ឆ្នាំ ២០២៣
ប្រធាន អេមីលី ប៊ែល ហ្វ្រីមែន
ខែ ឧសភា ឆ្នាំ ២០២៣


« ប្រធាន អេមីលី ប៊ែល ហ្វ្រីមែន » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

ប្រធាន អេមីលី ប៊ែល ហ្វ្រីមែន

ប្រធាន​យុវនារី​ទូទៅ

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​ស្គាល់ អេមីលី ប៊ែល ហ្វ្រីមែន រួច​ហើយ​ថា ជា​វាគ្មិន អ្នក​និពន្ធ ពិធី​ការនី និង​គ្រូ​បង្រៀន ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ស្គាល់​គាត់—ហើយ​សូម្បី​អ្នក​ដែល​ស្គាល់​គាត់​ក៏​ដោយ—ក៏ ប្រធាន អ៊ែមី ប៊ែល ហ្វ្រីមែន សង្ឃឹម​ថា រឿង​ដំបូង​ដែល​ពួកគេ​ដឹង​អំពី​គាត់​គឺ​ថា គាត់​មាន​ជំនឿ​ដ៏​ជ្រាល​ជ្រៅ និង​ស្ថិតស្ថេរ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា « គឺ​តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជាមួយ​ទ្រង់ ដែល​ខ្ញុំ​បាន​ស្គាល់​ព្រះវរបិតាសួគ៌ និង​បាន​ទទួល​វិវរណៈ » ។ « នោះ​គឺ​ជា​កត្តា​កំណត់​ក្នុង​ជីវិត​របស់​ខ្ញុំ—ថា​ជា​ដៃគូ​ពេញ​មួយ​ជីវិត​ជាមួយ​ទ្រង់ » ។

នៅ​ពេល​គាត់​ចាប់​ផ្ដើម​ការងារ​របស់​គាត់​ជា​អ្នក​និពន្ធ និង​ពិធីការនី គាត់​បាន​សួរ​ខ្លួន​ឯង​ថា តើ​គាត់​ចង់​ផ្តោត​អារម្មណ៍​លើ​អ្វី ។ ចម្លើយ​នោះ​គឺ​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

គាត់​កើត​នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៦៩ នៅ​ទីក្រុង បូស្តុន រដ្ឋ​ម៉ាសាឈូសេត ស.រ.អា. ខណៈ​ដែល​ឪពុក​របស់​គាត់​គឺ ម៉ាកឃីនលី ម៉ាកវីឈី អស់វ៉ល់ បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ហាវើត ។ ប្រធាន ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា ម្តាយ​របស់​គាត់ លេសស៊ី ជេមស៍ អស់វ៉ល់ គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី « ដែល​ពោរពេញ​ដោយ​ថាមពល និង​សេចក្តី​ស្រឡាញ់​ខ្លាំង » ។

ប្រធាន ហ្វ្រីមែន ដែល​ជា​បង​គេ​បង្អស់​ក្នុង​ចំនោម​កូន​ប្រាំ​មួយ​នាក់ បាន​ធំ​ឡើង​នៅ​ទីក្រុង សានឌី រដ្ឋ​យូថាហ៍ ។ ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ក្នុង​អំឡុង​ពេល​ឆ្នាំ​សិក្សា​នៅ​វិទ្យាល័យ ជាពេល​ដែល​ឪពុក​ម្តាយ​របស់​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ដឹក​នាំ​បេសកកម្ម វេនធូរ៉ា កាលីហ្វ័រញ៉ា ។ គាត់ និង​បង​ប្អូន​របស់​គាត់​បាន​ចូល​រួម​រាល់​សន្និសីទ​របស់​បេសកកម្ម ហ្សូន និង​ស្តេក​ជាមួយ​ឪពុក​ម្ដាយ​របស់​គាត់ ។ បន្ទាប់​ពី​វិទ្យាល័យ គាត់​បាន​ចាក​ចេញ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ដើម្បី​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ។

នៅ​ពេល​ដែល ហ្គ្រេហ្គូរី ហ្គាត ហ្វ្រីមែន ដែល​បម្រើ​នៅ​បេសកកម្ម វេនធូរ៉ា កាលីហ្វ័រញ៉ា បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ បោនទីហ្វូល រដ្ឋ​យូថាហ៍ អ្នក​ដឹកនាំ​បេសកកម្ម​របស់​គាត់ បាន​ស្នើ​ឲ្យ​គាត់​ទៅ​មើល​កូនស្រី​របស់​ខ្លួន​នៅ​ឯ​ការនិយាយ​របស់​នាងក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​នៅ​រដ្ឋ​យូថាហ៍ ។ ក្រោយ​មក អេមីលី និង ហ្គ្រេហ្គូរី បាន​ចាប់​ផ្តើម​ដើរ​លេង​ជាមួយ​គ្នា​ភ្លាម​ៗ​ ហើយ​បាន​រៀប​ការ​នៅ​ខែ ធ្នូ ឆ្នាំ ១៩៨៩ នៅឯ​ព្រះវិហារ​បរិសុទ្ធ ឡូស អេនជែលឡេស កាលីហ្វ័រញ៉ា ។ ពួកគេ​មាន​បុត្រ​ប្រាំ​នាក់ ។

ប្រធាន ហ្វ្រីមែន បាន​និពន្ធ​សៀវភៅ​ជាង​ដប់​ពីរ​ក្បាល និង​បាន​និយាយ​នៅ​ក្នុង​សន្និសីទ សិក្ខាសាលា និង​ការជួបជុំ​ជា​ច្រើន ។ គាត់​បាន​បង្រៀន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ហើយ​បាន​បម្រើ​ជា​គ្រូ​បង្រៀន​គោលលទ្ធិ​ដំណឹងល្អ និង​ជា​ប្រធាន​យុវនារី និង​ប្រធាន​សមាគម​សង្រ្គោះ​វួដ ។

បោះពុម្ព