« ការធ្វើការជាមួយនឹងភាពទន់ខ្សោយគឺជាជំនាញរបស់ព្រះអង្គសង្រ្គោះ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងក្នុងភាពទន់ខ្សោយ
ការធ្វើការជាមួយនឹងភាពទន់ខ្សោយគឺជាជំនាញរបស់ព្រះអង្គសង្រ្គោះ
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យ រីកចម្រើន ក្នុងគ្រាលំបាក មិនគ្រាន់តែ ឆ្លង វាឲ្យផុតប៉ុណ្ណោះទេ ។
ម៉ាសុន មិនមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់របស់ព្រះដូចកាលពីអតីតនោះទេ ។ គាត់បានប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តចូលគ្លីនិកអស់រយៈពេលពីរបីឆ្នាំ ដោយទទួលបានជោគជ័យតិចតួច ហើយគាត់បារម្ភថា ក្តីសុបិនរបស់គាត់ប្រហែលជាមិនអាចសម្រេចបានទេ ។
អាណា ឮយុវវ័យផ្សេងទៀតនិយាយអំពីបទពិសោធន៍ទាក់ទងនឹងវិវរណៈ និងអព្ភូតហេតុ ។ ទោះបីជានាងខិតខំក៏ដោយ ក៏នាងមិនមានអារម្មណ៍ថា នាងកំពុងទទួលបានចម្លើយ ឬមានបទពិសោធន៍ខាងវិញ្ញាណដូចអ្នកផ្សេងទៀតដែរ ។
អ៊ីថាន ឆ្ងល់ថាតើគាត់នឹងមានអារម្មណ៍ស្អាតស្អំឬស័ក្ដិសមម្តងទៀតឬអត់ទេ ។ គាត់បានធ្លាក់ក្នុងការល្បួងមួយចំនួនជាច្រើនដងដែលគាត់មានអារម្មណ៍ថាបាត់បង់ម្ចាស់ការ និងឆ្ងល់ថាតើគាត់បានបាត់បង់ពរជ័យដែលបានសន្យាដល់គាត់ជាអចិន្ត្រៃយ៍ឬអត់ ។ គាត់ងឿងឆ្ងល់ថាតើគាត់អាចទទួលបានការអភ័យទោស និងមានអារម្មណ៍ថា មានកំហុសកាន់តែខ្លាំងនៅក្នុងព្រះវិហារដែរឬទេ ។
ម៉ាឌីសុន ជួបបញ្ហាការទទួលទានមិនត្រឹមត្រូវ ។ អូលីវ៉ា មានពិការភាពក្នុងការសិក្សា ។ ខនណឺ ពុះពារនឹងការគិតអំពីការធ្វើខុសសីលធម៌ ( ចូលចិត្តធ្វើខុសសីលធម៌ ) ។ អាប៊ីហ្គែល ត្រូវបានគេបំពាន ហើយមានអារម្មណ៍ថានាងគ្មានតម្លៃ ។ ឪពុកម្តាយរបស់ ចេក កំពុងរៀបចំលែងលះគ្នា ហើយគាត់មានអារម្មណ៍ឈឺចាប់ និងច្របូកច្របល់ ។ យេឌិន ត្រូវបានគេក្បត់ ហើយមានអារម្មណ៍ថា គាត់មិនអាចអត់ទោសឲ្យគេបានទេ ។
មនុស្សមានការពុះពារជាច្រើន ប៉ុន្តែមានដំណោះស្រាយមួយ ។ ដំណោះស្រាយនោះមានព្រះនាមថា—ព្រះយេស៊ូវគ្រីស្ទ ។ បុគ្គលទាំងនេះសុទ្ធតែចង់មានអារម្មណ៍រឹងមាំ ស្អាតស្អំ សប្បាយរីករាយ ហើយជាសះស្បើយម្តងទៀត ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានទេ ។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទ ផ្តល់ជាជំនួយបាន ។ ជាការពិតណាស់ ការជួយដល់ភាពទន់ខ្សោយគឺជាជំនាញរបស់ទ្រង់ ។ ជំនួយរបស់ទ្រង់មិនកើតឡើងតាមរបៀប ឬនៅពេលណាដែលយើងចង់បាននោះទេ ប៉ុន្តែជំនួយនោះពិតជាបានប្រទានឲ្យប្រាកដមែន ។
នេះជាគោលការណ៍មួយចំនួនដើម្បីជួយយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យដើរជាមួយទ្រង់ ( សូមមើល ម៉ូសេ ៦:៣៤ ) ជាពិសេសនៅពេលប្រយុទ្ធនឹងភាពទន់ខ្សោយ ។
ជីវិតគឺត្រូវបានចាត់ទុកថាជាការសាកល្បង
ព្រះស្រឡាញ់ អ្នក ច្រើនជាងទ្រង់ស្រឡាញ់អារម្មណ៍នៃការលួងលោម និងភាពងាយស្រួលរបស់អ្នក ។ តើវីរបុរសរបស់អ្នកមានប៉ុន្មាននាក់ដែលបានដកពិសោធន៍ការលួងលោម និងជោគជ័យ ? ឱកាសគឺពួកគាត់ប្រឈមមុខនឹងការប្រឆាំង និងការលំបាកម្តងហើយម្តងទៀត ។ ដោយជាផ្នែកនៃការសាកល្បងនៅក្នុងជីវិតរបស់យើង « ព្រះអម្ចាស់ទ្រង់យល់ឃើញថាល្មមប្រដៅរាស្ត្រទ្រង់ មែនហើយ ទ្រង់បានសាកល្បងសេចក្ដីអត់ធន់ និងសេចក្ដីជំនឿរបស់ពួកគេ » ( ម៉ូសាយ ២៣:២១ ) ។ យើងប្រហែលជាមិនចូលចិត្តវា ប៉ុន្តែជារឿយៗការសាកល្បងដ៏លំបាកបំផុតរបស់យើងផ្តល់ឲ្យយើងនូវឱកាសរីកចម្រើនដ៏អស្ចារ្យ ។
ភាពទន់ខ្សោយមិនមែនជាសញ្ញាថាព្រះមិនពេញព្រះទ័យនោះទេ ។
ប្រជាជននៅសម័យបុរាណជាច្រើនបានជឿថាជំងឺផ្លូវកាយ ឬផ្លូវចិត្តជាសញ្ញានៃការដាក់ទណ្ឌកម្មរបស់ព្រះ ( សូមមើល យ៉ូហាន ៩:២ ) ។ ប៉ុន្តែភាពទន់ខ្សោយគឺជាផ្នែកមួយនៃជីវិត ដែលការធ្លាក់បាននាំមក ។ ទោះបីជាពុះពារនឹងឧបសគ្គគឺជាផ្នែកធម្មតា និងសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ក៏ដោយ ក៏ការប្រឈមនឹងការលំបាកទាំងនោះតែម្នាក់ឯងគឺត្រឹមត្រូវទេ ។ ព្រះយេស៊ូវគ្រីស្ទមិនបានបញ្ជូនមកដើម្បីថ្កោលទោសយើងនោះទេ ទ្រង់ត្រូវបានបញ្ជូនមកដើម្បីផ្ដល់ក្ដីស្រឡាញ់ ហើយជួយយកអ្នកដែលបាត់បង់ ទន់ខ្សោយ ឬនៅឯកោ—ដែលជាយើងទាំងអស់គ្នា ( សូមមើល យ៉ូហាន ៣:១៦–១៧; លូកា ១៥ ) ។
អ្វីៗដែលទន់ខ្សោយត្រូវបានធ្វើឲ្យរឹងមាំ តាមរយៈ ព្រះគ្រីស្ទ
វាជាការសំខាន់ដែលយើងកំណត់ខ្លួនរបស់យើង ដោយទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយព្រះគ្រីស្ទ និងការពឹងផ្អែកលើ ភាពឥតខ្ចោះរបស់ទ្រង់ ជាជាងត្រូវបានកំណត់ដោយ ភាពមិនឥតខ្ចោះរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទមិនដែលងាកចេញពីមនុស្សទន់ខ្សោយដែលឧស្សាហ៍ស្វែងរកទ្រង់ដោយសេចក្តីជំនឿឡើយ ។ ព្រះប្រទានឲ្យមនុស្ស « ភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណ [ របស់ទ្រង់ ] មានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលបន្ទាបខ្លួននៅចំពោះ [ ទ្រង់ ] … ហើយមានសេចក្ដីជំនឿជឿដល់ [ ទ្រង់ ] » ហើយបើពួកគេធ្វើដូច្នោះ « [ ទ្រង់ ] នឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ( អេធើរ ១២:២៧ ) ។ នៅពេលយកនាំយកការពុះពាររបស់យើងទៅព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ( សូមមើល នីហ្វៃទី ៣ ៩:២០ ) ទ្រង់មិនអាចយកវាចេញភ្លាមៗនោះទេ ប៉ុន្តែទ្រង់នឹងជួយ និងពង្រឹងយើង ។
ចូរអត់ធ្មត់នឹងខ្លួនឯង
ផ្លូវនៃសេចក្តីសញ្ញា គឺជាដំណើរដ៏វែងឆ្ងាយ មិនមែនជាការរត់ប្រណាំងនោះទេ ។ ការធ្វើតាមមាគ៌ានោះជួយយើងឲ្យឆ្លងកាត់ការលំបាក ការល្អ និងការអាក្រក់ ភាពរំភើប និងគ្រោះថ្នាក់ ពន្លឺថ្ងៃ និងព្យុះនៃជីវិត ។ មេរៀនជាច្រើនអាចរៀននៅ រាល់ ជំហាននៅតាមផ្លូវនោះ ។ ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទតែងតែបើកសម្តែងតាមពេលវេលា មិនគ្រាន់តែក្នុងគ្រាឯកោ ឬព្រឹត្តិការណ៍ដ៏អព្ភូតហេតុប៉ុណ្ណោះនោះទេ ។
ភ្ជាប់ទំនាក់ទំនងនឹងព្រះគ្រីស្ទ
បើអ្នកមានអារម្មណ៍ទន់ខ្សោយ ឬពុះពារ សូមទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ៖ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ( ម៉ាថាយ ១១:២៨ ) ។ សូមស្វែងរករបៀបដែលជួយអ្នកភ្ជាប់ទំនាក់ទំនងជាមួយទ្រង់ ។ នៅពេលអ្នកយោងទៅរកទ្រង់ នោះអ្នកនឹងឃើញថា ទ្រង់កំពុងឈោងមករកអ្នក ហើយនឹងមិនបោះបង់អ្នកចោលឡើយ ! ជីវិតមិនល្អឥតខ្ចោះនោះទេ ហើយក៏មិនមែនគ្មានភាពទន់ខ្សោយ ការឈឺចាប់ និងពុះពារដែរ ។ ប៉ុន្តែ ជីវិតនឹងល្អប្រសើរជាងបើមាន លោកគ្រូនៃការព្យាបាលនៅក្បែរអ្នក ដើម្បីលើកអ្នកពេលអ្នកដួល រុំរបួសឲ្យអ្នក ហើយដឹកនាំអ្នកទៅលើផ្លូវដែលនាំទៅរកអំណរដ៏ស្ថិតស្ថេរ ។
ព្រះយេស៊ូវគ្រីស្ទមានជំនាញក្នុងការធ្វើការជាមួយនឹងភាពទន់ខ្សោយ ។ ទ្រង់មានជំនាញក្នុងការធ្វើការជាមួយអ្នក !