« ដើម្បីកម្លាំងនៃយុវជន ៖ សារលិខិតរបស់ព្រះអង្គសង្រ្គោះផ្ញើមកកាន់អ្នក » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
សេចក្តីណែនាំដើម្បីទទួលបានកម្លាំងរបស់ទ្រង់
ដើម្បីកម្លាំងនៃយុវជន ៖ សារលិខិតរបស់ព្រះអង្គសង្រ្គោះផ្ញើមកកាន់អ្នក
សេចក្តីណែនាំនេះជួយអ្នកភ្ជាប់ជម្រើសរបស់អ្នកទៅកាន់ព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។
សូមស្រមៃថាអ្នកកំពុងរស់នៅក្នុងកាលីឡេនាសម័យបុរាណកាលពី ២,០០០ ឆ្នាំមុន ។ អ្នកនិងមិត្តភក្តិរបស់អ្នកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រជុំធម្មនិដ្ឋានយុវវ័យនៅសាលាប្រជុំក្នុងតំបន់ ដោយមានវាគ្មិនពិសេសម្នាក់ ៖ គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ។ ហើយនៅចំណុចជាក់លាក់មួយក្នុងសារលិខិតរបស់ទ្រង់ ព្រះយេស៊ូវបានអញ្ជើញយុវវ័យជាអ្នកស្តាប់ឲ្យសួរសំណួរទ្រង់ ។
តើសំណួរប្រភេទណាខ្លះដែលអ្នកគិតថាអ្នកអាចឮ ?
ខ្ញុំគិតថាសំណួរមួយចំនួននឹងឆ្លុះបញ្ចាំងពីវប្បធម៌ និងកាលៈទេសៈនៃសម័យនោះ ។ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងប្រាកដថា សំណួរជាច្រើននឹងស្តាប់ទៅដូចជាសំណួរដែលយើងមាននៅថ្ងៃនេះដែរ ។
ឧទាហរណ៍ នៅក្នុងគម្ពីរសញ្ញាថ្មី មនុស្សបានសួរព្រះអង្គសង្គ្រោះនូវសំណួរដូចនេះ ៖
-
តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ?១
-
តើទ្រង់នឹងទទួលយកខ្ញុំទេ ? តើខ្ញុំមានចំណែកទេ ?២
-
បើបងប្អូនប្រុសខ្ញុំប្រព្រឹត្តិអំពើបាបប្រឆាំងនឹងខ្ញុំ តើខ្ញុំគួរអត់ទោសឲ្យគាត់ប៉ុន្មានដង ?៣
-
តើនឹងមានអ្វីកើតឡើងចំពោះពិភពលោកនេះនាពេលអនាគត ? តើខ្ញុំនឹងមានសុវត្ថិភាពទេ ?៤
-
តើទ្រង់អាចព្យាបាលមនុស្សជាទីស្រឡាញ់របស់ខ្ញុំទេ ?៥
-
តើអ្វីជាសេចក្តីពិត ?៦
-
តើធ្វើដូចម្តេចទើបដឹងថាខ្ញុំដើរផ្លួវត្រូវ ?៧
តើយើងទាំងអស់គ្នាមិនឆ្ងល់រឿងដដែលៗទេឬអី ? ជាច្រើនសតវត្សមកហើយ សំណួរទាំងឡាយមិនផ្លាស់ប្តូរច្រើនទេ ។ ហើយសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្រ្គោះក៏មិនមានចំពោះអស់អ្នកដែលបានសួរសំណួរទាំងនោះដែរ ។ ទ្រង់ជ្រាបដឹងពីបញ្ហា និងការច្របូកច្របល់ក្នុងជីវិតប៉ុណ្ណា ។ ទ្រង់ជ្រាបដឹងថាយើងងាយនឹងវង្វេងផ្លូវណាស់ ។ ទ្រង់ជ្រាបដឹងថាពេលខ្លះយើងព្រួយបារម្ភអំពីអនាគត ។ ហើយទ្រង់មានបន្ទូលទៅកាន់អ្នកនិងខ្ញុំ ដូចទ្រង់មានបន្ទូលទៅកាន់ពួកអ្នកដើរតាមទ្រង់តាំងពីយូរយារមកហើយថា ៖
-
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ » ។៨
-
« ខ្ញុំជាផ្លូវ [ និង ] ជាសេចក្តីពិត » ។៩
-
« ចូរមកតាមខ្ញុំ » ។១០
នៅពេលអ្នកមានជម្រើសសំខាន់ៗដើម្បីជ្រើសរើស នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺជាជម្រើសដ៏ល្អបំផុត ។ នៅពេលអ្នកមានសំណួរ នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺជាចម្លើយដ៏ល្អបំផុត ។
នេះជាហេតុផលដែលខ្ញុំស្រឡាញ់ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ។ វាចង្អុលយើងទៅរកព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចទទួលបានកម្លាំងរបស់ទ្រង់ ។ ខ្ញុំទុកកូនសៀវភៅនេះនៅក្នុងហោប៉ៅរបស់ខ្ញុំគ្រប់ពេល ។ នៅពេលខ្ញុំជួបមនុស្សទូទាំងពិភពលោកដែលចង់ដឹងពីមូលហេតុ ដែលយើងក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទធ្វើអ្វីដែលយើងធ្វើ ខ្ញុំចែកចាយសេចក្តីណែនាំនេះជាមួយពួកគេ ។
ដើម្បីកម្លាំងនៃយុវជន បង្រៀន សេចក្តីពិតដ៏នៅអស់កល្បជានិច្ច អំពីព្រះអង្គសង្រ្គោះ និងមាគ៌ារបស់ទ្រង់ ។ វា អញ្ជើញ អ្នកឲ្យធ្វើការសម្រេចចិត្តផ្អែកលើសេចក្តីពិតទាំងនោះ ។ ហើយវាចែកចាយនូវ ពរជ័យនៃការសន្យាទាំងឡាយ ដែលទ្រង់ប្រទានឲ្យដល់ជន ទាំងឡាយណាដែលធ្វើតាមទ្រង់ ។ សូមអាន ពិចារណា និងចែកចាយការណែនាំនេះ !
សូមយាងទ្រង់ចូលមក
ព្រះយេស៊ូវគ្រីស្ទចង់ក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក—ជាវត្តមានប្រចាំថ្ងៃជានិរន្តរ៍ ក្នុងពេលល្អ និងអាក្រក់ ។ ទ្រង់មិនគ្រាន់តែគង់នៅចុងផ្លូវ រង់ចាំអ្នកឲ្យមកទាន់ទ្រង់នោះទេ ។ ទ្រង់ក៏នឹងយាងដើរជាមួយអ្នកនៅគ្រប់ជំហាននៅលើផ្លូវនេះ ។ ទ្រង់ គឺជា ផ្លូវ !
ប៉ុន្តែទ្រង់នឹងមិនបង្ខំផ្លូវទ្រង់ចូលក្នុងជីវិតរបស់អ្នកឡើយ ។ អ្នកអញ្ជើញយាងទ្រង់ចូលមក តាមរយៈការជ្រើសរើសរបស់អ្នក ។ នេះជាមូលហេតុសេចក្តីណែនាំសម្រាប់ការធ្វើការជ្រើសរើសដូចជា ដើម្បីកម្លាំងនៃយុវជន គឺមានតម្លៃខ្លាំង ។ រាល់ពេលដែលអ្នកធ្វើការជ្រើសរើសសុចរិតដោយផ្អែកលើសេចក្តីពិតដ៏នៅអស់កល្បជានិច្ចរបស់ព្រះអង្គសង្គ្រោះ នោះអ្នកបង្ហាញថា អ្នកចង់បានទ្រង់គង់នៅក្នុងជីវិតរបស់អ្នក ។ ការជ្រើសរើសទាំងនោះបានបើកទ្វារស្ថានសួគ៌ ហើយកម្លាំងរបស់ទ្រង់នឹងចូលមកក្នុងជីវិតរបស់អ្នក ។១១
បង្កើតទំនាក់ទំនងដ៏រឹងមាំ
អ្នកប្រហែលជាចងចាំថា ព្រះអង្គសង្រ្គោះបានប្រៀបធៀបអស់អ្នកដែល ស្ដាប់ និង ធ្វើ តាមអ្វីដែលទ្រង់មានព្រះបន្ទូលទៅកាន់មនុស្សប៉ិនប្រយ័ត្នថា « សង់ផ្ទះខ្លួននៅលើថ្ម » ។ ទ្រង់បានពន្យល់ថា ៖
« រួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេពីព្រោះបានសង់នៅលើថ្ម » ។១២
ផ្ទះមួយមិនអាចឈររឹងមាំនៅកណ្ដាលខ្យល់ព្យុះបាន ដោយសារផ្ទះនោះរឹងមាំនោះទេ ។ វាក៏មិនអាចឈររឹងមាំដោយសារតែថ្មរឹងមាំដែរ ។ ផ្ទះមួយឈររឹងមាំនៅកណ្ដាលខ្យល់ព្យុះបានគឺដោយសារវាចាក់គ្រឹះលើថ្មដ៏រឹងមាំ ។ អ្វីដែលសំខាន់នោះគឺជាកម្លាំងនៃ ការតភ្ជាប់ ទៅនឹងថ្មទៅវិញទេ ។
ស្រដៀងគ្នានេះដែរ ពេលយើងស្ថាបនាជីវិតរបស់យើង វាសំខាន់ក្នុងការធ្វើការជ្រើសរើសឲ្យបានល្អ ។ ហើយវាសំខាន់ដើម្បីយល់ពីសេចក្តីពិតដ៏នៅអស់កល្បរបស់ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែកម្លាំងដែលយើងនឹងត្រូវការដើម្បីទប់ទល់នឹងព្យុះជីវិតកើតឡើង នៅពេលយើង ភ្ជាប់ ជម្រើសរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ នោះជាអ្វីដែល ដើម្បីកម្លាំងនៃយុវជន ជួយយើងធ្វើ ។
ឧទាហរណ៍ មិត្តភក្តិរបស់អ្នកអាចដឹងថា អ្នកព្យាយាមមិនប្រើភាសាដែលប្រមាថ ឬធ្វើឲ្យឈឺចាប់ ។ ពួកគេប្រហែលជាឃើញអ្នកទាក់ទងក្មេងរូបនោះនៅសាលារៀន ដែលមនុស្សភាគច្រើនមិនខ្ចីយកចិត្តទុកដាក់ ឬថែមទាំងធ្វើបាបផង ។ ប៉ុន្តែ តើពួកគេដឹងទេថា អ្នកធ្វើការជ្រើសរើសទាំងនេះ ដោយសារព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា « មនុស្សទាំងអស់គឺជាបងប្អូនប្រុសស្រីរបស់អ្នក—ជាការពិតណាស់ រួមទាំងមនុស្សដែលខុសពីអ្នក…ផងដែរ » ?១៣
មិត្តភក្តិរបស់អ្នកប្រហែលជាដឹងថាអ្នកទៅព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យ ។ ពួកគេអាចសម្គាល់ឃើញនៅពេលអ្នកបិទបទចម្រៀងមួយចំនួន ឬបធិសេធការបបួលឲ្យមើលភាពយន្តជាក់លាក់មួយចំនួន ។ ប៉ុន្តែតើពួកគេដឹងទេថា អ្នកធ្វើការជ្រើសរើសទាំងនេះដោយសារអ្នកមាន « ទំនាក់ទំនងសេចក្តីសញ្ញាដ៏រីករាយជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ហើយនោះគឺជាផ្នែកនៃការប្តេជ្ញាចិត្តដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ ដែលអ្នកមានអំណរគុណ « ដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់អ្នក » ?១៤
មនុស្សប្រហែលជាដឹងថាអ្នកមិនផឹកស្រា ឬមិនជក់បារី ឬមិនប្រើថ្នាំដែលបង្កគ្រោះថ្នាក់ផ្សេងទៀត ។ ប៉ុន្តែ តើពួកគេដឹងទេថា អ្នកធ្វើការជ្រើសរើសទាំងនេះ ដោយសារព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា « រូបកាយអ្នកគឺពិសិដ្ឋ » « រូបកាយរបស់អ្នកគឺជាអំណោយទានដ៏អស្ចារ្យមកពីព្រះវរបិតាសួគ៌របស់អ្នក » បង្កើតតាមរូបរាងរបស់ទ្រង់ដែរឬទេ ?១៥
មិត្តភក្តិរបស់អ្នកអាចនឹងដឹងថាអ្នកនឹងមិនបោកប្រាស់ ឬកុហកឡើយ ហើយថាអ្នកយកចិត្តទុកដាក់លើការអប់រំ ។ ប៉ុន្តែ តើពួកគេដឹងទេថា នេះគឺដោយសារព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា « សេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច » ដែរឬទេ ?១៦
ភាគច្រើន មិត្តភក្តិរបស់អ្នកដឹងទេថា អ្នកធ្វើការជ្រើសរើសទាំងនេះ ដែលមិនពេញនិយមនៅពេលខ្លះ ដើម្បីបន្តស្មោះត្រង់តាមបទដ្ឋានរបស់ព្រះគ្រីស្ទ ដោយសារអ្នកដឹងថា « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក » ដែរឬទេ ?១៧
ទ្រង់គឺជាកម្លាំងរបស់អ្នក
ខ្ញុំសូមផ្តល់សាក្សីដ៏ពិតប្រាកដមួយដល់អ្នកថា ព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវទៅកាន់អនាគតដ៏ភ្លឺស្វាង និងរុងរឿង—គឺជាអនាគតរបស់អ្នក ។ ហើយទ្រង់ក៏ជាផ្លូវទៅកាន់បច្ចុប្បន្នកាលដ៏ភ្លឺស្វាង និងរុងរឿងផងដែរ ។ ចូរដើរតាមផ្លូវទ្រង់ នោះទ្រង់នឹងយាងដើរជាមួយអ្នក ។ អ្នកអាចធ្វើកិច្ចការនេះបាន !
មិត្តភក្តិវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ ព្រះយេស៊ូវគ្រីស្ទជាកម្លាំងរបស់អ្នក ។ សូមបន្តដើរជាមួយទ្រង់ ហើយទ្រង់នឹងជួយអ្នកហោះឡើង « ដោយស្លាប ដូចជាឥន្ទ្រី »១៨ ដើម្បីឆ្ពោះទៅរកអំណរដ៏នៅអស់កល្បជានិច្ច ដែលទ្រង់បានរៀបចំសម្រាប់អ្នក ។