ឆ្នាំ​២០២៣
ការល្បួង​ឲ្យ​ផឹកតែ
ខែ មករា ឆ្នាំ ២០២៣


« ការល្បួង​ឲ្យ​ផឹកតែ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៣ ។

គ្រឹះ​ដ៏​មាំមួន

ការល្បួង​ឲ្យ​ផឹកតែ

ថ្ងៃមួយ​ក្នុង​រដូវរងា ខ្ញុំ​បាន​ដើរ​ក្នុង​បរិវេណ​សាលា​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​ឈ្មោះ អាលិស និង ត្រាវើ ពេល​ដែល​យើង​បាន​ឃើញ​ផ្លាក​សញ្ញា​មួយ​ដែល​សរសេរថា « តែ​មាន​ហើយ » ។ ដោយ​ក្តី​រំភើបចិត្ត ត្រាវើ​បានសុំ​ទិញ​តែ​ឲ្យ​ពួកយើង​ម្នាក់​មួយ​ពែង ។ ខ្ញុំ​បាន​ឆ្លើយថា « អត់ទេ សូម​អរគុណ » ។

ត្រាវើ​បាន​ឲ្យ​តែ​មក​ខ្ញុំ​រៀងរាល់ថ្ងៃ ហើយ​ខ្ញុំ​នៅតែ​បន្ត​បដិសេធ ។ ទីបំផុត គាត់​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​មិន​ផឹកតែ ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ដោយ​សង្ឃឹម​ថា​គាត់​អាច​យល់ ។ ប៉ុន្តែ​គាត់​បាន​ធ្វើ​វា​ទៅជា​រឿងលេង​សើច​ទៅវិញ ។ គាត់​ព្យាយាម​ឲ្យ​ខ្ញុំ​ធ្វើខុស​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

គាត់​បាន​និយាយ​ថា « វា​មិនមែន​ដូច​ឯង​ផឹក​គ្រឿងញៀន​នោះទេ » ។ « តែ​មួយ​ពែង គឺ​មិន​អី​នោះទេ ! »

នៅ​សប្តាហ៍​បន្ទាប់​ទៀត គាត់ និង​មិត្ត​របស់​គាត់​បាន​ចាប់ផ្តើម​ចំអក​ឲ្យ​ខ្ញុំ​កាន់តែ​ខ្លាំងឡើង ។ ខ្ញុំ​បាន​ព្យាយាម​មិន​មាន​អារម្មណ៏​ខ្មាសអៀន ប៉ុន្តែ​វា​មិនងាយ​ស្រួល​ទេ ។

យូរៗទៅ ពួកគេ​មាន​អារម្មណ៍​មិនល្អ​ចំពោះ​ទង្វើ​របស់​ពួកគេ ហើយ​ឈប់​និយាយ​ចំអក​ខ្ញុំ​ទៀត ។ ថ្ងៃមួយ គ្រូ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា ៖ « ប្អូន​តែងតែ​ធ្វើ​ជា​គំរូ​នៃ​សេចក្តីជំនឿ និង​សាសនា​របស់​ប្អូន ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ប្អូន​ណាស់ » ។

ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ផងដែរ ។ វា​មិន​ងាយស្រួល​ជានិច្ច​នោះទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​ទទួល​បាន​ពរជ័យ​ក្នុង​ការក្រោកឈរ​ឡើង​សម្រាប់​បទដ្ឋាន​របស់​ខ្ញុំ ។

នីកូល អិម វេស​មីតលែន ចក្រភព​អង់គ្លេស