ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១ ៖ គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា


គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

សេចក្តីផ្ដើម

ប្រកាស​ដំណឹង​ល្អ​របស់​យើង បង្រៀន​ថា គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ដើម្បី « អញ្ជើញ​ដល់​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ពិធី​ទទួល​អំណោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត » ( ប្រកាស​ដំណឹង​ល្អ​ទ្រង់ ទំព័រ ១ ) ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « បេសកកម្ម​របស់​អ្នក​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដ៏​ពិសិដ្ឋ​ដើម្បី​នំា​អ្នក​ដទៃ​ទៀត មក​កាន់​ព្រះគ្រីស្ទ ហើយ​ជួយ​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​អង្គ​សង្គ្រោះ » ( « Preparing the World for the Second Coming » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៥០ ) ។ វគ្គ​សិក្សា​នេះ​អាច​ជួយ​សិស្ស​របស់​អ្នក ឲ្យ​រួម​ចំណែក​ក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

គោលបំណង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

ចូរ​សុំ​ឲ្យ​សិស្ស​បង្ហាញ​អំពី​សកម្មភាព និង កិច្ចការ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ជា​ប្រចាំ រួច​សរសេរ​នៅ​លើ​ក្ដារខៀន ។ ( ចម្លើយ​អាច​រួម​មាន ការដើរ​ស្វែងរក​មនុស្ស​បង្រៀន ការសិក្សា ការបង្រៀន ការអធិស្ឋាន និង ការបម្រើ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​អត្ថបទ​មួយ​នៅ​ក្នុង ប្រអប់ « គោលបំណង​របស់​អ្នក » នៅ​លើ​ទំព័រ​ទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ ( ដោយសារ​នេះ​គឺ​ជា​ថ្ងៃ​ចូល​រៀន​ដំបូង នោះ​សិស្ស​ជា​ច្រើន​អាច​នឹង​គ្មាន​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់យើង ដូច្នេះ អ្នក​អាច​ត្រូវ​ចែកចាយ​ច្បាប់​ចម្លង​នៃ​ទំព័រ​នេះ និង ទំព័រ​ឯ​ទៀតៗ​ដែល​ទាក់ទង ) ។

បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា ជាមួយ​នឹង​បញ្ជី​កិច្ចការ​នានា​នៅ​លើ​ក្ដារខៀន រួច​សួរ ៖

  • តើ​ការយល់ដឹង​អំពី​សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា ពង្រីក​ការយល់ដឹង​របស់​អ្នក​អំពី​កិច្ចការ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ យ៉ាង​ដូចម្ដេច ? តើ​គោលបំណង​នេះ ផ្ដល់​អត្ថន័យ​ដល់​កិច្ចការ​នានា​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ យ៉ាង​ដូចម្ដេច ?

  • តើ​ផ្នែក​ណា​ខ្លះ​នៃ​សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នេះ ដែល​បង្ហាញ​អំពី​ការទទួលខុសត្រូវ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា និង ផ្នែក​ណា​ខ្លះ​ដែល​បង្ហាញ​អំពី​ការទទួលខុសត្រូវ​របស់​សាសនាគន់ការី ?

  • តើ​ការធ្វើ​ឲ្យ​សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នេះ​ទៅ​ជា​គោលការណ៍​ដឹកនាំ​នៅ​ក្នុង​ការងារ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្ដេច ? ( សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នេះ ផ្ដល់​ទិសដៅ​ចំពោះ​ការងារ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ ) ។ វា​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការបំពេញ​គោលបំណង​ដ៏​ពិត​របស់​ខ្លួន ជាជាងគ្រាន់​តែ​បំពេញ​ភារកិច្ច ) ។

ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលបំណង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ ទំព័រ​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង រួច​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នៅ​កថាខណ្ឌ​ចុងក្រោយ ដែល​ចាប់ផ្ដើម​ដោយ « អ្នក​ត្រូវបាន​ហៅ » ។

សូម​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា ក្នុង​ថ្នាក់ នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • យោង​តាម​កថាខណ្ឌ​នេះ តើ​បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​មក​រក​ព្រះគ្រីស្ទ ?

  • យោង​តាម​កថាខណ្ឌ​នេះ តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ផ្ដល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាស​ចែក « គោលបំណង​របស់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ។ ក្រដាស​ចែក​នោះ​មាន​នូវ​ការដកស្រង់​មួយ​ចេញ​ពី​សុន្ទរកថា​ដែល​បាន​ផ្ដល់​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ឬ អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​ក្រុម​ដោយ​ខ្លួន​គេ ។ សូម​ឲ្យ​ក្រុម​ទាំងអស់​អាន​ក្រដាស​ចែក​ទាំងអស់គ្នា រួច​ពិភាក្សា​អំពី​សំណួរ​នៅ​ចុង​បញ្ចប់ ។

ក្រដាសចែក គោលបំណង​របស់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា ហើយ​ពិភាក្សា​អំពី​សុន្ទរកថា​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ហើយ​នោះ សូម​ចាត់​ឲ្យ​សិស្ស​បីបួន​នាក់​ចែកចាយ​ចម្លើយ​របស់​ខ្លួន​អំពី​សំណួរ​ដែល​បាន​ពិភាក្សា ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​តាម​របៀប​ណា ? ( ចម្លើយ​អាច​រួម​មាន​ដូចតទៅ ៖ សិស្ស​អាច​នឹង​ជ្រើសរើស​ទន្ទេញ​វា ពួកគេ​អាច​នឹង​សរសេរ​វា ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​ពួកគេ​អាច​ឃើញ​វា​ជា​រៀងរាល់ថ្ងៃ ពួកគេ​អាច​នឹង​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​អំពី​វា ឬ ពួកគេ​អាច​នឹង​ស្វែងរក​ចំណុចសំខាន់​នានា​នៃ​គោលបំណង​នេះ​​ជា​ផ្នែក​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ប្រសាសន៍​ដកស្រង់​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ដាល្លិន អេក អូក

« យើង​ពុំ​ប្រកាស ហើយ​បង្រៀន​ដើម្បី ‹ នាំ​មនុស្ស​ចូល​មក​ក្នុង​សាសនាចក្រ › ឬ ដើម្បី​បង្កើន​សមាជិកភាព​នៃ​សាសនាចក្រ​នោះ​ទេ ។ យើង​ពុំ​ប្រកាស ហើយ​បង្រៀន​គ្រាន់តែ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​រស់នៅ​ក្នុង​ជីវិត​កាន់តែ​ប្រសើរ​នោះ​ទេ ។ … យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត និង ពិធីបុណជ្រមុជទឹក ព្រមទាំង​ពិធីបញ្ជាក់ ដើម្បី​បើក​ក្លោង​ទ្វារ​នគរ​សេឡេស្ទាល​ដល់​បុត្រា និង បុត្រី​ទាំងឡាយ​នៃ​ព្រះ [ សូម​មើល គ. និង ស. ៧៦: ៥១-៥២ ] ។ គ្មាន​នរណា​ទៀត​ដែល​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ » ( « The Purpose of Missionary Work », missionary satellite broadcast ខែ មេសា ឆ្នាំ ១៩៩៥ ) ។

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដែល​ត្រូវ​ចងចាំ​ថា ការប្រកាស​ដំណឹងល្អ​គឺ​ជា​អ្វី​មួយ​ដែល​សំខាន់​ជាង​ការគ្រាន់តែ​ជួយ​នរណាម្នាក់​ឲ្យ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ទៅ​ទៀត ? ( សូម​មើល​ផងដែរ នីហ្វៃទី៣ ១១:៣៣–៣៤ ) ។

  • តើ​អ្នក​មាន​គំនិត​អ្វី​ខ្លះ នៅ​ពេល​អ្នក​គិត​ថា​អ្នក​នឹង​ជួយ « បើក​ក្លោង​ទ្វារ​នគរ​សេឡេស្ទាល » ដល់​មនុស្ស​ទាំងឡាយ​ដែល​អ្នក​បង្រៀន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប ដែល​ពួកគេ​អាច​អនុវត្ត​គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ រួច​ឲ្យ​ពួកគេ​ពិចារណា​ថាតើ​មូលហេតុ​ផ្ទាល់ខ្លួន​របស់​ពួកគេ ក្នុង​ការបម្រើ​បេសកកម្ម ត្រូវ​នឹង សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​មាន​ចែង​នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ដែរ​ឬ​ទេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ចំណាយ​ពេល​បន្តិច សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ឬ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា អំពី​សកម្មភាព​ជាក់លាក់​ណា​ខ្លះ ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​មូលហេតុ​នៃ​ការបម្រើ​បេសកកម្ម​របស់​ពួកគេ កាន់តែ​ដើរស្រប​ទៅ​នឹង​សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​នេះ ។

ការបង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

សូម​ពន្យល់​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រកាស​ថា គោលបំណង​ចម្បង​នៃ​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី « នាំ​មក​ឯ​ពន្លឺ​ឲ្យ​ឃើញ​ដំណឹងល្អ​របស់​យើង [ ហើយ ] នាំ​មក​ឯ​ពន្លឺ​ឲ្យ​ឃើញ​នូវ​ចំណុច​ដ៏​ពិត​អំពី​គោលលទ្ធិ​របស់​យើង » ( គ. និង ស. ១០:៦២ ) ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​រួម​បញ្ចូល​ទាំង​ព្រះបញ្ញត្តិ​ដែល​បញ្ជា​ថា មនុស្ស​លោក​ទាំងអស់​ត្រូវ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត​ពី​អំពើបាប ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល នីហ្វៃទី៣ ១១:៣២ ) ។ សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

នីហ្វៃទី២ ៣១:២, ១០–២១   នីហ្វៃទី៣ ១១:៣១–៤១   នីហ្វៃទី៣ ២៧:១៣–២១

សូម​ចែក​សិស្ស​ជា​បី​ក្រុម ។ សូម​ឲ្យ​សិស្ស​ក្រុម​ទី​មួយ​សិក្សា នីហ្វៃទី២ ៣១:២, ១០–២១ សូម​ឲ្យ​សិស្ស​ក្រុម​ទី​ពីរ​សិក្សា នីហ្វៃទី៣ ១១:៣១–៤១ រួច​សូម​ឲ្យ​ក្រុម​ទី​បី​សិក្សា នីហ្វៃទី៣ ២៧:១៣–២២ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​អាន​ខគម្ពីរ​របស់​ខ្លួន រួច​ស្វែងរក​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​ពី​អ្នក​ទាំងឡាយ ដែល​ព្យាយាម​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផាត់​ពណ៌ ឬ គូសចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​ខ្លួន នូវ​សេចក្ដីពិត​ជាក់លាក់​អំពី​គោលលទ្ធិ និង ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

បន្ទាប់​ពី​សិស្ស​បាន​រំឭក​វគ្គបទគម្ពីរ​ទាំងនេះ​បាន​ពីរ​បី​នាទី​ហើយ​នោះ សូម​ឲ្យ​ពួកគេ​រាយ​បញ្ជី​នៅ​ពី​ក្រោម​សេចក្ដីយោង​នីមួយៗ​នៅ​លើ​ក្ដារខៀន នូវ​សកម្មភាព​នានា​ដែល​តម្រូវ​ឲ្យ​មាន​ពី​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​មាន​នរណាម្នាក់​បាន​សួរ​អ្នក​ថាតើ​ពួក​មរមន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ​នោះ តើ​វគ្គបទគម្ពីរ​ទាំង​បី​នេះ​នៅ​លើ​ក្ដារខៀន អាច​ជួយ​អ្នក​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ពន្យល់​អំពី​គោលលទ្ធិ ឬ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ប្រើ​ពាក្យពេចន៍​អ្នក​ផ្ទាល់ ទៅ​កាន់​នរណាម្នាក់​ដែល​ពុំ​ស្គាល់​ថា​វា​ជា​អ្វី​នោះ ដោយ​របៀប​ណា ?

  • មនុស្ស​ខ្លះ​អាច​នឹង​សួរ​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា ប្រកាស​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​ដែល​បាន​ជឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​រួច​ទៅ​ហើយ ។ តើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដែល​មាន​ណែនាំ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ជួយ​អ្នក​ឆ្លើយ​នឹង​សំណួរ​នោះ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​មាន​នូវ (១) អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ហើយ​បន្ត​ធ្វើ​ដើម្បី​នាំ​យើង​ឲ្យ​ទៅ​រក​ព្រះវរបិតា ( សូម​មើល អាលម៉ា ៣៣:២២ គ. និង ស. ៧៦:៤០–៤២ ) និង (២) អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​មក​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​រួមមាន​ការមាន​សេចក្ដី​ជំនឿ ការប្រែចិត្ត ការទទួល​ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូម​មើល នីហ្វៃទី៣ ២៧:១៦–២១ ) ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​សេចក្ដីថ្លែង​ស្ដីអំពី​គោលបំណង ដែល​មាន​នៅ​លើ​ក្ដារខៀន រួច​សូម​សួរ ៖

  • តើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​មាន​ទំនាក់ទំនង​ទៅ​នឹង គោលបំណង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​សិស្ស​ពិភាក្សា​អំពី​សំណួរ​នេះ ពួកគេ​អាច​នឹង​បង្ហាញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បំពេញ​គោលបំណង​របស់​ពួកគេ ដោយ​ការជួយ​ដល់​សាសនាគន់ការី​ទាំងឡាយ​ឲ្យ​ទទួល​យក​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ មាន​សេចក្ដី​ជំនឿ ប្រែចិត្ត ទទួល​ពិធីបុណ្យជ្រមុជទឹក ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

ដើម្បី​ធ្វើ​ឲ្យ​សិស្ស​យល់​កាន់តែ​ច្បាស់​ថា សាសនាគន់ការី​ទាំងឡាយ​ត្រូវតែ​ប្រព្រឹត្ត​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ក្នុង​ការទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នោះ​សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ​ទី ៥ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាច​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ពីរ​ដំបូង​នៅ​ក្នុង​ផ្នែក​នេះ​ក្រោម​ចំណងជើង​ថា « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។ ក្រោយ​មក សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឃើញ​អំពី​មូលហេតុ ដែល​វា​មាន​សារៈសំខាន់​ចំពោះ​សាសនាគន់ការី​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្ដី​ជំនឿ ៖

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​មើល​ឃើញ ដើម្បី​កំណត់​ថា​សាសនាគន់ការី​ម្នាក់​កំពុង​តែ​ប្រើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ប្រែចិត្ត ហើយ​រៀបចំ​ខ្លួន​ទទួល​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ?

បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​ពន្យល់​ថា ជា​ញឹកញាប់ ពួក​អ្នក​ផ្សព្វផ្សាយ​តែង​ខ្វល់ខ្វាយ​អំពី​ការថ្លែង​ចេញ និង ការប្រព្រឹត្ត​ដែល​ត្រឹមត្រូវ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការណ៍​ដែល​មាន​សារៈសំខាន់​ជាង​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្លែង​ចេញ ហើយ​ប្រព្រឹត្ត​ទៅ​ទៀត​នោះ គឺ​ថា​សាសនាគន់ការី​ប្រព្រឹត្ត​តាម​សេចក្ដី​ជំនឿ​ដែល​ពួកគេ​បាន​បង្រៀន ។ ជំនាញ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​អភិវឌ្ឍ គឺ​ត្រូវ​មើល​ឃើញ​ដោយ​ព្រះវិញ្ញាណ​ថាតើ​សាសនាគន់ការី​ពិត​ជា​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ជំនឿ ហើយ​កំពុង​តែ​ប្រែចិត្ត​ជឿ​ដែរ​ឬ​ទេ ។

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​មើល​ឃើញ ដើម្បី​កំណត់​ថា​ព្រះវិញ្ញាណ​កំពុង​មាន​វត្តមាន​នៅ​ពេល​កំពុង​បង្រៀន ចំណែក​ឯ​សាសនាគន់ការី​កំពុង​តែ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​នោះ ?

  • តើ​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​អ្នកផ្សព្វផ្សាយសាសនា អាច​ធ្វើ​អ្វី​ដើម្បី​យល់​បាន​កាន់តែ​ច្បាស់ ហើយ​អនុវត្ត​ឲ្យ​បាន​កាន់តែ​ល្អ​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ? ( ចម្លើយ​អាច​រួមមាន​ដូច​តទៅ​នេះ ៖ អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​យល់​កាន់តែ​ច្បាស់ សិក្សា​ព្រះគម្ពីរ​អំពី​ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​មាន​ដូច​ជា ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ព្រមទាំង​គោលការណ៍ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ជជែក​ជាមួយ​មនុស្ស​ដទៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ សិក្សា​អំពី​ពាក្យ​អធិស្ឋាន​នៃ​ពិធីសាក្រាម៉ង់​ដើម្បី​យល់​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​បាន​កាន់តែ​ច្បាស់ ។ល។ ) ។

videoiconសូម​បង្ហាញ​វីដេអូ « The Purpose of Missionary Work: Robles Family » ( ៩:១៩ ) រួច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​កត់ចំណាំ អំពី​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ ដើម្បី​ជួយ​ក្រុម​គ្រួសារ រ៉ូប៊លស៍ ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

បន្ទាប់​ពី​បាន​បង្ហាញ​វីដេអូ​នេះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​ពន្យល់​អំពី​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ដើម្បី​បំពេញ​តាម​គោលបំណង​របស់​ពួកគេ ៖

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ក្រុមគ្រួសារ រ៉ូប៊លស៍ បណ្ដុះ​សេចក្ដី​ជំនឿ ? ( ចម្លើយ​អាច​រួម​មាន​ដូច​ត​ទៅ​នេះ ៖ ពួកគេ​លើក​ទឹកចិត្ត​គ្រួសារ​នោះ​ឲ្យ​អធិស្ឋាន​សួរ​អំពី​ព្រះគម្ពីរ​មរមន ឆ្លើយ​សំណួរ បង្រៀន​ពួកគេ​អំពី​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នានា តាំងចិត្ត​ពួកគេ​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក ធ្វើ​ឲ្យ​វួដ​មាន​ចំណែក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​តម្រង់​ផ្លូវ​ឲ្យ​ពួកគេ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ) ។

  • ហេតុអ្វី​បាន​ជា​ទាំង ការបង្រៀន សាសនាគន់ការី និង ការអញ្ជើញ ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ គឺ​ជា​ទិដ្ឋភាព​ដ៏​សំខាន់​នៃ​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ ?

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​បាន​ឃើញ​ថា សេចក្ដី​ជំនឿ​របស់​សមាជិក​ក្រុមគ្រួសារ រ៉ូប៊លស៍ បាន​កើនឡើង ហើយ​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា​មាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង ?

សូម​ផ្ដល់​ពេល​វេលា​បីបួន​នាទី ឲ្យ​សិស្ស​សិក្សា​ផ្នែក​ក្រោម​ចំណងជើង « ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ការតាំងចិត្ត ៖ ច្រក​នាំ​ទៅ​កាន់​ជំនឿ និង ការប្រែចិត្ត » នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ៨ ។ បន្ទាប់​មក​សូម​ចាត់តាំង​សិស្ស​ឲ្យ​ចាប់​ដៃគូ ហើយ​ប្ដូរ​វេន​គ្នា​ចែកចាយ​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន អំពី​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ ។ តើ​ពួកគេ​មាន​ការភ័យខ្លាច និង កង្វល់​អ្វី​ខ្លះ ? តើ​អ្វី​ដែល​ជួយ​ពួកគេ ឲ្យ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​អាច​ធ្វើ​ទៅ​បាន ? បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការយល់ដឹង​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ក្នុង​ការអញ្ជើញ​សាសនាគន់ការី​ឲ្យ​ធ្វើ​ការតាំងចិត្ត ?

  • ហេតុអ្វី​បាន​ជា​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​បង្ហាញ « ការខកចិត្ត » នៅ​ពេល​មនុស្ស​ពុំ​ធ្វើតាម​ការតាំងចិត្ត​ដើម្បី​អាន ឬ អធិស្ឋាន​សួរ​អំពី​ព្រះគម្ពីរ​មរមន ?

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្រមៃ​ក្នុង​ចិត្ត​អំពី​អារម្មណ៍​ដែល​អាច​មាន នៅ​ពេល​ជួយ​មនុស្ស​ឲ្យ​កែប្រែ ហើយ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​សួរ​ថាតើ​មាន​ពួកគេ​ណា​ម្នាក់​ធ្លាប់​បាន​ជួយ​មិត្តភក្ដិ ឬ សមាជិក​ក្រុមគ្រួសារ​ម្នាក់​ឲ្យ​មក​រក​ព្រះគ្រីស្ទ រួច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​អារម្មណ៍​នៃ​ការជួយ​ដល់​ដំណើរការ​នោះ ។

ករណីយកិច្ច​ដ៏​ធំ​ជាង​គេ

សូម​ពិភាក្សាអំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​សិទ្ធិអំណាច​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​ព្រះវរបិតាសួគ៌ ហើយ​ជួយ​ពួកគេ​ទទួល​បាន​ពិធីបរិសុទ្ធ​នានា ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ព្យាការី យ៉ូសែប ស្ម៊ីធ

« បន្ទាប់​ពី​កិច្ចការ​ទាំងអស់​បាន​និយាយ​ចប់​ហើយ ករណីយកិច្ច​ដ៏​ធំ​ជាង​គេ និង​សំខាន់​ជាង​គេ គឺ​ផ្សាយ​ដំណឹងល្អ ( ប្រសាសន៍​ដកស្រង់​របស់ យ៉ូសែប ស៊្មីធ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ១២ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការបង្រៀន​ដំណឹងល្អ មាន​សារៈសំខាន់​ជាង​ទង្វើ​ល្អ​ដទៃៗ​ទៀត ។ អ្នក​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់​បំផុត​នៅ​លើ​ពិភពលោក​នេះ ហើយ​គ្មាន​អ្វី​ដែល​នៅ​លើ​លោក​នេះ​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ឡើយ ។ ការសាងសង់​ផ្ទះ និង ស្ពាន​ពុំ​មាន​សារៈសំខាន់​នោះ​ទេ ។ ការកសាង​ពិភពលោក​ពុំ​មែន​ជា​រឿង​សំខាន់​ឡើយ ប្រសិនបើ​ប្រៀប​ផ្ទឹម​ទៅ​នឹង​ជីវិត​មនុស្ស​ដែល​អ្នក​កំពុង​កសាង ។ ការសង្គ្រោះ​ជីវិត​មនុស្ស​រមែងស្លាប់​ពុំ​មែន​ជា​ការសម្រេច​បាន​ជោគជ័យ​ដ៏​សំខាន់​ឡើយ ប្រសិនបើ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​នេះ ។ អ្នក​អាច​នឹង​ចេញ​ទៅ​ទីស្មសាន ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​ម៉ឺន​នាក់​រស់ឡើងវិញ ប៉ុន្តែ​អ្នក​ពុំ​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ឡើយ ប្រសិនបើ​ប្រៀបផ្ទឹម​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ដើម្បី​ជួយ​សង្គ្រោះ​ដល់​មនុស្ស​នេះ » ( The Teachings of Spencer W. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៤៧ ) ។

សូម​សួរ​សិស្ស​របស់​អ្នក​ថាតើ​មាន​នរណា​ចង់​ចែកចាយ អំពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ការប្រកាស​ដំណឹងល្អ​គឺ​ជា​ករណីយកិច្ច​ដ៏​ធំ​ជាង​គេ​ដែល​យើង​មាន ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា តាមរយៈ​ការប្រកាស​ដំណឹងល្អ នោះ​យើង​នឹង​ជួយ​មនុស្ស​ទូទៅ​ឲ្យ​ទទួលបាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន ។

សូម​ឲ្យ​សិស្ស​អាន​ឮៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០, ១៥–១៦ ដែល​មាន​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​ស្វែងរក​មើល​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​ប្រកាស​ប្រកាស និង ចំពោះ​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​មាន​ពរជ័យ​ណា​ខ្លះ ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​ប្រកាស​ដំណឹងល្អ និង អ្នក​ដែល​រៀន​ដំណឹងល្អ ?

សូម​ពន្យល់​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ក៏​អាច​មាន​ឧបសគ្គ​ផងដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​ជឿ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពុំ​មាន​ភាពងាយស្រួល​នោះ​ទេ ព្រោះ សេចក្តីសង្គ្រោះ​ពុំ​មែន​ជា​បទពិសោធន៍​ដែល​គ្មាន​តម្លៃ​​នោះ​ទេ ។ សេចក្តីសង្គ្រោះ ពុំ​មែន​ជា រឿង​ងាយស្រួល​ដើម្បី​ទទួល​បាន​ឡើយ ។ យើង​គឺ​ជា​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ នេះ​គឺ​ជា​សេចក្ដីពិត ចំណែក​ឯ​ទ្រង់​គឺ​ជា​ព្រះសិរសា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ តើ​យើង​អាច​ជឿ​ថា​វា​មាន​ភាពងាយស្រួល​សម្រាប់​យើង​បាន​យ៉ាង​ដូចម្ដេច​ទៅ ទន្ទឹម​នឹង​ពេល​ដែល​វា​ពុំ​មាន​ភាពងាយស្រួល​សម្រាប់​ទ្រង់​ទាល់​តែ​សោះ​នោះ ? ចំពោះ​ខ្ញុំ​វា​ហាក់ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង ថ្នាក់​ដឹកនាំ​បេសកកម្ម​ត្រូវ​ចំណាយ​ពេល​ខ្លះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ។ អ្នក​ផ្សព្វផ្សាយ​សាសនា និង ថ្នាក់​ដឹកនាំ​បេសកកម្ម ត្រូវ​ឈាន​ជើង​យ៉ាង​ហោចណាស់​ពីរ​បី​ជំហាន​ទៅ​លើ​កំពូល​ភ្នំ​កាលវ៉ារី ។

« … ខ្ញុំ​ជឿ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា ព្រមទាំង សាសនាគន់ការី នឹង​ត្រូវ​បង់​ថ្លៃ​ដែល​ជា​និមិត្តរូប​នៃ​តម្លៃ​ដូចគ្នា​នោះ​ដែរ ដើម្បី​មក​រក​សេចក្ដីពិត មក​រក​សេចក្ដី​សង្គ្រោះ មក​ស្គាល់​អ្វី​មួយ​ដែល​កើត​ចេញ​ពី​តម្លៃ​ដែល​ត្រូវបាន​បង់​នេះ » ( « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ១៥ ) ។

  • តើ​ទស្សន​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នេះ នឹង​ជួយ​អ្នក​នៅ​ពេល​អ្នក​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​បញ្ចប់​មេរៀន សូម​គិត​អំពី​ពេល​វេលា​បីបួន​នាទី ឲ្យ​សិស្ស​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ទំនាក់ទំនង​រវាង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​យល់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ឲ្យ​បាន​កាន់តែ​ច្បាស់ នៅ​ពេល​ពួកគេ​រៀបចំ​ខ្លួន​ចេញ​បម្រើ​បេសកកម្ម ។ សូម​សួរ​សិស្ស​ថាតើ​មាន​ពួកគេ​ណា​ម្នាក់ ចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ជាមួយ​មិត្ត​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ប្រសិនបើ​សិស្ស​នឹង​រៀន ហើយ​ប្រព្រឹត្ត​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ​ច្រើន ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ពន្យល់​ទៅ​កាន់​សិស្ស​របស់​អ្នក​ថា ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​នៅ​ក្រៅ​ថ្នាក់​រៀន ។ ហេតុដូច្នោះ​ហើយ នៅ​ពេល​បញ្ចប់​មេរៀន​នេះ អ្នក​នឹង​ត្រូវ​ណែនាំ​អំពី​សកម្មភាព​នានា ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ដើម្បី​បម្រើ​បេសកកម្ម ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចាប់ផ្ដើម​នា​ពេល​ឥឡូវ​នេះ​ក្នុង​ការរួម​ចំណែក​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​តាម​ចំណុច​មួយ ឬ ច្រើន​ជាង​នេះ​ដូច​ខាង​ក្រោម ៖

  • ចែកចាយ​ជាមួយ​មនុស្ស​ទូទៅ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អំពី​មូលហេតុ​ដែល​ពួកគេ​មាន​ចិត្ត​រំភើប​ក្នុង​ការបម្រើ​បេសកកម្ម និង អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន ។

  • សូម​មើល​វីដេអូ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ផ្នែក Hastening the Work of Salvation នៅ​លើ​គេហទំព័រ LDS.org រួច​សរសេរ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​នូវ​អារម្មណ៍​ផ្សេងៗ ដែល​អ្នក​មាន​នៅ​ពេល​អ្នក​ពិចារណា​អំពី​ឱកាស​ដើម្បី​រួមចំណែក​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

  • អញ្ជើញ​មិត្តភក្ដិ​ម្នាក់​ឲ្យ​ចូល​រៀន​ថ្នាក់ ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ​អ្នក ។ ( អ្នក​អាច​នឹង​ផ្ដល់​ការអញ្ជើញ​នេះ​ទៅ​ដល់​សិស្ស នៅ​ពេល​ចុងបញ្ចប់​នៃ​ម៉ោង​សិក្សា​នីមួយៗ ) ។

  • អញ្ជើញ​មិត្តភក្ដិ​ដែល​មិនមែន​ជា​សមាជិក ឬ សមាជិក​មិន​សូវ​សកម្ម ឲ្យ​មក​ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ក្រដាស​ចែក

ក្រដាសចែក គោលបំណង​របស់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា