ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ៖ ការ​បង្រៀន​ដោយ​ព្រះវិញ្ញាណ


ការបង្រៀន​ដោយ​ព្រះវិញ្ញាណ

សេចក្ដីផ្ដើម

អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​យល់​ថា « កាល​ណា​មនុស្ស​ណាម្នាក់​និយាយ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ពាក្យ​ទាំងនោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​មនុស្ស » (នីហ្វៃទី ២ ៣៣:១ ) ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អាច​នាំ​ឲ្យ​មាន​ពរជ័យ​នៃ​ទីបន្ទាល់ និង ការប្រែចិត្តជឿ​ដល់​មនុស្ស​ម្នាក់​ទៀត​ដោយ​ខ្លួន​ពួកគេ​បាន​ឡើយ ទោះ​ជា​ពួកគេ​មាន​ជំនាញ ឬ មាន​បទពិសោធន៍​ច្រើន​យ៉ាង​ណា​ក្ដី ។ មាន​តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​មាន​ការប្រែចិត្តជឿ​ដ៏​ពិត​បាន ។ នៅ​ពេល​សាសនាគន់ការី​ទទួល​បាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​កំពុង​ធ្វើការ​ជាមួយ​ពួកគេ ឬ នៅ​ពេល​ពួកគេ​ឃើញ​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់ និង សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​ត្រូវបាន​ស្អាង​ឡើង ថែមទាំង​រឹងមាំ​ឡើង​ខាង​វិញ្ញាណ រីឯ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ក៏​កើនឡើង ហើយ​ពួកគេ​កាន់តែ​មាន​ការប្រែចិត្តជឿ ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ

videoiconសូម​ពន្យល់​សិស្ស​ថា ប្រធាន ព្រិកហាំ យ៉ង់ ធ្លាប់​បាន​មាន​ប្រសាសន៍​អំពី​ការប្រែចិត្តជឿ​របស់​លោក​លើ​ដំណឹងល្អ និង អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ជួយ​លោក​ឲ្យ​បង្កើន​ទីបន្ទាល់ ។ បន្ទាប់​មក សូម​បង្ហាញ​វីដេអូ « A Man without Eloquence » ( នាទី​ទី ៦:០៦ ) ។ សូម​ឲ្យ​សិស្ស​យក​ចិត្ត​ទុកដាក់​ទៅ​លើ​របៀប​ដែល​ព្រះវិញ្ញាណ​បាន​មាន​អានុភាព​លើ​ប្រធាន ព្រិកហាំ យ៉ង់ ហើយ​បាន​ជួយ​លោក​ឲ្យ​មាន​ការប្រែចិត្តជឿ ។

បន្ទាប់ពី​សិស្ស​បាន​មើល​វីដេអូ​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការស្ដាប់​ឮ​បុរស​ដ៏​រាបសា​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន បាន​ជួយ ព្រិកហាំ យ៉ង់ មាន​ការប្រែចិត្តជឿ​ដ៏​ពិត​ប្រាកដ​យ៉ាង​ដូចម្ដេច ?

  • ចេញ​ពី​បទពិសោធន៍​របស់ ព្រិកហាំ យ៉ង់ តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​អំពី​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ទាំងនេះ ៖ ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​អាច​នាំ​មនុស្ស​ទូទៅ​ឲ្យ​ប្រែចិត្តជឿ នៅ​ពេល​យើង​បង្រៀន​ដោយ​ព្រះវិញ្ញាណ យើង​ត្រូវតែ​មាន​ចិត្ត​ស្មោះ ហើយ​ពោល​ពាក្យ​ចេញ​ពី​ដួងចិត្ត យើង​ត្រូវតែ​មាន​ចិត្ត​រាបសា [ សូម​មើល គ. និង ស. ១៣៦:៣៣ ] ) ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​បន្តិច​ដើម្បី​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៤, ៥០:១៣–១៤ និង ១៧–២៣ ដោយ​ស្វែងរក​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ទៅ​ដល់​អ្នក​ដែល​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ បន្ទាប់​មក សូម​សួរ ៖

  • តើ​គោលការណ៍​នៃ​ការបង្រៀន​ដំណឹងល្អ​ណា​ខ្លះ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ក្នុង​វិវរណៈ​នេះ ? ( ទាំងនេះ​គឺ​ជា​ចម្លើយ​ត្រឹមត្រូវ​បីបួន ដែល​សិស្ស​អាច​នឹង​ឆ្លើយ ។ ចម្លើយ​គួរតែ​រួមមាន​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថា ដំណឹងល្អ​ត្រូវតែ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ ហើយ​មិន​មែន​តាម​របៀប​ណា​ផ្សេង​ពី​នេះ​ឡើយ ) ។

  • ស្រប​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២២ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ដោយ​ព្រះវិញ្ញាណ ? ( ទាំង​អ្នក​ផ្សព្វផ្សាយ​សាសនា និង សាសនាគន់ការី « យល់​គ្នា​ទៅវិញ​ទៅមក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេក​អរ​ជាមួយ​គ្នា » ។ សូម​ស្រាយ​បំភ្លឺ​ដល់​សិស្ស​ថា ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​អាច​កើត​ឡើង​តែ​នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​វត្តមាន ហើយ​ត្រូវបាន​ទទួល​អារម្មណ៍​ដោយ​អ្នក​បង្រៀន អ្នក​រៀន ឬ ទាំង​ពីរ​នាក់​ប៉ុណ្ណោះ ។ សូម​គិត​អំពី​ការសរសេរ​គោលការណ៍នេះ នៅ​លើ​ក្ដារខៀន ) ។

សូម​រំឭក​សិស្ស​ថា វត្តមាន​របស់​ព្រះវិញ្ញាណ​ពុំ​តែងតែ​បង្ហាញ​តាមរយៈ​ការរំជួលចិត្ត ឬ ការស្រក់​ទឹកភ្នែក​នោះ​ទេ ។ បើ​ចាំបាច់ សូម​អាន​ឲ្យ​សិស្ស​ស្ដាប់ ​ប្រសាសន៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ខ្ញុំ​សូម​ដាស់តឿន​ទៅ​លើ​ប្រធានបទ​នេះ ។ … ខ្ញុំ​បាន​ព្រួយ​បារម្ភ នៅ​ពេល​វា​កើតឡើង​ថា ការរំជួលចិត្ត​ដ៏​ខ្លាំង ឬ ទឹកភ្នែក​ស្រក់​ដោយ​ឯកឯង​នោះ ត្រូវបាន​គិត​ថា​ជា​វត្តមាន​នៃ​ព្រះវិញ្ញាណ ។ ប្រាកដ​ណាស់​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​នាំ​ឲ្យ​មាន​អារម្មណ៍​រំជួល​ដ៏​ខ្លាំង រួមមាន​ទាំង​ការស្រក់​ទឹកភ្នែក ប៉ុន្តែ នោះ​ជា​ការបង្ហាញ​ខាង​ក្រៅ​ដែល​ពុំគួរ​ភាន់ច្រឡំ​នឹង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។

« អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​មើល​បងប្អូន​ប្រុស​របស់​ខ្ញុំ​ជាច្រើន ហើយ​យើង​បាន​ចែកចាយ​​បទពិសោធន៍​ដ៏​កម្រ ហើយ​មិន​អាច​ពិពណ៌នា​បាន​ដល់​គ្នា​ទៅវិញ​ទៅ​មក ។ បទពិសោធន៍​ទាំងនោះ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា បទពិសោធន៍​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ហើយ​គ្រា​ដ៏​ពិសិដ្ឋ​បែប​នេះ​អាច​មាន ឬ​គ្មាន​ការ​សម្រក់​ទឹក​ភ្នែក​ឡើយ ។ ជា​ញឹកញាប់​វា​មាន​​ការ​សម្រក់​ទឹក​ភ្នែក ប៉ុន្តែ​ពេល​ខ្លះ​វា​មាន​នូវ​ភាព​ស្ងប់ស្ងាត់​ទាំង​ស្រុង ។ ពេល​ខ្លះ​ទៀត វា​មាន​នូវ​អំណរ ។ វា​តែងតែ​មាន​នូវ​ការបង្ហាញ​ដ៏​អស្ចារ្យ​អំពី​សេចក្ដីពិត អំពី​វិវរណៈ​ទៅ​កាន់​ដួងចិត្ត » (« Eternal Investments » [address to Church Educational System religious educators ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ] ទំព័រ ៣, si.lds.org ) ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​អានុភាព​លើ​ទាំង​អ្នក​បង្រៀន និង អ្នក​រៀន នោះ​សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ឬ សរសេរ​នៅ​ក្រដាស​រួច​ចែក​ឲ្យ​ពួកគេ ។ ( កំណត់​ចំណាំ ៖ សូម​ផ្ដល់​ឲ្យ​សិស្ស​តែ​សេចក្ដីយោង​ប៉ុណ្ណោះ ពាក្យពេចន៍​នៅ​ក្នុង​វង់ក្រចក​គឺ​សម្រាប់​ជា​ជំនួយ​ដល់​គ្រូ ) ៖

សូម​ចាត់​ឲ្យ​សិស្ស​សិក្សា វគ្គ​បទគម្ពីរ​ទាំងនេះ​ជា​គូៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់​នៅ​ក្នុង​ដៃគូ​នីមួយៗ ស្វែងរក​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​អានុភាព​លើ​អ្នក​បង្រៀន ទន្ទឹម​នឹង​ពេល​ដែល​សិស្ស​ម្នាក់​ស្វែងរក​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​អានុភាព​លើ​បុគ្គល​ដែល​ជា​អ្នក​រៀន ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​ជាមួយ​គ្នា អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់​ដៃគូ​នីមួយៗ​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ​នោះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​ពួកគេ​វិភាគ​បន្ថែម​លើ​អ្វី​ដែល​ពួកគេ​បាន​អាន ៖

  • ស្រប​តាម​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា តើ​របៀប​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះវិញ្ញាណ​មាន​អានុភាព​លើ​ជន​ដែល​អ្នក​បង្រៀន ? ( នៅ​ពេល​សិស្ស​ឆ្លើយ អ្នក​អាច​សួរ​ថាតើ​ពួកគេ​បាន​រក​ឃើញ​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ណា​ខ្លះ ) ។

  • តើ​ព្រះវិញ្ញាណ​មាន​អានុភាព​លើ​មនុស្ស​ទូទៅ ឲ្យ​មាន​ការប្រែចិត្តជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា ?

  • តើ​វគ្គ​បទគម្ពីរ​ទាំងនេះ បង្ហាញ​​អំពី​មូលហេតុ​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ត្រូវ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

ការយាង​អញ្ជើញ​ព្រះវិញ្ញាណ នៅ​ពេល​អ្នក​បង្រៀន

សូម​ប្រាប់​សិស្ស​របស់​អ្នក​ថា ប្រកាស​ដំណឹងល្អ​របស់​យើង មាន​ចំណុច​មួយ​ចំនួន ដែល​ពន្យល់​អំពី​កិច្ចការ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​នៅ​ពេល​ពួកគេ​បង្រៀន ។ សូម​បំបែក​សិស្ស​របស់​អ្នក​ចេញ​ជា​ក្រុម​តូចៗ ដែល​មាន​សមាជិក​ក្រុម​មិន​លើស​ពី​បួន​នាក់​ឡើយ ។ សូម​ចាត់​ឲ្យ​ក្រុម​នីមួយៗ សិក្សា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ខាង​ក្រោម​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖

  1. « របៀប​ចាប់ផ្ដើម​ការបង្រៀន » ទំព័រ ១៨០–៨១ ( ដោយ​មិន​រាប់​បញ្ចូល​ប្រអប់​សកម្មភាព )

  2. « សម្របសម្រួល​ការបង្រៀន​របស់​អ្នក ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ » ទំព័រ ១៨១–៨២ ( ដោយ​មិន​រាប់​បញ្ចូល​ប្រអប់​សកម្មភាព និង ការសិក្សា​ព្រះគម្ពីរ )

  3. « បង្រៀន​ដើម្បី​ឲ្យ​មាន​ការយល់ដឹង » ទំព័រ ១៨៦–៨៧ ( ដោយ​មិន​រាប់​បញ្ចូល​ប្រអប់​ការសិក្សា​ព្រះគម្ពីរ )

  4. « ស្ដាប់ » ទំព័រ ១៨៩–៩០ ( ដោយ​មិន​រាប់​បញ្ចូល​ប្រអប់​សកម្មភាព )

សូម​សរសេរ​សេចក្ដី​ណែនាំ​ខាង​ក្រោម​នេះ ដាក់​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​ក្រុម​ទាំងអស់​ដឹង​អំពី​កិច្ចការ ដែល​ពួកគេ​ត្រូវ​ធ្វើ ៖

សូម​អាន​ចំណុច​របស់​អ្នក​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។

សូម​ពិភាក្សា​នៅ​ក្នុង​ក្រុម​របស់​អ្នក​ថាតើ​គោលការណ៍​ណា​ខ្លះ​ដែល​អ្នក​បាន​អាន ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ជា​អ្នក​បង្រៀន​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​មាន​ព្រះវិញ្ញាណ​គង់​ជាមួយ​នៅ​ពេល​ពួកគេ​បង្រៀន ។

បន្ទាប់​ពី​បាន​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​សង្ខេប​ថាតើ ជំនាញ​ដែល​ពួកគេ​បាន​អាន​នោះ អាច​រួម​ចំណែក​នៅ​ក្នុង​សមត្ថភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ។ សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ សរសេរ​សេចក្ដី​សង្ខេប​អំពី​ចំណុច​សំខាន់​នានា​នៅ​លើ​ក្ដារខៀន ។ នៅ​ពេល​ក្រុម​ទាំងអស់​សង្ខេប​គំនិត​របស់​ពួកគេ សូម​គិត​អំពី​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការចាប់ផ្ដើម​មេរៀន​ទៅ​តាម​របៀប​មួយ​ដ៏​ត្រឹមត្រូវ អាច​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​មេរៀន​យ៉ាង​ដូចម្ដេច ?

  • តើ​ការធ្វើ​ឲ្យ​សារលិខិត​នៃ​ដំណឹងល្អ​មាន​សភាព​សាមញ្ញ អាច​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន ហើយ​ស្អាង​សាសនាគន់ការី​យ៉ាង​ដូចម្ដេច ?

  • តើ​ការធ្វើ​ឲ្យ​មេរៀន​ផ្ដោត​សំខាន់​ទៅ​លើ​សេចក្ដី​ត្រូវការ​របស់​សាសនាគន់ការី អាច​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

  • តើ​ការស្ដាប់​អ្វី​ដែល​សាសនាគន់ការី​និយាយ រួម​ចំណែក​ក្នុង​សមត្ថភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

videoiconដើម្បី​ជួយ​សិស្ស​ឃើញ​ថាតើ​ជំនាញ​នៃ​ការបង្រៀន​ខាង​លើ​មាន​សភាព​ដូចម្ដេច​នោះ សូម​បង្ហាញ​វីដេអូ « Teach People, Not Lessons: Jynx » ( ៦:៣៤ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ភស្ដុតាង ដែល​បង្ហាញ​ថា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ សិស្ស​អាច​នឹង​មើល​ស្វែងរក របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រើ​ជំនាញ​នានា ដែល​សិស្ស​បាន​សិក្សា​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង និង របៀប​ដែល​ជំនាញ​ទាំងនេះ បាន​អញ្ជើញ​យាង​ព្រះវិញ្ញាណ​ទៅ​ក្នុង​ការបង្រៀន​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

បន្ទាប់​ពី​សិស្ស​បាន​មើល​វីដេអូ​រួច​ហើយ សូម​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ដូចម្ដេច​នៅ​ក្នុង​ការបង្រៀន​របស់​ខ្លួន ដែល​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បង្រៀន​ដោយ​ព្រះវិញ្ញាណ ?

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​បាន​ឃើញ ដែល​ថា​អ៊ំ​ស្រី ជីនស៍ បាន​រៀន​ដោយ​ព្រះវិញ្ញាណ ?

ពីមុន​បន្ត​មេរៀន​ទៅ​មុខ​ទៀត សូម​ឲ្យ​ពេល​សិស្ស​បន្តិច​ដើម្បី​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​នឹង​អនុវត្ត​គោលការណ៍ ដែល​យើង​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

ការជួយ​សាសនាគន់ការី​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ដាក់​វេន​គ្នា អាន​ឮៗ​នៅ​ក្នុង​ចំណុច « ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​ក្នុង​ការផ្លាស់គំនិត » នៅ​ទំព័រ ៩៤–៩៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ( ដោយ​មិន​រាប់​បញ្ចូល​ប្រអប់​សកម្មភាព និង ការសិក្សា​ព្រះគម្ពីរ ) ឡើយ ។ សូម​ឲ្យ​សិស្ស​ឯទៀតៗ​ក្នុង​ថ្នាក់​អាន​តាម ហើយ​គូសចំណាំ​ឃ្លា​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​សាសនាគន់ការី​ត្រូវតែ​ទទួល​អារម្មណ៍ ដើម្បី​ឲ្យ​មាន​ការប្រែចិត្តជឿ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​សាសនាគន់ការី​ត្រូវតែ​ទទួល​អារម្មណ៍​ដូចម្ដេច ដើម្បី​មាន​ការប្រែចិត្តជឿ ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​សាសនាគន់ការី​ទទួល​អារម្មណ៍​ថា​ព្រះវិញ្ញាណ​ធ្វើការ​ជាមួយ​ពួកគេ នោះ​ពួកគេ​នឹង​កាន់តែ​មាន​ការប្រែចិត្តជឿ​ទៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​អ្នក​អាច​ប្រាប់​បាន​ថា សាសនាគន់ការី​ម្នាក់​កំពុង​ទទួល​អារម្មណ៍​នៃ​អានុភាព​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​ដែល​អាច​ឆ្លើយ ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ​បរិសុទ្ធ សាសនាគន់ការី​មាន​អារម្មណ៍​ល្អ​ក្នុង​ការសួរ​សំណួរ ចង់​រៀន​បន្ថែម ព្រមទាំង​មាន​ឆន្ទៈ​ធ្វើ ហើយ​គោរព​តាម​ការតាំងចិត្ត មាន​ការយល់ដឹង ទទួល​បាន​អារម្មណ៍​នៃ​អំណរ និង មាន​ភាពជិតស្និទ្ធ​ទៅ​នឹង​ព្រះ និង មាន​មិត្តភាព​កាន់តែ​ស្អិត​រមួត​រវាង​អ្នក​ផ្សព្វផ្សាយ​សាសនា និង សាសនាគន់ការី ) ។

  • អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « បទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះវិញ្ញាណ កើតមាន​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​បុគ្គល​ម្នាក់​មាន​ឆន្ទៈ​ដកពិសោធន៍​លើ​ព្រះបន្ទូល » ( « Now Is the Time » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧៥ ) ។ តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ​អ្វី ដើម្បី​លើក​ទឹកចិត្ត​សាសនាគន់ការី​ឲ្យ​ដកពិសោធន៍​លើ​ព្រះបន្ទូល ?

សូម​ពន្យល់​សិស្ស​ថា កិច្ចការ​ដ៏​លំបាក​មួយ​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ត្រូវ​ជួយ​សាសនាគន់ការី​ស្គាល់​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ជួយ​ពួកគេ​ឲ្យ​ប្រព្រឹត្ត​តាម​គំនិត និង អារម្មណ៍​ទាំងនោះ ។ ដោយសារ​ការបំផុសគំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ដឹង​ថាតើ​ការបំផុសគំនិត​ខាង​វិញ្ញាណ​ណាមួយ ដែល​សាសនាគន់ការី​ត្រូវ​ទទួល​បាន​ដើម្បី​មាន​ការប្រែចិត្តជឿ ហើយ​ពួកគេ​អាច​សម្រួល​ឲ្យ​មាន​បរិយាកាស ដែល​ការបំផុសគំនិត​ប្រភេទ​នោះ​អាច​កើតឡើង​បាន ។

videoiconដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ការណ៍​នេះ​អាច​កើត​ឡើង​បាន សូម​បង្ហាញ​វីដេអូ « Teaching about the Holy Ghost and Prayer: John » ( ៥:០០ ) ។ សូម​ឲ្យ​សិស្ស​ស្វែងរក​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ជួយ ចន ឲ្យ​រៀន​ស្គាល់​ព្រះវិញ្ញាណ ។

បន្ទាប់​ពី​សិស្ស​បាន​មើល​វីដេអូ​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ជួយ ចន ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​តាម​របៀប​ណា ?

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ដូចម្ដេច​ដើម្បី​ជួយ ចន ដឹង​អំពី​របៀប​ទទួល​បាន​ចម្លើយ​ពី​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ រួច​ក្រោយ​មក​ឲ្យ​ពួកគេ​ពិភាក្សា​ជា​ដៃគូ អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • ប្រសិនបើ​សាសនាគន់ការី​បាន​សួរ​អ្នក ថាតើ​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​សភាព​ដូចម្ដេច​នោះ តើ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ​ជួយ​អ្នក​ក្នុង​ការឆ្លើយ​យ៉ាង​ដូចម្ដេច ?

ការប្រព្រឹត្ត​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ

សូម​បង្ហាញ​ប្រសាសន៍​ដកស្រង់​ខាងក្រោម រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ រីឆាត ជី ស្កត

« ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ពុំ​មែន​ជា​រឿង​ធម្មតា​នោះ​ទេ ។ វា​គឺ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ ។ វា​ផ្អែក​ទៅ​លើ​គោលការណ៍ ដែល​ពុំ​ផ្លាស់ប្ដូរ​ដ៏​អស់កល្ប​ជានិច្ច ។ យើង​ទទួល​បាន​ជំនួយ​ពី​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង​ជា​ការឆ្លើយ​តប​ដល់​សេចក្ដី​ជំនឿ ការគោរពប្រតិបត្តិ និង ការប្រើប្រាស់​សិទ្ធិជ្រើសរើស​ដ៏​ត្រឹមត្រូវ » ( រីឆាដ ជី ស្កត « How to Obtain Revelation and Inspiration for Your Personal Life » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៧ ) ។

បន្ទាប់​មក សូម​សួរ ៖

  • តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ក្លាយ​ជា​រឿង​ធម្មតា​តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​យើង​កាន់តែ​មាន​ន័យ ?

  • តើ​វា​មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក​ដែល​ថា « យើង​ទទួល​បាន​ជំនួយ​ពី​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង​ជា​ការឆ្លើយ​តប​ដល់​សេចក្ដី​ជំនឿ ការគោរពប្រតិបត្តិ និង ការប្រើប្រាស់​សិទ្ធិជ្រើសរើស​ដ៏​ត្រឹមត្រូវ » ? ( ទោះជា​សិស្ស​អាច​ឆ្លើយ​ខុស​គ្នា ក៏​ពួកគេ​អាច​នឹង​ឆ្លើយ​ស្រដៀង​ទៅ​នឹង​ចំណុច​ខាង​ក្រោម​ដែរ ៖ យើង​ទទួល​បាន​ជំនួយ​ពី​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង​នៅ​ពេល​យើង​បង្កើន​សេចក្ដី​ជំនឿ ការគោរពប្រតិបត្តិ និង ការប្រើប្រាស់​សិទ្ធិជ្រើសរើស​ដ៏​ត្រឹមត្រូវ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នេះ សូម​បង្ហាញ​ប្រសាសន៍​ដកស្រង់​ចំនួន​ពីរ​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ដល់​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ៖

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ដោយ​ស្រទន់ ដែល​បំផុសគំនិត​ឲ្យ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ឬ ថ្លែង​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ថ្លែង ឬ អាច​ដាស់តឿន ឬ ព្រមាន​ដល់​អ្នក ។

« នៅ​ពេល​អ្នក​បដិសេធ ឬ មិន​គោរពប្រតិបត្តិ​តាម​ការបំផុសគំនិត​ទាំងនេះ ព្រះវិញ្ញាណ​នឹង​ចេញ​ពី​អ្នក ។ វា​គឺ​ជា​ជម្រើស—ដែល​ជា​សិទ្ធិជ្រើសរើស​របស់​អ្នក » ( « Personal Revelation: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦០ ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ព្រះវិញ្ញាណ​ពុំ​ទាញ​ការយកចិត្ត​ទុកដាក់​របស់​យើង ដោយ​ការស្រែក ឬ​ចាប់​រលាក់​ដៃ​យើង​ធ្ងន់ៗ​នោះ​ទេ ។ តែ​ទ្រង់​ខ្សឹប​វិញ ។ ទ្រង់​បបោស​អង្អែល​ដោយ​ថ្មមៗ ដែល​ប្រសិនបើ​យើង​ខ្វល់​អំពល់ នោះ​យើង​ពុំ​អាច​ទទួល​អារម្មណ៍​ពី​ទ្រង់​សោះ​ឡើយ ។ …

« ពេល​ខ្លះ ទ្រង់​នឹង​ប៉ះ​ខ្លាំង​ល្មម​ដើម្បី​នឹង​ឲ្យ​យើង​ចាប់​អារម្មណ៍​ស្ដាប់ ។ តែ​ភាគ​ច្រើន​បំផុត ប្រសិនបើ​យើង​មិន​ស្ដាប់​ដល់​អារម្មណ៍​ដ៏​ស្រទន់​នោះ​ទេ ព្រះវិញ្ញាណ​នឹង​ចាកចេញ ហើយ​ចាំ​ទាល់តែ​យើង​មក​រក​ទ្រង់ ហើយ​ស្ដាប់​វិញ » (« The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ចេញ​ពី​ការបង្រៀន​នេះ​របស់​ប្រធាន ផាកកឺ ?

  • ដោយសារតែ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ដោយ​ស្រទន់ តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការស្ដាប់ ឬ ស្គាល់​ព្រះវិញ្ញាណ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ?

នៅ​ពេល​សិស្ស​ឆ្លើយ សូម​ពិចារណា​ដល់​ការពិភាក្សា​អំពី​របៀប​ដែល​ការប្រើ​ឧបករណ៍​ចល័ត​អេឡិចត្រូនិក​ហួស​ប្រមាណ អាច​នាំ​ឲ្យ​មាន​ការលំបាក​ក្នុង​ការស្គាល់​ព្រះវិញ្ញាណ ។ ( ដើម្បី​សិក្សា​បន្ថែម​អំពី​ប្រធានបទ​នេះ សូម​មើល អែលឌើរ អិម រ័សុល បាឡឺដ « Be Still, and Know That I Am God » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] ) ។

បន្ទាប់​មក សូម​ពិចារណា​ដល់​ការអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រីឆាត ជី ស្កត

« ការបន្ទាបខ្លួន គឺ​ចាំបាច់​ចំពោះ​តម្រូវការ​ឲ្យ​មាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ការបន្ទាបខ្លួន​គឺ​ជា​ការចុះចូល ។ ការបន្ទាបខ្លួន​អនុញ្ញាត​ឲ្យព្រះវិញ្ញាណ​ងាយ​អប់រំ​អ្នក ហើយ​ត្រូវបាន​បង្រៀន​ចេញ​ពី​ប្រភព​ដ៏​បំផុសគំនិត​ដោយ​ព្រះអម្ចាស់ ដូចជា​ព្រះគម្ពីរ​ជា​ដើម ។ គ្រាប់ពូជ​នៃ​ការរីកចម្រើន និង ការយល់ដឹង​ផ្ទាល់ខ្លួន ចេញ​ពន្លក ហើយ​ផ្ដល់​ផ្លែផ្កា​នៅ​ក្នុង​ដី​នៃ​ការបន្ទាបខ្លួន​ដ៏​មាន​ជីជាតិ ។ ផ្លែ​របស់​វា​គឺ​ជា​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ដឹកនាំ​អ្នក​នៅ​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

« បុគ្គល​ឆ្មើងឆ្មៃ ពុំ​អាច​ស្គាល់​កិច្ចការ​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​បាន​ឡើយ ។ ប៉ុល បាន​បង្រៀន​សេចក្ដីពិត​នេះ ដោយ​បាន​ថ្លែង ៖

« ‹ ហើយ​បើ​មិន​មែន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ ។ …

« ‹ ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ › ( កូរិនថូស ទី១ ២:១១, ១៤ ) » ( « Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៧ ) ។

  • តើ​ការបន្ទាបខ្លួន​ដើរតួ​យ៉ាង​ដូចម្ដេច ចំពោះ​លទ្ធភាព​របស់​យើង​ក្នុង​ការទទួលបាន និង ស្គាល់​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ ក្នុង​កាល​ដែល​អ្នក​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ? តើ​វា​មាន​សភាព​ដូចម្ដេច​ដែរ ? តើ​អ្នក​បាន​ដឹង​ថា នោះ​ជា​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច​ដែរ ? ( សូម​មើល មរ៉ូណៃ ៧:១៣ ) ។

ប្រសិនបើ​មាន​ពេល សូម​បែងចែក​សិស្ស​ទាំងអស់​ជា​ពីរ​ក្រុម ។ សូម​ពន្យល់​សិស្ស​របស់​អ្នក​ថា ពួកគេ​នឹង​ស្វែងរក​ករណី​សិក្សា​បទគម្ពីរ​ចំនួន​ពីរ ដើម្បី​ឃើញ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​របស់​អម្ចាស់​បាន​ដឹកនាំ​កិច្ចការ​នៃ​អ្នក​បម្រើ​ទ្រង់ ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​អាន កិច្ចការ ៤:៥–១៣ ។ សូម​ប្រាប់​ក្រុម​នេះ​ថា​នៅ​ក្នុង កិច្ចការ ៣ ពេត្រុស និង យ៉ូហាន​បាន​ព្យាបាល​បុរស​ម្នាក់ ។ នៅ​ក្នុង កិច្ចការ ៤ ពួក​លោក​ត្រូវ​គេ​ចាប់ខ្លួន ហើយ​នាំ​ទៅ​មុខ​ថ្នាក់​ដឹកនាំ​ពួក​យូដា ដើម្បី​សួរ​ចម្លើយ​អំពី​ការព្យាបាល​នោះ ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​ទៀត​សិក្សា កិច្ចការ ១៦:៦-១៥ ។ សូម​ប្រាប់​ក្រុម​នេះ​ថា ខគម្ពីរ​ទាំងនេះ​ប្រាប់​អំពី​ប៉ុល នៅ​អំឡុង​ដំណើរ​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោក ។ សូម​ចាត់​ឲ្យ​ក្រុម​ទាំង​ពីរ​ស្វែងរក​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ជួយ​ទាំង​ពេត្រុស និង ប៉ុល ក្នុង​ការប្រកាស​ដំណឹងល្អ ។ បន្ទាប់​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​ពេត្រុស និង ប៉ុល រៀងៗ​ខ្លួន ។ បន្ទាប់​មក សូម​សួរ ៖

  • តើ​ពេត្រុស និង ប៉ុល បាន​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្លួន ដើម្បី​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​បង្ហាញ​ថា ពេត្រុស និង ប៉ុល បាន​ធ្វើតាម​ព្រះវិញ្ញាណ ?

  • តើ​មាន​អ្វី​ពិសេស​បាន​កើតឡើង​ចំពោះ​ពេត្រុស​នៅ​ក្នុង កិច្ចការ ៤ និង​ចំពោះ ប៉ុល នៅ​ក្នុង កិច្ចការ ១៦ ដោយសារតែ​ពួកលោក​បាន​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​នោះ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ តាមរយៈ​ការធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ?

សូម​បញ្ចប់​មេរៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់ អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​របៀប​ដែល​ការរៀនសូត្រ​បន្ថែម​អំពី​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ បាន​មាន​អានុភាព​លើ​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការអញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​ទៅ​រក​ព្រះគ្រីស្ទ ។ សូម​អះអាង​ដល់​ពួកគេ​ថា នៅ​ពេល​ពួកគេ​ស្វែងរក​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ពួកគេ​នឹង​បង្កើន​សមត្ថភាព​ក្នុង​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ តាមរយៈ​ការធ្វើ​លំហាត់​មួយ ឬ ពីរ​ដូច​ខាង​ក្រោម ៖

  • សូម​ទស្សនា​វគ្គ​មួយ​ចំនួន​នៅ​ក្នុង​វីដេអូ The District ( ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ) នៅ​ពេល​អ្នក​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។

  • សូម​អនុវត្ត​របៀប​ផ្សេងៗ​គ្នា ដើម្បី​ចាប់ផ្ដើម​ការបង្រៀន​មេរៀន​មួយ​ដោយ​ប្រើប្រាស់​ឃ្លា​ពីរ​បី​ដ៏​មាន​អានុភាព​ក្នុង​ការអញ្ជើញ​ព្រះវិញ្ញាណ ដែល​មាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៨០–៨១ ។

  • សូម​ពិចារណា ហើយ​អធិស្ឋាន​អំពី​បុគ្គល​ម្នាក់ ដែល​អ្នក​ចង់​ជួយ​ឲ្យ​រឹងមាំ​នៅ​ក្នុង​ដំណឹងល្អ ។ សូម​អធិស្ឋាន​ទូល​សួរ​ថាតើ​សារលិខិត​នៃ​ដំណឹងល្អ​ណាមួយ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​បុគ្គល​នេះ ។ សូម​ចែកចាយ​សារលិខិត​នោះ រួច​ថ្លែង​ទីបន្ទាល់​ដល់​បុគ្គល​នោះ ទោះជា​ដោយ​ផ្ទាល់ ឬ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​ដោយ ។