« ប្រកាន់ជាប់ទៅនឹងសេចក្ដីពិត » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ប្រកាន់ជាប់ ទៅនឹង សេចក្តីពិត
ជាលើកទីមួយដែលខ្ញុំបានឃើញអគារសាសនាចក្រ ខ្ញុំបានគិតថាវាជាមន្ទីរពេទ្យ ។ អគារនោះគឺស្អាត និងស្ងប់ស្ងាត់មែនទែន ។ ខ្ញុំស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅគ្រាដែលខ្ញុំបានចូលរួមកម្មវិធីនានានៅក្នុងសាសនាចក្រ ។
អ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរចាប់ផ្តើមបង្រៀនខ្ញុំ ហើយខ្ញុំបានសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹក ។ នោះគឺជាថ្ងៃដ៏ល្អបំផុត !
អ្នកជិតខាងខ្ញុំបានណែនាំដំណឹងល្អឲ្យខ្ញុំស្គាល់ ដែលគាត់គឺជាអ្នកត្រឡប់ពីបេសកកម្មវិញ ។ គាត់បានទូរសព្ទមកខ្ញុំនៅព្រឹកថ្ងៃអាទិត្យ ហើយបានសុំឲ្យខ្ញុំទៅ ព្រះវិហារជាមួយគាត់ និងគ្រួសារគាត់ ។ ដំបូងម្តាយខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមិនអាចទៅបានទេ ពីព្រោះយើងគ្មានលុយបង់ថ្លៃឡានទេ ។ នៅពេលខ្ញុំប្រាប់អ្នកជិតខាងខ្ញុំអំពីបញ្ហានេះ គាត់បានប្រាប់ខ្ញុំថា គាត់នឹងមកយកខ្ញុំ ហើយម្តាយខ្ញុំបានអនុញ្ញាតឲ្យខ្ញុំទៅ ។
ទោះបីជាយើងដើរតែឯកឯងក៏ដោយ
បន្ទាប់ពីខ្ញុំបានទទួលពិធីបុណ្យជ្រមុជទឹក ខ្ញុំជួបការលំបាកច្រើនជាមួយគ្រួសាររបស់ខ្ញុំ ។ ពេលខ្លះពួកគេបានចង់ឲ្យខ្ញុំនៅផ្ទះនៅថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំបានជ្រើសរើសទៅព្រះវិហារវិញ ។ ភាគច្រើន វាលំបាកក្នុងការបន្តដើរនៅលើផ្លូវនៃសេចក្តីសញ្ញា ។
សមាជិកគ្រួសាររបស់ខ្ញុំមួយចំនួនបានប្រឆាំងនឹងសាសនាចក្រ ហើយបានប្រាប់ខ្ញុំថា ខ្ញុំជ្រើសរើសខុសហើយដែលចូលរួមនោះ ។ នៅពេលពួកគេប្រាប់ខ្ញុំបែបនេះ ពាក្យទាំងនេះបានផុសក្នុងគំនិតខ្ញុំថា ៖ « ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ខ្ញុំដឹងថាសាសនាចក្រគឺពិត » ។ គំនិតទាំងនេះបានជួយខ្ញុំប្រកាន់ជាប់ទៅនឹងសេចក្តីពិត ។
ទង្វើរបស់យើងអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកដទៃ
នៅពេលខ្ញុំពុះពារដើម្បីដឹងពីរបៀបដើម្បីបង់ដង្វាយមួយភាគក្នុងដប់ អ្នកជិតខាងរបស់ខ្ញុំបានបង្ហាញខ្ញុំពីរបៀបបង់ដង្វាយមួយភាគក្នុងដប់ ។ ឥឡូវនេះ នៅពេលម្តាយខ្ញុំឲ្យលុយចាយ ខ្ញុំតែងតែបង់ដង្វាយមួយភាគក្នុងដប់ជានិច្ច ។ គ្រួសាររបស់ខ្ញុំ និងខ្ញុំបានឃើញពីពរជ័យនេះមកពីការបង់ដង្វាយមួយភាគក្នុងដប់ ។ គ្រួសាររបស់ខ្ញុំថែមទាំងបានចាប់ផ្តើមឲ្យលុយរបស់ពួកគាត់មកខ្ញុំដើម្បីបង់ជាដង្វាយមួយភាគក្នុងដប់ផងដែរ ! នោះគឺជាការភ្ញាក់ផ្អើលណាស់ ។
ភាគច្រើនខ្ញុំទៅព្រះវិហារតែម្នាក់ឯង ប៉ុន្តែពេលខ្លះម្តាយខ្ញុំបានទៅជាមួយខ្ញុំដែរ ។ ម្តាយខ្ញុំបានសម្រេចចិត្តដើម្បី រៀនអំពីដំណឹងល្អបន្ថែមទៀត ហើយឃើញថាដំណឹងល្អគឺជាទីរីករាយជាខ្លាំង ទោះជាគាត់ពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយក្តី ។
ការអធិស្ឋាន និងសេចក្តី ជំនឿផ្លាស់ប្តូរដួងចិត្ត
ខ្ញុំបានឃើញព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតគ្រួសាររបស់ខ្ញុំ កាលដែលខ្ញុំបាន អធិស្ឋានឲ្យពួកគាត់ ហើយបានសូមឲ្យអ្នកដទៃអធិស្ឋានឲ្យពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកគ្រួសាររបស់ខ្ញុំកាន់តែផ្តល់ការគាំទ្រ ហើយពួកគាត់ឥឡូវនេះលើកទឹកចិត្តខ្ញុំឲ្យទៅព្រះវិហារ ហើយស្មោះត្រង់ចំពោះខ្លួនឯង ។
ថ្មីៗ នេះជីតារបស់ខ្ញុំបានទទួលមរណភាព ហើយខ្ញុំបានរកឃើញឈ្មោះរបស់គាត់ខណៈពេលដែលកំពុងធ្វើកិច្ចការពង្សប្រវត្តិ ។ ខ្ញុំបានសួរប៉ារបស់ខ្ញុំ បើខ្ញុំអាចធ្វើពិធីបរិសុទ្ធឲ្យលោកតានៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានឆ្លើយថា « ធ្វើវាចុះ បើវាជារឿងត្រឹមត្រូវ » ។
អំណរ និងសុភមង្គលពិតប្រាកដ
ការអានព្រះគម្ពីរ និងការដឹងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបាននាំមកឲ្យខ្ញុំនូវអំណរ សុភមង្គល សេចក្តីសុខសាន្ត និងការលួងលោម ។
ខ្ញុំដឹងថា តាមរយៈការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចនៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ហើយថា គ្រួសាររបស់ខ្ញុំអាចនៅជាមួយខ្ញុំជារៀងរហូត ប្រសិនបើយើងបានផ្សារភ្ជាប់ជាមួយគ្នានៅក្នុងព្រះវិហារបរិសុទ្ធនៅ ថ្ងៃណាមួយ ។
អ្នកនិពន្ធគឺមកពី វ៉ានូអាទូ ហើយរស់នៅហ្វីជី ។