ឆ្នាំ ២០២៣
បងប្រុស ប្រាដលី អរ វីលខក់
ខែ ឧសភា ឆ្នាំ ២០២៣


« បងប្រុស ប្រាដលី អរ វីលខក់ » លីអាហូណាខែ ឧសភា​ឆ្នាំ ២០២៣ ។

បងប្រុស ប្រាដលី អរ វីលខក់

ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ

ជា​ច្រើន​ឆ្នាំ​មុន​ពេល​ចូល​បម្រើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ បងប្រុស ប្រាដលី អរ វីលខក់ និង​ភរិយា​លោក ឌែប៊ី បាន​បញ្ជូន​កូន​ប្រុស​អាយុ ១៤ ឆ្នាំ​ដែល​ស្ទាក់​ស្ទើរ​ទៅ​កម្មវិធី​ពិសេស​សម្រាប់​យុវជន ( EFY ) នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។

ពួកគាត់​ព្រួយ​បារម្ភ​ថា​គាត់ « គ្មាន​ឆ្អឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​រាង​កាយ​របស់​គាត់ » ។ កូន​ប្រុស​គាត់​បាន​មក​ផ្ទះ​វិញ​ដោយ​មាន​ការផ្លាស់ប្តូរ—ផ្ដោត​អារម្មណ៍ និង​យកចិត្ត​ទុកដាក់​ចំពោះ​រឿង​ខាងវិញ្ញាណ​ជាង​មុន ។ ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​កំពុង​បម្រើ​នៅ​ក្នុង​គណៈ​ប៊ីស្សព និង​ណែ​នាំ​យុវវ័យ​នៅ​ក្នុង​វួដ​របស់​គាត់​ផ្ទាល់ ។

នោះ​គឺ​ជា​អ្វី​ដែល​បងប្រុស វីលខក់ បាន​សង្កេត​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​នៅ​រដូវ​ក្តៅ​មុន ខណៈ​ដែល​យុវវ័យ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ទូទាំង​ពិភព​លោក​បាន​ចូល​រួម​ក្នុង​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ( FSY ) ។ ម្តង​ហើយ​ម្តង​ទៀត ពួក​យុវវ័យ​ដែល « មិន​ប្រាកដ​ថា​ពួក​គេ​ចង់​ទៅ​ឬ​អត់​នោះ » បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មាន​ការផ្លាស់ប្តូរ និង​ប្រសើរ​ជាង​មុន ។

បងប្រុស វីលខក់—ដែល​បាន​កាន់តំណែង​ជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ​តាំងពី​ឆ្នាំ ២០២០ និង​ត្រូវបាន​គាំទ្រ​ជា​ទីប្រឹក្សា​ទី​មួយ​អំឡុង​សន្និសីទ​ទូទៅ​នៅ​ខែ មេសា ឆ្នាំ ២០២៣—បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ពេលវេលា​ដ៏​រំភើប​មួយ​ដើម្បី​បម្រើ​ដល់​យុវវ័យ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គណៈប្រធាន​យុវជន និង​យុវនារី​ទូទៅ​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ទៀងទាត់ ហើយ « សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន មគ្គុទ្ទេសក៍ និង​ទស្សនាវដ្ដី​មាន​សម្រាប់​យុវវ័យ​ច្រើន​ជាង​ពេលមុនៗ » ។

ប្រាដលី រ៉េ វីលខក់ មាន​វ័យ ៦៣ ឆ្នាំ កើត​នៅ​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ស.រ.អា. នៅថ្ងៃ ទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៥៩ ដែល​មាន​ឪពុក​ឈ្មោះ រ៉េ ធី វីលខក់ និង​ម្ដាយ​ឈ្មោះ វ៉ាល ស៊ី វីលខក់ ។ លោក​បាន​ធំឡើង​នៅ​ទីក្រុង​ប្រូវ៉ូ និង​បាន​ចំណាយ​កុមារភាព​ពីរបី​ឆ្នាំ​នៅ​ប្រទេស អេត្យូពី ។

បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ពេញ​ម៉ោង​នៅ វីណា ឌែល ម៉ា ប្រទេស​ឈីលី បងប្រុស វីលខក់ បាន​រៀបការ​ជាមួយ ដេបូរ៉ា ហ្គីណែល នៅឯ​ព្រះវិហារ​បរិសុទ្ធ ប្រូវ៉ួ យូថាហ៍ នៅ​ខែ តុលា ឆ្នាំ ១៩៨២ ។ ពួកគាត់​មាន​បុត្រ​បួន​នាក់ និង​រស់​នៅ​រដ្ឋ​ប្រូវ៉ូ យូថាហ៍ ។

បងប្រុស វីលខក់ មាន​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ. ) និង​បណ្ឌិត​ផ្នែក​អប់រំ​ពី​សាកល​វិទ្យាល័យ វ៉ាយអូមីង ។ លោក​គឺ​ជា​សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​ព្រះគម្ពីរ​បុរាណ​នៅ ប៊ី.វ៉ាយ.យូ. ។ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៥ លោក​បាន​លះបង់​ពេលសម្រាក​នៃ​រដូវ​ក្តៅ​របស់​លោក​ដើម្បី​ចូលរួម​កម្ម​វិធី EFY របស់ ប៊ី.វ៉ាយ.យូ. ។

បងប្រុស វីលខក់ បាន​បម្រើ​ជា​ប៊ីស្សព និង​ក្នុង​គណៈប្រធាន​ស្តេក ជា​ប្រធាន​បេសកកម្ម ឈីលី សានទីអាហ្គោ ខាង​កើត និង​នៅ​ក្រុម​ប្រឹក្សាភិបាល​ទូទៅ​សាលា​ថ្ងៃ​អាទិត្យ ។

បោះពុម្ព