ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៩ ៖ ការអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ


ការអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ

សេចក្ដីផ្ដើម

អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ខិតខំ​ប្រែក្លាយ ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​ពួកគេ​ព្យាយាម​អញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​មក​រក​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​ដ៏​គ្រប់លក្ខណ៍​របស់​យើង ហើយ​បាន​ណែនាំ​ឲ្យ​យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ( សូម​មើល នីហ្វៃទី៣ ២៧:២៧ ) ហើយ​ដង្វាយធួន​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌​បាន ។ ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ គឺ​ត្រូវ​រៀន​អំពី​របៀប​ដែល​ទ្រង់​បាន​រស់នៅ ប្រព្រឹត្ត ហើយ​បង្រៀន ។ នៅ​ពេល​យើង​ផ្ទាល់​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ឲ្យ​បាន​កាន់តែ​ពេញលេញ យើង​នឹង​ត្រៀមខ្លួន​បម្រើ​ព្រះ និង មនុស្ស​ទូទៅ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​បេសកកម្ម និង ពេញ​មួយ​ជីវិត​របស់​យើង ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

សារៈសំខាន់​នៃ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ

សូម​ឲ្យ​សិស្ស​បើក​ទៅ ទំព័រ ១២៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​មើល​ទៅ​រូបថត​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​សួរ​ ៖

  • តើ​ចំណុច​ពីរ​ដែល​មាន​សភាព​លេច​ធ្លោ​ជាង​គេ នៅ​លើ​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​អ្វី ? ( ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា និង ព្រះ​នាម​ព្រះអង្គ​សង្គ្រោះ ) ។

  • ហេតុអ្វី​បាន​ជា​វា​ជា​រឿង​ដ៏​សំខាន់​ចំពោះ​អ្នក និង អ្នក​ដទៃ​ទៀត ដែល​ឈ្មោះ​របស់​អ្នក​នៅ​ជាមួយ​នឹង​ព្រះ​នាម​ព្រះអង្គ​សង្គ្រោះ ?

សូម​ឲ្យ​សិស្ស​ដាក់​វេន​គ្នា​អាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ទាំង​ប្រាំ ទំព័រ ១១៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ខណៈ​ដែល​សិស្ស​ឯ​ទៀត​អាន​តាម ដោយ​ស្វែងរក​របៀប​ដែល​យើង​អាច​ទទួល​យក​ការអញ្ជើញ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​ពី​ពួកគេ​បាន​អាន​រួច​ហើយ សូម​សួរ ៖

  • តើ​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ដើរ​តាម​ទ្រង់​តាម​របៀប​ណា ? ( សិស្ស​គួរតែ​ស្គាល់​គោលការណ៍​នេះ ៖ យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ដើរ​តាម​ទ្រង់ តាមរយៈ​ការប្រែក្លាយ​ដូចជា​ទ្រង់ និង ការអភិវឌ្ឃ​លក្ខណៈ​របស់​ទ្រង់ ) ។

  • តើ​ការអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​អានុភាព និង ដ៏​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​បទគម្ពីរ​មួយ​​នៅ​ក្នុង ប្រអប់​ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ១១៨ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​ស្វែងរក​អ្វី​ដែល​ខគម្ពីរ​នោះ​បាន​ប្រាប់ អំពី​ការដើរ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់​ពី​សិស្ស​បីបួន​នាក់​បាន​ឆ្លើយ​សំណួរ​ហើយ សូម​សួរ ៖

  • តើ​មាន​លក្ខណៈ​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​មាន​ដូច​ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ ?

videoiconសូម​បង្ហាញ​វីដេអូ « Christlike Attributes » ( នាទី​ទី ២:៥៤ ) ដែល​បង្ហាញ​អំពី​លក្ខណៈ​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ទស្សនា​ស្វែងរក​របៀប​ដែល​លក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ បាន​ស្ដែង​ចេញ​តាមរយៈ​ទង្វើ​របស់​ទ្រង់—ជា​ពិសេស​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ជាមួយ​មនុស្ស​ទូទៅ ។

បន្ទាប់​ពី​ទស្សនា​វីដេអូ​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ប្រាកដ​ថា​អ្នក​បាន​ទុក​ពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​ពិចារណា​អំពី​ចម្លើយ​របស់​ខ្លួន ៖

  • តើ​លក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ បាន​ស្ដែង​ចេញ​តាមរយៈ​ទង្វើ​របស់​ទ្រង់—ជា​ពិសេស​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ជាមួយ​មនុស្ស​ទូទៅ​នោះ​តាម​របៀប​ណា ?

  • តើ​ទង្វើ​របស់​ព្រះយេស៊ូវ បាន​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៅ​លើ​មនុស្ស​ទូទៅ ?

សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​មិត្ត​អង្គុយ​ក្បែរ​ខ្លួន អំពី​បទពិសោធន៍​មួយ​ដែល​ពួកគេ​បានទទួល​ឥទ្ធិពល ដោយ​នរណា​ម្នាក់​ដែល​មាន​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ ។ បន្ទាប់​មក សូម​ផ្ដល់​ពេលវេលា​បន្តិច​ឲ្យ​ពួកគេ​ពិចារណា​អំពី​សំណួរ​ខាង​ក្រោម ៖

  • តើ​លក្ខណៈ​ណា​មួយ​របស់​ព្រះគ្រីស្ទ​ ដែល​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​នេះ ដែល​អ្នក​ចង់​អភិវឌ្ឍ​ឲ្យ​បាន​ពេញលេញ ?

ការអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្តូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:១-៧ ។

  • យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦ តើ​មាន​ទំនាក់ទំនង​អ្វី​រវាង​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង គុណសម្បត្តិ​ដើម្បី​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​កិច្ចការ ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរតែ​យល់​អំពី​គោលការណ៍​នេះ ៖ បុគ្គល​ទាំងឡាយ​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ សក្ដិសម​នឹង​បម្រើ​កិច្ចការ​របស់​ព្រះអម្ចាស់ ) ។

សូម​ឲ្យ​សិស្ស​បើក​ទៅ សកម្មភាពកំណត់ នៅ​ទំព័រ ១២៨ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​ពី​បាន​ពន្យល់​អំពី​សេចក្ដី​ណែនាំ​ដែល​មាន​នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​ហើយ សូម​ឲ្យ​សិស្ស​ធ្វើ​លំហាត់​សកម្មភាព​នោះ ។ វា​ជា​ការណ៍​ល្អ​ដែល​​ប្រាប់​ដល់​សិស្ស អំពី​រយៈ​ពេល​ដែល​ពួកគេ​នឹង​មាន​ដើម្បី​ធ្វើ​លំហាត់​សកម្មភាព​នេះ ។ សូម​គិត​ដល់​ការចែក​ក្រដាស​លំហាត់​សកម្មភាព​នេះ ដែល​បាន​ថតចម្លង​ឲ្យ​សិស្ស ។ ប្រសិនបើ​សិស្ស​ជ្រើសរើស​ធ្វើ​លំហាត់​សកម្មភាព​នៅ​លើ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង របស់​ពួកគេ​ផ្ទាល់​នោះ អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​សរសេរ​ខ្មៅដៃ ។ សូម​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់ ឲ្យ​សិស្ស​ធ្វើ​លំហាត់​សកម្មភាព​នេះ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ចែកចាយ​អំពី​អ្វី​ដែល​ពួក​បាន​រៀន ហើយ​បាន​ទទួល​អារម្មណ៍ នៅ​ពេល​ពួកគេ​បាន​ធ្វើ​ការវាយតម្លៃ​លើ​ខ្លួន​ឯង ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​លក្ខណៈ​ណា​ខ្លះ​ចេញ​ពី​លំហាត់​សកម្មភាព​នេះ ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ? មូលហេតុ​អ្វី ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ចេញ​មក​ពី​លំហាត់​សកម្មភាព​នេះ ?

សូម​ជួយ​សិស្ស​ពង្រឹង​ការយល់ដឹង​របស់​ខ្លួន​អំពី​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដោយ​ឲ្យ​ពួកគេ​ជ្រើសរើស​លក្ខណៈ​មួយ ដែល​ពួកគេ​ចង់​រៀន​បន្ថែម ហើយ​អភិវឌ្ឍ​យ៉ាង​ពេញលេញ​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ។ សូម​ឲ្យ​សិស្ស​បង្ហាញ​ចំណុច ដែល​ប្រាប់​អំពី​លក្ខណៈ​ដែល​ពួកគេ​បាន​ជ្រើសរើស​នៅ​ទំព័រ ទំព័រ ១១៨–២៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​មក សូម​ផ្ដល់​ពេល​វេលា​ឲ្យ​សិស្ស​សិក្សា​ចំណុច​របស់​ខ្លួន ដោយ​មាន​បទគម្ពីរ​មក​ជាមួយ​ផង ។ វា​អាច​ជា​ការណ៍​ល្អ​ដែល​ប្រាប់​ដល់​សិស្ស ឲ្យ​ដឹង​អំពី​រយៈ​ពេល​ដែល​ពួកគេ​នឹង​សិក្សា ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្ស​ពិចារណា​នៅ​ពេល​ពួកគេ​អាន ៖

  • តើ​ការយល់ដឹង​អ្វី​ខ្លះ​អំពី​លក្ខណៈ​នេះ ដែល​អ្នក​បាន​ទទួល ?

  • ដើម្បី​អភិវឌ្ឍ​លក្ខណៈ​នេះ តើ​អ្នក​ត្រូវតែ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ក្នុង​ចិត្ត គំនិត ឬ ទង្វើ ?

  • តើ​ការអភិវឌ្ឍ​លក្ខណៈ​នេះ អាច​បង្កើន​ប្រសិទ្ធភាព​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

សូម​ដើរ​ចុះ​ឡើង​ដើម្បី​មើល​របៀប​ដែល​សិស្ស​ម្នាក់ៗ​ធ្វើ​លំហាត់ និង​ដើម្បី​ឆ្លើយ​សំណួរ​នានា​ដែល​សិស្ស​អាច​មាន ។ បន្ទាប់​ពី​បាន​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ចំពោះ​សំណួរ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ រួច​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​ប្រធាន អុជដូហ្វ មាន​ប្រសាសន៍​ថា​យើង​ត្រូវតែ​ធ្វើ ដើម្បី​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« បទគម្ពីរ​ពិពណ៌នា​អំពី​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​មួយ​ចំនួន ដែល​យើង​ត្រូវ​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​របស់​យើង ។ … លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ គឺ​ជា​អំណោយ​មក​ពី​ព្រះ ។ វា​ពុំ​អាច​បាន​អភិវឌ្ឍ​ដោយ​គ្មាន​ជំនួយ​ពី​ទ្រង់​បាន​ឡើយ ។ ជំនួយ​មួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ គឺ​ត្រូវបាន​ប្រទាន​ដោយ​ឥត​គិត​ថ្លៃ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង លើ​ដង្វាយធួន​របស់​ទ្រង់​មាន​ន័យ​ថា ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​ទៅ​លើ​ព្រះចេស្ដា ព្រះបញ្ញាញាណ និង សេចក្ដី​ស្រឡាញ់​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់ ។ នៅ​ពេល​យើង​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​យើង​ដោយ​សុចរិត នោះ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង ។ … នៅ​ពេល​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវ​វាយតម្លៃ​លើ​ជីវិត​របស់​យើង​ឡើង​វិញ​ឲ្យ​បាន​ទៀងទាត់ ហើយ​ពឹងផ្អែក​ទៅ​លើ​សេចក្ដី​មេត្តា​របស់​ព្រះយេស៊ូវគ្រីស្ទ និង ពរជ័យ​ទាំងឡាយ​មក​ពី​ដង្វាយធួន​របស់​ទ្រង់ តាមរយៈ​មាគ៌ា​នៃ​ការប្រែចិត្ត​ដ៏​ពិត » ( « Christlike Attributes—the Wind beneath Our Wings » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១០២–១០៣ ) ។

  • តើ​ឃ្លា « លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ គឺ​ជា​អំណោយ​មក​ពី​ព្រះ » មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ? ( វា​គឺ​ជា​អំណោយ​ដែល​ពុំ​អាច​អភិវឌ្ឍ​បាន​យ៉ាង​ពេញលេញ​ដោយ​ពុំ​មាន​ជំនួយ​មក​ពី​ព្រះ​នោះ​ឡើយ ) ។

  • យោង​តាម​ប្រធាន អុជដូហ្វ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បាន​ជំនួយ​ពី​ព្រះអម្ចាស់ នៅ​ក្នុង​ការអភិវឌ្ឍ​លក្ខណៈ​ទាំងនេះ ? ( អ្នក​អាច​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយ​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ យើង​អាច​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅ​ពេល​យើង​ប្រែចិត្ត មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពឹងផ្អែក​លើ​ដង្វាយធួន ) ។

  • តើ​ការប្រែចិត្ត និង ការមាន​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន អាច​ជួយ​យើង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ? ( តាមរយៈ​សេចក្ដី​ជំនឿ និង ការប្រែចិត្ត យើង​អញ្ជើញ​ព្រះអម្ចាស់​ប្រទានពរ​យើង​ឲ្យ​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។ នៅ​ពេល​យើង​ប្រែចិត្ត យើង​បង្ហាញ​បំណងប្រាថ្នា​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ហើយ​យើង​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​វត្តមាន​កាន់តែ​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« នៅ​ពេល​បង្រៀន​ពួក​សាសន៍​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​ត្រូវតែ​ក្លាយ​ទៅ​ជា ។ ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​តាមរយៈ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ‹ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ › ( នីហ្វៃទី​៣ ២៧:២០ ) ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​បញ្ចប់ ៖ ‹ តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូចជា​យើង › ( នីហ្វៃ​ទី​៣ ២៧:២៧ ) ។

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ជា​កូនចៅ​នៃ​ព្រះ ដែល​យើង​គួរតែ​ប្រែក្លាយ ។ ស្ថានភាព​គ្មាន​ស្នាម​ប្រឡាក់ និង​ឥតខ្ចោះ​នេះ នឹង​ជា​លទ្ធផល​ចេញ​មក​ពី​តំណ​នៃ​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ទង្វើ​នានា បូក​រួម​ទាំង​ការជ្រើសរើស​ត្រឹមត្រូវ ហើយ​នឹង​ចេញ​មក​ពី​ការប្រែចិត្ត​ឥត​ឈប់ឈរ ។ ‹ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ › ( អាលម៉ា ៣៤:៣២ ) » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៣ ) ។

សូម​សួរ ៖

  • យោងតាម​អែលឌើរ អូក តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ? ( យើង​ត្រូវតែ​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ ទទួល​ពិធីបរិសុទ្ធ​នានា​ដោយ​សក្ដិសម ធ្វើ​ជម្រើស​ត្រឹមត្រូវ ហើយ​ប្រែចិត្ត ) ។

សូម​ឲ្យ​សិស្ស​បើក​ទៅ មរ៉ូណៃ ៧:៤៧–៤៨ ។ សូម​ពន្យល់​ថា ទោះជា​ខគម្ពីរ​ទាំងនេះ​ទាក់ទង​ជា​ពិសេស​ទៅ​នឹង​សេចក្ដី​សប្បុរស​ក្ដី ក៏​វា​បង្រៀន​គោលការណ៍​ទូទៅ​មួយ​អំពី​ការមាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែរ ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនោះ​ខណៈ​ដែល​សិស្ស​ដទៃ​ទៀត​អាន​តាម ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ក្នុង​ការប្រែក្លាយ​ដូចជា​ព្រះរាជបុត្រា​ទ្រង់ ( ចម្លើយ​គួរតែ​ផ្ដោត​ទៅ​លើ​សារៈសំខាន់ នៃ​ការទូល​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង ការប្រែក្លាយ​ទៅ​ជា « អ្នក​ដើរតាម​ដ៏​ពិត » របស់​ព្រះយេស៊ូវគ្រីស្ទ ) ។ សូម​បង្ហាញ​ថា ដោយសារ​តែ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ​ជា​អំណោយ​មក​ពី​ព្រះ យើង​គួរតែ​ទូល​សុំ​ជំនួយ​ពី​ទ្រង់​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​ទាំងនោះ ។

ដើម្បី​ជួយ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នោះ អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​ឧទាហរណ៍​នៃ​សកម្មភាព​នានា ដែល​អ្នក​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ ដើម្បី​ខិតខំ​អភិវឌ្ឍ​លក្ខណៈ​ដែល​ពួកគេ​បាន​សិក្សា ។ បន្ទាប់​មក សូម​ផ្ដល់​ពេលវេលា​ពីរបី​នាទី​ឲ្យ​សិស្ស​សរសេរ​ផែនការ រួម​មាន​ជម្រើស​ត្រឹមត្រូវ​ជាប់លាប់​ដែល​ពួកគេ​ធ្វើ ដើម្បី​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​នោះ​កាន់តែ​ប្រសើរ​ឡើង ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ផែនការ​របស់​ខ្លួន ជាមួយ​ឪពុកម្ដាយ ឬ មិត្ត​ភក្ដិ​ជិតស្និទ្ធ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ផងដែរ កុំ​ឲ្យ​ពន្យារ​ពេល​ក្នុង​ការធ្វើតាម​ផែនការ​របស់​ខ្លួន ។ កិច្ចខិតខំ​ដែល​ពួកគេ​មាន​នា​ពេល​ឥឡូវ​នេះ អាច​មាន​អានុភាព​កាន់តែ​ខ្លាំង​ទៅ​លើ​បទពិសោធន៍​បេសកកម្ម​របស់​ពួកគេ ។

សូម​បញ្ចប់​ផ្នែក​នេះ​នៃ​មេរៀន​ដោយ​អះអាង​ដល់​សិស្ស​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ពួកគេ​ដរាប​ណា​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ដង្វាយធួន ហើយ​ព្យាយាម​ប្រែក្លាយ​ដូចជា​ទ្រង់ ។

លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ​នៅ​លើ​ក្ដារខៀន ដោយ​លោក​បាន​ចែកចាយ​ប្រសាសន៍​ដកស្រង់​មួយ​ដែល​បាន​ថ្លែង​ដោយ​សន្តកជន ហ្វ្រង់ស៊ីស អាស្សីស៊ី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​នេះ​ឮៗ ៖

« ចូរ​ផ្សាយ​ដំណឹងល្អ​នៅ​គ្រប់​ពេល​ទាំងអស់ ហើយ​បើ​ចាំបាច់ ចូរ​ប្រើ​ពាក្យ​សម្ដី » ( « Waiting on the Road to Damascus » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៧ ) ។

បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​ប្រកាស​ដំណឹងល្អ ដោយ​មិន​ប្រើ​ពាក្យ​សម្ដី​បាន​យ៉ាង​ដូចម្ដេច​ទៅ ?

  • តើ​ការមាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ អនុញ្ញាត​ឲ្យ​យើង​ប្រកាស​ដំណឹងល្អ​បាន​កាន់តែ​ប្រសើរ ទាំង​ប្រើ ឬ មិន​ប្រើ​ពាក្យ​សម្ដី​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​អ្វី​កើតឡើង​ចំពោះ​ដួងចិត្ត​របស់​បុគ្គល​ទាំងឡាយ នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​គេ​ប្រព្រឹត្ត​ទៅ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ? ( ដួងចិត្ត​របស់​ពួកគេ​ត្រូវ​បាន​បន្ទន់ ហើយ​ពួកគេ​នឹង​ទទួល​ស្ដាប់​សារលិខិត​នៃ​ដំណឹងល្អ​កាន់តែ​ខ្លាំង ) ។

  • ហេតុអ្វី​បាន​ជា​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​សារៈសំខាន់​ដល់​ម្ល៉េះ ចំពោះ​ភាពជោគជ័យ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ? ( ចម្លើយ​របស់​សិស្ស​អាច​រួម​បញ្ចូល​សេចក្ដីពិត​នេះ ៖ លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អាច​មាន​អានុភាព​ខ្លាំងក្លា ក្នុង​ការនាំ​មនុស្ស​មក​រក​ព្រះអង្គ​សង្គ្រោះ ) ។

video iconសូម​បង្ហាញ​វីដេអូ « Impressions of Missionaries » ( នាទី​ទី ៤:៣២ ) ។ សូម​ឲ្យ​សិស្ស​កត់ត្រា​លក្ខណៈ​ទាំងឡាយ ដែល​សាសនាគន់ការី​សង្កេត​ឃើញ​មាន​ក្នុង​អ្នក​ផ្សព្វផ្សាយ​សាសនា និង ឥទ្ធិពល​ដែល​លក្ខណៈ​ទាំងនោះ​បាន​មាន​ចំពោះ​សាសនាគន់ការី ។

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​លក្ខណៈ​វិជ្ជមាន​មួយ​ចំនួន​ណា​ខ្លះ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​សាសនាគន់ការី​បាន​រក​ឃើញ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​គុណសម្បត្តិ​ទាំងនេះ ធ្វើ​ឲ្យ​សាសនាគន់ការី​មាន​អារម្មណ៍​វិជ្ជមាន ?

  • សាសនាគន់ការី​មួយ​ចំនួន បាន​លើក​ឡើង​អំពី​គុណសម្បត្តិ​មិន​សូវ​វិជ្ជាមាន ។ តើ​គុណសម្បត្តិ​ទាំងនេះ បាន​ជះឥទ្ធិពល​យ៉ាង​ដូចម្ដេច​ដល់​សាសនាគន់ការី ?

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ចៀសវាង​ពី អារម្មណ៍​មិន​សូវ​វិជ្ជមាន​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ?

ដើម្បី​បង្ហាញ​បន្ថែម​អំពី​របៀប​ដែល​លក្ខណៈ និង ឥរិយាបថ​ដូចជា​ព្រះគ្រីស្ទ អាច​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀបចំ​មនុស្ស​ដែល​ពួកគេ​បង្រៀន​ឲ្យ​ទទួលយក​ដំណឹងល្អ សូម​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​ប្រវត្តិ​នៃ​ការ​ប្រឹង​ប្រែង​របស់​អាំម៉ូន ក្នុង​ការប្រកាស​ដំណឹងល្អ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ។ សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​បួន​ក្រុម ហើយ​ចាត់​វគ្គបទគម្ពីរ​មួយ​ចំណោម​វគ្គបទគម្ពីរ​ខាង​ក្រោម​នេះ ដល់​ក្រុម​នីមួយៗ ។ សូម​ឲ្យ​សិស្ស​អាន​វគ្គបទគម្ពីរ​ដែល​បាន​ចាត់តាំង​ដល់​ពួកគេ​ដោយ​ស្ងៀមស្ងាត់ រួច​ស្វែងរក​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​ដែល អាំម៉ូន បាន​បង្ហាញ​ឲ្យ​ឃើញ ។

អាលម៉ា ១៧:២២-២៥

អាលម៉ា ១៧:២៨-៣១

អាលម៉ា ១៧:៣៣-៣៧

អាលម៉ា ១៨:១–៣, ៨–១០

ក្រោយ​ពី​សិស្ស​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ណា​ខ្លះ​ដែល អាំម៉ូន បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​អាន​នេះ ?

  • តើ​លក្ខណៈ​របស់​អាំម៉ូន​បាន​មាន​ឥទ្ធិពល​លើ មនុស្ស​ដែល​គាត់​បាន​បង្រៀន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​ពេល​បច្ចុប្បន្ន អាច​ធ្វើតាម​គំរូ​របស់​អាំម៉ូន​បាន​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​គិត​អំពី​បុគ្គល​ដែល ពួកគេ​បាន​សង្កេត​ឃើញ​ថា​ជា​គំរូ​នៃ​ការមាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។ សូម​សួរ ៖

  • តើ​បុគ្គល​នេះ​បាន​មាន​ឥទ្ធិពល​លើ​អ្នក តាមរយៈ​ឥរិយាបថ​ដូចជា​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ការបម្រើ​ជាមួយ​ដៃគូ

សូម​រំឭក​សិស្ស​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​តែងតែ​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​ជាមួយ​ដៃគូ ។ សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ឧបសគ្គ​នានា​ដែល​អាច​កើតឡើង នៅ​ពេល​ពួកគេ​ធ្វើការ​ជាមួយ​ដៃគូ ។ សូម​សួរ​សិស្ស​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បម្រើ​ជា​ដៃគូ ?

សូម​អាន​ឮៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦ និង កូរិនថូសទី២ ១៣:១ ដើម្បី​ជួយ​សិស្ស​ឃើញ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​ជា​ដៃគូ ព្រោះ​នោះ​គឺ​ជា​លំនាំ​ដែល​បាន​មក​ពី​ព្រះអម្ចាស់ ។ បន្ទាប់មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវ​បង្ហាញ​លក្ខណៈ និង ទង្វើ​ដូចជា​ព្រះគ្រីស្ទ ចំពោះ​ដៃគូ​របស់​ខ្លួន ? ( សូម​មើល គ. និង ស. ៣៨:២៤–២៥, ២៧ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) ក្នុង​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ចូរ​កុំ​ឲ្យ​មាន​សេចក្ដីទាស់ទែង​ណា​មួយ កើតឡើង​រវាង​ដៃគូ​របស់​អ្នក​ឲ្យ​សោះ ។ ដៃគូ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​មួយ​ចំនួន នឹង​ក្លាយ​ជា​កល្យាណមិត្ត​មួយ​ជីវិត​របស់​អ្នក ។ ចូរ​ធ្វើ​ជា​ប្រភេទ​ដៃគូ ដែល​អ្នក​ចង់​នៅ​ជាមួយ ។ ចូរ​កុំ​មាន​ភាពអាត្មានិយម នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ដៃគូ​ឲ្យ​សោះ ។ « នៅ​ពេល​មាន​ការទាស់ទែងគ្នា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​យាង​ចេញ ដោយ​មិន​គិត​ថា នរណា​ជា​អ្នក​ខុស​នោះ​ទេ ។ យើង​ម្នាក់ៗ​គឺ​ជា​បុគ្គល​ដែល​មាន​ភាពខ្លាំង និង ទេពកោសល្យ ដែល​ខុស​ប្លែក​ពី​បុគ្គល​ដទៃ​ទៀត​លើ​ផែនដី​នេះ ។ យើង​ម្នាក់ៗ​មាន​នូវ​ភាពទន់ខ្សោយ ។ នៅ​ក្នុង​ដៃគូភាព​មួយ​ដែល​ចុះសម្រុង គឺ​មាន​ការងារ​ជា​ក្រុម—ដែល​មាន​ម្នាក់​ទន់ខ្សោយ ហើយ​ម្នាក់​ទៀត​ខ្លាំង​ពូកែ » ( « What I Want My Son to Know before He Leaves on His Mission » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១ ) ។

  • តើ​ប្រធាន ហ្វោស្ត បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​មាន​ការទាស់ទែងគ្នា​រវាង​ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា ? ( សូម​មើល​ផងដែរ នីហ្វៃទី៣ ១១:២៩ ) ។

  • តើ​លក្ខណៈ​ទាំងឡាយ​ដែល​យើង​បាន​សិក្សា​នេះ អាច​ជួយ​ដៃគូ​ឲ្យ​ចៀសវាង​ពី​ការទាស់ទែងគ្នា ហើយ​មាន​ទំនាក់ទំនង​មួយ​កាន់តែ​ចុះសម្រុង​បាន​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ស្វែងរក​គោលការណ៍​ដែល​ថា នៅ​ពេល​ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ និង ឥរិយាបថ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួកគេ​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​ព្រះវិញ្ញាណ ) ។

  • ហេតុអ្វី​បាន​ជា​ការមាន​ទំនាក់ទំនង​ដ៏​ចុះសម្រុង​មួយ អាច​ធ្វើ​ឲ្យ​ដៃគូភាព​មួយ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ក្នុង​ប្រកាស​ដំណឹងល្អ ?

សូម​គិត​ដល់​ការអាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ចំនួន​ប្រាំ​ដំបូង​ក្រោម​ចំណងជើង « ដៃគូ​របស់​អ្នក » ( នៅ​ក្នុង​ចំណុច « ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ » ) នៅ​ក្នុង ក្បួនច្បាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ( ទំព័រ ៣៣–៣៤ ) ។ បន្ទាប់មក សូម​សួរ ៖

  • តើ​អ្នក​បាន​ប្រើ​គោលការណ៍​មួយ​ដែល​មាន​នៅ​ក្នុង​កថាខណ្ឌ​ទាំងនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​យ៉ាង​ដូចម្ដេច ?

សូម​បញ្ចប់​មេរៀន​ដោយ​អញ្ជើញ​ឲ្យ​សិស្ស​របស់​អ្នក ថ្លែង​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគ្រីស្ទ និង សារៈសំខាន់​នៃ​ការប្រែក្លាយ​ដូចជា​ទ្រង់ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ដំណើរការ​នៃ​ការអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ តម្រូវ​ឲ្យ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ និង ការ​ប្រឹង​ប្រែង​ផ្ទាល់ខ្លួន​យ៉ាង​ច្រើន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​លំហាត់​ខាង​ក្រោម​នេះ​មួយ ឬ ច្រើន ទុក​ជា​ផ្នែក​នៃ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ៖

  • សូម​ជ្រើសរើស​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ចេញ​ពី ជំពូក​ទី ៦ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​សិក្សា​បន្ថែម​ដោយ​ប្រើ​បទគម្ពីរ​នានា រួម​បញ្ចូល​ទាំង Bible Dictionary, Topical Guide, index ។ល។ សូម​ដាក់​ផែនការ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​នោះ ឲ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​ចែកចាយ​ផែនការ​របស់​អ្នក ជាមួយ​ឪពុកម្ដាយ ឬ មិត្ត​ភក្ដិ​ជិតស្និទ្ធ ។

  • សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​ក្រុមគ្រួសារ មិត្តភក្ដិ​របស់​អ្នក ( ទាំង​សមាជិក និង មិនមែន​សមាជិក ) ព្រមទាំង​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សូម​សរសេរ​យោបល់​ជាក់លាក់ៗ ដែល​អ្នក​មាន ហើយ​ប្រព្រឹត្ត​តាម​យោបល់​ទាំងនោះ​នៅ​សប្ដាហ៍​នេះ ។

  • សូម​ដាក់​គោលដៅ​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​ចៀសវាង​ពី​ការទាស់ទែង​គ្នា ជាមួយ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​នា​ពេល​អនាគត ។

  • សូម​ស្វែងរក​មធ្យោបាយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សមាជិក​គ្រួសារ និង មិតភក្តិ និង​ដើម្បី​បម្រើ​ពួកគេ​ដោយ​សេចក្ដីអត់ធន់ និង សេចក្ដី​សប្បុរស ។