« អព្ភូតហេតុដ៏អស្ចារ្យបំផុត » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
អព្ភូតហេតុ ដ៏អស្ចារ្យបំផុត
មានអព្ភូតហេតុមួយដែលសំខាន់ជាងអព្ភូតហេតុណាៗទាំងអស់ ។
ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ( សូមមើល លូកា ១:៣៧; ភីលីព ៤:១៣ ) ។ ប៉ុន្តែ តើប្អូនអាចអធិស្ឋានសុំ អ្វីក៏ដោយ ហើយវាក្លាយជាការពិតបានដែរឬទេ ? ហេតុអ្វីបានជាមនុស្សមួយចំនួនជួបប្រទះអព្ភូតហេតុ ខណៈពេលដែលអ្នកដទៃទៀតហាក់ដូចជាមិនដែលជួបសោះ ? ហើយតើរឿងទាំងអស់នេះមានន័យយ៉ាងណាចំពោះប្អូន ?
អព្ភូតហេតុសម័យបុរាណចំនួនបី អព្ភូតហេតុសម័យទំនើបចំនួនបី និងអព្ភូតហេតុដ៏អស្ចារ្យបំផុតមួយ នឹងបង្រៀនយើងបន្ថែមទៀត ។
១
អព្ភូតហេតុសម័យបុរាណ
ម៉ារា ប្រហែលជាមិនត្រឹមតែភ្ញាក់ផ្អើលប៉ុណ្ណោះទេនៅ ពេលទេវតាកាព្រីយ៉ែលប្រាប់នាងថា នាងនឹងក្លាយជាមាតារបស់ព្រះអង្គសង្គ្រោះ ។ វាមិនអាចទៅរួចនោះទេ ។ ប៉ុន្តែទេវតាកាព្រីយ៉ែលបានពន្យល់ថា ព្រះយេស៊ូវនឹងជាព្រះរាជបុត្រានៃព្រះ ហើយមានបន្ទូលថា « ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។ ហើយទេវតាមានបន្ទូលត្រឹមត្រូវណាស់ ។ ម៉ារា បានផ្តល់កំណើតដល់ព្រះអង្គសង្គ្រោះនៃពិភពលោក ។
អព្ភូតហេតុសម័យទំនើប
អ្នកផ្សព្វផ្សាយសាសនាពីរនាក់ដែលកំពុងបម្រើនៅប្រទេសម៉ិកស៊ិកបានឆ្លងផ្លូវដ៏មមាញឹកមួយជារៀងរាល់ថ្ងៃ ។ ពេលខ្លះពួកគេត្រូវចាំរហូតដល់ទៅ ១០ នាទីពីមុនពេលពួកគេអាចមានឱកាសឆ្លង ហើយតាមធម្មតាពួកគេត្រូវរត់ ! បន្ទាប់មកពួកគេបានជួបជាមួយនឹងសមាជិកអសកម្មម្នាក់ដែលមានវ័យចំណាស់ខ្លាំង យឺតយ៉ាវ ខ្លាំង ។ លោកយាយចំណាស់នោះចង់ទៅព្រះវិហារជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែ—រឿងដែលមិនអាចទៅរួចនោះគឺ—លោកយាយមិនអាចឆ្លងផ្លូវដែលមានចរាចរដ៏មមាញឹកនោះបានទេ ។ ហើយអត់ទេ ពួកអ្នកផ្សព្វផ្សាយសាសនា មិនអាចសែងលោកយាយឆ្លងថ្នល់បានទេ ( ទោះបីជាពួកគេមានចិត្តចង់ធ្វើក៏ដោយ ! ) ។ ប៉ុន្តែបន្ទាប់មកពួកគេបានមានអព្ភូតហេតុមួយ ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់និយាយថា « ពេលយើងទៅដល់ផ្លូវនោះ « គ្មានឡានមួយមកសោះ ។ យើងអាចដើរបាន យ៉ាងយឺត និងឆ្លងដោយសុវត្ថិភាព » ។
មិនអាចទៅរួចមែនទេ ? សូមគិតម្ដងទៀត !
ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ( សូម្បីរឿងមិនអាចទៅរួចក្តី ! ) ។
២
អព្ភូតហេតុសម័យបុរាណ
មានបុរសម្នាក់ដែល « ពិការ » ឬដែលកម្រើកពុំបាន ។ គាត់បានជឿថា ព្រះអង្គសង្រ្គោះអាចព្យាបាលគាត់បាន ។ ប៉ុន្តែព្រះយេស៊ូវត្រូវបានហ៊ុំព័ទ្ធដោយមនុស្សជាច្រើន ហើយវាពិបាកក្នុងការទៅរកទ្រង់ណាស់ ។ ដូច្នោះតើបុរសនោះបានធ្វើអ្វីខ្លះ ? មិត្តភក្តិរបស់គាត់បានសម្រូតគាត់ចុះតាមដំបូលផ្ទះ ដើម្បីបានទៅដល់ព្រះអង្គសង្គ្រោះ ។ អត់ទេ វាប្រហែលជាមិនងាយស្រួលនោះទេ ។ ប៉ុន្តែគាត់ និងមិត្តភក្តិរបស់គាត់ច្បាស់ជាមានជំនឿខ្លាំងហើយ ។ ហើយវាទទួលបានលទ្ធផលគាប់ប្រសើរ—ព្រះយេស៊ូវបានអភ័យទោសដល់អំពើបាបរបស់បុរសនោះ ហើយបានព្យាបាលគាត់ឲ្យជា ( សូមមើល លូកា ៥:១៧–២៦ ) ។
អព្ភូតហេតុសម័យទំនើប
អែលឡា ដបុលយូ បានលេងជាមួយមិត្តភក្តិរបស់នាងនៅក្នងសួន នៅពេលមិត្តភក្ដិរបស់នាងមួយចំនួនបានបាត់សត្វបង្គួយខាមេលានដែលពួកគេចិញ្ចឹម ។ នេះប្រហែលជាមិនមែនជារឿងធំដុំអីនោះទេ ។ ប៉ុន្តែចាំថា សត្វបង្គួយខាមេលាន ប្ដូរពណ៌ ដើម្បីបន្លំនៅក្នុងបរិស្ឋានជុំវិញខ្លួនរបស់វា ។ ក្រោយពីដើររកមួយសន្ទុះមក អែលឡាបានសម្រេចចិត្តថា វាដល់ពេលហើយដើម្បីអធិស្ឋានដោយសេចក្ដីជំនឿ ។ មិនយូរប៉ុន្មាន ពួកគេបានរកឃើញសត្វបង្គួយនោះនៅលើដើមឈើមួយ ! អែលឡា និយាយ « នៅពេលដែលសត្វបង្គួយនៅក្នុងដៃរបស់នរណាម្នាក់ហើយ នោះយើងបានអធិស្ឋានអរព្រះគុណទៅដល់ព្រះវរបិតាសួគ៌ » ។
អព្ភូតហេតុមានតាមរយៈសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ
អ្វីដែលមិនអាចទៅរួច គឺតែងតែអាចធ្វើទៅបានជានិច្ចចំពោះព្រះ ។ ប៉ុន្តែយើងត្រូវតែមានសេចក្តីជំនឿទៅលើព្រះអង្គសង្រ្គោះ ( ឬយ៉ាងហោចណាស់មានបំណងប្រាថ្នាចង់ជឿ ! ) ហើយធ្វើសកម្មភាពដោយសេចក្តីជំនឿនោះ ដើម្បីឲ្យអព្ភូតហេតុកើតមានឡើង ។
៣
អព្ភូតហេតុសម័យបុរាណ
អេលីសាបិត និងសាការីបានរៀបការជាច្រើនឆ្នាំ ប៉ុន្តែមិនមានកូនសោះ ។ ពេលខ្លះ វាអាចមានអារម្មណ៍ថា ការអធិស្ឋានដ៏ស្មោះត្រង់របស់ពួកគេមិនត្រូវបានឆ្លើយតប ។ ហើយនៅទីបំផុត ពួកគេចាស់ជ្រុលដើម្បីមានកូន ។ ប៉ុន្តែបន្ទាប់មកទេវតាមួយអង្គបានលេចមកឯសាការី ហើយបានប្រាប់គាត់ថា អេលីសាបិត នឹងមានបុត្រមួយ ។ ( ការពិតដ៏រីករាយ ៖ នៅទីបំផុតទារកបានកើតមក ក្លាយជាយ៉ូហានបាទីស្ទ !) ។ នៅចុងបញ្ចប់ អ្វីដែលមិនអាចទៅរួចបានកើតឡើង ។ ប៉ុន្តែអេលីសាបិត និងសាការីត្រូវរងចាំយ៉ាងយូរ ( សូមមើល លូកា ១ ) ។
អព្ភូតហេតុសម័យទំនើប
លីនហ្ស៊ី អិម បានមានជំងឺស្កន្ទ ។ « រៀងរាល់ព្រឹក ខ្ញុំសូមអង្វរព្រះវរបិតាសួគ៌ឲ្យដកជំងឺស្កន្ទចេញទៅ» លីនស៊ីនិយាយ ។ ប៉ុន្តែវាមិនបានបាត់ទេ ។ ខណៈដែល លីនហ្ស៊ី រងចាំឲ្យជាសះស្បើយ នាងបានទទួលពរជ័យបព្វជិតភាព ដែលនាំមកនូវភាពសុខសាន្តដល់នាង ។ ហើយភាពសុខសាន្តនោះគឺជាអព្ភូតហេតុនោះឯង ។ នាងនិយាយថា « នៅពេលយើងងាកទៅរកព្រះវរបិតាសួគ៏របស់យើង ទ្រង់នឹងគង់នៅទីនោះសម្រាប់យើងដោយគ្មានការសង្ស័យ ទ្រង់នឹងធ្វើអព្ភូតហេតុទាំងឡាយ ហើយផ្តល់ការលួងលោម » ។ លីនហ្ស៊ី នៅទីបំផុតបានទទួលការវះកាត់ដែលបានជួយនាងពីជំងឺស្កន្ទរបស់នាង ។
អព្ភូតហេតុកើតឡើងទៅតាមព្រះទ័យរបស់ព្រះ
ព្រះអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ។ ប្អូនអាចមានជំនឿដ៏អស្ចារ្យ ។ ប៉ុន្តែអព្ភូតហេតុកើតឡើងទៅតាមពេលវេលារបស់ព្រះវរបិតាសួគ៏ និងព្រះរាជបំណង និងទៅតាមវិធីរបស់ទ្រង់ ។ សូមរកមើលអព្ភូតហេតុផ្សេងទៀតជាបន្តបន្ទាប់ ដូចជាភាពសុខសាន្ត និងកម្លាំងដើម្បីស៊ូទ្រាំ ។
អព្ភូតហេតុដ៏អស្ចារ្យបំផុត
យើងបាននិយាយយ៉ាងច្រើនអំពីអព្ភូតហេតុ ។ ប៉ុន្តែមានអព្ភូតហេតុមួយដែលធំជាង ហើយសំខាន់ជាងអព្ភូតហេតុណាៗទាំងអស់ ។ អព្ភូតហេតុនោះគឺ នៅពេលដែលព្រះរាជបុត្រារបស់ព្រះបានយាងមកផែនដីជាទារក ក្រោយមកបានបង្រៀន និងព្យាបាល ហើយបន្ទាប់មកបានលះបង់ជីវិតរបស់ទ្រង់ផ្ទាល់ ។ ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាប ទុក្ខព្រួយ និងភាពទន់ខ្សោយទាំងឡាយរបស់យើង ។ អព្ភូតហេតុរបស់ទ្រង់រាប់បញ្ចូលទាំងបីថ្ងៃនៅក្នុងផ្នូរ ហើយបន្ទាប់មកការរស់ឡើងវិញដែលនាំមកនូវជីវិតបន្ទាប់ពីការស្លាប់ដល់យើងទាំងអស់គ្នា ។ អព្ភូតហេតុនោះ ផ្លាស់ប្តូរ អ្វីៗទាំងអស់ ។
វាងាយស្រួលក្នុងការជាប់គាំងគំនិតក្នុងការព្យាយាមដើម្បីមានជំនឿតែក្នុងអព្ភូតហេតុជាក់លាក់ណាមួយ ។ ហើយការណ៏នោះអាចជាការពិបាកនៅពេលដែលយើងមិនដឹងពីព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។ ដូច្នេះ ជំនួសឲ្យការផ្តោតទៅលើសេចក្តីជំនឿរបស់ប្អូននៅលើអព្ភូតហេតុមួយដែលប្អូនចង់បាន សូមផ្តោតទៅលើអព្ភូតហេតុនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះវិញ ។ សូមមានជំនឿថា គ្មានអ្វីដែលមិនអាចទៅរួចចំពោះព្រះនោះទេ រួមទាំងអ្វីដែលប្អូនកំពុងអធិស្ឋានផងដែរ ។ ប៉ុន្តែក៏ត្រូវមានជំនឿថា ព្រះទ័យរបស់ទ្រង់គឺប្រសើរជាងរបស់ប្អូន ។ ប្រសិនបើការអធិស្ឋានរបស់ប្អូនមិនទទួលបានចម្លើយទៅតាមរបៀបដែលប្អូនសង្ឃឹមនោះទេ ទ្រង់នឹងពង្រឹងប្អូន ហើយជួយប្អូនឲ្យស៊ូទ្រាំ ។
សេចក្តីបញ្ចប់ដែលត្រូវចងចាំ
ពេលប្អូនផ្តោតលើសេចក្តីជំនឿរបស់ប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ នោះប្អូននឹងយល់ពីអត្ថន័យដែលថា អ្វីៗទាំងអស់គឺអាចកើតឡើងបានជាមួយព្រះ ។ ប្អូននឹងជឿថា ព្រះវរបិតាសួគ៌អាចឆ្លើយតបការអធិស្ឋានរបស់ប្អូន ហើយប្អូននឹងជឿជាក់លើព្រះទ័យរបស់ទ្រង់ ហើយទទួលបានភាពសុខសាន្តរបស់ទ្រង់ នៅពេលអ្វីៗមិនដំណើរការដូចការគ្រោងទុកនោះ ។ ដូច្នោះចូរដាក់សេចក្ដីជំនឿរបស់ប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺ ជា អព្ភូតហេតុ ។ ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ។