« នៅពេលដែលជម្រើសរបស់អ្នកដទៃធ្វើឲ្យអ្នកឈឺចាប់ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
នៅពេលដែលជម្រើសរបស់អ្នកដទៃ ធ្វើឲ្យអ្នកឈឺចាប់
នេះជារឿងមួយចំនួនដែលត្រូវចងចាំនៅពេលអ្នកផ្សេងប្រើសិទ្ធិជ្រើសរើសរបស់ពួកគេជារបៀបមួយដែលធ្វើឲ្យអ្នកឈឺចាប់ ។
អ្នកធ្វើការជ្រើសរើសច្រើនសណ្ឋឹកសន្ធាប់ជារៀងរាល់ថ្ងៃ—អ្វីដែលត្រូវស្លៀកពាក់ អ្វីដែលត្រូវទទួលទានសម្រាប់អាហារពេលព្រឹក តើមិត្តភក្តិម្នាក់ណាដែលត្រូវដើរលេងជាមួយ ។ សិទ្ធិជ្រើសរើស ឬសេរីភាពក្នុងការជ្រើសរើស និងធ្វើសកម្មភាព គឺជាអំណោយទានដ៏អស្ចារ្យបំផុតមួយដែលព្រះបានប្រទានដល់យើង ។
ការជ្រើសរើសរបស់យើងក៏មានលទ្ធផលរបស់វា ហើយពេលខ្លះជម្រើសរបស់អ្នកដទៃអាចប៉ះពាល់ដល់យើងផងដែរ ។ ប្រសិនបើអ្នកធ្លាប់ទទួលពិន័យព្រោះតែអ្វីដែលប្អូនប្រុសរបស់អ្នកបានធ្វើ នោះអ្នកដឹងថាវាពិបាកយ៉ាងណា នៅពេលដែលអ្នកដទៃប្រើសិទ្ធិជ្រើសរើសរបស់ពួកគេតាមរបៀបដែលអ្នកមិនចូលចិត្ត !
ប៉ុន្តែជួនកាលមានរឿងអាក្រក់ៗជាងនេះទៅទៀត ដែលមនុស្សអាចប្រើប្រាស់សេរីភាពរបស់ពួកគេ ។ ក្មេងៗនៅសាលារៀនអាចធ្វើបាបអ្នក ឬប្រហែលជាសមាជិកគ្រួសារម្នាក់សម្រេចចិត្តចាកចេញពីសាសនាចក្រ ។ មានពេលជាច្រើនដែលជីវិតអាចមើលទៅហាក់ដូចជាមិនយុត្តិធម៌សោះ ។ ជាចុងក្រោយ អ្នកកំពុងព្យាយាមប្រើសេរីភាពរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ—អ៊ីចឹង ហេតុអ្វីបានជាពួកគេ មិនអាចធ្វើបាន ?
ជាការពិតណាស់ អ្នកមិនអាចគ្រប់គ្រងអ្នកដទៃបានទេ ។ ប៉ុន្តែរឿងល្អគឺថា អ្នក អាច ផ្លាស់ប្តូរខ្លួនឯងបាន ។ យុទ្ធសាស្ត្រនេះគឺដើម្បីប្តូរអ្វីដែលអ្នកផ្តោតលើ និងធ្វើការជ្រើសរើសត្រឹមត្រូវ ទោះបីជាអ្នកដទៀតមិនធ្វើក៏ដោយ ។
នេះជារឿងមួយចំនួនដែលត្រូវចងចាំអំពីការឆ្ពោះទៅមុខដោយសេចក្តីជំនឿ ទោះជាអ្នកដទៃប្រើសេរីភាពរបស់ពួកគេតាមរបៀបមួយដែលធ្វើឲ្យអ្នកឈឺចាប់ក៏ដោយ ។
-
សាតាំងព្យាយាមបំផ្លាញសេរីភាព ( សូមមើល ម៉ូសេ ៤:៣ ) ។ ទោះបីជាវាពិបាកក្នុងការមើលឃើញអ្នកដទៃធ្វើការសម្រេចចិត្តមិនត្រឹមត្រូវក្តី អ្នកមានសេរីភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយដូចជាទ្រង់កាន់តែច្រើនឡើងបាន !
-
សកម្មភាពរបស់អ្នកមានឥទ្ធិពល ។ សូមចងចាំថា « យើងមានសេរីភាពដើម្បីជ្រើសរើស ប៉ុន្តែយើងពុំអាចជ្រើសរើសលទ្ធផលបានទេ » ។១ ការមើលឃើញពីរបៀបដែលការជ្រើសរើសរបស់អ្នកដទៃជះឥទ្ធិពលមកលើអ្នក អាចជាការរំឭកដល់ល្អដល់អ្នកឲ្យធ្វើការជ្រើសរើសដែលមិនមានការឈឺចាប់ដល់អ្នក ឬអ្នកដទៃ ។
-
មនុស្សគ្រប់គ្នាគឺមានទំនួលខុសត្រូវសម្រាប់ការជ្រើសរើសផ្ទាល់ខ្លួនរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តី សញ្ញា ១០១:៧៨ ) ។ អ្នកមិនចាំបាច់មានសម្ពាធទទួលខុសត្រូវក្នុងការផ្លាស់ប្តូរអ្នកដទៃ ឬជម្រើសរបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ អ្នកអាចផ្ដោតទៅលើការធ្វើការសម្រេចចិត្តដែលវិជ្ជមាន និងការធ្វើតាមព្រះយេស៊ូវគ្រីស្ទវិញ ។
-
អ្នកអាចជ្រើសរើសធ្វើជាមនុស្សចិត្តសប្បុរសបាន ។ អ្នកខ្លះអាចអាក្រក់ចំពោះអ្នក ប៉ុន្តែអ្នកនៅតែអាចបង្ហាញចិត្តសប្បុរសចំពោះពួកគេបាន ។ វាត្រូវការភាពក្លាហានក្នុងការមានសណ្តានចិត្តល្អចំពោះមនុស្ស ហើយអត់ទោសឲ្យពួកគេ នៅពេលដែលពួកគេមិនមានសណ្តានចិត្តល្អចំពោះអ្នក ប៉ុន្តែនោះជាអ្វីដែលព្រះយេស៊ូវនឹងធ្វើ ( សូមមើល លូកា ២៣:៣៤ ) ។
-
អ្នកគួរតែផ្តោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ។ ឧទាហរណ៍ ៖ អ្នកប្រហែលជាមិនអាចបញ្ឈប់ឪពុកម្តាយរបស់អ្នកមិនឲ្យលែងលះគ្នាបាននោះទេ ប៉ុន្តែអ្នកអាចជ្រើសរើសផ្តោតទៅលើការបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ជួយបងប្អូនរបស់អ្នក រៀនអំពីទំនាក់ទំនងរឹងមាំ និងដាក់គោលដៅសម្រាប់គ្រួសារផ្ទាល់ខ្លួននាពេលអនាគតរបស់អ្នក ។ សូមជ្រើសរើសដើម្បីបង្វែរឧបសគ្គរបស់អ្នកទៅជាឱកាសរីកចម្រើន និងរៀនសូត្រ ។
-
អ្នកមានអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាព ។ នៅពេលអ្នកចងចាំពីអត្តសញ្ញាណរបស់ខ្លួនថាជាកូនរបស់ព្រះ ហើយផ្តោតទៅលើគោលដៅរបស់អ្នកក្នុងជីវិត នោះអ្នកអាចយល់បានច្រើនជាងនេះ ។ ការផ្តោតទៅលើគោលបំណងរបស់អ្នក ហើយមើលឃើញថា ឧបសគ្គទាំងនេះគ្រាន់តែជាផ្នែកតូចមួយនៃដំណើររឿងក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ អាចជួយអ្នកឆ្ពោះទៅមុខដោយសេចក្តីជំនឿ ។
-
តាមរយៈការមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ អ្នកអាចរកឃើញសេចក្តី សុខសាន្តផ្ទាល់ខ្លួន ទោះបីជាអ្វីៗជុំវិញខ្លួនអ្នកមិនមានសេចក្តីសុខសាន្តក៏ដោយ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « យើងអាចមានអារម្មណ៍ភាពសុខសាន្ដ និងអំណរយូរអង្វែង ទោះជានៅគ្រាចលាចលក្ដី » ។២ ជីវិតគឺជាសមុទ្រដែលមានព្យុះភ្លៀង ហើយវាងាយស្រួលដើម្បីប្រាថ្នាចង់ឲ្យព្រះធ្វើឲ្យព្យុះទាំងនោះស្ងប់សម្រាប់យើង ។ ប៉ុន្តែពេលខ្លះជំនួសឲ្យការធ្វើឲ្យសមុទ្រស្ងប់ ទ្រង់ធ្វើឲ្យចិត្តយើងស្ងប់វិញ ដែលយើងជាអ្នកចែវទូក ។ សូមងាកទៅរកទ្រង់ពេលអ្នកមានបញ្ហា នោះទ្រង់នឹងជួយដល់អ្នក ។
ព្រះបានប្រទានសិទ្ធិជ្រើសរើសដល់អ្នក ដើម្បីអ្នកអាចជ្រើសរើសធ្វើតាមទ្រង់ ហើយហេតុដូច្នេះហើយបានដូចជាទ្រង់ ។ នៅពេលអ្នកធ្វើដូច្នោះ អ្នកនឹងរៀនពីការជ្រើសរើស និងកំហុសនានារបស់អ្នកដោយខ្លួនឯង និងមកពីការជ្រើសរើសរបស់អ្នកដទៃ ។ ទោះជាវាពិបាកកាលដែលមើលឃើញមនុស្សធ្វើការជ្រើសរើសដែលធ្វើឲ្យអ្នកឈឺចាប់ក៏ដោយ ក៏អ្នកអាចរៀនពីបទពិសោធន៍ទាំងនោះ ហើយឆ្ពោះទៅមុខដោយមានគោលបំណង សេចក្តីជំនឿ និងអំណរបានផងដែរ ។