ដើម្បី​កម្លាំង​នៃ​យុវជន
អព្ភូតហេតុ​ដែល​យើង​ត្រូវការ​រាល់ថ្ងៃ
ខែ មីនា ឆ្នាំ ២០២៤


« អព្ភូតហេតុ​ដែល​យើង​ត្រូវការ​រាល់ថ្ងៃ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

កម្លាំង​ដើម្បី​យក​ឈ្នះ​អំពើ​បាប

អព្ភូតហេតុ​ដែល​យើង​ត្រូវការ​រាល់ថ្ងៃ

ប្រសិនបើ​ព្រះ​ស្រឡាញ់​យើង ហេតុអ្វី​បាន​ជា​ទ្រង់​បង្គាប់​យើង​ឲ្យ​ផ្លាស់ប្តូរ ហើយ​ប្រែចិត្ត ? នេះ​គឺជា​សេចក្ដីពិត​មួយ​ចំនួន​អំពី​អំពើបាប និង​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សម្អាត​បង្អួច

រចនា​រូបភាព​ដោយ អ័ដាម ហៅលីង

ចុះ​ប្រសិនបើ​អ្នក​អាច​ឃើញ​អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ក្នុង​កំឡុង​ពេលទ្រង់​មាន​ព្រះជន្ម​នៅលើ​ផែនដី​វិញ ? មើល​ទ្រង់​ប្រោស​អ្នក​ឈឺ និង​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ? ទោះបី​ជា​យើង​មិន​អាច​ត្រឡប់​ទៅ​ពេលវេលា​ទាំងនោះវិញ ដើម្បី​បានឃើញ​អព្ភូតហេតុ​ទាំងនោះ​ក៏​ដោយ ក៏​មាន​ភាពអស្ចារ្យ​មួយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​យើង​អាច​មើលឃើញ​ជា​រៀងរាល់​ថ្ងៃ​ដែរ ។ ហើយ​វា​ជា​រឿង​សំខាន់​បំផុត​មួយ​នៃ​ការណ៍​ទាំង​អស់ ៖ ទ្រង់​បាន​យក​ឈ្នះ​អំពើ​បាប ។

ការពិត​អំពី​អំពើ​បាប

អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​វា​សំខាន់​យ៉ាង​នេះ ។ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ទោះបីជា​យើង​ធ្វើ​ខុស​បន្តិចបន្តួច​ក៏​ដោយ ក៏​ព្រះ​នៅ​តែ​ស្រឡាញ់​យើង​មែន​ទេ ? ពិតប្រាកដ​ហើយ ទាំង​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង​យ៉ាង​ជ្រាលជ្រៅ ។ ប៉ុន្តែ​ដោយសារ​ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ទើប​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​តទៅ​ទៀត ។

នៅពេល​ទ្រង់​យាង​ទៅជួប​សាសន៍​នីហ្វៃ ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​យើង​ពី​មូលហេតុ​ការយក​ឈ្នះ​អំពើ​បាប​សំខាន់​ខ្លាំង​យ៉ាង​នេះ​ថា ៖ « គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អាច​ចូល​ទៅ​ក្នុង​នគរ​របស់ [ ព្រះ ] បាន​ឡើយ » ( នីហ្វៃទី ៣ ២៧:១៩ ) ។

ទ្រង់​ពុំ​បាន​មាន​ព្រះបន្ទូល​ថា « គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា លើកលែង​តែ​កំហុស​តិចតួច​ឡើយ » ។ ទ្រង់​បាន​បង្រៀន​ថា រាល់​អំពើ​បាប ( គឺជា​ការ​មិន​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ដោយ​ចេតនា ) រារាំង​យើង​ពី​ការរស់​នៅ​ជាមួយ​ទ្រង់​ម្តង​ទៀត ។

នោះ​ហើយ​ជា​បញ្ហា ។ យើង​មិន​អាច​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​បាន​ល្អ​ឥតខ្ចោះ​នៅឡើយ​ទេ ។ នេះ​ជា​ការពិត​សម្រាប់​មនុស្ស​ទាំងអស់—ព្យាការី​ដ៏​សុចរិត​បំផុត អ្នក​មាន​បាប​ដ៏​អាក្រក់​បំផុត និង​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ចន្លោះ​នោះ ។ ដោយសារ​យើង​មិន​អាច​លុប​កំហុស​របស់​យើង​ដោយ​ខ្លួន​ឯង នោះ​អំពើ​បាប​នឹង​រារាំង​យើង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​ឡើយ ។

អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះ​គ្រីស្ទ

ដោយ​មាន​អំណរគុណ ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ជ្រាបដឹង​ថា​យើង​ត្រូវការ​ជំនួយ ។ នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើឆ្កាង ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់​នូវ​រាល់​ការឈឺ​ចាប់ ជំងឺ ទុក្ខលំបាក ពិការភាព និង​អំពើបាប​របស់​យើង ( សូមមើល អាលម៉ា ៧:១១–១៣ ) ។ ដោយសារ​ទ្រង់​ជា​ព្រះរាជបុត្រា​ដ៏​ល្អ​ឥតខ្ចោះ​របស់​ព្រះ និង​ជា​កូន​ដែល​មាន​ជីវិតរមែង​ស្លាប់​របស់​ម៉ារា ទ្រង់​អាច​បង់​ថ្លៃ​បាប​ដែល​គ្មាន​នរណា​ម្នាក់​អាច​បង់​បាន​ឡើយ ។

ហេតុនោះ​ហើយ​ដែល​ទ្រង់​អាច​មាន​ព្រះបន្ទូល​ទៅកាន់​សាសន៍​នីហ្វៃ​ថា « ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ចូល​ទៅក្នុង​ទីម្រាក​របស់ [ ព្រះ ] បាន​ទេ​លើកលែង​តែ អ្នកនោះ​បាន​លាង​សម្លៀកបំពាក់​របស់ខ្លួន​ដោយ​នូវ​លោហិត​របស់​យើង​ពីព្រោះ​មកពី​សេចក្តី​ជំនឿ​របស់​គេ និង​ការប្រែចិត្ត​ពីគ្រប់​ទាំង​អំពើ​បាប​របស់​គេ និង​ការស្មោះត្រង់​របស់​គេ​រហូត​ដល់​ទីបំផុត » ( នីហ្វៃទី ៣ ២៧:១៩ ) ។

ឱ អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដោយព្រោះ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​អាច​ត្រូវ​បាន​សម្អាត​ពី​អំពើបាប​របស់​យើង ! នៅពេល​ដែល​យើង​ដឹង​ថា​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ចាំបាច់​សម្រាប់​យើង នោះ​យើង​អាច​ពឹង​ផ្អែកលើ​កម្លាំង​របស់ទ្រង់ នៅពេល​យើង​មាន​ជំនឿ​លើ​ទ្រង់ ប្រែចិត្ត​ពី​អំពើបាប​របស់យើង ហើយ​បន្ត​ដើរ​តាម​ទ្រង់​ដោយ​ស្មោះត្រង់​រហូត​ដល់​ទីបញ្ចប់ ។ វា​ជា​អព្ភូតហេតុ​មួយ​ដែល​អាច​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ នៅពេល​អ្នក​ទុកចិត្ត​លើ​ព្រះចេស្ដា​របស់​ទ្រង់ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ !