« កម្លាំងក្នុងគ្រាដែលមានភាពសោកសៅ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងក្នុងគ្រាដែលមានភាពសោកសៅ
នៅពេលដែលមានភាពសោកសៅ
នៅពេលជីវិតធ្វើឲ្យអ្នកធ្លាក់ចុះ ព្រះយេស៊ូវគ្រីស្ទអាចលើកអ្នកឡើងដោយក្តីសង្ឃឹម ។
អ្នកអាចសម្រេចបានច្រើនក្នុងជីវិតតាមរយៈការខិតខំនិងការតាំងចិត្ត ។ អ្នកអាចចូលដំណេកពីព្រលប់ ក្រោកពីព្រលឹម ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២៤ ) ហើយបំពេញទម្លាប់សុចរិត និងការមានវិន័យជារៀងរាល់ថ្ងៃ ។
ប៉ុន្តែនៅតែមានថ្ងៃខ្លះពិបាកជាងថ្ងៃខ្លះទៀតដដែល ។
ហើយបន្ទាប់មកនៅថ្ងៃខ្លះទៀត… មែនហើយ វាមានអារម្មណ៍ពិបាកខ្លាំងណាស់ អ្នកប្រហែលជាចាប់ផ្ដើមគិតថា ថ្ងៃល្អនឹងបាត់ទៅជារៀងរហូតហើយ ។
តើអ្នកធ្វើអ្វីទៅនៅថ្ងៃបែបនោះ ? តើអ្នកធ្វើដូចម្តេច នៅពេលការខិតខំអស់ពីសមត្ថភាពរបស់អ្នក រួមទាំងការខិតខំអស់ពីសមត្ថភាពរបស់អ្នកដើម្បីរស់នៅក្នុងជីវិតដ៏សុចរិត ( ការអធិស្ឋាន ការតមអាហារ ការសិក្សាព្រះគម្ពីរ ព្រះវិហារ និងការចូលរួមព្រះវិហារបរិសុទ្ធ ។ល។ ) ហាក់ដូចជាមិនគ្រប់គ្រាន់នោះ ? តើនៅពេលណាដែលអ្នកខិតខំប្រឆាំងនឹងភាពអស់សង្ឃឹម ប៉ុន្តែភាពអស់សង្ឃឹមហាក់ដូចជាមានកម្លាំងខ្លាំងជាង ?
ជាការពិតណាស់ អ្នកបែរទៅរកព្រះយេស៊ូវគ្រីស្ទ ។ ក្តីសង្ឃឹមគឺជាអំណោយទានខាងវិញ្ញាណ ( សូមមើល មរ៉ូណៃ ៨:២៦ ) ។ ហើយអំណោយទានខាងវិញ្ញាណទាំងអស់គឺមកពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:១៧ ) ។
នៅពេលការលំបាកក្នុងជីវិតសង្កត់លើអ្នក ដូចជាភ្នំដែលធ្លាក់ពីលើមេឃ អំណោយទានខាងវិញ្ញាណនៃក្តីសង្ឃឹមអាចជារបស់អ្នក នៅពេលអ្នកផ្តោតលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង ។
« ព្រះអម្ចាស់បានសម្រាលបន្ទុករបស់ខ្ញុំ »
ជីវិតបានជួបបញ្ហាប្រឈមរួចហើយសម្រាប់ប្រជាជនវេណេស៊ុយអេឡា ជាច្រើននាក់ មុនពេលជំងឺរាតត្បាត កូវីដ-១៩ វាយប្រហារនៅឆ្នាំ ២០២០ ប៉ុន្តែបន្ទាប់មកសូម្បីតែការរស់រានមានជីវិតជាធម្មតាក៏ពិបាកដែរ ។ សម្រាប់ សេបាស្ទៀន ដែលមានអាយុ ១១ ឆ្នាំ និងក្រុមគ្រួសាររបស់គាត់ កម្លាំងពីព្រះយេស៊ូវគ្រីស្ទគឺជាតម្រូវការដើម្បីរក្សាភាពស្វាហាប់ និងភាពសប្បាយរីករាយក្នុងអំឡុងពេលដ៏សោកសៅ ។ « ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទេពេលយើងមិនអាចទិញរបស់របរសំខាន់ៗដូចជាអាហារ សម្លៀកបំពាក់ និងថ្នាំ » សេបាស្ទៀន បាននិយាយ ។ « ប៉ុន្តែខ្ញុំមានសេចក្តីជំនឿថាព្រះអម្ចាស់នឹងបន្តប្រទានពរដល់យើង ។ ខ្ញុំមានអារម្មណ៍ថាមានពរជ័យដែលខ្ញុំអាចទទួលពររបស់លោកអយ្យកោរបស់ខ្ញុំ ។ ពរជ័យនេះបានប្រាប់ខ្ញុំពីអ្វីៗដែលខ្ញុំបានសន្យាពីមុនខ្ញុំមកកាន់ផែនដី » ។
ការផ្ដោតលើព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកមួយនៃបាវចនារបស់យុវវ័យកាលពីឆ្នាំមុន ( « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទ » [ ភីលីព ៤:១៣ ] ) បញ្ជាក់នូវជំនួយដ៏ធំ ។ សេបាស្ទៀន និយាយថា ៖ « ដោយសារការលំបាកដែលប្រទេសរបស់ខ្ញុំកំពុងប្រឈមមុខ ប្រធានបទយុវវ័យកាលពីឆ្នាំមុនបានរំឭកខ្ញុំថា ព្រះគ្រីស្ទនឹងជួយខ្ញុំឲ្យយកឈ្នះ និងធ្វើគ្រប់កិច្ចការទាំងអស់តាមរយៈទ្រង់ » ។
វាជាដំណើរដ៏វែងឆ្ងាយ ប៉ុន្តែ សេបាស្ទៀន និងក្រុមគ្រួសាររបស់គាត់បានឃើញពរជ័យ និងក្តីសង្ឃឹមនៅតាមផ្លូវ ។ គាត់និយាយថា ៖ « ព្រះអម្ចាស់បានសម្រាលបន្ទុករបស់ខ្ញុំ » ។ « នៅពេលខ្ញុំកើតទុក្ខ ខ្ញុំអធិស្ឋាន សិក្សាព្រះគម្ពីរ ហើយអានពររបស់លោកអយ្យកោរបស់ខ្ញុំ ។ មានអំណរគុណដល់ទ្រង់ ដែលអាជីវកម្មសម្ភារការិយាល័យរបស់យើងដែលយើងបានចាប់ផ្តើមកាលពីបីឆ្នាំមុនបានទទួលជោគជ័យកាន់តែច្រើននៅឆ្នាំនេះ ។ ខ្ញុំចង់ប្រាប់ក្មេងៗដទៃទៀតថា ពួកគេគួរតែត្រៀមខ្លួនជានិច្ចដើម្បីពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។ ពេលខ្ញុំធ្វើបែបនេះ ខ្ញុំអាចជំនះឧបសគ្គរបស់ខ្ញុំបាន » ។
កម្លាំងតាមរយៈការផ្តោតអារម្មណ៍កាន់តែខ្លាំង
ព្យាការីនីហ្វៃ ដែលស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងពេញមួយជីវិតរបស់លោក បានបង្រៀនសេចក្ដីពិតដ៏ស្រស់ស្អាតនេះ ៖
« ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលនូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះនោះព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។
ក្តីសង្ឃឹមដែលជាប្រភពនៃកម្លាំងដ៏ខ្លាំងក្លាប្រឆាំងនឹងភាពសោកសៅ កើតឡើងនៅពេលយើងផ្តោតអារម្មណ៍លើព្រះយេស៊ូវគ្រីស្ទ ។ តើដល់ពេលត្រូវបង្វែរការផ្តោតអារម្មណ៍របស់អ្នកទៅកាន់ទ្រង់បន្តិចទៀតហើយឬនៅ ?