ឆ្នាំ​២០២៣
ប្រាំពីរ​ថ្ងៃសម្រាប់​ធ្វើ​ការចែកចាយ
ខែ កក្កដា ឆ្នាំ ២០២៣


« ប្រាំពីរ​ថ្ងៃ​សម្រាប់ធ្វើ​ការចែកចាយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។

ប្រាំពីរ ថ្ងៃសម្រាប់​ធ្វើ​ការចែកចាយ

អ្នក​អាច​ចែកចាយ​ដំណឹងល្អ​តាម​ទម្រង់​ធម្មតា និង​សាមញ្ញ​ជាច្រើន ។ តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​ការល្បងសមត្ថភាព​ហើយ​ឬ​នៅ ?

នៅពេល​យើង​និយាយ​អំពី​ការចែកចាយ​ទីបន្ទាល់​របស់​យើង យើង​តែងតែ​គិត​អំពី​ការថ្លែង​ទីបន្ទាល់​របស់​យើង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ឬ​ការថ្លែង​ទីបន្ទាល់​ដែល​រៀបចំ​ផ្លូវការ​មួយ​ចំនួន​ផ្សេងទៀត ។ ប៉ុន្តែ​យើង​បាន​ទទួល​ការលើក​ទឹកចិត្ត​ឲ្យ « ស្វែងរក​ឱកាស​ដើម្បី​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​បងប្អូន​តាម​វិធី​ធម្មតា និងវិធី​សាមញ្ញ​ជាច្រើន » ។

នៅក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​នៃ​ការល្បងសម្ថភាព​ខាងក្រោម អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​តាមរបៀប​ខុសគ្នា​ជា​រៀងរាល់​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។ អ្នក​អាច​ធ្វើ​រឿង​ទាំងនេះ​តាមលំដាប់​លំដោយ ឬ​អ្នក​អាច​បង្កើតគំនិត​ផ្ទាល់ខ្លួន​របស់​អ្នក​ក៏បាន ! តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​ការល្បងសមត្ថភាព​ហើយ​ឬ​នៅ ?

សាលាប្រជុំ

រចនា​រូបភាព​ដោយ អិមមីលី ដេវីស

ថ្ងៃទី ១ ៖ សាសនាចក្រ

សូម​ពិចារណា​ពី​ការថ្លែង​ទីបន្ទាល់​របស់​អ្នក​ក្នុង​ការប្រជុំ​តមអាហារ និង​ទីបន្ទាល់​ក្នុង​ព្រះវិហារ ប្រសិនបើ​នោះ​ជា​អ្វី​ដែល​អ្នក​មាន​ទំនុកចិត្ត​ធ្វើ ។ បើមិន​ដូច្នោះ​ទេ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​នៅក្នុង​ព្រះវិហារ​ដោយ​ការចូលរួម​ក្នុង​ថ្នាក់​របស់​អ្នក​នៅ​ថ្ងៃអាទិត្យ និង​ក្នុង​ថ្នាក់សិក្ខាសាលា​បាន​ផងដែរ ។ មតិយោបល់​ដែល​អ្នក​ចែកចាយ​នៅទីនោះ​អាច​លើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ និង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ក៏ដូចជា​របស់អ្នក​ផងដែរ ។

មិត្តភក្ដិ

ថ្ងៃទី ២ ៖ មិត្តភក្តិ

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅក្នុង​ព្រះវិហារ​កាល​ពី​ថ្ងៃអាទិត្យ ? តើ​អ្នក​ចូលចិត្ត​អ្វី​ដែល​នរណា​ម្នាក់​បាន​ចែកចាយ​នៅ​ក្នុង​សុន្ទរកថា​ប្រជុំ​សាក្រាម៉ង់ ឬ​នៅ​ក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​អ្នក​ដែរឬទេ ? ប្រហែលជា​បទចម្រៀង​បើក​កម្មវិធី​គឺជា​ទំនុកតម្កើង​មួយ​ដែល​អ្នក​ចូលចិត្ត ។ សូម​ប្រាប់​មិត្តភក្តិ​អំពី​រឿង​នេះ ! បន្ទាប់មក​សូម​សួរ​អំពី​សុខទុក្ខ​របស់​ពួកគេ​នៅ​ចុងសប្តាហ៍​ផងដែរ ។

ទូរសព្ទ​ហៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ថ្ងៃទី ៣ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​កន្លែង​ដ៏ល្អ​មួយ​ដើម្បី​ចែកចាយ​កិច្ចការ​ខាងវិញ្ញាណ​បាន​យ៉ាង​ធម្មតា និង​សាមញ្ញ ។ សម្រាប់​ការល្បងសមត្ថភាព​នៅ​ថ្ងៃ​នេះ សូម​ពិចារណា​ចែកចាយ​ការចុះផ្សាយ​អំពី ៖

  • ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត ។

  • សម្រង់សម្តី​លើកស្ទួយ​មកពី​សន្និសីទ​ទូទៅ ។

  • គំនិត ឬ​បទពិសោធន៍​ខាងវិញ្ញាណ ។

  • អ្វីមួយ​ដែល​អ្នក​ស្រឡាញ់ ឬ​អរគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

  • ររបៀប​ដែល​ទ្រង់​បាន​ជួយ​អ្នក​នា​ពេលថ្មីៗ​នេះ ឬ​គុណសម្បត្តិ​ដែល​អ្នក​កោតសរសើរ​ដែល​ទ្រង់​មាន ហើយ​ហេតុអ្វី ។

ទូរសព្ទហៅ​តាម​វីដេអូ និង​សារជា​អក្សរ

ថ្ងៃទី ៤ ៖ ផ្ញើសារ ឬ​វីដេអូ

ផ្ញើសារ​លើកទឹកចិត្ត​ទៅកាន់​មិត្តភក្តិ​ម្នាក់​តាមរយៈ​សារ​ជា​អក្សរ ឬ​វីដេអូ ។ អ្នក​អាច​ចែកចាយ​ការពិភាក្សា​មកពី​សន្និសីទ​មួយ​ដែល​អ្នក​គិត​ថា ពួកគេ​ប្រហែល​ជា​ចូលចិត្ត ប្រាប់​ពួកគេ​នូវ​អ្វី​មួយ​ដែល​អ្នក​អរគុណ​ដល់​ពួកគេ ឬ​ចែកចាយ​អំពី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ ៖ ពួកគេ​ប្រហែលជា​ត្រូវការ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​ចំពោះ​ពួកគេ ។ អ្នក​អាច​ប្រាប់​ពួកគេ​ដោយ​ផ្ទាល់​បាន​ជានិច្ច !

យុវនារី​ដែល​មាន​ប៉េងប៉ោង​រាង​បេះដូង

ថ្ងៃទី ៥ ៖ ការបម្រើ

អ្នក​អាច​នឹង​ឆ្ងល់​ថា​តើ​ការបម្រើ​អ្នក​ដទៃ​អាច​ជា​របៀប​មួយ​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​បាន​ដោយ​របៀប​ណា ។ សាវក ប៉ុល បានប​ង្រៀន ធីម៉ូថេ​ថា « ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ »​( ធីម៉ូថេទី ១ ៤:១២ ) ។ ដូច្នេះ អ្នក​អាច​បង្ហាញ​ជំនឿ​របស់​អ្នក​តាមរយៈ​គំរូ​របស់​អ្នក​បាន ដោយ​បម្រើ​អ្នកដទៃ​ដូចជា​ព្រះអង្គសង្គ្រោះ​នឹង​បម្រើ​ពួកគេ​ដូច្នោះដែរ ។

ឧបករណ៍​សិល្បៈ

ថ្ងៃទី ៦ ៖ សិល្បៈ

ពេលខ្លះ​មនុស្ស​ប្រើ​សិល្បៈ​ជា​មធ្យោបាយ​ដើម្បី​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។ អ្នក​អាច​ប្រើ​គំនូរ រូបចម្លាក់ កំណាព្យ តន្ត្រី ឬ​សិល្បៈ​ប្រភេទ​ផ្សេងៗទៀត​ដើម្បី​ចែកចាយ​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​បាន ។

យុវវ័យ​កំពុង​និយាយ​គ្នា

ថ្ងៃទី ៧ ៖ ការសន្ទនា​ធម្មតាៗ

សូម​កុំ​ខ្លាច​ក្នុងការ​លើកឡើង​ពី​ជំនឿ​របស់​អ្នក​នៅ​ឱកាស​សាមញ្ញៗ ដូចជា​អ្នក​នឹង​ចែកចាយ​គំនិត​ផ្សេងទៀត​ដែល​អ្នក​មាន​អំពី​ប្រធានបទ​ដែល​បាន​ផ្តល់​ឲ្យ ។

ជា​ការពិត​ណាស់ អ្នក​អាច​និយាយ​អំពី​សកម្មភាព​សាសនាចក្រ ឬ​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​អាន​ថ្មីៗ​នេះ ប៉ុន្តែ​វា​ក៏​អាច​ជា​រឿង​ធម្មតា​ជាង​នេះ​ទៅ​ទៀត​ក៏បានដែរ ។ ឧទាហរណ៍ ៖

  • ប្រសិនបើ​អ្នក​ទទួល​ការបំផុសគំនិត​ពី​ធម្មជាតិ សូម​បង្ហាញ​ការដឹងគុណ​របស់​អ្នក​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ​ចំពោះ​នរណា​ម្នាក់​ផ្សេងទៀត ។

  • ប្រហែលជា​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាលពី​ពេល​ថ្មីៗ នេះ ។ សូម​ប្រាប់​មិត្តភក្តិ​អំពី​វា ប្រសិនបើ​វា​មិន​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក​ទេ ។

  • សូម​ស្វែងរក​ភាពស្រដៀង​គ្នា​នៃ​ដំណឹងល្អ​នៅក្នុង​សៀវភៅ ឬ​ភាពយន្ត​ដែល​អ្នក​ចូលចិត្ត ហើយ​ចែកចាយ​ការយល់ដឹង​របស់​អ្នក ។

ធម្មតា និង​សាមញ្ញ

នៅពេល​អ្នក​ស្វែងរក​វិធី​ផ្សេងៗ​ដើម្បី​ចែកចាយ​ជំនឿ​របស់​អ្នក វា​នឹង​កាន់តែ​មាន​លក្ខណៈ​សាមញ្ញ​សម្រាប់​អ្នក​ដើម្បី​ធ្វើ​ដូច្នេះ ។ ដំបូង​វា​អាច​នឹង​មាន​អារម្មណ៍​ថា​ឆ្គង ប៉ុន្តែ​មិន​ថ្វី​ទេ ! សូម​ចាំ​ថា ទីបន្ទាល់​របស់​អ្នក​ផ្ទាល់ គឺជា​ការសាមញ្ញ​សម្រាប់​អ្នក​ទៅ​ហើយ—វា​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ថា​អ្នក​ជា​នរណា ។ ការចែកចាយ​ទីបន្ទាល់​ក៏​អាច​ក្លាយ​ជា​ការសាមញ្ញ​ផងដែរ ។ អ្វី​ដែល​វា​ត្រូវការ​នោះ​គឺ​ការបង្ហាញ​វា​ឲ្យ​កាន់តែ​ច្រើន​បន្តិច​ជា​រៀងរាល់​ថ្ងៃ ។

តើ​អ្នក​នឹង​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ដោយ​របៀបណា ?

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដុហ្វ « Apr. 2019 general conference » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ ) ។