សន្និសីទទូទៅ
ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច

មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជានិច្ច ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ យើង​បាន​ទទួលទាន​អាហារ​ខាង​វិញ្ញាណ​អំឡុង​ពេល​ពីរ​ថ្ងៃ​មក​នេះ ។ តន្ត្រី​មក​ពី​ក្រុម​ចម្រៀង​ដ៏ពីរោះ ។ អស់​អ្នក​ដែល​បាន​ឡើង​និយាយ​គឺ​ជា​ឧបករណ៍​តន្ត្រី​សម្រាប់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​ស្វែងរក​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ណែនាំ​បងប្អូន​នៅក្នុង​ការសិក្សា​របស់​ខ្លួន នៅ​ពេល​បងប្អូន​គិត​ពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​ពី​វេទិកា​នេះ ។ សេចក្តី​ពិត​ទាំង​នោះ​បាន​បញ្ជូន​ពី​ស្ថាន​សួគ៌​យ៉ាង​ពិតប្រាកដ ។

មួយ​សប្តាហ៍​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គឺ​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ វា​គឺ​ជា ការ គោរព​ខាង​សាសនា​ដ៏​សំខាន់​បំផុត សម្រាប់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មូលហេតុ​ចម្បង​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ គឺ​ដោយសារ​បុណ្យ​អ៊ីស្ទើរ ។ មេរៀន ចូរ​មក​តាម​ខ្ញុំ​នា​សប្តាហ៍​នេះ​នឹង​បំផុស​ឲ្យ​បងប្អូន​សិក្សា អំពី​ការ​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ប្រកប​ដោយ​ជោគជ័យ​របស់​ព្រះអង្គសង្គ្រោះ ការ​សម្អាត​របស់​ទ្រង់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ការ​រងទុក្ខ​របស់​ទ្រង់​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ការឆ្កាង​របស់​ទ្រង់ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ និង​ការ​បង្ហាញ​ព្រះកាយ​ជា​បន្ត​បន្ទាប់​របស់​ទ្រង់​ដល់​ពួក​អ្នក​ដើរតាម​ទ្រង់ ។

ចូរ​ត្រេកអរ​នឹង​ខគម្ពីរ​ដ៏​ពិសិដ្ឋ​ទាំងនេះ ហើយ​ស្វែងរក​គ្រប់​វិធី​ដែល​បងប្អូន​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះ​វរបិតា​សួគ៌​របស់​យើង ដែល​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​ឲ្យ​យាង​មក ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែចិត្ត ហើយ​ទទួលបាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ។ ដោយ​សារ​ទ្រង់ នោះ​យើង​ម្នាក់ៗ​នឹង​រស់​ឡើង​វិញ ។

ខ្ញុំ​ក៏​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​ឡើង​វិញ អំពី​ដំណើរ​រឿង​នៃ​ការ​បង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ ទៅដល់​ពួក​សាសន៍​នីហ្វៃ​នៅ​ទ្វីប​អាមេរិក ដែល​បាន​កត់​ត្រា​នៅ​ក្នុង​នីហ្វៃ​៣ ។ មិន​យូរ​ប៉ុន្មាន មុន​ពេល​បង្ហាញ​ព្រះកាយ​នោះ ហ្វូង​មនុស្ស​បាន​ឮ​ព្រះសូរសៀង​របស់​ទ្រង់ រួម​ទាំង​ពាក្យ​ពេចន៍​នៃ​ការទូលអង្វរ​ទាំង​នេះ ៖

« តើ​អ្នក​រាល់​គ្នា​មិន​ចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ ដើម្បី​យើង​អាច​ប្រោស​អ្នក​ឲ្យ​បាន​ជា​ទេ​ឬ ?

« … មើល​ចុះ ដៃ​នៃ​សេចក្ដី​មេត្តាករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នក​ណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល » ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ នៅ​ថ្ងៃ​នេះ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ការអញ្ជើញ​ដូច​គ្នា​នោះ​ដល់​បងប្អូន ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មក​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ព្យាបាល បងប្អូន បាន ! ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​អំពើ​បាប នៅ​ពេល​បងប្អូន​ប្រែ​ចិត្ត ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​ភាព​សោកសៅ និង​ការ​ភ័យ​ខ្លាច ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​របួស​នៃ​ពិភព​លោក​នេះ ។

មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ !

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺ​ជា​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ការ​ចុះ​សេចក្តី​សញ្ញា និង​ការ​ទទួល​ពិធីបរិសុទ្ធ​ចាំបាច់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រម​ទាំង​ការព្យាយាម​ខិត​កាន់តែ​ជិត​ទ្រង់​នៅ​ទី​នោះ នឹង​ផ្តល់​ពរ​ដល់​ជីវិត​របស់​បងប្អូន តាម​របៀប​ដែល​គ្មាន​ការ​ថ្វាយ​បង្គំ​ណា​ផ្សេង​ទៀត អាច​ធ្វើ​បាន​ឡើយ ។ ដោយ​មូលហេតុ​នេះហើយ យើង​កំពុង​ខិតខំ​អស់ពី​លទ្ធភាព​ក្រោម​អំណាច​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​កាន់​តែ​ងាយ​ស្រួល ដល់​សមាជិក​របស់​យើង​នៅ​ជុំវិញ​ពិភព​លោក ។ ថ្ងៃនេះ ខ្ញុំ​មាន​អំណរ​គុណ​ដើម្បី​ប្រកាស​ពី​គម្រោង​របស់​យើង ក្នុង​ការ​សាងសង់ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ នៅ​តាម​ទីតាំង​នីមួយៗ​ដូច​ត​ទៅ​នេះ ៖

  • ទីក្រុង រីតថាហ៊ូលូ ប្រទេស ហ្គាតេម៉ាឡា ។

  • ទីក្រុង ​អាយគ្វីតូស ប្រទេស​ពេរូ

  • ទីក្រុង ​តេរេស៊ីណា ប្រទេស ប្រេស៊ីល

  • ទីក្រុង​ ណាតាល់ ប្រទេស ប្រេស៊ីល

  • ទីក្រុង​ ទូហ្គហ្គារ៉ាវ ប្រទេស​ហ្វីលីពីន

  • ទីក្រុង​ អ៊ីឡូឡូ ប្រទេស​ហ្វីលីពីន

  • ទីក្រុង​ ចាកាតា ប្រទេស​ឥណ្ឌូណេស៊ី

  • ទីក្រុង ហាំប៊ឺក ប្រទេស អាល្លឺម៉ង់

  • ទីក្រុង ឡេតប្រ៊ីដ អាល់ប៊ឺតា ប្រទេស កាណាដា

  • ទីក្រុង សាន់ចូស រដ្ឋកាលីហ្វូញ៉ា

  • ប៊េហ្គ័រហ្វៀល រដ្ឋ​កាលីហ្វ័រញ៉ា

  • ទីក្រុង ​ស្ព្រីងហ្វីល រដ្ឋ​មិសសួរី

  • ទីក្រុង ឆាឡិត រដ្ឋខារ៉ូលីណា ខាង ជើង

  • វីនឆេស្ទ័រ រដ្ឋវើរជីញ៉ា

  • ហារីសបឺក រដ្ឋផែនស៊ីវ៉ាញ៉ា

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ធ្វើ​តាម​ទ្រង់​គឺ​ជា​វិធី​តែ​មួយ​គត់​ឆ្ពោះ​ទៅ​រក​សុភមង្គល​ដ៏​យូរ​អង្វែង ។ ខ្ញុំ​ដឹង​ថា ព្រះចេស្តា​របស់​ទ្រង់​កំពុង​ចាក់ស្រោច​មក​លើ​រាស្ត្រ ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដែល​បាន « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។ ដោយ​សេចក្ដី​ស្រឡាញ់ និង​ការប្រសិទ្ធពរ​របស់​ខ្ញុំ​សម្រាប់​បង​ប្អូន​គ្រប់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕