« បទគម្ពីរចំនួន ១២ សម្រាប់ពេលអ្នកមានអារម្មណ៍ … » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ទំព័រ–ទំព័រ ។
កម្លាំងមកពីព្រះគម្ពីរទាំងឡាយ
បទគម្ពីរចំនួន ១២ សម្រាប់ពេលអ្នកមានអារម្មណ៍ …
បទគម្ពីរគឺពោរពេញទៅដោយការបំផុសគំនិត មិនថាយើងមានអារម្មណ៍យ៉ាងណានោះទេ ។
កាលពីប៉ុន្មានឆ្នាំមុន អេលីសាបិត អេ អាយុ ១៧ ឆ្នាំមកពីរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក បានចាប់ផ្តើមមានអារម្មណ៍ថប់បារម្ភ ហើយអារម្មណ៍នេះកាន់តែមានសភាពធ្ងន់ធ្ងរទៅ ។ នាងបាននិយាយថា « ខ្ញុំមានអារម្មណ៍ថា មួយថ្ងៃៗវាយូរណាស់ ។ ទំរាំចប់មួយថ្ងៃៗ វាពិបាកណាស់សម្រាប់ខ្ញុំ » ។
ដើម្បីស្វែងរកការលួងលោម អេលីសាបិតបានសម្រេចចិត្តអានបទគម្ពីរជារៀងរាល់យប់ ។ យូរៗទៅ នាងចាប់ផ្តើមមានអារម្មណ៍កាន់តែសប្បាយរីករាយ ។
នាងបាននិយាយថា « ខ្ញុំដឹងថាខ្ញុំមិននៅតែម្នាក់ឯងទេ ។ « ខ្ញុំបានដឹងថាព្រះស្រឡាញ់ខ្ញុំ ហើយបានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់យល់ពីការឈឺចាប់ ទុក្ខព្រួយ សោកសៅ និងការអស់សង្ឃឹមរបស់យើង ។ តាមរយៈបទគម្ពីរ ខ្ញុំមានទំនាក់ទំនងដ៏រឹងមាំជាមួយព្រះគ្រីស្ទ ហើយមានទស្សនៈវិជ្ជមានចំពោះជីវិត ! »
អេលីសាបិតបានរៀនថាព្រះគម្ពីរពោរពេញទៅដោយខគម្ពីរ និងដំណើររឿងអំពីរបៀបដែលសេចក្តីសង្ឃឹម សេចក្តីសុខសាន្ត និងកម្លាំងត្រូវបានរកឃើញនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ វីរជនក្នុងព្រះគម្ពីរដែលយើងចូលចិត្តជាច្រើនបានប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកផ្សេងៗ ។ ហើយក្នុងគ្រប់ករណីទាំងអស់ ពួកលោកបានរកឃើញក្តីសង្ឃឹម សេចក្តីសុខសាន្ត និងកម្លាំង នៅពេលពួកលោកងាកមករកព្រះយេស៊ូវគ្រីស្ទ ។
ការអានព្រះគម្ពីរប្រហែលជាមិនអាចដោះស្រាយនូវអ្វីដែលអ្នកកំពុងឆ្លងកាត់នោះទេ ប៉ុន្តែសេចក្តីពិតដែលបានបង្រៀននៅក្នុងព្រះគម្ពីរអាចផ្តល់ឲ្យអ្នកនូវកម្លាំង និងការធូរស្រាល ។ នេះគឺជាខគម្ពីរមួយចំនួនដែលអ្នកអាចរកមើល ប្រសិនបើអ្នកត្រូវការគំនិតដែលបំផុសសម្រាប់ខ្លួនអ្នក ឬមិត្តភក្តិ ។ តើអ្នកអាចរកឃើញដោយខ្លួនឯងបានខ្លះទេ ?
តើអ្នកទទួលអារម្មណ៍នេះ នៅពេលណា …
សោកសៅ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៦
ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់ គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ។
មិនគ្រប់គ្រាន់ ៖ លូកា ១២:៦–៧
សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ។ យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន ។
ខ្មាស ៖ អេសាយ ៥៤:៨
អាណិតអាសូរដល់ឯង ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ ។
ច្រានចោល ៖ អាលម៉ា ២៧:២៧
ចូរទ្រាំដោយសេចក្ដីអត់ធ្មត់នូវការទុក្ខវេទនាទាំងឡាយរបស់អ្នកចុះ ហើយយើងនឹងប្រទានដល់អ្នកនូវជ័យជម្នះ ។
អស់សង្ឃឹម ៖ មរ៉ូណៃ ៧:៤១
អ្នករាល់គ្នានឹងមានសេចក្តីសង្ឃឹមដោយរយៈដង្វាយធួននៃព្រះគ្រីស្ទ និងអំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ។
ភាពទន់ខ្សោយ ៖ អេធើរ ១២:២៧
បើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ ។
ខ្លាច ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៨
យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នកដើម្បីទ្រអ្នកឡើង ។
ឈឺចាប់ ៖ ទំនុកដំកើង ៣០:២
ឱ ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា ។
ភ័យខ្លាច ៖ យ៉ូស្វេ ១:៩
ចូរឲ្យមានកម្លាំង និង ចិត្តក្លាហានចុះ…ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង ។
ឯកោ ៖ យ៉ូហាន ១៤:១៨
ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ ។
ខឹង ៖ មរ៉ូណៃ ៧:៤៨
ចូរអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ។
ខ្វះការអត់ធ្មត់ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:១៥
ហេតុដូច្នេះហើយ ចូរឲ្យចិត្តអ្នកបានក្សាន្តចុះ ដ្បិតគ្រប់ការណ៍ទាំងអស់នឹងបានផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកគេ ដែលដើរដោយទៀងត្រង់ ។