៧
ការបង្រៀនសារលិខិតនៃការស្ដារឡើងវិញ ( ភាគ ១ )
សេចក្ដីផ្ដើម
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបង្រៀនដោយពួកព្យាការីនៅគ្រប់សម័យកាន់កាប់ត្រួតត្រា ដែលអនុញ្ញាតឲ្យកូនចៅព្រះយល់អំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ហើយទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានសុគតទៅ សេចក្ដីពិតនៃដំណឹងល្អ ព្រមទាំងសិទ្ធិអំណាចបព្វជិតភាពបានបាត់បង់ពីផែនដី ដែលបណ្ដាលឲ្យមានការក្បត់សាសនាដ៏ធំ ។ ការស្ដារឡើងវិញនៅថ្ងៃចុងក្រោយ បានយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនា ហើយបានស្ថាបនាសាសនាចក្ររបស់ព្រះគ្រីស្ទនៅលើផែនដីម្ដងទៀត ។ អ្នកដែលត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា គួរតែយល់ឲ្យបានច្បាស់អំពីបរិបទនៃការក្បត់សាសនា និង ការស្ដារឡើងវិញ និងត្រៀមខ្លួនពន្យល់ដោយសាមញ្ញ ហើយថ្លែងទីបន្ទាល់អំពីវាដោយអំណាច ។
ការរៀបចំទុកជាមុន
-
សូមសិក្សា ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៣១-៣៥ ។
-
សូមរៀបចំបង្ហាញវីដេអូ « The Great Apostasy » ( នាទីទី ១៦:៣៣ ) ដែលមាននៅលើគេហទំព័រ LDS.org ។
-
សូមរៀបចំក្រដាស « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដើម្បីចែកឲ្យសិស្ស ។
យោបល់សម្រាប់ការបង្រៀន
ព្រះជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង
សូមចាប់ផ្ដើមការបង្រៀនដោយឲ្យសិស្ស ពិចារណាអំពីករណីសិក្សាដូចខាងក្រោម ៖
យប់នេះពីមុនចូលដំណេក អ្នកទទួលសារមកពីមិត្តភក្ដិម្នាក់ដែលបាក់ទឹកចិត្ត ហើយឆ្ងល់ថាតើព្រះពិតជាមានមែនឬទេ ហើយថាតើទ្រង់មានព្រះទ័យខ្វល់ខ្វាយពីយើងឬទេ ។ មិត្តភក្ដិរបស់អ្នកសួរថា « តើឯងជឿថាព្រះមានពិតមែនឬ ? តើឯងជឿថាព្រះទ្រង់មានរូបរាងដូចម្ដេចទៅ ? »
សូមឲ្យសិស្សពីរបីនាក់ ចែកចាយអំពីរបៀបដែលពួកគេអាចឆ្លើយសំណួរមិត្តភក្តិរបស់គេនោះ ។ បន្ទាប់មក សូមប្រាប់សិស្សរបស់អ្នកថា មេរៀនថ្ងៃនេះផ្តោតសំខាន់ទៅលើគោលលទ្ធិ និង គោលការណ៍មួយចំនួនដែលមាននៅក្នុងមេរៀនអ្នកផ្សព្វផ្សាយសាសនា ដែលរួមបញ្ចូលទាំងលក្ខណៈរបស់ព្រះវរបិតាសួគ៌របស់យើង ។
សូមឲ្យសិស្សម្នាក់អានឮៗ ត្រង់ចំណុចក្រោមចំណងជើង « ព្រះគឺជា ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង » នៅទំព័រ ៣១–៣២ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សគូសបន្ទាត់ ឬ គូសចំណាំលើឃ្លាទាំងឡាយ ដែលពួកគេអាចប្រើដើម្បីជួយមនុស្សម្នាក់យល់កាន់តែច្បាស់អំពីលក្ខណៈរបស់ព្រះ ជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។
សូមផ្ដល់ពេលវេលាពីរបីនាទីឲ្យសិស្ស សិក្សាវគ្គបទគម្ពីរចំនួនបី ឬ បួនដែលមានរាយនៅក្នុងប្រអប់ ការសិក្សាព្រះគម្ពីរ នៅទំព័រ ៣២ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យពួកគេគិតថាតើវគ្គបទគម្ពីរទាំងនេះ អាចជួយឆ្លើយសំណួររបស់មនុស្សម្នាក់ដែលមានសំណួរអំពីព្រះយ៉ាងដូចម្ដេច ដូចមាននៅក្នុងការសិក្សាលើករណីនៅដើមមេរៀននេះ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំលើវគ្គបទគម្ពីរចំនួនមួយ ឬ ច្រើននៅក្នុងព្រះគម្ពីររបស់ខ្លួន ឬ សរសេរវានៅលើគែមសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់មក សូមសួរ ៖
-
តើសេចក្ដីថ្លែងការណ៍សង្ខេបខ្លីអំពីគោលលទ្ធិសំខាន់បំផុតដែលអ្នកបានអាននៅក្នុង ប្រកាសដំណឹងល្អរបស់យើង និង នៅក្នុងវគ្គបទគម្ពីរទាំងនេះ គឺជាអ្វី ? ( ចម្លើយអាចរួមបញ្ចូលទាំងគោលលទ្ធិដែល ព្រះគឺជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ហើយទ្រង់មានព្រះរាជបំណងឲ្យយើងត្រឡប់ទៅរស់នៅនឹងទ្រង់វិញ ) ។
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះបុគ្គលទាំងឡាយ ដែលត្រូវយល់អំពីគោលការណ៍នេះពីមុនរៀនអំពីគោលលទ្ធិដទៃទៀត ?
ដំណឹងល្អប្រសិទ្ធពរដល់ក្រុមគ្រួសារ
សូមឲ្យសិស្សអានដោយស្ងៀមស្ងាត់នូវចំណុចក្រោមចំណងជើងថា « ដំណឹងល្អប្រសិទ្ធពរដល់ក្រុមគ្រួសារ » នៅទំព័រ ៣២ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ហើយរៀបចំសេចក្ដីថ្លែងការណ៍សង្ខេបមួយអំពីតួនាទីគេហដ្ឋាន និង ក្រុមគ្រួសារនៅក្នុងផែនការសុភមង្គលរបស់ព្រះ ។ ក្រោយពីពួកគេមានពេលអានគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយសេចក្ដីថ្លែងការណ៍សង្ខេបរបស់ខ្លួន ។ ( សេចក្ដីថ្លែងការណ៍អាចរួមបញ្ចូលទាំងគោលលទ្ធិដែល ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ និង ជាផ្នែកនៃផែនការរបស់ព្រះដើម្បីនាំឲ្យមានសុភមង្គលដល់កូនចៅទ្រង់ ។ សូមសរសេរគោលការណ៍ដ៏មោះមុតនេះនៅលើក្ដារខៀន ) ។
នៅពេលអ្នកប៉ាន់ស្មានសេចក្ដីត្រូវការសិស្សរបស់អ្នក ហើយប្រសិនបើមានពេល សូមគិតដល់ការបង្ហាញសកម្មភាពខាងក្រោមនេះ ៖ សូមផ្តោតអារម្មណ៍របស់សិស្ស ទៅលើបន្ទាត់ចុងក្រោយដែលពួកគេបានអាននៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ « តាមរយៈព្យាការីនៅគ្រប់ជំនាន់ រួមបញ្ចូលទាំងនៅក្នុងជំនាន់របស់យើង ព្រះបានបើកសម្ដែងផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុគ្គលម្នាក់ៗ និង ជាក្រុមគ្រួសារ ។
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពីមូលហេតុ ដែលសេចក្ដីពិតនេះមានសារៈសំខាន់ដល់ម្ល៉េះនៅក្នុងពិភពលោកសព្វថ្ងៃនេះ សូមបង្ហាញក្រដាស « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ឬ ចែកក្រដាសនោះឲ្យដល់ពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សចំណាយពេលពីរបីនាទី អានការប្រកាសនោះ រួចប្រាប់អំពីឃ្លា ឬ គោលការណ៍នានាដែលជួយយើងយល់កាន់តែច្បាស់អំពីតួនាទីនៃអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមឲ្យសិស្សម្នាក់ កត់ត្រាចំណុចទាំងនេះនៅលើក្ដារខៀន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« គោលបំណងចម្បងរបស់បច្ចាមិត្ត ជាអ្នកដែលមាន ‹ សេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ › ( វិវរណៈ ១២:១២ ) គឺដើម្បី ឆាឆៅ រំខាន ហើយបំផ្លាញគេហដ្ឋាន និង ក្រុមគ្រួសារ » ( « The Father and the Family » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ១៩ ) ។
សូមសួរសិស្ស ៖
-
ហេតុអ្វីបានជា « គោលបំណងចម្បង » របស់បច្ចាមិត្ត គឺដើម្បីបំផ្លាញគេហដ្ឋាន និង ក្រុមគ្រួសារ ? ( វាគឺជា « ទីកន្លែងដ៏ប្រសើរបំផុតដើម្បីបង្រៀន រៀន ហើយអនុវត្តតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ) ។
-
តើនិន្នាការខាងលោកិយមួយចំនួនណាខ្លះ ដែលផ្ទុយទៅនឹងផែនការរបស់ព្រះវរបិតាសួគ៌អំពីអាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ? ( កំណត់ចំណាំ ៖ សូមកុំចំណាយពេលច្រើនពេក ដើម្បីពិភាក្សាអំពីនិន្នាការទាំងនេះឡើយ ។ វាគ្រប់គ្រាន់ហើយប្រសិនបើគ្រាន់តែបង្ហាញវាឡើង ហើយបន្ទាប់មក ប្រើប្រាស់សេចក្ដីណែនាំដែលបន្តរក្សាការផ្ដោតអារម្មណ៍ទៅលើផែនការរបស់ព្រះវរបិតាសួគ៌អំពីក្រុមគ្រួសារ ) ។
សូមឲ្យសិស្សចែកចាយអំពីរបៀបដែលពួកគេអាចប្រើប្រាស់ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក នៅក្នុងស្ថានភាពបង្រៀននានា ដើម្បីបែងចែកឲ្យដាច់រវាង ផែនការរបស់ព្រះវរបិតាសួគ៌ និង និន្នាការខាងលោកិយ ដែលផ្ទុយទៅនឹងផែនការរបស់ទ្រង់អំពីអាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ។
សូមពន្យល់សិស្សថា មនុស្សមួយចំនួនដែលពួកគេនឹងជួប មានទស្សនផ្សេងៗដែលខុសគ្នា ឬ ផ្ទុយទៅនឹងការបង្រៀនរបស់សាសនាចក្រអំពីអាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលអ្នកផ្សព្វផ្សាយសាសនាប្រើប្រាស់បទគម្ពីរ និង ប្រសាសន៍ទាំងឡាយរបស់ពួកព្យាការីដើម្បីបង្រៀននោះ ពួកគេនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយមនុស្សដែលពួកគេបង្រៀននោះ ឲ្យយល់កាន់តែច្បាស់អំពីតួនាទីនៃអាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីទ្រង់ ។
ព្យាការី និង សម័យកាន់កាប់ត្រួតត្រា
សូមពន្យល់សិស្សថា របៀបដ៏សំខាន់មួយដែលព្រះបង្ហាញសេចក្ដីស្រឡាញ់ទ្រង់ដល់យើងនោះគឺ តាមរយៈព្យាការី ។ សូមបង្ហាញប្រសាសន៍ដកស្រង់ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រួចឲ្យសិស្សម្នាក់អានឮៗ ៖ សូមឲ្យសិស្សស្វែងរក ថាតើពរជ័យអ្វីខ្លះដែលកើតមានចំពោះអ្នកដែលធ្វើតាមព្យាការី ៖
« យើងអាចសួរសំណួរថា ‹ តើមានសំឡេងមួយ ដែលនឹងតែងតែផ្ដល់ដល់យើងនូវទិសដៅច្បាស់លាស់ ដើម្បីស្វែងរកផ្លូវរបស់យើងក្នុងពិភពលោកដ៏ចលាចលនាពេលបច្ចុប្បន្ននេះដែរឬទេ ? › ចម្លើយគឺ មាន ។ សំឡេងនោះ គឺជាសំឡេងនៃព្យាការី និងពួកសាវកដែលកំពុងរស់នៅ ។ …
« បងប្អូនប្រុសស្រី វាពុំមែនជារឿងតូចតាចទេ ដែលត្រូវមានព្យាការីមួយរូបរបស់ព្រះ ក្នុងចំណោមពួកយើងនោះ ។ រឿងដ៏មហិមា និង អស្ចារ្យនោះ គឺជាពរជ័យដែលកើតមានក្នុងជីវិតរបស់យើង ពេលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រទានដល់យើង តាមរយៈរូបលោក ។ … នៅពេលយើងស្ដាប់តាមឱវាទរបស់ព្រះអម្ចាស់ ដែលស្ដែងចេញតាមរយៈប្រសាសន៍របស់ប្រធាននៃសាសនាចក្រ នោះការឆ្លើយតបរបស់យើងគួរតែវិជ្ជមាន និង ធ្វើឲ្យបានឆាប់ ។ ប្រវត្តិសាស្ត្របានបង្ហាញថា មានសុវត្ថិភាព សន្ដិភាព ភាពរុងរឿង និងសុភមង្គល នៅក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការី ដូចជា នីហ្វៃ កាលពីបូរាណដែរ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា › ( នីហ្វៃទី១ ៣:៧ ) ។ …
« ថ្ងៃនេះ ខ្ញុំធ្វើការសន្យាមួយជាមួយអ្នក ។ វាជាការសន្យាមួយដ៏សាមញ្ញ ប៉ុន្តែវាគឺជាការពិត ។ ប្រសិនបើអ្នកនឹងស្ដាប់តាមព្យាការី និង ពួកសាវកដែលកំពុងរស់នៅ ព្រមទាំងយកចិត្តទុកដាក់ស្ដាប់ដំបូន្មានយើងនោះ អ្នកនឹងពុំដើរខុសផ្លូវឡើយ » ( « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥–៦៦ ) ។
បន្ទាប់ពីបានអានប្រសាសន៍ដកស្រង់នេះហើយ សូមសួរ ៖
-
តើពរជ័យអ្វីខ្លះកើតឡើងចំពោះអ្នក ដែលធ្វើតាមដំបូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ ?
សូមផ្ដល់ពេលវេលាបន្តិចឲ្យសិស្សអានដោយស្ងៀមស្ងាត់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧-៣៨ ។ បន្ទាប់មក សូមសួរ ៖
-
តើវគ្គបទគម្ពីរនេះបង្រៀនយ៉ាងដូចម្ដេច អំពីពួកព្យាការី និង ដំបូន្មានរបស់ពួកលោក ?
-
តើអ្នកអាចគិតអំពីគ្រាដ៏ជាក់លាក់ណាមួយ ដែលនៅពេលអ្នកធ្វើតាមដំបូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ បានប្រទាពរដល់ជីវិតអ្នក ?
សូមឲ្យសិស្សម្នាក់អានឮៗ នៅក្នុងកថាខណ្ឌទីមួយនៅក្រោមចំណងជើង « ព្រះវរបិតាសួគ៌បើកសម្ដែងដំណឹងល្អទ្រង់ នៅគ្រប់សម័យកាន់កាប់ត្រួតត្រា » នៅទំព័រ ៣២ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមជួយសិស្សស្វែងរកគោលលទ្ធិនានា ដែលមានបង្រៀននៅក្នុងកថាខណ្ឌនេះដោយសួរ ៖
-
តើគោលលទ្ធិមួយចំនួនណាខ្លះ ដែលយើងអាចរៀនអំពីពួកព្យាការីនៅក្នុងកថាខណ្ឌនេះ ? ( ទោះជាមានគោលការណ៍មួយចំនួន ដែលសិស្សអាចចែកចាយក៏ដោយ សូមជួយសិស្សស្វែងរកគោលលទ្ធិដែលថា ពួកព្យាការីរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈវិវរណៈ ព្រមទាំងមានការទទួលខុសត្រូវក្នុងការបង្រៀនមនុស្សទូទៅ ហើយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ) ។
សូមគិតដល់ការប្រើប្រាស់គំរូនៃការបំពាក់បំប៉ននៅ អិម.ធី.ស៊ី នៅពេលអ្នកជួយសិស្សបង្រៀនអំពីសារៈសំខាន់នៃពួកព្យាការី ។ សូមពន្យល់សិស្សថា ពួកគេគួរតែអាននិយមន័យនៃព្យាការីដែលមាននៅលើ ទំព័រ ៤៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ហើយបន្ទាប់មក រៀបចំពួកគេឲ្យដើរតួបង្រៀនសាសនាគន់ការីអំពីពួកព្យាការី ។ ក្រោយមក សូមបង្ហាញការសម្ដែងដោយបង្រៀនដល់សិស្សម្នាក់អំពីពួកព្យាការី ។ បន្ទាប់ពីនោះ សូមឲ្យសិស្សស្វែងរកដៃគូម្នាក់ ហើយដើរតួសម្ដែង ដោយចាត់ទុកថាសិស្សដែលត្រូវគេបង្រៀននោះពុំមែនជាសមាជិក ហើយដែលបានឮគេនិយាយថាសាសនាចក្រនេះត្រូវបានដឹកនាំដោយព្យាការីមួយរូប ។ សិស្សដែលដើរតួជាគ្រូបង្រៀន គួរតែពន្យល់ដោយសង្ខេបថាតើព្យាការីគឺជានរណា រួចថ្លែងទីបន្ទាល់អំពីពួកព្យាការីសម័យទំនើប ។ ក្រោយមកទៀត សិស្សដែលបានបង្រៀន គួរតែវាយតម្លៃលើដៃគូរបស់ខ្លួន ដោយបង្ហាញអ្វីដែលពួកគេបានឃើញថាមានសារៈសំខាន់ និង បំផុសគំនិតបំផុតអំពីការសម្ដែងនោះ ។ បន្ទាប់មក សូមឲ្យសិស្សអនុវត្តឡើងវិញ ដោយផ្លាស់ប្ដូរតួនាទីសម្ដែងរបស់សិស្ស ដើម្បីផ្ដល់ឱកាសឲ្យសិស្សបង្រៀន ហើយផ្ដល់មតិកែលម្អគ្នាទៅវិញទៅមក ។
សូមឲ្យសិស្សបីបួននាក់ដាក់វេនអានឮៗនៅក្នុងកថាខណ្ឌចុងក្រោយទាំងបួននៅ ទំព័រ ៣៣ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សឯទៀតអានតាម ដោយស្វែងរកទំនាក់ទំនងរវាងពួកព្យាការី ការក្បត់សាសនា និង សម័យកាន់កាប់ត្រួតត្រា ។ ប្រសិនបើចាំបាច់ សូមឲ្យសិស្សសិក្សាផងដែរអំពី « គ្រាកាន់កាប់ត្រួតត្រា » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ សូមជួយសិស្សពិភាក្សាអំពីសេចក្ដីពិតនានា ដែលមាននៅក្នុងកថាខណ្ឌទាំងនេះ ដោយសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះសាសនាគន់ការី ដែលត្រូវយល់ថាសម័យកាន់កាប់ត្រួតត្រាកាលពីមុនទាំងអស់ ត្រូវបានបញ្ចប់ទៅដោយការក្បត់សាសនា ?
-
តើព្រះបានធ្វើអ្វីខ្លះពេញមួយប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់រយៈពេលនៃការក្បត់សាសនា ? តើការយល់អំពីបែបបទនេះ រៀបចំសាសនាគន់ការីឲ្យរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស៊្មីធ យ៉ាងដូចម្ដេច ?
ប្រសិនបើមានពេល អ្នកអាចផ្ដល់ពេលវេលាឲ្យសិស្សពីរបីនាទី ដើម្បីអនុវត្តពន្យល់គ្នាទៅវិញទៅមកអំពីចំណុចដែលមាននៅ ទំព័រ ៣៣ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមលើកទឹកចិត្តពួកគេឲ្យបញ្ចូលពាក្យ ការក្បត់សាសនា សម័យកាន់កាប់ត្រួតត្រា និង ព្យាការី ទៅក្នុងការពន្យល់របស់ពួកគេ ។
ការងារបម្រើនៅលើផែនដី និង ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ
សូមឲ្យសិស្សមើលរូបភាពនៅ ទំព័រ ៣៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ដែលបង្ហាញអំពីការតែងតាំងពួកសាវកដប់ពីរនាក់ដោយព្រះយេស៊ូវគ្រីស្ទ ។ សូមសួរសិស្ស ៖
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ ដើម្បីស្ថាបនាសាសនាចក្ររបស់ទ្រង់ឡើងនៅលើផែនដីក្នុងជំនាន់របស់ទ្រង់ ? ( អ្នកអាចឲ្យសិស្សអានដោយស្ងៀមស្ងាត់ ត្រង់ចំណុចក្រោមចំណងជើង « ការបម្រើរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី » នៅទំព័រ ៣៤ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ដើម្បីជាសេចក្ដីយោង ) ។
-
តើការបម្រើរបស់ព្រះអង្គសង្គ្រោះ និង ការបដិសេធនៅទីបំផុត បានកើតឡើងដូចគ្នាទៅនឹងបែបបទដែលមានក្នុងសម័យកាន់កាប់ត្រួតត្រាកាលពីមុនៗយ៉ាងដូចម្ដេច ? ( ពីមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សបានស្ថិតនៅក្នុងស្ថានភាពនៃការក្បត់សាសនា ។ ព្រះយេស៊ូវគ្រីស្ទបានស្ដារដំណឹងល្អទ្រង់ឡើងវិញនៅលើផែនដីគឺដូចជា ណូអេ អ័ប្រាហាំ និង ម៉ូសេ ដែលបានធ្វើកិច្ចការនោះក្នុងសម័យកាន់កាប់ត្រួតត្រាកាលពីមុនៗដែរ ។ បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានសុគតទៅ ហើយពួកសាវកក៏បានស្លាប់ទៅដែរនោះ កូនចៅរបស់ព្រះបានធ្លាក់ទៅក្នុងការក្បត់សាសនាម្ដងទៀត រហូតដល់ព្រះបានត្រាស់ហៅព្យាការីមួយរូបទៀត ឲ្យស្ដារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ) ។
ការក្បត់សាសនាដ៏ធំ
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពីតម្រូវការឲ្យមានការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ សូមសរសេរសំណួរដូចខាងក្រោមនេះដាក់នៅលើក្ដារខៀន ៖
សូមឲ្យសិស្សមើលចម្លើយចំពោះសំណួរទាំងនេះ នៅក្នុងកថាខណ្ឌទាំងពីរដំបូងត្រង់ចំណុចក្រោមចំណងជើង « ការក្បត់សាសនាដ៏ធំ » នៅទំព័រ ៣៥ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់ពីបានផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សឆ្លើយសំណួរនៅលើក្ដារខៀន ។ សូមប្រាកដថាសិស្សយល់ថា បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានសុគតទៅ ហើយពួកសាវកក៏បានស្លាប់ទៅដែរនោះ ការកែប្រែដោយពុំមានការអនុញ្ញាតបានធ្វើឲ្យគោលលទ្ធិ និង ការអនុវត្តរបស់សាសនាចក្រមានភាពពុករលួយ ដែលនៅទីបំផុតបាននាំឲ្យមានការដកយកកូនសោ និង សិទ្ធិអំណាចបព្វជិតភាពចេញពីផែនដី ។
សូមឲ្យសិស្សសិក្សាដោយស្ងៀមស្ងាត់ លើវគ្គបទគម្ពីរបីបួនដែលមានរាយនៅក្នុងប្រអប់ ការសិក្សាព្រះគម្ពីរ ដែលស្ថិតនៅផ្នែកខាងក្រោមនៃទំព័រ ៣៥ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ សូមឲ្យសិស្សស្វែងរកថាតើបទគម្ពីរណាមួយ ដែលអ្នកសរសេរបានព្យាករថានឹងកើតឡើងចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅទីបំផុត ។ បន្ទាប់ពីសិស្សបានមានពេលសិក្សាគ្រប់គ្រាន់ហើយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយសិស្សឯទៀត ។ អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ហើយបន្ទាប់មកគិតដល់ការសរសេរសេចក្ដីថ្លែងការណ៍សង្ខេបនេះ ៖ ការព្យាករណ៍ពីបូរាណបានព្យាករថា នឹងមានការបែកចេញពីសេចក្ដីពិតដ៏ធំមួយ ។
សូមបែងចែកសិស្សជាដៃគូ ហើយណែនាំឲ្យពួកគេត្រៀមខ្លួនបង្រៀនមេរៀន ដែលមានរយៈពេលបួនទៅប្រាំនាទីជាមួយគ្នា អំពីការក្បត់សាសនា ។ សូមពន្យល់ថា ការបង្រៀនរបស់ពួកគេគួរតែសាមញ្ញ ច្បាស់លាស់ ហើយផ្ដោតអារម្មណ៍ទៅលើអ្នករៀន ។ សូមឲ្យសិស្សប្រើចំណុចនៅលើ ទំព័រ ៣៥ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ( ឬ ពួកគេអាចប្រើកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនាចំណងជើងថា ការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ) ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយបទគម្ពីរមួយ ឬ ពីរដែលទាក់ទងទៅនឹងការក្បត់សាសនា រួចពន្យល់អំពីអត្ថន័យរបស់បទគម្ពីរទាំងនោះ ។
បន្ទាប់ពីសិស្សបានមានពេលត្រៀមខ្លួនរួចរាល់ហើយ សូមឲ្យដៃគូនីមួយៗបង្រៀនដៃគូមួយផ្សេងទៀត ។ នៅពេលសិស្សបានបញ្ចប់ការបង្រៀនរបស់ពួកគេហើយ សូមណែនាំក្រុមឲ្យពិភាក្សាលើសំណួរដូចខាងក្រោម ៖ តើអ្វីដែលបានដំណើរការទៅដោយរលូន នៅក្នុងមេរៀនរបស់អ្នក ? តើអ្នកបានធ្វើអ្វីខ្លះ បានប្រសើរជាងមុន ? តើអ្វីដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយមនុស្សទូទៅ ឲ្យយល់អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីការស្លាប់របស់ពួកសាវក ?
បន្ទាប់មក សូមប្ដូរវេន ហើយអនុញ្ញាតឲ្យដៃគូដែលត្រូវគេបង្រៀននោះ បង្រៀនដៃគូមួយផ្សេងទៀតវិញ ។ សូមប្រាកដថា មានពេលសម្រាប់ឲ្យពួកគេផ្ដល់ ហើយទទួលមតិកែលម្អ ។
បន្ទាប់ពីសិស្សទាំងអស់បានមានឱកាសបង្រៀនគ្រប់គ្នាហើយនោះ សូមឲ្យសិស្សចែកចាយការយល់ដឹងចេញពីបទពិសោធន៍របស់ខ្លួនជាមួយនឹងសិស្សក្នុងថ្នាក់ ។
ដើម្បីបង្ហាញអំពីផលប៉ះពាល់ដែលការក្បត់សាសនាដ៏ធំបានមាននៅលើផែនដីនេះ ហើយដើម្បីរៀបចំសិស្សសម្រាប់មេរៀនក្រោយអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ សូមបង្ហាញវីដេអូ « The Great Apostasy » ( នាទីទី ១៦:៣៣ ) ។ នៅពេលពួកគេទស្សនាវីដេអូ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីរបៀបដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ យកឈ្នះលើផលវិបាកនៃការក្បត់សាសនាដ៏ធំ ។
បន្ទាប់ពីមើលវីដេអូរួច សូមសួរ ៖
-
តើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ យកឈ្នះលើផលវិបាកនៃការក្បត់សាសនាដ៏ធំតាមរបៀបណា ?
-
នៅពេលអ្នកទស្សនាប្រវត្តិនៃការប្រែចិត្តជឿរបស់ វិលហ្វូឌ វូឌដ្រុព្វ តើអ្នកមានគំនិតអ្វីខ្លះអំពីឱកាសចែកចាយសារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទូទៅ ?
សូមបញ្ចប់មេរៀនដោយសួរសិស្ស ថាតើមានពួកគេណាម្នាក់ ចង់ចែកចាយទីបន្ទាល់របស់ខ្លួនអំពីការស្ដារឡើងវិញនៃដំណឹងល្អជាមួយមិត្តក្នុងថ្នាក់ដែរឬទេ ។
ការអញ្ជើញឲ្យអនុវត្ត
សូមអញ្ជើញសិស្សឲ្យមើលឡើងវិញនូវគោលលទ្ធិនានាដែលមាននៅក្នុងមេរៀននេះ តាមរយៈការធ្វើលំហាត់មួយ ឬ ពីរខាងក្រោមនេះ ៖
-
ដោយប្រើ Topical Guide អំពីពាក្យ « Apostasy of the Early Christian Church » សូមសិក្សាបន្ថែមអំពីការក្បត់សាសនាដ៏ធំ ។ សូមប្រើប្រាស់សៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីកត់ត្រាវគ្គបទគម្ពីរទាំងឡាយដែលអ្នកអាចនឹងប្រើដើម្បីបង្រៀនអំពីការក្បត់សាសនា ។
-
សូមសិក្សា ហើយពិចារណាបន្ថែមអំពីអត្ថបទនៅក្នុង Gospel Topics មានចំណងជើង « Are Mormons Christian? » ដែលមាននៅលើគេហទំព័រ lds.org/topics ។
-
នៅពេលរៀបចំមេរៀនបន្ទាប់ សូមចាប់ផ្ដើមទន្ទេញការពិពណ៌នារបស់ យ៉ូសែប ស៊្មីធ អំពីការនិមិត្តដំបូង ដែលមាននៅ ទំព័រ ៣៧ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ( សូមមើលផងដែរ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៩ ) ។