« ចែកចាយអ្វីដែលក្មួយស្រឡាញ់ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
ចែកចាយ អ្វីដែលក្មួយ ស្រឡាញ់
សេចក្តីស្រឡាញ់របស់ក្មួយចំពោះដំណឹងល្អចំពោះអ្នកដទៃ និងចំពោះព្រះអម្ចាស់ផ្តល់អំណាចដល់ក្មួយក្នុងការចែកចាយដំណឹងល្អនេះ ។
ខ្ញុំបានទៅលេងទន្លេ រីបប៊ល ជាលើកដំបូងនៅជិតទីក្រុង ប្រេស្តុន ប្រទេសអង់គ្លេស ខណៈពេលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ក្នុងបេសកកម្មនៅប្រទេសអង់គ្លេស ។ នៅទីនោះ សាវក និងអ្នកផ្សព្វផ្សាយសាសនា ហ៊ីប៊ើរ ស៊ី ឃិមបឹល បានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យអ្នកប្រែចិត្តជឿដំបូងចូលសាសនាចក្រដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ នៅក្រៅពីទ្វីបអាមេរិកខាងជើងក្នុងខែកក្កដា ឆ្នាំ ១៨៣៧ ។
នៅពេលខ្ញុំឈរលើស្ពានមើលទៅទន្លេនោះ ហើយគិតអំពីអ្វីដែលបានកើតឡើងនៅទីនោះ ខ្ញុំបានទទួលសាក្សីដ៏មានអានុភាពនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
បេសកកម្មរបស់ខ្ញុំដំណើរការទៅល្អណាស់ ជាបទពិសោធន៍ដ៏មានន័យនៅក្នុងជីវិតរបស់ខ្ញុំ ។ សព្វថ្ងៃនេះ ខ្ញុំបានគិតពីអ្វីដែលជាអំណរដែលខ្ញុំបានចំណាយពេលជាច្រើនក្នុងជីវិតរបស់ខ្ញុំចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំមិនអាចគិតឃើញអ្វីដែលសំខាន់ជាងនេះទេ ។
តម្រូវការក្នុងការចែកចាយដំណឹងល្អ
សូមស្រមៃថា ក្មួយធ្លាប់ធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ។ តើវាអស្ចារ្យយ៉ាងណាដែលបានឃើញទ្រង់ ហើយស្តាប់សារលិខិតរបស់ទ្រង់ ?
សារលិខិតដ៏លើសលប់របស់ព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញគឺជាការអញ្ជើញ និងបទបញ្ញត្តិឲ្យចែកចាយដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានមានព្រះបន្ទូលថា « ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » ( ម៉ាថាយ ២៨:១៩ ) ហើយ « ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » ( ម៉ាកុស ១៦:១៥ ) ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទពិតជាត្រូវការខ្លាំងណាស់នៅពេលសព្វថ្ងៃនេះ ។… យើងមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីចែកចាយពីព្រះចេស្ដា និងភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទាំងអស់ដែលនឹងស្ដាប់តាម ហើយដែលនឹងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ »។ ១
ព្រះអម្ចាស់ត្រូវការក្មួយឥឡូវនេះ ។
ក្មួយរស់នៅក្នុងគ្រាដ៏ពិសេស និងសំខាន់ណាស់—ជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានព្យាករណ៍ថា ពីមុនព្រះអម្ចាស់យាងមកម្តងទៀត « សេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀករហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមានឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។២
តើនរណានឹងជួយធ្វើឲ្យសម្រេចការណ៍នេះបាន ? ក្មួយៗ !
ក្មួយពុំចាំបាច់ជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដើម្បីផ្សព្វផ្សាយដំណឹងល្អនោះទេ ។ ព្រះអម្ចាស់ត្រូវការក្មួយ ឥឡូវនេះ ដើម្បីធ្វើឲ្យការចែកចាយដ៏អំណររបស់ទ្រង់ ដែលជាដំណឹងល្អដ៏មានអត្ថន័យដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ទាំងពាក្យសម្ដី និងការប្រព្រឹត្តិ ជាផ្លូវនៃជីវិត និងជាផ្នែកមួយជាខ្លួនក្មួយ ។
ផ្តោតទៅលើសេចក្តីស្រឡាញ់
ហេតុផលដ៏សំខាន់បំផុតដែលយើងចែកចាយដំណឹងល្អគឺថាព្រះអម្ចាស់បានបង្គាប់យើងឲ្យធ្វើយ៉ាងដូច្នោះ ។ ពេលខ្លះការណ៍នេះអាចជាការលំបាក ប៉ុន្តែខ្ញុំសន្យាថា នៅពេលក្មួយផ្ដោតលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងថាតើក្មួយស្រឡាញ់ទ្រង់ប៉ុណ្ណា ហើយទ្រង់ស្រឡាញ់ក្មួយប៉ុណ្ណា នោះក្មួយនឹងត្រូវបានដឹកនាំក្នុងកិច្ចខិតខំរបស់ក្មួយ ។
សេចក្តីស្រឡាញ់របស់ក្មួយចំពោះដំណឹងល្អ សម្រាប់អ្នកដទៃ ហើយសំខាន់បំផុត សេចក្តីស្រឡាញ់របស់ក្មួយចំពោះព្រះអម្ចាស់នឹងផ្តល់អំណាចដល់ក្មួយឲ្យទទួលយកការអញ្ជើញដ៏ទេវភាពរបស់ទ្រង់ ដើម្បីចែកចាយដំណឹងល្អរបស់ទ្រង់ ។
ស្រឡាញ់ដំណឹងល្អ
ព្រះអម្ចាស់មានព្រះបន្ទូលថា « ចូររៀនអំពីយើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣; ម៉ាថាយ ១១:២៩ ) ។ កាលណាក្មួយសិក្សាដំណឹងល្អ ហើយរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ពិសិដ្ឋរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះកាន់តែច្រើន នោះសេចក្តីស្រឡាញ់របស់ក្មួយចំពោះដំណឹងល្អនឹងកាន់តែកើនឡើង ។
ក្មួយចែកចាយសេចក្តីស្រឡាញ់របស់ក្មួយចំពោះដំណឹងល្អ នៅពេលក្មួយរស់នៅតាមវា ។ សាវក ប៉ុល បានបង្រៀនថា « ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ »( ធីម៉ូថេទី ១ ៤:១២ ) ។ ជាញឹកញយ មនុស្សទទួលយកដំណឹងល្អ ដោយសារពួកគេមានបទពិសោធន៍វិជ្ជមានជាមួយសមាជិកសាសនាចក្រ ។ សូមកុំរស់នៅក្នុងការលាក់បាំងខាងវិញ្ញាណឡើយ ។ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ » ( ម៉ាថាយ ៥:១៦ ) ហើយបង្ហាញដល់អ្នកដទៃថា ដំណឹងល្អគឺជាផ្នែកដ៏សំខាន់នៃខ្លួនក្មួយ និងអ្វីដែលក្មួយធ្វើ ។
ស្រឡាញ់មនុស្សដទៃ
សូមគិតអំពីមិត្តភក្តិរបស់ក្មួយ ។ តើក្មួយចែកចាយភាពយន្ត តន្ត្រី និងអាហារដែលក្មួយចូលចិត្តជាមួយពួកគេដែរឬទេ ? តើក្មួយចែកចាយទេពកោសល្យ និងចំណូលចិត្តរបស់ក្មួយដែរឬទេ ? ប្រហែលជាក្មួយបានឆ្ងល់ថាតើពួកគេនឹងឆ្លើយតបទៅនឹងដំណឹងល្អដែរឬទេ បើក្មួយចែកចាយវាជាមួយពួកគេនោះ ។ ក្មួយនឹងមិនដឹងទេ ទាល់តែក្មួយសាកល្បង ។ ប្រធាន ណិលសុន បានបង្រៀនថា « មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ » ។៣
សូមឈោងទៅជួយដោយសេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិ សមាជិកគ្រួសារ ក្មួយជិតខាង មិត្តរួមថ្នាក់ និងអ្នកដទៃ—ដោយចងចាំថា ពួកគេគឺជាបងប្អូនប្រុសស្រីរបស់ក្មួយ និងជាបុត្រជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ក្មួយ—ហើយក្មួយនឹងឃើញថា វាកាន់តែងាយស្រួលក្នុងការចែកចាយដំណឹងល្អជាមួយពួកគេ ។
ស្រឡាញ់ព្រះអម្ចាស់
ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សារលិខិតរបស់យើងទៅកាន់ពិភពលោកគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅ ? ទ្រង់បានធ្វើឲ្យយើងម្នាក់ៗអាចទទួលបានសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ក្មួយនឹងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះក្មួយ នៅពេលក្មួយសញ្ជឹងគិតពីអ្វីទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ក្មួយ ។ ព្រលឹងរបស់ក្មួយនឹងពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះទ្រង់ ហើយក្មួយនឹងឃើញថា ក្មួយមិនអាចមិនជួយចែកចាយសេចក្តីពិតដ៏អស្ចារ្យដែលក្មួយបានទទួលពីទ្រង់បានទេ ។
ក្មួយនឹងមានអំណរដ៏មហិមា
បទពិសោធន៍បំផុសគំនិតខាងវិញ្ញាណរបស់ខ្ញុំនៅលើស្ពានឆ្លងទន្លេ រីបប៊ល កាលជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងបាននាំមកដល់ខ្ញុំនូវអំណរដ៏នៅអស់កល្បជានិច្ច ដែលបានសន្យាដល់អស់អ្នកដែលចែកចាយដំណឹងល្អ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៥ ) ។
ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំកាន់តែប្រាកដនៅសព្វថ្ងៃនេះថា ការចែកចាយដំណឹងល្អគឺជាអំណរ និងជាការបង្ហាញដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់របស់យើងចំពោះដំណឹងល្អដែលបានស្ដារឡើងវិញ សម្រាប់បុត្រាបុត្រីរបស់ព្រះ និងចំពោះព្រះអម្ចាស់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលក្មួយទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ ហើយចែកចាយនូវអ្វីដែលក្មួយស្រឡាញ់ នោះក្មួយជួយទ្រង់ស្ថាបនាសាសនាចក្ររបស់ទ្រង់ ហើយរៀបចំពិភពលោកសម្រាប់ការយាងមករបស់ទ្រង់ នៅពេល « ទ្រង់នឹងគ្រប់គ្រងជាស្ដេចលើអស់ទាំងស្ដេច ហើយ … ហើយសោយរាជ្យជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ » ។៤ ខ្ញុំសូមអធិស្ឋានថា ក្មួយៗនឹងដើរតាមទ្រង់ ហើយចែកចាយដំណឹងល្អរបស់ទ្រង់ពេញមួយជីវិតរបស់ក្មួយ ។