ឆ្នាំ ២០២៣
ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជាតិ​ជាច្រើន
ខែ ឧសភា ឆ្នាំ ២០២៣


ការងារ​បម្រើ​នៅ​ទូទាំង​សកលលោក​របស់​ពួកសាវក​នៅ​តែ​បន្ត

អែលឌើរ ដាវីឌ អេ បែដណា បាន​ធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ស្វីស ប្រទេស​អូទ្រីស ប្រទេស​អាល់បានី និង​ប្រទេស​ហុងគ្រី ក្នុង​ខែ តុលា ឆ្នាំ ២០២២ ។ នៅ​ប្រទេស​ស្វីស លោក​បាន​ជួប​ជាមួយ​អ្នក​ការទូត​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ និង​អ្នក​តំណាង​អង្គការ​ពិភព​លោក​ដែល​សហការ​ជាមួយ​សាសនាចក្រ​លើ​គម្រោង​មនុស្ស​ធម៌ ។ នៅ​ប្រទេស​ផ្សេងៗ​ទៀត លោក​បាន​ជួប​ជាមួយ​សមាជិក ដែល​ភាគច្រើន​ជា​អ្នក​ត្រួសត្រាយ​​ក្នុង​សេចក្ដី​ជំនឿ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ។

​លោកបាន​មាន​ប្រសាសន៍​ថា ៖ « យើង​កំពុង​រួម​គ្នា​ជាមួយ​ពួកបរិសុទ្ធ​ដែល​កំពុង​កសាង​គ្រឹះ​នៃ​សាសនាចក្រ​ដែល​នឹង​នៅ​រឹងមាំ​ទៅ​មុខ​ជា​ច្រើន​ជំនាន់​ទៀត » ។

ចេញពី​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​នៅ​ព្រះវិហារបរិសុទ្ធ សៅ ប៉ូវឡូ នៅ​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ចូលរួម​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចែកចាយ​សក្ខីភាព​របស់​លោក​អំពី​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

« សូម​ចងចាំ​ជានិច្ច​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ស្ដេច​លើអស់​ទាំង​ស្ដេច ។ ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ និង​ជា​ម្ចាស់​នៃ​មេត្រីភាព » អែលឌើរ​រ៉ាសបាន បាន​ថ្លែង​ទីបន្ទាល់ ។

នៅ​ខែ វិច្ឆិកា អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​វេទិកា​សាសនា ជី​២០ នៅបាលី ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា ជំនឿ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ពិភព​លោក​បាន​ល្អ​បំផុត នៅពេល « ពួកគេ​ស្មោះត្រង់​ចំពោះ​គោលការណ៍​ចម្បង​របស់​ពួកគេ ខណៈ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​ពន្លឺ និង​ចំណេះ​ដឹង​ដ៏​ទេវភាព​បន្ថែម​ទៀត​ផង​ដែរ » ។

ប្រធាន អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​បាន​ថ្លែង​ទៅ​កាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​មជ្ឈមណ្ឌល​បំពាកបំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​ទីក្រុង ម៉ិកស៊ិក កាល​ពី​ខែ ធ្នូ ឆ្នាំ ២០២២ និង​បាន​ធ្វើ​ជា​សាក្សី​អំពី « ឯកសិទ្ធិ​នៃ​ការប្រកាស​ទៅ​កាន់​ពិភពលោក​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​មនុស្ស​ជាតិ​ទាំងអស់ » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ទៅ​ទស្សនកិច្ច​ថ្នាក់​សិក្ខាសាលា​នៅ​​ រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា. និង​បាន​ថ្លែង​ទៅ​កាន់​សមាជិក​និយាយ​ភាសា​អេស្ប៉ាញ​ក្នុង​ស្តេក​ចំនួន​ប្រាំបី​នៅ​ជុំវិញ​ទីក្រុង​វេនធូវ៉ា រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ខែ ធ្នូ ឆ្នាំ ២០២២ ។ លោក​បាន​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស និង​អេស្ប៉ាញ ។ លោក​បាន​ជំរុញ​សមាជិក​ឲ្យ​ផ្តោត​យកចិត្ត​ទុកដាក់​ទៅ​លើ​យុវវ័យ និង​បាន​សុំ​ឲ្យ​យុវវ័យ និង​ថ្នាក់​ដឹកនាំ​ដែល​បាន​ចូល​រួម​នោះ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឥឡូវ​នេះ​ដោយសារ​តែ « ព្រះ​មាន​ព្រះជន្ម​រស់ បងប្អូន​ប្រុសស្រី​អើយ ព្រះ​មាន​ព្រះជន្ម​រស់ ។ សាសនាចក្រ​គឺ​ពិត ! »

ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​ថ្លែង​ទៅកាន់​សមាជិក និង​មិត្ត​ទាំងឡាយ​នៃ​សាសនាចក្រ​ក្នុង រដ្ឋ​អិលលីណយ រដ្ឋ​អ៊ិនឌីអាណា និង​រដ្ឋ​វីសខនស៊ីន ស.រ.អា. នៅ​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ ។ លោក​បាន​មាន​ប្រសាសន៍​ចេញពី​មជ្ឈមណ្ឌល​ស្តេក​នៅ វីលម៉េត រដ្ឋ​អិលលីណយ ជាមួយ​នឹង​ការប្រជុំ​ដែល​បាន​ចាក់ផ្សាយ​ទៅ​កាន់​ស្តេក​ចំនួន ១៤ ។ នៅ​ល្ងាច​ស្អែក​ឡើង លោក​បាន​ថ្លែង​ទៅ​កាន់​យុវវ័យ និង​យុវមជ្ឈិមវ័យ​ប្រហែល ៩០០ នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល ស្តេក រ៉ុកហ្វត រដ្ឋ​អិលលីណយ ។ ការ​ប្រជុំ​នេះ​ត្រូវ​បាន​ចាក់ផ្សាយ​ទៅ​កាន់​ទីតាំង​បន្ថែម​ទៀត​នៅ រដ្ឋ​អិលលីណយ រដ្ឋ​អ៊ិនឌីអាណា និង រដ្ឋ​វីសខនស៊ីន ។

សមាជិក និង​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​នៃ​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ស្វាគមន៍​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅ​ពេល​ដែល​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង ញ៉ូវដេលី ហាយឌើរ៉ាបាដ និង​បាងហ្គូរូ ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ។ អែលឌើរ អុជដូហ្វ បាន​ប្រកាស​ថា ៖ « ពួកយើង​ស្រឡាញ់​ប្រទេស​ឥណ្ឌា និង​ប្រជាជន​ឥណ្ឌា » ។ « ពួកយើង​មាន​អារម្មណ៍​រំភើប និង​មាន​ក្ដី​កោត​សរសើរ​យ៉ាង​ក្រៃលែង » ។

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ម៉ាដាហ្គាស្កា ហ្សាំប៊ី និង​ម៉ូហ្សាំប៊ីក ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​មួយ​នៅ​ខែ កុម្ភៈ ។ មនុស្ស​ជាង ៥០០ នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បាន​ចូលរួម​ក្នុង​សន្និសីទ​ស្តេក​រួម​គ្នា​មួយ​នៅ​​ទីក្រុង​ម៉ាភូតូ ប្រទេស ម៉ូហ្សាំប៊ីក ដើម្បី​ស្តាប់​សាវក​មាន​ប្រសាសន៍ ។ អែលឌើរ ឃុក បាន​មាន​ប្រសាសន៍​ថា ៖ « ​ដោយសារ​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​មែន​ជា​សមាជិក​នៃ​ជំនឿ​របស់​យើង​នៅ​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ នោះ​យើង​បាន​កែសម្រួល​សារលិខិត​របស់​យើង​ឲ្យ​ផ្ដោត​លើ​គោល​ការណ៍​នៃ​គោល​លទ្ធិ និង​ទុក​នូវ​ទិដ្ឋភាព​ធំ​នៃ​ដំណឹង​ល្អ​មួយ​ឡែក ណែ​នាំ​ពី​សារៈ​សំខាន់​នៃ​ព្យាការី និង​កសាង​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ » ។

នៅ​ខែ កុម្ភៈ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​នៅ​ប្រទេស ហ្គាណា នីហ្សេរីយ៉ា កូតឌីវ័រ និង​លីបេរីយ៉ា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រយៈ​ពេល ១២ ថ្ងៃ​នៅ​អាហ្វ្រិក​ខាង​លិច ។ ដំណើរ​ទស្សនកិច្ច​នេះ​រួម​មានការ​ប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គាណា ។ ពួកលោក​បាន​ពិភាក្សា​អំពី​ការផ្តោត​រួមគ្នា​មួយ​ទៅ​លើ​ការ​អប់រំ និង​ពិនិត្យ​ឡើង​វិញ​នូវ​កម្ម​វិធី BYU–Pathway​ Worldwide និង Gathering Place ។

អែលឌើរ ឌែល ជី រិនឡាន់ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស ហុងដូរ៉ាស់ ប៊េលីស ប៉ាណាម៉ា នីការ៉ាហ្គូ និង​ហ្គាតេម៉ាឡា ក្នុង​ខែ កុម្ភៈ ។ ស៊ីស្ទើរ រ៉ុស ភរិយា​របស់​អែលឌើរ រិនឡាន់ ​បាន​អមដំណើរ​លោក ។​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​បាន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​នីការ៉ាហ្គ័រ ហើយ​ស៊ីស្ទើរ រិនឡាន់ បាន​ជួយ​ដល់​ការ​បរិច្ចាគ​របស់​សាសនាចក្រ​នូវ​កញ្ចប់​អនាម័យ និង​សម្លៀក​បំពាក់​សម្រាប់​ជន​ចំណាក​ស្រុក​នៅ ​ប្រទេស ហុងឌូរ៉ាស ។

នៅ​ខែ មិនា អែលឌើរ នែល អិល អាន់ឌើរសិន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល ជា​កន្លែង​ដែល​លោក​បាន​ជួប​ជាមួយ​មេ​ដឹក​នាំ​ស៊ីវិល​ដ៏​លេច​ធ្លោ ទៅ​ទស្សនា​ព្រះវិហារបរិសុទ្ធ ប្រាស៊ីលៀ ប្រទេស​ប្រេស៊ីល ដែល​នឹង​ត្រូវ​ធ្វើ​ការឧទ្ទិស​ឆ្លង​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​បាន​បង្រៀន និង​ធ្វើ​ជា​សាក្សី​ដល់​សមាជិក អ្នក​ផ្សព្វ​ផ្សាយ​សាសនា និង​អ្នក​ដឹក​នាំ​ទូទាំង​ប្រទេស ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក និង​ស៊ីស្ទើរ ខាត់ធី អែនឌើរសិន បាន​ជួប​ជា​មួយ​ស្រ្តី​ទី​មួយ​នៃ​ប្រទេស​ប្រេស៊ីល ។

ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ខែ​មីនា​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ជួប​ជាមួយ​លោក អាដាន់ អូហ្គូសតូ ឡូប៉េស រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ម៉ិកស៊ិក ។ ឡូប៉េស គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ទី​ពីរ​នៅ​ក្នុង​រដ្ឋាភិបាល​ម៉ិកស៊ិក ។ នៅ​ក្នុង​ការប្រជុំ​មួយ​នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​ក្រសួង​មហា​ផ្ទៃ អែលឌើរ ហ្គង បាន​មាន​ប្រសាសន៍​អំពី​កិច្ច​ខិតខំ​​ដែល​សាសនាចក្រ​ធ្វើ​ដើម្បី​ពង្រឹង​ដល់​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​ម៉ិកស៊ិក ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « តាម​រយៈ​ការធ្វើ​ដូច្នេះ យើង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការជួយពង្រឹង​ដល់​សង្គម » ។

អែលឌើរ អូលីសេស សូរ៉េស បាន​លើក​ទឹក​ចិត្ត​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ឲ្យ​រក្សា​ការផ្តោត​យក​ចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ខែ មីនា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​​នូវែលសេឡង់ តុងហ្គា និង​ហ្វីជី​ថា ៖ ​« នៅ​ពេល​យើង​ផ្តោត​ជីវិត​របស់​យើង​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខិតខំ​រស់​នៅ​តាម​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ នោះ​យើង​តែងតែ​អាច​រក​ឃើញ​នូវ​ភាពសុខសាន្ត ការសម្រាក និង​អំណរ​ក្នុង​ដំណើរ​របស់​យើង​ជានិច្ច » ។

បោះពុម្ព