ឆ្នាំ​២០២៣
កុំ​បែក​ខ្ចាត់ខ្ចាយ—ប្រមូលផ្តុំ​វិញ
ខែ កក្កដា ឆ្នាំ ២០២៣


« កុំ​បែក​ខ្ចាត់ខ្ចាយ—ប្រមូលផ្តុំ​វិញ » ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កិច្ចការ ១០

កុំ​បែក​ខ្ចាត់ខ្ចាយ—ប្រមូលផ្តុំ​វិញ

ព្រះ​មិន​បង្ហាញ​ការពេញ​ព្រះទ័យ​លើ​អ្នកណា​ជាង​អ្នកណា​ឡើយ ហើយ​យើង​ក៏​មិន​គួរ​ធ្វើ​បែប​នោះ​ដែរ ។

មនុស្ស​ចម្រុះគ្នា

រូបភាព​រចនា​ដោយ ត្រាវីស៍ ខនស្ទែនទីន

ពីរបី​សប្តាហ៍​បន្ទាប់ពី​ខ្ញុំ​បាន​មកដល់​ប្រទេស​អាឡឺម៉ង់​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា អ្នក​បង្ហាត់​បង្រៀន​របស់​ខ្ញុំ និង​ខ្ញុំ​បាន​គោះ​ទ្វារ​របស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​យើង​បង្រៀន​គាត់ ។

ក្នុងអំឡុង​មេរៀន​ដំបូង​របស់​យើង យើង​បាន​អញ្ជើញ​គាត់​ឲ្យ​អាន​ខគម្ពីរ​មួយ​ឲ្យ​ឮៗ ។ គាត់​បាន​អាន​ពាក្យ​ទាក់ៗ​ទាំង​លំបាក​ដោយ​ប្រើ​វ៉ែនតា​ដែល​មាន​កម្រាស​ក្រាស ។ ហើយ​ចម្លើយ​របស់​គាត់​ចំពោះ​សំណួរ​របស់​យើង​គឺ​ខ្លី ។ យើង​មិន​ប្រាកដ​ថា​គាត់​យល់​បាន​កម្រិត​ប៉ុណ្នា​នោះ​ទេ ។

យើង​បាន​សុំ​គាត់​ឲ្យ​អាន​បទគម្ពីរ​ខ្លះៗ​នៅក្នុង​ព្រះគម្ពីរ​មរមន មុន​ពេល​ពួកយើង​ជួប​គ្នា​លើក​ក្រោយ ។ ពេល​យើង​មក​ម្ដងទៀត គាត់​បាន​អាន​បទគម្ពីរ​ទាំងនោះ​ហើយ ប៉ុន្តែ​ហាក់ដូច​ជា​មិន​បាន​យល់​ពី​អត្ថន័យ​របស់​វា​ទេ ។ យើង​ឆ្ងល់​ថា​តើ​គាត់​អាច​នឹង​មាន​ឧបគ្គស​ខ្លះៗ​ទៅនឹង​ការរៀនសូត្រ​ដែរ​ឬ​ទេ ។ យើង​ឆ្ងល់​ថា​តើ​យើង​គួរ​បន្ត​បង្រៀន​គាត់​ទៀត​ឬ​អត់ ។ ប៉ុន្តែ​យើង​នៅ​បន្ត​ទៅទៀត ។

នៅពេល​ទៅ​ជួប​លើក​ក្រោយ យើង​ភ្ញាក់ផ្អើល​ពេល​គាត់​និយាយ​ថា​គាត់​ចង់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ បន្ទាប់មក ពេល​យើង​បន្ត​បង្រៀន​គាត់ យើង​បាន​សង្កេតឃើញ​ថា ការអាន​របស់​គាត់​តាមពិតទៅ​បាន​ប្រសើរឡើង​ជាង​មុន​ច្រើន ។ ចម្លើយ​របស់​លោកយាយ​ចំពោះ​សំណួរ​របស់​យើង​នៅតែ​ខ្លី ប៉ុន្តែ​ហាក់​ដូចជា​ប្រសើរជាង​មុន និង​ប្រាកដ​ជាងមុន ។

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ផ្ទេរ​ទៅ​ទីក្រុង​ផ្សេង ប៉ុន្តែ​ក្រោយ​មកទៀត អ្នកបង្ហាត់​បង្រៀន​ខ្ញុំ​បាន​សរសេរ​មក​ខ្ញុំ​ដើម្បី​ប្រាប់​ថា ស្ត្រី​ចំណាស់​រូប​នេះ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​រួចហើយ ហើយ​បាន​ទទួល​ការគាំទ្រ​ពី​សមាជិក​ក្នុង​សាខា ។ ប្រសិនបើ​អ្នក​សួរ​យើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ថាតើ​អ្នក​ណា​ក្នុង​ចំណោម​អ្នក​ដែល​យើង​បង្រៀន​ទាំងអស់ ដែល​អាច​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ នោះ​យើង​មិនគិត​ថា ស្រ្តី​រូបនេះ​នឹង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នោះទេ ។

ដូច្នេះហើយ យើង​បាន​រៀន​មេរៀន​ចាស់​មួយ—ជា​មេរៀន​ដូចគ្នា​ដែល​សាវក​ពេត្រុស​បាន​រៀន​ពី​យូរ​មក​ហើយ​ថា យើង​ម្នាក់ៗ​ត្រូវ​បន្ត​រៀន ៖ « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( កិច្ចការ ១០:៣៤ ) ។

ការផ្លាស់ប្តូរ​ដ៏​ធំ

ពេត្រុស​បាន​ដឹកនាំ​សាសនាចក្រ​នៅ​ពេល​ដ៏​សំខាន់​បំផុត ។ ព្រះ​អង្គសង្រ្គោះ​បាន​ប្រាប់​ដល់​ពួកសាវក​របស់​ទ្រង់​ថា « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ » ( ម៉ាកុស ១៦:១៥ ) ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពួកគេ​បាន​ផ្សព្វផ្សាយ និង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​តែ​ក្នុង​ចំណោម​ពួកយូដា​ប៉ុណ្ណោះ ។

បន្ទាប់មក មាន​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង ។ មេទ័ព​រ៉ូម​ម្នាក់​ឈ្មោះ​ថា កូនេលាស—ជា​សាសន៍​ដទៃ មិនមែន​ជា​សាសន៍​យូដា​ទេ ជា​ទាហាន​ម្នាក់​ដែល​ពាក់​ឯកសណ្ឋាន​ដូចគ្នា​ទៅនឹង​អ្នក​ដែល​បាន​ឆ្កាង​ព្រះយេស៊ូវ​គ្រីស្ទ—បាន​ឃើញ​ទេវតា​មួយ​អង្គ​ក្នុង​និមិត្ត ។ ទេវតា​ប្រាប់​កូនេលាស​ឲ្យ​ចាត់​បុរស​ម្នាក់​ឈ្មោះ​ពេត្រុស​មក​បង្រៀន​លោក ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក ពេត្រុស​បាន​និមិត្ត​ឃើញ​អាហារ​ដែល​ត្រូវបាន​ហាមប្រាម​នៅ​ក្រោម​ច្បាប់​របស់​សាសន៍​យូដា ប៉ុន្តែ​គេប្រាប់​លោក​ឲ្យ​បរិភោគ​វា ពីព្រោះ​ព្រះ​បាន​ធ្វើ​ឲ្យ​បាន​ជ្រះស្អាត។ បន្ទាប់ពី​ពេត្រុស​បាន​ឃើញ​ការនិមិត្ត​នេះ​ភ្លាម អ្នក​បម្រើ​របស់​កូនេលាស​បាន​មក​ដល់ ហើយ​អញ្ជើញ​គាត់​ឲ្យ​មក​ជា​មួយ​ពួកគេ ។ ព្រះវិញ្ញាណ​បាន​ប្រាប់​ពេត្រុស​ឲ្យ​ទៅ ។

បន្ទាប់ពី​បាន​ជួប​កូនេលាស ហើយ​ឃើញ​ថា​គាត់​ជា​មនុស្ស​ល្អ​និង​ស្មោះត្រង់​ប៉ុណ្ណា នោះ​ពេត្រុស​បានដឹង​ពី​អត្ថន័យ​នៃ​ការនិមិត្ត​របស់​លោក ។ ដំណឹងល្អ​ត្រូវ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​ដូច​លោក​កូនេលាស​ដែរ ។ នោះ​ជា​ពេល​ដែល​ពេត្រុស​បាន​និយាយ​ថា « ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ » ( កិច្ចការ ១០:៣៤–៣៥ ) ។ ពេត្រុស​បាន​បង្រៀន​កូនេលាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​អញ្ជើញ​គាត់ និង​គ្រួសារ​របស់​គាត់​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ( សូមមើល កិច្ចការ ១០ ) ។

ការនាំយក​ដំណឹងល្អ​ទៅកាន់​សាសន៍​ដទៃ​បាន​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​សាសនាចក្រ​សម័យ​ដើម ។ មនុស្ស​មួយ​ចំនួន​មាន​ការលំបាក​ក្នុង​ការទទួល​យក​ការផ្លាស់ប្តូរ​នេះ ។ ប៉ុន្តែ​វា​ជា​រឿង​ត្រឹមត្រូវ ហើយ​វា​បាន​បង្រៀន​សេចក្ដីពិត​ជា​មូលដ្ឋាន​អំពី​ព្រះ និង​មនុស្ស​ទាំងអស់ ។

គ្មាន​ការពេញចិត្ត​និយម

នៅពេល​ទ្រង់​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់ទ្រង់ ព្រះ​មិន​បង្ហាញ​ការពេញចិត្ត​លើ​ជាតិសាសន៍ ពូជសាសន៍ ភេទ ទ្រព្យសម្បត្តិ ការអប់រំ សមត្ថភាព រូបរាង ឬ​ភាពខុសគ្នា​ណាមួយ​ដែល​បែងចែក​មនុស្ស​នោះ​ទេ ។ ទ្រង់ « យោគ​យល់​ថា​សាច់​ទាំង​អស់​ដូច​គ្នា អ្នក​ណា​ដែល​សុចរិត នោះ​ត្រូវ​បាន​ប្រោសប្រណី​ពី​ព្រះ » ( នីហ្វៃទី១ ១៧:៣៥ ) ។ មនុស្ស​ទាំងអស់​អាច​មករក​ទ្រង់​បាន​ដើម្បី « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( នីហ្វៃទី២ ២៦:៣៣ ) ។ ទ្រង់ « ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ( សាំយូអែល ទី១ ១៦:៧ ) ។ ទ្រង់​ទទួល​យក​អស់អ្នក​ដែល « ប្រព្រឹត្ត​ដោយ​សុចរិត … ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ … ដោយ​សុភាព​រាប‌ទាប » ( មីកា ៦:៨ ) ។

មនុស្ស​គ្រប់គ្នា អាច​ជ្រើសរើស​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ចុះ​សេចក្តី​សញ្ញា​ជាមួយនឹង​ព្រះវរបិតាសួគ៌ ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ។ ហើយ​សេចក្តីពិត​នេះ​គួរតែ​ណែនាំ​ពី​របៀប​ដែល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

យើង​មិន​អាច​មើល​តែ​លក្ខណៈ​ខាងក្រៅ​របស់​នរណា​ម្នាក់​បាន​ទេ ហើយ​គិត​ថា​ពួកគេ​មិន « សម » សម្រាប់​ដំណឹង​ល្អ​នោះ​ទេ ។ យើង​មិន​គ្រាន់តែ​អាច​អនុវត្ត​តាម​ស្លាក​ខាងលោកិយ​ចំពោះ​មនុស្ស ហើយ​គិត​ថា​ស្លាក​ទាំងនោះ​ដកសិទ្ធិ​ពួកគេ​ពី​ការដាក់​បញ្ចូល​ទៅក្នុង​សាសនាចក្រ​នោះ​ទេ ។ យើង​មិន​អាច​គ្រាន់តែ​សម្រេចចិត្ត​មិន​បម្រើ​នរណា​ម្នាក់​ដោយ​សារតែ​ពួកគេ​មាន​គំនិត​នយោបាយ ចំណូលចិត្ត ឬ​រសជាតិ​ខុសពី​យើង​នោះ​ទេ ។

ព្រះ​មិន​មើល​ឃើញ​បុគ្គល​ណាម្នាក់​ជា​បណ្តុំ​នៃ​ស្លាក​តំណាង​ឲ្យ​ក្រុម ឬ​លក្ខណៈ​ផ្សេងៗ​នោះ​ទេ ។ ទ្រង់​ទត​ឃើញ​បុគ្គល​ម្នាក់—ជា​បុត្រាបុត្រី​របស់​ទ្រង់ ។ ហើយ​នោះ​ជា​របៀប​ដែល​យើង​គួរ​មើល​ឃើញ​មនុស្ស​ម្នាក់ៗ—ជា​បុគ្គល​ពិសេស​ម្នាក់​ដែល​មាន​ឱកាស និង​សមត្ថភាព​ស្មើគ្នា​ក្នុងការ​មករក​ព្រះ ។

ចូរ​ប្រមូលផ្តុំ​គ្នា​វិញ

ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ចូលរួម​ក្នុងការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ប៉ុន្តែ​ប្រសិនបើ​យើង មិន​ដូច​ព្រះ​ទេ យើង​ជ្រើសរើស​ធ្វើជា « អ្នក​រើសអើង​មុខ​អ្នក​ណា » នៅពេល​និយាយ​ដល់​ការចែកចាយ​ដំណឹងល្អ និង​រួមទាំង​អ្នក​ដែល​នៅ​ព្រះវិហារ នោះ​យើង​អាច​នឹង​កំពុង​បែក​ខ្ចាត់ខ្ចាយ ឬ​បែងចែក ជាជាង​យើង​កំពុង​ប្រមូលផ្តុំ និង​រួបរួម​ហើយ ។

សូម​ឲ្យ​យើង​ម្នាក់ៗ​ធ្វើការ​ប្ដេជ្ញាចិត្ត​ថា ៖ កុំ​បែក​ខ្ចាត់ខ្ចាយ​ទៀត​ឡើយ ។ ចូរ​ប្រមូលផ្តុំ​គ្នា​វិញ ។ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។

ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​មិន​ប្រាកដ​ថា តើ​ស្ត្រី​ចំណាស់​ដែល​យើង​បង្រៀន​នៅ​ប្រទេស​អាល្លឺម៉ង់ នឹង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដែរ​ឬ​អត់​ទេ ។ យើង​មិន​យល់ចិត្ត​របស់​គាត់ ប៉ុន្តែ​ព្រះ​យល់​ចិត្ត​គាត់ ។ ខ្ញុំ​រីករាយ​ដែល​យើង​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​បន្ត​បង្រៀន​គាត់ ។

នៅ​ពេល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​ព្យាយាម​មិន​រើសអើង​មុខ នោះ​យើង​នឹង​ទទួល​បាន​ការដឹកនាំ​ដើម្បី​ជួយ​អ្នក​ដែល​នៅ​ជុំវិញ​យើង​ឲ្យ​មករក​ព្រះគ្រីស្ទ ទោះជា​ពួកគេ​មាន​ភាពខុសគ្នា​យ៉ាង​ណា​ក៏ដោយ ។

កំណត់​ចំណាំ

  1. សូមមើល ឌៀថើរ អេហ្វ អុជដុហ្វ « សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ១០៥ ) ។

  2. សូមមើល​ជា​ឧទាហរណ៍​ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។