« អ្នក និងព្រះអង្គសង្រ្គោះ ទល់នឹងលោកិយ ? » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២៤ ។
កម្លាំងដើម្បីយកឈ្នះលោកិយ
អ្នក និងព្រះអង្គសង្រ្គោះ ទល់នឹងលោកិយ
ការរំខាន ការល្បួង ការបៀតបៀន—ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះអ្វីៗក្នុងលោកិយនេះ ហើយអាចពង្រឹងអ្នកដើម្បីយកឈ្នះពួកវាផងដែ រ។
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលោកិយ ហើយទ្រង់អញ្ជើញយើងឲ្យធ្វើដូចគ្នា ។ ប៉ុន្តែ តើ « លោកិយ » ជាអ្វី ហើយតើការយកឈ្នះលោកិយមានអត្ថន័យយ៉ាងណា ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍បែបនេះថា ៖ « [ ការយកឈ្នះលោកិយ ] មានន័យថា ការយកឈ្នះលើការល្បួងដែលនាំឲ្យខ្វល់ខ្វាយច្រើនចំពោះរបស់ផងលោកិយ ជាងការណ៍ទាំងឡាយនៃព្រះនោះ » ។១
« របស់ផងលោកិយ » អាចរាប់បញ្ចូលទាំងទ្រព្យសម្បត្តិ ប្រជាប្រិយភាព អំណាច ការសរសើរ ភាពរីករាយ ឬអ្វីផ្សេងទៀតដែលមនុស្សខាងសាច់ឈាមចូលចិត្ត ដែលជាផ្នែកមួយនៃជីវិតរមែងស្លាប់ ។ ទោះបីជារបស់ផងទាំងនេះតែងមិនអាក្រក់ជានិច្ចក៏ដោយ នៅពេលយើងបាត់បង់ការផ្តោតអារម្មណ៍របស់យើងទៅលើព្រះ ដោយសារយើងយកចិត្តទុកដាក់លើរបស់ផងខាងលោកិយកាន់តែច្រើន នោះយើងជួបបញ្ហាដែលមានរយៈពេលវែង ។
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា យើងនឹងប្រឈមមុខនឹងការប្រឆាំង និងការបៀតបៀន នៅពេលយើងយកឈ្នះលោកិយ ( សូមមើល យ៉ូហាន ១៥:១៨–២១ ) ។ ប៉ុន្តែយើងអាចរកឃើញសេចក្តីសុខសាន្ត និង « ត្រូវសង្ឃឹមឡើង » ដោយសារទ្រង់បានយកឈ្នះលើលោកិយ ( យ៉ូហាន ១៦:៣៣ ) ។
យុវវ័យទាំងនេះបានរកឃើញកម្លាំងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើឧបសគ្គខាងលោកិយ ហើយអ្នកក៏អាចធ្វើបានដែរ !
ការរំខានខាងលោកិយ
ខ្ញុំបានចំណាយពេលជាច្រើនម៉ោងលេងហ្គេមកុំព្យូទ័រជារៀងរាល់ថ្ងៃអស់ជាច្រើនឆ្នាំ ។ ខ្ញុំបានជួបមិត្តភក្តិ ហើយខ្ញុំបានមានអារម្មណ៍ថាខ្លួនឯងសំខាន់ ។ ប៉ុន្តែបន្ទាប់ពីលេងរួច ខ្ញុំបានមានអារម្មណ៍ថាឯកោ ដូចជាបាត់បង់អ្វីមួយ ។ ខ្ញុំមិនសប្បាយចិត្តទាំងស្រុងទេ ។
ខ្ញុំចង់ផ្តោតលើអ្វីដែលពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្ត និងជួយខ្ញុំឲ្យប្រសើរឡើង ។ ខ្ញុំចាប់ផ្តើមអធិស្ឋានជាញឹកញាប់ ។ ពេលខ្ញុំបង្ហាញពីអ្វីដែលមានក្នុងចិត្តចំពោះព្រះវរបិតាសួគ៌ ខ្ញុំមានអារម្មណ៍ថាទទួលបាននូវអារម្មណ៍ក្តីស្រឡាញ់យ៉ាងខ្លាំង ។
ខ្ញុំចង់ធ្វើអ្វីដែលធ្វើឲ្យខ្ញុំខិតកាន់តែជិតព្រះគ្រីស្ទ ដើម្បីខ្ញុំផ្តោតលើរឿងសាមញ្ញៗដូចជា ការសិក្សាព្រះគម្ពីរ និងការអធិស្ឋានប្រចាំថ្ងៃ ចំណាយពេលជាមួយមនុស្សដែលមានព្រះវិញ្ញាណ ហើយព្យាយាមមិនបែកអារម្មណ៍នឹងរបស់ផងខាងលោកិយ ដែលនឹងធ្វើឲ្យព្រះវិញ្ញាណយាងចេញនោះទេ ។ ជីវិតខ្ញុំបានផ្លាស់ប្ដូរ ។ វាកាន់តែរីករាយសម្រាប់ខ្ញុំ ។
ពេលខ្ញុំកាន់តែខិតជិតព្រះគ្រីស្ទ ខ្ញុំដឹងថាមានរឿងសំខាន់ជាងហ្គេមកុំព្យូទ័រ បើខ្ញុំចង់មានសុភមង្គលពិតប្រាកដ ។ មានកិច្ចការដែលជាកិច្ចការនៅអស់កល្បជានិច្ច ។
អាលីណា អូ អាយុ ១៨ ឆ្នាំ នៅ លីទុយអានី
កាលៈទេសៈខាងលោកិយ
នៅសាលា គេធ្វើបាបខ្ញុំ និងចំអកដល់ជំនឿរបស់ខ្ញុំ ។ ដោយសារតែបញ្ហានោះ និងបញ្ហាប្រឈមផ្សេងទៀត ខ្ញុំមានអារម្មណ៍ហាក់ដូចជាពិភពលោកនេះកំពុងធ្លាក់មកលើខ្ញុំ ។ ប៉ុន្តែ ម្ដាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យពឹងផ្អែកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់យល់ពីការឈឺចាប់របស់ខ្ញុំ ហើយអាចនាំមកនូវសេចក្តីសុខសាន្ត និងការលួងលោមដល់ខ្ញុំ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។
ខ្ញុំបានសម្រេចចិត្តសន្យានឹងព្រះវរបិតាសួគ៌ថា ខ្ញុំនឹងតមអាហារជាប្រចាំ ។ ខ្ញុំបានទូលសុំឲ្យទ្រង់ជួយខ្ញុំពីភាពទន់ខ្សោយ និងការពុះពាររបស់ខ្ញុំ ហើយទ្រង់បានធ្វើដូច្នេះតាំងពីពេលនោះមក ។
ការតមអាហារបាននាំខ្ញុំខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថាទ្រង់ទាំងទ្វេតែងតែនៅក្បែរខ្ញុំ ផ្តល់កម្លាំងឲ្យខ្ញុំដើម្បីជំនះឧបសគ្គរបស់ខ្ញុំ និងស្វែងរកសុភមង្គលពិត ។ ព្រះយេស៊ូវគ្រីស្ទកំពុងព្យាបាលរបួសរបស់ខ្ញុំ ហើយជួយខ្ញុំត្រឡប់ទៅឯព្រះវរបិតាសួគ៌វិញ ។
វីរ៉ា អរ អាយុ ១៧ ឆ្នាំ នៅ ទីក្រុងប្រេស៊ីលៀ ប្រទេសប្រេស៊ីល