ដើម្បី​កម្លាំង​នៃ​យុវជន
ស្វែងរក​កម្លាំង​របស់​អ្នក​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ
ខែ មីនា ឆ្នាំ ២០២៤


« ស្វែងរក​កម្លាំង​របស់​អ្នក​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

ស្វែងរក​កម្លាំង​របស់​ទ្រង់

ស្វែងរក កម្លាំង របស់​អ្នក​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា កម្លាំង​នៃ​យុវជន—យុវវ័យ​គ្រប់រូប​នៅលើ​ផែនដី—ហើយ​ប្រាកដ​ណាស់​រួមទាំង​អ្នក​ផងដែរ !

ព្រះ​យេស៊ូវ​គ្រីស្ទ

ស្តាប់​ទ្រង់ ហាលី មីលលើរ

ខ្ញុំ​រីករាយនឹង​ណែនាំ​នូវ​ច្បាប់​ពិសេស​នៃ​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន ។ អត្ថបទ សកម្មភាព និង​ដំណើររឿង​មកពី​យុវវ័យ​ទូទាំង​ពិភពលោក​នឹង​ជួយពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​មួយ​ដ៏​មាន​សារៈសំខាន់​ដែល​ស៊ីជម្រៅ និង​អស់កល្បជានិច្ច ដែល​បាន​លើក​ឡើង​ដោយ​គណៈប្រធាន​ទីមួយ ។ ពួកលោក​បាន​ប្រកាស​ដោយ​សុទិដ្ឋិនិយម​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា « ទ្រង់​គឺជា​‹ កម្លាំង​នៃ​យុវជន › » ។ វាមានន័យ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក ។ ខ្ញុំ​សូមអធិស្ឋាន​ថា អ្នក​នឹង​ឱបក្រសោប​សេចក្ដីពិត​នេះ​ប្រកប​ដោយ​អំណរ​នៅ​គ្រា​ដ៏​សំខាន់​ក្នុង​ជីវិត​របស់អ្នក ទាំងនៅ​ពេលនេះ និង​ជារៀងរហូត ។

មនុស្ស​គ្រប់គ្នា​ត្រូវការ​កម្លាំង​នៅក្នុង​ព្រះគ្រីស្ទ

អ្នក​ពុំមែន​ស្ថិត​នៅលើផែនដី​នេះ​ដោយភាព​ចៃដន្យ ឬ​ដោយ​កំហុស​ណាមួយ​ឡើយ ។ អ្នក​បាន​ជ្រើសរើស​មកកាន់​ផែនដី​នេះ​ដើម្បី​រៀនសូត្រ រីកចម្រើន ធ្វើ​រឿង​ដ៏អស្ចារ្យ និង​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ នៅក្នុង​ដំណើរនេះ អ្នកនឹង​ជួប​នូវ​គ្រាលំបាក ការសាកល្បង​ផ្ទាល់ខ្លួន ការ​បាក់ទឹកចិត្ត និង​ការ​ខកចិត្ត​ដែល​អាច​នឹងធ្វើ​ឲ្យ​មាន​ការថប់បារម្ភ ។ ឥឡូវនេះ​ប្រហែល​ជាអ្នក​មាន​អារម្មណ៍​ថា ជាប់ផុង​នៅក្នុង​គ្រា​មួយ​បែប​នេះ ។

នៅក្នុង​គ្រាទាំងនេះ សូមចងចាំ​ថា ព្រះវរបិតា​សួគ៌​របស់​អ្នកស្រឡាញ់​អ្នក ។ ទ្រង់​តែងតែធ្វើ​ដូច្នោះ ហើយ​ទ្រង់​នឹង​ធ្វើ​ដូច្នោះ​ជានិច្ច ។ ដោយសារ​តែ​សេចក្ដីស្រឡាញ់​ដ៏​គ្មាន​ព្រំដែន និង​ដ៏​ល្អឥតខ្ចោះ​របស់​ទ្រង់ នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​ពង្រឹង​អ្នក ហើយ​ជួយអ្នក​ឲ្យ​ដើរ​ឆ្ពោះទៅមុខ ។ ហើយ​ព្រះយេស៊ូវ​បាន​យាង​មក​ដោយសារ​ទ្រង់​ស្រឡាញ់​អ្នក​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ។

ជាអកុសល មនុស្ស​មួយចំនួន​ពុំ​ដឹង​ថា ពួកគេ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​នោះទេ ។ ដូចជា​មនុស្ស​ទូទៅ​ដែល​ធ្វើកំហុស​ដែល​ពួកគេ​ពុំអាចជួស​ជុល​បានដែរ ពួកគេ​ពុំយល់ថា ពួកគេ​ដកពិសោធន៍​នូវការបាត់បង់​ដែលពួកគេ​ពុំអាច​ស្ដារឡើងវិញ​បាន ហើយ​ជួបប្រទះ​នឹង​ឧបសគ្គ និង​សោកនាដកម្ម​ដែល​ពួកគេ​ពុំអាច​ស៊ូទ្រាំ​ដោយ​ខ្លួន​ឯង​បាន ។ ឬ​ក៏​អាច​យកឈ្នះ​លើ​អំពើបាប និង​សេចក្ដីស្លាប់​ដោយ​ខ្លួន​ឯង​បាន​ឡើយ ។ វាមានន័យ​ថា ពួកគេ—និង​មនុស្ស​ទាំងអស់—ត្រូវការ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជាមួយ​នឹង​កម្លាំង​ដែល​ដង្វាយធួន​អាច​មាន ។

អ្នកប្រហែល​ជាគិត​ថា « ល្អខ្លាំង​ណាស់ អែលឌើរ ហូឡិន តើខ្ញុំអាច​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្លាយ​ជា​កម្លាំងរបស់​ខ្ញុំ​យ៉ាងដូចម្ដេច ? » ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​អនុញ្ញាត​ឲ្យខ្ញុំ​ចែកចាយ​វិធីមួយ​ចំនួន​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ពង្រឹង​អ្នក​ជារៀងរាល់ថ្ងៃ ។

ព្រះ​យេស៊ូវ​គ្រីស្ទ

សេចក្ដីសង្គ្រោះ​ខិតជិត​ដល់ហើយ ដោយ ដាវីឌ ម៉ាក់ក្លេឡេន

ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ពង្រឹង​អ្នក

នៅយប់​ចុងក្រោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ នោះព្រះយេស៊ូវ​បាន​យាងចូល​ទៅក្នុង​សួនច្បារ​គែតសាម៉ានី ។ នៅទីនោះ ទ្រង់បាន​លុតជង្គង់​នៅ​កន្លែង​ដែល​មាន​សុទ្ធតែ​ដើម​អូលីវ ហើយ​បាន​ចាប់ផ្ដើម​លើក​ដាក់​លើ​អង្គទ្រង់​នូវ​អំពើបាប​នៃ​ពិភពលោក ។ ការរងទុក្ខ​ដ៏មហិមា និង​ដ៏និរន្ដរ​នេះ​« បាន​បណ្ដាល​ឲ្យ​[ ទ្រង់ ]​…​ហូរ​ព្រះលោហិត​ចេញពី​គ្រប់​រន្ធញើស​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៨ ) ។

បន្ទាប់មក​គេ​យក​ព្រះ​យេស៊ូវ​ទៅ​ឆ្កាង​នៅ​កាលវ៉ារី ។ នៅ​ទីនោះ​ទ្រង់​បាន​បំពេញ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ទ្រង់​បាន​ស្ម័គ្រព្រះទ័យ​ប្រគល់​ជីវិត​របស់​ទ្រង់ ហើយ​បន្ទាប់មក​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដោយ​ជោគជ័យ ។ នៅ​រដូវកាល​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​រីករាយ​នៅក្នុង​ការប្រកាស​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ! ខ្ញុំ​សូម​ប្រកាស​ថា ដើម្បី​ធ្វើ​បែប​នោះ​បាន ទ្រង់​មិន​ត្រឹមតែ​លើក​បន្ទុក​នៃ​អំពើបាប​ឲ្យ​បាន​ធូរស្រាល​នោះ​ទេ ប៉ុន្តែ​ក៏ « [ បាន ] រងការឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង គ្រប់​បែប​យ៉ាង » ( អាលម៉ា ៧:១១ បាន​បន្ថែម​ការបញ្ជាក់​ន័យ ) ។

ព្រះអង្គ​សង្រ្គោះ​មាន​ព្រះទ័យ​យល់​ពី​ការឈឺចាប់ និង​ទុក្ខព្រួយ ហើយ​ស៊ូទ្រាំ​តាម​របៀប​របស់​ព្រះអង្គ​ផ្ទាល់ នូវ​រាល់​ទុក្ខព្រួយ និង​ការរងទុក្ខ​ដែល​អ្នក ខ្ញុំ និង​ព្រលឹង ទាំងអស់ ដែល​ធ្លាប់​រស់នៅ ឬ​នឹង​ធ្លាប់​រស់នៅ ។ ដោយសារ​អ្វី​ដែល​ទ្រង់​បាន​ឆ្លងកាត់​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​វិញ្ញាណ​សម្រាប់​អ្នក ទ្រង់​ជ្រាបដឹង​ពី​របៀប​ដើម្បី​ពង្រឹង​អ្នក ។

ប្រហែលជា​វា​ពិបាក​សម្រាប់​អ្នក​ដើម្បី​ជឿ​ថា ព្រះយេស៊ូវ​នឹង​ចាប់​ព្រះទ័យ​ជួយ​​អ្នក​តែម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់លាន​នាក់​ដែល​មាន​អាយុ​ដូចគ្នា ។ ប្រសិនបើ​អ្នក​ធ្លាប់​គិត​ថា ទ្រង់​មាន​កិច្ចការ​សំខាន់​ជាង​ដែល​ត្រូវ​ធ្វើ ជា​ជាង​មក​ពង្រឹង​អ្នក​ក្នុង​គ្រា​ដែល​ត្រូវការ នោះ​សូម​គិត​អំពី​ទ្រង់​នៅ​ក្នុង​សួនច្បារ សូម​គិត​អំពី​ទ្រង់​នៅលើ​ឈើ​ឆ្កាង​នោះ ។ « ទ្រង់​បាន​រងទុក្ខ​ហូរ​លោហិត និង​សុគត » សម្រាប់​អ្នក ដោយសារ​ទ្រង់​បានជ្រាបដឹង​ថា អ្នក​មាន​តម្លៃ​ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​បែប​នេះ ។ ទ្រង់​នៅ​តែ​ជ្រាបដឹង​អំពី​ការណ៍​នោះ ។ ទ្រង់​គឺ ពិតជា ចាប់​ព្រះទ័យ ស្ម័គ្រ​ព្រះទ័យ និង​អាច​ជួយ អ្នក—ឥឡូវ​នេះ និង​ជា​រៀងរហូត ។ ទ្រង់​ប្រទាន​ព្រះជន្ម របស់​ទ្រង់ ដើម្បី​ទ្រង់​អាច​ពង្រឹង​អ្នក នៅពេល​អ្នក​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​ផ្លាស់ប្តូរ​ជីវិត ៖ ចូរ​មក​ឯ​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។

សូម​ជ្រើសរើស​ដើរ​ជាមួយ​ទ្រង់

វា​ជា​ជម្រើស​របស់​អ្នក​ក្នុងការ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ទ្រង់​ជា​កម្លាំង​របស់​អ្នក ។ ទ្រង់ « បាន​គូស​ដាន ហើយ​ដឹក​នាំផ្លូវ » ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតាសួគ៌​វិញ ។ តាមពិត​ទៅ ទ្រង់ គឺជា « ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។

អ្នក​ស្វែងរក​ផ្លូវ​ដោយ​ការ​ឱបក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក ។ អ្នក​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​កាន់តែ​ស៊ីជម្រៅ នៅពេល​អ្នក​ជ្រើសរើស​ទទួល​បុណ្យជ្រមុជទឹក​ក្នុង​ព្រះនាម​ទ្រង់ ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់មក អ្នក​បន្ត​នៅលើ​ផ្លូវ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ដោយ​ការរក្សា​បទបញ្ញត្តិ ទទួល​ពិធីបរិសុទ្ធ គោរព​សេចក្តីសញ្ញា និង​រស់នៅ​ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ ។

សកម្មភាព​ទាំងនេះ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល—ជា​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា—ដែល​ចង​អ្នក​យ៉ាង​មាន​សុវត្ថិភាព​ជាមួយ​ព្រះគ្រីស្ទ—និង​ទ្រង់​ចំពោះ​អ្នក ។ នៅពេល​អ្នក​ដើរ​ជាមួយ​ទ្រង់ ទ្រង់​និង​ព្រះវរបិតា​ក្លាយជា​ប្រភព​ចុងក្រោយ​នៃ​ការដឹកនាំ និង​កម្លាំង​ខាង​វិញ្ញាណ​របស់អ្នក ។ បន្ទាប់មក អ្នក​អាច​ឆ្ពោះ​ទៅមុខ​ដោយ​សុវត្ថិភាព និង​សប្បាយ​រីករាយ​ជា​រៀងរាល់​ថ្ងៃ ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់​ទាំងទ្វេ ហើយ​នៅ​ថ្ងៃ​ណា​មួយ​ត្រឡប់​ទៅរស់​នៅជា​មួយ​ទ្រង់ ទាំងទ្វេ​វិញ ហើយ​មាន​ជីវិត​បែប​ដែល​ទ្រង់​ទាំងទ្វេ​រស់នៅ ។

ស្ត្រី​សម្លឹងមើល​ទៅ​ព្រះ​យេស៊ូវ​គ្រីស្ទ

Look unto Me [ មើល​មក​ឯ​ខ្ញុំ ] ដោយ​អេវ៉ា ខូលេវ៉ា ធីម៉ូធី

ឆ្ពោះ​ទៅមុខ​ក្នុង​កម្លាំង​របស់​ទ្រង់

អស់​ពី​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ នៅពេល​អ្នក​ឈាន​ជើង​ទៅ​រក​ទ្រង់ ឈោង​ទៅ​រក​ទ្រង់ ហើយ​អញ្ជើញ​ទ្រង់​ធ្វើ​ជា​កម្លាំង​របស់អ្នក នោះ​ទ្រង់​នឹង​មក​រក​អ្នក ហើយ​អ្នក​នឹង​រកឃើញ​ទ្រង់ ។ គ្មាន​ជម្រើស​ណា​ដែល​អ្នក​អាច​ធ្វើ​បាន ដែល​ដាក់​អ្នក​នៅ​កន្លែង​ដែល​ហួស​ពី​សមត្ថភាព​របស់​ទ្រង់​ឈោង​ទៅ​នោះ​ទេ ។ ខ្ញុំ​ជឿ​អស់ពី​ចិត្ត​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពី​មុន ៖ « វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក [ ឬ​នរណា​ម្នាក់ ] ដើម្បី​លិច​ទៅ​ជ្រៅ​ជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដ៏​និរន្ដន៍ ដែល​អាច​ចែងចាំង​ដល់​បាន​ទេ » ។

ប្រសិនបើ​អ្នក​មករក​ព្រះ​គ្រីស្ទ​ជាមុន និង​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ជានិច្ច​ដោយ « អស់​ពី​ដួង​ចិត្ត » ( នីហ្វៃទី ៣ ១៨:៣២ ) ទ្រង់​នឹង​ធ្វើ​ដំណើរ​ជីវិត​ជា​មួយ​អ្នក ។ ទ្រង់​នឹង​ចាប់ដៃ​អ្នក ហើយ​ធ្វើ​ជា​សេចក្ដីសង្ឃឹម​របស់​អ្នក ។ ទ្រង់​នឹង​ធ្វើ​ជា​កម្លាំង​របស់​អ្នក ។ ហើយ​ទ្រង់​នឹង​នាំ​មក​នូវ​សុភមង្គល​ដ៏​យូរអង្វែង សេចក្តីសុខសាន្ត​ពិតប្រាកដ និង​អំណរ​ដ៏​មហិមា​ដល់​អ្នក ។

ក្នុង​នាមជា​សាក្សី​ពិសេស​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា​ថា នេះ​គឺជា​ការពិត ។