៥
តើព្រះគម្ពីរមរមនមានតួនាទីយ៉ាងដូចម្ដេច ?
សេចក្ដីផ្ដើម
ព្រះគម្ពីរមរមនគឺជាភស្ដុតាងដ៏មានអានុភាពមួយអំពីទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ និង ជាតឹកតាងនៃការស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ វាឆ្លើយនឹង « សំណួរចេញពីព្រលឹង » ( សូមមើល ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៩ ) ដែលបុត្រាបុត្រីជាច្រើននាក់របស់ព្រះវរបិតាសួគ៌មាន អំពីជីវិតរបស់ពួកគេ ។ ផ្នែកដ៏សំខាន់មួយនៃការប្រែចិត្តជឿ គឺជាការទទួលបានសាក្សីពីព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះបន្ទូលប្រាប់ថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។ អ្នកដែលត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនា គួរតែសិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ មានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន ព្រមទាំងបង្កើនបទពិសោធន៍ក្នុងការចែកចាយទីបន្ទាល់នោះជាមួយមនុស្សទូទៅ ។
ការរៀបចំទុកជាមុន
-
សូមសិក្សា នីហ្វៃទី១ ១០:១៤, នីហ្វៃទី២ ៣:១២, នីហ្វៃទី៣ ១៦:៤–៥, ២០:១៣ ។
-
សូមសិក្សា « The Book of Mormon: A Witness with the Bible » Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ២៤–២៧ ។
-
សូមសិក្សា ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៣–៩ ។
-
សូមរៀបចំបង្ហាញវីដេអូ « The Book of Mormon—a Book from God » ( នាទីទី ១:៥៥ វីដេអូខ្លីចេញមកពីសុន្ទរកថារបស់អែលឌើរ ថាត អរ ខាលីស្ទើរ Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៤–៧៦ ដែលមាននៅលើគេហទំព័រ lds.org/media-library ។
-
សូមរៀបចំបង្ហាញវីដេអូ « A Book of Mormon Story » ( ៥:១៥ ) ដែលមាននៅលើគេហទំព័រ LDS.org ។
យោបល់សម្រាប់ការបង្រៀន
ព្រះគម្ពីរមរមនគឺជាភស្ដុតាងដ៏មានអានុភាពមួយនៃទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សមើលទៅព្រះគម្ពីរមរមនរបស់ពួកគេ ឬ លើកគម្ពីរមួយក្បាលលើកឡើងដើម្បីឲ្យពួកគេឃើញ ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
ប្រសិនបើអ្នកពុំដឹងអ្វីទាល់តែសោះអំពីព្រះគម្ពីរមរមន តើអ្នកនឹងដឹងអ្វីខ្លះ ចេញពីការគ្រាន់តែអានចំណងជើងតូច ( សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ) ?
-
តើអ្នកនឹងរំពឹងថា រកឃើញអ្វីខ្លះនៅក្នុងព្រះគម្ពីរនេះ ?
សូមឲ្យសិស្សបើកទៅទំព័រចំណងជើងលើព្រះគម្ពីរមរមន រួចអានកថាខណ្ឌទីពីរ ដោយយកចិត្តទុកដាក់លើអ្វីដែលអ្នកសរសេរព្រះគម្ពីរមរមនចង់បញ្ចុះបញ្ចូលមនុស្សឲ្យជឿ ។ បន្ទាប់មក សូមសួរ ៖
-
តើអ្នកសរសេរព្រះគម្ពីរមរមន ចង់បញ្ចុះបញ្ចូលមនុស្សឲ្យជឿទៅលើអ្វី ?
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ គោលបំណងចម្បងរបស់ព្រះគម្ពីរមរមន គឺដើម្បីបញ្ចុះបញ្ចូលមនុស្សលោកទាំងអស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
សូមឲ្យសិស្សម្នាក់ អានចំណុចក្រោមចំណងជើង « ព្រះគម្ពីរមរមនធ្វើទីបន្ទាល់អំពីព្រះគ្រីស្ទ » នៅទំព័រ ១០៧ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ខណៈពេលដែលសិស្សដទៃទៀតអានតាម ដោយស្វែងរករបៀបទាំងឡាយដែលព្រះគម្ពីរមរមនដើរតួជាសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់មក សួមសួរសិស្ស ៖
-
តើព្រះគម្ពីរមរមន ដើរតួជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើព្រះគម្ពីរមរមន បានពង្រឹងទីបន្ទាល់របស់អ្នក អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេចដែរ ?
សូមឲ្យសិស្សក្នុងថ្នាក់ចែកចាយជាមួយគ្នាទៅវិញទៅមក នូវទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះគម្ពីរមរមន បទពិសោធន៍របស់ពួកគេក្នុងការអាន និង អធិស្ឋានទូលសួរអំពីវា ឬ វគ្គបទគម្ពីរដែលពួកគេចូលចិត្តអំពីព្រះអង្គសង្គ្រោះ និង បេសកកម្មរបស់ទ្រង់ ។ សូមប្រាប់សិស្សថា កិច្ចការដ៏សំខាន់បំផុតមួយដែលពួកគេអាចធ្វើពីមុនចូល អិម.ធី.ស៊ី គឺត្រូវអានព្រះគម្ពីរមរមនឲ្យចប់ រួចអធិស្ឋានទូលសួរអំពីភាពពេញលេញនៃសេចក្ដីពិតរបស់វា ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមដំបូន្មានរបស់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលប្រាប់ដល់សមាជិកសាសនាចក្រ ឲ្យអានព្រះគម្ពីរមរមនរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ ។
ព្រះគម្ពីរប៊ីប និង ព្រះគម្ពីរមរមនគាំទ្រគ្នាទៅវិញទៅមក ។
សូមឲ្យសិស្សបើកទៅទំព័រ ១០៧ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សបីបួននាក់ ប្តូរវេនគ្នាអានឮៗនៅក្នុងចំណុចក្រោមចំណងជើង « ព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីប គាំទ្រគ្នាទៅវិញទៅមក » ។
បន្ទាប់មក សូមសួរ ៖
-
តើព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីប គាំទ្រគ្នាទៅវិញទៅមក តាមរបៀបណា ?
-
ហេតុអ្វីបានជាអ្នកផ្សព្វផ្សាយសាសនាគួរតែប្រើប្រាស់ទាំងព្រះគម្ពីរមរមនផង និង ព្រះគម្ពីរប៊ីបផង នៅពេលពួកគេជួយមនុស្សដទៃរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំង អំពីសេចក្ដីពិតដូចខាងក្រោម ៖ ព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីបធ្វើការរួមគ្នា ជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ និង ការបង្រៀនរបស់ទ្រង់ ) ។
ដើម្បីជួយសិស្សយល់អំពីបរិបទនេះ សូមឲ្យសិស្សម្នាក់អានឮៗនៅក្នុង នីហ្វៃទី២ ៣:១២ ។ សូមឲ្យសិស្សម្នាក់ទៀតអានឮៗនៅក្នុង អេសេគាល ៣៧:១៥–១៧ ។ សូមឲ្យសិស្សក្នុងថ្នាក់ទាំងអស់ ស្វែងរកឃ្លាទាំងឡាយដែលនិយាយអំពីព្រះគម្ពីរប៊ីប និង ឃ្លាទាំងឡាយដែលនិយាយអំពីព្រះគម្ពីរមរមន ។ ក្រោយពីសិស្សបានអានវគ្គបទគម្ពីរទាំងនេះហើយ សូមសួរសិស្សក្នុងថ្នាក់ទាំងអស់ ៖
-
តើបទគម្ពីរទាំងនេះ គាំទ្រដល់គំនិតចំពោះសាក្សីទាំងពីរយ៉ាងដូចម្ដេច ?
-
តើពរជ័យអ្វីខ្លះ ដែលបានសន្យាទុកជាលទ្ធផលដែលព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីបមានមកជាមួយគ្នា ?
ដើម្បីបង្ហាញបន្ថែមអំពីរបៀបដែលព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីប រួមគ្នាដើរតួជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមពីអែលឌើរ ថាត អរ ខាលីស្ទើរ នៃក្រុមចិតសិបនាក់ ឬ បង្ហាញ វីដេអូខ្លី អំពីប្រសាសន៍ដកស្រង់នោះ ។
« ហេតុអ្វីបានជាព្រះគម្ពីរមរមនចាំបាច់ដល់ម្ល៉េះ ទោះជាយើងមានព្រះគម្ពីរប៊ីប ដើម្បីបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទហើយនោះ ? តើអ្នកធ្លាប់ឆ្ងល់ថាតើហេតុអ្វីបានជាមាននិកាយគ្រឹស្តសាសនាជាច្រើនដល់ម្ល៉ឹង នៅលើពិភពលោកនាពេលសព្វថ្ងៃនេះ ទោះជាពួកគេប្រកាន់យកគោលលទ្ធិរបស់ខ្លួនចេញពីព្រះគម្ពីរប៊ីបតែមួយជាពិសេសនោះក្ដី ? នោះគឺបណ្ដាលមកពី ពួកគេបកស្រាយព្រះគម្ពីរប៊ីបតាមរបៀបដោយឡែកពីគ្នា ។ ប្រសិនបើពួកគេបកស្រាយព្រះគម្ពីរតាមរបៀបដូចៗគ្នានោះ ពួកគេនឹងជានិកាយសាសនាតែមួយហើយ ។ នេះមិនមែនជាស្ថានភាពដែលព្រះអម្ចាស់សព្វព្រះទ័យនោះទេ ដ្បិតសាវកប៉ុល បានប្រកាសថាមាន ‹ ព្រះអម្ចាស់តែមួយ សេចក្តីជំនឿតែមួយ បុណ្យជ្រមុជតែមួយ › ( អេភេសូរ ៤:៥ ) ។ ដើម្បីនាំឲ្យមានភាពតែមួយនេះកើតឡើងបាន ព្រះអម្ចាស់បានបង្កើតច្បាប់ដ៏ទេវភាពនៃសាក្សីភាពឡើង ។ ប៉ុល បានបង្រៀនថា ‹ គ្រប់ការទាំងអស់នឹងបានសម្រេច ដោយនូវមាត់ស្មរបន្ទាល់ពីរ ឬ បីនាក់ › (កូរិនថូស ទី២ ១៣:១ ) ។
« ព្រះគម្ពីរប៊ីបគឺជាសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយព្រះគម្ពីរមរមនគឺជាសាក្សីមួយទៀត ។ តើហេតុអ្វីសាក្សីទីពីរនេះ មានសារៈសំខាន់ខ្លាំងម្ល៉េះ ? ការបង្ហាញខាងក្រោមនេះអាចនឹងជួយបាន ៖ តើអ្នកអាចគូសបន្ទាត់ត្រង់បានប៉ុន្មាននៅតាមចំណុចតែមួយនៅលើក្រដាសមួយសន្លឹក ? ចម្លើយគឺមិនចេះចប់មិនចេះហើយ ។ សូមគិតមួយភ្លែតថា ចំណុចតែមួយនេះគឺតំណាងឲ្យព្រះគម្ពីរប៊ីប ហើយថា បន្ទាត់ត្រង់រាប់រយទាំងនោះដែលត្រូវបានគូសតាមចំណុចនេះ តំណាងឲ្យការបកស្រាយខុសៗគ្នាអំពីព្រះគម្ពីរប៊ីប ហើយថា ការបកស្រាយនីមួយៗតំណាងឲ្យនិកាយខុសៗគ្នា ។
« ប៉ុន្តែ តើមានអ្វីកើតឡើង ប្រសិនបើនៅលើក្រដាសមួយសន្លឹកនេះមាននូវចំណុចទីពីរទៀត ដែលតំណាងឲ្យព្រះគម្ពីរមរមននោះ ? តើអ្នកអាចគូសបន្ទាត់ត្រង់បានប៉ុន្មាននៅចន្លោះចំណុចយោងទាំងពីរនេះ ៖ ដែលជាព្រះគម្ពីរប៊ីប និង ព្រះគម្ពីរមរមន ? គូរបានតែមួយប៉ុណ្ណោះ ។ មានតែការបកស្រាយអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទមួយប៉ុណ្ណោះ ទើបធ្វើឲ្យទីបន្ទាល់នៃសាក្សីទាំងពីរនេះនៅតែបន្តមាន ។
« ព្រះគម្ពីរមរមនបានដើរតួម្តងហើយម្តងទៀតជាសាក្សីគាំទ្រ បញ្ជាក់ និង បង្រួបបង្រួមដល់គោលលទ្ធិទាំងឡាយដែលត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ប្រយោជន៍ឲ្យមាន ‹ ព្រះអម្ចាស់តែមួយ សេចក្តីជំនឿតែមួយ បុណ្យជ្រមុជតែមួយ › បាន » ( « The Book of Mormon—a Book from God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៥ ) ។
បន្ទាប់ពីបានបង្ហាញវីដេអូ ឬ អានប្រសាសន៍ដកស្រង់នេះហើយ សូមសួរ ៖
-
តើការមានសាក្សីជាព្រះគម្ពីរចំនួនពីរអំពីព្រះយេស៊ូវគ្រីស្ទ មានគុណតម្លៃដូចម្ដេចដែរ ?
-
តើអ្នករៀនបានអ្វីខ្លះ ចេញពីសុន្ទរកថារបស់អែលឌើរ ខាលីស្ទើរ ដែលអាចជួយអ្នកក្នុងការបង្រៀនមនុស្សទូទៅអំពី របៀបដែលព្រះគម្ពីរមរមន និង ព្រះគម្ពីរប៊ីប ធ្វើការរួមគ្នា ។
តួនាទីរបស់ព្រះគម្ពីរមរមន នៅក្នុងការប្រមូលរាស្ត្រអ៊ីស្រាអែល
ដើម្បីផ្ដល់បរិបទនៅពេលអ្នកបង្រៀនគោលការណ៍បន្ទាប់ អ្នកអាចឲ្យសិស្សអានកថាខណ្ឌទីពីរម្ដងទៀតនៅទំព័រចំណងជើងព្រះគម្ពីរមរមន រួចគូសបន្ទាត់ពីក្រោម ឬ ផាត់ពណ៌លើសេចក្ដីសន្យាដែលប្រាប់ថាអ្នកអានអាច « យល់សេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ថា គេនឹងមិនត្រូវបោះបង់ចោលរហូតឡើយ » ។ សូមពន្យល់ថា កថាខណ្ឌនេះប្រាប់សេចក្ដីពិតដែលថា កូនចៅរបស់ព្រះនៅក្នុងវង្សអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយនោះ ត្រូវតែបានប្រមូលឡើងវិញ ។ សូមរំឭកសិស្សថា ព្រះបានធ្វើសេចក្ដីសញ្ញាកាលពីបូរាណជាមួយកូនចៅទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានធ្វើឲ្យសមាជិកនៅក្នុងវង្សអ៊ីស្រាអែលខ្ចាត់ខ្ចាយពាសពេញផ្ទៃផែនដី ដោយសារតែភាពទុច្ចរិត និង ការបះបោររបស់ពួកគេ ។
សូមចាត់សិស្សឲ្យអានវគ្គបទគម្ពីរមួយចេញពីវគ្គបទគម្ពីរខាងក្រោម រួចស្វែងរករបៀបដែលកូនចៅរបស់ព្រះត្រូវបានប្រមូលឡើងវិញ ៖ នីហ្វៃទី១ ១០:១៤, នីហ្វៃទី៣ ១៦:៤–៥ ឬ នីហ្វៃទី៣ ២០:១៣ ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោម ដើម្បីជួយពួកគេស្វែងរកគោលការណ៍ដែលមានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនេះ ៖
-
ស្របតាមវគ្គបទគម្ពីរទាំងនេះ តើអ្វីដែលត្រូវតែកើតឡើងចំពោះបុគ្គលទាំងឡាយ ដើម្បីត្រូវបានប្រមូលឡើងវិញជាសមាជិកក្នុងវង្សអ៊ីស្រាអែល ? ( ពួកគេត្រូវតែប្រែចិត្តដើម្បីនាំឲ្យបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើនៅក្នុងដំណើរការនេះ តួនាទីរបស់ព្រះគម្ពីរមរមនគឺជាអ្វី ? ( ទោះជាសិស្សអាចនឹងផ្ដល់ចម្លើយផ្សេងគ្នា ពួកគេគួរតែបង្ហាញសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះគម្ពីរមរមនមានតួនាទីជាឧបករណ៍មួយ ដើម្បីជួយប្រមូលកូនចៅអ៊ីស្រាអែល ដោយជួយពួកគេឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីតួនាទីនៃព្រះគម្ពីរមរមននៅក្នុងការប្រមូលរាស្ត្រអ៊ីស្រាអែល ។
« ដរាបណាការប្រមូលរាស្ត្រអ៊ីស្រាអែលមានដំណើរការ ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរសំខាន់ជាងគេបំផុត ដែលធ្លាប់មាន ឬ ដែលនឹងមាន ។ ព្រះគម្ពីរនេះហើយ ដែលប្រមូលរាស្ត្រអ៊ីស្រាអែល និង ដែលបើកសម្ដែងគោលលទ្ធិនៃការប្រមូលនៅក្នុងភាពច្បាស់លាស់ និង ភាពពេញលេញរបស់វា ។ … វាគឺជាព្រះគម្ពីរមរមនដែលធ្វើឲ្យមនុស្សជឿលើដំណឹងល្អ ហើយចូលសាសនាចក្រ ហើយដោយសារយើងបានឃើញវាពីមុនមក នោះវាគឺជាអំណាចដែលនាំឲ្យមានការប្រមូលវង្សអ៊ីស្រាអែល » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥៥៤ ) ។
បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកផ្សព្វផ្សាយសាសនារួមចំណែក ក្នុងការប្រមូលវង្សអ៊ីស្រាអែលយ៉ាងដូចម្ដេច ? ( ដោយការជួយមនុស្សទូទៅសិក្សា ហើយយល់ព្រះគម្ពីរមរមន ដើម្បីឲ្យពួកគេអាចមករកព្រះគ្រីស្ទតាមរយៈសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក ពិធីបញ្ជាក់ និង ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ) ។
-
ហេតុអ្វីបានជាសំខាន់ដែលអ្នកផ្សព្វផ្សាយសាសនា ត្រូវប្រើប្រាស់ព្រះគម្ពីរមរមននៅពេលពួកគេជួយមនុស្សទូទៅឲ្យមករកព្រះគ្រីស្ទ ?
ការទទួលបានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន គឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រែចិត្ត
សូមឲ្យសិស្សអានឮៗចេញពីដំណើររឿងមួយនៅក្នុងជីវប្រវត្តិរបស់សាវក ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–១៨៥៧ ) ដែលលោកបានពិពណ៌នាអំពីបទពិសោធន៍របស់លោកនៅពេលអានព្រះគម្ពីរមរមនជាលើកទីមួយ ៖
« ខ្ញុំបានបើកមើលវាដោយមានចិត្តចង់ដឹងជាខ្លាំង ហើយបានអានទំព័រចំណងជើងនៃសៀវភៅនេះ ។ ក្រោយមក ខ្ញុំបានអានទីបន្ទាល់របស់សាក្សីមួយចំនួនដែលទាក់ទងទៅនឹងរបៀបដែលវាត្រូវបានចងក្រងឡើង និង បកប្រែ ។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមអានមាតិកាមួយវគ្គម្ដងៗ ។ ខ្ញុំបានអានពេញមួយថ្ងៃ ដោយមិនខ្វាយខ្វល់ពីការទទួលទានអាហារទៀតឡើយ ខ្ញុំពុំចង់បរិភោគអាហារទេ កាលរាត្រីចូលមកដល់ ការសម្រាន្តពុំសូវសំខាន់ដែរ ដ្បិតខ្ញុំចង់អានជាងការសម្រាន្តទៅទៀត ។
« នៅពេលខ្ញុំអាន ព្រះវិញ្ញាណនៃព្រះអម្ចាស់បានគង់សណ្ឋិតនៅលើខ្ញុំ ហើយខ្ញុំដឹង ហើយបានយល់ថា ព្រះគម្ពីរនេះគឺជាការពិត ដែលច្បាស់ ហើយជាក់ស្ដែង ដូចជាមនុស្សម្នាក់ដែលយល់ ហើយដឹងថា គាត់ពិតជាមានជីវិតដូច្នោះដែរ » ( Autobiography of Parley P. Pratt បានបោះពុម្ពដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ១៨៧៤ ] ទំព័រ ៣៨ ) ។
-
តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ បានមានអានុភាពយ៉ាងដូចម្ដេចទៅលើ ប៉ាលី ភី ប្រាត្ត នៅពេលលោកអានព្រះគម្ពីរមរមន ?
-
តើអ្នកអាចចែកចាយអំពីគ្រាមួយ ដែលព្រះវិញ្ញាណបានធ្វើឲ្យអ្នករំជួលចិត្តនៅពេលអ្នកអានបទគម្ពីរ ឬ វគ្គបទគម្ពីរពិសេសណាមួយនៅក្នុងព្រះគម្ពីរមរមនដែរឬទេ ?
សូមឲ្យសិស្សគូសបន្ទាត់ពីក្រោម ឬ ផាត់ពណ៌លើប្រយោគដូចខាងក្រោមនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៦ ៖ ព្រះគម្ពីរមរមនត្រូវបានប្រមូលផ្ដុំជាមួយនឹងព្រះវិញ្ញាណ គឺជាប្រភពដ៏មានឥទ្ធិពលបំផុតរបស់អ្នកនៅក្នុងការផ្លាស់សាសនា » ។ ដើម្បីជួយសិស្សយល់អំពីសេចក្ដីពិតនេះ សូមឲ្យពួកគេអានចំណុច « ព្រះគម្ពីរមរមននាំមនុស្សឲ្យខិតកាន់តែមកជិតព្រះ » នៅទំព័រ ១១០ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់មក សូមសួរ ៖
-
ស្របតាមចំណុចនេះនៅក្នុង ប្រកាសដំណឹងល្អរបស់យើង តើការណ៍ជាក់លាក់មួយចំនួនណាខ្លះ ដែលអាចកើតឡើងនៅពេលបុគ្គលម្នាក់ចាប់ផ្ដើមសិក្សាព្រះគម្ពីរមរមន ?
-
ហេតុអ្វីបានជាការជួយឲ្យសាសនាគន់ការីសិក្សា ហើយបង្កើនទីបន្ទាល់អំពីព្រះគម្ពីរមរមន គឺជាគោលបំណងមួយដ៏សំខាន់បំផុតរបស់អ្នកផ្សព្វផ្សាយសាសនា ?
សូមពន្យល់សិស្សក្នុងថ្នាក់ថា ពួកគេអាចជួយសាសនាគន់ការីឲ្យទទួលអារម្មណ៍ពីអំណាចនៃការប្រែចិត្តជឿលើព្រះគម្ពីរមរមន ដោយជួយសាសនាគន់ការីស្វែងរកចម្លើយដែលឆ្លើយនឹងសំណួរចាំបាច់ៗបំផុតនៃជីវិត នៅក្នុងទំព័រទាំងឡាយនៃព្រះគម្ពីរ ។ សូមឲ្យសិស្សពីរបីនាក់ដាក់វេនអានឮៗនៅក្នុងកថាខណ្ឌ និង សំណួរនានាដែលមាននៅលើ ទំព័រ ១០៩ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអត្ថន័យនៃឃ្លាថា « សំណួរខាងព្រលឹង » ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើឃ្លា « សំណួរខាងព្រលឹង » មានអត្ថន័យយ៉ាងណាចំពោះអ្នក ?
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនេះ ដាក់នៅលើក្ដារខៀន ៖
សូមពិភាក្សាអំពីសំណួរដូចខាងក្រោមជាមួយនឹងសិស្ស ៖
-
តើអ្នកនឹងប្រើប្រាស់ព្រះគម្ពីរមរមន ដើម្បីស្វែងរកចម្លើយចំពោះសំណួរខាងព្រលឹងយ៉ាងដូចម្ដេច ?
-
តើសំណួរខាងព្រលឹងណាខ្លះ ដែលអ្នកបានរកឃើញចម្លើយនៅក្នុងព្រះគម្ពីរមរមន ?
សូមគិតអំពីការផ្ដល់ការបង្ហាញខ្លីមួយដល់សិស្សក្នុងថ្នាក់ អំពីរបៀបប្រើប្រាស់ព្រះគម្ពីរមរមនដើម្បីស្វែងរកចម្លើយចំពោះសំណួរខាងព្រលឹង ? សូមជ្រើសរើសសំណួរមួយនៅក្នុងបញ្ជីនៅលើ ទំព័រ ១០៩ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ ការប្រើប្រាស់វគ្គបទគម្ពីរក្នុងព្រះគម្ពីរមរមនដែលភ្ជាប់មកជាមួយនឹងសំណួរ បង្ហាញអំពីរបៀបដែលព្រះគម្ពីរមរមនឆ្លើយតបនឹងសំណួរដែលអ្នកបានជ្រើសរើស ។ សូមគិតផងដែរអំពីការបង្ហាញអំពីរបៀបដែលការប្រើប្រាស់ Topical Guide, Bible Dictionary ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងឡាយ ។ សូមចែកចាយអារម្មណ៍របស់អ្នកជាមួយសិស្ស អំពីរបៀបដែលការប្រើប្រាស់ព្រះគម្ពីរមរមនក៏អាចជួយពួកគេ និង សាសនាគន់ការីរបស់ពួកគេឲ្យរកឃើញចម្លើយចំពោះសំណួររបស់ពួកគេដែរ ។
បន្ទាប់ពីបានបង្ហាញឧទាហរណ៍នេះដល់សិស្សហើយ សូមអញ្ជើញពួកគេឲ្យធ្វើតាមដំណើរការដូចគ្នានេះដែរ ។ សូមឲ្យពួកគេជ្រើសរើសសំណួរមួយចេញពីបញ្ជី រួចរំឭកវគ្គបទគម្ពីរដែលមានមកជាមួយនៅក្នុងព្រះគម្ពីរមរមន ដើម្បីស្វែងរកគោលលទ្ធិ ឬ គោលការណ៍ដែលឆ្លើយសំណួរនោះ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយដោយសង្ខេបអំពីអ្វីដែលពួកគេបានរកឃើញជាមួយនឹងសិស្សម្នាក់ទៀត ។ នៅពេលពួកគេបានបញ្ចប់កិច្ចការនេះហើយ សូមពិភាក្សាសំណួរដូចខាងក្រោម ៖
-
តើអ្នកផ្សព្វផ្សាយសាសនាអាចប្រើប្រាស់ព្រះគម្ពីរមរមន ដើម្បីជួយសាសនាគន់ការីស្វែងរកចម្លើយចំពោះសំណួរខាងព្រលឹងយ៉ាងដូចម្ដេច ?
ដើម្បីបង្ហាញបន្ថែមអំពីរបៀបដែលព្រះគម្ពីរមរមនឆ្លើយសំណួរខាងព្រលឹង សូមបង្ហាញវីដេអូ « A Book of Mormon Story » ។ សូមឲ្យសិស្សទស្សនាស្វែងរករបៀបដែលព្រះគម្ពីរមរមន បានឆ្លើយសំណួរមួយចំនួនរបស់បងប្រុស ឃុក ពីមុនគាត់បានចូលសាសនាចក្រ ។
បន្ទាប់ពីមើលវីដេអូហើយ អ្នកអាចសួរ ៖
-
តើមានសំណួរសំខាន់ៗណាខ្លះ ដែលត្រូវបានឆ្លើយចំពោះបងប្រុស ឃុក នៅពេលគាត់បានអានព្រះគម្ពីរមរមន ?
-
តើការស្វែងរកចម្លើយទាំងនេះ បានមានអានុភាពលើគាត់យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សពិចារណាអំពីសំណួរដ៏សំខាន់មួយដែលទាក់ទងនឹងដំណឹងល្អ ដែលពួកគេ ឬ មិត្តភក្ដិម្នាក់អាចឆ្លើយបាន ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងឆ្លើយសំណួរពួកគេតាមរយៈការសិក្សាព្រះគម្ពីរមរមន ។
ព្រះគម្ពីរមរមនបញ្ជាក់អំពីសេចក្ដីពិតនៃការស្ដារឡើងវិញ ។
សូមឲ្យសិស្សប្តូរវេនគ្នាអានឮៗ ក្នុងចំណុចមួយនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ក្រោមចំណងជើង « ព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង » ដែលចាប់ផ្ដើមនៅទំព័រ ១០៥ ហើយបន្តរហូតដល់តារាងនៅលើទំព័រ ១០៦ ។ នៅពេលពួកគេអាន សូមឲ្យពួកគេត្រិះរិះលើសេចក្ដីថ្លែងការណ៍របស់ យ៉ូសែប ស៊្មីធ អំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ។ បន្ទាប់មក សូមសួរ ៖
-
តើព្រះគម្ពីរមរមនធ្វើជា « មូលដ្ឋានគ្រឹះនៃទីបន្ទាល់ » តាមរបៀបណា ?
-
តើអ្នកគិតថាហេតុអ្វីបានជាបច្ចាមិត្ត ប្រឆាំងនឹងព្រះគម្ពីរមរមន ថែមទាំងព្យាយាមរារាំងមនុស្សមិនឲ្យអានវាទៀតផង ? ( ព្រោះវាគឺជាសិលាគ្រឹះនៃសាសនារបស់យើង ) ។
សូមពន្យល់ថា មានមនុស្សជាច្រើននៅលើពិភពលោកនេះ ដែលពិបាកនឹងជឿលើដំណើររឿងរបស់ យ៉ូសែប ស៊្មីធ និង ប្រភពដើមនៃព្រះគម្ពីរមរមន ។ អ្នកផ្សព្វផ្សាយសាសនាគួរតែត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយមន្ទិលសង្ស័យរបស់សាសនាគន់ការីទៅលើប្រភពដើមដ៏ទេវភាពនៃព្រះគម្ពីរមរមន ។
សូមអានរួមគ្នាជាមួយសិស្សក្នុងថ្នាក់ ត្រង់ចំណុចក្រោមចំណងជើង « ការប្រើប្រាស់ព្រះគម្ពីរមរមន ដើម្បីឆ្លើយតបចំពោះការជំទាស់ទាំងឡាយ » ដែលមាននៅក្នុង ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១១០–១១ ។ សូមឲ្យសិស្សស្វែងរកដំបូន្មានដែលនឹងជួយពួកគេពង្រឹងសេចក្ដីជំនឿសាសនាគន់ការី ដែលមានកង្វល់ ឬ មន្ទិលសង្ស័យ ។ សូមសួរសំណួរដូចខាងក្រោម ដើម្បីជួយសិស្សស្វែងរកគោលការណ៍មួយនៅក្នុងអំណានរបស់ពួកគេ ៖
-
យោងតាមប្រធាន ប៊ែនសឹន ហេតុអ្វីបានជាសំខាន់ចំពោះបុគ្គលម្នាក់ដែលមានកង្វល់អំពីជំនឿរបស់ពួកយើង ត្រូវដឹងថាតើព្រះគម្ពីរមរមនជាព្រះគម្ពីរពិតឬអត់នោះ ?
-
តើព្រះគម្ពីរមរមនអាចជួយបុគ្គលម្នាក់ដោះស្រាយកង្វល់ និង មន្ទិលសង្ស័យខាងវិញ្ញាណបានតាមរបៀបណាខ្លះ ?
ដើម្បីសង្ខេបគោលការណ៍ដែលសិស្សរកឃើញ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ ការទទួលបានទីបន្ទាល់ដែលថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត អាចជួយសាសនាគន់ការីយកឈ្នះលើកង្វល់ និង មន្ទិលសង្ស័យខាងវិញ្ញាណបាន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយឲ្យសិស្សបីបួននាក់អានមួយ ឬ ពីរកថាខណ្ឌឮៗ ៖
« រាល់ពេលដែលយើងលើកទឹកចិត្តមនុស្សទូទៅឲ្យអានព្រះគម្ពីរមរមន យើងធ្វើឲ្យពួកគេសប្បាយចិត្ត ។ ប្រសិនបើពួកគេអានវាដោយយកចិត្តទុកដាក់ និង ដោយមានបំណងប្រថា្នដ៏ស្មោះចង់ដឹងសេចក្ដីពិតនោះ ពួកគេនឹងដឹងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថាព្រះគម្ពីរនេះគឺជាព្រះគម្ពីរពិត ។
« ជំនឿស៊ប់មួយនឹងកើតចេញមកពីចំណេះដឹងនោះ អំពីសេចក្ដីពិតនៃការណ៍ដទៃជាច្រើន ។ ដ្បិតប្រសិនបើព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត នោះព្រះមានព្រះជន្មរស់នៅ ។ …
« ប្រសិនបើព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត នោះព្រះយេស៊ូវគឺពិតជាព្រះអង្គប្រោសលោះរបស់យើង ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ គោលបំណងដ៏ចម្បងនៃការរក្សាទុក និង ការលេចចេញមករបស់ព្រះគម្ពីរនេះ ដោយយោងតាមសេចក្ដីថ្លែងការណ៍របស់វាគឺ ‹ ដើម្បីបញ្ចុះបញ្ចូលសាសន៍យូដា និង សាសន៍ដទៃថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច ដែលបានបង្ហាញរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ › ។ ( ទំព័រចំណងជើងព្រះគម្ពីរមរមន ) ។ …
« ប្រសិនបើព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ដ្បិតលោកគឺជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ ក្នុងការនាំយកទីបន្ទាល់អំពីទេវភាពនៃព្រះអម្ចាស់របស់យើងនេះទៅកាន់ពន្លឺ ។ …
« ប្រសិនបើព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត នោះសាសនាចក្រគឺជាសាសនាចក្រពិត ដ្បិតនៅក្រោមសិទ្ធិអំណាចតែមួយដែលបញ្ជីដ៏ពិសិដ្ឋនេះបានចេញទៅកាន់ពន្លឺនោះ មានវត្តមាន ហើយបង្ហាញខ្លួនក្នុងចំណោមពួកយើងនាពេលបច្ចុប្បន្ននេះ ។ វាគឺជាការស្ដារឡើងវិញនៃសាសនាចក្រ ដែលបានបង្កើតឡើងដោយព្រះអង្គសង្គ្រោះនៅភីលីស្ទីន ។ វាគឺជាការស្ដារឡើងវិញនៃសាសនាចក្រ ដែលបានបង្កើតឡើងដោយព្រះអង្គសង្គ្រោះកាលទ្រង់បានយាងទៅឯទ្វីបនោះដូចបានចែងនៅក្នុងបញ្ជីដ៏ពិសិដ្ឋនេះ » ( « The Power of the Book of Mormon » Ensign ខែ មិថុនា ឆ្នាំ ១៩៨៨ ទំព័រ ៦ ) ។
សូមគិតពីការសួរសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីមានសារៈសំខាន់ចំពោះសាសនាគន់ការី អ្នកផ្សព្វផ្សាយសាសនា និង សមាជិក ដែលត្រូវមានទីបន្ទាល់អំពីព្រះគម្ពីរមរមន ?
-
តើភាពពេញលេញនៃសេចក្ដីពិតនៃព្រះគម្ពីរមរមន បញ្ជាក់ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះយ៉ាងដូចម្ដេច ? ( សូមមើល ម៉ាថាយ ៧:១៣-១៥ ) ។
-
តើទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន បានជួយបញ្ជាក់ដល់ដួងចិត្តរបស់អ្នកអំពីសារៈសំខាន់ដ៏នៅអស់កល្បជានិច្ចនៃការស្ដារឡើងវិញយ៉ាងដូចម្ដេច ?
សូមគិតដល់ការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកដែលថា ព្រះគម្ពីរមរមនគឺជាភស្ដុតាងចំពោះភាពពេញលេញនៃការស្ដារឡើងវិញ ។ សូមបញ្ចប់មេរៀនរបស់អ្នកដោយឲ្យសិស្សពីរបីនាក់ ចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះគម្ពីរមរមន រួចពន្យល់អំពីមូលហេតុដែលពួកគេមានចិត្តរំភើបក្នុងការជួយមនុស្សទូទៅអានព្រះគម្ពីរមរមន ហើយអធិស្ឋានទូលសួរអំពីវា ។
ការអញ្ជើញឲ្យអនុវត្ត
សូមរំឭកអ្នកដែលត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនាថា មធ្យោបាយដ៏ប្រពៃបំផុតក្នុងការត្រៀមខ្លួនចេញបម្រើបេសកកម្មពេញម៉ោង គឺត្រូវចាប់ផ្ដើមធ្វើកិច្ចការផ្សព្វផ្សាយសាសនាពេលឥឡូវនេះ ។ សូមឲ្យសិស្សក្នុងថ្នាក់ ដាក់គោលដៅផ្ទាល់ខ្លួនដើម្បីធ្វើកិច្ចការដូចខាងក្រោម ៖
-
អានព្រះគម្ពីរមរមនឲ្យចប់ ហើយអធិស្ឋានដើម្បីបានដឹងភាពពេញលេញនៃសេចក្ដីពិតរបស់វា ទោះជាពួកគេធ្លាប់ធ្វើដូចនេះកាលពីមុនហើយក៏ដោយ ។
-
បង្កើតទម្លាប់អានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ។
-
ណែនាំមនុស្សម្នាក់ឲ្យស្គាល់ព្រះគម្ពីរមរមននៅសប្ដាហ៍ក្រោយ ( ទោះជាជួបផ្ទាល់ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ) រួចអញ្ជើញពួកគេឲ្យអាន ហើយអធិស្ឋានទូលសួរអំពីវា ។