តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ ។
សេចក្តីដកស្រង់
ខ្ញុំមានអំណរគុណចំពោះសមាជិកសាសនាចក្ររាប់លាននាក់ ដែលសព្វថ្ងៃនេះកំពុងមករកព្រះអង្គសង្គ្រោះ ហើយឆ្ពោះទៅមុខ លើផ្លូវនៃសេចក្តីសញ្ញា ។… ជំនឿដ៏រឹងមាំរបស់បងប្អូនលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងជីវិតមិនក្លែងបន្លំ និងពិសិដ្ឋរបស់បងប្អូន បំផុសគំនិតខ្ញុំឲ្យក្លាយជាមនុស្ស និងជាសិស្សកាន់តែល្អប្រសើរឡើង ។
ខ្ញុំស្រឡាញ់បងប្អូន ។ ខ្ញុំសរសើរបងប្អូន ។ ខ្ញុំសូមអរគុណ ។ ហើយខ្ញុំសូមស្ងើចសរសើរបងប្អូន ។
សេចក្តីថ្លែងការណ៍មួយនៅក្នុងព្រះគម្ពីរមរមនដោយសាំយូអែល ជាសាសន៍លេមិន សង្ខេបបានយ៉ាងល្អបំផុតអំពីអារម្មណ៍របស់ខ្ញុំចំពោះបងប្អូន ។
« ពួកគេភាគច្រើនដើរ តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ…ហើយពួកគេខ្នះខ្នែងព្យាយាមពុំឈប់ឈរ ដើម្បីគេអាចនាំបងប្អូនរបស់គេដែលនៅសល់ទាំងប៉ុន្មានឲ្យស្គាល់សេចក្ដីពិត » [ ហេលេមិន ១៥:៥–៦ ការគូសបញ្ជាក់បន្ថែម ] ។…
បងប្អូនស្រឡាញ់ និងបម្រើ ស្តាប់ និងរៀន យកចិត្តទុកដាក់ និងលួងលោម ហើយបង្រៀន និងថ្លែងទីបន្ទាល់ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ បងប្អូនតមអាហារ ហើយអធិស្ឋានជាញឹកញាប់ មុតមាំកាន់តែខ្លាំងដោយភាពរាបសា ហើយកាន់តែរឹងប៉ឹងនៅក្នុងសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ « ឲ្យចិត្ត [ របស់បងប្អូន ] បានពោរពេញទៅដោយអំណរ និងការលួងលោមចិត្ត មែនហើយ គឺរហូតដល់ធ្វើឲ្យចិត្តគេបរិសុទ្ធ ហើយញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារ…ប្រគល់ចិត្ត [ របស់បងប្អូន ] ដល់ព្រះ » [ ហេលេមិន ៣:៣៥ ] ។
…អស់អ្នកដែលកំពុងឆ្ពោះទៅមុខតាមគន្លងនៃករណីយកិច្ចរបស់ខ្លួន គឺជាកម្លាំងនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ហើយព្រះអម្ចាស់បានសន្យាថា « គ្រប់ទាំងបល្ល័ង្ក និងអំណាចគ្រប់គ្រង ក្សត្របុរី និងអំណាចទាំងឡាយ នឹងត្រូវបានបើកសម្ដែង ហើយប្រទានមកលើអស់អ្នកណាដែលស៊ូទ្រាំដោយក្លាហាន ដើម្បីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:២៩ ] ។