ឆ្នាំ ២០២៣
ការសិក្សា​អំពី​ការងារ​បម្រើ​ជា​ប្រធាន​សាសនាចក្រ​រយៈពេល​ឆ្នាំ​ប្រាំ​របស់​ប្រធាន រ័សុល អិម ណិលសុន
ខែ ឧសភា ឆ្នាំ ២០២៣


ព័ត៌មាន​សាសនាចក្រ

ការសិក្សា​អំពី​ការងារ​បម្រើ​ជា​ប្រធាន​សាសនាចក្រ​រយៈពេល​ឆ្នាំ​ប្រាំ​របស់​ប្រធាន រ័សុល អិម ណិលសុន

នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក ដែល​បាន​ថ្លែង​កាល​ពី​ប្រាំ​ឆ្នាំ​មុន​ក្នុង​នាម​ជា​ប្រធាន​ទី ១៧ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រធាន រ័សុល អិម ណិលសុន បាន​​ផ្ដោតការយកចិត្ត​ទុកដាក់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជាង​រូប​លោក ហើយ​បន្ទាប់​សម្លឹង​ទៅ​មុខ ។

លោក​បាន​ប្រកាស​ថា « ព្រះអម្ចាស់​តែងតែ​បាន ហើយ​តែងតែ​នឹង​បង្រៀន​ព្រមទាំង​បំផុស​គំនិត​ដល់​ពួក​ព្យាការី​របស់​ទ្រង់ » ។ « ព្រះអម្ចាស់​គង់​នៅ​ឯ​ចង្កូត​នាវា ។ ពួក​យើង​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​បម្រើ​ក្នុង​នាម​ជា​សាក្សី​នៃ​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក នឹង​បន្ដ​ព្យាយាម​ស្គាល់​ព្រះទ័យ​ទ្រង់ ហើយ​ធ្វើ​តាម » ( « នៅពេល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា » លីអាហូណាខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៦ ) ។

ការទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ

ប្រធាន ណិលសុន បាន​ធ្វើ​តាម​ការដឹកនាំ​របស់​ព្រះអម្ចាស់ នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន ៣៥ កែ​សម្រួល​អង្គការ​សាសនាចក្រ ប្រើ​បច្ចេកវិទ្យា​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ ដឹកនាំ​សាសនាចក្រ​ឆ្លងកាត់​ជំងឺ​រាតត្បាត ចេញ​នូវ​ការអញ្ជើញ​ជា​ប្រវត្តិសាស្ត្រ និង​កសាង​ស្ពាន​នៃ​ការយល់ដឹង ។

ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធាន​សាសនាចក្រ​របស់​លោក ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​រយ​ពាន់​នាក់ ហើយ​បាន​ចូល​គាល់​ព្រះមហាក្សត្យ ជួប​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​ជាច្រើន ។ លោក​បាន​លួង​លោម​ដល់​ជន​រង​គ្រោះ​ដោយ​ឧក្រិដ្ឋកម្ម និង​អ្នក​ផ្សេង​ទៀត​ដែល​សោកសៅ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មេ​ដឹក​នាំ​កំពូល​នៃ​សមាគមន៍​ជាតិ សម្រាប់​ភាពរីក​ចម្រើន​នៃ​ប្រជាជន​ចម្រុះ​សាសន៍ ( NAACP ) ដោយ​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​មាន​ប្រសាសន៍​នៅក្នុង​មហា​សន្និបាត NAACP ឆ្នាំ ២០១៩ ក្នុង​ទីក្រុង ឌីត្រយ រដ្ឋ មីឈីហ្គែន ស.រ.អា. ។

តាម​រយៈ​វិវរណៈ និង​ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ លោក​បាន​អនុម័ត​ការផ្លាស់ប្ដូរ​គោលនយោបាយ​ជា​ច្រើន​នៅក្នុង​សាសនាចក្រ ។

ក្រោម​ការ​ដឹកនាំ​ដ៏​បំផុស​គំនិត​របស់​លោក ថ្នាក់​ដឹកនាំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ជំនួស​ការបង្រៀន និង​ការសួរ​សុខទុក្ខ​តាម​ផ្ទះ​ដោយ​ការផ្ដល់​ការងារ​បម្រើ កែសម្រួល​កាលវិភាគ​នៃ​ការប្រជុំ​ថ្ងៃអាទិត្យ​ដើម្បី​សម្រប​សម្រួល​ការសិក្សា​ដំណឹង​ល្អ​ដែល​គាំទ្រ​ដោយ​សាសនាចក្រ​ដែល​ផ្ដោត​លើ​គេហដ្ឋាន ហើយ​បាន​សុំ​ឲ្យ​សមាជិក​ប្រើ​ឈ្មោះ​ពេញ និង​ត្រឹមត្រូវ​របស់​សាសនាចក្រ ។ សាសនាចក្រ​បាន​ដាក់​គោល​នយោបាយ​មួយ ដែល​អនុញ្ញាត​ឲ្យ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​តាម​រដ្ឋប្បវេណី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ភ្លាម​ៗ ពេល​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់ ប្ដូរ​ឈ្មោះ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅ​ជា​ការប្រកាស​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​បាន​បង្កើត​គោលនយោបាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​បម្រើ​ជា​សាក្សី​នៃ​ការផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ស្ត្រី យុវវ័យ និង​កុមារ​ជា​សមាជិក​ដែល​មាន​ភាព​ស័ក្ដិសម​របស់​សាសនាចក្រ​បម្រើ​ជា​សាក្សី​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​ក្នុង ខែ មេសា ឆ្នាំ ២០១៨ ថា « រឿង​មួយ​ដែល​ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ចាប់​តាំង​ពី​ការ​ហៅ​ថ្មី​របស់​ខ្ញុំ​ជា​ប្រធាន​សាសនាចក្រ​នេះ គឺ​ថា​ព្រះអម្ចាស់​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​បើក​សម្ដែង​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ទ្រង់ » ( « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » លីអាហូណាខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ ) ។

នៅ​ឆ្នាំ ២០២០ សាសនាចក្រ​បាន​ប្រារព្ធ​ខួប​លើក​ទី​ពីររយ​ឆ្នាំ​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប​ស្ម៊ីធ មិនមែន​ជាមួយ​នឹង​ការប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​នោះ​ទេ ប៉ុន្តែ​ជាមួយ​នឹង​ការអញ្ជើញ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ទូទាំង​ពិភព​លោក​រៀន​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ​ឡើង និង​ញឹកញាប់​ជាង​នេះ ។ នៅក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២០ ប្រធាន ណិលសុន បាន​បង្រៀន អំពី​ការប្រកាស​ដ៏​ប្រវត្តិសាស្រ្ត​មួយ « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » ( សូមមើល « Hear Him » លីអាហូណាខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩១–៩២ ) ។

ការដឹកនាំ​សាសនាចក្រ​អំឡុង​កូវីដ ១៩

ជាមួយ​នឹង​បទ​ពិសោធន៍​ជា​គ្រូពេទ្យ​វះ​កាត់​ផ្នែក​បេះដូង​មុនគេ​ ប៉ុន្តែ​កាន់​តែ​ពិសេស​ក្នុង​នាម​ជា​ព្យាការី និង​ជា​អ្នក​ដឹកនាំ​សាសនា​ទូទាំង​ពិភព ប្រធាន ណិលសុន បាន​ដឹក​នាំ​សាសនាចក្រ​នៅអំឡុង​ជំងឺ​រាតត្បាត​កូវីដ ១៩ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២០ ។

ការឆ្លើយ​តប​របស់​អង្គការ​សប្បុរសធម៌​នៃ​ពួកបរិសុទ្ទ​ថ្ងៃ​ចុង​ក្រោយ​ចំពោះ​ជំងឺ​រាតត្បាត​នេះ បាន​ក្លាយ​ជា​ការឆ្លើយ​តប​ដ៏​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ ដែល​បាន​ផ្តល់​ជំនួយ​ឲ្យ​ទៅ​ជាង ១៥០ ប្រទេស ។

នៅក្នុង​បទសម្ភាសន៍​កាលពី​ខែ ឧសភា ឆ្នាំ ២០២០ ជាមួយ សារព័ត៌មាន​សាសនាចក្រប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ទោះបី​ត្រូវ​ឆ្លង​កាត់​ពពក​នៃ​ទុក្ខព្រួយ​ក៏​ដោយ ក៏​នៅ​តែ​អាច​រក​ឃើញ​សញ្ញា​នៃ​ក្តី​សង្ឃឹម​ដែរ » ( នៅ​ក្នុង Sarah Jane Weaver » « Video ៖ President Nelson Talks about the​ « Painful » Decision to Close Temples amid COVID-19 »,​សារព័ត៌មាន​សាសនាចក្រថ្ងៃ​ទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ thechurchnews.com ) ។ លោក​បាន​មាន​ប្រសាសន៍​ថា សញ្ញា​នៃ​ក្តី​សង្ឃឹម​នៃ​ជំងឺ​រាតត្បាត​នេះ​គឺ ការស្វែង​រក​វិធី​ដើម្បី​ចូល​រួម​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដោយ​មិន​ចាំបាច់​ជិះ​យន្តហោះ ។ តាមរយៈ​បច្ចេកវិទ្យា ប្រធាន ណិលសុន បាន​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស វ៉េណេស៊ុយអេឡា និង​អឺរ៉ុប ព្រម​ទាំង​នៅ រដ្ឋ​កាលីហ្វ័រញ៉ា កាណាដា និង រដ្ឋ​អូក្លាហូម៉ា ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យុវមជ្ឈិមវ័យ​នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ ។

នៅ​ខែ សីហា ឆ្នាំ ២០២២ ប្រធាន ណិលសុន បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ ​រដ្ឋ​យូថាហ៍ ជា​លើក​ដំបូង​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​បាន​បន្ត​កើន​ឡើង​នៅ​ខែ មិនា ឆ្នាំ ២០២០ សម្រាប់​ការឧទ្ទិស​ឆ្លង​ឡើង​វិញ​នៃ​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌីស៊ី ដែល​បាន​កែ​លម្អ​ឡើង​វិញ ។

ការទទួល​ពាន​រង្វាន់ សន្តិភាព​ហ្កានឌី-ឃីង-មែនឌែលឡា ( Gandhi-King-Mandela Peace )

មហា​វិទ្យាល័យ ម័រ​ហោស៍ ( Morehouse ) ដែល​ជា​មហា​វិទ្យាល័យ​ប្រវតិ្ត​សាស្ត្រ​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​នៅ ជ័រចារ ស.រ.អា. បាន​ប្រកាស​ថា មហា​វិទ្យាល័យនេះ​នឹង​ផ្តល់​ពាន​រង្វាន់​សន្តិភាព ហ្កានឌី-ឃីង-មែនឌិលឡា ដល់​ប្រធាន ណិលសុន ។ សាលា​នេះ​បាន​ប្រគល់​កិត្តិ​យស​ថ្មី​នេះ​ជូន​ដល់​ព្យាការី​វ័យ ៩៨ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ១៣ ខែ មេសា ឆ្នាំ ២០២៣ នៅ​ឯ​មហាសន្និបាត​អន្តរ​ជំនឿវើលហោស៍ ( Worldhouse Interfaith ) និង ការជួបជុំ​ជា​អន្តរ​សាសនា​នៅ​ឯ សាលា​ប្រជុំ​អន្តរជាតិ Martin Luther King Jr ។ សាលា​ប្រជុំ​អន្តរ​ជាតិ​នៅ​ទីក្រុង អាត្លង់តា ។

ពានរង្វាន់​នេះ​បាន​ដាក់​ឈ្មោះ​តាម មហាត្មៈ ហ្កានឌី​ម៉ាទីន លូធើ ឃីង ជុញ័រ និង​ណិលសុន មែនឌិលឡា ។ សាលា​នេះ​បាន​និយាយ​ថា ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បុគ្គល​ដែល​លើក​កម្ពស់​សន្តិភាព និង​ការផ្លាស់​ប្តូរ​សង្គម​ជា​វិជ្ជមាន តាម​រយៈ​មធ្យោបាយ​អ​ហិង្សា និង​ប្រើ​ភាព​ជាអ្នក​ដឹកនាំ​សាកល​លោក​របស់​ពួកគេ ដើម្បី​បញ្ជាក់​ពី​សន្តិភាព យុត្តិធម៌ ភាពខុសគ្នា និង​ពហុនិយម ។

ប្រធាន ណិលសុន បាន​ទទួល​ពាន​រង្វាន់​នេះ​តាម​វីដេអូ ហើយ​ក្រុម​ចម្រៀង​រោង​ឧបោសថ​នៅ​ឯ​វិសាល​ដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក៏​បាន​ច្រៀង​តាម​អនឡាញ​ផងដែរ ។

រយៈពេល​ប្រាំ​ឆ្នាំ​នៃ​ការងារ​បម្រើ​របស់​ព្យាការី​ត្រូវ​បាន​បំពេញ​ដោយ​ការជំរុញ​ចិត្ត​ស្រឡាញ់ និង​គោរព​មនុស្ស​គ្រប់រូប ។ នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​ការប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី ៤០ នៃ​វិវរណៈ​ឆ្នាំ ១៩៧៨ ស្តី​ពី​ពរជ័យ​បព្វជិតភាព​ដែល​ត្រូវបាន​ផ្ដល់​ដល់​សមាជិក​ដែល​មាន​ភាពស័ក្តិសម​នៃ​គ្រប់​ពូជសាសន៍​ទាំងអស់ លោក​បាន​បង្រៀន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ « កសាង​ស្ពាន​សហប្រតិបត្តិការ​ជំនួស​ឲ្យ​ជញ្ជាំង​នៃ​ការបែកចែក » ( « Building Bridges » New Eraខែ សីហា ឆ្នាំ ២០១៨ ទំព័រ ៦ ) ។

បោះពុម្ព