ប្រអប់​ឈើ

ការ​ធ្វើ​ដូច្នេះ ខ្ញុំ​កំពុង​ធ្វើ​ដោយ​មាន​ជំនឿថា ថ្ងៃ​ណាមួយ​ព្រះអម្ចាស់​នឹង​ឆ្លើយវា ។ ប្រហែល​ទ្រង់​នឹង​ឆ្លើយ ប្រហែល​ទ្រង់​នឹង​មិន​ឆ្លើយ ​នោះ​គឺ​ស្ថិត​នៅ​លើ​ទ្រង់​នៅក្នុង​ព្រះបញ្ញាញាណ​ដ៏​អស់កល្ប​របស់​ទ្រង់ ។

និយាយ​អញ្ចឹង សំណួរ​មួយ​ចំនួន​របស់​ខ្ញុំ បាន ​ឆ្លើយតប​ហើយ ។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មាន​ក្នុង​ប្រអប់​នៅឡើយទេ ។ ខ្ញុំ​គ្មាន​បញ្ហា​ទេ​ចំពោះ​រឿង​នេះ ។

មិត្ត​ជាទីស្រឡាញ់​នៅក្នុង​ព្រះគ្រីស្ទ​របស់​ខ្ញុំ សូម​ធ្វើជា​អ្នកស្វែងរក​សេចក្តីពិត ។

នៅ​ពេលដែល​សេចក្តីជំនឿ​របស់​ប្អូន​កើនឡើង នោះ​ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយ​ប្អូន ។ ហើយ​ពេល​ប្អូន​ខិត​ទៅ​ជិត​ទ្រង់​ដោយ​សេចក្តីជំនឿ ទ្រង់​នឹង​បង្ហាញ​ដល់​ប្អូន នូវ​អ្វីៗ​ដែល​ប្អូន​ត្រូវ​ដឹង​នៅពេល​ដែល​ត្រឹមត្រូវ ។