« ខ្ញុំមានភាពតានតឹង ! « ឥឡូវនេះធ្វើដូចម្តេចទៅ ? » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងក្នុងគ្រាដែលមានភាពតានតឹង
ខ្ញុំមានភាពតានតឹង ! ឥឡូវនេះធ្វើដូចម្តេចទៅ ?
នេះជាយោបល់មួយចំនួនទៀត ដើម្បីជួយអ្នកទទួលបានព្រះចេស្តានៃការបន្ធូរភាពតានតឹងរបស់ព្រះអង្គសង្រ្គោះ ។
ភាពតានតឹង ការថប់បារម្ភ ឈឺចាប់ សម្ពាធ បញ្ហា ព្រួយបារម្ភ ។
មិនថាអ្នកហៅវាជាអ្វីទេ វាគឺជាផ្នែកមួយនៃជីវិតរមែងស្លាប់ចាប់តាំងពីលោកអ័ដាម និងនាងអេវ៉ាចាកចេញពីសួនច្បារមកម្ល៉េះ ។ គ្មានរូបមន្តសម្រាប់ « ជីវិតដែលគ្មានភាពតានតឹងនោះទេ » ។ តាមពិតទៅ ជីវិតដែលគ្មានភាពតានតឹងនឹងជំទាស់ដល់គោលបំណងជីវិតហើយ ! ( សូមមើល នីហ្វៃទី២ ២:១១–១២ ) ។
ដោយសារយើងមិនអាចបំបាត់ភាពតានតឹងបានទាំងស្រុង យើងគួរផ្តោតលើរបៀបដែលយើងដោះស្រាយវាវិញ ។ ប្រភពនៃភាពតានតឹងភាគច្រើនអាចបែងចែកជាពីរប្រភេទ ៖
-
អ្វីដែលអ្នកអាចគ្រប់គ្រងបាន ។
-
អ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន ។
១. អ្វីដែលអ្នកអាចគ្រប់គ្រងបាន
អស់ជាច្រើនឆ្នាំ មនុស្សជាច្រើនដែលមានជំនឿផ្សេងទៀតបានរកឃើញការលួងលោមក្នុងការសូត្រនូវអ្វីដែលហៅថា « Serenity Prayer [ ការអធិស្ឋានដ៏ស្ងប់ស្ងាត់ ] » ៖ « ព្រះប្រទានឲ្យខ្ញុំនូវភាពស្ងប់ស្ងាត់ដើម្បីទទួលយកអ្វីដែលខ្ញុំមិនអាចផ្លាស់ប្តូរ ភាពក្លាហានក្នុងការផ្លាស់ប្តូរអ្វីដែលខ្ញុំអាចធ្វើបាន និងប្រាជ្ញាដើម្បីដឹងពីភាពខុសគ្នា » ។១
ព្យាការី យ៉ូសែប ស៊្មីធ បានផ្ដល់ដំបូន្មានស្រដៀងគ្នាដល់ពួកបរិសុទ្ធសម័យដើមនៅក្នុងការគ្រប់គ្រងឧបសគ្គរប់សពួកគេជាច្រើន ៖ « ហេតុដូច្នេះហើយ បងប្អូនដ៏ស្ងួនភ្ងាអើយ ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀម ដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧; បានបន្ថែមការបញ្ជាក់) ។
និយាយម្យ៉ាងវិញទៀត ៖ ធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពរបស់អ្នក សល់ប៉ុន្មានទុកឲ្យព្រះជាអ្នកជួយ ។ ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ដូចជា ៖
ជម្រើសផ្ទាល់ខ្លួនរបស់អ្នក
ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើង « មានឥស្សរភាពរហូតតទៅ ដោយដឹងខុសនិងត្រូវ ដើម្បីធ្វើសកម្មភាពដោយ [ ខ្លួនយើង ] ហើយពុំមែនទទួលសកម្មភាពទេ » ( នីហ្វៃទី ២ ២:២៦ ) ។ យើងគួរ « ឧស្សាហ៍ចូលរួម [ ដោយអន្ទះសារ ] » នៅក្នុងការធ្វើល្អ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧ ) ។
បុគ្គលិកលក្ខណៈរបស់អ្នក
កវីនិពន្ធអាមេរិក ម៉ាយ៉ា អេងជីឡូ បានសរសេរថា « អ្វីដែលអ្នកគួរធ្វើ នៅពេលដែលអ្នកមិនចូលចិត្តអ្វីមួយ គឺត្រូវផ្លាស់ប្តូរវា ។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរវាបានទេ ចូរប្តូររបៀបគិតរបស់អ្នក » ។២ សូមរកមើលចំណុចវិជ្ជមាននៅក្នុងមនុស្ស និងស្ថានភាព ។ បង្វែរកិច្ចការទៅជាការសប្បាយៗ ។ ការអាណិតខ្លួនឯងចំពោះជំនួសឲ្យការដែលអ្នកស្អប់ស្ថានការណ៍នោះនឹងមិនធ្វើឲ្យវាប្រសើរឡើងឡើយ ។
ការឆ្លើយតប របស់អ្នកចំពោះអ្វីៗដែលអ្នកមិនអាចគ្រប់គ្រងបាន
អ្នកមិនអាចការពារមិនឲ្យមានព្យុះសង្ឃរានោះទេ ប៉ុន្តែអ្នកអាចផ្តល់ពេលវេលា ប្រាក់កាស ឬកម្លាំងពលកម្មដើម្បីជួយអស់អ្នកដែលរងផលប៉ះពាល់ពីគ្រោះទាំងនោះ ។ អ្នកមិនអាចបញ្ឈប់មិត្តភក្តិមិនឲ្យចាកចេញពីសាសនាចក្របានទេ ប៉ុន្តែអ្នកអាចបន្តស្រឡាញ់ពួកគេ ហើយធ្វើជាគំរូល្អ ។ អ្នកមិនអាចជួយបានទេ បើនរណាម្នាក់និយាយអ្វីដែលមិនល្អចំពោះអ្នក ប៉ុន្តែអ្នកអាចជ្រើសរើសរបៀបដើម្បីឆ្លើយតបចំពោះការនិយាយនោះបាន ។
ហើយជុំវិញរឿងទាំងអស់នេះ សូមចងចាំរឿងមួយដែលអ្នកអាចធ្វើបានជានិច្ច ៖ អធិស្ឋាន ។ ទូលសុំព្រះឲ្យធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន—ដើម្បីផ្លាស់ប្ដូរអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរ ។ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យមានអារម្មណ៍សុខសាន្តបាន ។
២. អ្វីៗដែលអ្នកមិនអាចគ្រប់គ្រងបាន
នេះជាប្រភេទដែលងាយស្រួលបំផុតក្នុងការដោះស្រាយ ព្រោះយុទ្ធសាស្ត្រគឺសាមញ្ញ ៖
ប្រសិនបើអ្នកមិនអាចគ្រប់គ្រងវាបាន សូមកុំបារម្ភអំពីវា ។
ផ្ទុយទៅវិញ អនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងផ្ដោតលើអ្វីដែលអ្នក អាច គ្រប់គ្រងបានវិញ ។ សូមព្យាយាមកុំឲ្យការព្រួយបារម្ភគ្រប់ដណ្ដប់លើអ្នក ។
ជាការពិតណាស់ ការនិយាយវាស្រួលជាងការធ្វើ ។ ( តើអ្នកមិនចង់ឲ្យអ្នកមានកុងតាក់ « កង្វល់ » ដែលអ្នកគ្រាន់តែចុចបិទ និងបើកឬទេ ? )
ប៉ុន្តែការទទួលយកថាបញ្ហានោះ គឺហួសពីការគ្រប់គ្រងរបស់អ្នក គឺជាជំហានដំបូងដើម្បីកុំឲ្យអ្នកមានភាពតានតឹង ។ បន្ទាប់មក អ្នកដាក់សេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
អ្វីៗដែលយើងមិនអាចគ្រប់គ្រងបានជាទូទៅស្ថិតក្រោមប្រភេទមួយក្នុងចំណោមពីរប្រភេទ ៖
បាតុភូតធម្មជាតិ
គ្រោះទុរភិក្ស គ្រោះរាំងស្ងួត គ្រោះធម្មជាតិ ជំងឺរាតត្បាត ដែនកំណត់ខាងរាងកាយ និងលក្ខខណ្ឌសុខភាពមួយចំនួន អាកប្បកិរិយារបស់មនុស្សអាចប៉ះពាល់ដល់រឿងទាំងនេះ ហើយជាធម្មតាមានជំហានដែលយើងអាចធ្វើដើម្បីត្រៀមខ្លួន ឬកាត់បន្ថយផលប៉ះពាល់ពីអ្វីៗទាំងនេះ ។ ប៉ុន្តែយើងមិនអាចគ្រប់គ្រងវាពីមួយថ្ងៃទៅមួយថ្ងៃបានទេ ។
ជម្រើសរបស់អ្នកដទៃ
របៀបដែលមនុស្សប្រព្រឹត្តនៅលើអនឡាញ ។ មិនថាមិត្តភក្ដិរបស់អ្នកនៅក្នុងសាសនាចក្រឬអត់ទេ ។ អ្វីដែលមនុស្សនិយាយនៅពីក្រោយខ្នងរបស់អ្នក ។ តុលាការ និងរដ្ឋាភិបាលគឺជាអ្នកធ្វើការសម្រេចចិត្ត ។ កម្មវិធីអ្វីដែលនឹងផ្សាយនៅលើកញ្ចក់ទូរសទ្សន៍ ។ តើវាមានតម្លៃប៉ុន្មាន ។ អ្នកអាចផ្តល់យោបល់របស់អ្នក ប៉ុន្តែនៅទីបំផុត ការជ្រើសរើសទាំងអស់ដែលអ្នកផ្សេងក្រៅពីខ្លួនអ្នកបានជ្រើសរើសគឺហួសពីការគ្រប់គ្រងរបស់អ្នក ។