ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ៖ ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន


១២

ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន

សេចក្ដីផ្ដើម

អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អាច​ចែកចាយ​ដំណឹងល្អ​បាន​នោះ​ទេ លើកលែង​តែ​ពួកគេ​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ ការស្វែងរក​មនុស្ស​តម្រូវ​ឲ្យ​ប្រើ​សេចក្ដី​ជំនឿ—ជា​សេចក្ដី​ជំនឿ​ដើម្បី​និយាយ​ទៅ​កាន់​មនុស្ស​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ សេចក្ដី​ជំនឿ​ថា​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន និង សេចក្ដី​ជំនឿ​ថា​ព្រះ​នឹង​ដឹកនាំ​មនុស្ស​ដែល​ត្រូវបាន​រៀបចំ​ឲ្យ​ស្ដាប់ ។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន គឺ​តាម​រយៈ​សមាជិក​នៃ​សាសនាចក្រ ។ សមាជិក​ទាំងអស់​នៃ​សាសនាចក្រ រួម​បញ្ចូល​ទាំង​អ្នក​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​ផ្សព្វផ្សាយ​សាសនា មាន​ការទទួលខុសត្រូវ​ផ្ទាល់​ខ្លួន ក្នុង​ការស្វែងរក​មនុស្ស​ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ពួក​យុវវ័យ​អាច​ត្រៀមខ្លួន​សម្រាប់​ការបម្រើ​ពេញ​ម៉ោង​បាន តាមរយៈ​ការចែកចាយ​ដំណឹងល្អ​នា​ពេល​ឥឡូវ​នេះ ទាំង​ដោយ​ផ្ទាល់ ឬ តាមរយៈ​ធនធាន​នៅ​លើ​អ៊ិនធើរណិត ។

ការរៀបចំ​ទុក​ជា​មុន

  • សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០, ១៤–១៦, ៣៣:៦–១១, ១០០:៥–៦ ។

  • សូម​សិក្សា ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ១៥៩, ១៦៤, ១៦៦, ១៧៤ ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « Developing the Faith to Find » ( ២:៥៥ ) The District 1 ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « The Lord of the Harvest: The Adams Family » ( ៤:៤១ ) ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « Sharing Your Beliefs » ( នាទី​ទី ២:០២ ) ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

  • សូម​ចាត់​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ពី​មុន​ម៉ោង ដើម្បី​បង្ហាញ​របៀប​មួយ ឬ ទាំង​ពីរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​មេរៀន ៖ (១) របៀប​ប្រើ​គេហទំព័រ LDS.orgmormon.org ដើម្បី​ចែកចាយ​វីដេអូ ឬ ធនធាន​ដទៃ​ទៀត​ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង (២) របៀប​បង្កើត​ប្រវត្តិរូប​នៅ​លើ​គេហទំព័រ mormon.org ។

យោបល់​សម្រាប់​ការបង្រៀន

បង្កើន​សេចក្ដី​ជំនឿ​ក្នុង​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន

សូម​ពន្យល់​ថា ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​នៅ​ប្រទេស​អង់គ្លេស ដែល​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​លោក​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​ជា​សាវក​មួយ​រូប ។ សូម​បង្ហាញ ឬ ឲ្យ​សិស្ស​ប្តូរវេន​គ្នា​អាន​ឮៗ​អំពី​ដំណើររឿង​ខាង​ក្រោម ដើម្បី​ណែនាំ​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ក្នុង​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ សូម​ឲ្យ​សិស្ស​ស្វែងរក​ថាតើ​អែលឌើរ វូឌដ្រុព្វ បាន​ធ្វើ​អ្វី​ដើម្បី​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ៖

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

« អែលឌើរ វូឌដ្រុព្វ បាន​ស្វែងរក​ព្រះអម្ចាស់​នៅ​ក្នុង​ការអធិស្ឋាន … ដោយ​ទូលសួរ​ថា​តើ​លោក​គួរតែ​ទៅ​ទី​ណា ។ លោក​បាន​តំណាល ៖ ‹ ដោយ​ជឿ​ថា​វា​គឺ​ជា​ឯកសិទ្ធិ និង ករណីយកិច្ច​របស់​ខ្ញុំ​ដែល​ត្រូវ​ស្គាល់ ព្រះហឬទ័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ប្រធានបទ​មួយ​នេះ ហេតុដូច្នេះហើយ ខ្ញុំ​បាន​ទូល​សុំ​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ទ្រង់​ត្រាស់​សម្ដែង​ដល់​ខ្ញុំ​អំពី​ព្រះហឬទ័យ​របស់​ទ្រង់​ចំពោះ​កិច្ចការ​នេះ ហើយ​នៅ​ពេល​ខ្ញុំ​ទូល​សូម​នោះ ព្រះអម្ចាស់​បាន​ប្រទាន ហើយ​បាន​បង្ហាញ​ខ្ញុំ​ថា នេះ​គឺ​ជា​ព្រះហឬទ័យ​ទ្រង់​ដែល​ខ្ញុំ​គួរតែ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស​ដោយ​កុំ​បង្អង់​ឡើយ ។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​បងប្រុស វិល្លាម បិនបោវ អំពី​ប្រធានបទ​នេះ ដែល​បាន​រស់នៅ​ទីក្រុង ហៀហ្វដសៀរ ហើយ​មាន​មិត្តភក្ដិ​ជា​ច្រើន​នៅ​តែ​រស់នៅ​ទីនោះ ហើយ​វា​នឹង​ជា​រឿង​ឈ្លាសវៃ​បំផុត​ប្រសិនបើ​ខ្ញុំ​ទៅ​ដល់​តំបន់​មួយ​នោះ ហើយ [ គាត់ ] បាន​ស្ម័គ្រចិត្ត​ជូន​ខ្ញុំ​ទៅ​ដោយ​សណ្ដានចិត្ត​ដ៏​ល្អ​ទៅ​កាន់​ផ្ទះ​បងប្រុស​របស់​គាត់ ថែមទាំង​បាន​បង់ថ្លៃ​សោហ៊ុយ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​យក​សណ្ដានចិត្ត​នោះ​ដោយ​រីករាយ ។

« នៅ​ថ្ងៃ​ទី ៤ ខែ មិនា ឆ្នាំ ១៨៤០ អែលឌើរ វូឌដ្រុព្វ និង វិល្លាម បិនបោវ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​បងប្រុស​របស់​វិល្លាម គឺ​បងប្រុស ចន ។ ប្រធាន វូឌដ្រុព្វ បាន​ចាំ​ថា ‹ នៅ​មួយ​ម៉ោង​បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​ដឹង​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ខ្ញុំ​មក​ទី​នេះ ។ … ខ្ញុំ​បាន​ឃើញ​បុរស និង ស្ត្រី​មួយ​ក្រុម​ធំ ប្រហែល​ប្រាំ​មួយ​រយ​នាក់ បញ្ចូល​គ្នា​ជា​ក្រុម​មួយ​ឈ្មោះ​បងប្អូន​រួម​សាមគ្គី ហើយ​បាន​ធ្វើការ​តាមរបៀប​ពី​បូរាណ ។ ពួកគេ​ចង់​បាន​ដំណឹងល្អ​ដែល​ត្រូវបាន​បង្រៀន​ពួកព្យាការី និង សាវក ដូច​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​យុវវ័យ​របស់​ខ្ញុំ​ដែរ › ។

« តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប៊ីប​ដោយ​ឧស្សាហ៍​ព្យាយាម ចន បិនបោវ និង​ក្រុមគ្រួសារ ព្រម​ទាំង​មិត្តភក្ដិ​ទាំងឡាយ​របស់​គាត់ បាន​ត្រៀមខ្លួន​ឱបក្រសោប​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។

« ក្រុមគ្រួសារ បិនបោវ បាន​ទទួលយក​សារលិខិត​នៃ​ការស្ដារឡើងវិញ​ដោយ​មិន​បង្អង់ ចំណែក​ឯ វិល្លាម បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទីក្រុង ស្តាហ្វដសៀរ វិញ បន្ទាប់​ពី​មាន​ឯកសិទ្ធិ​ដ៏​រីករាយ​ដើម្បី​ឃើញ​បងប្រុស​គាត់​គឺ ចន បិនបោវ និង ក្រុមគ្រសារ​ទាំង​មូល … បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង អស់កល្បអស់កាល​ជានិច្ច › ។ អែលឌើរ វូឌដ្រុព្វ បាន​បម្រើ​នៅ​ក្នុង​តំបន់​នោះ​អស់​រយៈ​ពេល​ប្រាំបី​ខែ ។ ក្រោយមក គាត់​បាន​នៅ​ចាំ ៖ នៅ​សាមសិប​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីក្រុង ហៀហ្វដសៀរ ខ្ញុំ​បាន​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ឲ្យ​គ្រូ​គង្វាល​សែបសិបប្រាំ​នាក់ និង សមាជិក​ពួកគេ​បីបួន​រយ​នាក់ ។ … យើង​បាន​នាំ​មនុស្ស​មក​ស្គាល់​សេចក្ដីពិត​ចំនួន​ពីរ​ពាក់​នាក់ ក្នុង​រយៈពេល​ប្រមាណ​ជា​ប្រាំបី​ខែ​ក្រោយ​មក › ។

« យោងតាម​បទពិសោធន៍​នេះ ប្រធាន វូឌដ្រុព្វ បាន​សរសេរ ៖ ‹ រឿងរ៉ាវ​ទាំងស្រុង​នៅ​ក្នុង​បេសកកម្ម​ហៀហ្វដសៀរ​នេះ បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការស្ដាប់​តាម​ព្រះ​សូរសៀង​ដ៏​តូច​រហៀង​របស់​ព្រះ និង វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​រៀបចំ​មនុស្ស​នៅ​ទី​នោះ​ជា​ស្រេច ដើម្បី​ទទួល​យក​ដំណឹងល្អ ។ មនុស្ស​ទាំងនោះ​បាន​អធិស្ឋាន​ទូល​សុំ​ពន្លឺ និង សេចក្តីពិត ហើយ​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រក​ពួកគេ › » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ៩០–៩១ ) ។

សូម​សួរ​សិស្ស ៖

  • តើ​អែលឌើរ វូឌដ្រុព្វ បាន​ធ្វើ​អ្វី ដើម្បី​ដឹង​អំពី​ទីកន្លែង​ដែល​ត្រូវ​ស្វែងរក​មនុស្ស​ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ដំណឹងល្អ ?

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អែលឌើរ វូឌដ្រុព្វ តាម​របៀប​ណា​ខ្លះ ? ( អ្នក​អាច​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ព្រះអម្ចាស់​ពុំ​គ្រាន់តែ​បាន​បំផុសគំនិត​អែលឌើរ វូឌដ្រុព្វ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស​នោះ​ទេ ប៉ុន្តែ​ទ្រង់​ថែមទាំង​បាន​បើក​ផ្លូវ​ឲ្យ​អែលឌើរ វូឌដ្រុព្វ បង្រៀន​នៅ​កសិដ្ឋាន​របស់ ចន បិនបោវ ជា​កន្លែង​ដែល​មាន​បុរស និង ស្ត្រី​រាប់រយ​នាក់​ត្រូវបាន​រៀបចំ​ឲ្យ​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ) ។

  • តើ​គោលការណ៍​ណា​មួយ​អំពី​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ដែល​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ប្រវត្តិ​របស់​អែលឌើរ វូឌដ្រុព្វ ? ( ចម្លើយ​របស់​សិស្ស​អាច​ត្រូវបាន​សង្ខេប ដោយ​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ ព្រះអម្ចាស់​អាច​ជួយ​យើង​ស្វែងរក​មនុស្ស​ដែល​ត្រូវបាន​រៀបចំ​ឲ្យ​ទទួល​យក​ដំណឹងល្អ​នៅ​ពេល​យើង​អធិស្ឋាន​ទូល​សូម​ជំនួយ ស្ដាប់​តាម​ព្រះវិញ្ញាណ ហើយ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ ) ។

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ ១៥៩ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង រួច​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ទី​មួយ​ក្រោម​ចំណុច « ការអភិវឌ្ឍ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក » ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ការដឹង​ថា « ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​ឲ្យ​ទទួល​អ្នក និង ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ » អាច​ជួយ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ត្រៀមខ្លួន​បម្រើ​បេសកកម្ម​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​បន្ទាប់​នៅ​ទំព័រ ១៥៩ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ក្រោម​ចំណុច​តូច « គ្រួសារ​នៃ​ព្រះ » ។ បន្ទាប់មក សូម​សួរ ៖

  • តើ​គោលលទ្ធិ​ដែល​ថា​បុរស និង ស្ត្រី​គឺ​ជា​សមាជិក​ក្នុង​គ្រួសារ​នៃ​ព្រះ មាន​ឥទ្ធិពល​លើ​មនោសញ្ចេតនា​របស់​អ្នក​ក្នុង​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​យ៉ាង​ដូចម្ដេច ?

  • នៅ​ក្នុង​ពាក្យ​ដកស្រង់​ចេញ​ពី អាលម៉ា ៣១:៣៤–៣៥ តើ​អាលម៉ា​បាន​អធិស្ឋាន​ដូចម្ដេច នៅ​ពេល​លោក​បាន​ត្រៀមខ្លួន​ប្រកាស​ដំណឹងល្អ​ទៅ​កាន់​សាសន៍​សូរាំ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​ការអធិស្ឋាន​របស់​អាលម៉ា ?

video​iconសូម​បង្ហាញ​វីដេអូ « Developing the Faith to Find » ( នាទី​ទី ២:៥៥ ) រួច​ឲ្យ​សិស្ស​ស្វែងរក​ការយល់ដឹង​នានា​អំពី​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ចំណាំ អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​សួរ ៖

  • តើ​ការយល់ដឹង​អ្វី​ខ្លះ​អំពី​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​វីដេអូ​នេះ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ដូចខាង​ក្រោម ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​អធិស្ឋាន​ដើម្បី​មាន​ឱកាស ស្រឡាញ់​មនុស្ស​ទូទៅ និង មើល​ទៅ​ពួកគេ​ដូចជា​ព្រះ​ទ្រង់​ទត​ពួកគេ​ដែរ ហើយ​ចងចាំ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​បុត្រាបុត្រី​ទ្រង់​ឲ្យ​ទទួល​យក​ដំណឹងល្អ ហើយ​កំពុង​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ទៅ​ស្វែងរក​ពួកគេ ។ ដោយសារ​ព្រះ​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​បុត្រាបុត្រី​ទ្រង់ ទើប​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​គ្រប់​រូប មាន​ឱកាស​ស្ដាប់​ឮ ហើយ​ទទួល​យក​ដំណឹងល្អ ) ។

  • ហេតុអ្វី​បាន​ជា​សំខាន់​ដែល​ត្រូវ​ប្រព្រឹត្ត​តាម​អារម្មណ៍​នានា ដើម្បី​ឈោង​ទៅ​ជួយ​មនុស្ស​ទូទៅ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រៀន​ដំណឹងល្អ ?

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទាំង​បី​នៅ​ក្រោម​ចំណុច « ស្វែងរក​ពួកគេ​ដែល​នឹង​ទទួល​អ្នក » នៅ​ទំព័រ ១៦០ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ដែល​យើង​អាច​ជួប​ប្រទះ​នៅ​ពេល​យើង​ព្យាយាម​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ? ( ជា​ធម្មតា​យើង​ពុំ​ដឹង​ថា នរណា​ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ដំណឹងល្អ​នោះ​ទេ ) ។ មនុស្ស​ទូទៅ​អាច​ពុំ​ដឹង​ភ្លាមៗ​ថា យើង​គឺ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នោះ​ទេ ។ ពួកគេ​អាច​ពុំ​ដឹង​ខ្លួន​គេ​ថា​កំពុង​ស្វែងរក​ដំណឹងល្អ ដែល​បាន​ស្ដារឡើងវិញ​ឡើយ ) ។

  • តើ​ព្រះអម្ចាស់​ជួយ​យើង ក្នុង​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​យ៉ាង​ដូចម្ដេច ? ( ទ្រង់​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ដឹកនាំ​យើង ) ។

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​នឹង​មាន​ព្រះទ័យ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ធ្វើ​ដូចម្ដេច នៅ​ពេល​ពួកគេ​ពុំ​ឃើញ​លទ្ធផល​ភ្លាមៗ​ចេញ​ពី​កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ?

ប្រសិនបើ​មាន​សិស្ស​ដែល​ជា​អ្នក​ប្រែចិត្តជឿ​មក​ក្នុង​សាសនាចក្រ សូម​គិត​ដល់​ការអញ្ជើញ​ពួកគេ​ម្នាក់ ឬ ច្រើន​ឲ្យ​ចែកចាយ​អំពី​ថាតើ​ពួកគេ​បាន​មក​ស្គាល់​សាសនាចក្រ និង​ថាតើ​ពួកគេ​បាន​ដឹង​ថា​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​សេចក្ដីពិត​ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ។ ប្រសិនបើ​គ្មាន​អ្នក​ប្រែចិត្តជឿ​ក្នុង​ថ្នាក់​ទេ សូម​ឲ្យ​សិស្ស​គិត​អំពី​អ្នក​ប្រែចិត្តជឿ​ដែល​ពួកគេ​ស្គាល់​ច្បាស់​នៅ​ក្នុង​ក្រុមគ្រួសារ ឬ វួដ​របស់​ពួកគេ ។ សូម​គិត​ដល់​ការអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី របៀប​ដែល​បុគ្គល​នោះ​បាន​ទទួល​យក​ដំណឹងល្អ ។

សារៈសំខាន់​នៃ​កិច្ចការផ្សព្វផ្សាយ​សាសនា​របស់​សមាជិក

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

« ឥឡូវ​ដល់​ពេល​ហើយ​សម្រាប់​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​សហការ​ជាមួយ​គ្នា ធ្វើការ​រួម​គ្នា​នៅ​ក្នុង​ចម្ការ​ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​ទាំងឡាយ​មក​រក​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​មធ្យោបាយ​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ជាច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​ក្នុង​កិច្ចការ​យើង បើ​យើង​នឹង​ធ្វើ​កិច្ចការ​ដោយ​សេចក្ដី​ជំនឿ ដើម្បី​បំពេញ​កិច្ចការ​ទ្រង់​នោះ » ( « Faith in the Work of Salvation » [ សុន្ទរកថា​ផ្ដល់​ឲ្យ​អំឡុង​ការចាក់ផ្សាយ​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ស្ដីពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ ] ) ។

អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​បាន​ជា​ការចងចាំ​ថា ព្យាការី​របស់​ព្រះ​បាន​ស្នើ​ឲ្យ​យើង​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក គឺ​ជា​រឿង​សំខាន់ ? ( អ្នក​អាច​គិត​ដល់​ការយោង​ទៅ​កាន់ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨១ ដែល​លើក​ឡើង​អំពី​ការរំពឹងទុក​របស់​ព្រះអម្ចាស់ ចំពោះ​អ្នក​ដែល​បាន​ទទួល​យក​ដំណឹងល្អ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​ដល់​ពេល​ហើយ » សម្រាប់​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​សហការ​ជាមួយ​គ្នា ?

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ ១៦៤ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង រួច​ឲ្យ​សិស្ស​បី​នាក់​ដាក់​វេនគ្នា​អាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ទាំង​បី​ដំបូង​ក្រោម​ចំណុច « សារៈសំខាន់​របស់​សមាជិក » ។ បន្ទាប់មក សូម​សួរ ៖

  • តើ​អាច​មាន​លទ្ធផល​ដូចម្ដេច​កើតឡើង នៅ​ពេល​សមាជិក និង អ្នកផ្សព្វផ្សាយ​សាសនា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ប្រកាស​ដំណឹងល្អ ? ( ចម្លើយ​របស់​សិស្ស​អាច​បូកបញ្ចូល​គោលការណ៍​នេះ ៖ នៅ​ពេល​សមាជិក​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​ដំណឹងល្អ ហើយ​មាន​វត្តមាន​នៅ​ពេល​បង្រៀន នោះ​នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បន្ត​នៅ​សកម្ម​ក្នុង​សាសនាចក្រ ) ។

videoiconសូម​បង្ហាញ​វីដេអូ « The Lord of the Harvest: The Adams Family » ( ៤:៤១ ) រួច​ឲ្យ​សិស្ស​យកចិត្តទុកដាក់​ទៅ​លើ​អ្វី​ដែល​សមាជិក​នៃ​សាសនាចក្រ​បាន​ធ្វើ ដើម្បី​ជួយ​ក្រុមគ្រួសារ​អ័ដាម ឲ្យ​ទទួល​យក​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

សូម​សួរ ៖

  • តើ​មាន​ការប្រឹងប្រែង​អ្វី​ខ្លះ ដែល​បាន​នាំ​ឲ្យ​ក្រុមគ្រួសារ​អ័ដាម ទទួលយក​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ?

  • តើ​អ្នក​គិត​ថា អ្វី​ដែល​បាន​ជំរុញ​ចិត្ត​ឲ្យ​សមាជិក​នៅ​ក្នុង​វីដេអូ​នេះ ចែកចាយ​ដំណឹងល្អ​ជាមួយ​ក្រុមគ្រួសារ​អ័ដាម ?

សូម​ឲ្យ​សិស្ស​អាន​ឮៗ នូវ​កថាខណ្ឌ​ទាំង​ពីរ​នៅ​ក្នុង​ចំណុច​ក្រោម​ចំណងជើង « គ្មាន​ការប្រឹងប្រែង​ណា ដែល​ឥតប្រយោជន៍​នោះ​ទេ » នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ១៧៤ ។ បន្ទាប់​មក សូម​គិត​ដល់​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ប្រសិនបើ​មនុស្ស​ពុំ​ទទួល​យក​ការអញ្ជើញ​ឲ្យ​រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ទេ​នោះ ហេតុអ្វី​បាន​ជា​គ្មាន​ការប្រឹងប្រែង​ក្នុង​ការបម្រើ និង បង្រៀន​ណា​ដែល​ឥត​ប្រយោជន៍ ?

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​បន្ត​មាន​ឥរិយាបទ​ល្អ នៅ​ពេល​មនុស្ស​ពុំ​ជ្រើសរើស​រៀន​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កន្លង​មក​នេះ ដើម្បី​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​សមាជិក ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ថាតើ​ពួកគេ​បាន​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​ពួកគេ​ព្យាយាម​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ទូទៅ ។

ការរួមចំណែក​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​សមាជិក

សូម​សរសេរ​បទគម្ពីរ​ខាង​ក្រោម​នេះ​ដាក់​នៅ​លើ​ក្ដារខៀន ក្រោយ​មក​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​ដោយ​ស្ងៀមស្ងាត់​នូវ​វគ្គបទគម្ពីរ​ទាំងនោះ ហើយ​ស្វែងរក​ពរជ័យ​ដែល​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

គ. និង ស. ១៨:១០, ១៤–១៦

គ. និង ស. ៣៣:៦-១១

គ. និង ស. ១០០:៥-៦

បន្ទាប់ពី​បាន​ទុក​ពេល​វេលា​បន្តិច​ឲ្យ​សិស្ស​រំឭក​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​អំពី​ខគម្ពីរ​ដែល​ពួកគេ​បាន​អាន ហើយ​ចែកវាយ​អំពី​របៀប​ដែល​ពរជ័យ​ទាំងឡាយ​អាច​ជំរុញ​ចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ទាំងអស់ ឲ្យ​រួមចំណែក​ក្នុង​ការពិភាក្សា​នេះ ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​សិស្ស ដាក់​នៅ​លើ​ក្ដារខៀន​ក្បែរ​បទគម្ពីរ​ដែល​ត្រូវ​គ្នា ។

សូម​គិត​ដល់​ការសរសេរ​គោលការណ៍​ខាង​ក្រោម​នេះ នៅ​លើ​ក្ដារខៀន ៖ ក្នុង​នាម​ជា​សមាជិក​អ្នក​ផ្សព្វផ្សាយ​សាសនា យើង​អាច​ចាប់ផ្ដើម​នា​ពេល​ឥឡូវ​នេះ ដើម្បី​ស្វែងរក​មនុស្ស​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​រួមចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​សមាជិក​បាន​កាន់តែ​ប្រសើរ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​អំពី​ប្រសាសន៍​ដកស្រង់​ចេញ​ពី អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ស្វែងរក​ដំបូន្មាន ស្ដីពី​របៀប​បង្កើន​ទំនុកចិត្ត និង ភាពក្លាហាន​ក្នុង​ការបង្រៀន​មនុស្ស​ទូទៅ ៖

អែលឌើរ អិម រ័សុល បាឡឺដ

« បងប្អូនប្រុស​ស្រី ភាព​ភ័យ​ខ្លាច​នឹង​ជំនួស​ដោយ​ជំនឿ និង ទំនុកចិត្ត នៅ​ពេល​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង លុតជង្គង់​ចុះ​អធិស្ឋាន ហើយ​ទូល​សុំ​ព្រះអម្ចាស់ ឲ្យ​ប្រទាន​ពរ​ដល់​ពួកគេ​ដើម្បី​មាន​ឱកាស​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​មក យើង​ត្រូវតែ​បង្ហាញ​ជំនឿ​យើង ហើយ​រក​ឱកាស​ណែនាំ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ដល់​បុត្រាបុត្រី​ព្រះវរបិតាសួគ៌ ប្រាកដណាស់ ឱកាស​ទាំងនោះ​នឹង​ពិត​ជា​មាន ។ ឱកាស​ទាំង​នេះ នឹង​ពុំ​តម្រូវ​ឲ្យ​មាន​ការឆ្លើយ​តប​មក​វិញ​ដោយ​បង្ខំ ឬ​ដូច​ដែល​បាន​គ្រោង​ទុក​នោះ​ទេ ។ វា​នឹង​មក​ជា​ផល​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូនប្រុសស្រី​យើង ។ ចូរ​មាន​ភាពវិជ្ជមាន ហើយ​អ្នក​ដែល​អ្នក​និយាយ​ជាមួយ នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក ។ ពួកគេ​នឹង​មិន​ភ្លេច​អារម្មណ៍​នោះ​ទេ ទោះ​ជា​ពួកគេ​ពុំ​ទាន់​ដល់​ពេល​ទទួលយក​ដំណឹងល្អ​ក៏​ដោយ ។ មាន​ការផ្លាស់ប្ដូរ​យ៉ាង​ច្រើន​នា​ពេល​អនាគត ជា​ពេល​ដែល​ស្ថានភាព​ពួកគេ​ផ្លាស់ប្ដូរ ។

« យើង​ពុំ​អាច​បរាជ័យ​បាន​ឡើយ ពេល​យើង​ខិតខំ​អស់​ពី​សមត្ថភាព ពេល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ទោះ​ជា​អ្វី​ដែល​ស្ដែង​ចេញ​មក ជា​លទ្ធផល​មួយ​បាន​មក​ពី​ការប្រើ​សិទ្ធិជ្រើសរើស​របស់​បុគ្គល​ម្នាក់​យ៉ាង​ណា​ក្ដី ក៏​ការចែកចាយ​ដំណឹងល្អ គឺ​ជា​ការទទួលខុសត្រូវ​របស់​យើង​ដែរ ។

« ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ទ្រង់​ជា​អ្នក​គង្វាល​ល្អ ។ ទ្រង់​ស្គាល់​ចៀម​ទ្រង់ ហើយ​ចៀម​ទ្រង់​ស្គាល់​ព្រះសូរសៀង​ទ្រង់ ហើយ​សព្វថ្ងៃ​នេះ សំឡេង​នៃ​អ្នកគង្វាល​ល្អ គឺ​ជា​សំឡេង​របស់​អ្នក និង ខ្ញុំ ។ ហើយ​បើ​យើង​ពុំ​រួម​ចំណែក​ទេ​នោះ មាន​មនុស្ស​ជាច្រើន​នឹង​ពុំ​បាន​ឮ​សារលិខិត​នៃ​ការស្ដារឡើងវិញ​ឡើយ ។ វា​ថ្លែង​ដោយ​សាមញ្ញ​ថា វា​សំខាន់​លើ​ជំនឿ និង​សកម្មភាព​របស់​យើង ។ គោលការណ៍​គឺ​សាមញ្ញ​ណាស់-- អធិស្ឋាន​ដោយ​ផ្ទាល់ខ្លួន និង​ជាមួយ​គ្រួសារ​ដើម្បី​មាន​ឱកាស​ផ្សព្វផ្សាយ​សាសនា ។ …

« អ្នក​ពុំ​ចាំបាច់​ជា​មនុស្ស​ឆ្លាតវៃ ឬ ជា​គ្រូបង្រៀន​ប្រសព្វ​ខាង​និយាយ​ទាក់ទាញ​នោះ​ទេ ។ បើ​អ្នក​មាន​សេចក្ដី​ស្រឡាញ់ និង​សង្ឃឹម​ជាប់​ក្នុង​ខ្លួន​អ្នក នោះ​ព្រះអម្ចាស់​សន្យា​ថា បើ​អ្នក « បន្លឺ​សំឡេង​របស់​អ្នក​ឡើង​ដល់​ប្រជាជន​នេះ [ ហើយ ] ប្រាប់​គំនិត​ទាំងឡាយ​ដែល [ ទ្រង់ ] នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នា … អ្នក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស់ នៅ​ចំពោះ​មនុស្ស​លោក​ឡើយ ។

« ‹ [ ហើយ ] សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ … នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ › ( គ. និង ស. ១០០:៥–៦ ) » ( « Put Your Trust in the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៤ ) ។

សូម​សួរ ៖

  • តើ​អែលឌើរ បាឡឺដ បាន​ណែនាំ​ថា​សមាជិក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការណែនាំ​ដំណឹងល្អ​ដល់​មនុស្ស​ទូទៅ ?

  • តើ​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន គឺ​ជា​កត្តា​ទាក់ទង​នឹង​ជំនឿ​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​បន្តិច ដើម្បី​សិក្សា​បញ្ជី​នៅ​ក្នុង « គំនិត​សម្រាប់​ជួយ​សមាជិក » នៅ​ទំព័រ ១៦៦ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង រួច​ស្វែងរក​មធ្យោបាយ​ជាក់លាក់ៗ​ដែល​សមាជិក អាច​រួមចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ សូម​ឲ្យ​សិស្ស​ជ្រើសរើស​យោបល់​មួយ ឬ ពីរ​ដែល​ពួកគេ​អាច​ប្រើ​នា​ពេល​ឥឡូវនេះ​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក ។ បន្ទាប់មក សូម​សួរ ៖

  • តើ​យោបល់​ណាមួយ​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បី​អញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​ស្ដាប់​សារលិខិត​នៃ​ដំណឹងល្អ ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ស្ទាក់ស្ទើរ​ក្នុង​ការជួយ​មនុស្ស​ដទៃ​តាម​របៀប​ដែល​មាន​នៅ​ក្នុង​បញ្ជី​នេះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចំណាយ​ពេល​បន្តិច ដើម្បី​សរសេរ​កិច្ចការ​ពីរបី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ស្វែងរក​មនុស្ស​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។ សូម​ណែនាំ​សិស្ស​ថា ផែនការ​របស់​ពួកគេ​អាច​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង ប្រសិនបើ​ពួកគេ​សរសេរ​ឈ្មោះ​មិតភក្ដិ និង សមាជិក​គ្រួសារ​ដែល​មិន​មែន​សមាជិក​សាសនាចក្រ ដែល​ពួកគេ​អាច​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ជាមួយ ។ អ្នក​អាច​ណែនាំ​ឲ្យ​សិស្ស​ដាក់​បញ្ចូល​សកម្មភាព​ដូចជា ការអធិស្ឋាន​ជា​ទៀងទាត់​ដើម្បី​មាន​ឱកាស​ផ្សព្វផ្សាយ​សាសនា ការឈោង​ទៅ​ជា​និយាយ​ជាមួយ​មនុស្ស​ទូទៅ​អំពី​ប្រធានបទ​នៃ​ដំណឹងល្អ ការអញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​មក​សកម្មភាព​ថ្វាយបង្គំ ឬ សកម្មភាព​ដទៃៗទៀត​នៃ​សាសនាចក្រ ការអញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​ស្ដាប់​ការបង្រៀន​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ការអញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ជាដើម ។ នៅ​ពេល​ព្រះវិញ្ញាណ​ដឹកនាំ អ្នក​អាច​ហៅ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​ផែនការ​របស់​ពួកគេ​ដល់​មិត្ត​រួម​ថ្នាក់ ។

ប្រើ​រាល់​ឧបករណ៍​ដែល​ព្រះ​បាន​រៀបចំ​ទុក

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ថាតើ​ដំណើរការ​នៃ​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​កំពុង​មាន​ការផ្លាស់ប្ដូរ​ដូចម្ដេច​ដែរ ៖

អែលឌើរ អិល ថម ភែរី

« កាល​ខ្ញុំ​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង យើង​អាច​និយាយ​ជាមួយ​ដែល​យើង​ទាក់ទង​នៅ​តាម​ផ្លូវ និង គោះទ្វារ​ផ្ទះ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ពិភពលោក​បាន​ផ្លាស់ប្ដូរ​ចាប់តាំង​ពី​ពេល​នោះ​មក ។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ជាប់​ក្នុង​ភាពមមាញឹក​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។ ពួកគេ​ប្រញាប់​ទៅ​ទីនេះ ទៅ​ទីនោះ ហើយ​ជា​រឿយៗ​ពួកគេ​ពុំ​ចង់​អនុញ្ញាត​ឲ្យ​មនុស្ស​ប្លែក​មុខ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ ដោយ​មិន​បាន​អញ្ជើញ ទៅ​ចែកចាយ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ឡើយ ។ ចំណុច​សំខាន់​នៃ​ការទាក់ទង​ជាមួយ​មនុស្ស​ទូទៅ ទោះជា​មិត្ត​ជិតស្និទ្ធ​ក្ដី ជា​ញឹកញាប់​តាមរយៈ​អ៊ិនធើរណិត ។ ហេតុដូច្នេះហើយ លក្ខណៈ​ដ៏​ពិសេស​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ត្រូវតែ ‹ ចេញ​ពី​គ្រប់​ទិស​ទាំង​បួន​នៃ​ផែនដី › [ នីហ្វៃទី២ ២១:១២ ] ។ សព្វថ្ងៃ​នេះ អ្នកផ្សព្វផ្សាយសាសនា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​អ៊ិនធើរណិត​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​របស់​ពួកគេ ។ …

« នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ឈាន​ចូល​ក្នុង​សម័យ​ថ្មី​នេះ ជា​សម័យ​ដែល​ពួកគេ​នឹង​ប្រើ​កុំព្យូទ័រ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ យើង​សូម​អញ្ជើញ​មនុស្ស​ទាំង​ចាស់ ទាំង​ក្មេង មជ្ឈិមវ័យ យុវមជ្ឈិមវ័យ យុវវ័យ និង កុមារ​គ្រប់​ទិសទី ឲ្យ​ចូលរួម​ជាមួយ​យើង … ក្នុង​ការចែកចាយ​សារលិខិត​ដំណឹងល្អ​តាម​អ៊ិនធើរណិត ។ …

« គឺ​ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវតែ​សម្រប​ខ្លួន​ទៅ​តាម​ការផ្លាស់ប្ដូរ​នៃ​ពិភពលោក នោះ​សមាជិក​ក៏​ត្រូវតែ​ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​គិត​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដែរ ។ នៅ​ពេល​ថ្លែង​អំពី​ការណ៍​នេះ ខ្ញុំ​សូម​បកស្រាយ​ឲ្យ​បាន​ច្បាស់​ថា អ្វី​ដែល​យើង​ក្នុង​នាម​ជា​សមាជិក​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​នោះ​ពុំ​បាន​ផ្លាស់ប្ដូរ​ឡើយ ប៉ុន្តែ​របៀប​ដែល​យើង​បំពេញ​ការទទួលខុសត្រូវ​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ​នោះ​ត្រូវតែ​សម្រប​ទៅ​តាម​ការផ្លាស់ប្ដូរ​នៃ​ពិភពលោក » ( « Missionary Work in the Digital Age » [ សុន្ទរកថា​ផ្ដល់​ឲ្យ​អំឡុង​ការចាក់ផ្សាយ​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ស្ដីពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ ] ) ។

សូម​សួរ ៖

  • យោងតាម​អែលឌើរ ភែរី ហេតុអ្វី​បាន​ជា​សមាជិក និង អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវតែ​ចាប់ផ្ដើម​ប្រើប្រាស់​ធនធាន​នៅ​លើ​អ៊ិនធើរណិត​នៅ​ពេល​ពួកគេ​ចែកចាយ​ដំណឹងល្អ ? តើ​ការប្រើប្រាស់​ធនធាន​ទាំងនេះ ផ្ដល់​គុណ​ប្រយោជន៍​ដូចម្ដេច​ខ្លះ ?

  • តើ​ឧបករណ៍ ឬ ធនធាន​មួយ​ចំនួន​នៅ​លើ​អ៊ិនធើរណិត ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ ហើយ​អញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​រៀន​បន្ថែម​មាន​អ្វី​ខ្លះ ?

  • តើ​របៀប​ជាក់លាក់​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ប្រើ​ឧបករណ៍​ទាំងនេះ​ដើម្បី​ចែកចាយ​សារលិខិត​ដំណឹងល្អ ? ( ការពិភាក្សា​នេះ​នឹង​ជួយ​សិស្ស​ស្វែងរក​គោលការណ៍​ដែល​ថា អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អាច​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន ជាមួយ​មនុស្ស​ទូទាំង​ពិភពលោក ) ។

សូម​បង្ហាញ​សេចក្ដីណែនាំ​ខាង​ក្រោម​ចេញ​ពី​គេហទំព័រ LDS.org រួច​ឲ្យ​សិស្ស​អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ​ទី​មួយ ។ ក្រោយ​មក​សូម​ហៅ​សិស្ស​ម្នាក់​ទៀត ឲ្យ​អាន​ឮៗ​នៅ​ក្នុង​បញ្ជី​នៃ​សេចក្ដី​ណែនាំ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សូម​ឲ្យ​សិស្ស​ស្វែងរក​របៀប​ដែល​ព័ត៌មាន​នេះ អាច​ជួយ​ពួកគេ​ប្រែក្លាយ​កាន់តែ​ស្ទាត់​ជំនាញ​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៅ​លើ​អ៊ិនធើរណិត ។

« ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អាច​ជា​ឥទ្ធិពល​ដ៏​មាន​អានុភាព​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​ប្រើ​វា ។ វា​អាច​ផ្ដល់​វិធី​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​បាន ។ សាសនាចក្រ​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទន្ទឹម​នឹង​ពេល​វា​គាំទ្រ​ដល់​បេសកកម្ម​នៃ​សាសនាចក្រ ពង្រឹង​ទំនាក់ទំនង ហើយ​សម្រួល​ឲ្យ​មាន​វិវរណៈ​ក្នុង​ចំណោម​បុត្រាបុត្រី​ព្រះវរបិតាសួគ៌ ។ សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ជា​គំរូ​ចំពោះ​ជំនឿ​របស់​ពួកគេ​នៅ​គ្រប់​ពេល និង គ្រប់​ទីកន្លែង​ទាំងអស់ រួម​បញ្ចូល​ទាំង​នៅ​ពេល​រួមចំណែក​ក្នុង​ការសន្ទនា​ជា​សាកល ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ …

« ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ណែនាំ អំពី​ការប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង ៖ …

« ចូរ​មាន​ភាពគួរសម​នៅ​ក្នុង​ការប្រព្រឹត្ត​របស់​អ្នក ជាមួយ​មនុស្ស​ទូទៅ​នៅ​លើ​អ៊ិនធើរណិត ។ ការបង្រៀន​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តម្រូវ​ឲ្យ​សមាជិក​ទាំងឡាយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ​ដោយ​ការគោរព ទោះ​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

« ចូរ​ធ្វើ​ជា​សាក្សី​ផ្ទាល់ខ្លួន​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នៅ​ពេល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ សារលិខិត​ដូចនេះ​គួរតែ​ជា​សារលិខិត​ផ្ទាល់ខ្លួន ចូរ​កុំ​បន្សល់​គំនិត​មួយ​ដែល​ថា​អ្នក​ថ្លែង​ជំនួស​មុខ​ឲ្យ​សាសនាចក្រ​ឲ្យ​សោះ ហើយ​កុំ​បង្កើត​ក្រុម​ដែល​ផ្ដល់​នូវ​អារម្មណ៍​ដែល​ថា​ក្រុម​ទាំងនោះ​តំណាង​ជា​ផ្លូវការ ឬ ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ឡើយ ។

« ចូរ​ធ្វើ​ជា​គំរូ​នៃ​អ្នក​ដើរតាម​ព្រះគ្រីស្ទ នៅ​ក្នុង​ការប្រព្រឹត្ត​របស់​អ្នក​ជាមួយ​មនុស្ស​ទូទៅ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ គំរូ​ល្អ​របស់​អ្នក​អាច​មាន​អានុភាព​លើ មនុស្ស​ដែល​អ្នក​ទាក់ទង​ជាមួយ ។ វា​ជា​រឿង​ដ៏​ឆ្លាតវៃ​ដែល​ផ្ដាច់​ទំនាក់ទំនង​ពី​មនុស្ស​ដែល​ជានិច្ចកាល​ព្យាយាម​ទាញ​មនុស្ស​ដទៃ​ឲ្យ​ធ្លាក់​ចុះ ជាពិសេស​អ្នក​ដែល​ចុះ​ផ្សាយ​រឿង​ដែល​មិន​សមរម្យ ។ …

« អនុវត្ត​ការវិនិច្ឆ័យ​ល្អ​នៅ​ពេល​ចុះផ្សាយ​អ្វី​មួយ នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ពុំ​មាន​ប៊ូតុង « លុបចោល » នៅ​លើ​អ៊ិនធើរណិត​ឡើយ ។ រូបភាព និង ការចុះផ្សាយ​នានា អាច​បន្ត​នៅ​រហូត​ដល់​ច្រើន​ឆ្នាំ ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​នៅ​ពេល​អ្នក​ស្វែងរក​ការងារ​ធ្វើ ឬ ដាក់​ពាក្យ​ចូល​រៀន​សាកលវិទ្យាល័យ ក៏​ដូចជា​ឱកាស​ដទៃៗ​ទៀត​ដែល​កំណត់ត្រា​លើ​អ៊ិនធើរណិត​ជា​សាធារណៈ​របស់​អ្នក​ត្រូវ​គេ​បើក​មើល​បាន ។ សូម​ប្រាកដ​ថា ទំនាក់ទំនង​របស់​អ្នក​មាន​ភាពចុះសម្រុង​ជាមួយ​ការតាំងចិត្ត​របស់​អ្នក​ដើម្បី​លើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មក​លើ​ខ្លួន​អ្នក » ( « Social Media Helps for Members » LDS.org ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ខ្លួន​ជាមួយ​មិត្ត​រួម​ថ្នាក់ អំពី​មូលហេតុ​ដែល​សេចក្ដីណែនាំ​នានា​ដែល​មាន​នៅ​ក្នុង​បញ្ជី អាច​មាន​សារៈសំខាន់​ចំពោះ​ពួកគេ​ដែល​ត្រូវ​ចងចាំ នៅ​ពេល​ពួកគេ​ចែកចាយ​ដំណឹងល្អ​តាម​អ៊ិនធើរណិត ។

ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់ សូម​គិត​ដល់​ការឲ្យ​សិស្ស​បង្ហាញ​ដល់​មិត្ត​រួម​ថ្នាក់​អំពី​របៀប​ចែកចាយ​វីដេអូ ឬ ធនធាន​ដទៃៗ​ទៀត​ដែល​មាន​នៅ​លើ​គេហទំព័រ LDS.orgmormon.org ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ អ្នក​ឲ្យ​សិស្ស​ម្នាក់​ទៀត បង្ហាញ​អំពី​របៀប​បង្កើត​ប្រវត្តិរូប​មួយ​នៅ​លើ​គេហទំព័រ mormon.org ។

videoiconសូម​គិត​ដល់​ការបង្ហាញ​វីដេអូ « Sharing Your Beliefs » ( ២:០២) ដើម្បី​ជួយ​សិស្ស​មាន​អារម្មណ៍​ទុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ចែកចាយ​អារម្មណ៍ ព្រមទាំង​ទីបន្ទាល់​របស់​ខ្លួន​អំពី​ដំណឹងល្អ ។ ពីមុន​បង្ហាញ​វីដេអូ​នេះ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ឥទ្ធិពល​ដ៏​មាន​សក្ដានុពល​ដែល​បុគ្គល​ម្នាក់​អាច​មាន ដោយ​ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ដំណឹងល្អ ។

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​បច្ចេកវិទ្យា​អាច​ពង្រឹង​កិច្ចខិតខំ​របស់​សមាជិក ដែល​មាន​បំណង​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ពិពណ៌នា​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ជាមួយ​មនុស្ស​ទូទៅ ។ សូម​បញ្ចប់​មេរៀន​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ជួយ​សិស្ស​ចាប់ផ្ដើម​នា​ពេល​ឥឡូវនេះ ដើម្បី​ស្វែងរក​មនុស្ស​ដែល​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ស្ដាប់​ឮ​សារលិខិត​ដំណឹងល្អ ដោយ​ធ្វើ​សកម្មភាព​មួយ ឬ ពីរ​ដែល​បាន​ណែនាំ​ដូច​ខាង​ក្រោម ៖

  • ធ្វើតាម​កិច្ចការ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​នៅ​ពេល​អ្នក​ធ្វើ​លំហាត់​សរសេរ ដើម្បី​ស្វែងរក​មនុស្ស​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។

  • មើល​លេខ​ទំនាក់ទំនង​​នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​អ្នក ហើយ​ស្វែងរក​សមាជិក​មិន​សូវ​សកម្ម ឬ អ្នក​មិនមែន​ជា​សមាជិក ។ ទូរសព្ទ ឬ ផ្ញើ​សារ​ទៅ​កាន់​បុគ្គល​នោះ រួច​អញ្ជើញ​គាត់​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​អ្នក​នៅ​ថ្ងៃ​អាទិត្យ ។

  • បើក​គេហទំព័រ mormon.org រួច​បើក​មើល​ធនធាន​នានា​នៅ​លើ​គេហទំព័រ​នោះ​មាន​ដូចជា វីដេអូ អត្ថបទ​នានា និង​ប្រវត្តិរូប​ដែល​បាន​ចុះផ្សាយ​ដោយ​សមាជិក​នៃ​សាសនាចក្រ ។ ចែកចាយ​វីដេអូ អត្ថបទ ឬ ទំព័រ​ផ្សេង​ទៀត​ជាមួយ​មនុស្ស​ទូទៅ ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • បង្កើត​ប្រវត្តិរូប​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​លើ​គេហទំព័រ mormon.org ។ ចែកចាយ​ប្រវត្តិរូប​របស់​អ្នក ជាមួយ​មនុស្ស​ទូទៅ​ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • ចែកចាយ​វីដេអូ Mormon Messages ព្រម​ទាំង​អារម្មណ៍​របស់​អ្នក​អំពី​វីដេអូ​នោះ ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។