១១
ការបង្រៀនផែនការនៃសេចក្ដីសង្គ្រោះ ( ភាគ ២ )
សេចក្ដីផ្ដើម
ផែនការនៃសេចក្ដីសង្គ្រោះបានផ្ដល់ព្រះអង្គសង្គ្រោះមួយព្រះអង្គ ឲ្យយាងមកដើម្បីយកឈ្នះលើឥទ្ធិពលនៃការធ្លាក់របស់អ័ដាម ។ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ យើងអាចយកឈ្នះលើសេចក្ដីស្លាប់ អំពើបាប និង ទុក្ខព្រួយ ។ លើសពីនេះទៅទៀត យើងនឹងបានរស់ឡើងវិញ ហើយពួកសុចរិតនឹងត្រឡប់ទៅក្នុងវត្តមានរបស់ព្រះវិញ ហើយប្រែក្លាយដូចជាទ្រង់ ។ អ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា គួរតែយល់ឲ្យបានច្បាស់អំពីគោលលទ្ធិរបស់ផែនការនៃសេចក្ដីសង្គ្រោះ ហើយត្រៀមខ្លួនពន្យល់ដោយសាមញ្ញ ហើយថ្លែងទីបន្ទាល់អំពីវាដោយអំណាច ។
ការរៀបចំទុកជាមុន
-
សូមសិក្សា អេសាយ ៥៣:៣–៥ កូរិនថូស ទី១ ១៥:២០–២២ អាលម៉ា ៧:១១–១៣ អាលម៉ា ១១:៤២–៤៤ អាលម៉ា ៣៤:៨–៩ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–១៩ ។
-
សូមសិក្សា ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៥១-៥៤ ។
-
សូមរៀបចំបង្ហាញវីដេអូ « For God So Loved the World » ( នាទីទី ៤:៤៨ ) ដែលមាននៅលើគេហទំព័រ LDS.org ។
យោបល់សម្រាប់ការបង្រៀន
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
មុនចាប់ផ្ដើមបង្រៀន សូមសរសេរសំណួរខាងក្រោមដាក់នៅលើក្ដារខៀន ៖
នៅពេលចាប់ផ្ដើមបង្រៀន សូមឲ្យសិស្សអានដោយស្ងៀមស្ងាត់នៅក្នុង យ៉ូហាន ៣:១៦ រួចពិចារណាថាតើខគម្ពីរនេះ « សង្ខេបអំពីផែនការនៃសេចក្ដីសង្គ្រោះទាំងស្រុង » យ៉ាងដូចម្ដេច ។
បន្ទាប់ពីសិស្សបានមានពេលអានបន្តិច និង ពិចារណាហើយ សូមឲ្យពួកគេពិភាក្សាអំពីរបៀបដែលខគម្ពីរទាំងនេះ សង្ខេបអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ ប្រសិនបើចាំបាច់ អ្នកអាចអានសេចក្ដីថ្លែងការណ៍ទាំងស្រុងស្ដីពី យ៉ូហាន ៣:១៦ ដែលបានថ្លែងដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥-៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នេះប្រហែលជាខគម្ពីរមួយមានគេស្គាល់ច្រើន និង មានអានុភាពបំផុតដែលយើងធ្លាប់បានឮ ។ វាសង្ខេបផែនការនៃសេចក្ដីសង្គ្រោះទាំងស្រុង ដោយចងភ្ជាប់រវាងព្រះវរបិតា និង ព្រះរាជបុត្រា ពលិកម្មដ៏ធួនរបស់ទ្រង់ជាមួយគ្នា ដែលការជឿលើទ្រង់គឺជាកិច្ចការដ៏សុចរិតមួយដែលបានសន្មត់ជាមុន និង ការលើកតម្កើងដ៏អស់កល្បជានិច្ចនៅទីបញ្ចប់សម្រាប់ពួកស្មោះត្រង់ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៤៤ ) ។
សូមឲ្យសិស្សម្នាក់អានឮៗ ក្នុងកថាខណ្ឌទីមួយដែលមាននៅក្នុងចំណុច « ដង្វាយធួន » នៅទំព័រ ៥១ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់មក សូមសួរ ៖
-
តើអ្នកនឹងថ្លែងជាប្រយោគមួយថា ហេតអ្វីបានជាពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់ដល់ម្ល៉េះចំពោះបុត្រាបុត្រីម្នាក់ៗរបស់ព្រះ ? ( ចម្លើយរបស់សិស្សគួរតែរួមបញ្ចូលគោលលទ្ធិដែលថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យយើងអាចយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ) ។
-
តើយើងទាំងអស់គ្នា រងឥទ្ធិពលអ្វីខ្លះពីការធ្លាក់ ? ( ឥទ្ធិពលធំៗមាន [១] ការស្លាប់ខាងសាច់ឈាម [២] អំពើបាប និង ការស្លាប់ខាងវិញ្ញាណ [ ការបែកចេញពីព្រះ ] និង [៣] ការឈឺចាប់ និង ទុក្ខព្រួយ ) ។
នៅពេលសិស្សឆ្លើយ សូមគិតដល់ការសរសេរចម្លើយរបស់ពួកគេក្នុងតារាងនៅលើក្ដារខៀននៅក្រោមចំណងជើង « ឥទ្ធិពលនៃការធ្លាក់ » ។ បន្ទាប់មក សូមសរសេរក្នុងតារាងនៅខាងស្ដាំក្រោមចំណងជើង « របៀបដែលដង្វាយធួនយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ » ( ឬបង្ហាញតារាងនេះដោយប្រើវិធីសាស្ត្រមួយផ្សេងទៀត ) ៖
ឥទ្ធិពលនៃការធ្លាក់ |
របៀបដែលដង្វាយធួនឈ្នះលើឥទ្ធិពលនៃការធ្លាក់ |
---|---|
សេចក្ដីស្លាប់ខាងសាច់ឈាម |
ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៥១ « ដង្វាយធួន » កថាខណ្ឌទី ២ ។ |
អំពើបាប និង ការស្លាប់ខាងវិញ្ញាណ |
ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៥១–៥២ « ដង្វាយធួន » កថាខណ្ឌទី ៣–៥ ។ |
ការឈឺចាប់ និង ទុក្ខព្រួយ |
ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៥១–៥២ « ដង្វាយធួន » កថាខណ្ឌទី ៦ ។ |
សូមបំបែកសិស្សជាបីក្រុម រួចចាត់តាំងក្រុមនីមួយៗឲ្យសិក្សាសេចក្ដីយោងនៅក្នុងផ្នែកមួយចំណោមផ្នែកទាំងបីនៅលើតារាង ។ សូមឲ្យសិស្សត្រៀមខ្លួនចែកចាយថាតើអ្វីដែលពួកគេបានសិក្សា ជួយពន្យល់អំពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឈ្នះលើឥទ្ធិពលនៃការធ្លាក់យ៉ាងដូចម្ដេច ។ សូមប្រាប់សិស្សថា បទគម្ពីរមាននៅក្នុងតារាងតំណាងឲ្យវគ្គបទគម្ពីរជាច្រើនដែលអាចប្រើ ដើម្បីបង្ហាញអំពីគោលលទ្ធិនៃដង្វាយធួន ហើយថាពួកគេគួរតែសិក្សាវគ្គបទគម្ពីរបន្ថែមដើម្បីមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលលទ្ធិនេះ ។ ក្រោយពីបានផ្ដល់ពេលវេលាឲ្យសិស្សសិក្សាគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ពីក្រុមនីមួយៗ ពន្យល់អំពីអ្វីដែលពួកគេបានសិក្សា និងរបៀបដែលវាជួយយើងយល់អំពីរបៀបដែលដង្វាយធួនអាចប្រទានពរដល់យើង ។
សូមផ្ដល់ពេលវេលាពីរបីនាទីឲ្យសិស្សសរសេរបីបួនប្រយោគ ដែលសង្ខេប ឬ បង្ហាញអំពីអ្វីដែលពួកគេចង់បង្រៀនសាសនាគន់ការីអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពីរបីនាទីក្រោយមក សូមគិតដល់ការហៅសិស្សពីរបីនាក់អាន អ្វីដែលពួកគេបានសរសេរឲ្យមិត្តរួមថ្នាក់ស្ដាប់ ។
សូមយាងអញ្ជើញព្រះវិញ្ញាណមកជួយសិស្សឲ្យស្គាល់សេចក្ដីពិត និង សារៈសំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការបង្ហាញវីដេអូ « For God So Loved the World » ( នាទីទី ៤:៤៨ ) ។ សូមសិស្សស្វែងរករបៀបដែលព្រះយេស៊ូវគ្រីស្ទ បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់ពិភពលោក ។
បន្ទាប់ពីមើលវីដេអូរួច សូមសួរ ៖
-
តើរបៀបមួយចំនួនដែលព្រះយេស៊ូវគ្រីស្ទ បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទូទៅមានអ្វីខ្លះ ?
-
តើវីដេអូនេះជួយអ្នកឲ្យមានអំណរគុណចំពោះការងារបម្រើ និង បេសកកម្មនៃការធ្វើឲ្យធួនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សមើលទៅអ្វីដែលពួកគេបានសរសេរវិញអំពី កិច្ចការដែលពួកគេចង់បង្រៀនសាសនាគន់ការីអំពីដង្វាយរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមផ្ដល់ពេលវេលាពីរបីនាទីទៀតឲ្យសិស្សសរសេរប្រយោគបន្ថែម ដែលសង្ខេបអំពីអ្វីដែលពួកគេជឿ ហើយអាចថ្លែងទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពីបីនាទីក្រោយមក សូមចាត់សិស្សជាគូជាមួយមិត្តរួមថ្នាក់ ហើយដើរតួជាមួយគ្នាអំពីរបៀបដែលពួកគេនឹងថ្លែងទីបន្ទាល់ទៅកាន់សាសនាគន់ការី អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីដៃគូនីមួយៗបានមានឱកាសដើរតួហើយ សូមបញ្ចប់ផ្នែកនេះក្នុងមេរៀនដោយសួរ ៖
-
ហេតុអ្វីបានជាសំខាន់ចំពោះអ្នកផ្សព្វផ្សាយសាសនា ដែលត្រូវចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទជាប្រចាំទៅកាន់មនុស្សដែលពួកគេបង្រៀន ? ( អ្នកអាចចង់គូសសម្គាល់ថា តួនាទីមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ [ សូមមើល យ៉ូហាន ១៥:២៦ នីហ្វៃទី៣ ១១:៣២ ] ហេតុដូច្នេះហើយ នៅពេលយើងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះយើងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ឲ្យបញ្ជាក់សាក្សីរបស់យើងនៅក្នុងចិត្តរបស់មនុស្សដែលយើងបង្រៀន ) ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីបង្កើនអំណរគុណ និង ពង្រឹងទីបន្ទាល់របស់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមអះអាងដល់សិស្សថា តាមរយៈការពង្រឹងទីបន្ទាល់របស់ខ្លួនអំពីព្រះអង្គសង្គ្រោះ ពួកគេនឹងត្រៀមខ្លួនបានកាន់តែរួចរាល់ដើម្បីអញ្ជើញមនុស្សទូទៅឲ្យមករកព្រះគ្រីស្ទ ។
ជោគវាសនាដ៏អស់កល្បរបស់យើង
សូមឲ្យសិស្សមើលដ្យាក្រាមនៅក្នុងប្រអប់ « ផែនការនៃសេចក្ដីសង្គ្រោះ » នៅលើទំព័រទី ៥៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សសិក្សាដ្យាក្រាមជាដំបូងសិន បន្ទាប់មកឲ្យគេគូរតាមរបៀបរបស់ពួកគេ ដោយមិនមើលនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ ដ្រាក្រាមរបស់ពួកគេអាចចេញជាទម្រង់ណាមួយក៏បាន ដរាបណាដែលពួកគេបញ្ចប់ផ្នែកសំខាន់ៗក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ សូមរំឭកសិស្សថា អ្នកផ្សព្វផ្សាយសាសនាត្រូវមានសមត្ថភាពពន្យល់អំពីកត្តាសំខាន់ៗនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ដោយប្រើពាក្យសាមញ្ញៗទៅកាន់សាសនាគន់ការី ។
ដើម្បីជួយសិស្សយល់អំពីមាតិកាដែលមាននៅក្នុង ចំណុចដែលនៅសល់ក្នុងមេរៀនទី ២ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ៥២–៥៣ ) សូមឲ្យសិស្សចំណាយពេលពីរបីនាទីដើម្បីអានចំណុចទាំងនោះ ហើយស្វែងរកគោលលទ្ធិ គោលការណ៍ និង យោបល់ដែលសាសនាគន់ការីត្រូវតែដឹង ។ នៅពេលសិស្សអាន សូមសរសេរចំណងនៃចំណុចនោះនៅក្នុងតារាងនៅលើក្ដារខៀន ៖
តើសាសនាគន់ការីត្រូវដឹងអំពីអ្វី ? | ||
---|---|---|
ពិភពវិញ្ញាណ |
ដំណើររស់ឡើងវិញ ការជំនុំជម្រះ និង អមតភាព |
នគរនៃសិរីល្អ |
វាអាចនឹងមានប្រយោជន៍ដែលឲ្យសិស្សសិក្សាមួយចំណុចម្ដងៗ ហើយចែកចាយគោលលទ្ធិ គោលការណ៍ ឬ យោបល់នានាដែលពួកគេមាន ពីមុនបន្តអាននៅចំណុចបន្ទាប់ទៀត ។ អ្នកអាចឲ្យសិស្សម្នាក់សរសេរចម្លើយរបស់សិស្សនៅក្នុងថ្នាក់ នៅក្រោមចំណងជើងត្រឹមត្រូវនៅលើក្ដារខៀន ៖ សូមគិតដល់ការឲ្យពួកគេចម្លងតារាងនោះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ខ្លួន ហើយបំពេញតារាងនោះនៅពេលសិស្សក្នុងថ្នាក់ពិភាក្សាអំពីចំណុចនីមួយៗ ។
សំណួរដូចខាងក្រោមនេះ អាចជួយសិស្សវិភាគអ្វីដែលពួកគេអាន ៖
-
តើការសម្រេចិត្តរបស់យើងនៅលើផែនដីនេះ មានឥទ្ធិពលលើយើងយ៉ាងដូចម្ដេចបន្ទាប់ពីយើងស្លាប់ទៅ ?
-
តើការយល់ដឹងរបស់យើងអំពីការជំនុំជម្រះ មានឥទ្ធិពលលើការសម្រេចចិត្តរបស់យើងនាពេលឥឡូវនេះយ៉ាងដូចម្ដេច ?
-
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើ ជំហាននីមួយៗក្នុងជីវិតរបស់យើង ( មុនឆាកជីវិតនេះ រមែងស្លាប់ និង បន្ទាប់ពីស្លាប់ ) យ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាសំខាន់ដែលត្រូវមានភាពច្បាស់លាស់ ហើយសាមញ្ញនៅពេលប្រាប់សេចក្ដីពិតនេះដល់មនុស្សទូទៅ ?
សូមពន្យល់សិស្សថា គោលលទ្ធិដ៏សំខាន់មួយនៃការស្ដារឡើងវិញគឺថា បុត្រាបុត្រីរបស់ព្រះមានសក្ដានុពលប្រែក្លាយដូចជាទ្រង់ ។ ការយល់ដឹងរបស់យើងអំពីព្រះវរបិតាសួគ៌ ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចរីកចម្រើន ហើយទទួលបានពរជ័យនៃការលើកតម្កើង ( សូមមើល « ការលើកតម្កើង » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៥៨ ) ។ ទោះជាថ្ងៃមួយយើងអាចនឹងប្រែក្លាយដូចជាព្រះយ៉ាងណាក្ដី ក៏យើងនឹងថ្វាយបង្គំទ្រង់ជានិច្ចដែរ ។ ការរីកចម្រើនរបស់យើង នឹងមិនផ្លាស់ប្តូរអត្តសញ្ញាណរបស់ទ្រង់ថាជាព្រះវរបិតាយើង និង ជាព្រះរបស់យើងឡើយ ។ ( សម្រាប់ព័ត៌មានបន្ថែមអំពីប្រធានបទនេះ សូមមើលអត្ថបទក្នុង Gospel Topics ចំណងជើងថា « Becoming Like God » នៅលើគេហទំព័រ lds.org/topics ) ។
សូមបំបែកសិស្សជាដៃគូៗ រួចឲ្យដៃគូនីមួយៗត្រៀមខ្លួនបង្រៀននរណាម្នាក់អំពីគោលបំណងនៃជីវិត និង អ្វីដែលកើតឡើងបន្ទាប់ពីយើងស្លាប់ ។ នៅពេលពួកគេត្រៀមខ្លួន សិស្សគួរតែបើកទៅកាន់ ទំព័រ ៥១–៥៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ឬទៅកាន់ ទំព័រ ១០–១៥ នៅក្នុងកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនា ផែនការនៃសេចក្ដីសង្គ្រោះ ប្រសិនបើមាន ។ សូមលើកទឹកចិត្តសិស្សឲ្យប្រើ យ៉ាងហោចណាស់ខគម្ពីរមួយនៅពេលពួកគេបង្រៀន ។ សូមលើកទឹកចិត្តពួកគេ ឲ្យប្រើដ្យាក្រាមរបស់ផែនការនៃសេចក្ដីសង្គ្រោះ ដែលពួកគេបានគូរ ឬ ដ្យាក្រាម នៅទំព័រ ៥៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើងផងដែរ ។ សូមពន្យល់ថា ការបង្រៀនរបស់ពួកគេគួរតែសាមញ្ញ ហើយច្បាស់លាស់ ហើយគួរតែបញ្ចប់ដោយនូវទីបន្ទាល់របស់ពួកគេ ។ សូមទុកពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យដៃគូនីមួយៗត្រៀមខ្លួនបង្រៀន ក្រោយមកឲ្យដៃគូមួយចាប់ដៃគូជាមួយដៃគូមួយផ្សេងទៀត ។ សូមចាត់ឲ្យដៃគូមួយ បង្រៀនសិស្សពីរនាក់ទៀត ។
នៅពេលដៃគូនីមួយៗបញ្ចប់ការបង្រៀនរបស់ខ្លួន សូមឲ្យក្រុមនីមួយៗពិភាក្សាអំពីសំណួរដូចខាងក្រោមដោយខ្លួនពួកគេ ៖ តើអ្វីដែលបានដំណើរការទៅដោយរលូន នៅក្នុងការបង្រៀន ? តើសិស្សដែលជាអ្នកបង្រៀន អាចកែលម្អយ៉ាងដូចម្ដេច ?
បន្ទាប់មក សូមប្ដូរវេន ហើយអនុញ្ញាតឲ្យសិស្សដែលត្រូវគេបង្រៀននោះ បង្រៀនដៃគូមួយផ្សេងទៀតវិញ ។ សូមប្រាកដថា មានពេលសម្រាប់ឲ្យពួកគេទទួលមតិកែលម្អ ។ បន្ទាប់ពីដៃគូទាំងអស់បានមានឱកាសបង្រៀនគ្រប់គ្នាហើយនោះ សូមឲ្យសិស្សចែកចាយការយល់ដឹងចេញពីបទពិសោធន៍របស់ខ្លួនជាមួយនឹងសិស្សក្នុងថ្នាក់ ។
ប្រសិនបើមានពេល សូមបញ្ចប់មេរៀនដោយថ្លែងទីបន្ទាល់របស់អ្នកអំពីផែនការនៃសេចក្ដីសង្គ្រោះ ឬ អញ្ជើញសិស្សក្នុងថ្នាក់ឲ្យធ្វើដូចគ្នានេះដែរ ។
ការអញ្ជើញឲ្យអនុវត្ត
សូមឲ្យសិស្សជ្រើសរើសសកម្មភាពមួយ ឬ ច្រើនខាងក្រោមដើម្បីធ្វើពេលចេញពីថ្នាក់ទៅ ដើម្បីពង្រឹងការយល់ដឹងរបស់ខ្លួនអំពីផែនការនៃសេចក្ដីសង្គ្រោះ ៖
-
អនុវត្តគូរ ដ្យាក្រាម នៅទំព័រ ៥៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង រួចពន្យល់អំពីកត្តាសំខាន់ៗអំពីផែនការនៃសេចក្ដីសង្គ្រោះ ដោយប្រើបទគម្ពីរដើម្បីគាំទ្រធាតុនីមួយៗ ។
-
គិតអំពីរបៀបដែលអ្នកអាចបង្រៀនផែនការនៃសេចក្ដីសង្គ្រោះ ដើម្បីជួយមនុស្សម្នាក់ដែលថ្មីៗនេះបានបាត់បង់សមាជិកគ្រួសារ ឬ មនុស្សជាទីស្រឡាញ់ ។ សរសេរការសង្ខេបខ្លី ឬ គម្រោងនៃយោបល់របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ។
-
សិក្សាអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗ ។ ស្វែងរកគោលការណ៍នានាចេញពីសុន្ទរកថា ដែលនឹងជួយអ្នកយល់កាន់តែច្បាស់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ធ្វើបញ្ជីនៃរបៀបដែលដង្វាយធួនប្រទានពរដល់អ្នកជារៀងរាល់ថ្ងៃ ។
-
អធិស្ឋានដើម្បីឲ្យមានឱកាសចែកចាយផែនការនៃសេចក្ដីសង្គ្រោះជាមួយមនុស្សម្នាក់ ដែលអាចមានពរតាមរយៈការយល់ដឹងកាន់តែច្បាស់អំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ បន្ទាប់មកប្រព្រឹត្តដោយសេចក្ដីជំនឿ ហើយបង្រៀនគោលលទ្ធិនេះដើម្បីប្រទានពរដល់ជីវិតបុគ្គលនោះ ។