ដើម្បី​កម្លាំង​នៃ​យុវជន
តើ​នៅពេល​ណា​ខ្ញុំ​ឈប់​មាន​អារម្មណ៍​ថា​ធ្វើ​ខុស និង​ខ្មាសអៀន ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​នៅពេល​ណា​ខ្ញុំ​ឈប់​មាន​អារម្មណ៍​ថា​ធ្វើ​ខុស និង​ខ្មាសអៀន ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

កម្លាំង​ដើម្បី​យក​ឈ្នះ​អំពើ​បាប

តើ​នៅពេល​ណា​ខ្ញុំ​ឈប់​មាន​អារម្មណ៍​ថា​ធ្វើ​ខុស និង​ខ្មាសអៀន ?

ពេលខ្លះ អារម្មណ៍​អស់​សង្ឃឹម​ចំពោះ​ខ្លួនឯង ហាក់​ដូចជា​ងាយស្រួល​ជាង​ការ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ដែល​​ព្រះអង្គ​សង្គ្រោះ​មាន​ឲ្យ​អ្នក—ប៉ុន្តែ​ដូច​ដែល​នីហ្វៃ​បានដឹង វា​មិន​ចាំបាច់​ជា​បែប​នោះ​ទេ ។

នីហ្វៃ​សរសេរ​នៅលើ​ផ្ទាំង

នៅពេល​អ្នក​ធ្វើ​អ្វី​មួយ​ខុស អ្នក​ប្រហែលជា​គិត​ថា អ្នក​បរាជ័យ​ហើយ ។ ថា​អ្នក​គួរ​ដឹង​បាន​ល្អ​ប្រសើរ​ជាង​នេះ ។ ថា​អ្នក​គ្មាន​តម្លៃ​នឹង​ឲ្យ​ស្រឡាញ់​ទេ ។

នៅក្នុង​ជម្រៅចិត្ត អ្នក ដឹង ថា អ្វីៗ​ទាំងនោះ​មិន​ពិត​នោះ​ទេ ។ អ្នក​បាន​រៀន​អំពី​តម្លៃ​របស់​អ្នក​ក្នុង​នាម​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះ ហើយ​អ្នក​ដឹង​ថា ការប្រែចិត្ត​គឺ​ពិត និង​អាច​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​ បន្ទាប់ពី​អ្នក​បាន​ធ្វើបាប ឬ​បាន​ធ្វើ​ខុស អ្នក​ប្រហែលជា​នៅ​តែ​ត្រូវ​បាន​ល្បួង​ឲ្យ​ដាក់​ទណ្ឌកម្ម​ខ្លួនឯង​ច្រើន​ជាង​អ្នក​ដទៃ​ដោយ​គិត​ពី​កំហុស និង​ភាពអាម៉ាស់ ។

សូម្បី​តែ​តួអង្គ​នៅក្នុង​ព្រះគម្ពីរ​ដែល​យើង​ចូលចិត្ត​មួយ​ចំនួន ក៏​មាន​អារម្មណ៍​បែប​នេះ​នៅ​ពេល​ខ្លះ​ដែរ ។

សូម្បីតែ​នីហ្វៃ ?

បន្ទាប់ពី​សរសេរ​អំពី​ការទទួល​មរណភាព​របស់​ឪពុក​លោក នីហ្វៃ​បាន​សរសេរ​ថា « តែ​ទោះ​បី​សេចក្ដី​ល្អ​ដ៏​ធំ​របស់​ព្រះ​អម្ចាស់ ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​ពី​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ក៏​ដោយ គង់តែ​ចិត្ត​ខ្ញុំ​ស្រែក​ថា ៖ ឱ​រូប​ខ្ញុំ​អើយ​វេទនា​អ្វី​ម្ល៉េះ ! មែន​ហើយ ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ ឯ​ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ ព្រោះ​តែ​ការ​ល្បួង​ទាំង​ឡាយ និង​អំពើ​បាប​ទាំង​ឡាយ​ដែល​រំខាន​ខ្ញុំ​ដោយ​ងាយ ។ ហើយ​ពេល​ខ្ញុំ​ចង់​សប្បាយ ចិត្ត​ខ្ញុំ​ថ្ងូរ​ទៅ​វិញ ព្រោះ​តែ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្ញុំ » ( នីហ្វៃទី ២ ៤:១៧–១៩ ) ។

នេះ​គឺជា នីហ្វៃ ដែល​យើង​កំពុង​និយាយ​អំពី—ជា​បុគ្គល​ដដែល​ដែល​បាន​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ធ្វើ​ធ្នូ​នៅ​ទីរហោស្ថាន ហើយ​បាន​សង់​សំពៅ ដែល​មិន​ធ្លាប់​បាន​សង់​ពី​មុន​ឡើយ ។ លោក​មាន​ទីបន្ទាល់​អំពី​សេចក្ដីល្អ​របស់​ព្រះអម្ចាស់ ទោះជា​យ៉ាង​នេះ​ក្ដី ក៏​លោក​មាន​អារម្មណ៍​ថា​មិន​គ្រប់គ្រាន់​ដោយសារ​អំពើបាប​និង​ភាពទន់ខ្សោយ​របស់​លោក​ដែរ ។

ដូច្នេះ តើ យើង ត្រូវ​ធ្វើ​អ្វី ? ប្រសិនបើ​វីរបុរស​នៃ​ព្រះគម្ពីរ​មរមន​របស់​យើង​បាន​ពុះពារ​ជាមួយនឹង​អារម្មណ៍​ដែល​មាន​កំហុស និង​ចន្លោះ​ខ្វះខាត តើ​យើង​អាច​ធ្វើ​អ្វី​បាន​នៅពេល​ដែល​យើង​មាន​អារម្មណ៍​ដូចគ្នា​នេះ ?

គន្លឹះ​គឺ​ផ្តោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ

ដំណើររឿង​របស់​នីហ្វៃ មិន​បាន​បញ្ចប់​នៅទី​នោះ​ទេ ។ គន្លឹះ​សម្រាប់​នីហ្វៃ​គឺ​ត្រូវ​ផ្លាស់ប្តូរ​ការផ្តោត​អារម្មណ៍​របស់​លោក​ពី​ខ្លួន​លោក​ទៅ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។

នៅពេល​នីហ្វៃ​កំពុង​យំ លោក​មាន​ប្រសាសន៍​ថា « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត ។ ព្រះ​របស់​ខ្ញុំ គឺ​ជា​ទី​ផ្អែក​របស់​ខ្ញុំ » ( នីហ្វៃទី ២ ៤:១៩–២០ ) ។

បន្ទាប់ពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ វីរបុរស​នៅក្នុង​ព្រះគម្ពីរ​របស់​យើង​លែង​ផ្តោតលើ​ការឈឺចាប់​ដែល​លោក​មាន​អារម្មណ៍​ពី​កំហុស​របស់​លោក​ទៀត​ហើយ ។ ផ្ទុយ​ទៅ​វិញ លោក​រីករាយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​លោក ! នីហ្វៃ មាន​ប្រសាសន៍​ថា « ឱ​ចិត្ត​ខ្ញុំ​អើយ ចូរ​រីករាយ​ឡើង ហើយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ចុះ ហើយ​ចូរ​និយាយ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​សរសើរ​ដំកើង​ព្រះ​អង្គ​ជានិច្ច មែន​ហើយ ព្រលឹង​ទូលបង្គំ​រីករាយ​ទៅ​លើ​ទ្រង់ ឱ​ព្រះ​របស់​ទូលបង្គំ ដែល​ជា​ថ្ម​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ​អើយ » ( នីហ្វៃទី ២ ៤:៣០ ) ។

ដូចជា​នីហ្វៃ​ដែរ អ្នក​អាច​រក​ឃើញ​សេចក្ដី​មេត្តាករុណា ការអភ័យទោស និង​សេចក្តី​សុខសាន្ត​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ថា​អ្នក​អាច​ផ្តល់​ព្រះគុណ​ឲ្យ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​មាន​តួអង្គ​មួយ​ប៉ុណ្ណោះ​ដែល​អាច ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​មាន​ប្រសាសន៍​ថា « ហេតុដូច្នេះ​ហើយ ព្រះគុណ​នៃ​ព្រះគ្រីស្ទ ដែល​បាន​ប្រទាន​ដល់​ពួកយើង ពុំ​គ្រាន់តែ​សង្គ្រោះ​ពី​ភាពសោកសៅ និង​អំពើបាប និង​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សង្គ្រោះ​ពី​ការរិះគន់​ខ្លួនឯង​ជា​ប្រចាំ​ផងដែរ » ។

ដូច្នេះ ពេល​អ្នក​មាន​អារម្មណ៍​សោកសៅ​ខ្លាំង ដែល​អ្នក​មិន​មើលឃើញ​ពី​របៀប​ដើម្បី​យក​ឈ្នះ​លើ​អំពើបាប និង​កំហុស​របស់​អ្នក នោះ​សូម​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​ដែល​ឈប់​ស្រឡាញ់​អ្នក​ឡើយ ។ សូម​ដាក់​ការផ្តោត​អារម្មណ៍​របស់​អ្នក​ទៅលើ​ព្រះអង្គ​សង្គ្រោះ​របស់អ្នក ហើយ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ទាំង​អំពើបាប​របស់អ្នក និង​កំហុស​របស់​អ្នក ។