ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ៖ ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ភាគ ២ )


១៤

ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ភាគ ២ )

សេចក្ដីផ្ដើម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួម​បញ្ចូល​ទាំង​គោលលទ្ធិ គោលការណ៍ ក្រឹត្យវិន័យ សេចក្តីសញ្ញា និង ពិធីបរិសុទ្ធ​ដ៏​អស់កល្ប ដែល​តម្រូវ​ឲ្យ​មនុស្ស​លោក​ទទួល​យក​ដើម្បី​បាន​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ ហើយ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ គោលការណ៍ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទីមួយ​មាន​ដូចជា ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក​ដោយ​ការពន្លិច និង អំណោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ករណីយកិច្ច​សំខាន់​ក្នុង​ការអញ្ជើញ​មនុស្ស​ទូទៅ ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ទទួល​អំណោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ថែម​ពី​លើ​នោះ នៅ​ពេល​កូនចៅ​របស់​ព្រះ​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ នោះ​ពួកគេ​ត្រូវតែ​ស៊ូទ្រាំ​ដល់​ទីបំផុត​ដោយ​ការទទួល​យក​គោលការណ៍ និង ពិធីបរិសុទ្ធ​ទាំងឡាយ​ផ្សេងទៀត ហើយ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ អ្នក​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា គួរតែ​យល់​ឲ្យ​បាន​ច្បាស់​អំពី​គោលលទ្ធិ​ទាំងនេះ ហើយ​ត្រៀមខ្លួន​ពន្យល់​វា​ដោយ​សាមញ្ញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា​ដោយ​អំណាច ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

ពិធី​បុណ្យ​ជ្រមុជ​ទឹក សេចក្ដី​សញ្ញា​ទីមួយ​របស់​យើង

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ទាំងឡាយ​អំពី​បុណ្យជ្រមុជទឹក សូម​ដាក់​តាំង​រូបភាព​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យ៉ូហាន និង ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ទន្លេ

យ៉ូហាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ

អ្នក​អាច​ជ្រើសរើស​រំឭក​ដំណើរ​រឿង​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ការឲ្យ​សិស្ស​អាន ម៉ាថាយ ៣:១៣-១៧ ឮៗ ។ បន្ទាប់មក​សូម​ឲ្យ​សិស្ស​ឲ្យ​បែរ​ទៅរក​សិស្ស​ដែល​អង្គុយ​នៅ​ជិត​ពួកគេ ហើយ​ឆ្លើយ​សំណួរ​នេះ ៖

  • តើ​សេចក្ដីពិត​ដ៏​មាន​សារៈសំខាន់​អ្វី​ខ្លះ ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​ដំណើររឿង​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​ព្រះយេស៊ូវ ?

សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

សេចក្ដី​សញ្ញា​នៃ   ពិធីបុណ្យ​ជ្រមុជទឹក

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់ សិក្សា​កថាកណ្ឌ​ចំនួន​បួន​ដំបូង​ក្នុង​ចំណុច « ពិធីបុណ្យជ្រមុជទឹក សេចក្ដី​សញ្ញា​ទី​មួយ​របស់​យើង » នៅ​ទំព័រ ៦៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដោយ​ស្វែងរក​របៀប​ពន្យល់​ពាក្យ ពិធីបរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត សិក្សា​ចំណុច​ដូចគ្នា ដោយ​រកមើល​របៀប​ពន្យល់​ពាក្យ សេចក្ដីសញ្ញា ។

នៅ​ពេល​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ហើយ សូម​ឲ្យ​អ្នកស្ម័គ្រចិត្ត​ផ្ដល់​និយមន័យ​លើ​ពាក្យ ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ពាក្យ ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា ទាក់ទង​ទៅ​នឹង​ពិធីបុណ្យជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​នេះ ៖ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក នោះ​យើង​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ​មួយ​ជាមួយ​ព្រះ ) ។

សូម​ផ្ដោត​ការយកចិត្ត​ទុកដាក់​របស់​សិស្ស​ទៅ​លើ​កថាកណ្ឌ​ក្រោម​ចំណុច « ពិធីបុណ្យជ្រមុជទឹក សេចក្ដីសញ្ញា​ទី​មួយ​របស់​យើង » បន្ទាប់​មក សូម​សួរ ៖

  • នៅ​ពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក តើ​យើង​ចុះ​សេចក្ដីសញ្ញា​ថា​ធ្វើ​អ្វី​ខ្លះ ? ( នៅ​ពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ធ្វើ​សេចក្តី​សញ្ញា​ថា លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទំាងឡាយ​របស់​ទ្រង់ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​ត្រូវការ​ព័ត៌មាន​បន្ថែម​ចំពោះ​យោបល់​នេះ អ្នក​អាច​ចំណាយ​ពេល​ពីរ​បី​នាទី​ជាមួយ​ពួកគេ ពិនិត្យ​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៣៧ ) ។

អ្នក​អាច​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគេ តាមរយៈ​ការបង្ហាញ​ប្រសាសន៍​ដកស្រង់​ដូចខាង​ក្រោម​ដោយ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​អាន​វា​ឮៗ ៖

អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« នៅ​ពេល​ពិធីបុណ្យជ្រមុជទឹក យើង​ចុះ​សេចក្ដីសញ្ញា​មួយ​ជាមួយ​ព្រះវរបិតាសួគ៌​យើង​ថា យើង​មាន​ឆន្ទៈ​ដើម្បី​មក​រក​នគរ​របស់​ទ្រង់ ហើយ​គោរព​តាមម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ចាប់​ពី​ពេល​នោះ​តទៅ ទោះជា​យើង​នៅតែ​រស់នៅ​លើ​ពិភពលោក​នេះ​នៅ​ឡើយ​ក្ដី ។ យើង​ត្រូវ​បាន​រំឮក​ចេញ​ពី​ព្រះគម្ពីរ​មរមន​ថា ពិធី​បុណ្យ​ជ្រមុជទឹក​របស់​យើង គឺ​ជា​សេចក្តីសញ្ញា​មួយ ដើម្បី ‹ ឈរ​ជា​សាក្សី​ដល់​ព្រះ [ និង​នគរ​របស់​ទ្រង់ ] នៅ​គ្រប់​ពេល និង គ្រប់​សេចក្តី និង គ្រប់​ទីកន្លែង ដែល​អ្នក​រាល់​គ្នា​នៅ ដរាប​រហូត​ដល់​ស្លាប់ ដើម្បី​អ្នក​អាច​ត្រូវ​បាន​ប្រោសលោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជាមួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទីមួយ ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច › [ ម៉ូសាយ ១៨:៩ ត្រូវបាន​គូសបញ្ជាក់​បន្ថែម ] ។

« នៅ​ពេល​យើង​យល់​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​យើង និង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ហើយ​វា​នឹង​បង្កើត​ភក្ដីភាព​ទាំងស្រុង​របស់​យើង​ចំពោះ​នគរ​នៃ​ព្រះ ។ នៅ​ពេល​ការល្បួង​ជ្រៀត​ចូល​មក​ក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​នឹង​ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​រំឭក​យើង​ថា យើង​បាន​សន្យា​ថា ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ថា​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ » (« The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧ ) ។

  • តើ​អ្នក​គិត​ថា « បង្កើត​ភក្ដីភាព​ទាំងស្រុង​របស់​យើង​ចំពោះ​នគរ​នៃ​ព្រះ » មាន​ន័យ​ដូចម្ដេច ?

  • តើ​ពិធីបុណ្យជ្រមុជទឹក​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​ម្នាក់​តាមរបៀប​ណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​អាន​កថាកណ្ឌ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​អំពី​ពិធីបុណ្យជ្រមុជទឹក​នៅ ទំព័រ ៦៥ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​ឲ្យ​ពួកគេ​រកមើល ហើយ​គូស​ចំណាំ​ទិដ្ឋភាព​បន្ថែម​នៃ​គោលលទ្ធិ​អំពី​ពិធីបុណ្យជ្រមុជទឹក ដែល​សំខាន់​ត្រូវ​ចែកចាយ​ជាមួយ​សាសនាគន់ការី ។ សូម​ផ្ដល់​ពេល​បន្តិច​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​នេះ រួច​ហើយ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ នៅ​ពេល​សិស្ស​ឆ្លើយ​សំណួរ អ្នក​អាច​សួរ​សំណួរ​តាមដាន​ដូច​តទៅ ៖

  • ហេតុអ្វី​វា​សំខាន់​ដែល​សាសនាគន់ការី ត្រូវ​យល់​អំពី​គោលលទ្ធិ​ទាំងនេះ ?

  • តើ​ទំនាក់ទំនង​រវាង​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក និង​គោលការណ៍​ទាំងឡាយ​នៃ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត ដែល​យើង​បាន​ពិភាក្សា​កាល​ពី​មុន​មាន​អ្វី​ខ្លះ ?

  • ហេតុអ្វី​ក៏​ការពន្លិច​ទៅ​ក្នុង​ទឹក គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក ? ( វា​គឺ​ជា​និមិត្តរូប​នៃ​សេចក្ដីស្លាប់ ការបញ្ចុះ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​ក៏​ជា​និមិត្តរូប​នៃ​ការបញ្ចប់​ជីវិត​ចាស់ និង​ការកើតឡើង​ជា​ថ្មី​របស់​យើង ក្នុង​នាម​ជា​សិស្ស​មួយ​រូប​នៃ​ព្រះគ្រីស្ទ​ដែរ [ សូម​មើល រ៉ូម ៦:៣-៦ ] ) ។

សូម​ពន្យល់​ថា វា​សំខាន់​ណាស់​ដែល​សាសនាគន់ការី​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ឮៗ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ផ្លាស់​វេន​ទៅ​សិស្ស​ម្នាក់​ទៀត ហើយ​ពិភាក្សា​ដូច​ខាង​ក្រោម ៖

  • តើ​ខគម្ពីរនេះ​អាច​ជួយ​អ្នក​កំណត់​ថា​ពេលណា​សាសនាគន់ការី​ម្នាក់ បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួលពិធីបុណ្យជ្រមុជទឹក ដោយ​របៀប​ណា ? ( ប្រសិន​បើ​សិស្ស​មាន​ការលំបាក​ក្នុងការ​ឆ្លើយ​សំណួរ​នេះ សូម​នាំ​ពួកគេ​ទៅ​ប្រអប់​ចំណង​ជើង « មុន​ពិធីបុណ្យ​ជ្រមុជទឹក » នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ ៦៥ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ) ។

  • តើ​អ្នក​គិត​ថា « ដើម្បី​មករក​ទ្រង់​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » មាន​ន័យ​ដូចម្ដេច ?

  • តើ​មនុស្ស​ម្នាក់​បង្ហាញ​ថា ពួកគេ​ពិតជា « បានទទួល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ » យ៉ាង​ដូចម្ដេច ?

សូម​ផ្ដល់​ពេលវេលា​បន្តិច​ឲ្យ​សិស្ស សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ អំពី​វិធី​ដ៏​ច្បាស់លាស់​ដែល ការរក្សា​សេចក្ដីសញ្ញា​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគេ បាន​នាំ​មក​នូវ​ពរជ័យ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ពួកគេ ។ បន្ទាប់ពី​ផ្ដល់​ពេលគ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់ ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នោះ ទៅ​ដល់​មិត្ត​ក្នុង​ថ្នាក់ ។

videoiconសូម​បង្ហាញ​វីដេអូ « Invitation to Be Baptized: German » ( នាទី​ទី ២:៤៣) ។ នៅ​ពេល​សិស្ស​មើល​វីដេអូ សូម​ឲ្យ​ពួកគេ​ទស្សនា​ស្វែងរក​របៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន ហើរមែន អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យជ្រមុជទឹក ។

  • តើ​អ្នកផ្សព្វផ្សាយ​សាសនា​បាន​និយាយ​អ្វី​ខ្លះ ដើម្បី​ជួយ​ហើរមែន យល់​អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យជ្រមុជទឹក ?

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​បង្ហាញ​ថា ហើរមែន បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​មាន​បំណង​ប្រាថ្នា​ទទួល​ពិធីបុណ្យជ្រមុជទឹក ?

សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​គូៗ ហើយ​ឲ្យ​ដៃគូ​នីមួយៗ​ប្រើ​ធនធាន​ដែល​មាន​នៅ ទំព័រ ៦៤-៦៥ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង និង​បទគម្ពីរ​មួយ ឬ​ពីរ​ចេញ​មក​ពី​ប្រអប់ ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ៦៥ ដើម្បី​រៀបចំ​មេរៀន​ដែល​មាន​រយៈពេល​បួន​ទៅ​ប្រាំ​នាទី ដែល​ផ្ដោត​ទៅ​លើ​ការណែនាំ​អំពី​ពិធីបុណ្យជ្រមុជទឹក​ដល់​សាសនាគន់ការី ។ សិស្ស​ក៏​អាច​ប្រើ​ធនធាន​នៅ​ទំព័រ ៨ ក្នុង​កូនសៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ផងដែរ ។

បន្ទាប់ពី​បាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​រៀបចំ​ហើយ សូម​រៀបចំ​ថ្នាក់​ជា​ក្រុម​តូចៗ​សម្រាប់​សិស្ស​បួន​នាក់ ដែល​មួយ​ក្រុមៗ​មាន​ពីរ​គូ ។ សូម​ឲ្យ​សិស្ស​មួយ​គូ​ក្នុង​ក្រុម​នីមួយៗ បង្រៀន​ដល់​គូ​ផ្សេង​ទៀត​អំពី​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​រយៈ​ពេល​បួន​ទៅ​ប្រាំ​នាទី ។ សូម​លើក​ទឹកចិត្ត​សិស្ស​ដែល​ដើរ​តួ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ឲ្យ​បើក​ទៅ​វគ្គ​បទគម្ពីរ​ដែល​បាន​ជ្រើសរើស​របស់​ពួកគេ ហើយ​អាន​វា​ឮៗ​ជា​ផ្នែក​នៃ​ការបង្រៀន​របស់​ពួកគេ ។ នៅ​ពេល​សិស្ស​បាន​បញ្ចប់​បទពិសោធន៍​នៃ​ការបង្រៀន​របស់​ពួកគេ​ហើយ សូម​ឲ្យ​ក្រុម​តូចៗ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​មាន​អ្វីខ្លះ​ដំណើរការ​ទៅ​ដោយ​រលូន ? តើ​មេរៀន​នេះ​បាន​ជួយ​ដល់​អ្នក​ដែល​ត្រូវ​គេ​បង្រៀន ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? តើ​អ្នក​បង្រៀន​អាច​កែប្រែ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការបង្រៀន​របស់ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព ?

បន្ទាប់​មក សូម​ប្ដូរ​តួនាទី ហើយ​អនុញ្ញាត​ឲ្យ​ដៃគូ​ដែល​ត្រូវ​បានគេ​បង្រៀន​នោះ បង្រៀន​ដល់​ដៃគូ​មួយ​ទៀត​វិញ ។ សូម​ប្រាកដ​ថា មាន​ពេល​សម្រាប់​ឲ្យ​ដៃគូ​ទី​ពីរ​ទទួល​មតិ​កែលម្អ ។ អំឡុង​សកម្មភាព​នេះ សូម​ដើរ​ជុំវិញ​បន្ទប់​ដើម្បី​មើល​សិស្ស​បង្រៀន ហើយ​ផ្ដល់​ការសរសើរ និង​យោបល់​អំពី​របៀប​ដែល​ពួកគេ​អាច​កែលម្អ ។

នៅ​ពេល​សិស្ស​ទាំងអស់​បាន​មាន​ឱកាស​បង្រៀន​ហើយ សូម​ចំណាយ​ពេល​ពីរបី​នាទី​ពិភាក្សា​អំពី​បទពិសោធន៍​នោះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​គ្នា ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ចេញ​មក​ពី​ការបង្រៀន​គោលលទ្ធិ​នេះ ?

  • ហេតុអ្វី​ក៏​វា​សំខាន់​ដែល​អ្នក​ត្រូវ​រៀបចំ​ខ្លួន​នាពេល​នេះ ដើម្បី​បង្រៀន​គោលការណ៍ សេចក្ដីពិត និង គោលលទ្ធិ​ទាំងនេះ​ដល់​មនុស្ស​ទូទៅ ?

  • តើ​មាន​កិច្ចការ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​នេះ ដើម្បី​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ ដើម្បី​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​បេសកកម្ម​របស់​អ្នក ?

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ផ្នែក​នេះ​ក្នុង​មេរៀន សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ថាតើ​ពិធីបរិសុទ្ធ​ណា​ខ្លះ ដែល​ត្រូវតែ​ធ្វើ​ឡើង​ឆាប់ៗ បន្ទាប់​ពី​បុគ្គល​ម្នាក់​បាន​ទទួល​ពិធី​បុណ្យជ្រមុជទឹក​ហើយ ( ពិធីបញ្ជាក់ ជា​របៀប​ដែល​បុគ្គល​នោះ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។ សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​សាមសិប​វិនាទី ដើម្បី​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្ស​ត្រូវ​ទទួល​ពិធីបញ្ជាក់​ឆាប់ៗ បន្ទាប់ពី​ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ពីមុន​សិស្ស​ឆ្លើយ សូម​គិត​ដល់​ការអាន​ប្រសាសន៍​ដកស្រង់​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​សិស្ស​ស្ដាប់ ៖

ព្យាការី យ៉ូសែប ស្ម៊ីធ

« ប្រសិនបើ​អ្នក​ពុំ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ​ការផ្ដាច់បាប ហើយ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ទេ​នោះ អ្នក​ដូចជា​ជ្រមុជទឹក​ឲ្យ​បាវ​ខ្សាច់​ដូច្នោះ​ដែរ ។ ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក គឺជា​ពិធីបុណ្យ​ជ្រមុជទឹក​ពាក់​កណ្ដាល ហើយ​វាពុំ​ល្អ​ទេ បើ​គ្មាន​ពាក់កណ្ដាល​ទៀត--ដែល​ជា​ពិធីបុណ្យជ្រមុជ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ » ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥  ) ។

សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវបាន​ចាត់ទុក​ជា « ពិធីបុណ្យជ្រមុជទឹក​តែ​ពាក់កណ្ដាល » ប្រសិន​បើ​ពុំ​មាន « ពិធីបុណ្យ​ជ្រមុជ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ » នៅ​តាម​ក្រោយ​ទេ​នោះ ។ ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្ដាប់​ចម្លើយ​បន្ថែម​ចំពោះ​សំណួរ​នេះ នៅ​ពេល​បន្ត​មេរៀន​ទៅ​មុខ​ទៀត ) ។

សូម​ពន្យល់​សិស្ស​ថា អ្នកដឹកនាំ​សាសន៍​យូដា​ម្នាក់ ឈ្មោះ នីកូដេម បាន​មក​សួរ​សំណួរ​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​នៅ​យប់​មួយ​ដោយ​សម្ងាត់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:៣ ឮៗ ហើយ​សួរ ៖

  • តើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង យ៉ូហាន ៣:៣ ប្រាប់​អំពី​អ្វីខ្លះ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ ?

សូម​អាន យ៉ូហាន ៣:៤-៦ ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​សួរ ៖

  • តើ​នីកូដេម​បាន​សួរ​អ្វី​ខ្លះ ដែល​ប្រាប់​ថា គាត់​ពុំ​បាន​យល់​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ខទី ៣ ?

  • តើ​ព្រះយេស៊ូវ​ឆ្លើយ​សំណួរ​នីកូដេម​យ៉ាង​ដូចម្ដេច ? ( ទ្រង់​បាន​បង្រៀន​នីកូដេម​អំពី​គោលលទ្ធិគ្រឹះ​មួយ​នៃ​ដំណឹងល្អ ៖ យើង​ត្រូវតែ​កើត​ពី​ទឹក ហើយ ពី​ព្រះវិញ្ញាណ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន ។ ទ្រង់​បាន​បង្រៀន​ថា ការ « កើត​ជា​ថ្មី​ម្ដង​ទៀត » សំដៅ​ទៅ​លើ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ពុំ​មែន​ខាង​រូបកាយ​ទេ ) ។

សូម​សរសេរ​នៅលើ​ក្ដារខៀន ៖

កើតជាថ្មី

កើត​ពី​ទឹក

កើត​ពី​ព្រះវិញ្ញាណ

បន្ទាប់មក សូម​សួរ ៖

  • តើ « កើត​ពី​ទឹក » មាន​ន័យ​ដូចម្ដេច ? ( វា​មាន​ន័យ​ថា​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ​ការពន្លិច ) ។

  • តើ « កើត​ពី​ព្រះវិញ្ញាណ » មាន​ន័យ​ដូចម្ដេច ? ( វា​មាន​ន័យ​ថា ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​ពួកគេ​មើល​ទៅ យ៉ូហាន ៣:៥ លេខ​យោង  ) ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ពាក្យ « កើត » ត្រូវបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វី​ដែល​ចាំបាច់​ត្រូវ​កើត​ឡើង​ចំពោះ​យើង​ខាង​វិញ្ញាណ ? តើ​ការកើត​ខាង​រូបកាយ ប្រៀបធៀប​ទៅ​នឹង​ការកើត​ជាថ្មី​ខាង​វិញ្ញាណ មាន​លក្ខណៈ​ដូចម្ដេច ? ( ប្រសិនបើ​ចាំបាច់ សូម​គិត​ដល់​ការអានម៉ូសេ ៦:៥៨-៥៩ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ ) ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់ ប្តូរ​វេន​គ្នា​អាន​ឮៗ នូវ​កថាខណ្ឌ​ក្នុង​ចំណុច​ក្រោម​ចំណងជើង « អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅ​លើ​ទំព័រ ៦៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​ពរជ័យ​ដែល​មាន​អម​ជាមួយ​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​សួរ​សិស្ស ៖

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​មាន​អម​មក​ជាមួយ​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( គោលលទ្ធិ​មួយ​ដែល​សិស្ស​គួរ​ស្គាល់​គឺ ៖ អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​មក​នូវ​ការញែក​ចេញ​ជា​បរិសុទ្ធ និង​ឥទ្ធិពល​នៃ​ការលាង​សម្អាត​ចំពោះ​អ្នកទាំងឡាយ​ដែល​ទទួល​យក​វា ) ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​នេះ សូម​ឲ្យ​ពួកគេ​សិក្សា​បទគម្ពីរ​មួយ ឬ​ពីរ​ក្រោម​ចំណងជើង « ពរជ័យ និង ឥទ្ធិពល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅ​ក្នុង​ប្រអប់​ការសិក្សា​គម្ពីរ​នៅ​ទំព័រ ៦៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ នៅ​ពេល​ពួកគេ​សិក្សា សូម​ឲ្យ​ពួកគេ​គូស​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​ពរជ័យ​មួយ​ចំនួន ដែល​កើត​មាន​មក​ពី​ការទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​សំខាន់​ដែល​បុគ្គល​ម្នាក់ ត្រូវ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ហើយ ?

សូម​សួរ​សំណួរ​ដូចខាង​ក្រោម ប៉ុន្តែ​ពីមុន​សិស្ស​ឆ្លើយ សូម​ទុក​ពេល​បន្តិច​ឲ្យ​ពួកគេ​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពី​ចម្លើយ​របស់​ពួកគេ ។ នៅ​ពេល​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បួនប្រាំ​នាក់​ឆ្លើយ ហើយ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នកបាន​ទទួល​មកពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​បំបែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​ប្រើ​ព័ត៌មាន​ចេញ​មក​ពី ប្រកាស​ដំណឹង​ល្អ​របស់​យើង ( ឬ​ចំណុច​ក្រោម​ចំណង​ជើង « តើ​ហេតុអ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ? » នៅ​ទំព័រ ៨-១០ នៅ​ក្នុង​កូនសៀវភៅ​អ្នកផ្សព្វផ្សាយ​សាសនា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ហើយ​រៀបចំ​មេរៀន​បួន​ទៅ​ប្រាំ​នាទី​ស្ដីពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​រំឭក​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​នៅក្នុង​មេរៀន​របស់​ពួកគេ​នូវ​បទគម្ពីរ​មួយ ឬ​ពីរ ចេញ​មក​ពី​ប្រអប់ ការសិក្សា​ព្រះគម្ពីរ នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ ៦៦ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។

បន្ទាប់ពី​បាន​ផ្ដល់​ពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​រៀបចំ​ហើយ សូម​រៀបចំ​ថ្នាក់​ជា​ក្រុម​តូចៗ​ដែល​មាន​សិស្ស​បួន​នាក់ ដែល​មួយ​ក្រុមៗ​មាន​ពីរ​គូ ។ សូម​ឲ្យ​សិស្ស​មួយ​គូ​បង្រៀន​សិស្ស​មួយ​គូ​ទៀត ។ នៅ​ពេល​សិស្ស​បង្រៀន សូម​ដើរ​មើល​ក្នុង​ថ្នាក់ ផ្ដល់​នូវ​ការសរសើរ និង​យោបល់​អំពី​របៀប​ដែល​ពួកគេ​អាច​កែលម្អ ។ នៅ​ពេល​សិស្ស​បាន​បញ្ចប់​បទពិសោធន៍​នៃ​ការបង្រៀន​របស់​ពួកគេ​ហើយ សូម​ឲ្យ​ក្រុម​តូចៗ​ពិភាក្សា​គ្នា​ដូច​ខាង​ក្រោម ៖ តើ​មាន​អ្វីខ្លះ​ដំណើរការ​ដោយ​រលូន ? តើ​អ្នក​បង្រៀន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការបង្រៀន​របស់​ពួកគេ​កាន់តែ​មាន​ប្រសិទ្ធភាព ? តើ​មេរៀន​របស់​ពួកគេ បាន​ជួយ​ដល់​អ្នក​ដែល​ត្រូវ​បាន​បង្រៀន ឲ្យ​យល់​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

បន្ទាប់​មក សូម​ឲ្យ​ដៃគូ​ក្នុង​ក្រុមនីមួយៗ​ប្ដូរ​តួនាទី ដោយ​ឲ្យ​ដៃគូ​សិស្ស​ដែល​ត្រូវ​បាន​គេ​បង្រៀន ឲ្យ​បង្រៀន​ដល់​ដៃគូ​ផ្សេង​ទៀត​វិញ ។ សូម​ប្រាកដ​ថា មាន​ពេល​សម្រាប់​ឲ្យ​ដៃគូ​ទី​ពីរ​ទទួល​មតិ​កែលម្អ ។

នៅ​ពេល​ដៃគូ​សិស្ស​គ្រប់​គ្នា​បាន​មាន​ឱកាស​បង្រៀន​រួច​ហើយ សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​វាយតម្លៃ​បទពិសោធន៍​ដោយ​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ចេញ​មក​ពី​ការបង្រៀន​គោលលទ្ធិ​នេះ ?

  • ផ្អែក​ទៅ​លើ​បទពិសោធន៍​នេះ តើ​មាន​កិច្ចការ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​កែលម្អ​ការបង្រៀន​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ?

ការ​ស៊ូទ្រាំ​ដល់​ទីបំផុត

នៅ​លើ​ក្ដារខៀន សូម​គូរ​រូបភាព​ច្រកទ្វារ​មួយ​ដែល​មាន​ផ្លូវ​ដើរ​ទៅ ៖

ទ្វារ និង ផ្លូវ

សូម​ឲ្យ​សិស្ស​ម្នាក់​ក្នុង​ថ្នាក់​អាន នីហ្វៃទី២ ៣១:១៧ ។ បន្ទាប់​មក សូម​សួរ​សិស្ស ៖

  • តើ​នីហ្វៃ​បាន​ប្រាប់​អ្វីខ្លះ ដែល​ជា​ច្រកទ្វារ​នាំ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច​របស់​យើង ?

សូម​ឲ្យ​សិស្ស​ផ្សេងទៀត​អាន នីហ្វៃទី២ ៣១:១៨-២០ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ហើយ​ស្វែងរក​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់ពី​យើង​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

  • តើ​នីហ្វៃ​បាន​និយាយ​ថា មាន​អ្វី​នៅ​បន្ទាប់​ពី​ច្រកទ្វារ ? ( ផ្លូវ​តូច និង​ចង្អៀត ដែល​នាំ​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ) ។

  • ស្របតាម​នីហ្វៃ តើ​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដើម្បី​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ហើយ​នោះ ?

  • តើ​ការស៊ូទ្រាំ​ដល់​ទីបំផុត ទាក់ទង​នឹង​ការដើរ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អាន​ក្នុង​ចំណុច​ក្រោម​ចំណង​ជើង« ការស៊ូទ្រាំ​ដល់​ទី​បំផុត » នៅ​ទំព័រ ៦៧ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​លើក​ទឹកចិត្ត​ពួកគេ ឲ្យ​រក​មើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ស៊ូទ្រាំ​ដល់​ទីបំផុត ។ បន្ទាប់មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​វា​សំខាន់ ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ដល់​ទីបំផុត ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​នេះ ៖ នៅ​ពេល​យើង​ព្យាយាម​ដោយ​ក្លៀវក្លា​ដើម្បី​ស៊ូទ្រាំ​ដល់​ទីបំផុត នោះ​យើង​នឹង​សក្ដិសម​នឹង​ជីវិត​អស់កល្ប​ជានិច្ច ) ។

  • តើ​ការធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នឹង​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​ដល់​ទីបំផុត​យ៉ាង​ដូចម្ដេច ?

សូម​បញ្ចប់​ការបង្រៀន​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នកផ្ទាល់​អំពី​សារៈសំខាន់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ពិសេស​ពិធីបុណ្យជ្រមុជទឹក អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការស៊ូទ្រាំ​ដល់​ទីបំផុត ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​គិត​ដល់​ការអញ្ជើញ​សិស្ស​ឲ្យ​ពង្រឹង​ការយល់ដឹង​របស់​ខ្លួន​ឲ្យ​បាន​ជ្រៅជ្រះ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការធ្វើ​សកម្មភាព​មួយ ឬ​ច្រើន​ដូចខាង​ក្រោម​អំឡុង​សប្ដាហ៍​ក្រោយ ៖

  • ហាត់​ពន្យល់​អំពី​តម្រូវការ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ ។ សរសេរ​ប្រយោគ​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​អ្នកកំពុង​ធ្វើ​ឥឡូវ​នេះ ដើម្បី​រស់នៅ​ឲ្យ​ស្របតាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ដែល​បាន​ចែង​នៅ​ក្នុង​ខគម្ពីរ​នេះ ។

  • អាន​វគ្គ​បទគម្ពីរ​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ៦៦ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សូម​អាន « Holy Ghost » នៅ​ក្នុង Bible Dictionary ផងដែរ ។ គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក នូវ​ខគម្ពីរ​ដែល​អ្នក​ចង់​ប្រើ​ពេល​បង្រៀន​នរណា​ម្នាក់​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • បង្រៀន​គោលការណ៍​នៃ « មេរៀនទី ៣ ៖ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ទៅ​កាន់​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់ ( ប្រសើរបំផុត​គួរតែ​ជា​មនុស្ស​ម្នាក់​ដែល​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ ឬ​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​សកម្ម ) ដោយផ្ទាល់ ឬ​តាម​អ៊ិនធើរណិត ។ សូម​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក អំពី​គោលការណ៍​ទាំងនេះ​នៅ​ពេល​អ្នក​បង្រៀន​វា ។