ឆ្នាំ​២០២៣
ដើរតាម​ពន្លឺ​ដ៏​ពិត
ខែ មករា ឆ្នាំ ២០២៣


« ដើរតាម​ពន្លឺ​ដ៏​ពិត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

យ៉ូហាន ១:១–៥

ដើរ តាម ពន្លឺ ដ៏ពិត

ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ តែងតែ ​មាន​ជានិច្ច​សម្រាប់​ប្អូន—ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត ។

ព្រះយេស៊ូវគ្រីស្ទ

ចូរ​រំពឹង​គិត​ពី​ផ្កាឈូក ដោយ ហាលី មីលលើរ

នៅពេល​ដែល​ព្រះអាទិត្យ​លិច​នៅ​ថ្ងៃ​អាទិត្យ​មួយ​ក្នុងឆ្នាំ ១៩៤៨ ខ្ញុំ​បាន​ដើរ​នៅតាម​មាត់ទន្លេ​ត្រិនថ៍ នៅក្នុង​ទីក្រុង ណតទីងហាំ ប្រទេស​អង់គ្លេស ។ កាលនោះ ខ្ញុំ​មាន​អាយុ ២០ ឆ្នាំ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់ ។ វា​គឺជា​ថ្ងៃដ៏យូរ ហត់នឿយ​មួយ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត និង​ពេញចិត្ត​ក្នុង​ការងារ​នោះ ។

ពេល​ដែល​ខ្ញុំ​ដើរ​តាម​មាត់ទន្លេ នោះ​ខ្ញុំ​បាន​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ ដោយ​សង្ឃឹមថា​ទទួលបាន​អារម្មណ៍​ដឹកនាំ​មកពី​ព្រះអម្ចាស់ ខ្ញុំ​បាន​ទូល​សួរថា « តើ​ទួលបង្គំ​កំពុង​ធ្វើ​អី្វ​ដែល​ទ្រង់​សព្វព្រះទ័យ​ទេ ? »

អារម្មណ៍​សន្តិភាព​ដ៏​លើសលប់​មួយ និង​ការយល់ដឹង​ភ្លាមៗ​បាន​គ្របដណ្តប់​មកលើ​ខ្ញុំ ។ នៅ​ពេល​ដ៏​ជាក់លាក់​នោះ ខ្ញុំ​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ពុំ​បាន​ឃើញ​ការនិមិត្ត ឬ​ស្ដាប់​ឮ​សំឡេង​អ្វីមួយ​ឡើយ ប៉ុន្តែ​ខ្ញុំ​អាច​ស្គាល់​នូវ​ភាពពិត និង​ទេវភាព​របស់​ព្រះគ្រីស្ទ ប្រកប​ដោយ​អានុភាព​ខ្លាំងក្លា មិន​ចាំបាច់​ទាល់តែ​ទ្រង់​បាន​គង់នៅ​ចំពោះ​មុខខ្ញុំ ហើយ​ហៅ​ឈ្មោះ​ខ្ញុំ​នោះទេ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​រហូត​មកដល់​សព្វថ្ងៃ​នេះ រាល់​ការសម្រេចចិត្ត​សំខាន់ៗ​ដែល​ខ្ញុំ​បាន​ធ្វើ បាន​ទទួល​រង​ឥទ្ធិពល​ពី​ចំណេះដឹង​របស់​ខ្ញុំ​ដែលថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់​កាន់តែ​ជ្រាលជ្រៅ​ក្រៃលែង ហើយ​រក​ពាក្យ​អ្វី​ថ្លែង​ប្រាប់​ពុំ​បាន​ឡើយ ។ ទ្រង់​គឺជា​ព្រះអម្ចាស់ ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និង​ជា​មិត្ត​របស់​ខ្ញុំ ។

អស់ជា​ច្រើនឆ្នាំ និង​នៅ​ភាគច្រើន​ទូទាំង​ពិភពលោក ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​ដឹងថា​ទ្រង់​គឺជា​ពន្លឺ​ដ៏​ពិត និង​អស់កល្ប​ជា​និច្ច​ដែល « ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត » ( យ៉ូហាន ១:៥ ) ។ វា​ជា​ឯកសិទ្ធិ​សម្រាប់​យើង​ដើម្បី​មក​រក​ទ្រង់ ដើម្បី​ដើរ​តាម​ទ្រង់ ហើយ​ដើម្បី​ទទួល​អារម្មណ៍​នៃ​ពន្លឺ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។

ការពិត​អំពី​ពន្លឺ

គ្រប់​រយៈពេល ២៤ ម៉ោង យប់​ប្រែ​ទៅជា​ថ្ងៃ ហើយ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់ ។ នៅពេល​ភាព​ងងឹត​នៃ​ពេល​យប់​ចូល​មក​ដល់ យើង​ពុំ​បារម្ភ​ថា​ព្រះអាទិត្យ​រលត់​នោះ​ទេ ។ យើង​ដឹង​ថា ផែនដី​នឹង​វិលជុំវិញ ហើយ​ព្រះអាទិត្យ​នឹង​ចាំង​ពន្លឺ​មកលើ​យើង​ម្តងទៀត ។ យើង​ប្រហែលជា​មិន​អាច​មើលឃើញ ឬ​មាន​អារម្មណ៍​នៃ​ពន្លឺ ប៉ុន្តែ​វា តែងតែ នៅទីនោះ ។

វា​គឺជា​រឿង​ពិត​ដូចគ្នា​ចំពោះ​ខាង​វិញ្ញាណ ។ ខ្ញុំ​ត្រូវ​បាន​គេ​រំឭក​ពី​រឿងនេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ដែល​ភរិយា​របស់ខ្ញុំ បាបារ៉ា និងខ្ញុំ​បាន​គយគន់​មើល​មេឃ​ពេលយប់​ដោយ​ភាពស្ញប់ស្ញែង ។ មាន​ផ្កាយ​រាប់​លាន​ដែល​យើង​ឃើញ​ហាក់​ដូចជា​មាន​ពន្លឺ​ភ្លឺ​ស្រស់​ស្អាត​ខុស​ប្លែក​ពី​ធម្មតា ។ បន្ទាប់​មក​គំនិត​របស់​ខ្ញុំ​បាន​បែរ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការងឿងឆ្ងល់ ។

ទ្រង់ « គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក »​( យ៉ូហាន ១:២ ) ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៏ ទ្រង់​បាន​បង្កើត​ផែនដី និង​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា ( សូមមើល ម៉ូសេ ១:៣៣ ) ។ ទ្រង់​គឺជា​ថាមពល​ដែល​បំភ្លឺ​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទាំងឡាយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨: ៧–១០ ) ។ ទ្រង់​គឺជា​ប្រភព​នៃ​ពន្លឺ និង​ជីវិត​នៃ​គ្រប់​ទាំង​អស់ ( សូមមើល យ៉ូហាន ១:៣–៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១០ ) ។ ទ្រង់​បាន​ប្រកាសថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។

នៅក្នុង​សម័យ​របស់​យើង សាតាំង​កំពុង​ព្យាយាម​ធ្វើការ​មិនឈប់​ដើម្បី​បិទបាំង​ពន្លឺ​របស់​ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែ​ប្អូន​មិន​អាច​នៅក្នុង​កន្លែង​ដែល​ងងឹត​បំផុត​ដែល​ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិន​អាច​ចាំង​ដល់​ប្អូន ប្រសិនបើ​ប្អូន​មករក​ទ្រង់​នោះទេ ។ ពន្លឺ​របស់​ទ្រង់​គឺ តែងតែ មាន​នៅទីនោះ ។

ពេលព្រឹក ថ្ងៃត្រង់ និង​ពេលយប់

រចនា​រូបភាព​ដោយ អ័ដាម នីកែល

ទ្រង់​បំភ្លឺ​ផ្លូវ​របស់​យើង

ជា​ព្រះរាជបុត្រា​របស់​ព្រះ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​សិរីល្អ​ជា​មួយ​នឹង​ព្រះ​ជា​ព្រះវរបិតា « កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ » ( យ៉ូហាន ១៧:៥ ) ។ ទ្រង់​បាន​គោរព​ប្រតិបត្តិ​យ៉ាង​ឥតខ្ចោះ​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៥:៣០ ) និង​ស្ម័គ្រព្រះទ័យ​មកកាន់​ផែនដី ។ ទ្រង់​បាន​លះបង់​សិរី​ល្អ​របស់​ទ្រង់ ដើម្បី​បាន​ប្រសូត​នៅក្នុង​ក្រោល​ដ៏​រាប​ទាប​មួយ ដែល​មាតា​របស់​ទ្រង់ « រុំ​ទ្រង់​នឹង​សំពត់ ហើយ​ផ្តេក​ក្នុង​ស្នូក » ( លូកា ២:៧ ) ។

អំឡុងពេល​កុមារភាព​របស់​ទ្រង់ ទ្រង់ « នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា [ នៃ​ទ្រង់ ] »​( លូកា ២:៤៩ ) ហើយ​បាន​ធ្វើ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​អស់អ្នក​ទាំងឡាយ​ដែល​បាន​ឮ​ការបង្រៀន​របស់​ទ្រង់ ។ ក្នុង​ការបម្រើ​របស់​ទ្រង់ ទ្រង់​មាន​អំណាច​ដើម្បី​ធ្វើ​នូវ​អព្ភូតហេតុ​ទាំងឡាយ ប្រទានពរ និង​ព្យាបាលដល់​អ្នកឈឺ ប្រោស​អ្នកស្លាប់​ឲ្យ​រស់ឡើងវិញ ហើយ​នៅទីបំផុត​បាន​ប្រទាន​នូវ​ដង្វាយធួន​ដ៏​អស់កល្ប ។

ក្នុងគ្រប់​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​មាន​បន្ទូល និង​ធ្វើ ជាពិសេស​នៅក្នុង​ការលះបង់​ដ៏ធួន​របស់ទ្រង់ ទ្រង់​បាន​បង្ហាញ​ផ្លូវ​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង ។ គំរូ និង​ការបង្រៀន​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​តាម​ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។

ចែកចាយ​ពន្លឺ​របស់​ទ្រង់

នៅពេល​ដែល​យើង​មាន​អារម្មណ៍​នៃ​ពន្លឺ​របស់​ព្រះរាជបុត្រា​នៃ​ព្រះ​នៅក្នុង​ជីវិត​របស់យើង នោះ​យើង​គួរតែ​ព្យាយាម​ខិតខំ​ចែកចាយ​ពន្លឺ​នោះ​ជាមួយ​អ្នកដទៃ ។ ខ្ញុំ​រីករាយ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​ប្រទេស​អង់គ្លេស ។ ខ្ញុំ​រីករាយ​ធ្វើ​ជា​ប្រធាន​បេសកកម្ម​នៅក្នុង​ប្រទេស​កាណាដា ។ ហើយ​ខ្ញុំ​រីករាយនឹង​ការហៅបម្រើ​បច្ចុប្បន្ន​របស់​ខ្ញុំ​ក្នុងមានជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​​នៅទូទាំង​ពិភពលោក ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ៖ « មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នករាល់គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ » ( នីហ្វៃទី ៣ ១៨:២៤ ) ។

ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ជះ​ពន្លឺនៅ​ក្នុង​យើង​គ្រប់ពេល​ដែល​យើង​អធិស្ឋាន ហើយ​ស្វែងរក​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ។ ពន្លឺ​របស់​ទ្រង់​ភ្លឺ​ចែងចាំង នៅពេល​យើង​ស្រឡាញ់​ដូចជា​ទ្រង់​ស្រឡាញ់ ចែកចាយ​ទីបន្ទាល់​របស់​យើង និង​ផ្តល់​នូវ​ការ​បម្រើ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ការណ៏​នេះ​បណ្តេញ​ភាពងងឹត​ចេញ​ពី​ជីវិត​របស់យើង ហើយ​ទាក់ទាញ​អ្នកដទៃ​ដែល​កំពុង​ស្វែងរក​ពន្លឺ​របស់​ទ្រង់ ។

ក្មេងស្រី​ជាមួយ​ក្មេងប្រុស​កាន់​ពន្លឺ

ពន្លឺ​របស់​ទ្រង់​ស្ថិតស្ថេរ​ជារៀងរហូត

ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​តែងតែ​មាន​សម្រាប់​ប្អូន​ជានិច្ច ។ គ្មាន​អ្វី—គ្មាន​អ្វី​ទាល់តែ​សោះ—ដែល​អាច​មាន​អំណាច​លើ ឬ​ពន្លត់​ពន្លឺ​របស់​ទ្រង់​បាន​ទេ ។ វា​នឹង​ស្ថិតស្ថេរ​ជារៀងរហូត ។ ព្រះយេស៊ូវគ្រីស្ទ « ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក …​ជា​ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ » ( ម៉ូសាយ ១៦:៩ ) ។

ខ្ញុំ​មាន​អំណរគុណ​ជា​រៀង​រហូត​សម្រាប់​បទពិសោធន៍​ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ពេល​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ ថ្ងៃនេះ​ខ្ញុំ​ដឹង​កាន់តែ​ច្បាស់ ពេល​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ជីវិត​ជាមួយ​ការសាកល្បង និង​សេចក្តីរីករាយ​ទាំងអស់ ។

ប្រសិនបើ​ប្អូន​ពុំ​ដឹង​ថា​ត្រូវ​ទៅណា ឬ​ធ្វើ​អ្វី​ទេ សូម​សម្លឹងមើល​ទៅកាន់​ពន្លឺ​ដ៏ពិត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ បើ​ប្អូន​សុខចិត្ត​ចូល​មករក​ទ្រង់ ហើយ​ធ្វើ​តាម​ពន្លឺ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បំភ្លឺ​ផ្លូវ​របស់​ប្អូន ។