« របៀប ៤ យ៉ាងដើម្បីគាំទ្រដល់មិត្តភក្តិជាសមាជិកក្នុងគ្រួសារដែលមិនទាន់ជាសមាជិករបស់សាសនាចក្រ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
ជំនួយ ជីវិត
របៀប ៤ យ៉ាងដើម្បី គាំទ្រដល់មិត្តភក្តិ ជាសមាជិកក្នុងគ្រួសារដែលមិនទាន់ជាសមាជិករបស់សាសនាចក្រ
អ្នកអាចជួយ មនុស្សគ្រប់គ្នា ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់នៅឯព្រះវិហារបាន មិនថាពួកគេមានកាលៈទេសៈបែបណានោះទេ ។
ក្រុមគ្រួសារកើតឡើងគ្រប់ទម្រង់ ។ មនុស្សដែលអ្នកឃើញនៅឯព្រះវិហារ ឧទាហរណ៍ អាចមានសមាជិកគ្រួសារដែលមិនមែនជាសមាជិកនៃសាសនាចក្រ ឬជាអ្នកដែលបានជ្រើសរើសចាកចេញពីសាសនាចក្រ ។ បើគ្មានជំនួយពីគ្រួសារទេ វាអាចពិបាកសម្រាប់មនុស្សចូលរួមក្នុងព្រះវិហារ ឬទទួលអារម្មណ៍ថាពួកគេមានចំណែកនៅទីនោះ ។
នោះហើយគឺជាពេលដែលអ្នកត្រូវចូលជួយ !
អ្នកអាចដើរតួជាពរជ័យយ៉ាងសំខាន់ចំពោះក្រុមគ្រួសារដែលមានគ្រប់ទម្រង់ទាំងអស់ នៅក្នុងកាលៈទេសៈគ្រប់ប្រភេទទាំងអស់ ។ ទាំងនេះ គឺជារបៀបពីរបីយ៉ាងដែលអ្នកអាចជួយបាន ៖
អធិស្ឋានទូលសូមនូវរបៀបដើម្បីជួយ
អធិស្ឋានដើម្បីដឹងរបៀបដែលអ្នកអាចជួយទាំងអ្នកដែលពុំបានមកព្រះវិហារ និងទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ ។ សូមត្រៀមខ្លួនដើម្បីធ្វើតាមចម្លើយដែលអ្នកទទួលបាន ។
រៀនស្គាល់គ្រួសារនោះ
បើអាចធ្វើទៅបាន សូមព្យាយាមស្គាល់គ្រួសាររបស់មិត្តភក្តិអ្នកទាំងមូល ។ ការណ៍នេះនឹងជួយអ្នកដឹងពី ការគាំទ្រដែលមិត្តភក្តិរបស់អ្នកមាននៅឯផ្ទះអ្វីខ្លះ និងអ្វីដែលធ្វើឲ្យការចូលរួមនៅឯព្រះវិហារមានផលពិបាកចំពោះពួកគេ ។ នៅពេលអ្នកចាប់ផ្តើមស្គាល់គ្រួសារនេះកាន់តែច្បាស់ នោះអ្នកអាចទទួលបានការបំផុសគំនិតដើម្បីជួយតាមរបៀបជាក់លាក់ដែលត្រូវការ ។
សូមប្រាកដថារស់នៅតាមដំណឹងល្អយ៉ាងខ្ជាប់ខ្ជួន
មនុស្សជាច្រើនចាប់ផ្តើមចាប់អារម្មណ៍លើសាសនាចក្រ នៅពេលពួកគេមើលឃើញសមាជិកទាំងឡាយរស់នៅតាមអ្វីដែលពួកគេជឿ ។ អ្នកនឹងមិនដឹងឡើយថាតើមាននរណាខ្លះកំពុងមើលមកយើងនោះ ។ អ្នកអាចសម្រេចបានភាពសាមញ្ញៗជាច្រើន ដោយការរស់នៅតាមដំណឹងល្អ ។ ការធ្វើដូច្នោះនឹងផ្តល់ពរដល់ជីវិតរបស់អ្នក ហើយអាចជួយនាំមកនូវពន្លឺនៃដំណឹងល្អទៅដល់អស់អ្នកទាំងឡាយដែលនៅជិតៗអ្នកផងដែរ ។
គ្រាន់តែមានចិត្តល្អ
សូមកុំមើលស្រាលពីរបៀបដែលទង្វើដ៏សប្បុរសសាមញ្ញៗអាចធ្វើឲ្យមានភាពខុសប្លែកបាន ។ ឧទាហរណ៍ ៖
បើអ្នកឃើញនរណាម្នាក់អង្គុយតែម្នាក់ឯងនៅឯព្រះវិហារ សូមអង្គុយនៅក្បែរពួកគេ ឬហៅពួកគេអង្គុយជិតគ្រួសាររបស់អ្នក ។
បើពួកគេមិនអាចទៅព្រះវិហារ ឬសកម្មភាពផ្សេងៗទៀតដោយខ្លួនពួកគេទេ សូមស្ម័គ្រចិត្តទៅយកពួកគេ ឬអញ្ជើញពួកគេឲ្យទៅជាមួយគ្រួសាររបស់អ្នក ។
វាក៏សំខាន់ដែរដើម្បីបញ្ចូលមិត្តភក្តិរបស់អ្នកនៅក្នុងសកម្មភាពទាំងឡាយ ។ ការអញ្ជើញឲ្យចូលរួមសកម្មភាពក្នុងវួដ ឬក្នុងគ្រួសារអាចហាក់បីដូចជាតូចតាច ប៉ុន្តែវាអាចជួយមិត្តភក្តិរបស់អ្នកជ្រើសរើសបន្តនៅជិតនឹងព្រះអង្គសង្រ្គោះ និងសាសនាចក្ររបស់ទ្រង់បាន បើពួកគេមានអារម្មណ៍ថាពួកគេទទួលបានការរាប់អាន ។