ឆ្នាំ ២០២៣
របាយ​ការណ៍ ឆ្នាំ ២០២២ ៖ ការមើល​ថែដល់​អ្នក​ខ្វះខាត
ខែ ឧសភា ឆ្នាំ ២០២៣


របាយ​ការណ៍ ឆ្នាំ ២០២២ ៖ ការមើល​ថែដល់​អ្នក​ខ្វះខាត

របាយការណ៍​ប្រចាំ​ឆ្នាំ ២០២២ របស់​សាសនាចក្រ​ស្តី​ពី​ការមើល​ថែ​ដល់​អ្នក​ខ្វះ​ខាត​បង្ហាញ​ថា ការងារ​នេះ​រួម​មាន​ការចំណាយ​ជាង ១ ពាន់​លាន​ដុល្លារ ៦,៣ លាន​ម៉ោង​ស្ម័គ្រ​ចិត្ត និង​គម្រោង​មនុស្ស​ធម៌​ចំនួន ៣ ៦៩២ នៅ​ក្នុង​ប្រទេស និង​ទឹកដី​ចំនួន ១៩០ ។

ថវិកា​នេះ​បាន​ផ្ដល់​ទៅឲ្យ​ជំនួយ​ដង្វាយ​តមអាហារ ជំនួយ​មនុស្ស​ធម៌ ទំនិញ​ដែល​បាន​ចែក​ចាយ​ពី​ឃ្លាំង​របស់​ប៊ីស្សព និង​ហាង​ឧស្សាហកម្ម​ដេសឺរ៉េត និង​ប្រតិបត្តិ​ការ​ផ្សេងៗ​ដូច​ជា កសិដ្ឋាន កន្លែង​ផលិត និង​វេច​ខ្ចប់​អាហារ សេវាកម្ម​ការប្រឹក្សា​គ្រួសារ និង​មជ្ឈមណ្ឌល​ការងារ ។

ការបរិច្ចាគ​ជា​រូបិយវត្ថុ​ដ៏​ច្រើន​ជាង​គេ​បំផុត​ដែល​សាសនាចក្រ​បាន​ផ្តល់​ឲ្យ​នៅ​ឆ្នាំ ២០២២ រួម​មាន​ទឹកប្រាក់​ចំនួន ៣២ លាន​ដុល្លារ​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) និង ៥ លាន​ដុល្លារ​ដល់​កម្មវិធី​អាហារូបត្ថម្ភ​ជា​សកល​របស់​អង្គការយូនីសែហ្វ ដែល​ជួយ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ ។

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ខាំមៀល អិន ចនសុន បាន​មាន​ប្រសាសន៍​ពេល​ការបរិច្ចាគ​ទៅ WFP ត្រូវ​បាន​ប្រកាស​ថា ៖ « ព្រះយេស៊ូវ​មាន​ចិត្ត​ទន់ភ្លន់​ចំពោះ​កុមារ » ។ « ទ្រង់​សោកសៅ ពេល​ឃើញ​ពួកគេ​ស្រេក​ឃ្លាន ។ ហើយ​ទ្រង់​សប្បាយ​ព្រះទ័យ​ចំពោះ​ការខិតខំ​ដ៏​តូច​បំផុត​ដើម្បី​ជួយ​ពួកគេ​ផង​ដែរ » ។

ការបរិច្ចាគ​ដ៏​សំខាន់​ផ្សេង​ទៀត​រួម​មាន ទឹកប្រាក់​ចំនួន ៥,១ លាន​ដុល្លារ​ទៅ​កាកបាទ​ក្រហម​អាមេរិក ( បន្ថែម​ពី​លើ​នោះ ឈាម​ជាង ១ លាន​ប្លោក​បាន​បរិច្ចាគ​ដោយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ) និង​ទឹក​ប្រាក់ ​៥ លាន​ដុល្លារ​ផ្សេង​ទៀត​ទៅ​អង្គការ Rotary​International សម្រាប់ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃជើង និង​តេតាណូស​សម្រាប់​មាតា និង​ទារក ។

សាសនាចក្រ​ក៏​បាន​ធ្វើ​ការរួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដើម្បី​ជួយ​ជា​ដំណោះស្រាយ​ដល់​ការកើន​ឡើង​នៃ​ចំនួន​មនុស្ស ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​សង្គ្រាម​ផង​ដែរ ។ នេះ​រួម​មាន​ការជួយ​សង្គ្រោះ​ដល់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​រលក​យក្ស​ស៊ូណាមិ​នៅ​តុងហ្គា ជនរង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​នៅ​រដ្ឋ​ខេនថាកគី រដ្ឋ​ផ្លរីដា និងអាហ្វ្រិកខាងត្បូង និង​ជនរង​គ្រោះ​ដោយសារ​សង្រ្គាមស៊ីវិល​នៅ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​​កុងហ្គោ ។

ជូលៀ​ជា​សមាជិក​សាសនាចក្រ​នៅ​ប្រទេស​អូទ្រីស ដែល​បាន​ជួយ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​កើត​ជា​ច្រើន​បាន​និយាយ​ថា ៖ « សេចក្តី​ស្រឡាញ់ និង​បំណង​ប្រាថ្នា​ក្នុង​ការជួយ​គឺ​មានច្រើន​លើស​លប់ » ។ « ចិត្ត​មនុស្ស​ត្រូវ​បាន​ទាញ​ទៅ​រក​គ្នា​ទៅ​វិញ​ទៅ​មក » ។

សាសនាចក្រ​ក៏​បាន​ជួយ​នាំ​យក​អគ្គិសនី​ទៅ​កាន់​សហគមន៍​មួយ​ឈ្មោះ ណាវ៉ាហូ នៅ​រដ្ឋ​យូថាហ៍ ហើយ​សមាជិក​សាសនាចក្រ​បាន​ធ្វើការ​ជាមួយក្រុម​សាសនាស៊ីកស៍ នៅ​ក្នុង​គម្រោង​សេវាកម្ម​មួយ​នៅ​អារ៉ាប់​អេមីរ៉េត​រួម ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ធ្វើការ​ជា​ដៃ​គូ​ជាមួយ​អង្គការ NAACP លើ​គម្រោង​ការងារ​បម្រើ​សហគមន៍​សម្រាប់​ម្តាយ​នៅ មេមភីស ក្នុង រដ្ឋ​ធេននីស៊ី ស.រ.អា. និង​អ្នក​ដែល​ត្រូវការ​អាហារ​សុខភាព​នៅ​ទី​ក្រុង សាន់​ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា ។ ហើយ​កម្មវិធី Light the ​World ​Giving ​Machines បាន​ប្រមូល​មូលនិធិ​ដើម្បី​ទិញ​អាហារ និង​របស់​របរ​ផ្សេងៗ​ទៀត សម្រាប់​អ្នក​ខ្វះខាត​ក្នុង​ទី​តាំង​ចំនួន ២៨ នៅ​ជុំវិញ​ពិភព​លោក ។

ម៉ោង​ស្ម័គ្រចិត្ត​ចំនួន ៦.៣ លាន​ម៉ោង​ត្រូវ​បាន​បរិច្ចាគ​ក្នុង​ឆ្នាំ ២០២២ រួមមាន ការបម្រើ​នៅ​កសិដ្ឋាន សួនបន្លែ អារហារ​កំប៉ុង និង​ហាង​ឧស្សហកម្ម​ដែសើរែត បេសកកម្ម​ដើម្បី​មើលថែដល់​អ្នក​ខ្វះ​ខាត និងការបោស​សំអាត​ក្រោយ​មាន​គ្រោះ​ធម្មជាតិ ។

ក្រៅពី​គម្រោង​មនុស្ស​ធម៌​ចំនួន ៣ ៦៩២ គម្រោង គម្រោង​បម្រើ​ថ្មី​ចំនួន ១៦ ២៨៥ ត្រូវបាន​សម្រប​សម្រួល​ដោយ​គេហទំព័រ JustServe.org​ ជា​គេហទំព័រ​ស័គ្ម្រចិត្ត​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​របស់​សាសនាចក្រ ដែល​មាន​នៅក្នុង​ប្រទេស​ចំនួន ១៤ ។ ឧបករណ៍​នេះ​ភ្ជាប់​មនុស្ស​ទៅ​នឹង​ឱកាស​​មប្រើ​ដែល​ស្រប​នឹង​ចំណាប់​អារម្មណ៍ និង​ទីតាំង​របស់​ពួកគេ ។

ប៊ីស្សព​ជា​អធិបតី ហ្គែរ៉ល កូសសេ បាន ហៅ​គេហទំព័រ JustServe ថា « ជា​ចលនា និង​របៀប​មួយ​ដែល​យើង​អាច​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង » និង​« ផ្ដល់​ពរជ័យ និង​ពង្រឹង​សហគមន៍ [ របស់​យើង ] » ( នៅក្នុង « The ​Blessings ​Will ​Follow: ​Benefits of Implementing JustServe » ​[ វីដេអូ ], គេហទំព័រ ChurchofJesusChrist.org ) ។

សាសនាចក្រ​ក៏​បាន​បន្ត​ការផ្ដួចផ្ដើម​ការគ្រប់គ្រង​បរិស្ថាន​របស់​ខ្លួន​ផងដែរ ។ ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក ទី​ស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​បាន​កាត់​បន្ថយ​ការប្រើប្រាស់​ទឹក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ចំនួន ១៤៤ លាន​លីត្រ ។ សាលា​ប្រជុំ​ជាង ៥០០ នៅ​ទូទាំង​ពិភព​លោក​ឥឡូវ​នេះ​មាន​បន្ទះ​សូឡា ។ ឧស្សាហកម្ម​ដែសើរែត បាន​ដំណើរការ​ទំនិញ​កែ​ច្នៃ​ឡើង​វិញ​ចំនួន ៧៣ លាន​ផលិត​ផល ។ ហើយ​មជ្ឈមណ្ឌល​បោះពុម្ព និង​ចែកចាយ​របស់​សាសនាចក្រ​បាន​កែ​ច្នៃ​ឡើង​វិញ​នូវ​ក្រដាស លោហៈ​ធាតុ ក្រដាស​កាតុង និង​ប្លាស្ទិក​ជិត ៤ ០០០ តោន ។

បោះពុម្ព