ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ៖ រៀន​ដោយ​ព្រះវិញ្ញាណ


រៀន​​ដោយ​ព្រះវិញ្ញាណ

សេចក្ដីផ្ដើម

ដើម្បី​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​រីកចម្រើន​នៅ​ក្នុង​ដំណឹងល្អ ហើយ​ស្ថិត​នៅ​លើ​មាគ៌ា​ដែល​នាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ពួកគេ​ត្រូវ​អភិវឌ្ឍ​ទម្លាប់​នៃ​ការសិក្សា​ដំណឹងល្អ ។ នៅ​ឯ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា អ្នកផ្សព្វផ្សាយ​សាសនា​ចំណាយ​ពេល​បីបួន​ម៉ោង​រៀង​រាល់​ថ្ងៃ សិក្សា​ដោយ​ខ្លួនឯង និង ជាមួយ​ដៃគូ​របស់​ខ្លួន ។ នៅ​ក្នុង​តំបន់​បេសកកម្ម ពួកគេ​ត្រូវបាន​រំពឹង​ឲ្យ​បន្ត​ការសិក្សា​ដំណឹងល្អ​រៀង​រាល់​ថ្ងៃ ។ ពួកគេ​ត្រូវតែ​រៀន « ដោយសារ​ការសិក្សា និង ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គ. និង ស. ៨៨:១១៨ ) ដើម្បី​បង្កើត​ឃ្លាំង​ចំណេះដឹង​នៃ​ដំណឹងល្អ ហើយ​ពង្រឹង​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ វា​ចាំបាច់​ចំពោះ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​បំពេញ​បន្ថែមឃ្លាំង​នៃ​ចំណេះដឹង​អំពី​ដំណឹងល្អ​នេះ តាមរយៈ​ការសិក្សា​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បី​បង្រៀន​ដោយ​មាន​អំណាច ហើយ​បំពេញ​តាម​គោលបំណង​របស់​ខ្លួន ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

សារៈសំខាន់​នៃ​ការសិក្សា​ដំណឹងល្អ

សូម​បង្ហាញ​រូបភាព​របស់ យ៉ូសែប ស្ម៊ីធ និង បងប្រុស​របស់​លោក ហៃរុម ដល់​សិស្ស រួច​ឲ្យ​ពួកគេ​បើក​ព្រះគម្ពីរ​ទៅ​ គោលលទ្ធិ និង សេចក្តីសញ្ញា ១១ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ​កណ្ឌ​នេះ​ដោយ​ពន្យល់​ថា ខណៈ​ពេល​ដែល យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន បងប្រុស​របស់​លោក ហៃរុម បាន​បែរ​ជា​ចាប់​អារម្មណ៍​នឹង​ការងារ​នោះ ហើយ​មាន​បំណង​ចែកចាយ​សារលិខិត​នៃ​ការស្ដារឡើងវិញ​ជាមួយ​មនុស្ស​ទូទៅ ។ ហៃរុម បាន​ស្នើ​ឲ្យ យ៉ូសែប ទូល​សូម​វិវរណៈ​ជំនួស​ឲ្យ​រូប​លោក ដើម្បី​ស្វែងយល់​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ ចម្លើយ​របស់​ព្រះអម្ចាស់ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១ ។ តាម​ការយល់​ឃើញ​ភាគ​ច្រើន ហៃរុម បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​គ្នា​ទៅ​នឹង​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ដែរ ដែល​កំពុង​ត្រៀមខ្លួន​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នេះ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់ ប្ដូរ​វេន​គ្នា​អាច​ឮៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥–១៧ ទន្ទឹម​នឹង​ពេល​ដែល​សិស្ស​ដទៃ​ទៀត​អាន​តាម ដោយ​ស្វែងរក​ឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ហៃរុម ។ បន្ទាប់មក​សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់ ហៃរុម ឲ្យ « ចាំ​បន្តិច » ពី​មុន​ចែកចាយ​សារលិខិត​នៃ​ដំណឹល្អ​ជាមួយ​មនុស្ស​ទូទៅ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១–២២ និង ២៦ ដោយ​ស្វែងរក​ឱវាទ ដែល​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នា​ពេល​បច្ចុប្បន្ន​នេះ ។

  • តើ​ព្រះអម្ចាស់​បាន​ណែនាំ​ហៃរុម ឲ្យធ្វើ​អ្វីដើម្បី​​ចែកចាយ​សារលិខិត​នៃ​ដំណឹល្អ​ជាមួយ​មនុស្ស​ទូទៅ ? តើ​ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​ព្រះ មាន​ន័យ​ដូចម្ដេច ? តើ​ការទុក​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ចិត្ត​របស់​អ្នក មាន​ន័យ​ដូចម្ដេច ?

  • តើ​ឱវាទ​របស់​ព្រះអម្ចាស់​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អាច​ជួយ​បុគ្គល​ដែល​កំពុង​ត្រៀមខ្លួន​ចេញ​បម្រើ​បេសកកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យ​ផ្សេងៗគ្នា​មែន ក៏​សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​តទៅនេះ ៖ ការសិក្សា​ដំណឹងល្អ រៀបចំ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ប្រកាស​ដំណឹងល្អ​ដោយ​នូវ​ព្រះវិញ្ញាណ និង ព្រះចេស្ដា ) ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ទាំងឡាយ​ដែល « ខំ​ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល [ របស់​ទ្រង់ ] » ?

សូម​ឲ្យ​សិស្ស​បើក​ទៅ ទំព័រ​ទី ១៨៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ដែល​ចាប់ផ្ដើម​ដោយ « សមត្ថភាព​របស់​អ្នក​ដើម្បី​បង្រៀន​ជាមួយ​នឹង​អំណាច » ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​មាន​គំនិត​អ្វី​ខ្លះ​នៅ​ក្នុង​កថាខណ្ឌ​នេះ ដែល​បន្ថែម​សារៈសំខាន់​ទៅ​លើ​ការសិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ចំពោះ​អ្នក​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព ។ ( ការសិក្សា​ព្រះគម្ពីរ​រៀបចំ​អ្នក​ផ្សព្វផ្សាយ​សាសនា ឲ្យ​បង្រៀន​ដំណឹងល្អ​ដោយ​នូវ​ព្រះចេស្ដា ) ។

សូម​ប្រាប់​សិស្ស​ថា ចំណុច​ផ្សេង​ទៀត​ក្នុង​មេរៀន​នេះ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​នៅ​ពេល​សិក្សា​​មេរៀន​នេះ អំពី​របៀប​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ដើម្បី​បង្កើន​អនុភាព​នៃ​ការសិក្សា​ព្រះគម្ពីរ និង ការសិក្សា​ដំណឹងល្អ​របស់​ពួកគេ ។

ការប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា

សូម​ប្រាប់​សិស្ស​ឲ្យ​បើក​ទៅ​ទំព័រ x នៅ​ក្នុង​បុព្វកថា​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ​ទាំង​ពីរ​ក្រោម​ចំណុច « ការសិក្សា​ផ្ទាល់ខ្លួន » ។ បន្ទាប់ពី​ការអាន សូម​សួរ ៖

  • ស្របតាម​ផ្នែក​នេះ តើ​ការប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា អាច​ជួយ​អ្នក​នៅ​ពេល​អ្នក​សិក្សា​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់ ដែល​ត្រូវ​កត់ត្រា​គំនិត ព្រមទាំង​អារម្មណ៍​នានា​ដែល​អ្នក​ទទួល​បាន​អំឡុង​ពេល​ការសិក្សា​ដំណឹងល្អ ?

សូម​គិត​អំពី​ការសួរ​ដល់​សិស្ស​របស់​អ្នក ថាតើ​ពួកគេ​មាន​សៀវភៅ​កំណត់ហេតុ​ការសិក្សា​មួយ​ក្បាល​ដែរ​ឬ​ទេ រួច​សូម​ឲ្យ​សិស្ស​ទាំងឡាយ​ណា​ដែល​មាន ចែកចាយ​អំពី​គុណប្រយោជន៍​ដែល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​នោះ​បាន​ជួយ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចាប់ផ្ដើម​ប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា ក្នុង​ករណី​ដែល​ពួកគេ​ពុំ​ទាន់​មាន​នៅ​ឡើយ​នោះ ។ សូម​រំឭក​ពួកគេ​ថា សៀវភៅ​កំណត់ហេតុ​ការសិក្សា អាច​ជា​សៀវភៅ​កំណត់ហេតុ​ជា​កង​មួយ ឬ​ជា​សៀវភៅ​កំណត់ចំណាំ ឬ​ជា​ក្រដាស​សៀវភៅ​កង​មួយ​ចោះ​ភ្ជាប់​គ្នា​ក៏បាន ។ សិស្ស​ក៏​អាច​ប្រើ ឧបករណ៍​កំណត់ចំណាំ និង សៀវភៅ​កំណត់ហេតុ នៅ​លើ​គេហទំព័រ LDS.org ឬ​កម្មវិធី​កត់ចំណាំ​មួយ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិច​ដែរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​នាំ​យក​សៀវភៅ​កំណត់ហេតុ​ការសិក្សា​មក​ជាមួយ​រាល់​ពេល​មក​រៀន ដើម្បី​កត់ត្រា​គំនិត អារម្មណ៍ និង ចំណេះដឹង​ដែល​ពួកគេ​មាន​ពេល​កំពុង​រៀន ។

ការរៀន​​ដោយ​ព្រះវិញ្ញាណ

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​អាន កថាខណ្ឌ​ទី​ពីរ​នៅ​ទំព័រ​ទី ១៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​ពិភាក្សា​អំពី​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​មាន​បទពិសោធន៍​នៃ​ការៀនសូត្រ​មួយ​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​ព្រះគម្ពីរ ។ បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​កថាខណ្ឌ​នេះ​ហើយ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​គំនិត​សំខាន់​ពីរ​បី​ចេញ​ពី​ការពិភាក្សា​របស់​ពួកគេ ។ អ្នក​អាច​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការសិក្សា​ដោយ « ចិត្ត​ស្មោះ​ស » មាន​ន័យ​ដូចម្ដេច ? (ចិត្ត​ស្មោះ​ស មាន​ន័យ​ថា យើង​មាន​បំណង​គោរព ឬ អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន ។

  • តើ​ការសិក្សា​ដោយ « ចិត្ត​ស្មោះ​ស » និង « ស្រេក​ឃ្លាន​សេចក្ដី​សុចរិត » មាន​អានុភាព​លើ​ការសិក្សា​ដំណឹងល្អ​របស់​បុគ្គល​ម្នាក់​យ៉ាង​ដូចម្ដេច ? ( នៅ​ពេល​សិស្ស​ឆ្លើយ សូម​ពិចារណា​អំពី​ការសួរ​សំណួរ​តាមដាន​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​ចម្លើយ​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ច្រើន ។ ឧទាហរណ៍ ប្រសិនបើ​សិស្ស​ឆ្លើយ​ថា ចិត្ត​ស្មោះ​ស នឹង​ត្រូវបាន​ឆ្លុះបញ្ចាំង​តាម​របៀប​ដែល​បុគ្គល​ម្នាក់​អធិស្ឋាន នោះ​អ្នក​អាច​ឲ្យ​ពួកគេ​ពន្យល់​អំពី​រៀប​ដែល​ការអធិស្ឋាន​របស់​បុគ្គល​ម្នាក់​អាច​នឹង​មាន​ភាព​ខុស​គ្នា ។ ប្រសិនបើ​សិស្ស​ឆ្លើយ​ថា វា​នឹង​បង្ហាញតាម​បំណង​ប្រាថ្នា​របស់​ពួកគេ នោះ​សូម​ឲ្យ​ពួកគេ​បកស្រាយ​លម្អិត​លើ​គំនិត​នោះ ) ។

សូម​ឲ្យ​សិស្ស​បី​នាក់​ដាក់​វេន​គ្នា​អាន​ឮៗ នូវ​កថាខណ្ឌ​ក្នុង​ចំណុច​ក្រោម​ចំណងជើង « រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅ​លើ​ទំព័រ ១៨ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​ឯទៀត​អាន​តាម ហើយ​គូសចំណាំ​ពរជ័យ​ដែល​កើត​មាន​ចំពោះ​យើង នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​រៀន​ដំណឹងល្អ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មាន​ចំពោះ​យើង នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​ការរៀន​​ដំណឹងល្អ ? ( សូម​គិត​អំពី​ការសរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន នៅ​ពេល​សិស្ស​ឆ្លើយ ៖ នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​ការរៀន​ដំណឹងល្អ​របស់​យើង យើង​ទទួលបាន​ពន្លឺ និង ការយល់ដឹង​កាន់តែ​ច្រើន ) ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ពួកគេ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យ​បង្រៀន​ពួកគេ​អំឡុង​ពេល​សិក្សា​ដំណឹងល្អ សូម​អាន ឬ ដាក់​បង្ហាញ​ប្រសាសន៍​ដកស្រង់​ពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ទទួល​ឲ្យ​បាន​កាន់តែ​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដោយសារ​តែ​ដំណឹងល្អ​ត្រូវបាន​ចារ​ក្នុង​ចិត្ត​របស់​អ្នក អ្នក​ត្រូវ​ស្គាល់​ថា​វា​គឺ​ជា​អ្វី ហើយ​ត្រូវ​អភិវឌ្ឍ​ដើម្បី​យល់​វា​ឲ្យ​បាន​កាន់តែ​ពេញលេញ ។ នោះ​មាន​ន័យ​ថា អ្នក​នឹង​សិក្សា​អំពី​វា ។ « នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​មាន​ន័យ​ថា​ជា​អ្វី​មួយ ដែល​ពិសេស​ជាង​ការគ្រាន់​តែ​អាន​ទៅ​ទៀត ។ វា​ជា​រឿង​ល្អ​មួយ ដែល​ពេល​ខ្លះ​អាន​ព្រះគម្ពីរ នៅ​ក្នុង​ពេល​កំណត់​ណាមួយ ដើម្បី​ដឹង​ន័យ​ទូទៅ​នៃ​សារលិខិត​នោះ ប៉ុន្ដែ​ចំពោះ​ការប្រែចិត្តជឿ​វិញ អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ទៅ​លើ​ចំនួន​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ព្រះគម្ពីរ ជាង​គិត​អំពី​ចំនួន​ពេល​វេលា​ដែល​អ្នក​ចំណាយ​ដើម្បី​អាន​នៅ​ក្នុង​ពេល​នោះ ។ ខ្ញុំ​ឃើញ​ថា ពេល​ខ្លះអ្នក​អាន​ពីរបី​ខគម្ពីរ ឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​អំពី​អត្ថន័យ​របស់​វា សូម​អធិស្ឋាន​ដើម្បី​ទទួលបាន​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាង​វិញ្ញាណ រួច​សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សន​វិស័យ​ជ្រៅជ្រះ​ដែល​នឹង​កើតមាន ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ ហើយ​រៀន​សូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​តាម​របៀប​នេះ អ្នក​ប្រហែល​មិន​បាន​អាន​ច្រើន​ជំពូក ឬ ច្រើន​ខគម្ពីរ​នៅក្នុង​រយៈពេល​កន្លះ​ម៉ោង​នោះ​ទេ ប៉ុន្ដែ​អ្នក​នឹង​ទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក » (« When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ ។ ដើម្បី​ទទួលបាន​យោបល់​បន្ថែម​សម្រាប់​ការសិក្សា សូម​មើល រីឆាដ ជី ស្កត « How to Obtain Revelation and Inspiration for Your Personal Life » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៥–៤៧ ។

សូម​ជួយ​សិស្ស​វិភាគ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ដោយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​លើក​ឡើង ដែល​អាច​ដឹកនាំ​ទៅ​រក​ការយល់ដឹង​អំពី​បទគម្ពីរ​ទាំងឡាយ ?

  • តើ​សកម្មភាព​ទាំងនេះ អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​អ្នក​បាន​កាន់តែ​ច្រើន​តាម​របៀប​ណា ?

  • តើ​សកម្មភាព​មួយ ឬ ច្រើន​ក្នុង​ចំណោម​សកម្មភាព​ទាំងនេះ បាន​ជួយ​អ្នក​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​ដំណឹងល្អ​តាម​របៀប​ណា ?

សូម​ពន្យល់​ថា វា​ផ្ដល់​អត្ថប្រយោជន៍​នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ដើម្បី​ឲ្យ​បាន​យល់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយ​យើង ។ សូម​បំបែក​សិស្ស​​គូៗ ( អាច​ជា​ដៃគូ​ដដែល​មក​ពី​សកម្មភាព​មុន​ក៏​បាន ) ។ សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាង​ក្រោម ដាក់​នៅ​លើ​ក្ដារខៀន រួច​សូម​ឲ្យ​សិស្ស​ចម្លង​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ នៅ​លើ​ក្រដាស​មួយ​សន្លឹក ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣, ៩:៧–៨, ១១:១២–១៤ និង ១៣៨:១–២, ១១ ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សិក្សា​វគ្គ​បទគម្ពីរ​ទាំងនេះ រួច​គូស​ចំណាំ​ពាក្យ ឬ ឃ្លា ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយ​យើង ។ ពួកគេ​ក៏​អាច​សរសេរ​កំណត់ចំណាំ​ពីរ​បី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ខ្លួន អំពី​អ្វី​ដែល​ពួកគេ​រៀន​ចេញ​ពី​វគ្គ​បទគម្ពីរ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​ជាមួយ​ដៃគូ​របស់​ខ្លួន អំពី​អ្វី​ដែល​ពួកគេ​បាន​គូសចំណាំ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ព្រមទាំង​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ក្រោយ​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ពាក្យ ឬ ឃ្លា​ណា​ខ្លះ ដែល​អ្នក​បាន​ឃើញ​ថា​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយ​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​អ្នក​​តាម​របៀប​មួយ​ក្នុង​ចំណោម​របៀប​ទាំងនេះ ហើយ​បាន​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​គោលលទ្ធិ ឬ គោលការណ៍​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? តើ​បទពិសោធន៍​ជាក់លាក់​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ទទួល ?

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ ២២ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ ត្រង់​ចំណុច​ខ្មៅ​ទាំង​បួន​ដំបូង​ក្រោម​ចំណងជើង « ការសិក្សា​អំពី​គំនិត និង យោបល់ » ។ សូម​គិត​អំពី​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ចំណុច​ដែល​បាន​ណែនាំ​ទាំងនេះ មាន​អានុភាព​លើ​សមត្ថភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ទូទៅ​ដោយ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​សម្រប​ខ្លួន​ទៅ​តាម​យោបល់​ទាំងនេះ ហើយ​អនុវត្ត​តាម​នា​ពេល​ឥឡូវ​នេះ ក្នុង​នាម​ជា​អ្នក​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​ផ្សព្វផ្សាយ​សាសនា​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការបង្កើន​ជំនាញ និង ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អាច​រួម​ចំណែក​នៅ​ក្នុង​ជោគជ័យ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​ប្រហែល​ជា​លើក​ឡើង​អំពី​គោលការណ៍ មួយ​ដែល​ស្រដៀង​ទៅ​នឹង​គោលការណ៍​នេះ ៖ នៅ​ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អភិវឌ្ឍ​ទម្លាប់​នៃ​ការសិក្សា​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព នោះ​ពួកគេ​នឹង​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ បទពិសោធន៍​របស់​ពួកគេ​នឹង​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ ហើយ​ពួកគេ​នឹង​ត្រៀម​ខ្លួន​បាន​កាន់តែ​រួចរាល់​ដើម្បី​បង្រៀន​ដំណឹងល្អ ) ។

សូម​បែងចែក​សិស្ស​ទាំងឡាយ​ជាក្រុម​ដែល​មាន​គ្នា​បី ឬ បួន​នាក់ ។ សូម​ឲ្យ​ក្រុម​នីមួយៗ បែងចែក​ក្នុង​ចំណោម​ពួកគេ​នូវ​ចំណងជើង​តូច​ទាំង​ប្រាំមួយ​ក្រោម « ការសិក្សា​អំពី​គំនិត និង យោបល់​ នៅ​ទំព័រ ២២–២៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង រួច​ឲ្យ​សមាជិក​ក្រុម​ម្នាក់ៗ សិក្សា​ចំណងជើង​តូច​របស់​គេ​រៀងៗ​ខ្លួន ។ សមាជិក​ក្រុម​ខ្លះ អាច​នឹង​ត្រូវ​សិក្សា​ចំណងជើង​តូច​លើស​ពី​មួយ ។ សូម​ចាត់​ឲ្យ​មាន​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​ក្រុម​នីមួយៗ ដើម្បី​ដឹកនាំ​ការពិភាក្សា​អំពី​អ្វី​ដែល​សមាជិក​ក្រុម​បាន​រៀន និង អ្វី​ដែល​ពួកគេ​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ដំណឹងល្អ​របស់​ពួកគេ កាន់តែ​មាន​អានុភាព និង មាន​ប្រសិទ្ធភាព ។ នៅ​ពេល​ក្រុម​ទាំងអស់​បាន​មាន​ពេល​ពិភាក្សា​គ្រប់គ្រាន់​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​ជំនាញ ឬ ទម្លាប់​នៃ​ការសិក្សា​ទាំងនេះ បាន​ជួយ​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​អនុវត្ត​ដោយ​ផ្ទាល់​នូវ​អ្វី​ដែល​បាន​ពិភាក្សា​ហើយ​នោះ សូម​ចែក​ក្រដាស​ចែក « ទម្លាប់​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន » ដល់​សិស្ស ។ សូម​ឲ្យ​ពេល​ពីរ​បី​នាទី​ដល់​សិស្ស ដើម្បី​ធ្វើ​លំហាត់​ដែល​មាន​នៅ​លើ​ក្រដាសចែក​នោះ ។

Scripture Study handout

បន្ទាប់​ពី​បាន​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត ឬ ការយល់ដឹង​ណាមួយ ដែល​ពួកគេ​ទទួល​បាន​ពី​លំហាត់​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ដោយ​ខ្ជាប់ខ្ជួន ជាមួយ​នឹង​ជំនាញ និង ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​ទៅ​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន ។ សូម​អះអាង​ដល់​ពួកគេ​ថា នៅ​ពេល​ពួកគេ​ធ្វើ​ដូចនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​គំនិត​ពួកគេ ហើយ​ពង្រឹង​ការយល់ដឹង​ពួកគេ​អំពី​ដំណឹងល្អ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បន្ថែម​ទៅ​លើ របៀប ដែល​ពួកគេ​សិក្សា គឺ​ថា​ពេល​វេលា និង អ្វី ដែល​ពួកគេ​សិក្សា​នោះ ក៏​អាច​ជា​កត្តា​ដ៏​សំខាន់​ក្រៃលែង​ក្នុង​ការជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព​ដែរ ។ សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ viii នៅ​ក្នុង​បុព្វកថា​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ហើយ​មើល​ទៅ កាលវិភាគ​ជា​ប្រចាំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​មាន​នៅ​ក្រោម​ចំណុច « ការសិក្សា​ផ្ទាល់ខ្លួន ការសិក្សា​ជាមួយ​ដៃគូ ការប្រជុំ​ក្នុង​មណ្ឌល និង សន្និសីទ​ហ្សូន » ។ បន្ទាប់​មកសូម​សួរ ៖

  • តើ​កាលវិភាគ​ជា​ប្រចាំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​ការមាន​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​នា​ពេល​ឥឡូវ​នេះ អាច​ត្រៀមខ្លួន​អ្នក​ឲ្យ​ធ្វើតាម​កាលវិភាគ​ដ៏​មមាញឹក​នេះ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​យ៉ាង​ដូចម្ដេច ?

ការគូសចំណាំ​ព្រះគម្ពីរ

videoiconប្រសិនបើ​អ្នក​នៅ​សល់​ពេល​គ្រប់គ្រាន់ សូម​គិត​អំពី​ការបង្ហាញ​វីដេអូ « Advice for Studying the Scriptures » ( ២:០៧ ) ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​វិធី​នានា ដែល​ពួកគេ​អាច​កែលម្អ​របៀប​ដែល​ពួកគេ​គូសចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​ខ្លួន ។

បន្ទាប់​ពី​មើល​វីដេអូ​រួច សូម​សួរ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មក​ពី​អែលឌើរ បែដណា ដែល​នឹង​ជួយ​អ្នក​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ?

  • តើ​អ្វី​ជា​គោលបំណង​នៃ​ការគូសចំណាំ​ក្នុង​ព្រះគម្ពីរ ? ( ដើម្បី​ជួយ​អ្នក​ចងចាំ​អ្វី ដែល​អ្នក​បាន​រៀន​ក្រោយ​មក​នៅ​ពេល​អ្នក​ត្រូវការ​វា​ម្ដង​ទៀត ) ។

  • ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់ ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​មាន​របៀប​ចងចាំ​ដ៏​មាន​ប្រសិទ្ធភាព នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ?

រស់នៅ​តាម​អ្វី​ដែល​អ្នក​បាន​រៀន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ នៅ​ក្នុង​កថាខណ្ឌ​ទី​មួយ​ក្រោម​ចំណងជើង « ធ្វើតាម​អ្វី​ដែល​អ្នក​រៀន » នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៩ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នៅ​ក្នុង យ៉ូហាន ៧:១៧ ។ សូម​ជួយ​សិស្ស​ស្វែងរក​គោលការណ៍​មួយ ដែល​មាន​បង្រៀន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង និង យ៉ូហាន ៧:១៧ ដោយ​សួរ ៖

  • តើ​មាន​ភាពខុសគ្នា​ដូចម្ដេច រវាង​ការស្គាល់​បទគម្ពីរ និង ការរស់នៅ​តាម​ការបង្រៀន​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​បទគម្ពីរ ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរតែ​យល់​អំពី​គោលការណ៍​នេះ ៖ នៅ​ពេល​យើង​រស់នៅ​ស្រប​តាម​ការបង្រៀន​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​គោលការណ៍​ទាំងនោះ ថែមទាំង​នឹង​ពង្រឹង​សេចក្ដី​ជំនឿ ចំណេះដឹង និង ទីបន្ទាល់​របស់​យើង​ផង​ដែរ ) ។

ចូរ​ពន្យល់​ថា អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម រួច​សូម​ឲ្យ​សិស្ស​ម្នាក់​ស្ម័គ្រចិត្ត​អាន​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ៖

អែលឌើរ ដេវីឌ អេ បែដណា

ក្នុង​នាម​ជា​អ្នក​រៀន​​ដំណឹងល្អ យើង​គួរតែ​ធ្វើ​ជា ‹ អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ហើយ​កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ › ( យ៉ាកុប ១:២២ ) ។ ដួងចិត្ត​របស់​យើង​បាន​បើក​ទទួល​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដរាប​ណា​ដែល​យើង​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​យើង​ដោយ​សមរម្យ ហើយ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ—ហើយ​តាម​របៀប​នោះ យើង​អញ្ជើញ​ឲ្យ​មាន​អំណាច​ដើម្បី​បង្រៀន និង ដើម្បី​ថ្លែង​ទីបន្ទាល់ ( « Watching with All Perseverance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤២ ) ។

  • តើ​ការធ្វើ​ជា​អ្នក​រស់នៅ​តាម​ព្រះបន្ទូល ពុំ​មែន​គ្រាន់តែ​ជា​អ្នក​ស្ដាប់​នោះ​ឡើយ មាន​ន័យ​ដូចម្ដេច ?

  • តើ​ការប្រព្រឹត្ត « ឲ្យ​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ » ពង្រឹង​ការយល់ដឹង​របស់​យើង​ទៅ​តាម​របៀប​មួយ ដែល​ការគ្រាន់តែ​សិក្សា​មួយ​មុខ​មិន​អាច​ធ្វើ​បាន យ៉ាង​ដូចម្ដេច ?

  • តើ​ការប្រព្រឹត្ត​ឲ្យ​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ បាន​អនុញ្ញាត​ឲ្យ​អ្នក​បង្កើន​ការយល់ដឹង និង ទីបន្ទាល់​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​អ្នក​ព្យាយាម​រស់នៅ​តាម​នោះ យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន កថាខណ្ឌ​ទី​ពីរ​នៅ​ទំព័រ ១៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ខណៈ​ពេល​ដែល​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ដោយ​ស្វែងរក​មធ្យោបាយ​បន្ថែម​ដែល​ការរស់នៅ​តាម​ដំណឹងល្អ មាន​អានុភាព​លើ​ដួងចិត្ត និង សមត្ថភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់ពី​សិស្ស​បាន​អាន​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​មាន​ពរជ័យ​បន្ថែម​អ្វី​ខ្លះ ដែល​កើត​មាន​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា នៅ​ពេល​ពួកគេ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​ពួកគេ​ដឹង​ថា​ជា​ការពិត​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​នេះ ៖ នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​រស់នៅ​តាម​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្កើន​បំណងប្រាថ្នា ព្រមទាំង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ) ។

  • ដោយសារតែ​អ្នក​បាន​ត្រៀមខ្លួន​បម្រើ​បេសកកម្ម តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​បម្រើ​បេសកកម្ម​យ៉ាង​ដូចម្ដេច ?

ការអញ្ជើញ​សាសនាគន់ការី​ឲ្យ​ទៅ​ព្រះវិហារ

អ្នក​ផ្សព្វផ្សាយ​សាសនា​ជួយ​សាសនាគន់ការី ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​រក្សា​ការតាំងចិត្ត ។ ឧទាហរណ៍ សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​សាសនាគន់ការី​ទៅ​ព្រះវិហារ នោះ​ពួកគេ​អាច​ទទួលបាន​វិវរណៈ​កាន់តែ​ច្រើន តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​មាន​បំណង​ខិត​ឲ្យ​កាន់តែ​ជិត​ព្រះ ។ ការទៅ​ព្រះវិហារ​អាច​ជួយ​សាសនាគន់ការី​ពង្រឹង​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​ត្រៀមខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

សូម​បង្ហាញ​អំពី​របៀប​អញ្ជើញ​សាសនាគន់ការី ឲ្យ​ទៅ​ព្រះវិហារ ។ ដំបូង សូម​ចែកចាយ​ដោយ​សង្ខេប​អំពី​ពរជ័យ​ទាំងឡាយ ដែល​កើតមាន​តាមរយៈ​ការទៅ​ព្រះវិហារ ។ បន្ទាប់​មក សូម​ប្រើ​កូន​សៀវភៅ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ការស្ដារឡើងវិញ ( ទំព័រ ២២–២៣ ) ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​កើតឡើង ក្នុង​ពេល​ប្រជុំ​សាក្រាម៉ង់ ។ ក្រោយ​មក សូម​បង្ហាញ​អំពី​របៀប​បន្ត​ការអញ្ជើញ​សាសនាគន់ការី ឲ្យ​ចូលរួម​ការប្រជុំ​នៅ​ឯ​ព្រះវិហារ ។ បន្ទាប់​ពី​អ្នក​បាន​បង្ហាញ​រួច​ហើយ សូម​ឲ្យ​សិស្ស​អនុវត្ត​សម្ដែង​តាម​ជំហាន​ទាំងឡាយ​ជាមួយ​ដៃគូ​របស់​ខ្លួន នូវ​អ្វី​ដែល​អ្នក​បាន​បង្ហាញ ។ សូម​​ឲ្យ​ពួកគេ​ដាក់​វេន​គ្នា​ចែកចាយ​ដោយ​សង្ខេបៗ អំពី​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ការទៅ​ចូលរួម​ព្រះវិហារ ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​កើតឡើងនៅ​ពេល​ប្រជុំ​សាក្រាម៉ង់ និង ដើម្បី​អញ្ជើញ​មនុស្ស​ម្នាក់​ឲ្យ​មក​ព្រះវិហារ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​មាន​នៅ​ក្នុង​មេរៀន​នេះ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ឲ្យ​សិស្ស​ដាក់​អាទិភាព​លើ​ការសិក្សា​ដំណឹងល្អ​ផ្ទាល់ខ្លួន ទន្ទឹម​នឹង​ពេល​ដែល​ពួកគេ​រៀបចំ​ខ្លួន​ចេញ​បម្រើ​បេសកកម្ម​នោះ ។ សកម្មភាព​ដែល​បាន​ណែនាំ​ខាង​ក្រោម​នេះ អាច​ជួយ​សិស្ស​ផ្ដោត​សំខាន់​ទៅ​លើ​ការរៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ ៖

  • បង្កើត​ទម្លាប់​នៃ​ការសិក្សា​ដំណឹងល្អ​ជា​ប្រចាំ រួមមាន​ការសិក្សា និង ការពិចារណា​លើ​ព្រះគម្ពីរ​មរមន ។

  • អធិស្ឋាន​នៅ​ពេល​ចាប់ផ្ដើម​ការសិក្សា​ដំណឹងល្អ​ផ្ទាល់ខ្លួន ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ជួយ​អ្នក ។ ប្រសិនបើ​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ដូចនេះ​ទេ សូម​ចាប់ផ្ដើម​ប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា នៅ​អំឡុង​ពេល​ការសិក្សា​ដំណឹងល្អ​ផ្ទាល់ខ្លួន​របស់​អ្នក ។

  • សូម​ជ្រើសរើស​ចំណុច​មួយ​ចេញ​ពី គំនិត និង យោបល់​សម្រាប់​ការសិក្សា ដែល​មាន​នៅ ទំព័រ ២២–២៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ហើយ​បញ្ចូល​វា​ទៅ​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។

ក្រដាស​ចែក

ក្រដាស​ចែក ការសិក្សា​ព្រះគម្ពីរ