គូកនយើងជានិច្ច
សេចក្តីដកស្រង់
យើងត្រូវការ ហើយបងប្អូនក៏នឹងត្រូវការភាពជាគូកនជានិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ។ ឥឡូវនេះ យើងមានបំណងចង់បាន ប៉ុន្តែបើតាមបទពិសោធន៍គឺវាពុំងាយសម្រេចបាននោះទេ ។ យើងម្នាក់ៗគិត ហើយនិយាយ ហើយនិងធ្វើរឿងផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃដែលអាចប៉ះពាល់ដល់ព្រះវិញ្ញាណ ។
ពេលរឿងកើតឡើង យើងអាចមានអារម្មណ៍ថាព្រះអម្ចាស់មិនយល់ស្រប ។ ប្រហែលជាយើងត្រូវបានល្បួងឲ្យមានអារម្មណ៍ឯកោ ។…
បើបងប្អូនមានការលំបាកទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ បងប្អូនអាចសញ្ជឹងគិតថាតើមានអ្វីខ្លះដែលបងប្អូនអាចប្រែចិត្ត និងទទួលការអភ័យទោសដែរឬទេ ។ បងប្អូនអាចអធិស្ឋានដោយសេចក្ដីជំនឿដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីបានស្អាតស្អំ ហើយស័ក្តិសមចំពោះភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធនោះ ។
បើបងប្អូនចង់ទទួលបានភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ បងប្អូនត្រូវតែចង់បានដោយហេតុផលត្រឹមត្រូវ ។ គោលបំណងរបស់បងប្អូនត្រូវតែជាព្រះរាជបំណងព្រះអម្ចាស់ ។ បើបំណងបងប្អូនអាត្មានិយមពេក នោះបងប្អូននឹងពិបាកទទួលបាន និងយល់ពីការបំផុសគំនិតពីព្រះវិញ្ញាណណាស់ ។
គន្លឹះសម្រាប់ខ្ញុំ និងបងប្អូន គឺចង់បានអ្វីដែលព្រះអង្គសង្រ្កោះមានព្រះទ័យចង់បាន ។ គំនិតយើងត្រូវតែដឹកនាំដោយសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ។…
…ព្រះវិញ្ញាណបរិសុទ្ធកំពុងត្រូវបានបញ្ជូនទៅកាន់សមាជិកដែលស្មោះត្រង់នឹងសេចក្តីសញ្ញានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។… ឥឡូវនេះ បទពិសោធន៍បងប្អូននឹងមានលក្ខណៈពិសេស ហើយព្រះវិញ្ញាណនឹងដឹកនាំតាមរបៀបដែលសមស្របនឹងសេចក្តីជំនឿ និងសមត្ថភាពបងប្អូនក្នុងការទទួលវិវរណៈសម្រាប់ខ្លួន និងសម្រាប់អ្នកដែលបងប្អូនស្រឡាញ់ និងបម្រើ ។ ខ្ញុំអធិស្ឋានអស់ពីដួងចិត្តថា សូមឲ្យទំនុកចិត្តបងប្អូននឹងរីកចម្រើនឡើង ។