ដើម្បី​កម្លាំង​នៃ​យុវជន
ឈោងទៅ​រក​កម្លាំង​របស់​ទ្រង់
ខែ មីនា ឆ្នាំ ២០២៤


« ឈោង​ទៅរក​កម្លាំង​របស់​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

អំពី​ច្បាប់​ពិសេស​នេះ

ឈោងទៅ​រក​កម្លាំង​របស់​ទ្រង់

នៅក្នុង​ដំណឹងល្អ​របស់​ម៉ាកុស យើង​បាន​អាន​អំពី​ស្ត្រី​ម្នាក់​ដែល​មានជំងឺ​អស់​រយៈពេល ១២ ឆ្នាំ ។ មាន​គេ​ប្រាប់​នាង​អំពី​ព្រះយេស៊ូវ ។ ដូច្នេះ ពេល​ដែល​ទ្រង់​យាង​កាត់​ក្រុង​របស់​នាង នោះ​នាង​ក៏​អង្គុយរង់ចាំ​នៅ​កៀនផ្លូវ ។ ពេល​ទ្រង់​យាង​កាត់​នោះ នាង​លូក​ដៃ​ទៅ​ប៉ះ​ព្រះពស្ដ​របស់​ទ្រង់​ដោយ​ស្ងាត់ៗ ។

នាង​បាន​ជា​សះស្បើយ​ភ្លាមៗ ។ ប៉ុន្តែ​មិន​មែន​មាន​តែ​នាង​ម្នាក់​នោះ​ទេ ដែល​បានឃើញ​ពី​អព្ភូតហេតុ​នោះ ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ទតឃើញ​ដែរ ។ « នោះ​ស្រាប់​តែ​ព្រះយេស៊ូវ ជ្រាប​ក្នុង​ព្រះអង្គ​ទ្រង់​ថា មាន​ព្រះចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែ​ព្រះអង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ ? » ( ម៉ាកុស ៥:៣០ ) ។ គុណធម៌ ក៏​អាច​មាន​ន័យ​ថា​កម្លាំង​ផងដែរ ។ ព្រះយេស៊ូវ​បាន​ជ្រាបដឹង​ភ្លាម​ថា​មាន​នរណា​ម្នាក់​បាន​ទទួល​កម្លាំង​ពី​ទ្រង់ ។ ប្រតិកម្ម​ភ្លាមៗ​របស់ទ្រង់​គឺ​ត្រូវ​រក​នាង ដើម្បី​និយាយ​ជាមួយ​នាង និង​រំឭក​នាង​អំពី​អំណាច​នៃ​សេចក្តី​ជំនឿ ។ ទ្រង់​បាន​ហៅ​នាង​ថា « កូនស្រី​អើយ » ។ នាង​បាន​ជាសះស្បើយ ដោយសារ​ទ្រង់ ។

ខ្ញុំ​បានរៀន​ថា ការអធិស្ឋាន​ទូលសុំ​កម្លាំង ពុំ​ដែល​មិន​ទទួល​បាន​ចម្លើយ​ឡើយ ។ ប្រសិនបើ​យើង​ឈោង​ទៅ​រក​ទ្រង់ ទ្រង់ « ឆ្លើយ​តប​កង្វល់​យើង » ( សូមមើល ទំនុកតម្កើង ៦៩ ) ។ អត្ថបទ​នីមួយៗ​នៅក្នុង​ទស្សនាវដ្តី​ប្រចាំ​ខែ​នេះ​គឺជា​ការរំឭក​នៃ​សេចក្តីពិត​នោះ ។

នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « ព្រះអង្គសង្រ្គោះ … គឺជា ‹ កម្លាំង​នៃ​យុវជន › » ( [ ឆ្នាំ ២០២២ ] ទំព័រ ២ ) ។ ប្រហែលជា​អ្នក​ឆ្ងល់​ពី​របៀប​ដើម្បី​ទទួល​បាន​កម្លាំង​នោះ ។ វា​គឺជា​ក្តីសង្ឃឹម​របស់​ខ្ញុំ ថា​អ្នក​នឹង​ទទួល​បាន​អ្វី​មួយ​នៅក្នុង​ទំព័រ​ទាំងនេះ ដែល​នឹង​ដឹកនាំ​អ្នក​ឲ្យ​ឈោង​ទៅរក​ទ្រង់ ។

សូម​ស្វែងរក​ទំព័រ​ទាំងនេះ ។ សូម​ស្វែងរក​ពាក្យ​សង្ឃឹម ស្វែងរក​បទគម្ពីរ​នៃ​កម្លាំង សរសេរ​ការបំផុសគំនិត​ដែល​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​អ្នក​ចាប់​អារម្មណ៍ ។ តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ អ្នក​ក៏​អាច​ធ្វើ​ឲ្យ​ជាសះស្បើយ​ដែរ ។

អេមីលី ប៊ែល ហ្វ្រីមែន

ដោយ​ក្តីស្រឡាញ់​ដ៏​មហិមា

អេមីលី ប៊ែល ហ្វ្រីមែន

ប្រធាន​យុវនារី​ទូទៅ