ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច
មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងបានទទួលទានអាហារខាងវិញ្ញាណអំឡុងពេលពីរថ្ងៃមកនេះ ។ តន្ត្រីមកពីក្រុមចម្រៀងដ៏ពីរោះ ។ អស់អ្នកដែលបានឡើងនិយាយគឺជាឧបករណ៍តន្ត្រីសម្រាប់ព្រះអម្ចាស់ ។ ខ្ញុំសូមអធិស្ឋានថា បងប្អូននឹងស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ដើម្បីណែនាំបងប្អូននៅក្នុងការសិក្សារបស់ខ្លួន នៅពេលបងប្អូនគិតពីសេចក្ដីពិតដែលបានបង្រៀនពីវេទិកានេះ ។ សេចក្តីពិតទាំងនោះបានបញ្ជូនពីស្ថានសួគ៌យ៉ាងពិតប្រាកដ ។
មួយសប្តាហ៍ទៀតចាប់ពីថ្ងៃនេះទៅ គឺជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ វាគឺជា ការ គោរពខាងសាសនាដ៏សំខាន់បំផុត សម្រាប់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ មូលហេតុចម្បងដែលយើងប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់ គឺដោយសារបុណ្យអ៊ីស្ទើរ ។ មេរៀន ចូរមកតាមខ្ញុំនាសប្តាហ៍នេះនឹងបំផុសឲ្យបងប្អូនសិក្សា អំពីការចូលក្នុងក្រុងយេរូសាឡិមប្រកបដោយជោគជ័យរបស់ព្រះអង្គសង្គ្រោះ ការសម្អាតរបស់ទ្រង់ក្នុងព្រះវិហារបរិសុទ្ធ ការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី ការឆ្កាងរបស់ទ្រង់ ការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ និងការបង្ហាញព្រះកាយជាបន្តបន្ទាប់របស់ទ្រង់ដល់ពួកអ្នកដើរតាមទ្រង់ ។ ១
ចូរត្រេកអរនឹងខគម្ពីរដ៏ពិសិដ្ឋទាំងនេះ ហើយស្វែងរកគ្រប់វិធីដែលបងប្អូនអាចថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌របស់យើង ដែលបានបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ឲ្យយាងមក ។ ២ ដោយសារព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែចិត្ត ហើយទទួលបានការអភ័យទោសពីអំពើបាបរបស់យើង ។ ដោយសារទ្រង់ នោះយើងម្នាក់ៗនឹងរស់ឡើងវិញ ។
ខ្ញុំក៏សូមអញ្ជើញបងប្អូនឲ្យសិក្សាឡើងវិញ អំពីដំណើររឿងនៃការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះ ទៅដល់ពួកសាសន៍នីហ្វៃនៅទ្វីបអាមេរិក ដែលបានកត់ត្រានៅក្នុងនីហ្វៃ៣ ។ មិនយូរប៉ុន្មាន មុនពេលបង្ហាញព្រះកាយនោះ ហ្វូងមនុស្សបានឮព្រះសូរសៀងរបស់ទ្រង់ រួមទាំងពាក្យពេចន៍នៃការទូលអង្វរទាំងនេះ ៖
« តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ?
« … មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល » ។ ៣
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅថ្ងៃនេះព្រះយេស៊ូវគ្រីស្ទប្រទានការអញ្ជើញដូចគ្នានោះដល់បងប្អូន ។ ខ្ញុំសូមអង្វរបងប្អូនឲ្យមករកទ្រង់ ដើម្បីឲ្យទ្រង់អាចព្យាបាល បងប្អូន បាន ! ទ្រង់នឹងព្យាបាលបងប្អូនពីអំពើបាប នៅពេលបងប្អូនប្រែចិត្ត ។ ទ្រង់នឹងព្យាបាលបងប្អូនពីភាពសោកសៅ និងការភ័យខ្លាច ។ ទ្រង់នឹងព្យាបាលបងប្អូនពីរបួសនៃពិភពលោកនេះ ។
មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ !
ព្រះយេស៊ូវគ្រីស្ទគឺជាមូលហេតុដែលយើងសាងសង់ព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធនីមួយៗគឺជាដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ ការចុះសេចក្តីសញ្ញា និងការទទួលពិធីបរិសុទ្ធចាំបាច់នៅក្នុងព្រះវិហារបរិសុទ្ធ ព្រមទាំងការព្យាយាមខិតកាន់តែជិតទ្រង់នៅទីនោះ នឹងផ្តល់ពរដល់ជីវិតរបស់បងប្អូន តាមរបៀបដែលគ្មានការថ្វាយបង្គំណាផ្សេងទៀត អាចធ្វើបានឡើយ ។ ដោយមូលហេតុនេះហើយ យើងកំពុងខិតខំអស់ពីលទ្ធភាពក្រោមអំណាចរបស់យើង ដើម្បីធ្វើឲ្យពរជ័យនៃព្រះវិហារបរិសុទ្ធមានកាន់តែងាយស្រួល ដល់សមាជិករបស់យើងនៅជុំវិញពិភពលោក ។ ថ្ងៃនេះ ខ្ញុំមានអំណរគុណដើម្បីប្រកាសពីគម្រោងរបស់យើង ក្នុងការសាងសង់ព្រះវិហារបរិសុទ្ធថ្មីមួយ នៅតាមទីតាំងនីមួយៗដូចតទៅនេះ ៖
-
ទីក្រុង រីតថាហ៊ូលូ ប្រទេស ហ្គាតេម៉ាឡា ។
-
ទីក្រុង អាយគ្វីតូស ប្រទេសពេរូ
-
ទីក្រុង តេរេស៊ីណា ប្រទេស ប្រេស៊ីល
-
ទីក្រុង ណាតាល់ ប្រទេស ប្រេស៊ីល
-
ទីក្រុង ទូហ្គហ្គារ៉ាវ ប្រទេសហ្វីលីពីន
-
ទីក្រុង អ៊ីឡូឡូ ប្រទេសហ្វីលីពីន
-
ទីក្រុង ចាកាតា ប្រទេសឥណ្ឌូណេស៊ី
-
ទីក្រុង ហាំប៊ឺក ប្រទេស អាល្លឺម៉ង់
-
ទីក្រុង ឡេតប្រ៊ីដ អាល់ប៊ឺតា ប្រទេស កាណាដា
-
ទីក្រុង សាន់ចូស រដ្ឋកាលីហ្វូញ៉ា
-
ប៊េហ្គ័រហ្វៀល រដ្ឋកាលីហ្វ័រញ៉ា
-
ទីក្រុង ស្ព្រីងហ្វីល រដ្ឋមិសសួរី
-
ទីក្រុង ឆាឡិត រដ្ឋខារ៉ូលីណា ខាង ជើង
-
វីនឆេស្ទ័រ រដ្ឋវើរជីញ៉ា
-
ហារីសបឺក រដ្ឋផែនស៊ីវ៉ាញ៉ា
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមធ្វើជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទដឹកនាំកិច្ចការនៃសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការធ្វើតាមទ្រង់គឺជាវិធីតែមួយគត់ឆ្ពោះទៅរកសុភមង្គលដ៏យូរអង្វែង ។ ខ្ញុំដឹងថា ព្រះចេស្តារបស់ទ្រង់កំពុងចាក់ស្រោចមកលើរាស្ត្រ ដែលរក្សាសេចក្ដីសញ្ញារបស់ទ្រង់ដែលបាន « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ។៤ ដោយសេចក្ដីស្រឡាញ់ និងការប្រសិទ្ធពររបស់ខ្ញុំសម្រាប់បងប្អូនគ្រប់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់នេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕