៨
ការបង្រៀនសារលិខិតនៃការស្ដារឡើងវិញ ( ភាគ ២ )
សេចក្ដីផ្ដើម
សារលិខិតនៃការស្ដារឡើងវិញគឺស្ដីពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលរួមមានគោលលទ្ធិដ៏អស់កល្ប សិទ្ធអំណាចបព្វជិតភាព និង ពិធីបរិសុទ្ធទាំងឡាយនៃការសង្គ្រោះ ត្រូវបានស្ដារឡើងវិញនៅលើផែនដី តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ តាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ—ជាដំណឹងល្អតែមួយដែលបានបើកសម្ដែងនៅគ្រប់សម័យកាន់កាប់ត្រួតត្រា—នោះកូនចៅទាំងអស់របស់ព្រះអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា គួរតែយល់ឲ្យបានច្បាស់អំពីបរិបទនៃការក្បត់សាសនា និង ការស្ដារឡើងវិញ ហើយត្រៀមខ្លួនពន្យល់ដោយសាមញ្ញ ហើយថ្លែងទីបន្ទាល់អំពីវាដោយអំណាច ។
ការរៀបចំទុកជាមុន
-
សូមសិក្សា មរ៉ូណៃ ១០:៣–៥ និង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១–១៩ ។
-
សូមសិក្សា ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៣៦-៣៩ ។
-
សូមសិក្សា ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។
-
សូមរៀបចំបង្ហាញវីដេអូ « ‹Come, All Ye Sons of God› ភាគ ១ » ( ១:១៧ ) និង « ‹Come, All Ye Sons of God› ភាគ ២ »( ២:០០ វីដេអូខ្លីចេញពីសុន្ទរកថារបស់ប្រធាន ថូម៉ាស អេស ម៉នសុន Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦៦–៦៩ ) ដែលមាននៅលើគេហទំព័រ lds.org/media-library ។
-
សូមរៀបចំក្រដាសចែកដែលមានចំណងជើងថា « មូលដ្ឋានគ្រឹះដ៏អស្ចារ្យនៃសេចក្ដីជំនឿរបស់យើង » ដែលមាននៅចុងមេរៀននេះ ។
យោបល់សម្រាប់ការបង្រៀន
ការនិមិត្តរបស់ យ៉ូសែប ស្ម៊ីធ បានឃើញព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញ វីដេអូខ្លី ចេញពីសុន្ទរកថារបស់ប្រធាន ថូម៉ាស អេស ម៉នសុន « Come, All Ye Sons of God » ដែលប្រធាន ម៉នសុន បានចែកចាយអំពីបទពិសោធន៍នៃការប្រែចិត្តជឿរបស់ អែលមើរ ផូឡាត ៖
« នៅពេលខ្ញុំបម្រើជាប្រធានបេសកកម្មនៅប្រទេសកាណាដាជាង ៥០ ឆ្នាំមុន មានអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ដែលមកពីសហគមន៍ដ៏តូច ហើយនៅជាយក្រុងមួយ បានភ្ញាក់ផ្អើលនឹងទំហំទីកុ្រង តូរ៉ុនតូ ។ គាត់មានមាឌល្អិត ប៉ុន្តែគាត់មានទីបន្ទាល់ដ៏អស្ចារ្យ ។ មិនយូរប៉ុន្មានបន្ទាប់ពីគាត់បានមកដល់ ជាមួយនឹងដៃគូរបស់គាត់ គាត់បានទៅដល់ផ្ទះរបស់ អែលមើរ ផូឡាត នៅទីក្រុងអូសាវ៉ា រដ្ឋអនទែរីយ៉ូ ប្រទេសកាណាដា ។ ដោយមានអារម្មណ៍អាណិតយុវជនទាំងពីរនាក់នេះ ដែលបានដើរពីផ្ទះមួយទៅផ្ទះមួយនៅកណ្ដាលព្យុះព្រិល លោក ផូឡាត បានអញ្ជើញអ្នកផ្សព្វផ្សាយពីរនាក់នោះឲ្យចូលទៅក្នុងផ្ទះរបស់គាត់ ។ ពួកគេបានបង្រៀនសារលិខិតរបស់ខ្លួនដល់គាត់ ។ គាត់ពុំបានជឿលើសារលិខិតនោះទេ ។ កាលដល់ពេលហើយ គាត់បានសូមឲ្យពួកគេចាកចេញ ហើយកុំត្រឡប់មកទៀត ។ ពាក្យចុងក្រោយដែលគាត់បានថ្លែងទៅកាន់ពួកអែលឌើរ នៅពេលពួកគេចាកចេញពីរានហាលមុខផ្ទះរបស់គាត់នោះ គឺជាពាក្យចំអក ៖ ‹ អ្នកមិនអាចប្រាប់ខ្ញុំថា អ្នកពិតជាជឿថា យ៉ូសែប ស៊្មីធ ជាព្យាការីម្នាក់របស់ព្រះផងនោះទេ ! ›
« គាត់ក៏បានរុញទ្វារខ្ទប់ទៅ » ( « Come, All Ye Sons of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦៨ ) ។
បន្ទាប់ពីមើលវីដេអូរួច សូមសួរ ៖
-
ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នេះ តើអ្នកអាចមានគំនិត និង អារម្មណ៍បែបណា នៅពេលអ្នកបានចាកចេញពីផ្ទះរបស់លោក ផូឡាត ?
-
តើអ្នកអាចនឹងធ្វើអ្វីខ្លះនៅក្នុងស្ថានភាពនេះ ?
សូមបង្ហាញ វីដេអូខ្លី ទីពីរ ដែលមានភាគបន្តនៃរឿងរបស់ប្រធាន ម៉នសុន ៖
« ពួកអែលឌើរនោះបានដើរចេញទៅ ។ អ្នកផ្សព្វផ្សាយសាសនាដែលមកពីជនបទ បាននិយាយទៅកាន់ដៃគូរបស់ខ្លួន ៖ ‹ អែលឌើរ យើងពុំបានឆ្លើយតបនឹងសំណួររបស់លោក ផូឡាត នៅឡើយទេ ។ គាត់បានពោលថា យើងពុំជឿ យ៉ូសែប ស៊្មីធ ថាជាព្យាការីពិតនោះទេ ។ តោះចូរយើងត្រឡប់ទៅផ្ទះគាត់វិញ ហើយថ្លែងទីបន្ទាល់របស់យើងដល់គាត់ › ។ ដំបូងឡើយ អ្នកផ្សព្វផ្សាយសាសនាច្បងបានរារែក ប៉ុន្តែនៅទីបំផុតបានយល់ព្រមទៅជាមួយដៃគូរបស់គាត់ ។ កាលពួកគេបានដើរចូលទៅជិតទ្វារ ដែលពួកគេត្រូវបានបណ្ដេញចេញមកនោះ ពួកគេមានការភ័យខ្លាចជាខ្លាំង ។ ពួកគេបានគោះទ្វារ ប្រឈមមុខជាមួយលោក ផូឡាត ហើយបានឈប់បន្តិច ក្រោយមកដោយមានអំណាចចេញមកពីព្រះវិញ្ញាណ អ្នកផ្សព្វផ្សាយសាសនាច្បងបានថ្លែង ៖ ‹ លោក ផូឡាត លោកបាននិយាយថា យើងពុំបានជឿថា យ៉ូសែប ស៊្មីធ ពិតជាព្យាការីម្នាក់របស់ព្រះផងនោះទេ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់លោកថា យ៉ូសែប គឺជាព្យាការី ។ លោកពិតជាបានបកប្រែព្រះគម្ពីរមរមន ។ លោកបានឃើញព្រះជាព្រះវរបិតា និង ព្រះយេស៊ូវជាព្រះរាជបុត្រា ។ ខ្ញុំដឹងយ៉ាងដូច្នេះ › ។
« អស់មួយរយៈពេលក្រោយមក លោក ផូឡាត ដែលឥឡូវនេះជាបងប្រុស ផូឡាត បានឈរនៅក្នុងការប្រជុំបព្វជិតភាពមួយ ហើយបានប្រកាសថា ‹ ខ្ញុំដេកមិនលក់សោះនៅយប់នោះ ។ ខ្ញុំបានឮពាក្យសម្ដីនោះ នៅនឹងត្រចៀករបស់ខ្ញុំដដែលៗថា « យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ។ ខ្ញុំដឹងយ៉ាងដូច្នេះ ។ ខ្ញុំដឹងយ៉ាងដូច្នេះ ។ ខ្ញុំដឹងយ៉ាងដូច្នេះ » ។ ស្អែកឡើង ខ្ញុំបានទូរសព្ទទៅអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នោះ ហើយបានសុំឲ្យពួកគេត្រឡប់មកជួបខ្ញុំម្ដងទៀត ។ សារលិខិតរបស់ពួកគេ គួបផ្សំជាមួយទីបន្ទាល់របស់ពួកគេ បានផ្លាស់ប្ដូរជីវិតខ្ញុំ និង ជីវិតក្រុមគ្រួសារខ្ញុំ › » ( « Come, All Ye Sons of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦៨ ) ។
សូមសួរ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាទីបន្ទាល់របស់អ្នកផ្សព្វផ្សាយសាសនាអំពីព្យាការី យ៉ូសែប ស៊្មីធ មានអានុភាពយ៉ាងខ្លាំងទៅលើលោក ផូឡាត ?
សូមឲ្យសិស្សបើកទៅ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ នៅក្នុងព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ។ សូមឲ្យសិស្សម្នាក់អានខទី ៥–៦ ឮៗ រួចឲ្យសិស្សម្នាក់ទៀតអានខទី ៧–៩ ។ បន្ទាប់មក សួមសួរសិស្ស ៖
-
តើអ្នកអាចសង្ខេបខគម្ពីរទាំងនេះ ទៅជាមួយ ឬ ពីរប្រយោគថាយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១០ ឮៗ ។ នៅពេលខគម្ពីរនេះត្រូវបានអាន សូមឲ្យសិស្សពិចារណាថាតើការស្វែងយល់របស់ យ៉ូសែប ស៊្មីធ អំពីសេចក្ដីពិតខាងសាសនា មានសភាពស្រដៀងគ្នាទៅនឹងអ្វីដែលមនុស្សជាច្រើននឹងជួបប្រទះនៅក្នុងបេសកកម្មរបស់ពួកគេយ៉ាងដូចម្ដេច ។ បន្ទាប់មកសូមសួរ ៖
-
តើសំណួរណាខ្លះដែល យ៉ូសែប ស៊្មីធ ដ៏ក្មេងខ្ចី បានពុះពាររកចម្លើយ ?
-
តើអ្វីទៅដែលបានធ្វើឲ្យ យ៉ូសែប ពិបាកសម្រេចចិត្តថាតើត្រូវចូលសាសនាចក្រមួយណា ?
-
តើសំណួររបស់ យ៉ូសែប ស៊្មីធ មានសភាពស្រដៀងគ្នាទៅនឹងសំណួរដែលមនុស្សនៅលើពិភពលោកនៅសព្វថ្ងៃនេះមានយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១១–១៣ ឮៗ ។ បន្ទាប់មក សូមសួរ ៖
-
តើគោលការណ៍ណាខ្លះដែល យ៉ូសែប ស៊្មីធ បានរៀនអំពីរបៀបស្វែងរកសេចក្ដីពិតខាងវិញ្ញាណ ? ( ទោះបីជាពួកគេអាចប្រើសម្ដីខុសគ្នាមែន ក៏សិស្សគួរតែយល់អំពីគោលការណ៍នេះ ៖ យើងអាចស្គាល់សេចក្ដីពិតខាងវិញ្ញាណមកពីព្រះបាន ប្រសិនបើយើងអធិស្ឋានទៅរកទ្រង់ដើម្បីបានចម្លើយ ហើយមានឆន្ទៈប្រព្រឹត្តតាមសេចក្ដីពិតនោះ ) ។
-
តើអ្នកអាចប្រើគំរូរបស់ យ៉ូសែប ស៊្មីធ ដើម្បីជួយមនុស្សដទៃទៀតដែលមានបំណងចង់ស្វែងរកសេចក្ដីពិតខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤-១៩ ដោយស្ងៀមស្ងាត់ ។ នៅពេលពួកគេអាន សូមឲ្យពួកគេគិតអំពីអានុភាពដ៏អស់កល្បជានិច្ចដែលការនិមិត្តដំបូងបានមានចំពោះមនុស្សលោក និង ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ បន្ទាប់ពីពួកគេបានមានពេលស្ងប់ស្ងៀមបន្តិចដើម្បីអានហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអាចមានមូលហេតុមួយចំនួនណាខ្លះ ដែលធ្វើឲ្យបច្ចាមិត្តវាយប្រហារ យ៉ូសែប ស៊្មីធ ពីមុនព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ បានបង្ហាញអង្គទ្រង់មក ? ( បច្ចាមិត្តចង់រារាំង យ៉ូសែប ពីការស្គាល់សេចក្ដីពិត ហេតុដូច្នេះហើយ វានឹងរារាំងមិនឲ្យការស្ដារឡើងវិញអាចកើតឡើងបានឡើយ ) ។
-
តើការនិមិត្តដំបូងបានចាប់ផ្ដើម មានជ័យជម្នះលើផលវិបាកនៃការក្បត់សាសនាដ៏ធំតាមរបៀបណា ? ( សូមគូសបញ្ជាក់សេចក្ដីពិតនេះដល់សិស្ស ៖ តាមរយៈការនិមិត្តដំបូង ស្ថានសួគ៌បានបើកទ្វារម្ដងទៀត ហើយការស្ដារឡើងវិញក៏បានចាប់ផ្ដើម ។
-
តើសេចក្ដីពិតខាងគោលលទ្ធិណាខ្លះ ដែលអាចរៀនចេញពីការនិមិត្តដំបូង ? ( ព្រះវរបិតា និង ព្រះរាជបុត្រាគឺជាតួអង្គដោយឡែកពីគ្នា ស្ថានសួគ៌បានបើកទ្វារ យើងអាចទទួលបានវិវរណៈ ។ល។ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជា ប្រកាសដំណឹងល្អរបស់យើង ណែនាំអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនអំពីការនិមិត្តដំបូង អំឡុងមេរៀនដំបូងបំផុតរបស់ពួកគេជាមួយសាសនាគន់ការី ?
-
តើការរៀនអំពីការបង្ហាញព្រះកាយរបស់ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ អាចជួយសាសនាគន់ការីក្នុងការស្វែងរកសេចក្ដីពិតខាងវិញ្ញាណបានយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សពង្រឹងការយល់ដឹងអំពីសារៈសំខាន់នៃការនិមិត្តដំបូង សូមផ្ដល់ក្រដាសចែកដល់សិស្សក្រោមចំណងជើង « មូលដ្ឋានគ្រឹះដ៏អស្ចារ្យនៃសេចក្ដីជំនឿយើង » ដែលមានផ្នែកមួយនៃសុន្ទរកថាដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។
សូមឲ្យសិស្សម្នាក់អានឮៗ នូវកថាខណ្ឌបីដំបូង ៖ បន្ទាប់មក សូមសួរ ៖
-
ហេតុអ្វីបានជា « ភាពរឹងមាំទាំងស្រុង » នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅលើសុពលភាពនៃការនិមិត្តដំបូង ? ( សិស្សគួរតែយល់ថា ប្រសិនបើដំណើររឿងរបស់ យ៉ូសែប ស៊្មីធ អំពីការនិមិត្តដំបូងគឺជាការពិត នោះការអះអាងថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាសាសនាចក្រតែមួយគត់ ដែលមានការអនុញ្ញាត និង សិទ្ធិអំណាចពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទក៏ជារឿងពិតដែរ ) ។
-
យោងតាមប្រធាន ហ៊ិងគ្លី តើកិច្ចការរបស់ យ៉ូសែប ស៊្មីធ មានសភាពខុសគ្នាពីកិច្ចការដែលត្រូវបានធ្វើដោយថ្នាក់ដឹកនាំសាសនាពីមុនៗ ដែលបានបង្កើតរបៀបថ្វាយបង្គំ និង ការបង្រៀនគោលលទ្ធិយ៉ាងដូចម្ដេច ?
សូមផ្ដល់ពេលវេលាពីរបីនាទីឲ្យសិស្សអានដោយស្ងៀមស្ងាត់នៅលើក្រដាសចែករហូតដល់ចប់ ។ នៅពេលពួកគេអាន សូមលើកទឹកចិត្តពួកគេឲ្យគូសចំណាំពាក្យ ឃ្លា ឬ សេចក្ដីថ្លែងនានា ដែលពួកគេចាប់អារម្មណ៍ ។ បន្ទាប់ពីសិស្សបានអានចប់ហើយ សូមឲ្យពួកគេពីរបីនាក់ចែកចាយអំពីអ្វីដែលពួកគេបានគូសចំណាំ រួចពន្យល់អំពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះពួកគេ ។ សូមគិតដល់ការសួរសំណួរដូចខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាមនុស្សមួយចំនួនពិបាកនឹងទទួលស្គាល់សេចក្ដីពិតដ៏ពេញលេញនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ?
-
នៅពេលពិចារណាអំពីគោលការណ៍នានាដែលបានសិក្សានៅក្នុងមេរៀនមុនរបស់យើង តើការនិមិត្តដំបូងត្រូវគ្នាទៅនឹងបែបបទនៃសម័យកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្ដារឡើងវិញយ៉ាងដូចម្ដេច ? ( បន្ទាប់ពីរយៈពេលនៃការក្បត់សាសនា ការនិមិត្តដំបូងគឺជាដើមចមនៃការស្ដារឡើងវិញ និង សម័យកាន់កាប់ត្រួតត្រាថ្មីនៃដំណឹងល្អ ។ ដូចនៅក្នុងសម័យកាន់កាប់ត្រួតត្រាមុនៗដែរ ព្យាការីមួយរូបត្រូវបានហៅដោយព្រះឲ្យស្ដារសេចក្ដីពិតនៃដំណឹងល្អ និង សិទ្ធអំណាចបព្វជិតភាពឡើងវិញ ។ យ៉ូសែប ស៊្មីធ ត្រូវបានហៅឲ្យធ្វើជាព្យាការីសម្រាប់ « ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់ » [ អេភេសូរ ១:១០ ] ។ ការណ៍នេះមានន័យថា ដំណឹងល្អនឹងមិនត្រូវបាត់បង់ដោយសារការក្បត់សាសនាឡើយ ប៉ុន្តែនឹងស្ថិតស្ថេរនៅលើផែនដីដរាបដល់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ) ។
-
តើការជួយសាសនាគន់ការីឲ្យស្គាល់បែបបទព្រះគម្ពីរនៃការក្បត់សាសនា និង ការស្ដារឡើងវិញ អាចធ្វើឲ្យគេទទួលយកភាពពិតនៃការនិមិត្តដំបូង និង ការស្ដារឡើងវិញនៃដំណឹងល្អសម័យទំនើបនេះយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សបើកទៅ ទំព័រ ៣៧ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង រួចអានកថាខណ្ឌចំនួនបីចុងក្រោយនៅលើទំព័រនោះដោយស្ងៀមស្ងាត់ ដោយស្វែងរកការណ៍ដែលត្រូវបានស្ដារ ហើយស្ថាបនាឡើងវិញតាមរយៈការស្ដារឡើងវិញ ។ បន្ទាប់មក សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេរកឃើញ ។ អ្នកគួរធ្វើឲ្យប្រាកដថាសិស្សលើកឡើងអំពី (១) ការស្តារឡើងវិញនៃសិទ្ធិអំណាចបព្វជិតភាព កូនសោ និង ពិធីបរិសុទ្ធនានា (២) ការស្ថាបនាសាសនាចក្រនៃព្រះគ្រីស្ទឡើងវិញ (៣) ការហៅពួកសាវកដប់ពីរនាក់ (៤) ដើមចមនៃសម័យកាន់កាប់ត្រួតត្រាថ្មីនៃដំណឹងល្អ និង (៥) ការហៅព្យាការីដែលកំពុងរស់នៅ ។
ដើម្បីជួយសិស្សស្គាល់សេចក្ដីពិត និង សារៈសំខាន់នៃការនិមិត្តដំបូង និង ការស្តារឡើងវិញ សូមឲ្យសិស្សឆ្លើយសំណួរខាងក្រោម ៖
-
តើអ្នកបានទទួលទីបន្ទាល់អំពីភាពពិត និង សារៈសំខាន់នៃការនិមិត្តដំបូងតាមរបៀបណា ?
-
តើទីបន្ទាល់របស់អ្នកអំពីការនិមិត្តដំបូង បានមានឥទ្ធិពលលើជំនឿរបស់អ្នកទៅលើការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមសួរថាតើមានសិស្សណាម្នាក់ចង់ចែកចាយជាមួយមិត្តរួមថ្នាក់ នូវទីបន្ទាល់របស់ខ្លួនអំពីការនិមិត្តដំបូង ឬ ការស្តារឡើងវិញដែរឬទេ ។
សូមចែកសិស្សជាគូ ។ សូមបែងចែកសិស្សជាក្រុមតូចៗដែលមានសមាជិកបួននាក់ ( ពីរដៃគូក្នុងមួយក្រុម ) ។ សូមផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សរៀបចំអ្វីដែលពួកគេនឹងបង្រៀនដោយសង្ខេបរយៈពេលបីទៅបួននាទី អំពីការនិមិត្តដំបូង និង ការស្តារឡើងវិញ ។ សូមពន្យល់ថា ការបង្រៀនរបស់ពួកគេគួរតែសាមញ្ញ ហើយច្បាស់លាស់ ។ សូមឲ្យសិស្សរំឭកចំណុចនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៣៦–៣៧ ឬ នៅ ទំព័រ ១១ នៅក្នុងកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនាមានចំណងជើង ការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យប្រើពាក្យពេចន៍ផ្ទាល់ខ្លួន ដើម្បីពន្យល់អំពីបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ ( លើកលែងតែពេលពួកគេដកស្រង់ ឬ អានចេញពី យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៧ ) ។ សូមរំឭកឲ្យពួកគេបញ្ចប់ដោយថ្លែងទីបន្ទាល់របស់ខ្លួន ។ សូមចាត់ឲ្យដៃគូមួយក្នុងក្រុមនីមួយៗ បង្រៀនដៃគូមួយទៀត ។
នៅពេលសិស្សបានបញ្ចប់ការបង្រៀនរបស់ពួកគេហើយ សូមឲ្យក្រុមនីមួយៗពិភាក្សាក្នុងចំណោមពួកគេ អំពីអ្វីដែលបានដំណើរការទៅដោយរលូនអំឡុងពេលបង្រៀន និង របៀបដែលគ្រូអាចជួយឲ្យកាន់តែប្រសើរ ។
បន្ទាប់មក សូមប្ដូរតួនាទី ហើយអនុញ្ញាតឲ្យដៃគូមួយទៀតបង្រៀន ។ សូមប្រាកដថា មានពេលផ្ដល់មតិកែលម្អ ។ បន្ទាប់ពីដៃគូទាំងអស់បានមានឱកាសបង្រៀនគ្រប់គ្នាហើយនោះ សូមឲ្យសិស្សចែកចាយការយល់ដឹងចេញពីបទពិសោធន៍របស់ខ្លួនដល់សិស្សក្នុងថ្នាក់ ។
វាអាចនឹងមានប្រយោជន៍សម្រាប់សិស្សរបស់អ្នក ដែលត្រូវដឹងអំពីរបៀបឆ្លើយនឹងសំណួរពិបាកៗ អំពីដំណើររឿងផ្សេងៗនៃការនិមិត្តដំបូងដែលបានសរសេរដោយ យ៉ូសែប ស៊្មីធ ។ សូមពន្យល់ថា ដំណើររឿងនៃការនិមិត្តដំបូងដែលមាននៅក្នុង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ត្រូវបានសរសេរដោយព្យាការីក្នុងឆ្នាំ ១៨៣៨ ទុកជាប្រវត្តិជាផ្លូវការរបស់សាសនាចក្រ ដែលត្រូវបោះពុម្ពដល់ពិភពលោក ។ ដោយសារ យ៉ូសែប ស៊្មីធ បានកត់ត្រាបទពិសោធន៍របស់លោកច្រើនដង ទើបមានដំណើររឿងផ្សេងៗទៀតអំពីការនិមិត្តដំបូង ។ សូមពន្យល់សិស្សថា ដំណើររឿងនីមួយៗខុសគ្នាត្រង់ការគូសសម្គាល់ និង សេចក្ដីលម្អិតរបស់វា ។ មនុស្សខ្លះប្រកែកទាំងខុសថា ភាពផ្សេងៗគ្នានៅក្នុងការប្រាប់រឿងគឺជាភស្តុតាងអំពីការប្រឌិតរឿងនោះ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបុគ្គលម្នាក់ប្រាប់អំពីបទពិសោធន៍មួយឡើងវិញជាច្រើនដង ទៅដល់អ្នកស្តាប់ផ្សេងៗអស់ពេលជាច្រើនឆ្នាំ ដំណើររឿងនីមួយៗនឹងគូសបញ្ជាក់លក្ខណៈខុសគ្នាអំពីបទពិសោធន៍ និង ព័ត៌មានលម្អិតដែលមាន ។ ឧទាហរណ៍ ភាពខុសគ្នាទាំងឡាយដែលមានសភាពស្រដៀងគ្នាទៅនឹងភាពខុសគ្នានៅក្នុងដំណើរនៃការនិមិត្តដំបូងនោះ គឺមាននៅក្នុងដំណើររឿងរបស់ ប៉ុល នៅក្នុងការនិមិត្តរបស់លោកនៅតាមផ្លូវទៅកាន់ស្រុកដាម៉ាស ( សូមមើល កិច្ចការ ៩:៣–៩, ២២:៦–១១, ២៦:១២–១៨ ) ។
អញ្ជើញមនុស្សទូទៅឲ្យអានព្រះគម្ពីរមរមន
សូមចាប់ផ្ដើមបង្កើតទំនាក់ទំនងទៅកាន់ផ្នែកនេះនៃមេរៀន ដោយឲ្យសិស្សម្នាក់អានឮៗនូវកថាខណ្ឌពីរចុងក្រោយនៅក្នុងបុព្វកថានៃព្រះគម្ពីរមរមន ។ សូមឲ្យសិស្សស្វែងរកការសន្យានានាដែលបានផ្ដល់ឲ្យ ដល់អ្នកដែលបានជ្រើសរើសអានព្រះគម្ពីរមរមន ពិចារណា ហើយទូលសួរព្រះថាតើព្រះគម្ពីរនេះពិតដែរឬទេ ។ សូមឲ្យសិស្សចែកចាយអំពីអ្វីដែលពួកគេបានរកឃើញ ។
សូមឲ្យសិស្សបើកទៅទំព័រ ៣៨ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង រួចឲ្យសិស្សម្នាក់អានឮៗនូវកថាខណ្ឌទីមួយនៅក្នុង « ព្រះគម្ពីរមរមន ៖ សិក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ។ សូមជួយសិស្សស្វែងរកគោលលទ្ធិមួយ ដែលមានបង្រៀននៅក្នុងកថាខណ្ឌនេះដោយសួរ ៖
-
ហេតុអ្វីបានជាព្រះគម្ពីរមរមនគឺជាឧបករណ៍ដ៏មានតម្លៃ និង មានអានុភាពចំពោះអ្នកផ្សព្វផ្សាយសាសនា ? ( សូមជួយសិស្សឲ្យឃើញថា ព្រះគម្ពីរមរមនមាននូវដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច គឺជាភស្ដុតាងបញ្ចុះបញ្ចូលឲ្យជឿថា យ៉ូសែប ស៊្មីធ គឺជាព្យការីរបស់ព្រះ និង ជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល គ. និង ស. ២០:៨–១១ ) ។
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពីគោលលទ្ធិនេះ សូមសួរពីរបីសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាព្រះគម្ពីរមរមន គឺជាភស្ដុតាងបញ្ចុះបញ្ចូលឲ្យជឿថា យ៉ូសែប ស៊្មីធ គឺជាព្យការី ? ( ប្រសិនបើមនុស្សម្នាក់សន្និដ្ឋានថាព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត នោះពួកគេក៏ច្បាស់ជាសន្និដ្ឋានដែរថា យ៉ូសែប ស៊្មីធ បានធ្វើតាមការដឹកនាំពីព្រះដើម្បីរុករក ហើយបកប្រែវា ថែមទាំងជាព្យាការីទៀតផង ) ។
-
តើសាសនាគន់ការីមានពរយ៉ាងដូចម្ដេចនៅពេលពួកគេអានព្រះគម្ពីរមរមន ហើយទទួលបានសាក្សីថាវាគឺជាព្រះគម្ពីរពិតនោះ ? ( ពួកគេនឹងដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ហើយពួកគេនឹងត្រៀមខ្លួនទទួលស្គាល់ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយទទួលពិធីបរិសុទ្ធនានានៃការសង្គ្រោះ ) ។
សូមឲ្យសិស្សម្នាក់ទៀតអានឮៗនៅក្នុង មរ៉ូណៃ ១០:៣-៥ ។ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើជំហានណាខ្លះដែលបុគ្គលម្នាក់ត្រូវតែឈានទៅ ដើម្បីទទួលបានសាក្សីមួយថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ? ( ទោះបីជាពួកគេអាចប្រើសម្ដីខុសគ្នាមែន ក៏សិស្សគួរតែយល់អំពីគោលការណ៍នេះ ៖ នៅពេលយើងអាន ពិចារណា ហើយអធិស្ឋានដោយមានចិត្តស្មោះសអំពីព្រះគម្ពីរមរមន នោះព្រះនឹងត្រាស់សម្ដែងភាពពេញលេញនៃសេចក្ដីពិតដល់យើង តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើ « សួរដោយមានចិត្តស្មោះស » ( មរ៉ូណៃ ១០:៤ ) មានន័យដូចម្ដេច ? ( ការមានបំណងប្រាថ្នាដ៏ស្មោះដើម្បីទទួលបានចម្លើយមួយ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ និង ការតាំងចិត្តដើម្បីប្រព្រឹត្តតាមចម្លើយនោះ ) ។
ដើម្បីបង្ហាញអំពីមូលហេតុដែលវាសំខាន់ចំពោះសាសនាគន់ការី ដើម្បីអានព្រះគម្ពីរមរមន ហើយអធិស្ឋានដោយមានចិត្តស្មោះសអំពីភាពពេញលេញនៃសេចក្ដីពិតរបស់វា សូមបង្ហាញវីដេអូ « Invitation to Read the Book of Mormon: Jynx » ( ៨:០៦ ) ។
សូមបញ្ឈប់វីដេអូនៅត្រឹមនាទីទី ០:៥៥ រួចឲ្យសិស្សពិចារណាបន្តិចថាតើពួកគេមានគំនិត និង អារម្មណ៍បែបណាដែរ ប្រសិនបើពួកគេគឺជាអ្នកផ្សព្វផ្សាយម្នាក់ដែលបង្រៀន ជីងស៍ ។ សូមហៅសិស្សពីរបីនាក់ ឲ្យចែកចាយអ្វីដែលពួកគេនឹងនិយាយទៅកាន់គាត់ ។
នៅពេលបន្តបង្ហាញវីដេអូនោះ សូមគិតដល់ការឲ្យសិស្សពាក់កណ្ដាលថ្នាក់ទស្សនារកមូលហេតុដែលសាសនាគន់ការីត្រូវតែអាន ហើយអធិស្ឋានទូលសួរអំពីព្រះគម្ពីរមរមនដើម្បីទទួលបានសាក្សីអំពីភាពពោរពេញនៃសេចក្ដីពិតរបស់វា ។ ឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀត ទស្សនាស្វែងរកថាតើអ្នកផ្សព្វផ្សាយសាសនាបានថ្លែងយ៉ាងដូចម្ដេច ដែលបានជួយ ជីនស៍ ទទួលអារម្មណ៍ជំរុញចិត្តឲ្យអានព្រះគម្ពីរមរមន ។ បន្ទាប់ពីសិស្សបានមើលវីដេអូរួចហើយ សូមពិភាក្សាអំពីសំណួរខាងក្រោមជាមួយសិស្ស ៖
-
តើអ្នកផ្សព្វផ្សាយសាសនាបានថ្លែង ហើយធ្វើអ្វីខ្លះ ដើម្បីជំរុញចិត្ត ជីនស៍ ឲ្យអាន ហើយអធិស្ឋានទូលសួរអំពីព្រះគម្ពីរមរមន ?
-
តើអ្នកផ្សព្វផ្សាយសាសនាបានថ្លែង ហើយធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើសាក្សីអំពីពាក្យសម្ដីរបស់ពួកគេ ?
-
ហេតុអ្វីវាសំខាន់ដែលសាសនាគន់ការីត្រូវអាន ហើយអធិស្ឋានទូលសួរអំពីភាពពេញលេញនៃសេចក្ដីពិតនៃព្រះគម្ពីរមរមន ? ( សូមប្រាកដថាសិស្សយល់ថា វាពុំគ្រប់គ្រាន់ទេបើអ្នកផ្សព្វផ្សាយសាសនាគ្រាន់តែផ្ដល់ព្រះគម្ពីរមរមននោះ ។ តួនាទីរបស់អ្នកផ្សព្វផ្សាយសាសនាគឺដើម្បីជួយមនុស្សទូទៅ ទទួលអារម្មណ៍អំពីសារៈសំខាន់នៃការអាន និង ការអធិស្ឋានទូលសួរអំពីព្រះគម្ពីរមរមន ដើម្បីពួកគេអាចដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ហើយថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ ) ។
សូមពន្យល់ដល់សិស្សថា ឥឡូវនេះពួកគេនឹងមានឱកាសសម្ដែងក្នុងការអញ្ជើញមនុស្សម្នាក់ឲ្យអានព្រះគម្ពីរមរមន ។ សូមបង្ហាញអំពីរបៀបណែនាំព្រះគម្ពីរមរមន និង ការផ្ដល់ការអញ្ជើញឲ្យអាន ហើយអធិស្ឋានទូលសួរដើម្បីដឹងថាសារលិខិតរបស់វាគឺជាពិត ។ បន្ទាប់មកសូមចាត់សិស្សជាគូ ឬ គិតដល់ការប្រើការបង្រៀនមួយផ្សេងទៀតដែលបានណែនាំនៅក្នុង « សកម្មភាពបង្រៀន » នៅក្នុងបុព្វកថានៃសៀវភៅសិក្សានេះ ។
សូមផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សត្រៀមខ្លួន អញ្ជើញសាសនាគន់ការីឲ្យអានព្រះគម្ពីរមរមន ហើយអធិស្ឋានទូលសួរដើម្បីដឹងថាតើវាជាព្រះគម្ពីរពិតដែរឬទេ ។ សូមឲ្យសិស្សអាននៅក្នុងប្រអប់ក្រោមចំណងជើង « ប្រើព្រះគម្ពីរមរមនដើម្បីបញ្ជាក់សេចក្ដីពិតនៃការស្ដារឡើងវិញ » ដែលមាននៅផ្នែកខាងលើនៃទំព័រ ៣៩ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សិស្សក៏អាចប្រើ ទំព័រ ១៥ នៅក្នុងកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនាចំណងជើង ការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែរ ។ ពួកគេគួរតែបញ្ចប់សកម្មភាពអនុវត្តន៍នេះដោយការចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះគម្ពីរមរមន និងការអញ្ជើញឲ្យអាន ហើយអធិស្ឋានទូលសួរអំពីភាពពេញលេញនៃសេចក្ដីពិតរបស់វា ។
បន្ទាប់ពីសិស្សទាំងអស់បានមានឱកាសអនុវត្តចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះគម្ពីរមរមន ហើយអញ្ជើញឲ្យអាន និងអធិស្ឋានហើយ សូមឲ្យសិស្សចែកចាយការយល់ដឹងអំពីបទពិសោធន៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
នៅពេលអ្នកបញ្ចប់មេរៀន សូមរំឭកសិស្សអំពីពរជ័យនៃការអាន និង ការពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះគម្ពីរមរមនពីមុនចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ សូមសួរសិស្សថាតើមានពួកគេណាម្នាក់ ចង់ចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះគម្ពីរមរមនដែរឬទេ ។ សូមចែកចាយទីបន្ទាល់អំពីព្រះគម្ពីរមរមន រួចអះអាងដល់សិស្សថា ពួកគេនឹងរកឃើញអំណរ នៅពេលពួកគេអញ្ជើញមនុស្សទូទៅឲ្យអានសាក្សីដ៏មានអានុភាពអំពីព្រះយេស៊ូវគ្រីស្ទ ។
ការអញ្ជើញឲ្យអនុវត្ត
សូមលើកទឹកចិត្តសិស្ស ឲ្យអនុវត្តអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះនៅសប្ដាហ៍ក្រោយ ។ ពួកគេអាចគិតដល់ការធ្វើចំណុចខាងក្រោមនេះ ៖
-
អធិស្ឋានដើម្បីបានទីបន្ទាល់មួយដ៏រឹងមាំ អំពីការនិមិត្តដំបូង និង ភាពពេញលេញនៃសេចក្ដីពិតរបស់ព្រះគម្ពីរមរមន ។
-
សូមអានអត្ថបទ « First Vision Accounts » នៅក្នុង Gospel Topics មាននៅលើគេហទំព័រ lds.org/topics ។
-
ទន្ទេញដំណើររឿងការនិមិត្តដំបូងដែលមានកត់ត្រានៅក្នុង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៧ ។ ចែកចាយដំណើររឿងនោះជាមួយមិត្តភក្ដិ ឬ សមាជិកគ្រួសារ ហើយថ្លែងទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នោះ ។
-
អធិស្ឋានសុំជំនួយដើម្បីស្វែងរកនរណាម្នាក់ ដែលអ្នកអាចជូនព្រះគម្ពីរមរមន ។ ប្រព្រឹត្តតាមការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ។