« តើខ្ញុំអាចបម្រើបានទេ ប្រសិនបើខ្ញុំមិនមែនជាមនុស្សរួសរាយផងនោះ ? » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងដើម្បីបម្រើ
តើខ្ញុំអាចបម្រើបានទេ បើខ្ញុំមិនមែនជាមនុស្សរួសរាយផងនោះ ?
ព្រះអង្គសង្គ្រោះអាចពង្រឹងយើង ទោះបីយើងមានការលំបាកក្នុងការឈោងទៅរកអ្នកដទៃក៏ដោយ ។
ពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំគិតថាខ្ញុំមិនមានតម្លៃជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទទេ ដោយសារខ្ញុំមានការលំបាកនិយាយជាមួយមនុស្សទូទៅ ។ ខ្ញុំគ្រាន់តែជាមនុស្សមិនរួសរាយ—ខ្ញុំ ខ្មាសអៀន ខ្លាំងណាស់ ! ខ្ញុំមានការអៀនខ្មាសខ្លាំងណាស់ ខ្ញុំពិបាកបង្កើតមិត្ត និងធ្វើជាខ្លួនឯងពិតប្រាកដពេលនៅជិតមិត្តរួមថ្នាក់ខ្ញុំនៅសាលា និងនៅព្រះវិហារ ។
ដោយសារតែរឿងនោះ ខ្ញុំបានគេចពីការហៅក្នុងក្រុមយុវនារី ហើយមានអារម្មណ៍ថាខ្ញុំមិនអាចពោរពេញដោយព្រះវិញ្ញាណដូចជាមិត្តភក្តិរបស់ខ្ញុំដែលនិយាយច្រើន និងរួសរាយច្រើនជាងខ្ញុំនោះទេ ។
ដូច្នេះ ពេលខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តបម្រើបេសកកម្ម ខ្ញុំភ័យណាស់ !
ខ្ញុំមានអារម្មណ៍ថាព្រះចង់ឲ្យខ្ញុំបម្រើ ប៉ុន្តែគំនិតដំបូងរបស់ខ្ញុំគឺ « ហេតុអ្វីបានជាព្រះចង់បានមនុស្សដូចជា ខ្ញុំ ទៅបម្រើ ? ខ្ញុំមិនចេះនិយាយជាមួយគេឯងនោះទេ ! »
ប៉ុន្តែខ្លាចប៉ុនណាក៏ដោយ ខ្ញុំបានសម្រេចចិត្តទុកចិត្តព្រះ ហើយបម្រើបេសកកម្ម ។
ការពឹងផ្អែកលើកម្លាំងរបស់ព្រះគ្រីស្ទ
នៅពេលខ្ញុំបម្រើ អ្វីៗមានការលំបាកពីដំបូង ប៉ុន្តែនៅពេលខ្ញុំបន្តព្យាយាម ( ហើយទុកឲ្យចរិតខ្ញុំរសាយទៅ ) ខ្ញុំបានឃើញថា ព្រះអម្ចាស់បានពង្រឹងខ្ញុំឲ្យធ្វើកិច្ចការដែលទ្រង់បានបង្គាប់ឲ្យខ្ញុំធ្វើ ។
នៅក្នុងព្រះគម្ពីរមរមនព្រះអម្ចាស់បានបង្រៀនថា « បើសិនជាមនុស្សលោកមករក យើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលបន្ទាបខ្លួននៅចំពោះយើង ដ្បិតបើសិនជា ពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ( អេធើរ ១២:២៧ ) ។
នៅក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំបានដឹងថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើរឿងដ៏អស្ចារ្យពីខ្ញុំ មិនមែនដោយសារកម្លាំងរបស់ខ្ញុំទេ ប៉ុន្តែដោយសារតែកម្លាំង របស់ទ្រង់ ។ ហើយខ្ញុំក៏បានដឹងថា កម្លាំងរបស់ទ្រង់ដែលខ្ញុំមាន មិនមែនដោយសារខ្ញុំជាអ្នកផ្សព្វផ្សាយសាសនានោះទេ ប៉ុន្តែវាក៏ជាអ្វីដែលខ្ញុំអាចពឹងផ្អែកបាននៅវិទ្យាល័យផងដែរ ។
អ្វីដែលអស្ចារ្យអំពីព្រះយេស៊ូវគ្រីស្ទគឺថា យើងមិនត្រូវការសញ្ញាបត្រ ឬប្រវត្តិរូបសង្ខេបធំៗដើម្បីបម្រើក្នុងនគរទ្រង់ ហើយធ្វើជាសិស្សដ៏រឹងមាំនោះទេ ! បើយើងមានបំណងប្រាថ្នាដ៏រាបទាប និងស្មោះស្ម័គ្រដើម្បីបម្រើ ព្រះយេស៊ូវគ្រីស្ទនឹងយកយើងដែលជាយើង ហើយផ្តល់ជំនួយ និងកម្លាំងចាំបាច់ដល់យើងដើម្បីបម្រើទ្រង់ ។