« ភាពខុសគ្នាជាវិជ្ជមានដែលព្រះគុណរបស់ព្រះគ្រីស្ទអាចធ្វើបាន » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងដើម្បីយកឈ្នះអំពើបាប
ភាពខុសគ្នាជាវិជ្ជមានដែលព្រះគុណរបស់ព្រះគ្រីស្ទអាចធ្វើបាន
នៅពេលយើងយល់ថាព្រះគុណរបស់ព្រះអង្គសង្គ្រោះមិនចាំបាច់ធ្វើអ្វីមួយដើម្បីបាននោះទេ ហើយថាព្រះគុណនេះគឺមានជានិច្ច នោះរឿងអស្ចារ្យអាចកើតឡើងក្នុងជីវិតរបស់យើងបាន ។
នៅពេលខ្ញុំបម្រើជាប៊ីស្សព វាពិតជាអស្ចារ្យណាស់ដែលឃើញយុវជនមានអារម្មណ៍ធូរស្រាល នៅពេលពួកគេបានជួបជាមួយខ្ញុំដើម្បីសារភាពពីអំពើបាប ដែលជាផ្នែកមួយនៃការប្រែចិត្តរបស់ពួកគេ ។ ទោះយ៉ាងណា ខ្ញុំមិនអាចជួយអ្វីបានក្រៅពីការសង្កេតឃើញពីលំនាំដែលកើតឡើងដដែលៗនោះទេ ៖ ពួកក្មេងៗមកសារភាព មានអារម្មណ៍ធូរស្រាលជាងមុន ហើយបន្ទាប់មក—ទោះជាពួកគេមានចេតនាល្អក៏ដោយ—ក៏ត្រឡប់ទៅធ្វើខុសម្តងទៀត ។ បន្ទាប់មក ពួកគេមកសារភាព មានអារម្មណ៍ធូរស្រាលជាងមុន ហើយក៏ត្រឡប់ទៅធ្វើខុសម្តងទៀត ។ បន្ទាប់ពីឆ្លងកាត់វដ្តនោះបានបី ឬបួនដង ជាញឹកញាប់ពួកគេនឹងបោះបង់ចោល ។
ខ្ញុំមានអំណរគុណដែលយុវជនទាំងនេះត្រូវបានរៀនថា តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យពួកគេនូវឱកាសមួយដើម្បីប្រែចិត្ត ហើយចាប់ផ្តើមម្តងទៀត ។ ទោះជាយ៉ាងណា ខ្ញុំបានបារម្ភថា ប្រហែលជាពួកគេមិនយល់គ្រប់គ្រាន់អំពីពរជ័យផ្សេងទៀតដែលព្រះអង្គសង្រ្គោះបានប្រទានឲ្យ ៖ ព្រះគុណរប់សទ្រង់—ដែលជាព្រះចេស្ដាដែលអាចធ្វើបាន១ ជំនួយដ៏ទេវភាព និង « អំណោយទានពិសិដ្ឋនៃកម្លាំង ដោយតាមកម្លាំងដដែលនេះ យើងអាចរីកចម្រើនពីបុគ្គលដែលមានកំហុស និងមានកម្រិតក្នុងពេលនេះ ទៅជាបុគ្គលដែលត្រូវបានលើកតម្កើង »។២
ខ្ញុំបានប្តេជ្ញាចិត្តបង្រៀនឲ្យបានច្បាស់ ដូចជាប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ប្រែចិត្ត …គឺជាដំណើរការមួយ »៣ ដែលជាញឹកញាប់ត្រូវចំណាយពេល និងការខិតខំធ្វើឡើងវិញម្តងទៀត ។៤ ខ្ញុំចង់ឲ្យសមាជិកក្នុងវួដរបស់ខ្ញុំដឹងថា ព្រះបានជួបយើងនៅកន្លែងដែលយើងនៅ ហើយប្រទានព្រះគុណដើម្បីជួយយើងពេញមួយដំណើរការនៃការធ្វើឲ្យល្អឥតខ្ចោះនោះទាំងមូល ទោះជាយ៉ាងណាវាត្រូវការចំណាយពេលយូរ ។
របៀបដែលការយល់ដឹងអំពីព្រះគុណជួយដល់អ្នក ។
កាលពីប៉ុន្មានឆ្នាំមុន ការសិក្សាពីយុវមជ្ឈិមវ័យជាង ៦០០ នាក់នៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បានបង្ហាញថា អ្នកដែលដឹង និងយល់អំពីព្រះគុណបានរាយការណ៍ថាការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការខ្មាសអៀន និងសុក្រឹត្យនិយមគឺមានកម្រិតទាប ។៥ ការសិក្សាតាមដានបានបង្ហាញថា ជំនឿលើព្រះគុណត្រូវបានភ្ជាប់ទៅការដឹងគុណ ការជឿជាក់លើខ្លួនឯង អត្ថន័យក្នុងជីវិត ការពេញចិត្តនឹងជីវិត និងសុទិដ្ឋិនិយមកម្រិតខ្ពស់ ។៦
ម្យ៉ាងវិញទៀត មនុស្សមានអារម្មណ៍មិនសូវខ្មាសអៀន និងគោរពខ្លួនឯងកាន់តែច្រើន នៅពេលដែលពួកគេយល់ថា ព្រះគុណមាននៅទីនេះ និងឥឡូវនេះ មិនមែនបន្ទាប់ពីយើងទៅរក ឬសមនឹងទទួលបាននោះទេ ។ នៅពេលដែលយើងដឹងថាព្រះជួយយើង មិនថាយើងបានធ្វើអ្វីខ្លះ ឬប៉ុន្មានដងដែលយើងមានអារម្មណ៍ថា យើងបានធ្វើឲ្យទ្រង់ខកព្រះទ័យនោះទេ យើងមានអារម្មណ៍ថា មានការបំផុសគំនិតឲ្យបន្តព្យាយាមទៀត ។៧
« ខ្ញុំបានធ្វើឲ្យព្រះវរបិតាសួគ៌ខកព្រះទ័យ »
ថ្មីៗនេះ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានរងរបួសអំឡុងពេលសកម្មភាពកីឡាក្នុងថ្ងៃសម្រាក ហើយត្រូវបានបញ្ជូនទៅផ្ទះដើម្បីព្យាបាល ។ គាត់មានគោលដៅធំដើម្បីទទួលបានជំនួយខាងរាងកាយដែលគាត់ត្រូវការ ហើយបន្ទាប់មកត្រឡប់ទៅបេសកកម្មរបស់គាត់វិញ ។ ទោះជាយ៉ាងណា ពេលវេលានៅតែម្នាក់ឯងច្រើនពេក ដែលគ្មានរចនាសម្ព័ន្ធត្រឹមត្រូវបាននាំឲ្យមានទម្លាប់ចាស់ឡើងវិញ ។
គាត់បានបណ្ដោយខ្លួនធ្លាក់ទៅក្នុងអំពើបាបដែលគាត់គិតថាគាត់បានប្រែចិត្ត ហើយបានបោះបង់ចោលមុនបេសកកម្មរបស់គាត់ ។ គាត់បានបាក់ទឹកចិត្ត និងតូចចិត្តចំពោះការខ្វះការគ្រប់គ្រងលើខ្លួនឯង ។ ពេលគាត់កាន់តែធ្លាក់ទឹកចិត្ត គាត់កាន់តែស្វែងរកការគេចចេញពីទម្លាប់អាក្រក់ទាំងនោះ ។ វាជាវដ្ដធ្លាក់ចូលទៅក្នុងទម្លាប់អវិជ្ជមានយ៉ាងឆាប់រហ័ស ។
យុវជនរូបនោះបានប្រាប់អ្នកដឹកនាំបព្វជិតភាពគាត់ថា « ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើឲ្យព្រះវរបិតាសួគ៌អាក់អន់ព្រះទ័យ ។ ខ្ញុំបានប្រែចិត្តពីបញ្ហានេះពីមុន ហើយព្រះបានអត់ទោសឲ្យខ្ញុំ ។ ខ្ញុំបានសន្យាថានឹងមិនធ្វើវាម្តងទៀតទេ ហើយខ្ញុំនៅទីនេះដូចជាខ្ញុំមិនដែលប្រែចិត្តពីមុនឡើយ ។ ខ្ញុំមិនសមនឹងទទួលបានការអភ័យទោស ឬជំនួយពីព្រះទេ ។ មិនមែនឥឡូវនេះទេ ។ មិនមែនជារៀងរហូត » ។
ថ្នាក់ដឹកនាំបព្វជិតភាពរបស់គាត់បាននិយាយថា « អ៊ីចឹង តើប្អូនមិនរីករាយទេដែលដឹងថា មានព្រះគុណជាអំណោយនោះ ? ប្អូនមិនចាំបានខិតខំ ឬមានគុណសម្បតិ្តដើម្បីទទួលវាទេ ។ ប្អូនគ្រាន់តែត្រូវជ្រើសរើសទទួលវាដោយមានឆន្ទៈបន្តព្យាយាម និងមិនចុះចាញ់ ។៨ បន្ទាប់មកថ្នាក់ដឹកនាំរូបនោះបានចែកចាយពាក្យទាំងនេះរបស់អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « យើងអាចភ្លាត់ភ្លាំងនៅពេលខ្លះបាន ប៉ុន្តែចូរយើងត្រឡប់ទៅលុតជង្គង់ និងឆ្ពោះទៅមុខទៀតឲ្យបានលឿន និងដោយរាបសាទៅរកទិសដៅត្រឹមត្រូវ » ។៩
ជាថ្មីម្តងទៀត យុវជនរូបនោះបានបែរទៅស្ថានសួគ៌ ហើយព្រះអង្គសង្គ្រោះគង់នៅទីនោះដើម្បីជួយ ។ មិនត្រឹមតែរបួសរបស់យុវជនរូបនោះជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យបេះដូងរបស់គាត់បានជាសះស្បើយដែរ ។ ធ្វើគោលដៅតូចៗម្តងមួយៗ ហើយដោយមានព្រះគុណដែលអាចធ្វើទៅបានដោយព្រះយេស៊ូវគ្រីស្ទ គាត់ក៏ចាប់ផ្ដើមបានប្រសើរឡើង ។ មិនយូរប៉ុន្មានគាត់បានត្រឡប់ទៅបេសកកម្មរបស់គាត់វិញដោយពោរពេញដោយការដឹងគុណ ការឲ្យតម្លៃខ្លួនឯង យល់ពីអត្ថន័យ ការពេញចិត្តនឹងជីវិត និងសុទិដ្ឋិនិយម ។ នោះជាភាពខុសគ្នាដែលព្រះគុណរបស់ព្រះគ្រីស្ទអាចបង្កើតបាន ។