ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២ ៖ តម្រូវការ​របស់​យើង​ឲ្យ​មាន​ដង្វាយធួន


តម្រូវការ​របស់​យើង​ឲ្យ​មាន​ដង្វាយធួន

សេចក្តីផ្ដើម

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ចំណុច​យ៉ាង​សំខាន់​ចំពោះ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​ព្រះរាជបំណង​របស់​ព្រះវរបិតា​ទ្រង់ តាម​រយៈ​ការប្រោសលោះ​យើង​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ដោយ​ការបំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌ ហើយ​លាង​សម្អាត​យើង​ចេញ​ពី​អំពើបាប​ផ្ទាល់ខ្លួន​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។ ព្រះអង្គសង្គ្រោះ​ក៏​សម្រាល​ពី​ជំងឺ​ទាំងឡាយ ប្រទាន​កម្លាំង​ឲ្យ​យើង​សម្រេច​បាន​អ្វីៗ​ដែល​យើង​ពុំ​មាន​លទ្ធភាព​ធ្វើ​ដោយ​ខ្លួន​យើង​បាន ហើយ​ប្រទាន​សេចក្ដី​សង្ឃឹម​ដល់​យើង​ថា យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់ និង ព្រះវរបិតាសួគ៌​វិញ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ដោយ ជួយ​មនុស្ស​ទូទៅ​រៀន​អំពី​របៀប​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក ពិធីបញ្ជាក់ និង ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

ការរៀបចំ​ទុក​ជា​មុន

  • សូម​សិក្សា​ចំណុច​ខាង​ក្រោម ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ដង្វាយធួន ៖ រ៉ូម ៣:២៣, នីហ្វៃទី២ ៩:៦–១០ និង អាលម៉ា ៤២:៩–១៤ ។

  • សូម​សិក្សា​ចំណុច​ខាង​ក្រោម ដើម្បី​ឃើញ​ថា​ពរជ័យ​មួយ​ចំនួន​មាន​តាមរយៈ​ដង្វាយធួន ៖ ម៉ូសាយ ៣:១៩, ៤:៣, ២៤:១២–១៥ និង អាលម៉ា ៥:១២–១៣, ៧:១១–១៣ ។

  • សូម​សិក្សា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ៨–១៥ ។

  • សូម​សិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ៥១–៥២ និង ៦០–៦១ ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « He Lives! All Glory to His Name! » ( នាទី​ទី ២:៥១ វីដេអូ​ខ្លី​ដកស្រង់​ចេញ​ពី​សុន្ទរកថា​របស់​អែលឌើរ រីឆាដ ជី ស្កត EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៥–៧៨ ) មាន​នៅ​លើ​គេហទំព័រ lds.org/media-library ។

យោបល់​សម្រាប់​ការបង្រៀន

មូលហេតុ​ដែល​យើង​ត្រូវការ​ដង្វាយធួន

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​សួរ​សិស្ស​ដូច​ខាង​ក្រោម ៖

  • តើ​មនុស្ស​អាច​យល់​ថា ពួកគេ​ត្រូវការ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ក្រោយ​មក សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« វា​ដូចជា​មនុស្ស​ម្នាក់​ដែល​មិន​ត្រូវការ​អាហារ រហូត​ដល់​គាត់​ឃ្លាន ដូច្នេះ​គាត់​ក៏​មិន​ត្រូវការ​សេចក្ដី​សង្គ្រោះ​ពី​ព្រះគ្រីស្ទ​ដែរ រហូត​ដល់​គាត់​ដឹង​អំពី​មូលហេតុ ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ ។

« គ្មាន​នរណា​ម្នាក់​ដឹង​បាន​គ្រប់គ្រាន់ និង ត្រឹម​ត្រូវ​ពី​មូលហេតុ​ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ​នោះ​ទេ រហូតដល់​គាត់​យល់ ហើយ​ទទួល​យក​គោលលទ្ធិ​នៃ​ការធ្លាក់ និង ឥទ្ធិពល​របស់​វា​មក​លើ​មនុស្ស​ជាតិ​ទាំងអស់ » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន A Witness and a Warning [ ឆ្នាំ ១៩៨៨ ] ទំព័រ ៣៣ ) ។

បន្ទាប់មក​សូម​សួរ ៖

  • នៅ​ពេល​យើង​ពិភាក្សា​អំពី​ការធ្លាក់​របស់​លោក​អ័ដាម តើ​យើង​សំដៅ​ទៅ​លើ​អ្វី ?

សូម​បង្ហាញ​ពាក្យ​ដកស្រង់​ខាងក្រោម រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ​ដល់​សិស្ស​ក្នុង​ថ្នាក់ ៖

« ពីព្រោះ​អ័ដាម និង អេវ៉ា … បាន​ទទួលទាន​ផ្លែឈើ​នៃ​ដើម​ដឹង​ខុស​ត្រូវ ពួកគេ​ត្រូវបាន​បណ្ដេញ​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ( សូម​មើល គ. និង ស. ២៩:៤០–៤១ ) ។ និយាយ​ម្យ៉ាង​ទៀត ពួកគាត់​បាន​ស្លាប់​ខាង​វិញ្ញាណ ។ ពួកគាត់​ក៏​ធ្លាក់​ខ្លួន​ក្នុង​ជីវិត​រមែងស្លាប់—ដែល​ត្រូវតែ​ស្លាប់​ខាង​រូបកាយ​ដែរ ។ សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​នេះ ត្រូវបាន​ហៅ​ថា ការធ្លាក់ ។ …

« ក្នុង​នាម​ជា​កូន​ចៅ​របស់​លោក​អ័ដាម និង នាង​អេវ៉ា នោះ​យើង​ទទួល​បាន​នូវ​ស្ថានភាព​នៃ​ការធ្លាក់​ក្នុង​ការ​រស់​រាន​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ( សូម​មើល អាលម៉ា ៤២:៥–៩, ១៤ ) ។ យើង​បាន​បែក​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ និង​ភ្លក់​សេចក្ដីស្លាប់​ខាង​សាច់ឈាម ។ យើង​ក៏​បាន​ដាក់​នៅ​ក្នុង​ស្ថានភាព​នៃ​ការផ្ទុយ ដែល​យើង​ទទួល​ការសាកល្បង​ដោយ​រង​នូវ​ការលំបាក​ក្នុង​ជីវិត និង ការល្បួង​នៃ​ពួក​បច្ចាមិត្ត ( សូម​មើល នីហ្វៃទី២ ២:១១–១៤, គ. និង ស. ២៩:៣៩, ម៉ូសេ ៦:៤៨–៤៩ ) » ( ពិត​ចំពោះ​សេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ៥៦ ) ។

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​គោលលទ្ធិ​នានា ដែល​បាន​បង្រៀន​នៅ​ក្នុង​ពាក្យ​ដកស្រង់​នេះ​ដោយ​សួរ ៖

  • តើ​ការធ្លាក់​នៃ​លោក​អ័ដាម មាន​ឥទ្ធិពល​លើ​យើង​ម្នាក់ៗ​ដែល​ជា​កូនចៅ​របស់​លោក​អ័ដាម និង នាង​អេវ៉ា​យ៉ាង​ដូចម្ដេច ? ( យើង​ក៏​ភ្លក់​ទាំង​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម​ផង និង ខាង​វិញ្ញាណ​ផង ដូចជា​លោក​អ័ដាម និង នាង​អេវ៉ា​ដែរ ។ យើង​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​ធ្លាក់ ហើយ​ត្រូវ​ទទួល​រង​ការលំបាក​ក្នុង​ជីវិត និង​ការល្បួង​នៃ​ពួក​បច្ចាមិត្ត ។ យើង​ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះវរបិតា ហើយ​ត្រូវការ​ជំនួយ​ឲ្យ​មាន​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ) ។

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន រួច​ផ្ដល់​ពេលវេលា​បីបួន​នាទី​ឲ្យ​សិស្ស​សិក្សា ៖

រ៉ូម ៣:២៣

នីហ្វៃទី២ ៩:៦-១០

អាលម៉ា ៤២:៩–១១, ១៤

នៅ​ពេល​ពួកគេ​សិក្សា សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ថាតើ​យើង​ម្នាក់ៗ ទទួល​ឥទ្ធិពល​ពី​ការធ្លាក់​នៃ​លោក​អ័ដាម​យ៉ាង​ដូចម្ដេច​ខ្លះ ។

  • តើ​បទគម្ពីរ​ទាំងនេះ ពន្យល់​អំពី​របៀប​ដែល​យើង​ម្នាក់ៗ ទទួល​ឥទ្ធិពល​ពី​ការធ្លាក់​នៃ​លោក​អ័ដាម​យ៉ាង​ដូចម្ដេច​ខ្លះ ? ( នៅ​ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ។ ទោះជា​ចម្លើយ​របស់​ពួកគេ​អាច​មាន​ច្រើន​ខុស​គ្នា ចម្លើយ​ទាំងនោះ​អាច​ស្រដៀង​ដូច​ខាង​ក្រោម ៖ យើង​ទាំងអស់​គ្នា​មាន​បាប ហើយ​ប្រែ​ជាមិន​ស្អាតស្អំ​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ដោយសារ​តែ​យើង​ប្រព្រឹត្ត​បាប យើង​ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ យើង​នឹង​ទទួល​បទពិសោធន៍​នៃ​សេចក្ដីស្លាប់​ខាង​សាច់ឈាម យើង​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​ធ្លាក់ ហើយ​ត្រូវតែ​យកឈ្នះ​លើ « មនុស្ស​ខាង​សាច់ឈាម » [ ម៉ូសេ ៣:១៩ ] ) ។

សូម​សួរ​សិស្ស​ថាតើ​​ពួកគេ​មាន​សំណួរ​អ្វី​ខ្លះ អំពី​គោលលទ្ធិ និង ពាក្យ​ទាំងឡាយ​ដែល​ពួកគេ​ឃើញ​មាន ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ពិភាក្សា​អំពី​សំណួរ​ទាំងនេះ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​បទគម្ពីរ​ទាំងនេះ ជួយ​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ​តាមរបៀប​ណា ? (ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រោសលោះ​យើង​ចេញ​ពី​ការធ្លាក់​នៃ​លោក​អ័ដាម និង ពី​ទង្វើ​នៃ​ការមិន​គោរពប្រតិបត្តិ​របស់​យើង ។

សូម​ពន្យល់​ថា ជា​ចំណែក​នៃ​ផែនការ​ដ៏​មេត្តាករុណា​របស់​ព្រះ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​ចៀស​ផុត​ពី « វិរូប » នៃ​សេចក្ដីស្លាប់ និង ស្ថាននរក ( សូម​មើល នីហ្វៃទី២ ៩:១០ ) មាន​ន័យ​ថា សេចក្ដីស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។ យើង​ទាំងអស់គ្នា​នឹង​រស់ឡើងវិញ ។ តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ នោះយើង​អាច​លាងជម្រះ​ស្អាត​ពី​អំពើបាប​ទាំងឡាយ​នៅ​ពេល​យើង​ប្រែចិត្ត ។ ប្រសិនបើ​គ្មាន​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ យើង​នឹង​ពុំ​គ្រាន់តែ​វិនាស​ឡើយ ប៉ុន្តែ​យើង​នឹង​ក្លាយ​ទៅ​ជា​អារក្ស​ពេញ​មួយ​ភាពអស់កល្ប​ជានិច្ច ។

សូម​ចែកចាយ​ទីបន្ទាល់​ខ្លីៗ អំពី​ព្រះ​បញ្ញា និង សេចក្ដី​មេត្តា​ករុណា​នៃ​ផែនការ​របស់​ព្រះ ។ សូម​អះអាង​ដល់​សិស្ស​ថា អស់​ទាំង​លទ្ធផល​នៃ​ការធ្លាក់ អាច​យក​ឈ្នះ​បាន​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សារៈសំខាន់​នៃ​ការបង្រៀន​អំពី​ដង្វាយធួន

video​​ iconសូម​ពិចារណា​អំពី​ការអាន ឬ បង្ហាញ វីដេអូ​ខ្លី នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​មូលហេតុដែល​វា​មាន​សារៈសំខាន់​ចំពោះ​យើង ដែល​ត្រូវ​បង្កើន​ការយល់ដឹង​អំពី​ដង្វាយធួន ។

អែលឌើរ រីឆាត ជី ស្កត

« នៅ​ពេល​អ្នក​ចងចាំ​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ និង តម្លៃ​ដែល​ត្រូវបាន​បង់ ព្រមទាំង​អំណោយ​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​នោះ សូម​ពិចារណា​អំពី​អ្វី​ដែល​បទគម្ពីរ​បង្រៀន​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​ទាំងនោះ ។ សាក្សី​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ភាពពិត​នៃ​ព្រឹត្តិការណ៍​ទាំងនោះ នឹង​បាន​រឹងមាំ​ឡើង ។ វា​ត្រូវតែ​លើស​ពី​ការគ្រាន់តែ​ជា​គោលការណ៍ ដែល​អ្នក​ទន្ទេញ​ចាំ​ទៅ​ទៀត ។ វា​ត្រូវតែ​ជា​ចំណែក​មួយ​នៅ​ក្នុង​ខ្លួន​របស់​អ្នក ដែល​ជា​កំពែង​ការពារ​ប្រឆាំង​នឹង​ការជន់ជោរ​ឡើង​នៃ​អំពើ​គួរខ្ពើមឆ្អើម ដែល​រាតត្បាត​ពិភពលោក​យើង​នេះ ។ …

« ប្រសិនបើ​ពុំ​មាន​ដង្វាយធួន​ទេ ផែនការ​សុភមង្គល​នៃ​ព្រះវរបិតាសួគ៌ ពុំ​អាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ។ ដង្វាយធួន​ផ្ដល់​ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា យក​ឈ្នះ​លើ​ផលវិបាក​នៃ​ទោស​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ជីវិត ។ នៅ​ពេល​យើង​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ នោះ​យើង​ទទួលបាន​ពរជ័យ ។ នៅ​ពេល​យើង​ល្មើស​នឹង​ក្រឹត្យវិន័យ ពុំ​មាន​អ្វី​សេសសល់​ពី​ការគោរពប្រតិបត្តិ​មុនៗ ដែល​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ចំពោះ​ក្រឹត្យវិន័យ​ដែល​បាន​ល្មើស​នោះ​ឡើយ ។ ដង្វាយធួន​របស់ព្រះអង្គ​សង្គ្រោះ អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត​ចេញ​ពី​ការមិនគោរពប្រតិបត្តិ ហេតុដូច្នេះ​យើង​អាច​ចៀស​ផុត​ពី​ទោស​ទាំងឡាយ ដែល​សេចក្ដីយុត្តិធម៌​តម្រូវ​ឲ្យ​មាន​នោះ ។

« គារវភាព និង កតវេទិតា​របស់​ខ្ញុំ​មាន​ចំពោះ​ដង្វាយធួន​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ជា​ម្ចាស់​នៃ​មេត្រីភាព និង ព្រះអង្គ​ប្រោសលោះ​របស់​យើង​នោះ រីក​ធំធាត់​ឡើង​នៅ​ពេល​ខ្ញុំ​ព្យាយាម​យល់​ពី​វា​កាន់តែ​ច្រើន ។ ខ្ញុំ​ទទួលស្គាល់​ថា គ្មាន​គំនិត​នៃ​មនុស្ស​ក្នុង​ជីវិត​រមែងស្លាប់​ណា​ម្នាក់​អាច​នឹក​ស្មាន​ដល់ ក៏​គ្មាន​អណ្ដាត​នៃ​មនុស្ស​ណា​ម្នាក់​ថ្លែង​ឲ្យ​បាន​សក្ដិសម អំពី​អត្ថន័យ​ទាំងស្រុង​នៃ​អ្វីៗ​ទាំងអស់​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ សម្រាប់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​បាន​ឡើយ ។ ប៉ុន្តែ​វា​ចាំបាច់​ដែល​យើង​ម្នាក់ៗ ត្រូវ​រៀន​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​អំពី​វា ។ ដង្វាយធួន​គឺ​ជា​ធាតុផ្សំ​ដ៏​ចាំបាច់​ក្នុង​ផែនការ​សុភមង្គល​របស់ព្រះវរបិតាសួគ៌ ដែល​ប្រសិនបើ​គ្មាន​វា​ទេ​នោះ ផែនការ​នេះ​ពុំ​អាច​ដំណើរការ​ទៅ​បាន​ឡើយ ។ ការយល់ដឹង​របស់​អ្នក​អំពី​ដង្វាយធួន និង ចំណេះដឹង​ដែល​វា​ផ្ដល់​ឲ្យ​ក្នុង​ជីវិត​អ្នក នឹង​ពង្រីក​បន្ថែម​យ៉ាង​ខ្លាំង​ទៅ​លើ​ការប្រើប្រាស់​ដ៏​មាន​ប្រយោជន៍​នៃ​ចំណេះដឹង បទពិសោធន៍ និង ជំនាញ​នានា​ដែល​អ្នក​ទទួលបាន​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។ …

« មាន​សេចក្ដី​ត្រូវការ​ដ៏​ចាំបាច់​មួយ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​សារៈសំខាន់​នៃ​ដង្វាយធួនរបស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​វា​ក្លាយជា​គ្រឹះ​ដ៏​មិន​អាច​រង្គោះរង្គើ​ ដែល​យើង​នឹង​ស្ថាបនា​ជីវិត​យើង​នៅ​លើ​នោះ ។ …

« ការសញ្ជឹងគិត​ផ្ទាល់ខ្លួន​យ៉ាង​ស៊ី​ជម្រៅ​ទៅ​លើ​បទគម្ពីរ រួមផ្សំ​នឹង​ការសិក្សា​ស្រាជ្រាវ ការអធិស្ឋាន​អស់​ពី​ចិត្ត នឹង​ពង្រីក​ដល់​ការយល់ដឹង ព្រមទាំង​អំណរគុណ​របស់​អ្នក​ដែល​មាន​ចំពោះ​ដង្វាយធួន​ដ៏​មិន​អាច​កាត់ថ្លៃ​បាន​របស់​ទ្រង់ » (« He Lives! All Glory to His Name! » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៥–៧៦ ) ។

សូម​ជួយ​សិស្ស​វិភាគ​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ស្កត ដោយ​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ផ្នែក​ណា​ខ្លះ​នៅ​ក្នុង​សុន្ទរកថា​របស់​អែលឌើរ ស្កត ដែល​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការយល់ដឹង​អំពី​ដង្វាយធួន ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ ៖ ការរងឈឺចាប់​របស់​ព្រះអង្គ​សង្គ្រោះ « នឹង​ពុំ​គ្រាន់តែ​មាន​ឥទ្ធិពល​លើ​យើង​ក្នុង​ជីវិត​នេះ​ទេ ប៉ុន្តែ​វា​នឹង​មាន​ឥទ្ធិពល​ពេញ​មួយ​ភាពអស់កល្ប » « ដង្វាយធួន​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនការ​សុភង្គល​នៃ​ព្រះវរបិតាសួគ៌​ដំណើរការ​ទៅ​ដោយ​ពេញលេញ » « ព្រះយេស៊ូវគ្រីស្ទ​ចាត់ចែង​ឲ្យ​មាន​តុល្យភាព​រវាង​សេចក្ដី​យុត្តិធម៌ និង សេចក្ដី​មេត្តា​ករុណា ដោយ​ផ្អែក​ទៅ​លើ​ការគោរពប្រតិបត្តិ​របស់​យើង » « ដង្វាយធួន​ផ្ដល់​ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា យក​ឈ្នះ​លើ​ផលវិបាក​នៃ​ទោស​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ជីវិត » « ការយល់ដឹង​របស់​អ្នក​អំពី​ដង្វាយធួន និង ចំណេះដឹង​ដែល​វា​ផ្ដល់​ឲ្យ​ក្នុង​ជីវិត​អ្នក នឹង​ពង្រីក​បន្ថែម​យ៉ាង​ខ្លាំង​ទៅ​លើ​ការប្រើប្រាស់​ដ៏​មាន​ប្រយោជន៍​នៃ​ចំណេះដឹង បទពិសោធន៍ និង ជំនាញ​នានា​ដែល​អ្នក​ទទួលបាន​ក្នុង​ជីវិត​រមែងស្លាប់​នេះ » ) ។

  • អែលឌើរ ស្កត បាន​មាន​ប្រសាសន៍​ថា គោលការណ៍​នៃ​ដង្វាយធួន « ត្រូវតែ​លើស​ពី​គោលការណ៍ ដែល​អ្នក​ទន្ទេញ​ចាំ​ទៅ​ទៀត ។ វា​ត្រូវតែ​ជា​ចំណែក​មួយ​នៅ​ក្នុង​ខ្លួន​របស់​អ្នក » ។ តើ​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អាច​ធ្វើ​ដូចនេះ​បាន​យ៉ាង​ដូចម្ដេច ?

យុវវ័យ​ជា​ច្រើន​ពុំ​យល់​អំពី​ពរជ័យ​ផ្សេង​ទៀត​ដែល​មាន​ក្រៅ​ពី​ការអត់ទោស​បាប ដែល​កើត​មាន​ក្នុង​ជីវិត​របស់​ពួកគេ​តាមរយៈ​ដង្វាយធួន​នោះ​ទេ ។ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ការយល់ដឹង​អំពី​ពរជ័យ​ផ្សេង​ទៀត​ទាំងនេះ សូម​ផ្ដល់​ពេល​វេលា​បីបួន​នាទី​ដល់​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​សិក្សា​វគ្គបទគម្ពីរ​ខាង​ក្រោម ដោយ​ស្វែងរក​ពរជ័យ​ទាំងឡាយ​ដែល​កើតមាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ម៉ូសាយ ៣:១៩, ៤:៣, ២៤:១២–១៥, អាលម៉ា ៥:១២–១៣, ៧:១១–១៣ ។ បន្ទាប់​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​ពរជ័យ​មួយ​ចំនួន​ដែល​បាន​មក​ពី​ដង្វាយធួន ។ សូម​សរសេរ​សង្ខេប​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

សូម​បង្ហាញ​ពាក្យ​ដកស្រង់​ខាងក្រោម រួច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« នៅ​ពេល​ដែល​ការយល់ដឹង​របស់​អ្នក​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​រីក​ចម្រើន​នោះ បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​នឹង​រីកចម្រើន​ដែរ » ( ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ២ ) ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នេះ​ដោយ​សួរ ៖

  • ហេតុអ្វី​បាន​ជា​បំណង​ប្រាថ្នា​របស់​បុគ្គល​ម្នាក់​ដែល​ចង់​ចែកចាយ​ដំណឹងល្អ​កើនឡើង នៅ​ពេល​គាត់​យល់​អំពី​ដង្វាយធួន ?

សូម​ចាត់តាំង​សិស្ស​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដាក់​វេណ​គ្នា​អាន​ឮៗ នីហ្វៃទី១ ៨:១០–១២, អេណុស ១:៥–៩ និង ម៉ូសាយ ២៧:៣៤–៣៦ និង ២៨:១–៤ ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​លំនាំ​មួយ ដែល​មាន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​គោលការណ៍​ដែល​ពួកគេ​បាន​ប្រាប់​នោះ ។ ( បន្ទាប់​ពី​លីហៃ អេណុស និង បុត្រា​របស់​ម៉ូសាយ​បាន​ទទួល​ពរជ័យ​នៃ​ដង្វាយធួន នោះ​ពួកគេ​បាន​មាន​បំណង​ប្រាថ្នា​ចង់​ចែកចាយ​ដំណឹងល្អ ហើយ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​ទទួល​បាន​ពរជ័យ​ដូចជា​ពួកគេ​ដែរ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត និង សារៈសំខាន់​នៃ​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ប្រសិនបើ​មិន​មែន​ជា​រឿង​ផ្ទាល់ខ្លួន​ពេក​ទេ តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​នឹង​ដង្វាយធួន ដែល​ជំរុញ​ឲ្យ​អ្នក​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ទូទៅ ?

  • តើ​ការចេះដឹង និង អារម្មណ៍​អំពី​ដង្វាយធួន ជំរុញ​អ្នក​ឲ្យ​នាំ​មនុស្ស​ទូទៅ ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​ពេល​វេលា​សិស្ស​បន្តិច​ដើម្បី​ពិចារណា ទោះជា​ការយល់ដឹង​របស់​ពួកគេ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្នែក​នៃ​ការជំរុញ​ចិត្ត​ដើម្បី​បម្រើ​បេសកកម្ម និង អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្កើន​កម្រិត​នៃ​កតវេតិតា​របស់​ខ្លួន​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ការជួយ​សាសនាគន់ការី​ឲ្យ​ទទួលបាន​ពរជ័យ​នៃ​ដង្វាយធួន

សូម​ប្រាប់​សិស្ស​របស់​អ្នក​ថា គ្មាន​គោលលទ្ធិ​ណា​ដែល​ពួកគេ​នឹង​បង្រៀន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​សារៈសំខាន់​ទាំង​សាសនាគន់ការី​ផង និង អ្នក​ផ្សព្វផ្សាយ​សាសនា​ផង ដើម្បី​យល់ ហើយ​ទទួល​យក ជាង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​សិក្សា នីហ្វៃទី២ ២:៦–៨ រួច​ស្វែងរក​អ្វី​ដែល​លីហៃ​បាន​បង្រៀន ដែល​យើង​គួរតែ​ធ្វើ​ជាមួយ​នឹង​ចំណេះដឹង​អំពី​ដង្វាយធួន​របស់​យើង ។ បន្ទាប់​ពី​សិស្ស​ពីរ​បី​នាក់​បាន​ឆ្លើយ​រួច​ហើយ​នោះ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​តម្រូវការ​ដែល​ទាមទារ​ឲ្យ​សាសនាគន់ការី​យល់ ហើយ​ទទួល​យក​ដង្វាយធួន តាមរយៈ​ការបង្ហាញ និង ការអាន​សេចក្ដីថ្លែងការណ៍​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅ​ក្នុង​សន្និសីទ​តំបន់ ដែល​ជា​ពេល​ដ៏​ថ្លៃថ្លា​ដើម្បី​បង្រៀន​ក្នុង​នាម​យើង​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​មាន​ជាមួយ​អែលឌើរ និង ស៊ិស្ទើរ​ទាំងនេះ ខ្ញុំ​បាន​សួរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ថាតើ​អ្វី​ទៅ​ដែល​ពួកគេ​ចង់​ឲ្យ​សាសនាគន់ការី​ធ្វើ ក្រោយ​ពី​ពួក​គេ​ពិភាក្សា​គ្នា​ហើយ ។

សំឡេង​មួយ​បាន​ស្រែក​ចេញ​មក​ពី​ក្រុម​ពួកគេ​ថា « ទទួល​ពិធីបុណ្យ​ជ្រមុជទឹក » ។

« ខ្ញុំ​បាន​ពោល​ថា ‹ មែន​ហើយ យើង​ចង់​ឲ្យ​ពួកគេ​ទទួល​ពិធីបុណ្យជ្រមុជទឹក ប៉ុន្តែ​តើ​មាន​អ្វី​ដែល​នាំ​ពួកគេ​ឲ្យ​ធ្វើ​ដូចនោះ​បាន ? › …

«… ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ស្ទើតែ​មិន​បាន​លើកឡើង​អំពី​កិច្ចការ​សំខាន់​បំផុត​ចំនួន​ពីរ ដែល​យើង​ចង់​ឲ្យ​សាសនាគន់ការី​ធ្វើ​ពីមុន​ពិធីបុណ្យជ្រមុជទឹក ៖ គឺ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ចេញ​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ។ ប៉ុន្តែ ‹ យើង​ជឿ​ថា គោលការណ៍​ទី​មួយ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​គឺ ៖ ទីមួយ សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ទីពីរ ការប្រែចិត្ត [ ក្រោយ​មក ] ទីបី បុណ្យជ្រមុជទឹក ដោយ​ការពន្លិច សម្រាប់​ការផ្តាច់បាប ទីបួន ការដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ › ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:៤ បាន​គូស​បញ្ជាក់ ) ។

« ជីវិត​ថ្មី​របស់​អ្នក​ប្រែចិត្តជឿ​ថ្មី​ម្នាក់ គឺ​ត្រូវ​ស្ថាបនា​ឡើង​នៅ​លើ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ពលិកម្ម​ប្រោសលោះ​របស់​ទ្រង់—ជា​ជំនឿស៊ប់​មួយ​ដែល​ជឿ​ថា ទ្រង់​គឺ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ថា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ពេល​នេះ ថា​ទ្រង់​គឺ​ទ្វារ​ចូល​ទៅ​ឯ​ក្រោល​ចៀម ថា​មាន​តែ​ទ្រង់​មួយ​អង្គ​ឯង​ទេ​ដែល​កាន់​កូនសោ​ចូល​ទៅ​រក​សេចក្ដី​សង្គ្រោះ និង ភាពតម្កើងឡើង​របស់​យើង ។ ជំនឿ​បែប​នោះ​បង្កើត​ឲ្យ​មាន​ការប្រែចិត្ត​ដ៏​ពិត ជា​ការប្រែចិត្ត​ដែល​បង្ហាញ​អំពី​បំណងប្រាថ្នា​ដើម្បី​បាន​ស្អាតស្អំ ហើយ​រស់រាន​សាជាថ្មី ព្រមទាំង​បាន​ជា​សះស្បើយ ជា​ការប្រែចិត្ត​ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួលបាន​ពរជ័យ​ពេញលេញ​មក​ពី​ដង្វាយធួន » ( « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ១០–១១ ) ។

បន្ទាប់មក សូម​សួរ ៖

  • តើ​សាសនាគន់ការី​ត្រូវតែ​ធ្វើ​ដូចម្ដេច ដើម្បី​ទទួល​បាន​ពរជ័យ​ពេញលេញ​មក​ពី​ដង្វាយធួន ? ( មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក ) ។

សូម​ពន្យល់​សិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ រៀបរាប់​អំពី​គុណសម្បត្តិ​ទាំងឡាយ​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​នោះ ហើយ​ស្វែងរក​អ្វី​ដែល​សាសនាគន់ការី​គួរតែ​ធ្វើ ពីមុន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ សូម​សួរ ៖

  • តើ​កិច្ចការ​មួយ​ចំនួន​ណា​ខ្លះ​ដែល​សាសនាគន់ការី​គួរតែ​ធ្វើ ដែល​បង្ហាញ​ថា​ពួកគេ​កំពុង​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( ពួកគេ​ត្រូវ​បន្ទាបខ្លួន ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​ខ្លួន បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​បាន​ធ្វើ​ល្អ ។ល។ ) ។

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​តួនាទី​យ៉ាង​ដូចម្ដេច ក្នុង​ការជួយ​សាសនាគន់ការី​ឲ្យ​មាន​ភាព​សក្តិសម​ដើម្បី​ទទួល​ពិធីបុណ្យជ្រមុជទឹក ? តើ​តួនាទី​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ដូចម្ដេច ជាមួយ​នឹង​គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ? ( ប្រសិនបើ​ចាំបាច់ សូម​រំឭក​សិស្ស​អំពី​គោលការណ៍​នានា​ចេញ​មក​ពី​មេរៀន​មុន ) ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ត្រាស់​បង្គាប់​ឲ្យ​បង្រៀន​អំពី​ការប្រែចិត្ត

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ដាក់​នៅ​លើ​ក្ដារខៀន ៖

តើ​អ្វី​ទៅ​ដែល​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ ដើម្បី​ជួយ​នាំ​កូនចៅ​របស់​ព្រះ​មក​រក​ព្រះគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១១–១៤ រួច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៅ​លើ​ក្ដារខៀន ។ សូម​ពិភាក្សា​អំពី​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​នោះ រួច​សួរ ៖

សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​បង្ហាញ​ហើយ​នោះ ដាក់​នៅ​លើ​ក្ដារខៀន ៖

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ត្រាស់​បង្គាប់​ឲ្យ​បង្រៀន​អំពី​ការប្រែចិត្ត ដើម្បី​ឲ្យ​មនុស្ស​ដែល​ពួកគេ​បង្រៀន​នោះ អាច​ទទួល​បាន​ពរជ័យ​ពេញលេញ​មក​ពី​ដង្វាយធួន ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ ។

សូម​បែងចែក​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​សិក្សា​ចំណុច​ក្រោម​ចំណងជើង « ដង្វាយធួន » នៅ​ទំព័រ ៥១–៥២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​ទៀត​សិក្សា​ចំណុច​ក្រោម​ចំណងជើង « តាមរយៈ​ព្រះគ្រីស្ទ​យើង​អាច​ជ្រះ​ស្អាត​ពី​អំពើបាប » នៅ​ទំព័រ ៦១-៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​ឲ្យ​ពេល​វេលា​សិស្ស​បួន​ប្រាំ​នាទី​អាន ហើយ​ត្រៀមខ្លួន​បង្រៀន​ដោយ​សង្ខេប​ចំនួន​ពីរ​នាទី នូវ​អ្វី​ដែល​ពួកគេ​បាន​អាន ។ នៅ​ពេល​ពួក​គេ​ធ្វើ​ការ​សង្ខេប​ឡើង​វិញ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ (១) បង្ហាញ ហើយ​ពន្យល់​អំពី​ចំណុច​សំខាន់​នៃ​គោលលទ្ធិ​នោះ (២) ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ បទគម្ពីរ ដែល​គាំទ្រ​ដល់​គោលលទ្ធិ​នោះ រួច (៣) ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​បង្រៀន ។ សូម​សង្ខេប​ជំហាន​ទាំង​បី​នេះ ដាក់​នៅ​លើ​ក្ដារខៀន ។

បន្ទាប់​ពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ត្រៀមខ្លួន​ហើយ អ្នក​អាច​ឲ្យ​សិស្ស​មក​ពី​ក្រុម​ទីមួយ ចាប់​ដៃគូ​ជាមួយ​សិស្ស​ម្នាក់​ទៀត​មក​ពី​ក្រុម​មួយ​ទៀត ហើយ​ដាក់​វេន​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។ បន្ទាប់​ពី​សិស្ស​គ្រប់​គ្នា​បាន​មាន​ឱកាស​បង្រៀន​ដល់​សិស្ស​ម្នាក់​ទៀត​ក្នុង​ថ្នាក់​ហើយ អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​ស្ម័គ្រចិត្ត​ឡើង​មក​កាន់​ក្ដារខៀន ហើយ​បង្រៀន​សេចក្ដីសង្ខេប​របស់​ខ្លួន​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ។ បន្ទាប់​ពី​បញ្ចប់​បទ​បង្ហាញ សូម​សរសើរ​ដល់​សិស្ស​ដែល​បាន​ឡើង​បង្រៀន រួច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ផ្ដល់​មតិ​ទៅ​លើ​បទពិសោធន៍​នោះ ។ សូម​សួរ​ថាតើ​ពួកគេ​មាន​សំណួរ​ឬ​ទេ បន្ទាប់​មក​សូម​សួរ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​នៅ​ពេល​អ្នក​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​ថា បាន​ជួយ​អ្នក​នៅ​ពេល​អ្នក​បង្រៀន​សាសនាគន់ការី​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​បាន​ជា​អ្នក​ទន្ទឹង​រង់ចាំ​បង្រៀន អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​មនុស្ស​ទូទៅ ?

ប្រើប្រាស់​បទគម្ពីរ

សូម​ពន្យល់​សិស្ស​ថា ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពួកគេ​អាច​បង្រៀន​ដោយ​មាន​អំណាច​ដ៏​អស្ចារ្យ នៅ​ពេល​ពួកគេ​ប្រើប្រាស់​បទគម្ពីរ ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម សិក្សា​វគ្គបទគម្ពីរ​នៅ​ក្នុង​ប្រអប់​ការសិក្សា​ព្រះគម្ពីរ​នៃ​ចំណុច « ដង្វាយធួន » នៅ​ទំព័រ ៥២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​ទៀត សិក្សា​វគ្គបទគម្ពីរ​នៅ​ក្នុង ប្រអប់​ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស​បទគម្ពីរ អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​បទគម្ពីរ​ដែល​ពួកគេ​យល់ ហើយ​មាន​ទំនុកចិត្ត​ក្នុង​ការថ្លែង​ទីបន្ទាល់ ។ បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ចែកចាយ​ហើយ​នោះ សូម​សួរ ៖

  • តើ​អ្នក​អាច​ប្រើប្រាស់​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​បីបួន​នាក់​ឆ្លើយ ) ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ត្រូវ​ប្រើប្រាស់​ព្រះគម្ពីរ​នៅ​ពេល​ពួកគេ​បង្រៀន ?

សូម​ឲ្យ​សិស្ស​បើក​ទៅ​ចំណុច​ក្រោម​ចំណងជើង « ប្រើ​ព្រះគម្ពីរ » នៅ​ទំព័រ ១៨៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទី​មួយ ដែល​រួម​បញ្ចូល​ទាំង​ចំណុច​ខ្មៅ​ទាំង​បួន​ចំណុច រួច​ឲ្យ​សិស្ស​ពិចារណា ថាតើ​គំនិត​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​បទគម្ពីរ ត្រូវ​ទៅ​នឹង​ការបង្រៀន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដែរ​ឬ​ទេ ។

សូម​ប្រាប់​សិស្ស​ថា​ពីរបី​នាទី​ទៀត ពួកគេ​នឹង​បង្រៀន​សិស្ស​ម្នាក់​ទៀត ដោយ​ប្រើ​បទគម្ពីរ​អំពី​ដង្វាយធួន​ដែល​ពួកគេ​បាន​ជ្រើសរើស ។ សូម​ពន្យល់​ថា មាន​គោលការណ៍​នានា​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​នឹង​ជា​ជំនួយ​នៅ​ពេល​ពួកគេ​បង្រៀន ។ សូម​ឲ្យ​សិស្ស​អាន​ឮៗ​ត្រង់​ចំណុច​ក្រោម​ចំណងជើង « ការណែនាំ​ព្រះគម្ពីរ » នៅ​ទំព័រ ១៨៤–១៨៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​សួរ​ថាតើ​សិស្ស​មាន​សំណួរ​អំពី​ជំហាន​នេះ​ឬ​ទេ រួច​សូម​ផ្ដល់​ពេល​វេលា​បន្តិច​ឲ្យ​ពួកគេ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​ណែនាំ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ។

បន្ទាប់​មក សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន​ឮៗ​ត្រង់​ចំណុច​ក្រោម​ចំណងជើង « អាន​វគ្គ » នៅ​ទំព័រ ១៨៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ផ្ដល់​ពេល​វេលា​បន្តិច​ឲ្យ​សិស្ស​អាន​ក្នុង​ចិត្ត នូវ​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​បង្ហាញ​ពាក្យ ឬ ឃ្លា ដែល​ពួកគេ​ត្រូវ​ពន្យល់​ទៅ​កាន់​សាសនាគន់ការី ។ បន្ទាប់​មក​ទៀត សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន​ឮៗ​ត្រង់​ចំណុច​តូច​ក្រោម​ចំណងជើង « អនុវត្ត​ព្រះគម្ពីរ » នៅ​លើ​ទំព័រ ១៨៥ ។ សូម​សួរ​សិស្ស​ម្ដង​ទៀត ថាតើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។

ដើម្បី​ជួយ​សិស្ស​ទទួលបាន​ជោគជ័យ​ក្មុង​ការបង្រៀន​ចេញ​ពី​បទគម្ពីរ អ្នក​គួរតែ​បង្ហាញ​គំរូ​នៃ​ជំនាញ​នោះ​ដល់​ពួកគេ ។ សូម​ពិចារណា​អំពី​ការជ្រើសរើស​ខគម្ពីរ​មួយ ឬ ពីរ​ចេញ​ពី ម៉ូសាយ ៣:៧–១១ និង ១៦–១៩ ដើម្បី​បង្រៀន ដើម្បី​កុំ​ឲ្យ​អ្នក​ប្រើ​វគ្គ​បទគម្ពីរ​ដែល​សិស្ស​បាន​ជ្រើសរើស​ហើយ ។ សូម​បង្ហាញ​ជំហាន​ទាំង​បី​នេះ ដោយ​សាមញ្ញ និង ដោយ​សង្ខេប ៖ ណែនាំ អាន និង អនុវត្ដ​ព្រះគម្ពីរ ។ ការបង្ហាញ​នេះ​នឹង​ជួយ​សិស្ស​កុំ​ឲ្យ​មាន​អារម្មណ៍​សន្ធប់ ដោយសារតែ​អ្វី​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​នោះ ។ នៅ​ពេល​អ្នក​បង្រៀន​ហើយ សូម​សួរ​ថាតើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។

សូម​ផ្ដល់​ពេល​វេលា​ពីរបី​នាទី​ឲ្យ​សិស្ស​ត្រៀមខ្លួន​បង្រៀន អំពី​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ដោយ​ប្រើ ជំហាន​ទាំង​បី​ដែល​មាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​មក សូម​ចាប់​ដៃគូ​ឲ្យ​សិស្ស ហើយ​ឲ្យ​ពួកគេ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ពេល​សិស្ស​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ចប់​ហើយ សូម​អះអាង​ថា​នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ និង ប្រកាស​ដំណឹងល្អ​របស់​យើង នោះ​សមត្ថភាព ព្រមទាំង​ទំនុកចិត្ត​របស់​ពួកគេ​ក្នុង​ការបង្រៀន​ដំណឹងល្អ នឹង​កើនឡើង ។

ដើម្បី​បញ្ចប់​មេរៀន​នៅ​ថ្ងៃ​នេះ សូម​សួរ​សិស្ស​ថាតើ​មាន​ពួកគេ​ណា​ម្នាក់​ចង់​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ពិសេស​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​កិច្ចការ​មួយ ឬ ពីរ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ពួកគេ​យល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ច្បាស់ ។

  • អំឡុង​ពេល​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូសចំណាំ ឬ ផាត់ពណ៌​លើ​វគ្គ​បទគម្ពីរ​ទាំងឡាយ ដែល​ជួយ​អ្នក​យល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ដង្វាយធួន ជាមួយ​នឹង​នរណាម្នាក់​នៅ​ផ្ទះ នៅ​ព្រះវិហារ ឬ លើ​អ៊ិនធើរណិត ។

  • ប្រសិនបើ​កាលៈទេសៈ​មាន​អំណោយផល សូម​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​នៅ​ក្នុង​ពេល​ការណាត់ជួប​បង្រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

  • សូម​ញែក​ពេល​សិក្សា អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។