ដើម្បី​កម្លាំង​នៃ​យុវជន
ការជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ​ដោយ​សាមញ្ញ និង​ដោយ​មាន​ឥទ្ធិពល
ខែ មីនា ឆ្នាំ ២០២៤


« ការជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ​ដោយ​សាមញ្ញ និង​ដោយ​មាន​ឥទ្ធិពល » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

ការជួយ​អ្នក​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទដោយ​សាមញ្ញ និង​ដោយ​មាន​ឥទ្ធិពល

ក្មួយ​មាន​វិធី​រាប់​មិនអស់​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ ចែកចាយ​ជំនឿ​របស់​ក្មួយ ហើយ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ

ថ្ងៃ​មួយ​ក្នុង​អំឡុង​ឆ្នាំ​សិក្សា​នៅ​វិទ្យាល័យ​របស់​ខ្ញុំ មិត្ត​របស់​ខ្ញុំ​ឈ្មោះ ណេដ្រា បាន​សួរ​ខ្ញុំ​ថា « រ៉ូស ម៉េច​ឯង​មិន​ទៅ​រៀន​ថ្នាក់​សិក្ខាសាលា​អ៊ីចឹង ? »

នៅ​ពេល​នោះ​ឪពុក​ម្ដាយ​ខ្ញុំ​មិនទាន់​បាន​ចូល​រួម​ក្នុង​ព្រះវិហារ​ទេ ។ ខ្ញុំ​បាន​ចូល​រួមក្នុង​ព្រះវិហារ​តែ​ម្តងម្កាល​ជាមួយនឹង​មិត្តភក្តិ​របស់​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មិន​បាន​ចូល​រួម​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ទេ ។ ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ចូលរួម​ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង ៦:៣០ ព្រឹក ។ បន្ទាប់​ពីនោះ​ខ្ញុំ​បាន​ទៅជា​រៀងរាល់​ថ្ងៃ​សូម្បីតែ​នៅពេល​ព្រឹក​ត្រជាក់​ទាំងធ្លាក់​ទឹកកក​ក៏ដោយ ។

អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​បាន​ប៉ះ​ពាល់​ដល់​បេះដូង​របស់​ខ្ញុំ ។ ទីបន្ទាល់​របស់​ខ្ញុំ​បាន​រីកចម្រើន​នៅពេល​ខ្ញុំ​បាន​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ ការណ៍នេះ​បាន​រៀបចំ​ខ្ញុំ​ឲ្យទៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​នៅ​ប្រទេស​អង់គ្លេស និង​ដើម្បី​បន្ត​នៅក្នុង​ជីវិត​នៃ​ការ​បម្រើ​ដល់​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ។

ការ​អញ្ជើញ​របស់ ណេដ្រា ដើម្បី​ឲ្យ​ខ្ញុំ​ចូល​រួម​ថ្នាក់​សិក្ខាសាលា​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​តាម​របៀប​ផ្ទាល់​ខ្លួន​មួយ​ថា មាន​ឱកាស​រាប់​មិន​អស់​សម្រាប់​ក្មួយ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាម​វិធី​សាមញ្ញ​តែ​មាន​ឥទ្ធិពល នោះ​ក្មួយ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ក្មួយ ចែកចាយ​ជំនឿ​របស់​ក្មួយ ហើយ​អញ្ជើញ​អ្នកទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ទទួល​អំណរ និង​សេចក្ដី​សុខ​ដែល​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​នាំ​មក ។

មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ

ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ ជា​ដំបូង​ក្មួយ​ត្រូវ​ដឹង​ថា​ទ្រង់​ជា​នរណា ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះបុត្រា​នៃ​ព្រះ ហើយ​ទ្រង់​ជា​អង្គ​តែ​ម្នាក់​គត់​ដែល​អាច​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ។

មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​រស់​នៅ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ ពលិកម្ម​សម្រាប់​អំពើ​បាប​របស់​អ្នក ​រង​ « ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង​របស់​អ្នក » ( អាល់ម៉ា ៧:១១ ) ហើយ​បន្ទាប់​មក​ដាក់​ជីវិត​របស់​ទ្រង់​ចុះ ហើយ​យក​វា​មក​វិញ ។ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ​នឹង​រស់​ឡើងវិញ​ម្ដង​ទៀត ហើយ​អាច​ទទួល​បាន​ពរ​ដ៏​ពិសិដ្ឋ និង​រុងរឿង​បំផុត​របស់​ទ្រង់ ។

នៅពេល​ដែល​ក្មួយៗ​យល់ថា​ព្រះអង្គ​សង្គ្រោះ​ជានរណា—ហើយ​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​របស់​ក្មួយ​អាច​ជាអ្វី​ដោយសារ​ទ្រង់—នោះ​ក្មួយ​នឹងចង់​រស់នៅ​ជីវិត​របស់​ក្មួយ​ទៅ​តាម​របៀប​មួយ​ដែល​គាប់​ព្រះហឫទ័យ​របស់​ទ្រង់ ។ ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​ទ្រង់​ពេញ​ព្រះទ័យ​នៅ​ពេល​ក្មួយ​ប្រកាស​ដំណឹង​ល្អ​របស់​ទ្រង់​តាម​ពាក្យសម្តី និង​តាម​ទង្វើ​ទៅដល់​អ្នកទាំងឡាយ​ដែល​ក្មួយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជា​រៀង​រាល់​ថ្ងៃ ។

ឈោង​ទៅ​ជួយ​ដោយ​សេចក្តី​ស្រឡាញ់

នៅពេល​ក្មួយមក​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ នោះ​ក្មួយ​នឹង​មាន​បំណង​ចង់​ធ្វើ​តាម​ទ្រង់ និង​ការ​បង្រៀន​របស់​ទ្រង់​កាន់​តែ​ខ្លាំង​រួម​ទាំង​ព្រះ​បញ្ញត្តិ​របស់​ទ្រង់​ឲ្យ « ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៤ ) ។

ពេលអាំម៉ូន ទៅ​ជួប​ពួកសាសន៍​លេមិន​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នោះ​លោក​បាន​ស្នើ​សុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ស្ដេច​ឡាម៉ូណៃ ។ អាំម៉ូន បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ដ៏​ពិត​ប្រាកដ​នៅ​ពេល​ដែល​លោក​បាន​ការពារ​ចៀម​របស់​ស្ដេច ។ ទង្វើ​របស់ អាំម៉ូន បាន​បន្ទន់​ចិត្ត​របស់​ស្ដេច​ឡាម៉ូណៃ ។ នៅពេល អាំម៉ូន បាន​បង្រៀន​ដំណឹងល្អ ព្រះវិញ្ញាណ​បាន​យកឈ្នះ​លើ​ស្ដេច​ឡាម៉ូណៃ ហើយ​ស្ដេច​ឡាម៉ូណៃ​បាន​ប្រែចិត្តជឿ ( សូមមើល អាលម៉ា ១៧-១៩ ) ។

ការ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​ថា​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ( សូមមើល ម៉ាថាយ ២២:៣៦-៤០ ) ។ ប្រសិន​បើ​ពួកគេ​អាច​មាន​អារម្មណ៍​ថា​ក្មួយ​ស្រឡាញ់ និង​យកចិត្តទុកដាក់​លើ​ពួកគេ នោះ​ពួកគេ​ទំនង​ជា​នឹង​មាន​ឆន្ទៈ​កាន់​តែ​ខ្លាំង​ដើម្បី​ឲ្យ​ក្មួយ​ចែកចាយ​រឿង​ទាំង​នោះ​ដែល​ក្មួយ​ដឹង​ថា​ជា​ការ​ពិត ។

ស្វែងរក​សេចក្តី​ក្លាហាន​ដើម្បី​ចែកចាយ

តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអង្គ​សង្គ្រោះ​បាន​ស្ដារ​បព្វជិតភាព​ឡើង​វិញ​នៅលើ​ផែនដី​ដោយ​មាន​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ការ​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ នៅពេល​ដែល​សារ​ដ៏​រុងរឿង​នៃ​ការ​ស្តារ​ឡើង​វិញ​ប៉ះ​ដល់​ដួងចិត្ត​ក្មួយ នោះ​ក្មួយ​នឹងចង់​ស្រែក​ពីលើ​ដំបូលផ្ទះ ! ក្មួយ​គួរ​តែ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចែកចាយ ​ចំណេះ​ដឹង​ដ៏​មាន​តម្លៃ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ជាមួយ​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​ចូលចិត្ត​ធ្វើ​ដូច្នេះ​ណាស់ !

អ្នក​ខ្លះ​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា​អ្នក​ផ្សេង​ទៀត​នឹង​មិន​ចាប់​អារម្មណ៍ ឬ​នឹង​បដិសេធ​នូវ​អ្វី​ដែល​ពួក​គេ​ចែកចាយ​នោះ ។ មែនហើយ រឿង​នោះ​អាច​កើត​មាន​ឡើង ។ បន្ទាប់​ពី អ័ប៊ីស បាន​រត់​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ប្រាប់​មនុស្ស​ថា អំណាច​របស់​ព្រះ​បាន​សន្ថិត​លើ​ស្តេច​ឡាម៉ូណៃ និង​គ្រួសារ​របស់​ទ្រង់ មាន​អ្នក​ខ្លះ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​ជ្រើស​រើស​មិន​ស្តាប់​ទេ ( សូម​មើល អាល់ម៉ា​១៩:១៧-៣១ ) ។

មិន​ថា​ពួក​គេ​ទទួល​យក ឬ​មិន​ទទួល​យក​នោះទេ អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ក្មួយ​អាច​ផ្ដល់​ឲ្យ​មិត្ត ឬ​សមាជិក​គ្រួសារ—ឬ​សូម្បីតែ​សត្រូវ​ក៏ដោយ—គឺជា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អធិស្ឋាន​ដើម្បី​ភាពក្លាហាន ហើយ​បន្ទាប់មក​នៅពេល​ដែលមាន​ឳកាស​សមរម្យ នោះ​សូម​ចែកចាយ​នូវ​អ្វី​ដែល​ក្មួយ​ដឹង​ថា​ជា​ការពិត ។

ផ្តល់​នូវ​ការអញ្ជើញ​ដ៏ស្មោះ

នៅ​ពេល​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ ទីក្រុង តូរ៉ន់តូ ប្រទេស​កាណាដា ខ្ញុំ​បាន​ជួយ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ក្នុង​ការ​បង្រៀន​ដល់​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់ ។ បន្ទាប់​ពី​មេរៀន​របស់​យើង ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​អធិស្ឋាន ហើយ​សួរ​ព្រះ​វរបិតា​សួគ៌​ថា​តើ​សារលិខិត​របស់​យើង​ពិត​ឬ​ទេ ។

គាត់​បាន​និយាយ​ថា ៖ « ខ្ញុំ​មិន​ចេះ​អធិស្ឋាន​ទេ » ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​គឺ​លុត​ជង្គង់ ហើយ​គ្រាន់​តែ​ទូលសុំ​ឲ្យ​ព្រះវរបិតា​សួគ៌​បញ្ជាក់​នូវ​សេចក្ដី​ពិត​ដល់​គាត់ ។

« អ្នក​អាច​ធ្វើ​វា​បាន ! » ខ្ញុំ​បាន​លើក​ទឹកចិត្ត​គាត់ ។

យើង​បាន​លុត​ជង្គង់​ជាមួយ​គ្នា ហើយ​បុរស​នោះ​បាន​ចាប់​ផ្ដើម​អធិស្ឋាន ។ នៅ​ពេល​ដែល​គាត់​បញ្ចប់ គាត់​បាន​និយាយ​ថា « តើ​មាន​អ្វី​កំពុង​កើត​ឡើងឬ ? ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​បែប​នេះ​ពី​មុន​មក​នោះទេ » ។

ខ្ញុំ​បាន​និយាយ​ថា « នោះ​គឺ​ជា​របៀប​ដែល​ព្រះ​វរបិតា​សួគ៌​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន » ។ « អ្នក​សួរ ហើយ​ទ្រង់​ឆ្លើយតប » ។

ខ្ញុំ​តែងតែ​បង្រៀន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ទូទាំង​ពិភព​លោក​ថា​ការប្រែចិត្តជឿ​ចាប់​ផ្ដើម​ដោយ អារម្មណ៍ ដែល​គេទទួល ។ នៅ​ពេល​ដែល​ក្មួយ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ស្តាប់​ដំណឹង​ល្អ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​អធិស្ឋាន​ផង​ដែរ ហើយ​ទូល​សុំ​ឲ្យមាន អារម្មណ៍  អំពី​សេចក្ដីពិត​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​នឹង​ទូលសួរ​ព្រះ ( សូមមើល យ៉ាកុប ១:៥ ) ដោយ​ចិត្តស្មោះ ដោយ​មាន​ចេតនា និង​សេចក្តី​ជំនឿ​ពិតប្រាកដ​លើ​ព្រះគ្រីស្ទ នោះ​ពួកគេ​អាច​ទទួល​បាន​ការបញ្ជាក់​អំពី​សេចក្ដីពិត​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល មរូណៃ ១០:៤–៥ ) ។ វាជាការណ៍​ដ៏​គួរ​ឲ្យ​រំភើប និង​រីករាយណាស់ ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត សម្រាប់​ខ្លួន​ឯង ។

សូម​ចងចាំ​ថា​ព្រលឹង​ទាំងអស់​គឺ​មាន​តម្លៃ

ក្មួយ​មិន​អាច​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ក្មួយ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ​ដោយ​សេចក្ដី​ស្រឡាញ់ ការ​ចែកចាយ និង​ការ​អញ្ជើញ​នោះ​ទេ ។ ឧទាហរណ៍ ពួក​សាសន៍​លេមិន ហាក់​ដូច​ជា​មនុស្ស​ដែល​មិន​ទំនង​ជា​នឹង​ទទួល​យក​ដំណឹង​ល្អ​នោះទេ ប៉ុន្តែ​ពួក​គេ​បាន​ក្លាយ​ជា​អ្នក​ប្រែ​ចិត្តជឿ​យ៉ាង​ខ្លាំង​ដែល​ពួក​គេ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ( អាលម៉ា ២៣:៦–៧ ) ។

ក្មួយ​មិន​គួរ​រំពឹង​លទ្ធផល​នេះ​គ្រប់​ពេល​ដែល​ក្មួយ​ចែកចាយ​ដំណឹង​ល្អ​នោះ​ទេ ។ ប៉ុន្តែ​ដោយ​សាមញ្ញ និងដោយ​​មាន​ឥទ្ធិ​ពល នោះ​ក្មួយ​អាច​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដី​ពិត និង​ជួយ​ណែនាំ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ឲ្យ​បាន​ច្រើន​ទៅកាន់​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

នៅ​ពេល​ដែល​ក្មួយ​ដឹង​ថា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ម្នាក់ៗ​មាន​តម្លៃ​ប៉ុណ្ណា​ចំពោះ​ទ្រង់ នោះ​ក្មួយ​នឹង​ចង់​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ក្មួយ​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពន្លឺ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​ដើរ​នៅ​លើ​ផ្លូវ​ទៅរក​អមតៈភាព និង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។

តើ​ក្មួយ​អាច​មាន​បទពិសោធន៍​កាន់តែ​ច្រើន​អ្វីខ្លះ​នៅក្នុង​ជីវិត ?