៦
ការត្រៀមខ្លួនសម្រាប់ជីវិតជាអ្នកផ្សព្វផ្សាយសាសនា
សេចក្ដីផ្ដើម
ការបម្រើបេសកកម្មពេញម៉ោង គឺជាការទទួលការហៅឲ្យធ្វើជាតំណាងរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ បេសកកម្មគឺជាបទពិសោធន៍ដ៏ពេញដោយអំណរ ប៉ុន្តែវាក៏ចាំបាច់ត្រូវមានការប្រឹងប្រែងធ្វើការដែរ ។ ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាព យុវជន និង យុវនារីត្រូវតែត្រៀមខ្លួនទុកចិត្តលើព្រះអម្ចាស់នៅពេលដែលពួកគេជួបប្រទះនឹងឧបសគ្គនានា ។ អ្នកដែលត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនា បង្កើតការរំពឹងទុកវិជ្ជមានចំពោះជីវិតបេសកកម្មរបស់ខ្លួន ពួកគេនឹងត្រៀមខ្លួនបានយ៉ាងប្រសើរដើម្បីបម្រើដោយអស់ពី « ចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » របស់ពួកគេ » ( គ. និង ស. ៤:២ ) ។
ការរៀបចំទុកជាមុន
-
សូមសិក្សា នីហ្វៃទី២ ៤:១៩–២៦ និង អាលម៉ា ១៧:២–៣, ៩, ២៦:១១–១៣,រ ២៩:១០ ។
-
សូមសិក្សាវីដេអូរបស់ អែលឌើរ ដេវីឌ អេ បែដណា « Becoming a Missionary » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៤–៤៧ ។
-
សូមរៀបចំបង្ហាញវីដេអូ « Becoming a Missionary ភាគ ១ » ( នាទីទី ២:២៦ ) និង « Becoming a Missionary ភាគ ២ » ( នាទីទី ១:០១ វីដេអូខ្លីដកស្រង់ចេញពីសុន្ទរកថារបស់ អែលឌើរ ដេវីឌ អេ បែដណា Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៤–៤៧ ) ដែលមាននៅលើគេហទំព័រ lds.org/media-library ។
-
សូមរៀបចំបង្ហាញវីដេអូ « Stay within the Lines » ( ៥:១០ ) ដែលមាននៅលើគេហទំព័រ youth.lds.org ។
-
សូមរៀបចំបង្ហាញវីដេអូ « Preparation of Gordon B. Hinckley: Forget Yourself and Go to Work » ( ២:០៤ ) ដែលមាននៅលើគេហទំព័រ LDS.org ។
-
សូមរៀបចំក្រដាសចែកដែលមានចំណងជើងថា « គោលបំណងរបស់យើងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា » ដែលមាននៅចុងមេរៀននេះ ។
យោបល់សម្រាប់ការបង្រៀន
ការក្លាយជាអ្នកផ្សព្វផ្សាយសាសនា
សូមចាប់ផ្ដើមមេរៀនដោយសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នករំពឹងថារបៀបរស់នៅរបស់អ្នក នឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេចខ្លះ នៅពេលអ្នកចាប់ផ្ដើមការបម្រើរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ?
-
តើអ្នកអាចធ្វើអ្វីខ្លះនាពេលនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូររបៀបរស់នៅទាំងនោះ ?
សូមដាក់បង្ហាញ ហើយឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬ បង្ហាញ វីដេអូខ្លី អំពីសេចក្ដីថ្លែងការណ៍នោះ ។ សូមពន្យល់ថា ទោះជា អែលឌើរ បែដណា បានមានប្រសាសន៍ទៅកាន់ពួកយុវជននៅក្នុងសម័យប្រជុំបព្វជិតភាពនៃសន្និសីទទូទៅក្ដី ក៏គោលការណ៍ដែលលោកបង្រៀននេះអនុវត្តចំពោះពួកយុវនារីដែរ ។
« នៅពេលប្រជុំជាមួយសមាជិកយុវវ័យនៃសាសនាចក្រជុំវិញពិភពលោក ខ្ញុំតែងអញ្ជើញអ្នកដែលមកចូលរួមឲ្យសួរសំណួរ ។ សំណួរមួយដែលខ្ញុំតែងត្រូវបានសួរជាញឹកញាប់បំផុតដោយយុវជននោះគឺ ៖ ‹ តើខ្ញុំអាចធ្វើដូចម្ដេចដើម្បីរៀបចំខ្លួនឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ? › សំណួរដ៏ស្មោះត្រង់បែបនេះ គួរតែត្រូវបានឆ្លើយដោយយកចិត្តទុកដាក់ ។
« ប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ រឿងដ៏សំខាន់តែមួយគត់ដែលប្អូនៗអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ការហៅបម្រើមួយនោះគឺ ការប្រែក្លាយ ជាអ្នកផ្សព្វផ្សាយសាសនាពីមុនអ្នក ចេញទៅ បេសកកម្ម ។ សូមកត់ចំណាំថា នៅក្នុងចម្លើយរបស់ខ្ញុំ ខ្ញុំបានសង្កត់ធ្ងន់លើ ការប្រែក្លាយ ខ្លាំងជាង ការចេញទៅ ។ ខ្ញុំសូមពន្យល់ថាតើនោះមានន័យដូចម្ដេច ។
« នៅក្នុងវាក្យសព្ទជាប្រពៃណីរបស់សាសនាចក្រយើង យើងតែងនិយាយអំពី ការទៅ ព្រះវិហារ ការទៅ ព្រះវិហារបរិសុទ្ធ និង ការទៅ បេសកកម្ម ។ ខ្ញុំសូមណែនាំដោយម៉ឺងម៉ាត់ថា ទម្លាប់ដ៏សមសួនរបស់យើងដែលសង្កត់ធ្ងន់លើ ការទៅ នោះ បានមើលរំលងអត្ថន័យដ៏ពេញលេញរបស់វា ។
« បញ្ហានោះគឺមិនមែនការទៅព្រះវិហារនោះទេ ផ្ទុយទៅវិញគឺជាការថ្វាយបង្គំ និង ការរំឭកសេចក្ដីសញ្ញានៅពេលយើងទៅចូលរួមព្រះវិហារ ។ បញ្ហានេះគឺមិនមែនការទៅ ឬ ការធ្វើដំណើរកាត់ព្រះវិហារបរិសុទ្ធនោះទេ ផ្ទុយទៅវិញគឺជាការមានព្រះវិញ្ញាណនៅក្នុងចិត្តរបស់យើង សេចក្តីសញ្ញា និង ពិធីបរិសុទ្ធទាំងឡាយនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ បញ្ហានេះគឺមិនមែនការទៅបេសកកម្មនោះទេ ផ្ទុយទៅវិញគឺជាការក្លាយជាអ្នកផ្សព្វផ្សាយសាសនា ហើយបម្រើពេញមួយជីវិតរបស់យើងដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។ វាអាចទៅរួចសម្រាប់យុវជនម្នាក់ដែល ចេញទៅ បេសកកម្ម ហើយមិន ក្លាយជា អ្នកផ្សព្វផ្សាយសាសនា ហើយនោះពុំមែនជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យ ឬ ជាអ្វីដែលសាសនាចក្រត្រូវការនោះទេ ។
« សេចក្ដីសង្ឃឹមដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំចំពោះប្អូនយុវជនម្នាក់ៗគឺថា ប្អូននឹងមិនចេញបេសកកម្មដោយងាយៗនោះទេ—ផ្ទុយទៅវិញគឺថា ប្អូននឹងក្លាយជាអ្នកផ្សព្វផ្សាយសាសនារយៈពេលយូរពីមុនប្អូនដាក់ពាក្យស្នើចេញបេសកកម្មរបស់ប្អូន យូរពីមុនប្អូនទទួលការហៅឲ្យបម្រើ ពីមុនត្រូវបានញែកចេញដោយប្រធានស្តេករបស់ប្អូន និង ពីមុនប្អូនចូលទៅក្នុង អិម.ធី.ស៊ី » ( « Becoming a Missionary » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។
-
តើអ្វីទៅដែលអែលឌើរ បែដណា បានមានប្រសាសន៍ជាកិច្ចការដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបាន ដើម្បីត្រៀមខ្លួនសម្រាប់ការហៅបម្រើបេសកកម្ម ? ( ក្លាយជាអ្នកផ្សព្វផ្សាយសាសនារយៈពេលយូរមុនពេលអ្នកចេញទៅបេសកកម្ម ) ។
សូមឲ្យសិស្សម្នាក់អានផ្នែកបន្ទាប់ទៀតនៃប្រសាសន៍ដកស្រង់របស់អែលឌើរ បែដណា ឬ បង្ហាញ វីដេអូខ្លី នៃសេចក្ដីថ្លែងការណ៍នោះ ៖
« ប្រាកដណាស់ ដំណើរការប្រែក្លាយជាអ្នកផ្សព្វផ្សាយសាសនា ពុំតម្រូវឲ្យយុវជនពាក់អាវស ក្រវាត់ក ទៅសាលារាល់ថ្ងៃ ឬ ត្រូវធ្វើតាមសេចក្ដីណែនាំរបស់អ្នកផ្សព្វផ្សាយសាសនាក្នុងការចូលដំណេក ឬ ក្រោកពីដំណេក ទោះជាឪពុកម្ដាយភាគច្រើនគាំទ្រគំនិតបែបនោះយ៉ាងណាក៏ដោយ ។ ប៉ុន្តែអ្នកអាចពង្រីកបំណងប្រាថ្នារបស់អ្នកដើម្បីបម្រើដល់ព្រះ [ សូមមើល គ. និង ស. ៤:៣ ] ហើយអ្នកអាចចាប់ផ្ដើមគិតដូចជាអ្នកផ្សព្វផ្សាយសាសនាគិត អានអ្វីដែលអ្នកផ្សព្វផ្សាយសាសនាអាន អធិស្ឋានដូចជាអ្នកផ្សព្វផ្សាយសាសនាអធិស្ឋាន និង ទទួលអារម្មណ៍ដូចជាអ្នកផ្សព្វផ្សាយសាសនាទទួល ។ អ្នកអាចចៀសវាងពីឥទ្ធិពលខាងលោកិយ ដែលបណ្ដាលឲ្យព្រះវិញ្ញាណយាងចេញ ហើយអ្នកអាចរីកចម្រើនដោយទំនុកចិត្តក្នុងការស្គាល់ និង ឆ្លើយតបចំពោះការបំផុសនានាខាងព្រះវិញ្ញាណ ។ មួយបន្ទាត់ម្ដងៗ និង មួយសិក្ខាបទម្ដងៗ បន្តិចឯនេះ បន្តិចឯនោះ នោះយូរៗទៅអ្នកអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនា ដែលអ្នកសង្ឃឹមចង់ប្រែក្លាយ និង ជាអ្នកផ្សព្វផ្សាយសាសនាដែលព្រះអង្គសង្គ្រោះរំពឹងចង់បាន » ( « Becoming a Missionary » ទំព័រ ៤៥–៤៦ ) ។
បន្ទាប់មកសូមសួរ ៖
-
យោងតាមអែលឌើរ បែដណា តើអ្នកអាចប្រែក្លាយជាអ្នកផ្សព្វផ្សាយសាសនាពីមុនចូលទៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា តាមរបៀបណា ?
បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ខ្ញុំអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាបាននាពេលឥឡូវនេះតាមរបៀបដែលខ្ញុំគិត ទទួលអារម្មណ៍ និង ប្រព្រឹត្ត ។ ដើម្បីបង្ហាញគោលការណ៍នេះ សូមឲ្យសិស្សបើកទៅ អាលម៉ា ១៧:២–៣, ៩, ១១ រួចពន្យល់ថា ខគម្ពីរទាំងនេះពិពណ៌នាអំពីបុត្រារបស់ម៉ូសាយ ដែលបម្រើបេសកកម្មដល់ពួកសាសន៍លេមិន ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះឮៗ ខណៈពេលសិស្សដទៃទៀតអានតាម ដោយស្វែងរកអ្វីដែលបុត្រារបស់ម៉ូសាយបានធ្វើ ដើម្បីត្រៀមខ្លួនទៅបង្រៀនដោយមានអំណាច និង សិទ្ធិអំណាច ។ បន្ទាប់មក សួមសួរសិស្ស ៖
-
តើបុត្រារបស់ម៉ូសាយបានធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនបង្រៀនដោយមានអំណាច និង សិទ្ធិអំណាច ?
-
តើអ្នកដែលត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនា អាចធ្វើតាមគំរូនៃបុត្រារបស់ម៉ូសាយ នៅពេលពួកគេត្រៀមខ្លួនប្រែក្លាយជាអ្នកផ្សព្វផ្សាយសាសនាបានតាមរបៀបណា ?
សុមឲ្យសិស្សបើកទៅ ទំព័រ ១៣៩ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង រួចឲ្យសិស្សម្នាក់អានឮៗនៅក្នុងកថាខណ្ឌទីបី ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
យោងតាមសំបុត្រហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា តើអ្នកផ្សព្វផ្សាយសាសនាត្រូវបានរំពឹងឲ្យលះបង់អ្វីខ្លះចំពោះព្រះអម្ចាស់ និង តើពួកគេត្រូវទុកចោលអ្វីនៅមួយឡែកសិន ?
-
តើឧទាហរណ៍នៃ « កិច្ចការផ្ទាល់ខ្លួន » ដែលអ្នកផ្សព្វផ្សាយសាសនាត្រូវបានស្នើឲ្យទុកចោលមួយឡែកសិននៅពេលពួកគេចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនានោះមានអ្វីខ្លះ ?
-
តើអ្នកធ្លាប់មានពរ តាមរយៈការលះបង់ដើម្បីបម្រើព្រះ នៅពេលណាខ្លះ ?
បន្ទាប់មក សូមផ្ដល់ពេលវេលាឲ្យសិស្សពិចារណា ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យសរសេរជាពិសេស ថាតើពួកគេទទួលអារម្មណ៍យ៉ាងដូចម្ដេចនៅពេលព្រះវិញ្ញាណបរិសុទ្ធទាក់ទងមកកាន់ពួកគេដោយផ្ទាល់ ។ បន្ទាប់មកសូមសួរ ៖
-
តើកិច្ចការអ្វីខ្លះដែលអ្នកអាចធ្វើនាពេលឥឡូវនេះ ដើម្បីចាប់ផ្ដើមគិត ទទួលអារម្មណ៍ ហើយប្រព្រឹត្តដូចជាអ្នកផ្សព្វផ្សាយសាសនា ?
-
តើអ្នកអាចត្រៀមខ្លួនទុកចោលកិច្ចការផ្ទាល់ខ្លួននៅមួយឡែកសិន ហើយលះបង់ពេលវេលា និង ការយកចិត្តទុកដាក់របស់អ្នកដើម្បីបម្រើព្រះអម្ចាស់តាមរបៀបណា ?
-
តើការធ្វើកិច្ចការទាំងនេះអាចជួយអ្នកត្រៀមខ្លួនបង្រៀន ដោយមានអំណាច និង សិទ្ធិអំណាចដូចជាបុត្រារបស់ម៉ូសាយ យ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តសិស្សឲ្យសរសេរគោលដៅជាក់លាក់ៗ ដាក់នៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ យោបល់នានាអាចរួមបញ្ចូលទាំងការសិក្សាព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ អធិស្ឋានរៀងរាល់ព្រឹក និង ល្ងាច ចូលរួមរាល់ការប្រជុំរបស់សាសនាចក្រ ចូលដំណេកពីមុនម៉ោង ១០:៣០ យប់ ហើយក្រោកពីដំណេកនៅម៉ោង ៦:៣០ លះបង់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ប៉ុន្តែព្យាយាមគោរពប្រតិបត្តិតាមព្រះបញ្ញត្តិឲ្យបានកាន់តែច្រើន ។
បទដ្ឋាននៃភាពសក្តិសម
សូមសរសេរពាក្យ « លក្ខខណ្ឌទុកជាមុន » នៅលើក្ដារខៀន រួចឲ្យសិស្សគិតអំពីស្ថានភាពដែលលក្ខខណ្ឌទុកជាមុននានាមានភាពចាំបាច់ ។ សូមផ្ដល់ពេលវេលាឲ្យសិស្សបន្តិចដើម្បីស្វែងរកក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៤ នូវលក្ខខណ្ឌទុកជាមួយចំនួនសម្រាប់ការបម្រើបេសកកម្ម ។ បន្ទាប់មកសូមសួរ ៖
-
តើព្រះអម្ចាស់បានប្រទានឱវាទដល់អ្នកធ្វើការនៅក្នុងនគរទ្រង់ឲ្យធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនប្រកាសដំណឹងល្អ ? ( ញែកខ្លួនជាបរិសុទ្ធ ជម្រះចិត្តពួកគេឲ្យបានបរិសុទ្ធ ហើយលាងដៃរបស់ពួកគេឲ្យជ្រះស្អាត ) ។
-
តើការញែកខ្លួនជាបរិសុទ្ធ មានន័យដូចម្ដេច ? ( គឺការមានភាពស្អាតស្អំ មានភាពសក្ដិសមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើគោលការណ៍អ្វីអំពីអ្នកផ្សព្វផ្សាយសាសនា ដែលមានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៤ ? ( បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ត្រាស់បង្គាប់ពួកអ្នកបម្រើទ្រង់ឲ្យមានភាពស្អាតស្អំ ) ។
ដើម្បីពន្យល់ថាអ្នកផ្សព្វផ្សាយសាសនាត្រូវមានភាពស្អាតស្អំ និង ភាពសក្ដិសមដើម្បីបម្រើបេសកកម្មមានន័យដូចម្ដេចនោះ សូមដាក់បង្ហាញការដកស្រង់ចេញពីសុន្ទរកថាដែលបានផ្ដល់ដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រួចឲ្យសិស្សម្នាក់អានវាឮៗ ៖
« ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំសូមអំពាវនាវឲ្យអ្នកចាប់ផ្ដើមនាពេលឥឡូវនេះ—គឺយប់នេះ—ដើម្បីមានភាពសក្ដិសមពេញលេញ និង ទាំងស្រុង ។ ចូរសម្រេចចិត្ត ហើយតាំងចិត្តចំពោះខ្លួន និង ចំពោះព្រះថា ចាប់ពីពេលនេះតទៅ អ្នកនឹងព្យាយាមយ៉ាងឧស្សាហ៍ដើម្បីរក្សាចិត្ត ដៃ និង គំនិតរបស់អ្នកឲ្យបានបរិសុទ្ធ ហើយចេញពីអំពើរំលងខាងសីលធម៌គ្រប់ប្រភេទ ។ ចូរសម្រេចចិត្តចៀសវាងចេញពីការណ៍អាសគ្រាម ដូចជាអ្នកចៀសវាងចេញពីរោគបញ្ឆោតដ៏អាក្រក់ដូច្នោះដែរ ដ្បិតវាគឺបែបនោះមែន ។ ចូរសម្រេចចិត្តឲ្យដាច់ស្រឡះនៅឲ្យឆ្ងាយពីបារី គ្រឿងស្រវឹង និង ថ្នាំញៀនខុសច្បាប់គ្រប់ប្រភេទ ។ ចូរសម្រេចចិត្តឲ្យមានភាពស្មោះត្រង់ ។ ចូរសម្រេចចិត្តធ្វើជាពលរដ្ឋដ៏ល្អ ហើយរស់នៅតាមច្បាប់ភូមិបាលក្នុងប្រទេសដែលអ្នករស់នៅ ។ ចូរសម្រេចចិត្តថា ចាប់ពីយប់នេះទៅអ្នកនឹងមិនបង្ខូចរូបកាយ ឬ ប្រើប្រាស់ភាសាដែលគ្រោតគ្រាត ហើយមិនសក្ដិសមជាអ្នកកាន់បព្វជិតភាពឡើយ » ( « The Greatest Generation of Missionaries » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៤៧ ) ។
សូមសួរសំណួរដូចខាងក្រោម ដើម្បីជួយសិស្សវិភាគលើដំបូន្មានរបស់អែលឌើរ បាឡឺដ ៖
-
តើព្រះបញ្ញត្តិណាខ្លះដែល អែលឌើរ បាឡឺដ បានលើកឡើងជាពិសេស ដែលអ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាគួរតែគោរពប្រតិបត្តិ ?
-
តើការធ្វើឲ្យចិត្ត ដៃ និង គំនិតរបស់អ្នក « ចេញពីអំពើរំលងខាងសីលធម៌គ្រប់ប្រភេទ » មានន័យដូចម្ដេច ? ( ប្រសិនបើចាំបាច់ អ្នកអាចយោងទៅជំពូក « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ទំព័រ ៣៥–៣៧ ) ។
-
ហេតុអ្វីបាននោះជារឿងឈ្លាសវៃដែលត្រូវចៀសវាងចេញពីការណ៍អាសគ្រាម ដូចជាអ្នកចៀសវាងចេញពីរោគបញ្ឆោតដ៏អាក្រក់ដូច្នោះដែរ ហើយតើការចៀសវាងពីការណ៍អាសគ្រាមអាចជួយអ្នកគិត ទទួលអារម្មណ៍ ហើយប្រព្រឹត្តដូចជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្ដេច ?
សូមបង្ហាញវីដេអូ « Stay within the Lines » ( ៥:១០ ) ដើម្បីជួយសិស្សស្គាល់សេចក្ដីពិត និង សារៈសំខាន់នៃការមានភាពសក្ដិសមដើម្បីបម្រើបេសកកម្ម ។ មុននឹងបង្ហាញវីដេអូនេះ សូមគិតដល់ការពិភាក្សាអំពីមូលហេតុដែលខ្សែបន្ទាត់ព្រំដែន មានសារៈសំខាន់ចំពោះកីឡាមួយចំនួន ។ សូមពិភាក្សាអំពីភាពខុសគ្នារវាង « ក្នុងខ្សែព្រំដែន » និង « ក្រៅខ្សែព្រំដែន » និង របៀបដែលខ្សែបន្ទាត់ព្រំដែនមានឥទ្ធិពលលើសកម្មភាពរបស់កីឡាករក្នុងពេលប្រកួត ។ សូមប្រាប់សិស្សថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីអត្ថន័យនៃការស្ថិតនៅក្នុងខ្សែបន្ទាត់ខាងវិញ្ញាណពីមុនចេញបេសកកម្ម ។
បន្ទាប់ពីសិស្សបានមើលវីដេអូរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើ « ការសិ្ថតនៅក្នុងខ្សែបន្ទាត់ » និង ការត្រៀមខ្លួនបម្រើបេសកកម្មមានទំនាក់ទំនងយ៉ាងដូចម្ដេច ?
-
អែលឌើរ ហូឡិន បានសុំឲ្យក្រុមកីឡារបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងក្រុម ហើយកុំចេញទៅ « ក្រៅខ្សែព្រំដែន » ។ តើការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
-
ហេតុអ្វីបានជាការមិនប្រែចិត្តពីអំពើបាបពីអតីតកាល រារាំងអ្នកផ្សព្វផ្សាយសាសនាពីការជួយយ៉ាងមានប្រសិទ្ធភាពដល់មនុស្សទូទៅឲ្យមករកព្រះគ្រីស្ទ ?
សូមផ្ដល់ពេលវេលាឲ្យសិស្សពិចារណាបន្តិច អំពីកម្រិតនៃភាពសក្ដិសមផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបម្រើបេសកកម្ម ។ សូមពន្យល់សិស្សថា ប្រសិនបើពួកគេមានកង្វល់អំពីភាពសក្ដិសមរបស់ខ្លួន ពួកគេគួរតែស្វែងរកការដឹកនាំដោយការអធិស្ឋាន ហើយពិភាក្សាអំពីកង្វល់នោះជាមួយប៊ីស្សព ឬ ប្រធានសាខា ។
ការត្រៀមខ្លួនខាងរាងកាយ និង សតិអារម្មណ៍
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយគណៈប្រធានទីមួយក្នុងឆ្នាំ ២០០២ រួចឲ្យសិស្សអានវាដោយស្ងៀមស្ងាត់ ៖ ឬ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នោះឮៗ ។
« ការបម្រើជាអ្នកផ្សព្វផ្សាយពេញម៉ោង គឺជាឯកសិទ្ធិមួយសម្រាប់អ្នកដែលត្រូវបានហៅ តាមរយៈការបំផុសគំនិតដល់ប្រធាននៃសាសនាចក្រ ។ ប៊ីស្សព និង ប្រធានស្តេកមានការទទួលខុសត្រូវដ៏ធំក្នុងការកំណត់ពីភាពសក្ដិសម បង្ហាញអំពីសមាជិកដែលមានគុណសម្បត្តិខាងវិញ្ញាណ រូបកាយ និង សតិអារម្មណ៍ក្នុងការត្រៀមខ្លួនសម្រាប់ការបម្រើដ៏ពិសិដ្ឋ និង អ្នកដែលអាចត្រូវបានផ្ដល់អនុសាសន៍ដោយពុំចាំបាច់ត្រៀមទុកជាមុន » ( សារលិខិតពីគណៈប្រធានទីមួយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០២ ) ។
បន្ទាប់មក សូមសួរ ៖
-
បន្ថែមពីលើការត្រៀមខ្លួនខាងវិញ្ញាណ ហេតុអ្វីបានជាបុគ្គលម្នាក់ត្រូវត្រៀមខ្លួនខាងរូបកាយ និង សតិអារម្មណ៍ដើម្បីបម្រើបេសកកម្ម ?
សូមបង្ហាញប្រសាសន៍ដកស្រង់ដូចខាងក្រោម រួចឲ្យសិស្សម្នាក់ ឬ ច្រើនអានវាឮៗ ៖
« ហាត់ប្រាណជាប្រចាំ ( រាល់ថ្ងៃ ) ។ អ្នកផ្សព្វផ្សាយសាសនាត្រូវតែអាចដើរជាមធ្យម ១០ គីឡូម៉ែត្រក្នុងមួយថ្ងៃ និង ជិះកង់ ១៩ គីឡូម៉ែត្រក្នុងមួយថ្ងៃ ។ អ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាដែលពុំដើរទៅរៀន ឬ ទៅធ្វើការឲ្យបានច្រើនជាងការជិះឡានទេនោះ នឹងប្រហែលជាចុកជើង ហើយឡើងពងនៅពេលពួកគេចូលទៅក្នុងតំបន់បេសកកម្ម ។ … អ្នកផ្សព្វផ្សាយសាសនាដែលពុំមានរាងកាយរឹងមាំ នឹងអស់កម្លាំងដោយសារកិច្ចការផ្សព្វផ្សាយសាសនា ហើយអ្នកផ្សព្វផ្សាយសាសនាដែលហត់នឿយ គឺរហ័សនឹងបាក់ទឹកចិត្ត ហើយមានបញ្ហាផ្នែកសុខភាពជាងអ្នកផ្សព្វផ្សាយសាសនាដែលមានរាងកាយរឹងមាំ ។
« អ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា អាចត្រៀមខ្លួនសម្រាប់ជីវិតជាអ្នកផ្សព្វផ្សាយសាសនា ដោយបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ—ដោយដើរ រត់ ឬ ជិះកង់រយៈពេលមួយម៉ោងរៀងរាល់ថ្ងៃ ។ …
« សម្រាកឲ្យបានគ្រប់គ្រាន់ ។ ទោះជាការទទួលទានដំណេកមានការផ្លាស់ប្ដូរក្ដី ជាទូទៅយុវមជ្ឈិមវ័យត្រូវការសម្រាកប្រាំពីរ ទៅប្រាំបីម៉ោងក្នុងមួយថ្ងៃ ។ ជារឿងប្រសើរបំផុត ពួកគេគួរតែចូលដំណេកនៅម៉ោង ១០:៣០ ទៅកណ្តាលអាធាត្រ ហើយក្រោកពីដំណេកនៅម៉ោង ៦:៣០ ទៅ ៨:០០ ព្រឹក ។ ការមិនទាន់ចូលដំណេករហូតដល់ម៉ោង ២:០០ ឬ ៣:០០ ព្រឹក ហើយសម្រាករហូតដល់ម៉ោង ១០:០០ ព្រឹក នឹងបន្សល់ទុកឲ្យគេមានអារម្មណ៍អស់កម្លាំងគ្រប់ពេល ហើយចង់សម្រាករហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ។ … អ្នកផ្សព្វផ្សាយសាសនារស់នៅក្នុងជីវិតដែលដែលមានកាលវិភាគកំណត់ ។ ពួកគេចូលដំណេកនៅម៉ោង ១០:៣០ យប់ ហើយក្រោកឡើងនៅម៉ោង ៦:៣០ ព្រឹក រាល់ថ្ងៃ ។ កាលវិភាគនេះនឹងមានការលំបាក លើកលែងតែអ្នកដែលត្រៀនខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា សុំាំនឹងទម្លាប់ស្រដៀងនឹងនេះពីមុនការហៅឲ្យបម្រើ ។
« ទម្លាប់បរិភោគអាហារផ្ដល់សុខភាពល្អ ។ ផ្ទុយពីការរស់នៅដោយបរិភោគអាហារមានសារជាតិស្ករ និង ខ្លាញ់ យុវវ័យគួរតែរៀនចូលចិត្តអាហារមានប្រូតេអ៊ីន និង សសៃ ដូចជាសាច់មានជាតិខ្លាញ់តិច ទឹកដោះជូរ បន្លែ និង ផ្លែឈើជាដើម ។ ម្យ៉ាងទៀត ការទទួលទានភេសជ្ជៈដែលមានសារជាតិកាបូណាតច្រើនជាង ៣៤០ ក្រាម ក្នុងមួយថ្ងៃក៏ជាបរិមាណលើសលប់ដែរ » ( Donald B. Doty, « Missionary Health Preparation » Ensign ខែ មិនា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។
-
ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាម្នាក់មិនមានសុខភាពរាងកាយមាំមួនទេនោះ តើការណ៍នេះអាចជះឥទ្ធិពលលើភាពរីកចម្រើននៃការងារ ដៃគូអ្នកផ្សព្វផ្សាយសាសនា និង សុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នកផ្សព្វផ្សាយសាសនានោះយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងាត់ៗនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងប្រាប់អំពីការត្រៀមខ្លួនខាងរូបកាយ ដើម្បីបម្រើបេសកកម្មរបស់អ្នកនាពេលបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ?
-
តើមានកិច្ចការមួយចំនួនណាខ្លះ ដែលអ្នកអាចធ្វើបានដើម្បីត្រៀមខ្លួនបំពេញតាមតម្រូវការខាងរូបកាយ នៃបេសកកម្មពេញម៉ោង ?
សូមលើកទឹកចិត្តសិស្ស ឲ្យដាក់ផែនការចាប់ផ្ដើមនាពេលឥឡូវនេះដើម្បីសម្រាកឲ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលផ្ដល់សុខភាពល្អ ហើយហាត់ប្រាណ ប្រយោជន៍ឲ្យពួកគេមានថាមពលខាងរូបកាយដែលត្រូវការដើម្បីជោគជ័យក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ ប្រសិនបើមានពេល សូមឲ្យសិស្សសរសេរផែនការរបស់ខ្លួនដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សា ។
សូមឲ្យសិស្សម្នាក់ពន្យល់អំពីថាតើរាងកាយមានប្រតិកម្មបែបណា ចំពោះសកម្មភាពដែលបណ្ដាលឲ្យមានភាពតានតឹងខាងរូបកាយមានដូចជា ការឡើងចុះជណ្ដើរច្រើនជាន់ ( ធ្វើបេះដូងលោតញាប់ ដកដង្ហើមញាប់ បែកញើស ឈឺសាច់ដុំ ជាដើម ) ។ សូមពន្យល់ថា ភាពតានតឹង ខាងរាងកាយ គឺគ្រាន់តែជាឧបសគ្គមួយប្រភេទប៉ុណ្ណោះ ដែលអ្នកផ្សព្វផ្សាយសាសនាជួបប្រទះ ។ បន្ទាប់មក សូមសួរ ៖
-
តើរាងកាយ និង អារម្មណ៍របស់អ្នកផ្សព្វផ្សាយសាសនា មានប្រតិកម្មបែបណាចំពោះភាពតានតឹង ខាងសតិអារម្មណ៍ ឬ ផ្លូវចិត្ត ដែលជាលទ្ធផលមកពីឧបសគ្គដ៏លំបាកៗ ឬ បញ្ហាដែលកើតឡើងដោយចៃដន្យ ?
សូមពន្យល់ថា អ្នកផ្សព្វផ្សាយសាសនាទាំងអស់ជួបប្រទះនឹងភាពតានតឹងផ្នែកសតិអារម្មណ៍ មានអារម្មណ៍នឹកផ្ទះ និង បរាជ័យ ព្រួយចិត្ត ឬ អារម្មណ៍ផ្សេងទៀតដែលអាចដាក់បន្ទុកលើពួកគេ ហើយទាំងនេះគឺជារឿងធម្មតាក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា ។
សូមបង្ហាញវីដេអូ « Preparation of Gordon B. Hinckley: Forget Yourself and Go to Work » ( ២:០៤ ) ។ សូមលើកទឹកចិត្តសិស្សឲ្យទស្សនាស្វែងរកមូលហេតុដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានអារម្មណ៍បាក់ទឹកចិត្តក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងប្រទេសអង់គ្លេស ។
សូមសួរសិស្ស ៖
-
តើមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យប្រធាន ហ៊ិងគ្លី មានអារម្មណ៍បាក់ទឹកចិត្តបន្ទាប់ពីបានទៅដល់តំបន់បេសកកម្ម ?
-
តើប្រធាន ហ៊ិងគ្លី បានធ្វើដូចម្ដេច ដែលបានជួយលោកយកឈ្នះលើការបាក់ទឹកចិត្តនោះបាន ?
សូមពន្យល់សិស្សថា អ្នកផ្សព្វផ្សាយសាសនាដ៏ឆ្នើមៗមួយចំនួននៅក្នុងព្រះគម្ពីរបានជួបប្រទះនឹងការបាក់ទឹកចិត្ត ចំណែកអ្នកខ្លះទៀតជួបឧបសគ្គក្នុងការងារផ្សព្វផ្សាយសាសនារបស់ខ្លួន ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ យេរេមា ១:៤–៩, អាលម៉ា ១៧:៥, ២៦:២៧ និង ម៉ូសេ ៦:៣១–៣២ ។ សូមឲ្យសិស្សជ្រើសរើសវគ្គបទគម្ពីរមួយ ហើយអានដោយស្ងៀមស្ងាត់ ដោយស្វែងរកឧបសគ្គនានាអំពីបុគ្គលម្នាក់ៗដែលពួកគេអាននោះបានមាន ហើយជួបប្រទះ ។ នៅពេលសិស្សឆ្លើយ សូមគិតដល់ការសង្ខេបចម្លើយរបស់ពួកគេដាក់លើក្ដារខៀន ៖
បន្ទាប់មក សូមសួរ ៖
-
តើអ្នកបានរៀនអ្វីខ្លះចេញពីដំណើររឿងទាំងបីនេះ អំពីបញ្ហាខាងសតិអារម្មណ៍ក្នុងការផ្សព្វផ្សាយដំណឹងល្អ ? ( ពេលសិស្សឆ្លើយតប នោះអ្នកអាចចង់សរសរចម្លើយរបស់ពួកគេនៅលើក្តារខៀន ៖ បញ្ហាផ្នែករាងកាយ និង ផ្នែកសតិអារម្មណ៍គឺជារឿង ធម្មតា មួយក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា ។
-
តើអ្នកមានគំនិតអ្វីខ្លះ នៅពេលបានអានសេចក្ដីថ្លែងការណ៍ដែលប្រាប់ថា បញ្ហាខាងរាងកាយ និង ខាងសតិអារម្មណ៍គឺជារឿង ធម្មតា មួយក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា ?
-
តើការដឹងថាអ្នកផ្សព្វផ្សាយសាសនាទាំងអស់ជួបប្រទះនឹងឧបសគ្គនានា មានអានុភាពលើរបៀបដែលអ្នកត្រៀមខ្លួនបម្រើយ៉ាងដូចម្ដេច ?
សូមជួយសិស្សយល់ថា ស្ទើរតែអ្នកផ្សព្វផ្សាយសាសនាទាំងអស់ ជួបប្រទះនឹងបញ្ហាផ្នែកសតិអារម្មណ៍ និង រាងកាយ ។ ហេតុដូច្នោះហើយ អ្នកផ្សព្វផ្សាយសាសនាគួរតែរៀនអំពីរបៀបបន្ថយភាពតានតឹងទៅតាមរបៀបដ៏ប្រសើរ និង សមរម្យក្នុងបេសកកម្ម ។ ជាញឹកញាប់ របៀបដ៏ប្រសើរដើម្បីបន្ថយភាពតានតឹងដែលមានប្រសិទ្ធភាពនៅក្រៅបេសកកម្មមានដូចជា ចំណាយពេលនៅតែឯង ស្ដាប់ចម្រៀង ឬ លេងកីឡា ពុំអាចប្រព្រឹត្តទៅបានសម្រាប់អ្នកផ្សព្វផ្សាយសាសនា ទៅតាមបែបបទទាំងស្រុងឡើយ ។ អ្នកផ្សព្វផ្សាយសាសនាត្រូវតែរៀនបន្ថយភាពតានតឹង ទៅតាមរបៀបដែលសមស្របទៅនឹងច្បាប់បេសកកម្ម ។
សូមបំបែកសិស្សជាក្រុមតូចៗ រួចចែកក្រដាស « តម្រូវការនៃជីវិតរបស់អ្នកផ្សាយសាសនា » ទៅឲ្យពួកគេ ។ សូមឲ្យក្រុមនីមួយៗ (១) អានចំណុចក្រោមចំណងជើង « តម្រូវការនៃជីវិតរបស់អ្នកផ្សាយសាសនា » ឮៗ រួច (២) ពិភាក្សាថាតើការដឹងអំពីលក្ខខណ្ឌក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា អាចជួយពួកគេត្រៀមខ្លួនកាន់តែប្រសើរចំពោះឧបសគ្គទាំងឡាយក្នុងជីវិតបេសកកម្មយ៉ាងដូចម្ដេច ។
បន្ទាប់ពីក្រុមទាំងអស់បានមានពេលគ្រប់គ្រាន់ដើម្បីអាន និង ពិភាក្សាលើចំណុចនេះហើយ សូមឲ្យសិស្សបួនប្រាំនាក់ចែកចាយចំណុចសំខាន់មួយចំនួន ដែលក្រុមរបស់ខ្លួនបានពិភាក្សា ។ បន្ទាប់មក សិស្សក្នុងថ្នាក់ទាំងអស់ចំណាយពេលពីរបីនាទីអាន ហើយពិភាក្សាអំពីចំណុចក្រោយមកទៀតលើក្រដាសចែកក្រោមចំណងជើងថា « Adjusting to New Experiences » រួចពិភាក្សាថាតើការយល់អំពីដំណាក់កាលនៃការសម្របខ្លួន អាចជួយសិស្សនៅពេលពួកគេចូលទៅក្នុង អិម.ធី.ស៊ី បានយ៉ាងដូចម្ដេច ?
ងាកទៅរកព្រះអម្ចាស់ដើម្បីបានជំនួយតតាំងនឹងឧបសគ្គនានា
ដើម្បីលើកទឹកចិត្តសិស្សឲ្យចាប់ផ្ដើមគិតអំពីរបៀបដែលពួកគេនឹងទប់ទល់នឹងឧបសគ្គនានានៅពេលពួកគេជួបប្រទះក្នុងតំបន់បេសកកម្ម សូមពន្យល់ថា នីហ្វៃ បានមានអារម្មណ៍បរាជ័យ និង បាក់ទឹកចិត្តជាខ្លាំង ហើយបានចារអំពីអ្វីដែលលោកបានធ្វើដើម្បីយកឈ្នះលើអារម្មណ៍ទាំងនោះ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី២ ៤:១៧–១៩ ឮៗ ។ បន្ទាប់មក សូមសួរ ៖
-
តើពាក្យ ឬ ឃ្លាអ្វីខ្លះដែល នីហ្វៃ បានប្រើដើម្បីពិពណ៌នាអំពីលទ្ធផលមកពីភាពទន់ខ្សោយរបស់លោក ?
សូមឲ្យសិស្សសិក្សា នីហ្វៃទី២ ៤:១៩–២៦ ដោយស្វែងរកកិច្ចការទាំងឡាយ ដែលបានជួយ នីហ្វៃ យកឈ្នះលើអារម្មណ៍បាក់ទឹកចិត្តរបស់លោក ។ បន្ទាប់មក សូមសួរ ៖
-
តើឃ្លាអ្វីខ្លះដែល នីហ្វៃ បានប្រើដើម្បីពិពណ៌នាអំពីរបៀបដែលលោកយកឈ្នះលើអារម្មណ៍អាក្រក់ដ៏ធ្ងន់ធ្ងរនោះ ? ( សិស្សគួរតែបង្ហាញថា នីហ្វៃ បានទុកចិត្តលើព្រះអម្ចាស់ [ សូមមើល ខទី ១៩ ] លោកបានចាំអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់លោកកាលពីមុន [ សូមមើល ខទី ២០–២៣ ] លោកបានអធិស្ឋានយ៉ាងខ្លាំង [ សូមមើល ខទី ២៤ ] ហើយលោកបានចាំអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ [ ខទី ២៦ ] ) ។
-
តើការចងចាំអំពីព្រះអម្ចាស់ និង សេចក្ដីសប្បុរសល្អរបស់ទ្រង់ បានជួយអ្នកក្នុងពេលបាក់ទឹកចិត្ត ឬ តានតឹងយ៉ាងដូចម្ដេច ?
-
នៅដើមមេរៀននេះ យើងបានទទួលស្គាល់ថា វាគឺជារឿងមធ្មតាដែលអ្នកផ្សព្វផ្សាយសាសនាត្រូវជួបប្រទះនឹងភាពតានតឹងផ្នែកសតិអារម្មណ៍ មានអារម្មណ៍នឹកផ្ទះ និង បរាជ័យ ព្រួយចិត្ត ឬ អារម្មណ៍ផ្សេងទៀតដែលអាចដាក់បន្ទុកលើពួកគេ ។ សូមគិតអំពីអ្វីដែល នីហ្វៃ បានចារនៅក្នុង នីហ្វៃទី២ ៤:១៩–២៦ តើយោបល់ដូចម្ដេចខ្លះ ដែលអ្នកនឹងផ្ដល់ដល់អ្នកផ្សព្វផ្សាយសាសនាដែលជួបប្រទះនឹងអារម្មណ៍ប្រភេទនេះ ? ( សូមជួយសិស្សស្វែងរកគោលការណ៍ដូចខាងក្រោម រួចគិតដល់ការសរសេរវានៅលើក្ដារខៀន ៖ នៅពេលអ្នកផ្សព្វផ្សាយសាសនាទុកចិត្តលើព្រះអម្ចាស់ នោះព្រះអម្ចាស់អាចជួយពួកគេឲ្យបំពេញតាមលក្ខខណ្ឌខាងរាងកាយ និង ខាងសតិអារម្មណ៍ក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនាបាន ) ។
សូមគិតដល់ការចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំពុំជឿថាកិច្ចការផ្សព្វផ្សាយសាសនាជាកិច្ចការងាយស្រួលធ្វើនោះទេ ការប្រែចិត្តជឿក៏ដូច្នោះដែរ ការរក្សាឲ្យសកម្មក៏ដូច្នោះដែរ ហើយការបន្តមានភាពស្មោះត្រង់ក៏ដូច្នោះដែរ ។ ខ្ញុំជឿថាវាតម្រូវឲ្យមានការខិតខំខ្លះ ដែលចេញពីជម្រៅពីនៃព្រលឹងរបស់យើង ។
« កាលទ្រង់បានយាងទៅមុខបន្តិចទៀតនៅរាត្រីនោះ ទ្រង់ទម្លាក់អង្គលុតព្រះជង្គ ផ្កាប់ព្រះភក្ត្រចុះ ព្រះលោហិតហូរចេញតាមរន្ធញើស ហើយអធិស្ឋានថា ‹ អ័ប្បា ព្រះវរបិតាអើយ ( ឪពុក ) បើពែងនេះអាចយកចេញបាន សូមយកចេញពីទូលបង្គំផង › [ សូមមើល ម៉ាកុស ១៤:៣៦ ] ក្រោយមកយើងដឹងដោយមិនសង្ស័យថា សេចក្ដីសង្គ្រោះពុំមែនជាអ្វីមួយលេងសើច ឬ ងាយទទួលបាននោះទេ ។ ប្រសិនបើអ្នកឆ្ងល់ថា ហេតុអ្វីគ្មានមធ្យោបាយណាងាយស្រួលជាងនេះ អ្នកគួរតែចងចាំថាអ្នកមិនមែនជាមនុស្សទីមួយទេដែលសួរសំណួរនោះ ។ មានមនុស្សល្បីល្បាញ និង អស្ចារ្យខ្លាំងបានសួរសំណួរនោះ យូរយារមកហើយថាហេតុអ្វីបានជាគ្មានមធ្យោបាយងាយស្រួលជាងនេះ ។
« ដង្វាយធួននឹងជួយអ្នកផ្សព្វផ្សាយសាសនា ដែលប្រហែលជាច្រើនជាងជួយសាសនាគន់ការីទៅទៀត ។ នៅពេលអ្នកមានបញ្ហា នៅពេលអ្នកត្រូវគេបដិសេធ នៅពេលអ្នកត្រូវគេស្ដោះដាក់ ហើយបណ្ដេញចេញ និង ក្លាយទៅជាទីដៀលត្មេះ និង ទីដំណៀល នោះអ្នកកំពុងជួបប្រទះនឹងរឿងដូចគ្នាដែលមនុស្សដ៏អស្ចារ្យនៅលើលោកនេះបានជួបប្រទះដែរ ជាបុគ្គលដែលមានជីវិតបរិសុទ្ធ និង គ្រប់លក្ខណ៍ ។ អ្នកមានហេតុផលក្នុងការមានទំនុកចិត្ត ថែមទាំងមានអំណរគុណដែលព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ជ្រាបរាល់ទុក្ខព្រួយ និង សេចក្ដីវេទនារបស់អ្នក ។ មធ្យោបាយតែមួយគត់ទៅរកសេចក្ដីសង្គ្រោះ គឺតាមរយៈសួនច្បារគែតសេម៉ានី ហើយបន្តទៅ កាល់វ៉ារី ។ មធ្យោបាយតែមួយគត់ទៅរកភាពអស់កល្បជានិច្ចគឺតាមរយៈ ទ្រង់—ដែលជាមាគ៌ា ជាសេចក្ដីពិត និង ជាជីវិត » ( « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ១៥ ) ។
បន្ទាប់មក សូមសួរ ៖
-
យោងតាមអែលឌើរ ហូឡិន តើមានហេតុផលអ្វីខ្លះដែលអ្នកផ្សព្វផ្សាយសាសនាត្រូវមានទំនុកចិត្តអំឡុងពេលជួបបញ្ហា ?
សូមប្រាប់សិស្សថា នៅពេលប្រឈមមុខនឹងកាលៈទេសៈលំបាកៗក្នុងតំបន់បេសកកម្ម ពួកគេគួរតែចងចាំថា ការងារដែលពួកគេកំពុងធ្វើនោះ គឺជួយនាំមនុស្សទូទៅមករកព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា ២៦:១១–១៣, ២៩:១០ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥–១៦ ។ សូមឲ្យសិស្សពីរបីនាក់ដាក់វេនគ្នាអានវគ្គបទគម្ពីរទាំងនេះឮៗ ខណៈសិស្សដទៃទៀតអានតាម ដោយស្វែងរកថាតើវគ្គបទគម្ពីរទាំងនេះបង្រៀនយ៉ាងដូចម្ដេច អំពីជីវិតអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យសិស្សចែកចាយការយល់ដឹង ហើយបន្ទាប់មក សូមអះអាងដល់ពួកគេថាទោះជាការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង គឺជាការងារដ៏លំបាក ហើយពេលខ្លះមានការបាក់ទឹកចិត្តយ៉ាងណាក៏ដោយ នៅពេលអ្នកធ្វើការដើម្បីនាំមនុស្សមករកព្រះយេស៊ូវគ្រីស្ទ នោះព្រះអម្ចាស់ប្រទានពរយើងដោយនូវសេចក្ដីអំណរ ។ សូមគិតពីការឲ្យសិស្សចែកចាយបទពិសោធន៍ ប្រសិនបើពួកគេធ្លាប់មានបទពិសោធន៍អំពីគោលការណ៍នេះហើយនោះ ។
សូមបង្ហាញដល់សិស្សថា យូរៗម្ដងពួកគេអាចនឹងមានដៃគូដែលមានបញ្ហាផ្នែកសតិអារម្មណ៍ និង សុខភាពផ្លូវចិត្ត ។ នៅក្នុងករណីនេះ ពួកគេគួរតែស្ដាប់ ហើយបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់ដៃគូរបស់ខ្លួន ព្រោះឥរិយាបថជ្រោមជ្រែងរបស់ដៃគូអាចចាំបាច់ក្នុងការជួយគាត់ឲ្យយកឈ្នះលើបញ្ហានានាបាន ។ ពួកគេមិនគួរណែនាំថា ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាដែលជួបបញ្ហានោះ មានសេចក្ដីជំនឿកាន់តែខ្លាំង នោះឧបសគ្គរបស់ពួកគេនឹងរលាយសាបសូន្យទៅ ។
សូមពន្យល់ផងដែរថា ឧបសគ្គមួយចំនួនតម្រូវឲ្យមានជំនួយបន្ថែមពីថ្នាក់ដឹកនាំបព្វជិតភាព និង អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ហើយថាបេសកកម្មភាគច្រើនបង្កើតឲ្យមានអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តសម្រាប់អ្នកផ្សព្វផ្សាយសាសនា ។ អ្នកផ្សព្វផ្សាយសាសនាដែលជួបបញ្ហាខាងសតិអារម្មណ៍ ពិភាក្សាអំពីស្ថានភាពរបស់ខ្លួនជាមួយប្រធានបេសកកម្ម ដើម្បីសម្រេចថាតើជំនួយបែបណាដែលសមរម្យ ។
ដើម្បីជួយសិស្សពិចារណាកាន់តែច្រើន អំពីរបៀបដែលពួកគេអាចប្រឈមមុខនឹងបញ្ហាផ្នែករាងកាយ និង សតិអារម្មណ៍ ដែលពួកគេអាចជួបប្រទះក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា សូមផ្ដល់ពេលវេលាបីបួននាទីឲ្យពួកគេសរសេរអំពីគ្រាដែលពួកគេត្រូវយកឈ្នះលើកាលៈទេសៈដ៏លំបាកៗ ។ សូមតាមដានដោយសួរសិស្សអំពីអ្វីដែលពួកគេបានរៀនអំពីព្រះអម្ចាស់ និង ខ្លួនគេផ្ទាល់ចេញពីបទពិសោធន៍ និង របៀបដែលគេនឹងប្រើប្រាស់បទពិសោធន៍នោះទៅពង្រឹងពួកគេនាពេលអនាគត ។
ដើម្បីបញ្ចប់ សូមបង្ហាញទំនុកចិត្តទៅលើសិស្សរបស់អ្នក និង លទ្ធភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងការផ្លាស់ប្ដូរនានាដែលមានក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា ។ សូមចែកចាយទីបន្ទាល់ថា ព្រះអម្ចាស់ជួយបុគ្គលគ្រប់រូបដែលងាយទៅរកទ្រង់ ដើម្បីបំពេញតាមលក្ខខណ្ឌផ្នែករាងកាយ និងសតិអារម្មណ៍ក្នុងជីវិតពួកគេ ។
ការអញ្ជើញឲ្យអនុវត្ត
សូមអញ្ជើញសិស្សឲ្យត្រៀមខ្លួនសម្រាប់ជីវិតបេសកកម្ម ដោយធ្វើសកម្មភាពមួយ ឬ ច្រើនខាងក្រោមនេះ ៖
-
ពិចារណាអំពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីប្រែក្លាយជាស្អាតស្អំ និង មានភាពសក្ដិសមបម្រើបេសកកម្ម ។ ប្រសិនបើចាំបាច់ លុបបំបាត់គំនិតមិនសមរម្យ និង អាកប្បកិរិយាដែលមិនគាប់ដល់ព្រះវិញ្ញាណ ។
-
ដាក់គោលដៅផ្ទាល់ខ្លួនដើម្បីធ្វើតាមកាលវិភាគហាត់ប្រាណជារៀងរាល់ថ្ងៃ បរិភោគអាហារផ្ដល់សុខភាពល្អ ឬ បង្កើតទម្លាប់ចូលដំណេកដែលដូចទៅនឹងកាលវិភាគប្រចាំថ្ងៃរបស់អ្នកផ្សព្វផ្សាយសាសនា ។
-
ចូលមើល បទដ្ឋាននៃការស្លៀកពាក់របស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលមាននៅលើគេហទំព័រ LDS.org ។
-
ស្នើឲ្យអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់ ប្រាប់អំពីអ្វីដែលគាត់បានធ្វើដើម្បីគ្រប់គ្រងភាពតានតឹង ហើយយកឈ្នះលើឧបសគ្គនានាក្នុងជីវិតអ្នកផ្សព្វផ្សាយសាសនា ។
-
ពិភាក្សាជាមួយឪពុកម្ដាយ ឬ ថ្នាក់ដឹកនាំបព្វជិតភាព អំពីរបៀបដែលត្រូវប្រព្រឹត្តជាមួយនឹងដៃគូផ្សព្វផ្សាយសាសនា ដែលអ្នកអាចនឹងមិនមានភាពដូចគ្នា ឬ មានការលំបាកក្នុងការធ្វើការជាមួយគ្នា ។