ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ៖ ការបង្រៀន​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ( ភាគ ១ )


១០

ការបង្រៀន​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ( ភាគ ១ )

សេចក្ដីផ្ដើម

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង សម្រាប់​សុភមង្គល​កូន​ចៅ​របស់​ទ្រង់ ។ វា​ផ្ដោត​សំខាន់​ទៅ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​អំពី​មូលហេតុ​ដែល​ដង្វាយធួន​មាន​សារៈសំខាន់ ។ ផែនការ​របស់​ព្រះវរបិតាសួគ៌​ក៏​ឆ្លើយ​សំណួរ​ដែល​សួរ​ថា « តើ​ខ្ញុំ​មក​ពី​កន្លែង​ណា ? » « តើ​គោលបំណង​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ជា​អ្វី ? » និង « តើ​ខ្ញុំ​នឹង​ទៅ​ណា​បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ ? » អ្នក​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា គួរតែ​យល់​ឲ្យ​បាន​ច្បាស់​អំពី​គោលលទ្ធិ​របស់​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ត្រៀមខ្លួន​ពន្យល់​ដោយ​សាមញ្ញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា​ដោយ​អំណាច ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

ជីវិត​មុន​ជីវិត​លើ​ផែនដី ៖ គោលបំណង និង ផែនការ​របស់​ព្រះ​ដែល​មាន​សម្រាប់​យើង

សូម​គិត​ដល់​ការច្រៀង​ទំនុកតម្កើង « ខ្ញុំ​ជា​កូន​របស់​ព្រះ » នៅ​ក្នុង​ថ្នាក់ ទុក​ជា​ផ្នែក​មួយ​នៃ​ធម្មនិដ្ឋាន​បើក​ការបង្រៀន ។ ដើម្បី​ចាប់ផ្ដើម​បង្រៀន សូម​ឲ្យ​សិស្ស​រំឭក​ដោយ​ស្ងាត់ស្ងៀម​លើ​ទំនុកបទ​ក្នុង​វគ្គ​ទី​មួយ​នៃ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » រួច​ឲ្យ​ពួកគេ​ស្វែងរក​គោលលទ្ធិ ឬ គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ទំនុកបទ​នេះ ។

ខ្ញុំ​ជា​កូន​របស់​ព្រះ

ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក

បាន​ឲ្យ​ផ្ទះ​ខ្ញុំ​នៅ​លើ​ផែនដី

ជាមួយ​ឪពុក​ម្ដាយ​ល្អ ។

នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ

ជួយ​ខ្ញុំ​ឲ្យ​រក​ផ្លូវ ។

បង្រៀន​ខ្ញុំ​អ្វី​ដែល​ត្រូវ​ធ្វើ

ដើម្បី​រស់នៅ​នឹង​ទ្រង់ ។

( « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុកតម្កើង លេខ ១៨៨ ) ។

បន្ទាប់​ពី​បាន​ចំណាយ​ពេល​បន្តិច​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​អំពី​គោលលទ្ធិ និង គោលការណ៍​សំខាន់​ណា​មួយ ដែល​ពួកគេ​បាន​ឃើញ​មាន​នៅ​ក្នុង​ទំនុកតម្កើង​នេះ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​គិត​ដល់​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ទំនុកបទ​ទាំងនេះ​បង្ហាញ​យ៉ាង​ដូចម្ដេច អំពី​ជីវិត​របស់​យើង ពីមុន​យើង​បាន​មក​កើត​នៅ​លើ​ផែនដី​នេះ ?

  • តើ​ទំនុកបទ​ទាំងនេះ​បង្ហាញ​យ៉ាង​ដូចម្ដេច អំពី​គោលបំណង​នៃ​ជីវិត​នៅ​លើ​ផែនដី​នេះ ?

សូម​ប្រាប់​សិស្ស​ថា ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពួកគេ​នឹង​មាន​ឱកាស​បង្រៀន​អំពី​គោលបំណង​នៃ​ជីវិត ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ច្រើន នាក់ អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ​ចំនួន​ពីរ​ដំបូង​នៃ​ចំណុច​ក្រោម​ចំណងជើង « ជីវិត​មុន​ផែនដី ៖ គោលបំណង និង ផែនការ​របស់​ព្រះ​សម្រាប់​យើង » នៅ​ទំព័រ ៤៨ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។

អ្នក​ក៏​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« គ្មាន​សេចក្ដីពិត​ដ៏​ស៊ីជម្រៅ​ណា ត្រូវបាន​បង្ហាញ​ដល់​យើង​នៅ​ក្នុង​ការស្ដារឡើងវិញ​ក្រៅ​ពី​ចំណេះដឹង​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ​នោះ​ទេ ។ គ្មាន​សាសនាចក្រ​ណា​ផ្សេង​ទៀត​ដឹង ឬ បង្រៀន​អំពី​សេចក្ដីពិត​នេះ​ទេ ។ គោលលទ្ធិ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​បែប​ជា​ទម្រង់​នៃ​ការណែនាំ ប៉ុន្តែ​ភាពពិត​ដ៏​លេចធ្លោ​ត្រូវបាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​រឿយៗ​ល្មម​នៅ​ក្នុង​វិវរណៈ​នានា ដើម្បី​អះអាង​ដល់​យើង​អំពី​ភាពពិត​ដ៏​សំខាន់​មួយ​ចំនួន » ( Our Father’s Plan [ ១៩៨៤ ] ទំព័រ ១៤ ) ។

សូម​សួរ ៖

  • តើ​ការដឹង​អំពី​ជីវិត​របស់​យើង​មុន​ឆាកជីវិត​នេះ និង ការដឹង​ថា​យើង​បាន​រស់នៅ​ជា​កូន​វិញ្ញាណ​ជាមួយ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ អាច​ជួយ​ផ្ដល់​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ទៅ​ក្នុង​ជីវិត​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ? ( នៅ​ពេល​សិស្ស​ឆ្លើយ អ្នក​អាច​ជ្រើសរើស​គូសសម្គាល់​គោលការណ៍​នេះ ៖ នៅ​ពេល​យើង​យល់​ដឹង​ថា យើង​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​រក​ឃើញ​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ) ។

video iconដើម្បី​ជួយ​សិស្ស​ពង្រឹង​ការយល់ដឹង​របស់​ខ្លួន​លើ​គោលការណ៍​នេះ សូម​បង្ហាញ​វីដេអូ « God Is Our Father » ( នាទី​ទី ៣:០៥ ) រួច​ឲ្យ​សិស្ស​ស្ដាប់​ស្វែងរក​ពរជ័យ​ទាំងឡាយ ដែល​បាន​ពិពណ៌នា​ដោយ​តួអង្គ​នៅ​ក្នុង​វីដេអូ​នេះ ។

បន្ទាប់​ពី​សិស្ស​បាន​មើល​វីដេអូ​នោះ​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​មាន​ពរជ័យ​ណា​ខ្លះ ដែល​តួអង្គ​នៅ​ក្នុង​វីដេអូ​នេះ​បាន​រៀបរាប់​ថា​បាន​កើតឡើង​ពី​ការដឹង​ថា​ពួកគេ​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ?

  • តើ​ចំណេះដឹង​ដែល​ថា​អ្នក​គឺ​ជា​កូន​របស់​ព្រះ បាន​ជួយ​អ្នក​ឲ្យ​រកឃើញ​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្តូរវេន​អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ​ចុងក្រោយ​ទាំងបួន​នៅ ទំព័រ ៤៨-៤៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ណែនាំ​ឲ្យ​សិស្ស​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​នានា ដែល​បង្រៀន​អំពី​អ្វី​ដែល​ជា​គោលបំណង​របស់​ព្រះ​មាន​សម្រាប់​បុត្រាបុត្រី​ទ្រង់ និង អំពី​របៀប​ដែល​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បំពេញ​តាម​គោលបំណង​នោះ ។ បន្ទាប់​មក សូម​សួរ ៖

  • តើ​ផែនការ​របស់​ព្រះ​ត្រូវបាន​គ្រោង​ឡើង ដើម្បី​ធ្វើ​អ្វី​សម្រាប់​បុត្រាបុត្រី​ទ្រង់ ? ( ក្នុង​ចំណោម​ចម្លើយ​របស់​ពួកគេ សិស្ស​អាច​ដាក់​បញ្ចូល​គោលលទ្ធិ​ដែល​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​អាច​រីករាយ​នឹង​ពរជ័យ​ក្នុង​ជីវិត​អមត និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។ ប្រសិនបើ​ចាំបាច់​ត្រូវ​មាន​ការបញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ អ្នក​អាច​យោង​ទៅ​និយមន័យ​នៃ អមតភាព និង ការលើកតម្កើង នៅ ទំព័រ ៥៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​គូសសម្គាល់​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​ជីវិត​ដែល​ព្រះ​ទ្រង់​មាន​ព្រះជន្ម​នៅ ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​គោលលទ្ធិ​នេះ សូម​ឲ្យ​ពួកគេ​អាន ហើយ​ទន្ទេញ ម៉ូសេ ១:៣៩ ។ បន្ទាប់​ពី​ពួកគេ​បាន​មាន​ពេល​ពីរ​បី​នាទី​ទន្ទេញ និង​អនុវត្ត​សូត្រ​វគ្គ​បទគម្ពីរ​នេះ​ហើយ សូម​សួរ ៖

  • តើ​ការបង្រៀន​សាសនាគន់ការី​ថា គោលបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច អាច​មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​ពួកគេ​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ផ្ដល់​ពេល​វេលា​បន្តិច​ឲ្យ​សិស្ស​ពិចារណា​អំពី តួនាទី​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការជួយ​ព្រះវរបិតាសួគ៌​ធ្វើ​កិច្ចការ​ទ្រង់ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​រៀង​ខ្លួន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ឬ សរសេរ​គំនិត​របស់​ពួកគេ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ។

ការបង្កបង្កើត និង រូបកាយ​សាច់ឈាម​របស់​យើង

សូម​ឲ្យ​សិស្ស​អាន​ឮៗ​ត្រង់​ចំណុច​ក្រោម​ចំណងជើង « ការបង្កបង្កើត » នៅ​ទំព័រ ៤៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ណែនាំ​សិស្ស​ឲ្យ​ស្វែងរក​សារៈសំខាន់​នៃ​ការបង្កបង្កើត នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ។ បន្ទាប់​មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​យើង​ចាត់ទុក​ការបង្កបង្កើត​ផែនដី ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ? ( ដើម្បី​រីកចម្រើន និង ប្រែក្លាយ​ដូចជា​ព្រះ នោះ​យើង​ម្នាក់ៗ​ត្រូវតែ​មក​កើត​លើ​ផែនដី​ដើម្បី​ទទួល​បាន​រូបកាយ ហើយ​ត្រូវបាន​សាកល្បង​អំឡុងពេល​នៃ​ការសាកល្បង ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​សារៈសំខាន់​នៃ​ការទទួលបាន​រូបកាយ​ខាង​សាច់ឈាម សូម​បង្ហាញ ហើយ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ដែល​បាន​ថ្លែង​ដោយ​ស៊ិស្ទើរ ស៊ូសាន ដុបលយូ ថែនណឺ កាល​គាត់​បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​មូលហេតុ​ដែល​យើង​ម្នាក់ៗ មាន​ចិត្ត​រំភើប​នឹង​ការទទួលបាន​រូបកាយ​សាច់ឈាម ។

ស៊ូសាន ដុបលយូ ថែនណឺ

« នៅ​ក្នុង​នគរ​មុន​ឆាក​ជីវិត​នេះ យើង​បាន​ដឹង​ថា រូបកាយ​គឺ​ជា​ផ្នែក​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ​មាន​សម្រាប់​យើង ។ ដូចបាន​ថ្លែង​នៅ​ក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ‹ បុត្រា និង បុត្រី​ខាង​វិញ្ញាណ​ទាំងឡាយ បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំ​ឱ្យ​កូនចៅ​ទាំងឡាយ អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅ​លើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់ នឹង​ដឹង​ពី​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក › ។ ប្រាកដ​ណាស់ យើង ‹ បាន​ស្រែក​អរ​សាទរ › ( យ៉ូប ៣៨:៧ ) ដើម្បី​ធ្វើ​ជា​ផ្នែក​នៃ​ផែនការ​នេះ ។

« ហេតុអ្វី​បាន​ជា​យើង​មាន​ចិត្ត​រំភើប ? យើង​បាន​យល់​អំពី​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ស្ដីពី​រូបកាយ​របស់​យើង ។ យើង​បាន​ដឹង​ថា រូបកាយ​របស់​យើង​នឹង​មាន​លក្ខណៈ​ដូចជា​ព្រះ ។ យើង​បាន​ដឹង​ថា រូបកាយ​របស់​យើង​នឹង​ផ្ដល់​ទី​លំនៅ​ដល់​វិញ្ញាណ​របស់​យើង ។ យើង​ក៏​បាន​យល់​ដែរ​ថា រូបកាយ​របស់​យើង​នឹង​ចេះ​ឈឺចាប់ មាន​ជំងឺ អសមត្ថភាព និង រង​ការល្បួង ។ ប៉ុន្តែ​យើង​បាន​មាន​ឆន្ទៈ​យ៉ាង​ក្លៀវក្លា​ដើម្បី​ទទួល​យក​ឧបសគ្គ​ទាំងនេះ ព្រោះ​យើង​បាន​ដឹង​ថា មាន​តែ​ដោយ​វិញ្ញាណ និង ធាតុ​ដែល​បាន​ផ្គុំ​គ្នា​មិន​អាច​បំបែក​បាន​ប៉ុណ្ណោះ ទើប​យើង​អាច​រីកចម្រើន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ( សូម​មើល គ. និង ស. ១៣០:២២ ) ហើយ ‹ ទទួលបាន​សេចក្ដីអំណរ​ពេញលេញ › ( គ. និង ស. ៩៣ ) » ( « The Sanctity of the Body » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៣ ) ។

បន្ទាប់​មក សូម​សួរ ៖

  • នៅ​ក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ តើ​សេចក្ដីពិត​អ្វី​ដែល​យើង​បាន​យល់​ថា បាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​ដើម្បី​មក​កាន់​ផែនដី ហើយ​ទទួល​បាន​រូបកាយ​សាច់ឈាម ?

  • ហេតុអ្វី​បាន​ជា​យើង​មាន​ឆន្ទៈ ហើយ​អន្ទះសា​ដើម្បី​មក​កាន់​ផែនដី ទោះជា​យើង​បាន​ដឹង​ហើយ​ថា​យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ពិបាកៗ​ក្នុង​ជីវិត​រមែង​ស្លាប់​ហើយ​នោះ ?

សូម​ផ្ដល់​ពេល​វេលា​បន្តិច ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម ៖ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ដូចម្ដេច​ទៅ​កាន់​សាសនាគន់ការី អំពី​របៀប​ដែល​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ជួយ​យើង​ឲ្យ​រីកចម្រើន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ? ប្រសិនបើ​មាន​ពេល សូម​ឲ្យ​សិស្ស​សិក្សា​សេចក្ដីយោង​បទគម្ពីរ​នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ ពី​ក្រោម​ចំណុច « ការបង្កបង្កើត » នៅ​ទំព័រ ៤៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​ពី​បាន​សិក្សា​អស់​មួយ​ឬ​ពីរ​នាទី​ហើយ សូម​ឲ្យ​សិស្ស​បែរ​ទៅ​រក​នរណា​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្លួន ហើយ​បកស្រាយ​ចម្លើយ​របស់​ខ្លួន​ចំពោះ​សំណួរ​នោះ ។

សិទ្ធិជ្រើសរើស និង ការធ្លាក់​របស់​អ័ដាម និង អេវ៉ា

សូម​សរសេរ​ចំណងជើង​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖

អ្វី​ដែល​អ័ដាម និង អេវ៉ា អាច ធ្វើ​នៅ​ក្នុង​សួនច្បារ

អ្វី​ដែល​អ័ដាម និង អេវ៉ា មិន​អាច ធ្វើ​នៅ​ក្នុង​សួនច្បារ

សូម​ឲ្យ​សិស្ស​សិក្សា នីហ្វៃទី​២ ២:២២–២៥ និង ចំណុច សេរីភាព និង ការធ្លាក់​របស់​អ័ដាម និង អេវ៉ា នៅ​ទំព័រ ៤៩–៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ នៅ​ពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​អ័ដាម និង អេវ៉ា អាច ធ្វើ​នៅ​ក្នុង​សួនច្បារ​អេដែន ( ពួកគេ​អាច​រស់នៅ​ជា​រៀង​រហូត​នៅ​ក្នុង​ស្ថានភាព​ឥតទោស ពួកគេ​អាច​ប្រើ​សិទ្ធិជ្រើសរើស​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ការសម្រេចចិត្ត ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​អ័ដាម និង អេវ៉ា មិន​អាច ធ្វើ​នៅ​ក្នុង​សួនច្បារ​អេដែន ( ពួកគេ​ពុំ​អាច​រីកចម្រើន ឬ ជួប​ប្រទះ​នឹង​រឿង​ផ្ទុយ ពួកគេ​ពុំ​អាច​មាន​អំណរ ឬ ទុក្ខព្រួយ ឬ ការឈឺចាប់ ឬ សេចក្ដី​វេទនា ពួកគេ​ពុំ​ចេះ​ប្រព្រឹត្ត​បាប ពួកគេ​ពុំ​មាន​ជំងឺ ឬ ការរងទុក្ខ ពួកគេ​ពុំ​អាច​មាន​កូនចៅ​បាន​ឡើយ ) ។ ពីរ​បី​នាទី​ក្រោយ​មក សូម​ឲ្យ​សិស្ស​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅ​ពេល​ពួកគេ​ឆ្លើយ សូម​គិត​ដល់​ការឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​មិត្ត​រួម​ថ្នាក់​នៅ​លើ​ក្ដារខៀន ។

សូម​ផ្ដោត​អារម្មណ៍​របស់​សិស្ស​ទៅ​លើ​វាក្យសព្ទ ការស្លាប់​ខាង​សាច់ឈាម និង ការស្លាប់​ខាង​វិញ្ញាណ នៅ ទំព័រ ៤៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សិស្ស​ទាំងអស់​ប្រហែល​ជា​នឹង​យល់​ថា ការស្លាប់​ខាង​សាច់ឈាម​សំដៅ​ទៅ​លើ​ការស្លាប់​នៃ​រូបកាយ​សាច់ឈាម ។ សូម​ជួយ​សិស្ស​យល់​ថា ការស្លាប់​ខាង​វិញ្ញាណ​សំដៅ​ទៅ​លើ​ការបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ ការស្លាប់​ទាំងពីរ​នេះ​គឺ​ជា​លទ្ធផល​មក​ពី​ការធ្លាក់​របស់​អ័ដាម ។ មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ទើប​យើង​អាច​យក​ឈ្នះ​លើ​ការស្លាប់​ទាំងពីរ​នេះ​បាន ។

អ្នក​អាច​ពង្រឹង​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការធ្លាក់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​តាមរយៈ ការបង្ហាញ​ប្រសាសន៍​ដកស្រង់​មក​ពី​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) រួច​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅ​ពេល​អ័ដាម​ត្រូវបាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​អេដែន ព្រះអម្ចាស់​បាន​ដាក់​ទោស​ដល់​លោក ។ មនុស្ស​ខ្លះ​បាន​មើល​ទៅ​ការដាក់​ទោស​នោះ ថា​ជា​ការប្រព្រឹត្ត​ដ៏​អាក្រក់ ។ វា​មិន​មែន​អញ្ជឹង​ទេ វា​គឺ​ជា​ពរជ័យ​ទៅ​វិញ ។ ខ្ញុំ​ពុំ​ដឹង​ទេ​ថា វា​អាច​ត្រូវបាន​ចាត់ទុក​ថា​ជា​ទណ្ឌកម្ម​ដែល​មើល​មិន​ឃើញ ។

« ដើម្បី​ឲ្យ​មនុស្ស​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង ការលើកតម្កើង វា​ចាំបាច់​សម្រាប់​ពួកគេ​ដែល​ត្រូវ​ទទួល​បាន​រូបកាយ​នៅ​លើ​ផែនដី​នេះ ហើយ​ឆ្លង​កាត់​បទពិសោធន៍ និង ការរៀនសូត្រ​ដែល​មាន​តែ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​នេះ​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង​គឺ ‹ ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស › [ ម៉ូសេ ១:៣៩ ] ។ ប្រសិនបើ​គ្មាន​ជីវិត​រមែងស្លាប់​ទេ ពរជ័យ​ដ៏​មហិមា​ពុំ​អាច​សម្រេច​បាន​ឡើយ ។ ហេតុដូច្នោះ​ហើយ ពិភពលោក​ត្រូវបាន​បង្កើត​ឡើង ហើយ​ដាក់​ឲ្យ​មាន​បុត្រាបុត្រី​ព្រះ​រស់នៅ​ទី​នោះ ហើយ​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ឯកសិទ្ធ​ដើម្បី​ឆ្លងកាត់​ជីវិត​រមែងស្លាប់ ជាមួយ​នឹង​អំណោយ​នៃ​សិទ្ធិជ្រើសរើស ។ ដោយសារ​អំណោយ​នេះ ពួកគេ​ជ្រើសរើស​ល្អ ឬ ជ្រើសរើស​អាក្រក់ ហើយ​ទទួល​បាន​រង្វាន់​ដែល​សម​នឹង​ទទួល​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច ។ ដោយសារ​តែ​អំពើរំលង​របស់​អ័ដាម យើង​មក​កើត​នៅ​ទី​នេះ​ក្នុង​ជីវិត​រមែងស្លាប់ ។ …

« ការធ្លាក់​នៃ​មនុស្ស​កើតឡើង​ជា​ពរជ័យ​ដែល​មិន​អាច​មើល​ឃើញ ហើយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ចម្រើន​គោលបំណង​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ភាពរីកចម្រើន​នៃ​មនុស្ស ដែល​មិនមែន​ជា​មធ្យោបាយ​ដើម្បី​បង្អាក់​ដំណើរ​របស់​ពួកគេ​នោះ​ឡើយ » ( Doctrines of Salvation, comp. Bruce R. McConkie វ៉ុល ៣ [ ១៩៥៤–៥៦ ] ១:១១៣–១៤ ) ។

បន្ទាប់​មក សូម​សួរ ៖

  • ហេតុអ្វី​បាន​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ចាត់ទុក​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ? ( ការធ្លាក់​របស់​អ័ដាម និង អេវ៉ា បាន​អនុញ្ញាត​ឲ្យ​កូន​វិញ្ញាណ​របស់​ព្រះ​ទទួលបាន​រូបកាយ​ខាង​សាច់ឈាម ហើយ​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន ព្រមទាំង​ប្រែក្លាយ​ដូចជា​ទ្រង់ ) ។

សូម​ឲ្យ​សិស្ស​មើល​នៅ​ក្នុង ប្រអប់ « ការបង្រៀន​ពី​ការធ្លាក់ » នៅ​ទំព័រ ៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ការធ្លាក់​ជា​ពាក្យពេចន៍​ផ្ទាល់ខ្លួន ទៅ​កាន់​អ្នក​ដែល​អង្គុយ​ក្បែរ​ខ្លួន ។

ជីវិត​របស់​យើង​នៅ​លើ​ផែនដី

video​ iconសូម​បង្ហាញ​វីដេអូ « The Plan of Salvation » ( ៤:៣០ ) ឬ ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ប្រសាសន៍​ដកស្រង់​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ សូម​ឲ្យ​សិស្ស​ស្វែងរក​មុខងារ​ទាំង​បី ដែល​ជា​និមិត្តរូប​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ៖

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ផែនការ​នៃ​ការប្រោសលោះ ដែល​បាន​បែកចែក​ជា​បី​ផ្នែក អាច​ប្រដូច​ទៅ​នឹង​មុខងារ​ទាំងបី​ធំៗ ។ មុខងារ​ទី ១ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ‹ ជីវិត​មុន​ឆាកជីវិត​នេះ › ។ បទគម្ពីរ​ពិពណ៌នា​វា​ថា​ជា​សណ្ឋាន​ដើម ( សូម​មើល យូដាស ១:៦, អ័ប្រាហាំ ៣:២៦, ២៨ ) ។ មុខងារ​ទី ២ ចាប់​ពី​កំណើត​រហូត​ដល់​ពេល​ដំណើរ​រស់ឡើងវិញ គឺ​ជា ‹ សណ្ឋាន​ទី​ពីរ › ។ និង មុខងារ​ទី ៣ ត្រូវបាន​ហៅ​ថា ‹ ជីវិត​ក្រោយ​ពី​ស្លាប់ › ឬ ‹ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច › ។

« នៅ​ក្នុង​ជីវិត​រមែងស្លាប់ យើង​គឺ​ដូចជា​តួ​សម្ដែង​ដែល​ដើរ​ចូល​ទៅ​ក្នុង​រោង​ល្ខោន​នៅ​ចំ​ពេល​ដែល​វាំងនន​បើក​ឡើង​ក្នុង​ការសម្ដែង​ទី​ពីរ ។ យើង​បាន​ខកខាន​ការសម្ដែង​ទី ១ ។ ដំណើររឿង​មាន​នូវ​ផែនការ​អាក្រក់ និង តួ​អាក្រក់​ជា​ច្រើន​បូក​រួម​បញ្ចូល​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការពិបាក​ក្នុង​ការដឹង​ថា​នរណា​ទាក់ទង​ជាមួយ​នរណា ហើយ​អ្វី​ទាក់ទង​ជាមួយ​អ្វី នរណា​ជា​វីរជន និង នរណា​ជា​មនុស្ស​កំណាច ។ វា​កាន់តែ​មាន​ភាពសាំញ៉ាំ​ទៅ​ទៀត ព្រោះ​យើង​ពុំ​គ្រាន់តែ​ជា​អ្នក​ទស្សនា​នោះ​ទេ ដ្បិត​យើង​គឺ​ជា​តួអង្គ​ក្នុង​ល្ខោន នៅ​លើ​ឆាក និង រួម​ចំណែក​ក្នុង​រឿង​ទាំង​មូល !

« ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច ការចងចាំ​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ ដែល​ជា​មុខងារ​ទី ១ នោះ ត្រូវបាន​បិទបាំង​ដោយសារ​វាំងនន ។ ដោយសារ​តែ​យើង​បាន​ចូល​មក​ក្នុង​ជីវិត​រមែងស្លាប់​នៅ​ពេល​ដើម​ដំបូង​នៃ​មុខងារ​ទី ២ ដោយ​ពុំ​ចងចាំ​អំពី​មុខងារ​ទី ១ ទើប​នោះ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ថា​ហេតុអ្វី​បាន​ជា​មាន​ការលំបាក​ដើម្បី​យល់​ថា​អ្វី​កំពុង​កើតឡើង​នោះ ។ …

« ប្រសិនបើ​អ្នក​រំពឹង​ថា​នឹង​ជួប​តែ​ភាពងាយស្រួល និង​ភាពសុខសាន្ត ព្រមទាំង​ភាពសុខស្រួល​ក្នុង​មុខងារ​ទី ២ នោះ​អ្នក​នឹង​ពិតជា​បរាជ័យ​ជាក់​ជា​មិន​ខាន ។ អ្នក​នឹង​យល់​បន្តិចបន្តួច​អំពី​អ្វី​ដែល​កំពុង​កើតឡើង និង អំពី​មូលហេតុ​ដែល​អ្វី​ទាំងនោះ​ត្រូវបាន​ទុក​ឲ្យ​កើតឡើង ។

« ចូរ​ចងចាំ​អំពី​រឿង​នេះ ! សាច់រឿង ‹ ហើយ​ពួកគេ​ទាំងអស់គ្នា​បាន​រស់នៅ​ដោយ​សប្បាយ​រីករាយ​ជា​ដរាបតទៅ › គឺ​ពុំ​ដែល​បាន​សរសេរ​ជា​ផ្នែក​នៃ​មុខងារ​ទី​ពីរ​នេះ​ទេ ។ សាច់រឿង​នោះ​មាន​នៅ​ក្នុង​មុខងារ​ទី​បី គឺ​ពេល​ដែល​អាថ៌កំបាំង​ទាំងឡាយ​ត្រូវបាន​លាតត្រដាង ហើយ​អ្វី​គ្រប់​យ៉ាង​ត្រូវបាន​ដាក់​ឲ្យ​រៀបរយ ។ …

« មាន​អ្វី​មួយ​កើតឡើង​នៅ​ក្នុង​នាដកថា​ដ៏​អស្ចារ្យ​នេះ គឺ​ឈុតឆាក​រំជើបរំជួល​អស់​ពេល​ជា​យូរ​លង់​ណា​មក​ហើយ ។ វា​បង្ហាញ​ដោយ​សង្ខេប​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​មុខងារ​ទី ១—ដែល​ជា​ជីវិត​មុន​ឆាកជីវិត​នេះ ។ ទោះជា​ពុំ​មាន​សេចក្ដី​លម្អិត​ច្រើន​ក៏​ដោយ នាដកថា​ធ្វើ​ឲ្យ​យល់​ច្បាស់​អំពី​គោលបំណង​ទាំងស្រុង ហើយ​វា​បើក​បង្ហាញ​យ៉ាង​ពេញលេញ​អំពី​ផែនការ​ដែល​ជួយ​អ្នក​ដឹង​ថាតើ​ជីវិត​នេះ​គឺ​ដើម្បី​អ្វី ។

« អ្នក​គួរតែ​បាន​ដឹង​ហើយ​ថា នាដកថា​នោះ​គឺ​ជា​បទគម្ពីរ​ទាំងឡាយ—ដែល​ជា​វិវរណៈ ។ សូម​អាន​វា ។ សូម​សិក្សា​វា ។ វា​ប្រាប់​អ្នក​ថាតើ​មនុស្ស​ជា​នរណា ហេតុអ្វី​បាន​ជា​ព្រះ ‹ ទ្រង់​នឹក​រឭក​ដល់​គេ › និង ហេតុអ្វី​បាន​ជា​យើង​ត្រូវបាន​បង្កើត​ឡើង ‹ ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច › ក៏​បាន ‹ បំពាក់… ​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ › ( ទំនុក​ដំកើង ៨:៤–៥ ) ។

« ព្រះគម្ពីរ​ប្រាប់​អំពី​សេចក្ដីពិត ។ អ្នក​អាច​រៀន​ចេញ​ពី​ព្រះគម្ពីរ​អំពី​មុខងារ​ទាំងបី ដើម្បី​បាន​ការយល់ដឹង និង ការដឹកនាំ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ព្រះគម្ពីរ​បើក​សម្ដែង​ថា ‹ អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ជាមួយ​ព្រះវរបិតា​ដែរ ជា​អ្វី​ដែល​ជា​ព្រះវិញ្ញាណ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត

« ‹ ហើយ​សេចក្ដីពិត​គឺ​ជា​ការចេះដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ › ( គ. និង ស. ៩៣:២៣–២៤ ) » ( ប៊យដ៍ ឃេ ផាកកឺ « The Play and the Plan » [Church Educational System fireside ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ១៩៩៥ ] ទំព័រ ២–៣, si.lds.org ) ។

បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មុខងារ​ទាំង​បី​ធ្វើ​ជា​និមិត្តរូប​នៃ​ធាតុ​មួយ​ចំនួន ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​តាម​របៀប​ណា ?

  • យោង​តាម​ការប្រដូចនេះ ហេតុអ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ពិបាក​យល់​អំពី​គោលបំណង​នៃ​ជីវិត​លើ​ផែនដី ?

  • យោង​តាម​ការប្រដូចនេះ តើ​យើង​អាច​ស្វែងរក​នាដកថា​សម្រាប់​មុខងារ​ទាំង​បី​ធំៗ​នេះ​បាន​នៅ​ទី​ណា ?

  • តើ​ព្រះគម្ពីរ​អាច​ជួយ​បុត្រាបុត្រី​របស់​ព្រះ យល់​អំពី​គោលបំណង​ក្នុង​ផែនការ​របស់​ព្រះ​បាន​កាន់តែ​ច្បាស់​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ពួកគេ​ជួយ​សាសនាគន់ការី​ឲ្យ​យល់​អំពី​គោលបំណង​នៃ​ជីវិត​រមែងស្លាប់​នេះ​បាន​កាន់តែ​ច្បាស់ ហើយ​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ​ម្ដង​ទៀត ( សូម​មើល អាលម៉ា ១២:៣២–៣៤ ) ។ សូម​ឲ្យ​សិស្ស​បើក​ទៅ​ចំណុច​ក្រោម​ចំណងជើង « ជីវិត​របស់​យើង​នៅ​លើ​ផែនដី » នៅ​ទំព័រ ៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ ក្រោយពី​សិស្ស​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​អ្នក​អាច​ពន្យល់​អំពី​គោលបំណង​នៃ​ជីវិត​នេះ ក្នុង​មួយ ឬ ពីរ​ប្រយោគ​យ៉ាង​ដូចម្ដេច ?

សូម​ប្រាប់​សិស្ស​ថា វា​ចាំបាច់​ដែល​សាសនាគន់ការី​ត្រូវ​យល់​ថា​ការប្រុងប្រៀបខ្លួន​របស់​យើង​ដើម្បី​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ព្រះ​វិញ អាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​លើ​ផែនដី ។ ការសម្រេចចិត្ត​ដើម្បី​ដើរតាម​ព្រះបញ្ញត្តិ​របស់​ព្រះ អាច​ជួយ​យើង​ឲ្យ​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង ទោះជា​ការរំលង​ព្រះបញ្ញត្តិ​រារាំង​យើង​ពី​ការត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ទ្រង់​យ៉ាង​ណា​ក៏​ដោយ ។ សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

លទ្ធផល​នៃ​អំពើបាប ៖

បន្ទាប់មក សូម​សួរ ៖

  • តើ​អ្វី​ជា​លទ្ធផល​នៃ​អំពើបាប ? ( នៅ​ពេល​ចាំបាច់ សូម​លើក​ទឹកចិត្ត​សិស្ស​មើល​ក្នុង កថាខណ្ឌ​ទី​ពីរ​នៃ​ចំណុច « ជីវិត​របស់​យើង​នៅ​លើ​ផែនដី » នៅ​ទំព័រ ៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ ទោះបីជា​ពួកគេ​អាច​ប្រើ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរតែ​យល់​អំពី​សេចក្ដីពិត​ទាំងនេះ ៖ អំពើបាប​នាំ​ទៅ​រក​អពមង្គល ហើយ​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ខុសឆ្គង និង ភាពអាម៉ាស់ ។ វា​ធ្វើ​ឲ្យ​មិន​ស្អាតស្អំ ព្រមទាំង​មិន​សក្ដិសម​ដើម្បី​ចូល​ក្នុង​វត្តមាន​របស់​ព្រះ ។ អំពើបាប​រារាំង​យើង​មិន​ឲ្យ​ត្រឡប់​ទៅ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​វិញ​បាន​ឡើយ លើកលែង​តែ​យើង​ត្រូវបាន​អត់ទោស​ឲ្យ​ប៉ុណ្ណោះ ) ។

  • តើ​ការយល់ដឹង​អំពី​លទ្ធផល​នៃ​អំពើបាប នឹង​ជួយ​រៀបចំ​ខ្លួន​សាសនាគន់ការី​ឲ្យ​ទទួល​យក​សារលិខិត​នៃ​ដង្វាយធួន​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​សិស្ស​ថា នៅ​ក្នុង​ជីវិត​នេះ​យើង​ទាំងអស់​គ្នា​ជួប​ប្រទះ​នឹង​ការស្លាប់​ខាង​វិញ្ញាណ—មាន​ន័យ​ថា យើង​បែកចេញ​ពី​វត្តមាន​របស់​ព្រះ ។ សូម​សួរ​សិស្ស ៖

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជួយ​យើង​យកឈ្នះ​លើ​ការស្លាប់​ខាង​វិញ្ញាណ ហើយ​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ​បាន​យ៉ាង​ដូចម្ដេច ? ( នៅ​ពេល​សិស្ស​ឆ្លើយ អ្នក​អាច​ចង់​សួរ​ពួកគេ​ថាតើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពីធីបុណជ្រមុជទឹក​ដោយ​ការពន្លិច និង អំណោយ​ព្រះវិញ្ញាណបរិសុទ្ធ ជួយ​យើង​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​ប្រុងប្រៀប​ខ្លួន​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ​យ៉ាង​ដូចម្ដេច ) ។

វា​ចាំបាច់​ដែល​សិស្ស​ត្រូវបាន​ផ្ដល់​ឱកាស​ឲ្យ​អនុវត្ត​ការពន្យល់​អំពី​ធាតុ​ទាំងឡាយ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ដែល​មាន​នៅ​ក្នុង​មេរៀន​នេះ ។ ការធ្វើ​ដូចនេះ​ជួយ​ពួកគេ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​នឹង​បង្រៀន​សាសនាគន់ការី ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​ដៃគូ​ទាំងអស់ រៀបចំ​ខ្លួន​បង្រៀន​មេរៀន​រយៈ​ពេល​ប្រាំ​ទៅ​ដប់​នាទី​អំពី​គោលបំណង​នៃ​ជីវិត​លើ​ផែនដី ។ សូម​ឲ្យ​សិស្ស​ទៅ ទំព័រ ៤៩–៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួមទាំង​បទគម្ពីរ​ចេញ​ពី​ប្រអប់​ការសិក្សា​ព្រះគម្ពីរ ។ ប្រសិនប់​មាន​ពេល ពួកគេ​ក៏​អាច​សិក្សា ទំព័រ ២–៩ នៅ​ក្នុង​កូន​សៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ចំណងជើង​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ នៅ​ពេល​សិស្ស​រៀបចំ​ខ្លួន សូម​ដើរ​ចុះ​ឡើង ហើយ​ជួយ​ពួកគេ​រៀបចំ​ការពន្យល់​សាមញ្ញ និង សង្ខេប​មួយ​អំពី​ធាតុ​ទាំងឡាយ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ សូម​បញ្ជាក់​ម្ដង​ទៀត​ថា ការប្រើ​វគ្គ​បទគម្ពីរ​នៅ​ក្នុង​សារលិខិត​របស់​ពួកគេ និង ការថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​បង្រៀន​នោះ នឹង​បន្ថែម​អំណាច​ទៅ​លើ​មេរៀន​ដែល​ពួកគេ​បង្រៀន ។

ក្រោយ​ពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​រៀបចំ​ហើយ សូម​ចាត់តាំង​ដៃគូ​នីមួយៗ​ឲ្យ​បង្រៀន​ដៃគូ​ផ្សេង​ទៀត ។ បន្ទាប់​មក សូម​ផ្លាស់​វេន​ដើម្បី​ពួកគេ​ឲ្យ​ដៃគូ​នីមួយៗ​មាន​ឱកាស​បង្រៀន​ម្ដង​ម្នាក់ ។ នៅ​ពេល​ដៃគូ​នីមួយៗ​បញ្ចប់​ការបង្រៀន​របស់​ខ្លួន សូម​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​ខាង​ក្រោម​ជាមួយ​សិស្ស​ដែល​ពួកគេ​បាន​បង្រៀន ៖

  • តើ​អ្នក​បង្រៀន​បាន​ធ្វើ​បាន​ល្អ​អ្វី​ខ្លះ ?

  • តើ​វិធីសាស្ត្រ​ណា​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​ការបង្រៀន​មាន​អានុភាព​កាន់តែ​ខ្លាំង ?

បន្ទាប់​ពី​ដៃគូ​ទាំងអស់​បាន​មាន​ឱកាស​អនុវត្ត និង វាយតម្លៃ​គ្រប់​គ្នា​ហើយ​នោះ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ការយល់ដឹង​ចេញ​ពី​បទពិសោធន៍​របស់​ខ្លួន​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់ ។

សូម​បញ្ចប់​មេរៀន​ដោយ​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដាក់​នៅ​លើ​ក្ដារខៀន រួច​ឲ្យ​សិស្ស​ពិចារណា​ថាតើ​គោលការណ៍​ទាំងនេះ​អាច​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ទៅ​បម្រើ​បេសកកម្ម​យ៉ាង​ដូចម្ដេច ៖

មនុស្ស​គ្រប់​រូប​ដែល​អ្នក​ជួប គឺ​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​ពួកគេ ។

មនុស្ស​គ្រប់​រូប​ដែល​អ្នក​ជួប រែក​បន្ទុក​នៃ​អពមង្គល​ដែល​កើតចេញ​ពី​អំពើបាប ដែល​មិន​បាន​ស្រាយ​តាម​រយៈ​ដង្វាយធួន​នៃ​ការសម្អាត​របស់​ព្រះគ្រីស្ទ​នៅ​ឡើយ ។

សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍ នៅ​ពេល​ពួកគេ​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ។ សូម​ពិចារណា​ដល់​ការបញ្ចប់​មេរៀន​ដោយ​សួរ ថាតើ​មាន​សិស្ស​ណា​ម្នាក់​ចង់​ថ្លែង​ទីបន្ទាល់​ដល់​មិត្ត​រួម​ថ្នាក់ អំពី​គោលលទ្ធិ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែរ​ឬ​ទេ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ឲ្យ​សិស្ស​ពង្រឹង​ការយល់ដឹង​របស់​ខ្លួន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ពង្រីក​ជំនាញ​នៃ​ការបង្រៀន​របស់​ខ្លួន​ដោយ​ការជ្រើសរើស​ធ្វើតាម​សកម្មភាព​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ពេល​ចេញ​ពី​ថ្នាក់​រៀន ៖

  • សូម​រំឭក « និយមន័យ​សំខាន់ៗ » នៅ​ទំព័រ ៥៩–៦០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​អនុវត្ត​ពន្យល់​អំពី​វាក្យសព្ទ​នីមួយៗ​ជា​ពាក្យពេចន៍​ផ្ទាល់ខ្លួន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើ​សេចក្ដីថ្លែងការណ៍​នៃ​សេចក្ដីពិត​សាមញ្ញៗ ។

  • សូម​មើល​វគ្គបទគម្ពីរ ដែល​មាន​នៅ​ក្នុង​ប្រអប់​ការសិក្សា​ព្រះគម្ពីរ​នៅ​ទំព័រ ៤៩–៥០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ ឬ ពីរ​ដែល​អ្នក​ចង់​ប្រើ​ដើម្បី​បង្រៀន​ផ្នែក​ខុស​ផ្សេងៗ​គ្នា​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ រួច​គូសចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​ដល់​ការទន្ទេញ​វគ្គបទគម្ពីរ​ទាំងនេះ​មួយ ឬ ពីរ ។

  • សូម​បង្កើត​គម្រោង​សម្រាប់​ការបង្រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ សូម​គិត​ដល់​ការប្រើ​គំនិត​សម្រាប់​ផែនការ​មេរៀន​នៅ ទំព័រ ៥៥–៥៨ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទុក​ជា​សេចក្ដីយោង ។

  • សូម​គិត​អំពី​គ្រា​មួយ​នៅ​ពេល​ការយល់ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។ សូម​សង្ខេប​បទពិសោធន៍​នោះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ ចែកចាយ​ជាមួយ​មិត្តភក្ដិ​ម្នាក់ ។