ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ៖ ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ភាគ ១ )


១៣

ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ភាគ ១ )

សេចក្ដីផ្ដើម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួម​បញ្ចូល​ទាំង​គោលលទ្ធិ គោលការណ៍ ក្រឹត្យវិន័យ សេចក្តីសញ្ញា និង ពិធីបរិសុទ្ធ​ដ៏​អស់កល្ប ដែល​តម្រូវ​ឲ្យ​មនុស្ស​លោក​ទទួល​យក​ដើម្បី​បាន​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ ហើយ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ គោលការណ៍ ទីមួយ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​មាន​ដូចជា ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក​ដោយ​ការពន្លិច និង អំណោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ អ្នក​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា គួរតែ​ត្រៀមខ្លួន​ជួយ​សាសនាគន់ការី​ឲ្យ​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ពីមុន​ពួកគេ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការរៀបចំ​ទុក​ជា​មុន

  • សូម​សិក្សា ម៉ូសាយ ៣:១៩, ៤:១–៣, ៥:២ និង អាលម៉ា ៣៦ ។

  • សូម​សិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ៦០-៦៣ ។

  • សូម​រៀបចំ​បង្ហាញ​រូបភាព ការប្រែចិត្តជឿ​របស់​អាលម៉ា​ជា​កូន (សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៧៧ ) ឬ រូបភាព​ស្រដៀង​នឹង​នេះ ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « Jesus Christ Is the Way » ( នាទី​ទី ៥:០២ ) ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

  • សូម​ថតចម្លង​ក្រដាសចែក​ចំណងជើង « ការប្រែចិត្ត » ដែល​មាន​នៅ​ចុង​មេរៀន​នេះ ដើម្បី​ប្រើ​ជាមួយ​គំនិត​សម្រាប់​ការបង្រៀន​អំពី​ការប្រែចិត្ត ( ធ្វើ​ក៏​បាន​មិន​ធ្វើ​ក៏​បាន ) ។

យោបល់​សម្រាប់​ការបង្រៀន

តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​ស្អាតស្អំ​ពី​អំពើបាប

ដើម្បី​ជួយ​សិស្ស​ត្រៀមខ្លួន​រៀន​ចេញ​ពី​មេរៀន​នេះ សូម​សរសេរ​សំណួរ​នេះ​នៅ​លើ​ក្ដារខៀន​ពីមុន​ចាប់ផ្ដើម​បង្រៀន ៖

តើ​បទដ្ឋាន​ត្រឹមត្រូវ និង មិន​ត្រឹមត្រូវ​របស់​លោកិយ ខុស​គ្នា​ទៅ​នឹង​បទដ្ឋាន​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​ចាប់ផ្ដើម​បង្រៀន​ហើយ សូម​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។ បន្ទាប់​ពី​សិស្ស​ពីរបី​នាក់​បាន​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ « អំពើបាប » នៅ​ទំព័រ ៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់​មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​សំខាន់​ដែល​សាសនាគន់ការី​ត្រូវ​យល់​ថា​អំពើបាប​គឺ​ជា​អ្វី និង លទ្ធផល​របស់​វា ពីមុន​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម ដាក់​នៅ​លើ​ក្ដារខៀន រួច​ឲ្យ​សិស្ស​ស្វែងរក​ចម្លើយ​នៅ​ពេល​ពួកគេ​សិក្សា​អំពី​ចំណុច « តាមរយៈ​ព្រះគ្រីស្ទ​យើង​អាច​ជ្រះ​ស្អាត​ពី​អំពើបាប នៅ​ទំព័រ ៦១–៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖

តើ​សេចក្ដីពិត​ណា​ខ្លះ ដែល​មាន​បង្រៀន​នៅ​ក្នុង​ចំណុច​នេះ​ដែល​អាច​ជួយ​សាសនាគន់ការី ឲ្យ​មាន​បំណងប្រាថ្នា​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ?

បន្ទាប់ពី​ទុកពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​អាន​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ។ ចម្លើយ​របស់​ពួកគេ​អាច​រួមមាន​សេចក្ដីពិត​ដួច​ខាង​ក្រោម ៖

  • ព្រះ​បាន​បញ្ជូន​បុត្រា​ដ៏​ជា​ទីស្រឡាញ់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មក​កាន់​ពិភពលោក​នេះ ដើម្បី​ឲ្យ​យើង​អាច​មាន​លទ្ធភាព​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​វិញ​បន្ទាប់​ពី​យើង​បាន​ស្លាប់​ទៅ ។

  • តាមរយៈ​ព្រះគុណ និង សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះប៉ុណ្ណោះ ទើបយើង​អាច​បាន​ស្អាត​ពី​អំពើបាប​បាន ។

  • តាមរយៈ​ដង្វាយធួន និង ការមាន​ព្រះជន្មរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​លោក​ទាំងអស់​នឹង​ត្រូវបាន​នាំ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះអម្ចាស់​វិញ ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។

  • គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ។

  • ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​របស់​​​យើង ហើយ​រង​ទុក្ខ​ជំនួស​អំពើ​បាប​យើង ។

  • ព្រះយេស៊ូវគ្រីស្ទ​អត់ទោស​អំពើបាប​របស់​យើង នៅ​ពេល​យើង​ទទួល​យក​ទ្រង់ ប្រែចិត្ត ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

បន្ទាប់​មក សូម​ផ្ដល់​ពេលវេលា​​ឲ្យ​សិស្ស​បន្តិច​ដើម្បី​សិក្សា ឬ គូសចំណាំ​វគ្គបទគម្ពីរ​មួយ​ចំនួន ដែល​មាន​រាយ​ក្នុង​បញ្ជី នៅ​ក្នុង​កថាខណ្ឌ​ដែល​ពួកគេ​ទើបតែ​បាន​អាន ឬ នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ដែល​បង្ហាញ​អំពី​គោលការណ៍​នានា​ដែល​ពួកគេ​ទើបតែ​បាន​រកឃើញ ។ សូម​គិត​ដល់​ការឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ជ្រើសរើស​វគ្គបទគម្ពីរ​នៅ​ក្នុង​កថាខណ្ឌ​ដែល​ពួកគេ​ទើបតែ​បាន​អាន និង សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ជ្រើសរើស​វគ្គបទគម្ពីរ​នៅ​ក្នុង​ប្រអប់​ការសិក្សា​ព្រះគម្ពីរ ។ សូម​ឲ្យ​សិស្ស​ត្រៀមខ្លួន​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​វគ្គបទគម្ពីរ​នេះ​មួយ ឬ ច្រើន ដើម្បី​ជួយ​សាសនាគន់ការី​យល់ ហើយ​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ដើម្បី​ជួយ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប ។ បន្ទាប់ពី​​ពីរ​បីនាទី​មក សូម​ឲ្យ​សិស្ស​ពីរបី​នាក់ ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សេចក្តី​ជំនឿលើ​ព្រះ​យេស៊ូវ​គ្រីស្ទ

សូម​រំឮក​ជាមួយ​សិស្ស​អំពី សេចក្ដីថ្លែង​ស្ដីពី​គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា « គោលបំណង​របស់​អ្នក » នៅ​ទំព័រ ១ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • តើ​មាន​ភាពខុសគ្នា​ដូចម្ដេច​រវាង (១) ការជួយ​នរណាម្នាក់​ឲ្យ « មករក​ព្រះគ្រីស្ទ » ហើយ​ប្រែចិត្តជឿ​ទៅ​លើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ និង (២) ការគ្រាន់តែ​ជួយ​នរណាម្នាក់​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​សាសនាចក្រ ?

  • ហេតុអ្វី​បាន​ជា​វា​កាន់តែ​សំខាន់​ទៅ​ទៀត​ដែល​អ្នក​ផ្សព្វផ្សាយ​ត្រូវ​ជួយ​មនុស្ស​ឲ្យ​មក​រក​ព្រះគ្រីស្ទ ប្រសើរ​ជាង​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ?

សូម​ឲ្យ​សិស្ស​សិក្សា​កថាខណ្ឌ​ទី​មួយ នៅ​ក្នុង​ចំណុច​ក្រោម​ចំណងជើង « សេចក្ដី​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ » នៅ​ទំព័រ ៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ នៅ​ពេល​ពួកគេ​សិក្សា សូម​ឲ្យ​សិស្ស​ស្វែងរក​របៀប​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ក្លាយ​ជា​អ្នក​ប្រែចិត្តជឿ​លើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ បន្ទាប់មក សូម​សួរ ៖

  • ចេញ​ពី​អ្វី​ដែល​អ្នក​បាន​អាន តើ​ការមាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​ដូចម្ដេច ?

  • តើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​មនុស្ស​ម្នាក់​ឲ្យ​ប្រែចិត្តជឿ​លើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​នៅ​លើ​ក្ដារខៀន ៖ សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នាំ​ទៅ​រក​ការប្រព្រឹត្ត ។ សូម​ឲ្យ​សិស្ស​បញ្ចប់​នៅ​ក្នុង​ចំណុច « សេចក្ដីជំនឿ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ » នៅ​ទំព័រ ៦២–៦៣ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ នៅ​ពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​គូសចំណាំ​ការប្រព្រឹត្ត​មួយ​ចំនួន ដែល​បង្ហាញ​អំពី​សេចក្ដីជំនឿ​របស់​បុគ្គល​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ លុះ​ពីរ​បី​នាទី​ក្រោយ​មក សូម​សួរ ៖

  • តើ​ការប្រព្រឹត្ត​ណា​ខ្លះ ដែល​អាច​បង្ហាញ​ថា សាសនាគន់ការី​កំពុង​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយ​អាច​រួមមាន ៖ ការប្រែចិត្ត ការរៀន និង ការប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ការចៀសវាង​ពី​អំពើបាប ការអធិស្ឋាន​ទូល​សុំ​ភាពរឹងមាំ​ដើម្បី​ឈ្នះ​លើ​ការល្បួង ការរៀន​អំពី​ព្រះបន្ទូល​របស់​ព្រះ និង ការរក្សា​ការតាំងចិត្ត​ក្នុង​ការធ្វើតាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ) ។

  • យោងតាម​អ្វី​ដែល​អ្នក​បាន​អាន នៅ​ពេល​យើង​ប្រើ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ តើ​ទ្រង់​ប្រទានពរ​ដល់​យើង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​អាច​រួម​មាន ៖ ទ្រង់​ប្រទាន​អំណាច​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​ក្នុង​ជីវិត ទ្រង់​ជួយ​យើង​ផ្លាស់ប្ដូរ​បំណង​នៃ​ដួងចិត្ត ទ្រង់​ប្រោស​យើង​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​ទាំងឡាយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ខ្លួន ៖

  • តើ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​របៀប​ដែល​មាន​ពិពណ៌នា​នៅ​ក្នុង​ចំណុច​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ទៀត ដើម្បី​បង្ហាញ​ឲ្យ​បាន​កាន់តែ​ច្បាស់​ថា អ្នក​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​ទាំងអស់​រៀបចំ​មេរៀន​រយៈពេល​ពីរបី​នាទី អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​ពួកគេ​រៀបចំមេរៀន សូម​ឲ្យ​សិស្ស​ប្រើ​ធនធាន​ដែល​មាន​នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង នៅ​ទំព័រ ៦២–៦៣ រួម​ទាំង​វគ្គបទគម្ពីរ​ចេញ​ពី​ប្រអប់ ការសិក្សា​ព្រះគម្ពីរ ។ សិស្ស​ក៏​អាច​ប្រើ​កូនសៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណងជើង ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ បន្ទាប់​ពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ហើយ សូម​ចាត់​ដៃគូ​ជា​ក្រុមៗ​ដែល​មាន​សមាជិក​បួន​នាក់ ( ពីរ​ដៃគូ​ក្នុង​ក្រុម​នីមួយៗ ) ។ សូម​ចាត់​ដៃគូ​មួយ​ឲ្យ​បង្រៀន​ដៃគូ​មួយ​ទៀត ។ សូម​ពន្យល់​ថា​ពួកគេ​គួរតែ​ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន ហើយ​សាមញ្ញ និង ច្បាស់លាស់​នៅ​ពេល​ពួកគេ​បង្រៀន ។

នៅ​ពេល​សិស្ស​បញ្ចប់​បទ​ពិសោធន៍បង្រៀន​របស់​ពួកគេ​ហើយ សូម​ឲ្យ​ក្រុម​តូចៗ​ពិភាក្សាគ្នា​អំពី​អ្វី​ដែល​បាន​ដំណើរការ​ទៅ​ដោយ​រលូន អំពី​អ្វី​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា​មាន​ការលំបាក​ក្នុង​បង្រៀន​ព្រមទាំង​មូលហេតុ​របស់​វា និង អំពី​របៀប​ដែល​ការបង្រៀន​របស់​ពួកគេ​បាន​ជួយ​ដល់​អ្នក​ដែល​ពួកគេ​បង្រៀន​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ក្រោយ​មក សូម​ប្ដូរ​តួនាទី ហើយ​អនុញ្ញាត​ឲ្យ​ដៃគូ​មួយ​ទៀត​បង្រៀន ។ សូម​ប្រាកដ​ថា អ្នក​ក៏​ផ្ដល់​ពេល​ឲ្យ​ពួកគេ​ទទួល​មតិកែលម្អ​ដែរ ។

នៅ​ចុង​បញ្ចប់​នៃ​សកម្មភាព​អនុវត្ត​នេះ សូម​សួរ​សិស្ស​ថាតើ​ពួកគេ​មាន​ចម្ងល់​អ្វី​ខ្លះ ឬ ថាតើ​ពួកគេ​បាន​បង្កើន​ការយល់ដឹង​ដូចម្ដេច​ខ្លះ ។ ប្រសិនបើ​សិស្ស​ស្ទាក់ស្ទើរ​ក្នុង​ការឆ្លើយ​ អ្នក​អាច​សួរ​ថា « តើ​អ្នក​ចូលចិត្ត​អ្វី​ខ្លះ អំពី​អ្វី​ដែល​អ្នក​បាន​ឮ​ពី​មនុស្ស​ដែល​អ្នក​បាន​បង្រៀន ? សូម​សួរ​ថាតើ​មាន​សិស្ស​ណា​ខ្លះ ចង់​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់ អំពី​បទពិសោធន៍​មួយ​ចេញ​ពី​ជីវិត​របស់​ពួកគេ​នៅ​ពេល​ពួកគេ​ត្រូវបាន​ប្រទានពរ ដោយសារ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ។

ការប្រែចិត្ត

សូម​បង្ហាញ​រូបភាព អាលម៉ា និង បុត្រា​របស់​ម៉ូសាយ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៧៧ ) រួច​ឲ្យ​សិស្ស​សង្ខេប​យ៉ាង​ខ្លី​អំពី​ដំណើររឿង​នៃ​ការប្រែចិត្តជឿ​របស់​អាលម៉ា​ជា​កូន ( សូម​មើល អាលម៉ា ៣៦:៦–២៤ ) ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ដាក់​វេន​គ្នា​អានៗ​នៅ​ក្នុង អាលម៉ា ៣៦:១៣, ១៧–២១ និង ២៣–២៥ ។

ទេវតា​ជាមួយ​នឹង​អាលម៉ា និង បុត្រា​របស់​ម៉ូសាយ

បន្ទាប់​មក សូម​សួរ ៖

  • តើ​អាលម៉ា​បាន​បង្ហាញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​បាន​កើតឡើង​ជា​លទ្ធផល​មក​ពី ការបង្ហាញ​សេចក្ដី​ជំនឿ​របស់​អាលម៉ា ?

  • តើ​លទ្ធផល​មក​ពី​ការប្រែចិត្ត​ដ៏​ស្មោះ​របស់​អាលម៉ា ស្ដែង​ចេញ​ជា​អ្វី​ខ្លះ ?

សូម​ផ្ដល់​ពេលវេលា​បន្តិច​ឲ្យ​សិស្ស​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ខ្លួន នូវ​ឃ្លា​មួយ​ប្រយោគ​អំពី​និយមន័យ​នៃ​ការប្រែចិត្ត ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​អាន​ប្រយោគ​របស់​ពួកគេ​ដល់​មិត្ត​រួម​ថ្នាក់ ។ ដើម្បី​ជួយ​សិស្ស​ចងចាំ​នៅ​ក្នុង​គំនិត​របស់​ខ្លួន​អំពី​និយមន័យ​ដ៏​សាមញ្ញ​នៃ​ការប្រែចិត្ត សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

« នៅ​ពេល​យើង​ប្រព្រឹត្ត​បាប យើង​បែក​ឆ្ងាយ​ចេញ​ពី​ព្រះ ។ នៅ​ពេល​យើង​ប្រែចិត្ត យើង​ត្រឡប់​មក​រក​ព្រះ​វិញ ។ …

« … ការប្រែចិត្ត​គឺ​ជា​ការបែក​ឆ្ងាយ​ពី​កិច្ចការ​មួយ​ចំនួន​ដូចជា ភាពមិនស្មោះត្រង់ ភាពឆ្មើងឆ្មៃ សេចក្ដីក្រោធ និង គំនិត​មិន​ស្អាតស្អំ ហើយ​បែរ​ទៅ​រក​កិច្ចការ​មួយ​ចំនួន​វិញ​មាន​ដូចជា ការ​មាន​សណ្ដានចិត្ត​ល្អ ភាពមិនអាត្មានិយម ការអត់ធ្មត់ និង ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ ។ វា​គឺ​ជា « ការត្រឡប់​ទៅ​រក​ព្រះ » វិញ ( « Repent … That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។

  • តើ​និយមន័យ​ដ៏​សាមញ្ញ​នេះ អាច​ជួយ​អ្នក​ឲ្យ​ពន្យល់​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​បាន​យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយរួច សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ ការប្រែចិត្ត​គឺ​ជា​ការត្រឡប់​ទៅ​រក​ព្រះ​វិញ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដំណើរការ និង លទ្ធផល​នៃ​ការប្រែចិត្ត សូម​គិត​ដល់​ការឲ្យ​សិស្ស​សិក្សា ម៉ូសាយ ៣:១៩, ៤:១–៣ និង ៥:២ ។ នៅ​ពេល​ពួកគេ​សិក្សា សូម​ឲ្យ​សិស្ស​ស្វែងរក​ពាក្យ និង ឃ្លា​ដែល​ជួយ​កំណត់​អត្ថន័យ​ថាតើ​ការប្រែចិត្ត​មាន​ន័យ​ដូចម្ដេច ? បន្ទាប់​ពី​បាន​ទុក​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ពន្យល់​ដល់​មិត្ត​រួម​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ថា​ប្រជារាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន​បាន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​បាន​ទទួល​ការអត់ទោស​នៅ​ទី​បំផុត ?

សូម​ចែក​ក្រដាស​ដែល​មាន​តារាង​ដូចខាងក្រោម ឬ គូរ​តារាង​នេះ​នៅ​លើ​ក្ដារខៀន រួច​ឲ្យ​សិស្ស​ចម្លង​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

ក្រដាសចែក​ការប្រែចិត្ត

តើ​ការប្រែចិត្ត​គឺ​ជា​អ្វី ?

តើ​យើង​ប្រែចិត្ត​តាម​របៀប​ណា ?

តើ​ផលផ្លែ ឬ ភស្ដុតាង​នៃ​ការប្រែចិត្ត​គឺ​ជា​អ្វី ?

ផ្លាស់ប្ដូរ​ក្នុង​គំនិត ជំនឿ អាកប្បកិរិយា



មាន​អារម្មណ៍​វិប្បដិសារី និង សោកស្ដាយ​ដ៏​ធំ



ទទួល​យក​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ



សូម​ឲ្យ​សិស្ស​សិក្សា​ចំណុច​ក្រោម​ចំណងជើង « ការប្រែចិត្ត » នៅ​ទំព័រ ៦៣–៦៤ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ នៅ​ពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​បំពេញ​តារាង​របស់​ពួកគេ ក្រដាស​ចែក​ដោយ​ប្រើ​ពាក្យ ឃ្លា ឬ ប្រយោគ​ចេញ​ពី ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ ដើម្បី​ជួយ​សិស្ស​ឃើញ​ប្រភេទ​នៃ​ឃ្លា​ដែល​ពួកគេ​អាច​សរសេរ​បញ្ចូល មាន​ឧទាហរណ៍​មួយ​ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​តារាង​នីមួយៗ ។ នៅ​ពេល​ធ្វើ​ចប់​ហើយ តារាង​របស់​ពួកគេ​អាច​មើល​ទៅ​ដូច​ខាង​ក្រោម ៖

តើ​ការប្រែចិត្ត​គឺ​ជា​អ្វី ?

តើ​យើង​ប្រែចិត្ត​តាម​របៀប​ណា ?

តើ​ផលផ្លែ ឬ ភស្ដុតាង​នៃ​ការប្រែចិត្ត​គឺ​ជា​អ្វី ?

ផ្លាស់ប្ដូរ​ក្នុង​គំនិត ជំនឿ អាកប្បកិរិយា

ការយល់ឃើញ​ថ្មី​អំពី​ខ្លួន​ឯង ព្រះ និង ពិភពលោក

ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សមស្រប​ទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះ

បែរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អំពើបាប ហើយ​កុំ​ប្រព្រឹត្ត​វា​ទៀត​ឲ្យ​សោះ ។

ព្យាយាម​កែប្រែ​ពី​អំពើ​រំលង ហើយ​ពង្រីកពង្រឹង​បន្ថែម​ជានិច្ច ។

មាន​អារម្មណ៍ថា​មាន​វិប្បដិសារី និង សោកស្ដាយ​ដ៏​ធំ

បញ្ឈប់​អំពើ​ខុស​ឆ្គង​ទាំងឡាយ

បន្ត​ធ្វើ​អំពើ​ដ៏​ត្រឹមត្រូវ

ទទួល​ស្គាល់​អំពើបាប

សារភាព​អំពើបាប

សូម​ការអភ័យទោស​បាប

ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​អាច​បណ្ដាល​មក​ពី​ទង្វើ​របស់​យើង

ចៀសវាង​ពី​បំណង​ចង់​ប្រព្រឹត្ត​បាប

បង្កើន​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ ពង្រីក​ការចេះដឹង បម្រើ

បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដោយ​ការគោរពប្រតិបត្តិ

ទទួល​យក​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ

ការយល់ឃើញ​អំពី​ខ្លួន​ឯង ហើយ​ពិភពលោក​ផ្លាស់ប្ដូរ

យល់​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ

បំណងប្រាថ្នា​ចង់​ដើរតាម​ព្រះ រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង

ទទួល​អារម្មណ៍​ថា​បាន​អត់ទោស​ពី​ព្រះ

ទទួល​អារម្មណ៍​ថា​មាន​ភាពសុខសាន្ត​ពី​ព្រះ

កំហុស និង ការឈឺចាប់​រលាយ​សាបសូន្យ​អស់​ទៅ ។

ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​បរិបូរ​ណ៍​ក្រៃលែង

ត្រៀមខ្លួន​កាន់តែ​រួចរាល់​ដើម្បី​ទៅ​រស់នៅ​ជាមួយ​ព្រះ និង ព្រះយេស៊ូវគ្រីស្ទ

ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ

មាន​​អំណរ

បន្ទាប់​ពី​​ឲ្យពេល​សិស្ស​​គ្រប់គ្រាន់​ដើម្បី​បំពេញ​តារាង​ខ្លួន​ហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​ជាមួយ​គ្នា​អំពី​ឃ្លា និង ពាក្យ​ដែល​ពួកគេ​បាន​សរសរ​បញ្ចូល​ទៅ​ក្នុង​តារាង​របស់​ពួកគេ ។ សូម​គិត​ដល់​ការសួរ​សំណួរ​មួយ​ចំនួន ឬ ទាំងអស់​ខាង​ក្រោម​នេះ ដើម្បី​ពង្រឹង​ការយល់ដឹង​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​បាន​អាន ៖

  • តើ​គោលការណ៍​ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង​តារាង​ទីមួយ និង ទីពីរ អាច​ជួយ​អ្នក​ដឹង​ថាតើ​សាសនាគន់ការី​ពិតជា​កំពុង​ប្រែចិត្ត​តាមរបៀប​ណា ?

  • យោង​តាម​អ្វី​ដែល​អ្នក​បាន​សរសរ​នៅ​ក្នុង​តារាង​ទី​បី តើ​ពរជ័យ​អ្វី​ខ្លះ ដែល​បាន​មក​ពី​ការប្រែចិត្ត បន្ថែម​ពី​លើ​ការទទួល​បាន​ការអត់ទោសបាប ?

  • សូម​ពិចារណា​អំពី​អ្វីៗ​ដែល​មាន​នៅ​ក្នុង តារាង​ទីមួយ និង ទីបី ។ ហេតុអ្វី​បាន​ជា​យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ប្រសិនបើ​ការណ៍​ទាំង​នេះ​ពិតជា​កំពុង​កើតឡើង​មែន​នោះ ?

នៅ​ពេល​សិស្ស​ឆ្លើយ អ្នក​អាច​ចង្អុល​បង្ហាញ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ដំណឹងល្អ​ដើម្បី​ជួយ​មនុស្ស​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជំរុញ​ចិត្ត​ឲ្យ​ពួកគេ​ប្រែចិត្ត ។ សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ និង ការប្រែចិត្ត​គឺ​ជា​លក្ខខណ្ឌ​ដើម្បី​ឆ្ពោះ​ទៅ​រក​ដង្វាយធួន ។ ការប្រែចិត្ត​ក៏​នឹង​ជួយ​សាសនាគន់ការី ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ ដើម្បី​រៀបចំ​សិស្ស​ឲ្យ​អនុវត្ត​ការបង្រៀន​អំពី​ការប្រែចិត្ត សូម​ចែកចាយ​សេណារីយ៉ូ​​ដូច​ខាង​ក្រោម​ជាមួយ​សិស្ស ៖

អ្នក និង ដៃគូ​របស់​អ្នក បាន​បង្រៀន​មិត្តរួម​ថ្នាក់​ចំនួន​ពីរ​នាក់​អស់​រយៈ​ពេល​ប្រហែល​បី​សប្ដាហ៍ ។ ម្នាក់​ក្នុង​ចំណោម​ពួកគេ រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ។ មិត្តរួម​ថ្នាក់​ដទៃ​ទៀត ហាក់ដូចជា​បាត់បង់​ចំណាប់​អារម្មណ៍ ហើយ​បាន​ចាកចេញ​ពី​ថ្នាក់​រៀន​នៅ​ពេល​អ្នក​ចាប់ផ្ដើម​បង្រៀន ។ នៅ​ទីបំផុត នៅ​ពេល​អ្នក​មាន​ឱកាស​សួរ​សំណួរ​មិត្តរួមថ្នាក់​ដែល​ពុំ​ចាប់​អារម្មណ៍​នោះ គាត់​ពន្យល់​ថា គាត់​ដឹង​ថា​សព្វថ្ងៃ​នេះ គាត់​ពុំ​រស់នៅ​ស្រប​តាម​ព្រះហឬទ័យ​ព្រះ​នោះ​ទេ ប៉ុន្តែ​គាត់​បាន​រស់នៅ​ដូចនេះ​ពេញ​មួយ​ជីវិត​ហើយ ថែមទាំង​បាន​កំណត់​ផ្នត់​គំនិត​មួយ​ថា​គាត់​គឺ​ជា​មនុស្ស​បែប​នេះ​ហើយ គ្មាន​អ្វី​ច្រើន​ទៀត​ដែល​អាច​កែប្រែ​បាន​ឡើយ ។

សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​ដៃគូ​នីមួយៗ រៀបចំ​របៀប​ដែល​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្រៀន​ដៃគូ​មួយ​ទៀត ក្នុង​រយៈពេល​ខ្លី​តែ​បី​ទៅ​បួន​នាទី អំពី​ការប្រែចិត្ត ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ត្រៀមខ្លួន​សម្ដែង​ការបង្រៀន​ដល់​មិត្តរួម​ថ្នាក់​នៅ​ក្នុង​ទិដ្ឋភាព​ដែល​បាន​លើកឡើង ។ សូម​ពន្យល់​ថា ការបង្រៀន​របស់​ពួកគេ​គួរតែ​សាមញ្ញ ច្បាស់លាស់ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​តម្រូវការ​របស់​មិត្តរួមថ្នាក់ ។ ពួកគេ​គួរតែ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​មិត្តរួមថ្នាក់​ដែល​ពុំ​ចាប់​អារម្មណ៍​នោះ ឲ្យយល់​អំពី​មូលហេតុ​ដែល​គាត់​ត្រូវ​កែប្រែ ហើយ​អំពី​របៀប​ជួយ​គាត់​ឲ្យ​ទទួលស្គាល់​ថា ដោយ​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ ការប្រែចិត្ត​អាច​កើត​មាន​ឡើង​បាន ។ សូម​ឲ្យ​សិស្ស​ប្រើ​ធនធាន​នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើងទំព័រ ៦៣–៦៤ ឬ កូន​សៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណងជើង ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បញ្ចូល​វគ្គបទគម្ពីរ​មួយ ឬ ពីរ ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការប្រែចិត្ត ។

សូម​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ដោយ​មាន​ដៃគូ​ចំនួន​ពីរ​ក្នុង​ក្រុម​នីមួយៗ ។ សូម​ចាត់តាំង​ដៃគូ​មួយ​ឲ្យ​បង្រៀន​ដៃគូ​មួយ​ទៀត ដែល​នឹង​ដើរតួ​ជា​មិត្ត​រួម​ថ្នាក់​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ទិដ្ឋភាព​នោះ ។ សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​ដើរតួ​ជា​សាសនាគនការី ពួកគេ​គួរតែ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការបង្ហាញ​កង្វល់​ដែល​អាច​មាន​ដោយ​ស្មោះត្រង់ ប៉ុន្តែ​មិនគួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សោកនាដកម្ម ឬ ជម្លោះ​ដល់​សិស្ស​ដែល​ជា​អ្នក​បង្រៀន​នោះ​ឡើយ ។

នៅ​ពេល​សិស្ស​បញ្ចប់​ការបង្រៀន​របស់​ខ្លួន សូម​ឲ្យ​ក្រុម​ពិភាក្សា​ក្នុង​ចំណោម​ពួកគេ​អំពី​អ្វី​ដែល​ដំណើរការ​ដោយ​រលូន និង អ្វី​ដែល​គ្រូ​អាច​ជួយ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។

ក្រោយមក សូម​ឲ្យ​សិស្ស​ប្ដូរ​តួនាទី​គ្នា ដើម្បី​ឲ្យ​ដៃគូ​មួយ​ទៀត​មាន​ឱកាស​បង្រៀន​សិស្ស​ដែល​បាន​មាន​បទពិសោធន៍​បង្រៀន​រួច​ហើយ​ម្ដង ។ សូម​ប្រាកដ​ថា ពួកគេ​មាន​ពេល​វេលា​ទទួល​មតិកែលម្អ ។

បន្ទាប់​ពី​បាន​ដើរតួ​សម្ដែង​ហើយ សូម​សួរ​ថាតើ​សំណួរ ឬ ការយល់ដឹង​បែប​ណា​ដែល​ពួកគេ​ទទួល​ពី​បទពិសោធន៍​នៃ​ការបង្រៀន​នោះ ។

videoiconដើម្បី​ជួយ​សិស្ស​ដឹង​សេចក្ដីពិត និង សារៈសំខាន់​នៃ​ការប្រែចិត្ត គឺ​ជា​ការដែល​មនុស្ស​ត្រឡប់​ទៅ​រក​ព្រះ​វិញ សូម​បង្ហាញ​វីដេអូ « Jesus Christ Is the Way » ( នាទី​ទី ៥:០២ ) ។

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​មាន​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​នៅ​ក្នុង​វីដេអូ​នេះ ដែល​បង្ហាញ​ថា​បងស្រី​រូប​នេះ​បាន​កែប្រែ​តាមរយៈ​ការប្រែចិត្ត ហើយ​ថា​គាត់​បាន​ត្រឡប់​ទៅ​រក​ព្រះ​វិញ ?

  • តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​អ្នក​បាន​ឃើញ​របៀប​ដែល​សារលិខិត​នៃ​ដំណឹងល្អ​បាន​ជួយ​បងស្រី​រូប​នេះ​កែប្រែ ហើយ​ត្រឡប់​ទៅ​រក​ព្រះ​វិញ ?

សូម​បញ្ចប់​ការបង្រៀន​ដោយ​សួរ​សិស្ស​ថាតើ​មាន​នរណា​ម្នាក់ដែល​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ ការប្រែចិត្ត និង ឬ​ចង់​ថ្លែង​អំពី​មូលហេតុ​ដែល​ពួកគេ​ចង់​ចែកចាយ​ដំណឹងល្អ​ដែរ​ឬ​ទេ ។ សូម​បញ្ចប់​ការបង្រៀន​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ឲ្យ​សិស្ស​រៀន​បន្ថែម​អំពី​ពរជ័យ​នៃ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការទទួលបាន​ការអត់ទោស​បាប និង អំណរ​តាម​រយៈ​ការប្រែចិត្ត ដោយ​ធ្វើ​សកម្មភាព​ខាង​ក្រោម​នេះ​មួយ ឬ ច្រើន ៖

  • បង្រៀន​មេរៀន​មួយ​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ អំពី​សារៈសំខាន់​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត ។

  • សិក្សា​វគ្គបទគម្ពីរ​អំពី​សេចក្ដី​ជំនឿ ដែល​មាន​នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ ទំព័រ៦២ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ គូសចំណាំ ឬ ផាត់ពណ៌​លើ​វគ្គបទគម្ពីរ​ណា​ដែល​អ្នក​ចង់​បង្រៀន​មនុស្ស​ទូទៅ​អំពី​បេសកកម្ម​របស់​អ្នក ។

  • ប្រើ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង ប្រសាសន៍​របស់​ពួក​ព្យាការី និង សាវក​សម័យ​ទំនើប ដើម្បី​សិក្សា​អំពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត ។ កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ ពិចារណា​ថាតើ​អ្នក​មាន​ទីបន្ទាល់​អំពី​គោលលទ្ធិ​នេះ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មនុស្ស​ទូទៅ​ក្នុង​បេសកកម្ម​របស់​អ្នក​ដែរ​ឬ​ទេ ។ ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​គោលការណ៍​នៃ​ការប្រែចិត្ត តាមរយៈ​ការប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ ហើយ​កត់ត្រា​បទពិសោធន៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  • ប្រើប្រាស់​ឧបករណ៍​នៅ​លើអ៊ិនធើរណិត​មាន​ដូចជា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចុះផ្សាយ​វីដេអូ « Jesus Christ Is the Way » ( វីដេអូ​ផ្សេង​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ) ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​អាច​មើល​បាន ។ សរសេរ​បញ្ចូល​ការពន្យល់​មួយ​អំពី​មូលហេតុ ដែល​វីដេអូ​នេះ​មាន​ន័យ​ចំពោះ​អ្នក ។

ក្រដាសចែក

ក្រដាសចែក​ការប្រែចិត្ត