« នៅពេលខ្លះខ្ញុំមានអារម្មណ៍ថាឪពុកម្តាយរបស់ខ្ញុំចូលចិត្តរិះគន់ខ្ញុំខ្លាំងពេក ។ តើខ្ញុំអាចឆ្លើយតបដោយការគោរពបានយ៉ាងដូចម្តេច ? » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
សំណួរ និង ចម្លើយ
« នៅពេលខ្លះខ្ញុំមានអារម្មណ៍ថាឪពុកម្តាយរបស់ខ្ញុំចូលចិត្តរិះគន់ខ្ញុំខ្លាំងពេក ។ តើខ្ញុំអាចឆ្លើយតបដោយការគោរពបានយ៉ាងដូចម្តេច ? »
ចំណាយពេលវេលាជាមួយគ្នា
ឪពុកម្តាយរបស់បងប្អូនផ្តល់ដំបូន្មាន និងការកែតម្រូវ ពីព្រោះពួកលោកស្រឡាញ់បងប្អូន ហើយចង់ជួយបងប្អូនឲ្យទទួលជោគជ័យ ។ នៅពេលដែលការកែតម្រូវនោះមានអារម្មណ៍ថាអយុត្តិធម៌ សូមចំណាយពេលពិភាក្សាគ្នាជាមួយឪពុកម្តាយរបស់បងប្អូនដោយផ្ទាល់ នៅពេលដែលបងប្អូន និងពួកលោកទាំងពីរមានអារម្មណ៍ស្ងប់ ។ បងប្អូនអាចរកពេលវេលាណាមួយដែលបងប្អូន និងពួកលោកទាំងពីរកំពុងធ្វើអ្វីមួយដែលបងប្អូនចូលចិត្តធ្វើជាមួយគ្នា ដូចជាធ្វើម្ហូប ឬធ្វើលំហាត់ប្រាណជាដើម ។ ការណ៏នេះអាចជួយយាងព្រះវិញ្ញាណឲ្យចូលមកក្នុងការសន្ទនានោះ ។
រេបិកា អិម អាយុ ១៧ ឆ្នាំ រដ្ឋម៉ារីលែន ស.រ.អា.
សូមចាំថាពួកលោកស្រឡាញ់បងប្អូន
ប្រសិនបើបងប្អូនចាំថាឪពុកម្តាយរបស់បងប្អូនកែតម្រង់បងប្អូន និងទូន្មានដល់បងប្អូនក៏ព្រោះតែពួកលោកស្រឡាញ់បងប្អូន នោះវាងាយស្រួលជាងក្នុងការទទួលយកនូវការកែតម្រូវរបស់ពួកលោក ។ សូមថ្លែងការអធិស្ឋានយ៉ាងឆាប់រហ័សមួយ ដើម្បីសូមព្រះវិញ្ញាណជួយបងប្អូនឲ្យមានការគោរព និងបន្ទាបខ្លួនដែលនឹងជួយបងប្អូនឲ្យប្រាស្រ័យទាក់ទងកាន់តែប្រសើរឡើងជាមួយនឹងពួកលោក ។
ឡូរិន អិម អាយុ ១៦ ឆ្នាំ រដ្ឋតិចសាស់ ស.រ.អា.
ភាពស្មោះត្រង់អាចព្យាបាលបាន
ការសន្ទនាល្អ ស្មោះត្រង់ អាចដោះស្រាយរាល់ជម្លោះគ្រប់យ៉ាងបាន ។ សូមអង្គុយជាមួយនឹងឪពុកម្តាយរបស់បងប្អូន ហើយនិយាយជាមួយពួកលោក ។ សូមប្រាប់ពួកលោកពីអ្វីដែលធ្វើឲ្យបងប្អូនឈឺចាប់ ហើយស្តាប់នូវអ្វីដែលធ្វើឲ្យពួកលោកសោកសៅ ឬខកចិត្ត ។ សូមចំណាយពេលជាមួយគ្នាឲ្យបានច្រើន ហើយបណ្តុះនូវសេចក្តីស្រឡាញ់ និងសន្តិភាពនៅក្នុងទំនាក់ទំនងរបស់បងប្អូន និងនៅក្នុងផ្ទះ ។ នៅពេលដែលបងប្អូនខឹង សូមទូលសូមព្រះវរបិតាដើម្បីធ្វើឲ្យចិត្តរបស់បងប្អូនស្ងប់ ។
រ៉ាហ្វាអេឡា ភី អាយុ ១៧ ឆ្នាំ ទីក្រុងសៅ ប៉ូឡូ ប្រទេសប្រេស៊ីល
សូមប្រាប់ទៅលោកទាំងពីថាបងប្អូនស្រឡាញ់ពួកលោក
បងប្អូនអាចឆ្លើយតបដោយមានការគោរព បើទោះបីជាវាពិបាកក៏ដោយ ។ សូមប្រាប់ឪពុកម្តាយរបស់បងប្អូនថាបងប្អូនស្រឡាញ់ពួកលោក ថាបងប្អូនខ្វល់ខ្វាយពីពួកលោក ហើយថាបងប្អូនដឹងថាពួកលោកស្រឡាញ់បងប្អូន ។ សូមឲ្យពួកលោកដឹងថា អ្វីដែលពួកលោកនិយាយធ្វើឲ្យបងប្អូនឈឺចាប់ខាងអារម្មណ៏ វិញ្ញាណ និងផ្លូវចិត្តផងដែរ ។ សូមអធិស្ឋានឲ្យញឹកញាប់ ។ ព្រះវរបិតាសួគ៌នឹងជួយបងប្អូនជាប្រាកដ ។
វែលលី អេស អាយុ ១៣ ឆ្នាំ ទីក្រុងលូអានដា ប្រទេសអង់ហ្គោឡា
ពួកលោកមើលឃើញនូវសក្ដានុពលរបស់បងប្អូន
ព្រះរំពឹងគិតអ្វីដែលល្អបំផុតពីយើង ហើយអាចមើលឃើញនូវសក្ដានុពលពិតរបស់យើង ។ នេះជាមូលហេតុដែលទ្រង់តម្រូវយ៉ាងច្រើនពីយើង ។ ឪពុកម្តាយរបស់បងប្អូនក៏មើលឃើញនូវសក្ដានុពលរបស់បងប្អូន ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់បងប្អូន និងដើម្បីឲ្យបងប្អូនទទួលបានជោគជ័យផងដែរ ! ពួកលោកអាចនឹងមិនល្អឥតខ្ចោះនៅក្នុងការលើកទឹកចិត្តដល់ការរីចម្រើនរបស់បងប្អូន ហើយបងប្អូនក៏ មិនល្អឥតខ្ចោះនៅក្នុងការសម្រេចវាដែរ ។ សូមមានការសន្ទនាដោយស្មោះត្រង់ និងដោយក្ដីស្រឡាញ់ជាមួយឪពុកម្ដាយរបស់បងប្អូន ហើយព្រះវិញ្ញាណនឹងដឹកនាំបងប្អូនឲ្យស្វែងរកការយោគយល់គ្នា ។
ប៊្រុក ធី អាយុ ១៨ ឆ្នាំ រដ្ឋអារីហ្សូណា ស.រ.អា.
ចូរធ្វើជាអ្នកស្តាប់ដ៏រាបសាម្នាក់
ថ្មីៗនេះ ខ្ញុំបានព្យាយាមធ្វើជាអ្នកស្តាប់ឲ្យកាន់តែប្រសើរម្នាក់ ។ ខ្ញុំព្យាយាមស្តាប់យ៉ាងស្ងៀមស្ងាត់នូវអ្វីដែលឪពុកម្តាយរបស់ខ្ញុំត្រូវនិយាយជំនួសឲ្យការប្រកែក ឬច្រឡោតដាក់ពួកលោក ។ វាត្រូវការការអត់ធ្មត់ និងការបន្ទាបខ្លួនយ៉ាងខ្លាំង ប៉ុន្តែការធ្វើបែបនេះអាចពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយនឹងឪពុកម្តាយរបស់បងប្អូន ហើយអនុញ្ញាតឲ្យមានការយោគយល់ចំពោះគ្នាលើភាគីទាំងសងខាង ។
កាមី ខេ អាយុ ១៨ ឆ្នាំ នៅរដ្ឋយូថាហ៍ ស.រ.អា.